កម្ពុជានិងវៀតណាមនឹងបើកដំណើរការច្រកព្រំដែនអន្តរជាតិថ្មីមួយនៅចុងខែឧសភានេះ

ដោយៈ ប៊ី

ភ្នំពេញៈ កម្ពុជា និងវៀតណាម ត្រៀមដាក់ដំណើរការច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ(ព្រៃវែង)-តឺនណាម(តៃនីង) ដែលជាច្រកព្រំដែនថ្មីមួយបន្ថែមទៀតរវាងប្រទេសទាំងពីរ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។

នេះបើតាមលិខិត សម្ដេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើទៅកាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសុំគោលការណ៍អនុញ្ញាត ហើយក៏ទទួលបានការយល់ព្រម។

រដ្ឋបាលខេត្តព្រៃវែង របស់កម្ពុជា សហការជាមួយរដ្ឋបាលខេត្តតៃនីង របស់វៀតណាម នឹងប្រកាសដាក់ឱ្យដឹងដំណើរការច្រកអន្តរជាតិថ្មីនេះ ដោយអនុវត្តវិធានការ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាព។

ច្រកអន្តរជាតិថ្មីនេះ ត្រូវបានរំពឹងថា នឹងសម្រួលដល់ការផ្លាស់ប្ដូរទំនិញរវាងប្រទេសទាំងពីរ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ ក៏ដូចជាចូលរួមបង្កើនទំហំពាណិជ្ជកម្មរបៀបប្រទេសទាំងពីរផងដែរ៕

រដ្ឋាភិបាលរកចំណូលបានជាង៦១៤លានដុល្លារពីការប្រមូលពន្ធគយនៅដើមឆ្នាំនេះ

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលបានជាង២,៤៨៩ប៊ីលានរៀល ស្មើប្រមាណជាង៦១៤លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ដោយសម្រេចបាន២៦% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

យើងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំខែ មីនា និងត្រីមាសទី១ ឆ្នាំ២០២១ នាសប្តាហ៍កន្លងមកនេះ បានឱ្យដឹងថា ក្នុងនោះចំពោះការប្រមូលចំណូលនៅក្នុងខែ មីនា ឆ្នាំ២០២១ គយ និងរដ្ឋាករ ប្រមូលចំណូលបានប្រមាណជាង៨៥៥ប៊ីលានរៀល ស្មើជាង២១១លានដុល្លារអាមេរិក ថយចុះប្រមាណជាង៤ % បើធៀបនឹងខែមីនា ឆ្នាំ២០២០។

ជាមួយគ្នានេះដែរ ចំណូលប្រមូលបានក្នុងត្រីមាសទី១ ឆ្នាំ២០២១ គយ និងរដ្ឋាករ អនុវត្តន៍បានជិត២,៥០០ ប៊ីលានរៀល ស្មើជាង៦១៤លានដុល្លារអាមេរិក ថយចុះប្រមាណជាង ១៥% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ ។

តាមរយៈចំណូលប្រចាំត្រីមាសទី១ នេះដែរ បើគិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួនជាង៩៣០ប៊ីលានរៀល ត្រូវប្រមាណជា៣៧% នៃចំណូលសរុប អាករពិសេស៩៥៨ប៊ីលានរៀល ត្រូវជាង៣៨ % នៃចំណូលសរុប ពន្ធគយមានចំនួនជាង៤៤៣ប៊ីលានរៀល ជិត១៧ % នៃចំណូលសរុប អាករបន្ថែមលើផលិតផលប្រេងជាង១០៦ប៊ីលានរៀល ត្រូវជាង៤ % នៃចំណូលសរុប និងអាករនាំចេញ និងកម្រៃផ្សេងៗមានចំនួន៥១ប៊ីលានរៀល ត្រូវ២% នៃចំណូលសរុបផងដែរ។

ជាមួយគ្នានេះ ចំណូលនេះ បើគិតតាមប្រភេទទំនិញ ក្នុងនោះចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួនជាង១,០៨៣ប៊ីលានរៀល គ្របដណ្តប់៤៣% នៃចំណូលសរុប ទំនិញចម្រុះមាន៦៨២ប៊ីលានរៀល ត្រូវជាង២៧%នៃចំណូលសរុប ផលិតផលតេលសិលាមានចំនួនជាង៥៦៨ប៊ីលានរៀល ជិត២៣% នៃចំណូលសរុប និងសម្ភារសំណង់រួមជាមួយកម្រៃផ្សេងៗ មានចំនួនជិត១៥៦ប៊ីលានរៀល ស្មើជាង៦% នៃចំណូលសរុបផងដែរ ។

ទាក់ទងនឹងទំហំពាណិជ្ជកម្មអន្តរជាតិ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ បើតាមតួលេខបណ្ដោះអាសន្នរបស់គយ និងរដ្ឋាករ ក្នុងនោះការនាំចេញផលិតផលកាត់ដេរមានចំនួនជាង២,៥២៧លានដុល្លារអាមេរិក ថយចុះជាង១៤៥លានដុល្លារអាមេរិក ស្មើជាង៥% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។ ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានចំនួនជាង៨៨៧លានដុល្លារអាមេរិក កើនឡើងប្រមាណជាង៣០០លានដុល្លារអាមេរិក ស្មើជាង៥២% កំណើនល្អប្រសើរនៃការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរនេះ បានឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា។

