អ្នកជំនាញស្នើឲ្យអ្នកទិញដីឡូត៍ដែលចង់សង់ផ្ទះ គួរប្រើប្រាស់ក្រុមអ្នកសាងសង់ជំនាញជាជាងប្រើប្រាស់ “ជាង”មិនច្បាស់លាស់

ដោយៈរតនៈ

ភ្នំពេញៈ ប្រជាពលរដ្ឋមួយចំនួនធំទិញដីឡូតិ៍ ទុកលក់វិញដើម្បីលក់យកចំនេញ ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួន មានលុយទិញដីហើយ តែមិនទាន់មានថវិកាសម្រាប់សាងសង់ផ្ទះ។ ចុះបើមានថវិកាសាងសង់ហើយ គួរសាងសង់បែបណាដើម្បីឲ្យសន្សំសំចៃ?។

អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោកឆម ចំរើន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៦ ឧសភានេះថា ប្រសិនបើប្រជាពលរដ្ឋទិញដីឡូត៍ក្នុងតំបន់ ដែលអាចប្រកបអាជីវកម្មបាន គឺអាចសាងសង់ជាប្រភេទផ្ទះសម្រាប់លក់ដូឥវ៉ាន់ផ្សេង(Shop House)។ ប្រសិនបើសាងសង់សម្រាប់រស់នៅ ហើយជាដីនៅកណ្ដាលក្រុងនោះ គឺអាចសាងសង់ផ្ទះខ្ពស់ ដែលមានច្រើនជាន់ ព្រោះថា ដីនៅតំបន់នោះមានតម្លៃថ្លៃ។

លោកបន្តថា អ្នកដែលទិញដីឡូតិ៍ភាគច្រើន មិនបានសាងសង់ផ្ទះភ្លាមៗនោះទេទិញសម្រាប់ទុកចំណេញ។

តែបើទិញដើម្បីសាងសង់ផ្ទះ បើសិនជាធ្វើដោយខ្លួនឯងគឺចំណាយច្រើន ដោយសារតែមិនបានយល់ដឹង ពីការសាងសង់ច្បាស់លាស់ហើយចេះតែទិញសម្ភារៈសំណង់អាចពេលខ្លះច្រើនជ្រុល ពេលខ្លះតិចជ្រុល ព្រោះមិនមានជំនាញក្នុងការគណនា លុះដល់ពេលគិតពីចំណាយគឺច្រើនជាងធម្មតា។

មួយវិញទៀត ប្រសិនបើជួលជាងដោយខ្លួនឯង ដោយមិនមានអ្នកជំនាញនិងដឹងពីទីផ្សារតម្លៃជួលជាង អាចជួលមកថ្លៃ ហើយធ្វើដោយមិនមានប្រសិទ្ធិភាពទៀតផង។

លោក ឆម ចំរើនបានពន្យល់ថា ប្រសិនបើចង់សាងសង់ផ្ទះហើយ យើងគ្មានជំនាញនោះទេ គួរតែប្រគល់ផ្ដាច់ឲ្យអ្នកជំនាញសាងសង់វិញល្អជាង(ម៉ៅឲ្យអ្នកសាងសង់)ព្រោះអ្នកជំនាញអាចគណនាពីសំភារៈ ជាមួយគ្នានេះអ្នកជំនាញ គឺស្គាល់ជាងសាងសង់ដែលមានស្នាដៃល្អ ដែលអាចជួលក្នុងតម្លៃសមរម្យផងដែរ។

ជាមួយគ្នានេះលោកស្រី អាន សុធីតា អ្នកឯកទេសអចលនទ្រព្ ក៏បានលើកឡើងដែរថា ប្រសិនបើប្រជាពលរដ្ឋមានដីខ្លួនឯងហើយ គួរតែជ្រើសរើសវិស្វករជំនាញ ដើម្បីសាងសង់ជាជាងការជួលជាង ដែលមិនមានជំនាញច្បាស់លាស់មកសាងសង់ ព្រោះចង់ចំណេញដែលអាចឲ្យជួបហានីភ័យ។

លោកស្រីបន្តថា “យ៉ាងនេះក្តីសំណង់ដែលសាងសង់ខ្លួនឯង នឹងមិនរៀបរយដូចតាមបុរី ឬ ផ្ទះល្វែង ដែលគេសាងសង់ស្រាប់នោះទេ ព្រោះម្ចាស់ផ្ទះនិមួយៗស្រលាញ់ម៉ូតផ្ទះផ្សេងៗគ្នា ខណៈដែលមានដីឡូត៍ជាប់គ្នា”៕