ចំណែកការនាំចេញកសិផលនៅក្នុងរយៈពេល៣ខែនេះដែរ សរុបមានចំនួនជាង១,០០០លានដុល្លារអាមេរិក កើនឡើងប្រមាណជាង៤១៨លានដុល្លារអាមេរិក ស្មើជាង៧០% ក្នុងនោះរួមមាន៖ ស្រូវនាំចេញមានតម្លៃជាង៣១៦លានដុល្លារអាមេរិក កើនឡើងប្រមាណជាង២០៨លានដុល្លារអាមេរិក ការនាំចេញអង្ករសម្រេចបានជាង១៥៥ពាន់តោន មានតម្លៃជាង១០៩លានដុល្លារអាមេរិក ថយចុះជាង៥៣ពាន់តោន ស្មើប្រមាណជាង៣៦លានដុល្លារអាមេរិក។

ចំពោះកៅស៊ូនាំចេញវិញ មានបរិមាណសរុបជិត៦២ពាន់តោន ត្រូវប្រមាណជាង៩៣លានដុល្លារអាមេរិក កើនឡើងជិត៣៩ពាន់តោន ស្មើប្រមាណជាង៦២លានដុល្លារអាមេរិក និងកសិផលផ្សេងទៀតមានចំនួនជាង២លានតោន មានតម្លៃជាង៤៩៥លានដុល្លារអាមេរិក កើនឡើងប្រមាណ៨៦៦ពាន់តោន ត្រូវជាង១៨៤លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០៕

ក្រុមហ៊ុនចិនធំៗជាច្រើនបានត្រៀមឈានជើងចូលទីផ្សារកម្ពុជាជាថ្មី ខណៈស្ថានភាពជំងឺកូវីដចាប់ផ្តើមប្រសើរ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនចិនធំៗលំដាប់យក្សបាននិងកំពុងឈានជើង និងត្រៀមខ្លូនចូលមកកាន់ទីផ្សារកម្ពុជាឡើងវិញបណ្តើរៗហើយ ដែលកម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិននៅថ្ងៃទី១ មករា ឆ្នាំ២០២១ខាងមុខ។

យោងតាមប្រភពព៌តមានពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានឲ្យដឹងងថា បច្ចុប្បន្ននេះក្រុមហ៊ុនចិនជាច្រើន មកពីគ្រប់វិស័យពិសេសក្រុមហ៊ុនផលិត ដើម្បីនាំចេញបាននិងកំពុងផ្តោតលើការវិនិយោគ និងស្វែងរកដីធំៗ ដើម្បីផលិតផលិតផលកសិកម្ម ដើម្បីនាំចេញទៅកាន់ប្រទេសចិន។

តាមប្រភពព៌តមានច្បាស់ការណ៍ដទៃទៀត បច្ចុប្បន្ននេះក្រុមហ៊ុនចិនធំៗជាច្រើនបាននិងកំពុងស្វែងរកដីរាប់រយពាក់ហិកតា ដើម្បីដាំដំណាំកសិកម្មសំរាប់កែច្នៃនាំចេញទៅកាន់ប្រទេសចិន និងប្រទេសធំៗដទៃទៀត ដោយកសិផលជាច្រើនបានចាប់ផ្តើមនិងនាំចេញទៅកាន់ប្រទេសចិន ដូចជា ចេកអំបូងលឿន ស្វាយកែវរមៀត ហើយផលិតផលកសិកម្មជាច្រើនទៀតដូចជា មៀនប៉ៃលិន គ្រាប់ស្វាយចន្ទីរជាដើម បាននិងកំពុងត្រៀមនាំចេញទៅកាន់ប្រទេសចិន។

បច្ចុប្បន្នក្រុមហ៊ុនចិនធំៗជាច្រើន បាននិងកំពុងចាប់ផ្តើមទិញដី និងប្រមូលទិញដី ដើម្បីវិនិយោគលើវិស័យកសិកម្ម ដើម្បីនាំចេញទៅកាន់ទីផ្សារដ៏ធំរបស់ចិន និងប្រទេសជាច្រើនទៀតផងដែរ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ ឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនបាន និងកំពុងចូលមកកម្ពុជាហើយ ប៉ុន្តែការចូលមករបស់អ្នកវិនិយោគធំៗ អាចធ្វើឡើងនៅពេលឆាប់ៗនេះ ដោយវ៉ាក់សាំងកូវីដ១៩ប្រកាសប្រើប្រាស់ជាផ្លូវការ ព្រោះអ្នកវិនិយោគធំៗពួកគេ ក៏លំបាកផងដែរ ប្រសិនជាពួកគាត់ចូលមក ត្រូវធ្វើចត្តាឡីស័ក្តិរយៈពេល១៤ថ្ងៃ។

លោកបន្តថា “ហេតុនេះការចូលមករបស់អ្នកវិនិយោគធំៗបាន និងកំពុងចាប់ផ្តើមបណ្តើរៗ និងមកកាន់តែច្រើនបន្ថែមទៀតក្រោយវិបត្តិCovid-19”។លោកបន្តថា “ការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)នៅថ្ងៃទី១មករា ឆ្នាំ២០២១ កម្ពុជានឹងក្លាយជាទីតាំងផលិត និងចែកចាយទំនិញចិនសំរាប់តំបន់អាស៊ាន ហើយយើងនឹងរីកចម្រើនមិនចាញ់សឹង្ហបុរីនោះឡើយ”។

លោកឧកញ៉ាលឹម ហេងបានបន្តថា ដូចនៅអឺរ៉ុប ទំនិញភាគច្រើនហូរចូលប្រទេសបារាំង ហើយបារាំងជាអ្នកដើរតួចែកចាយ ទៅកាន់ប្រទេសជាង២០ទៀត ក្នុងសហគមន៍អឺរ៉ុប។

លោកបានបន្តថា និន្នាការនេះនឹងបង្កើតតម្លៃបន្ថែម ដល់សេដ្ឋកិច្ចកម្ពុជា ហើយចំណូលរបស់រដ្ឋាភិបាលក៏កើនឡើងខ្លាំងផងដែរ។ ដូច្នេះបើកម្ពុជាយើងធ្វើបានល្អ យើងនឹងក្លាយជាទីផ្សារបោះដុំ សំរាប់ចែកចាយទៅតំបន់អាស៊ាន ហើយក្រុមហ៊ុនអាមេរិកធំៗ នឹងចូលមកកម្ពុជា ដើម្បីផលិតទំនិញនាំចេញទៅកាន់់ប្រទេសចិន ក៏ដូចជាទីផ្សារអាមេរិក ដោយសារកម្ពុជាទទួលបានប្រព័ន្ឋអនុគ្រោះពន្ឋ(GSP) ពីសហរដ្ឋអាមេរិកផងដែរ។

លោកបន្តថា “ខ្ញុំជឿថាសេដ្ឋកិច្ចកម្ពុជា នឹងមានភាពរីកចម្រើនខ្លាំងនៅពេលខាងមុខ ដោយសារកិច្ចព្រមព្រៀងFTA និងគោលនយោបាយលើកទឹកចិត្តអ្នកវិនិយោគរបស់ រដ្ឋាភិបាលជាច្រើនទៀត”៕

 

ប្រទេសចិនបានដាក់ដំណើរការផ្លូវរថភ្លើងដឹកទំនិញលើកដំបូងមកកាន់តំបន់អាស៊ាន

ដោយៈ ប៊ី

ភ្នំពេញៈ តំបន់ Greater Bay Area ដែលរួមបញ្ចូលខេត្តហ្គ័ងដុង (Guangdong) ហុងកុង និងម៉ាកាវរបស់មហាយក្សចិន បានបើកដំណើរការ នូវខ្សែរថភ្លើងដឹកទំនិញលើកដំបូងទៅកាន់បណ្តាប្រទេសអាស៊ាន កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ECNS របស់ចិននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

រថភ្លើងដឹកទំនិញមួយខ្សែ ដែលផ្ទុកទំនិញមានតម្លៃប្រហែល៩៤,៤០០ដុល្លារបានចាកចេញពីទីក្រុងក្វាងចូវ (Guangzhou) នៃខេត្តហ្គ័ងដុង ប្រទេសចិនកាលពីថ្ងៃអង្គារ ហើយរថភ្លើងនេះ នឹងចំណាយពេលប្រហែល៤ថ្ងៃ ដើម្បីទៅដល់គោលដៅរបស់ខ្លួន គឺទីក្រុងហាណូយ ប្រទេសវៀតណាម។

ក្រុមហ៊ុនSinotrans Ltd ដែលជាប្រតិបត្តិករផ្លូវដែកមួយ បានចាត់ទុកសេវាកម្មរថភ្លើងដឹកទំនិញអន្តរជាតិ ជាបណ្តាញដ៏សំខាន់ ដើម្បីធានាបាននូវប្រតិបត្ដិការរលូន នៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ក្នុងកំឡុងពេលមានជំងឺរាតត្បាតរ៉ាំរ៉ៃ។

នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុននេះ បានដឹករថភ្លើងដឹកទំនិញចំនួន១.៥៨០លើក ដោយដឹកទំនិញបានចំនួន១៥៧,០០០TEU ដែលបរិមាណទំនិញកើនឡើង២៣ភាគរយ។

ក្រុមហ៊ុនបានឱ្យដឹងថា ដោយវាជាផ្លូវដឹកទំនិញលើកដំបូង រវាងតំបន់ទាំងពីរ សេវាកម្មថ្មីនេះ ក៏ត្រូវបានរំពឹងថានឹងជម្រុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់នៃបណ្តាប្រទេសក្នុងតំបន់ តាមបណ្តោយគម្រោងខ្សែក្រវាត់ និងផ្លូវផងដែរ៕

លោកបណ្ឌិតគីម ហ៊ាងៈការចាប់ឱកាសក្នុងវិបត្តិ គឺធ្វើបាបអ្នកជាប់បំណុល អ្នកត្រូវការលុយមានបញ្ហា

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានលើកឡើងពីឱកាសក្នុងពេលមានវិបត្តិ ដែលលោកបានគិតថាឱកាសបែបនេះ មិនគួរមាននោះទេ។