ក្រៀមក្រំៈអាជ្ញាធរភ្នំពេញគ្រោងនឹងបិទតំបន់មួយចំនួនជាថ្មី ព្រោះអ្នកឆ្លងកើនឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ

ដោយៈវឌ្ឍនៈ
ភ្នំពេញៈ បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសរកឃើញ អ្នកឆ្លងកូវីដ១៩នៅប៉ុន្មានថ្ងៃចុងក្រោយនេះកើនឡើងវិញ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបិទខ្ទប់តំបន់មួយចំនួនឡើងវិញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកាន់តែធំឡើង។

នៅក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី២៦ ឧសភា ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ដល់អាជ្ញាធរខណ្ឌទាំង១៤ ឱ្យចុះពិនិត្យផ្សារដែលបានបើកឱ្យដំណើរការឡើងវិញ និងតំបន់បិទខ្ទប់ (តំបន់លឿងទុំ) ដែលត្រូវអនុវត្តឱ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ខណៈដែលខណ្ឌមួយចំនួនបានផ្ទុះឡើងនូវជំងឺកូវីដ-១៩ជាថ្មីឡើងវិញ។

លោកបន្តថា “ខណ្ឌមួយចំនួន កំពុងប្រឈមនឹងការបិទខ្ទប់ផ្នែកខ្លះឡើងវិញ ដោយសារតែមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ជាថ្មីឡើងវិញ”។

លោកបន្តថា “តំបន់ដែល ផ្ទុះឡើងវិញនូវជំងឺកូវីដ-១៩ជាថ្មីនេះ មានមួយផ្នែកខ្លះនៃខណ្ឌសែនសុខ នៅសហគមន៍ AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងនៅភូមិឬស្សី ឬស្សីទី២ ឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យជាដើម”។

លោកឃួង ស្រេងបានបន្ថែមថា ចំពោះតំបន់លឿង រដ្ឋបាលរាជធានីភ្នំពេញ បើក ឱ្យដំណើរការជាធម្មតា មិនធ្វើការហាមប្រាមអ្វីនោះទេ ។ អ្វីដែលហាមប្រាម គឺតំបន់ដែលមានហានិភ័យខ្ពស់ នៃការឆ្លងកូវីដ-១៩តែប៉ុណ្ណោះ ដូចដែលបានកំណត់ជាទីតាំងបិទខ្ទប់ដូចប៉ុន្មានសង្កាត់ខាងលើ ។

លោកថា “ទីតាំងតំបន់លឿងទុំ ដែលបាននិងកំពុងបិទខ្ទប់ អាជ្ញាធរខណ្ឌ ដែលពាក់ព័ន្ធ ត្រូវតែគ្រប់គ្រងឲ្យបានហ្មត់ចត់បំផុត មិនឲ្យមានការចេញ ចូលដាច់ខាត ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត”។

លោកបញ្ជាក់ថា ការបើកផ្សារឡើងវិញនេះ ពិតជាមានហានិភ័យខ្ពស់ ចំពោះការឆ្លងរីករាលដាលជំងឺកូវី-១៩។

ដូច្នេះទាំងខណ្ឌ ទាំងគណៈកម្មការផ្សារ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ជុំវិញវិធានការការពារ ដោយត្រូវផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋ អាជីវករ អនុវត្តវិធានរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច៕

ក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំរបស់កូរ៉េបង្ហាញពីបំណងវិនិយោគនៅកម្ពុជានិងបណ្តាប្រទេសអាស៊ានដទៃទៀត

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនLS ELECTRIC របស់កូរ៉េខាងត្បូងបានអញ្ជើញឯកអគ្គរដ្ឋទូតមកពីប្រទេសអាស៊ាន ដើម្បីបង្ហាញពីបច្ចេកវិទ្យារោងចក្រឆ្លាតវៃរបស់ខ្លួន និងពិចារណាវិធីដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ជាមួយបណ្តាប្រទេសប្រទេសអាស៊ាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Korea Times កាលពីម្សិលមិញ។

ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុន កាលថ្ងៃអង្គារ បានអញ្ជើញឯកអគ្គរដ្ឋទូតអាស៊ានចំនួន១០រូប ទៅធ្វើទស្សកិច្ចរោងចក្ររបស់ខ្លួននៅទីក្រុង Cheongju ភាគខាងជើងខេត្ត Chungcheong ដែលជារោងចក្រឆ្លាតលំដាប់ធំមួយរបស់ប្រទេស ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងអាជីវកម្មនៅក្នុងតំបន់អាស៊ាន។
អាស៊ានមានសមាជិកអាស៊ានទាំង១០ រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ដំណើរទស្សនកិច្ចរោងចក្រនេះរវាងក្រុមហ៊ុន និងឯកអគ្គរដ្ឋទូតអាស៊ាន បានធ្វើឡើងដើម្បីជួយរិះរកមធ្យោបាយ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទៅវិញទៅមក។

លោក Koo Ja-kyun ប្រធានរបស់ក្រុមហ៊ុន LS Electric បានឱ្យដឹងថា តាមរយៈការធ្វើសមាហរណកម្មបច្ចេកវិទ្យា និងស្វ័យប្រវត្តិកម្មវាអនុញ្ញាតឱ្យផលិតកម្ម ទ្រង់ទ្រាយធំ ឬផលិតកម្មច្រើន ប៉ុន្តែក៏មានសមត្ថភាពធ្វើការផលិត ដែលអាចបត់បែនបានតាមតម្រូវការផងដែរ។

លោកបានបន្តថា “យើងចង់ឲ្យប្រព័ន្ធប្រព័ន្ធបច្ចេកវិទ្យា រោងចក្រឆ្លាតវៃពង្រីកដល់បណ្តាប្រទេសអាស៊ាន”។

បើតាមការបញ្ជាក់របស់លោកប្រធានក្រុមហ៊ុន LS Electric ក្រោយពីរោងចក្រនេះត្រូវបានបង្កើតឱ្យដំណើរការតាមប្រព័ន្ធវ័យឆ្លាត ពេលវេលាផលិតកម្មរបស់គ្រឿងម៉ាស៊ីនត្រូវកាត់បន្ថយដល់ពាក់កណ្តាល ហើយផលិតកម្មកើនឡើងរហូតដល់៦០% រីឯការប្រើប្រាស់ថាមពលក្នុងផលិតកម្មថយចុះ៦០% ហើយអត្រាផលិតផល ដែលមានការខូចខាតក្នុងដំណើរការផលិត កាត់បន្ថយមកនៅត្រឹមតែ៧ឯកតាប៉ុណ្ណោះ ក្នុង១លានឯកតាផលិត។ លទ្ធផលដូចនេះបញ្ជាក់ថា ការតម្លើងរោងចក្របែបឆ្លាតវៃនេះ មានអត្ថប្រយោជន៍ដល់ទៅ៣ ប្រៀបបានទៅនឹងការបាញ់ព្រួញ១ត្រូវចាបដល់ទៅ៣ឯណោះ។

ក្រុមហ៊ុន LS Electric នេះជាក្រុមហ៊ុន និងរោងចក្រមួយក្នុងចំណោមរោងចក្រមួយចំនួនតូចប៉ុណ្ណោះ ក្នុងប្រទេសកូរ៉េខាងត្បូង ដែលដំណើរការតាមប្រព័ន្ធបច្ចេកវិទ្យាវ័យឆា្លត ហើយដែលកន្លងមកតាំងពីឆ្នាំ២០១១ បានបោះទុនវិនិយោគដល់ទៅ ២០ប៊ីលានវ៉ុន ដើម្បីបង្កើតជាខ្សែផលិតកម្មបែបវ័យឆ្លាតនេះ។

រោងចក្ររបស់ក្រុមហ៊ុន LS Electric នេះផលិតនូវឧបករណ៍បំបែកសៀគ្វី និងកុង តាក់ភ្លើង ហើយមានទំហំផលិតកម្មប្រចាំឆ្នាំដល់ទៅ២.៦លានគ្រឿងឯណោះ ដែលឧបករណ៍ទាំងនេះ អាចប្រើប្រាស់បានសម្រាប់ជាមុខងារ ប្រព័ន្ធបច្ចេកវិទ្យាតម្លើងរោងចក្រ និងក៏ដូចជា ឧបករណ៍ដទៃទៀត ដែលពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យាទំនើប ដូចជា Cyber Physical System (CPS), ប្រព័ន្ធ Internet of Things (IoT) និងប្រព័ន្ធ Internet of Service (IoS) ជាដើម៕