លោកបណ្ឌិត បានពន្យល់ឲ្យដឹងក្នុងកិច្ចសម្ភាសន៍ពិសេស កាលពីពេលថ្មីៗនេះថា គេតែងតែនិយាយពីការចាប់យកឱកាស ក្នុងពេលមានវិបត្តិ ដែលជាទ្រឹស្តីគេតែងតែលើកឡើង ប៉ុន្តែឱកាសបែបនេះមានមែន ប៉ុន្តែក្នុង១០០ គឺមានមួយប៉ុណ្ណោះ។ អ្វីដែលគេលើកឡើង លោកមិនចង់ឲ្យមានឱកាសបែបនេះទេ ព្រោះឱកាសបែបនេះវាងាប់អ្នកជាប់បំណុល ងាប់អ្នកត្រូវការលុយតែម្តង។

លោកបន្តថា “ឱកាសបែបនេះ គឺមានសំរាប់អ្នកមួយក្តាប់តូចប៉ុណ្ណោះ ឧទាហរណ៍អ្នកមានដីតម្លៃ១លានដុល្លារ កាលពីឆ្នាំ២០១៨ ២០១៨ តែពេលមានបញ្ហាបិទប្រទេស ម្ចាស់ដីត្រូវការលក់៧០ម៉ឺនលក់មិនចេញ តែអ្នកមានលទ្ឋភាពបានឲ្យតម្លៃ៥០ម៉ឺនដុល្លារគឺគេយក”។ លោកបន្តថា “សួរថាមនុស្សមនុស្ស១០០នាក់ គឺមានមនុស្សតែបីឬ៥នាក់ប៉ុណ្ណោះ ដែលមានលទ្ឋភាពទិញ ហេតុនេះខ្ញុំមិនចង់ឲ្យមានឱកាសបែបនេះទេ”។

លោកបណ្ឌិតគីម ហ៊ាងបានបន្តថា ឱកាសគឺបានតែលើអ្នកមានលុយច្រើន អ្នកមាននៅតែមានលុយច្រើន អ្នកក្រនៅតែក្រ ហេតុនេះគួរធ្វើម៉េចឲ្យបានល្អទាំងអស់គ្នា។ ឱកាសបែបនេះ គឺប៉ះតែអ្នកមានបំណុល។

លោកបន្តថា “អ្នកក្រមែនទែន មិនមានបញ្ហាទេ ព្រោះអ្នកក្រីក្រខ្លះ ពេលមានវិបត្តិលក៏ធ្វើរោងចក្រ ធ្វើសំណង់ ពេលអត់វិបត្តិគឺនៅតែធ្វើរោងចក្រ ធ្វើសំណង់ដដែល”។ លោកបន្តថា “ក្នុងបញ្ហានេះ អ្នកដែលលោភលន់ខ្ចីលុយធនាគារច្រើន មានបញ្ហាច្រើន អ្នកមានទ្រព្យតែអត់លុយមានបញ្ហា តែអ្នកមានលុយគឺគាត់សប្បាយ”៕

រដ្ឋាភិបាលគ្រោងសាងសង់Towerខ្ពស់មួយនៅកណ្តាលទន្លេសាបសំរាប់ធ្វើជាមជ្ឈមណ្ឌលទេសចរណ៍

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញគំរោងសាងសង់តួប៉ម(Tower)ធំនិងខ្ពស់មួយនៅកណ្តាលបឹងទន្លសាប សម្រាប់ធ្វើជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ទាក់ទាញ។

លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ក្នុងគំរោងសាងសង់ផ្លូវជាតិថ្មីមួយខ្សែប្រវែងប្រមាណ៧០ឡីឡូម៉ែត្រ តភ្ជាប់រវាងទីក្រុងសៀមរាប ឆ្ពោះទៅក្រុងបាត់ដំបង ក្រសួងមានគំរោងសាងសង់Towerខ្ពស់មួយ សម្រាប់ជាមជ្ឈមណ្ឌលទេសចរណ៍ សំរាកលំហែរកាយគយគន់ទេសភាពទន្លេសាបពីលើTowerនោះ ដែលគំរោងបែបនេះ បានរៀបចំរួចហើយនៅប្រទេសកូរ៉េ ជប៉ុន និងទីក្រុងហុងកុងជាដើម។

លោកបន្តថា “មជ្ឈមណ្ឌលទេសចរណ៍នេះ អាចផ្តល់ឱកាសឲ្យភ្ញៀវទេសចរណ៍សំរាកលំហែរ គយគន់ទេសភាព ញាំអាហារជាដើម ព្រោះទន្លេសាបរបស់យើងស្អាតណាស់ បើមើលពីលើអាកាស”។លោកបន្តថា “Towerបែបនេះ គឺស្ថិតលើផ្លូវដែលសាងសង់ពីសៀមរាប ទៅក្រុងបាត់ដំបង ព្រោះគំរោងនេះ មានស្ពានដ៏វែងមួយឆ្លងកាត់ទន្លេសាប”។