រដ្ឋាភិបាលកម្ពុជាប្រកាសផ្តល់ឱកាសដល់ធុរកិច្ចថ្មីដែលចង់ចាប់កាលានុវត្តន៍ ថ្មីសម្រាប់បម្រើអាជីវកម្ម

ដោយៈគង់ សូរិយា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវយន្តការ ស្វែងរកដំដោះស្រាយចំណោទបញ្ហា ដោយផ្តល់ឱកាសដល់ធុរកិច្ចថ្មី ក្នុងវិស័យបច្ចេកវិទ្យាជួយដោះស្រាយ ក្នុងនោះប្រសិនដំណោះស្រាយទទួលបានជោគជ័យ នឹងត្រូវយកទៅអនុវត្តន៍នៅតាមបណ្តាក្រុមហ៊ុននានា និងក្លាយជាយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍអាជីវកម្មដ៏សំខាន់ផងដែរ។

នៅក្នុងកម្មវិធីប្រកួតប្រជែងដណ្តើមជ័យលាភី ”ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ” នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះតាមប្រព័ន្ធអនឡាញ លោកឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា នេះជាកម្មវិធីដំបូង ដែលរដ្ឋាភិបាលបានផ្តល់ឱកាសដល់ក្រុមហ៊ុនធំៗ លើកឡើងសម្រាប់បញ្ហាដែលកំពុងប្រឈម ទៅដល់នវានុវត្តន៍ជន ដើម្បីរកដំណោះស្រាយ។

លោកឲ្យដឹងទៀតថា “ការប្រើប្រាស់ប្រព័ន្ធទូទាត់សាច់ប្រាក់ ការវេរសាច់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិច និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗទៀត បានកើនឡើងយ៉ាងខ្លាំងនៅក្នុងតម្រូវការប្រើប្រាស់ ដូច្នេះតាមរយៈនៃកម្មវិធីនវានុវត្តន៍បញ្រ្ចាស គឺជាការស្វែងរកដំដោះស្រាយចំណោទបញ្ហា ដោយផ្តល់ឱកាសដល់ធុរកិច្ចថ្មី ក្នុងវិស័យបច្ចេកវិទ្យាជួយដោះស្រាយ”។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាបានបញ្ជាក់ថា កម្មវិធីនេះគឺជាការជម្រុញឲ្យនិស្សិតធុរកិច្ចថ្មី អាចបង្ហាញនូវសមត្ថភាព និងការបង្កើតនូវផលិតផល សេវាកម្មឬដំណោះស្រាយអាជីវកម្មផ្សេងៗ ជាពិសេសគ្រឹះស្ថាន ដែលជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា នឹងក្លាយជាចំណែកមួយក្នុងការលើកកម្ពស់វិសាលភាពធុរកិច្ចថ្មី សហគ្រាសធុនតូចនិងមធ្យម ក៏ដូចជា ពង្រីកផលិតផលការងារឲ្យកាន់តែប្រសើរ ខណៈបច្ចេកវិទ្យាឌីជីថល ដែលបានកំពុងក្លាយជាប្រធានបទសម្រាប់ដោះស្រាយរាល់បញ្ហា ជាពិសេសលើផ្នែកអាជីវកម្ម និងជាកាលានុវត្តន៍ថ្មី ដែលកម្ពុជាកំពុងក្តោបយក។

អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកគង់ ម៉ារីមានប្រសាសន៍ថា បន្ទាប់ពីការអនុវត្តន៍កម្មវិធីខាងលើ នៅឆ្នាំ២០២១នេះ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចតេជោ និងរៀបចំកម្មវិធីថ្នាលបណ្តុះបណ្តាលថ្មីៗថែមទៀត ដើម្បីបង្កើនភាពរស់រវើកនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីៗ ដូចជា ការរៀបចំកម្មវិធីពន្លឿនអាជីវកម្មតេជោ ដែលកម្មនេះនឹងទទួលយកធុរកិច្ចថ្មីដែលកំពុងមានប្រតិបត្តិការ ដើម្បីពន្លឿនការលូតលាស់របស់ពួកគេ តាមរយៈការផ្តល់បុរេមូលនិធិបណ្តុះអាជីវកម្ម ការណែនាំ និងការភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិន និងការរៀបចំអភិវឌ្ឍន៍ថ្នាលឌីជីថលធុរកិច្ចថ្មីកម្ពុជា ដោយថ្នាលនេះនឹងភ្ជាប់អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចជាមួយគ្នា ក្នុងនោះអ្នកពាក់ព័ន្ធនានានឹងអាចស្វែងរក និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្សេង ដែលគេត្រូវការនៅក្នុងឌីជីថលថ្មីនេះ៕

សង្កាត់ហិរញ្ញវត្ថុដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក Wall Street កំពុងប្រឈម នឹងកលយុគហិរញ្ញវត្ថុ

ដោយៈសុខុម
ក្រុងញូយ៉កៈ បណ្ដាធនាគារកណ្តាល គឺជាកំពូលវីរបុរសនៅក្នុងដំណាក់កាលដំបូងនៃវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដោយធនាគារទាំងនោះបានចាត់វិធានការភ្លាមៗដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុកុំឱ្យរលំរលាយ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី២៥ ឧសភា។

ឥឡូវនេះ នៅពេលការងើបឡើងនៃសេដ្ឋកិច្ច កំពុងតែចាប់ផ្តើមបង្កើនល្បឿន វាបានក្លាយជាហានិភ័យដ៏ធំមួយសម្រាប់បណ្ដាវិនិយោគិន។

*តើមានអ្វីដែលកំពុងកើតឡើង
រង្វាស់ចុងក្រោយនៅលើសន្ទស្សន៍ Back-to-Normal Index (សន្ទស្សន៍ត្រលប់ទៅរកភាពប្រក្រតីវិញ) ពីសារព័ត៌មាន CNN Business បង្ហាញថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក វិលទៅរកភាពប្រក្រតីវិញបាន៩០%ហើយ។ ប៉ុន្តែដោយសង្កេតឃើញទិន្នន័យដ៏ល្អបែបនេះ និងអតិផរណាកំពុងកើនឡើង បណ្ដាវិនិយោគិនព្រួយបារម្ភកាន់តែខ្លាំងឡើងថា ធនាគារកណ្ដាលអាមេរិក Federal Reserve នឹងសាងកំហុសឆ្គងដ៏ធំមួយ នៅពេលការងើបឡើងឆាប់រហ័សពេក ឬមិនយកចិត្តទុកដាក់ ចំពោះការព្រួយបារម្ភកាន់តែខ្លាំងឡើង គឺបណ្ដោយរហូតទាល់តែយឺតពេល។

នៅក្នុងការស្ទង់មតិរបស់ធនាគារ Deutsche Bank ធ្វើឡើងទៅលើអ្នកជំនាញខាងទីផ្សារចំនួន៦២០នាក់ ដែលបានចេញផ្សាយនៅសប្តាហ៍នេះបង្ហាញថា ចំនួន៣៩%នៃអ្នកឆ្លើយសំណួរបានចុចយក “កំហុសឆ្គងក្នុងគោលនយោបាយរបស់ធនាគារកណ្តាល”ថា “ជាហានិភ័យមួយក្នុងចំណោមហានិភ័យធំៗបំផុតទាំង៣ ចំពោះស្ថិរភាពទីផ្សារ ដោយកើនឡើងពី២១%កាលពីខែមុន”។

ការភ័យខ្លាចស្រដៀងគ្ននេះ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការស្ទង់មតិ ធ្វើឡើងទៅលើអ្នកគ្រប់គ្រងមូលនិធិទូទាំងពិភពលោក ដែលធនាគារអាមេរិក Bank of America បានបង្ហោះកាលពីសប្តាហ៍មុន។
ហានិភ័យទី២ ដែលស្ថិតនៅពីក្រោយអតិផរណាគឺ “Taper Tantrum” ដោយសំដៅទៅលើសេណារីយ៉ូមួយ ដែលបណ្ដាធនាគារកណ្តាលបន្ធូរបន្ថយ លើការទិញសញ្ញាប័ណ្ណ ជាហេតុធ្វើឱ្យទិន្នផលកើនឡើង និងបង្កការភ័យស្លន់ស្លោនៅក្នុងទីផ្សារ។