លោកវ៉ាស៊ីម សូរិយាបានបន្តថា គម្រោងនេះស្ថិតក្នុងផែនការអាទិភាព ព្រោះឯក ឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកមានឆន្ទះខ្ពស់ និងមានបំណងចង់បានផ្លូវនេះណាស់។ លោកបន្តថា ទោះជាយ៉ាងណាគំរោងនេះ មិនទាន់បានសិក្សាចប់នៅឡើយទេ ព្រោះមានក្រុមហ៊ុនជាច្រើនសិក្សាជាបន្តបន្ទាប់ ហើយគម្រោងនេះ មិនដឹងថារដ្ឋាភិបាលអនុញ្ញាត្តឲ្យក្រុមហ៊ុនឯកជន ឬប្រើប្រាស់ថវិកាជាតិ ឬហិរប្បទានពីដៃគូអភិវឌ្ឈន៍ឬយ៉ាងណានៅឡើយទេ។

ទន្លេសាបជាបឹងទឹកសាបមួយ ដែលមានទំហំធំជាងគេ និងមានជីវចម្រុះច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយរដ្ឋាភិបាលហៅបឹងនេះជា “ជង្រុកត្រី”៕

រដ្ឋាភិបាលជប៉ុនគ្រោងផ្តល់ជំនួយ១០ពាន់លានដុល្លារដល់កម្ពុជានិងរដ្ឋ៩ទៀយក្នុងតំបន់អាស៊ានសម្រាប់កម្មវិធីមួយ

ដោយៈឧត្តម

តូក្យូ: រដ្ឋាភិបាលជប៉ុន កំពុងត្រៀមចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីមួយ ក្នុងគោលបំណងជួយតំបន់អាស៊ាន កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងសម្រេចបាននូវសង្គមមួយដែលគ្មានការបំភាយឧស្ម័នផ្ទះកញ្ចក់។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia ចុះផ្សាយនៅថ្ងៃទី២៦ ឧសភានេះ។

ប្រភពចេញពីរដ្ឋាភិបាលទម្លាយឱ្យដឹងថា រដ្ឋាភិបាលក្រុងតូក្យូ នឹងដឹកនាំការងារប្រមូលចងក្រងផែនទីបង្ហាញផ្លូវ ឆ្ពោះទៅរកការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ហើយនឹងបង្កើតស្ថាប័នវិនិយោគ និងផ្ដល់ឥណទានមួយ ដែលមានទំហំដល់ទៅ១០ពាន់លានដុល្លារអាមេរិក ព្រមទាំងជំរុញការអភិវឌ្ឍវិធានការណ៍ អភិរក្សថាមពលកកើតឡើងវិញឱ្យកាន់តែរឹងមាំ។

ចំណាត់ការនេះធ្វើឡើង នៅពេលដែលប្រទេសជប៉ុន ស្វះស្វែងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ទូទាំងពិភពលោក ខណៈវាជួយរក្សាកំណើន នៅក្នុងបណ្ដាប្រទេសមានសេដ្ឋកិច្ចងើបឡើងវិញ យ៉ាងឆាប់រហ័សនៅអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត។

ប្រភពដដែលទម្លាយឱ្យដឹងទៀតថា ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) របស់ប្រទេសជប៉ុន កំពុងត្រៀមរៀបចំកិច្ចប្រជុំ ជាមួយបណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ច និងថាមពលអាស៊ាន នៅខែមិថុនា ខាងមុខនេះ ដើម្បីពិភាក្សាឈានទៅដល់កិច្ចព្រមព្រៀងលើគំនិតផ្តួចផ្តើមថ្មីនេះ។

បណ្ដាប្រទេសអភិវឌ្ឍន៍ធំៗ រួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ព្រមទាំងបណ្ដាប្រទេសនៅអឺរ៉ុប បានប្រកាសការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ឱ្យមកនៅកម្រិតសូន្យនៅត្រឹមឆ្នាំ២០៥០។

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ ក្នុងចំណោមសមាជិកទាំង១០ប្រទេសរបស់អាស៊ាន មានតែ៣ប្រទេសប៉ុណ្ណោះ រួមមាន ប្រទេសកម្ពុជា ប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ ដែលបានចេញសេចក្ដីប្រកាសបែបនេះ។

ប្រទេសជប៉ុន នឹងជំរុញឱ្យគ្រប់ប្រទេសជាសមាជិកអាស៊ាន ជួយគូសវាសផែនទីបង្ហាញផ្លូវ ដើម្បីឆ្ពោះទៅរកការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យមកនៅកម្រិតសូន្យ៕

ក្រុមហ៊ុនស្វ៊ីសយកកម្ពុជានិងប្រទេសមួយចំនួនជាទិសវិនិយោគលើវិស័យ ថាមពលកកើតឡើងវិញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិហេដ្ឋារចនាសម្ព័ន្ធស្វ៊ីស SUSI Partners ប្រមូលទុនវិនិយោគបាន៨១លានដុល្លារ ដើម្បីធ្វើការវិនិយោគលើវិស័យថាមពលកកើតឡើងវិញ ដែលកំពុងមានការរីកចម្រើន យ៉ាងឆាប់រហ័សនៅអាស៊ីអាគ្នេយ៍ ខណៈទិសដៅវិនិយោគរបស់ខ្លួនរួមមានកម្ពុជា និងបណ្តាប្រទេសចំនួន៥ទៀត។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន PV Tech។

លោក Marius Dorfmeister នាយកប្រតិបត្តិរបស់ SUSI Partners បានថ្លែងថា ក្រុមហ៊ុន SUSI Partners បានប្រកាសនៅថ្ងៃទី២៦ ខែឧសភាកន្លងមកថា ខ្លួនបានប្រមូលទុនវិនិយោគចំនួន៨១លានដុល្លារអាមេរិក នៅក្នុងការបិទលើកដំបូង នៃមូលនិធិផ្លាស់ប្តូរថាមពលអាស៊ី (SAETF) ដែលត្រូវបានបង្កើតឡើង ដើម្បីពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពល ប្រកបដោយចីរភាពនៅក្នុងតំបន់ ដែលជាកត្តាសំខាន់ កត្តាក្នុងការសម្រេចបាន នូវគោលដៅអាកាសធាតុសកលលោក។

មូលនិធិ SAETF នឹងត្រូវបានប្រើដើម្បីវិនិយោគ ក្នុងការផលិតថាមពលស្អាត ប្រសិទ្ធភាពថាមពលការផ្ទុកថាមពល និងបណ្តាញខ្សែចែកចាញ។ វិនិយោគិនបានចាត់ទុកប្រទេសឥណ្ឌូនេស៊ី ថៃវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី កម្ពុជា និងឡាវជាទិសដៅអាទិភាពសម្រាប់ការវិនិយោគរបស់ខ្លួន។

លោកបានបន្តថា “គោលដៅចុងក្រោយរបស់ក្រុមហ៊ុន ប្រមូលមូលនិធិឱ្យបាន២៥០លានដុល្លារ ក្នុងការបង្កើនការវិនិយោគលើវិស័យថាមពលនេះ”។

ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ទទួលបានការវិនិយោគ ពីធនាគារនានានៅក្នុងពិភពលោកជាបន្ត បន្ទាប់ រួមមាន ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ធនាគារអភិវឌ្ឍន៍ហូឡង់ FMO និងស្ថាប័នហិរញ្ញវត្ថុណ័រឌីស Norfund និង Swedfund ក៏ដូចជាវិនិយោគិនស្ថាប័ន ដែលមានការិយាល័យកណ្តាល នៅប្រទេសអាល្លឺម៉ង់ និងសិង្ហបុរី។

លោក Marco van Daele សហនាយកប្រតិបត្តិបានមានប្រសាសន៍ថា ការបញ្ជូនថាមពលមិនប៉ះពាល់បរិស្ថាន និងថាមពលថ្មី ជាគោលដៅរបស់រដ្ឋាភិបាលនានា ហើយជាលទ្ធផលនៃការវិនិយោគ លើប្រព័ន្ធថាមពលថ្មីធ្វើឱ្យអាស៊ីអាគ្នេយ៍ ក្លាយជាទីផ្សារទាក់ទាញសម្រាប់វិនិយោគិន។

លោកបានមានប្រសាសន៍ថា “អាជីវកម្មរបស់SUSI នៅក្នុងប្រទេសសិង្ហបុរី នឹងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន និងអនុញ្ញាតឱ្យពង្រីកបន្ថែមទៀតទៅក្នុងទីផ្សារ ដែលមានកំណើនខ្ពស់នៅអាស៊ី”៕

ការឌីសាញចុងក្រោយមជ្ឈមណ្ឌលកម្សាន្តNaga3តម្លៃ៣៥០០លានដុល្លារមាន កំពស់រហូតដល់៧៥ជាន់

ដោយៈ ប៊ី
ភ្នំពេញៈ មជ្ឈមណ្ឌលកម្សាន្តចំរុះដ៏ធំ និងល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា ណាហ្គា៣ (Naga3)ដែលគ្រោងបោះទុន៣៥០០លានដុល្លារ បាននិងកំពុងសាងសង់យ៉ាងសកម្ម ជាមួយការរចនាប្លង់ស្ថាបត្យកម្មចុងក្រោយ គឺអាគារខ្ពស់បំផុតនៃគម្រោងនេះមានកំពស់រហូតដល់៧៥ជាន់។

ការប្រកាសរបស់ក្រុមហ៊ុនNaga Corpបានឲ្យដឹងកាលពីពេលថ្មីៗនេះថា Naga3នឹងក្លាយជាអាគារខ្ពស់ជាងគេនៅកម្ពុជា នៅពេលការសាងសង់បញ្ចប់។

ក្រុមកម្មករ កាលពីខែមករា បានចាប់ផ្តើមបុកគ្រឹះ សម្រាប់គម្រោងដ៏ធំមួយនេះ។ ផ្អែកលើការគម្រោងរចនា លក្ខណៈពិសេសរបស់ណាហ្គា៣ នឹងជាប៉មសណ្ឋាគារកម្ពស់៧៥ជាន់។ ក្រុមអ្នកអភិវឌ្ឍគម្រោងនេះ បានឲ្យដឹងថា “គម្រោងនេះ នឹងក្លាយជាអាគារខ្ពស់ជាងគេនៅកម្ពុជា នៅពេលបញ្ចប់ការសាងសង់”។

គម្រោងដែលចំណាយទឹកប្រាក់ចំនួន៣,៥ពាន់លានដុល្លារ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ក៏នឹងរួមបញ្ចូលទាំងប្លុកអគារសណ្ឋាគារ កម្ពស់៥២ជាន់ ចំនួនពីរផងដែរ។

នៅក្នុងបរិវេណនោះ នឹងមានប្លុកវេទិកាពហុមុខងារចំនួន១៧ជាន់ (ផលិតផលរចនាបថជីវិត សួនឧទ្យានបច្ចេកវិទ្យាខ្ពស់ ការកម្សាន្ត បន្ទប់ប្រជុំ ការលើកទឹកចិត្ត មជ្ឈមណ្ឌលសន្និសីទ និងកន្លែងតាំងពិព័រណ៍នានា (MICE) ជាដើម។

ជាមួយគ្នានេះដែរ ក៏មានជាន់ក្រោមដីចំនួន៤ជាន់សម្រាប់ចំណតរថយន្ត និងសេវាគាំទ្រផ្សេងៗទៀតផងដែរ។
ណាហ្គា៣នឹងបន្ថែមបន្ទប់សណ្ឋាគារ និងបន្ទប់ប្រណីតជិត៣.០០០បន្ទប់ ទៅលើមជ្ឈមណ្ឌលណាហ្គាវើលដ៍ ដែលមានស្រាប់ផងដែរ។ ផ្ទៃដីសរុបសម្រាប់គម្រោងនេះ មានចំនួន៥០០,០០០ម៉ែត្រការ៉េ។ អ្នកអភិវឌ្ឍន៍ អ្នកម៉ៅការ និងអ្នករចនា សម្រាប់គម្រោងនេះ នឹងសាងសង់ស្របតាមស្តង់ដារអន្តរជាតិ។

ការរចនាកំពុងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនអន្ដរជាតិ ដែលទទួលបានពានរង្វាន់ចំនួនពីរ គឺក្រុមហ៊ុន Steelman & Partners និងក្រុមហ៊ុន Skidmore, Ownings & Merrill LLP (SOM) ។

សេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន SOM បានឲ្យដឹងថា “ណាហ្គា ៣ នឹងក្លាយជាទីតាំងសម្គាល់ ដែលលិចធ្លោរបំផុត សម្រាប់ទីក្រុងភ្នំពេញនាពេលអនាគត។ ជាមួយនឹងចំណុចខ្ពស់បំផុត នៃប៉មប៉ែកខាងជើង អាចឲ្យឃើញនូវទិដ្ឋភាព ដែលគ្មានគូប្រៀបនៃទីក្រុងភ្នំពេញ និងតំបន់ជុំវិញនេះ”។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Jacobs Engineering គឺជាអ្នកដែលទទួលបាននូវតួនាទីចាត់ចែងការងារស៊ីវិល និងសំណង់។ ក្រុមហ៊ុន ដែលមានទីស្នាក់ការកណ្តាល នៅសហរដ្ឋអាមេរិកនេះ ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនពិគ្រោះយោប ល់ផ្នែកវិស្វកម្មធំជាងគេបំផុត នៅលើពិភពលោក ដែលមាននិយោជិកចំនួន៥៥ ០០០ នាក់ ការិយាល័យ៤០០ នាក់ នៅក្នុងប្រទេសជាង៤០ ជាមួយប្រាក់ចំណូលប្រចាំឆ្នាំ ចំនួន១៣ពាន់លានដុល្លារ។

ក្រុមហ៊ុន CCAG Asia Co Ltd ត្រូវបានជ្រើសរើស ជាអ្នកម៉ៅការចម្បង។ ក្រុមហ៊ុនផ្សេងទៀតដែលកំពុងដើរតួយ៉ាងសំខាន់ នៅក្នុងគម្រោង រួមមាន KWA Consult Sdn Bhd (ទីប្រឹក្សាមេកានិក និងអគ្គិសនី) ក្រុមហ៊ុន ELP Quantity Surveyors Sdn Bhd (ទីប្រឹក្សា QS) និងក្រុមហ៊ុន Steelman Partners LLP (រចនាផ្ទៃខាងក្នុង)។

ក្រុមហ៊ុន Steelman Partners LLP មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ដែលបានរចនាកាស៊ីណូ និងរមណីយដ្ឋានជាច្រើន នៅជុំវិញពិភពលោក ក៏បានចូលរួមជាមួយគម្រោងណាហ្គា១ និងណាហ្គា២ផងដែរ។

ក្រុមហ៊ុន MCC International Co Ltd ត្រូវបានចុះបញ្ជីជាអ្នកម៉ៅការគ្រឹះក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនជំនាញផ្នែកគ្រឹះ គឺជាក្រុមហ៊ុន Econpile Berhad. MCC International ដែលជាក្រុមហ៊ុនមួយ ក្នុងចំណោមបណ្តាក្រុមហ៊ុន Global Fortune 500 ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនសំណង់ ដែលគ្រប់គ្រងដោយរដ្ឋធំជាងគេរបស់ប្រទេសចិន។ ក្រុមហ៊ុនត្រូវបានចុះបញ្ជីជាសាធារណៈនៅក្រុងសៀង ហុងកុង ខណៈក្រុមហ៊ុន Econpile Berhad គឺជាក្រុមហ៊ុនចុះបញ្ជីសាធារណៈរបស់ប្រទេសម៉ាឡេស៊ី។

យោងតាមក្រុមហ៊ុនណាហ្គាខប អ្នកម៉ៅការគ្រឹះឯកទេស ត្រូវបានជ្រើសរើសក្នុងចំណោមបណ្តាក្រុមហ៊ុន ដែលចូលរួមដេញថ្លៃអន្តរជាតិចំនួន១៤ ជាមួយនឹងការវាយតម្លៃយ៉ាងហ្មត់ចត់ និងទូលំទូលាយអំពីសមត្ថភាពបច្ចេកទេស បទពិសោធន៍ ភាពគ្រប់គ្រាន់នៃគ្រឿងម៉ាស៊ីនសំណង់គ្រឹះ និងធនធានភូមិសាស្ត្រ រួមទាំងបទពិសោធន៍សាងសង់ពីលើចុះក្រោម៕

ថ្នាក់ដឹកនាំក្រុមហ៊ុនដ៏ធំរបស់ចិនកំពុងរកវិធីសាស្រ្តកាត់បន្ថយសម្ពាធពីអាមេរិក

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ លោក Ren Zhengfei អគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុនHuawei ដែលជាក្រុមហ៊ុនលំដាប់យក្សរបស់ចិន បានអំពាវនាវឲ្យមានការជំរុញអស់ពីសមត្ថភាព ដើម្បីកាត់បន្ថយការរងសំពាធពីអាមេរិក។

កំណត់ហេតុផ្ទៃក្នុង ដែលត្រូវបានមើលឃើញកាលពីថ្ងៃអង្គារបានឲ្យដឹងថា ប្រធានក្រុមហ៊ុនយក្សទូរគមនាគមន៍ Huawei របស់ប្រទេសចិន បានអំពាវនាវឲ្យមានការជំរុញឲ្យអស់ពីសមត្ថភាពដែលអាចធ្វើទៅបានទៅក្នុងសូហ្វវែរជាផ្នែកមួយនៃការបង្កើនល្បឿនការធ្វើពិពិធកម្មផលិតកម្ម សំដៅដោះស្រាយការដាក់ទណ្ឌកម្មរបស់អាមេរិក។

អគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុនHuawei លោកRen Zhengfeiបានប្រាប់ទៅក្រុមនិយោជករបស់ខ្លួនថា “ដោយសារតែនៅក្នុងវិស័យសូហ្វវែរ អាមេរិកនឹងគ្រប់គ្រងតិចតួចបំផុត ជុំវិញការអភិវឌ្ឍនៅពេលអនាគតរបស់យើង ហើយយើងមានស្វ័យភាពច្រើន”។

សេចក្ដីណែនាំរបស់លោក Ren ដែលមានអាយុ៧៦ឆ្នាំរូបនេះ បង្ហាញសញ្ញាចុងក្រោយបំផុត នៃការផ្ដោតការយកចិត្តទុកដាក់ជាយុទ្ធសាស្ដ្រដ៏សំខាន់ ដែលបណ្ដាលមកពីសម្ពាធពីអាមេរិក ដែលមើលឃើញក្រុមហ៊ុន Huawei ថា ជាការគំរាមកំហែងសន្ដិសុខដែលអាចកើតមាន។

កាលពីខែមេសា ក្រុមហ៊ុន Huawei បានប្រកាសផែនការក្នុងការធ្វើការងារជាមួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន ដើម្បីផលិតរថយន្តវៃឆ្លាត និងបានប្ដេជ្ញាចិត្តថា នឹងបង្កើនការអភិវឌ្ឍប្រព័ន្ធ ប្រតិបត្តិការទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន បន្ទាប់ពីត្រូវបានកាត់ផ្ដាច់ចេញពីកម្មវិធី Android របស់ក្រុមហ៊ុន Google ដោយការទប់ស្កាត់របស់អាមេរិក។

ក្រុមហ៊ុន Huawei កាលពីថ្ងៃអង្គារបានបង្ហាញការផ្សព្វផ្សាយ លើការណែនាំខ្លីដាច់ដោយឡែកមួយ នៅលើបណ្ដាញសង្គម ដែលចង្អុលបង្ហាញថា ប្រព័ន្ធប្រតិបត្តិការដែលហៅថា HarmonyOS នឹងត្រូវដាក់ឲ្យដំណើរការទូទាំងពិភពលោក នៅថ្ងៃទី ២ ខែមិថុនា។

ជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍បណ្ដាញ ទូរគមនាគមន៍ឈានមុខគេរបស់ពិភពលោកមួយនេះ ពេលថ្មីៗនេះជាក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទស្មាតហ្វូន ឈានមុខគេទី៣ រួមជាមួយនឹងក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung ក្រុមហ៊ុនHuawei បានប្រកាសកាលពីមុន អំពីការធ្វើពិពិធកម្មទៅក្នុងសហគ្រាស និងខ្លោដកុំព្យូទ័រ និងបណ្ដាញអាជីវកម្មដែលជាប់ទាក់ទងនឹងការមកដល់នៃបណ្ដាញ 5G ។

ក្រុមហ៊ុនមួយនេះបានលក់ Honor ជាយីហោទូរស័ព្ទស្មាតហ្វូនតម្លៃទាប របស់ខ្លួនកាលពីចុងឆ្នាំមុន ប៉ុន្តែបានប្ដេជ្ញាចិត្តថា នឹងរក្សាផលិតផលទូរស័ព្ទស្មាតហ្វូនទំនើបរបស់ខ្លួន៕