មើលឱ្យទូលំទូលាយ:
បណ្ដាវិនិយោគិនបានចាប់អារម្មណ៍លើប្រាក់ ដែលទទួលបានដោយងាយស្រួលពីបណ្ដាធនាគារកណ្តាលដូចធនាគារកណ្តាលអាមេរិក Federal Reserve ជាដើម ដែលបានសម្រេចកាត់បន្ថយអត្រា ការប្រាក់ដល់កម្រិតទាបបំផុតមិនធ្លាប់មាន និងទិញយកមូលបត្របំណុលរហូត ដល់ទៅរាប់រយពាន់លានដុល្លារ ដែលបានជួយជំរុញឱ្យទីផ្សារងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីផ្ទុះវិបត្តិកូវីដ-១៩ ដំបូង។

ទោះជាយ៉ាងណា គោលនយោបាយបែបនេះ ក៏បានផ្តល់អំណាចយ៉ាងធំដល់បណ្ដាធនាគារកណ្តាលផងដែរ នៅក្នុងការកំណត់លទ្ធផលទីផ្សារ ដែលធ្វើឱ្យពួកគេកាន់តែពិបាកបត់បែនតាម។

*ចំណុចគួរផ្ដោតអារម្មណ៍
យោងតាមរបាយការណ៍ថ្មីមួយបង្ហាញថា តារាងតុល្យការ (Balance Sheet) របស់ធនាគារកណ្តាលអាមេរិកFederal Reserve បានកើនឡើងដល់៧,៤ទ្រីលានដុល្លារកាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ធនាគារកណ្ដាលនេះបានព្យាករថា នៅត្រឹមឆ្នាំ២០២៣ តារាងតុល្យការនេះអាចកើនដល់៩ទ្រីលានដុល្លារ។

ចំនួននេះគឺស្ទើរតែស្មើ GDP ប្រចាំឆ្នាំបូកបញ្ចូលគ្នារបស់ប្រទេសជប៉ុន និងប្រទេសអាល្លឺម៉ង់ ហើយនោះមានន័យថា អ្នកធ្វើគោលនយោបាយមិនអាចសាង កំហុសឆ្គងបានឡើយ។

សម្រាប់ពេលនេះ ធនាគារកណ្តាលអាមេរិក បន្តរក្សាជំហររបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ថា ខ្លួនកំពុងឃ្លាំមើលហានិភ័យនានា ប៉ុន្តែគ្មានបំណងចាត់វិធានការ ក្នុងពេលដ៏ខ្លីខាងមុខនេះឡើយ សូម្បីតែតម្លៃកំពុងកើនឡើងក៏ដោយ។

*អ្វីជាតារាងតុល្យការ (Balance Sheet)?
តារាងតុល្យការ ជារបាយការណ៍មួយដែលបង្ហាញ ពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឬប្រទេស ក្នុងខណៈពេលណាមួយជាក់លាក់។ តារាងតុល្យការបង្ហាញអំពីទ្រព្យសកម្ម បំណុល និងមូលធនម្ចាស់។ ទ្រព្យសកម្មគឺជាធនធានសេដ្ឋកិច្ច ដែលជាកម្មសិទ្ធិរបស់អង្គភាពអាជីវកម្ម ឬប្រទេសណាមួយដែលគេរំពឹងថា ទ្រព្យសកម្មទាំងនោះអាចបង្កើតផលចំណូលបាន តាមរយៈការប្រើប្រាស់នៅក្នុងប្រតិបត្តិការរបស់អាជីវកម្ម៕

សកម្មភាពពុះដីឡូត៍តាមខេត្តចាប់ផ្ដើមឡើងវិញក្រោយស្ងប់ស្ងាត់មួយរយៈ

ដោយៈលក្ខិណា
ភ្នំពេញៈ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ដោយសារតែការរីរកាលដាលខ្លាំង នៃជំងឺកូវីដ១៩ ពេលនេះសកម្មភាព នៃការពុះដីឡូត៍នៅតាមបណ្ដាខេត្តនានា ជាពិសេសបណ្ដាខេត្ត ដែលមានសក្ដានុពលចាប់ផ្ដើមកម្រើកឡើងវិញ ដើម្បីបន្តអាជីវកម្មពីមុនមក។

ជាក់ស្ដែងសកម្មភាពនៃការពុះដីឡូត៍ នៅតំបន់ឆ្នេរបានបង្ហាញពីសកម្មភាពនិងប្រកាសលក់ជាបន្តបន្ទាប់ឡើងវិញផងដែរ។

ភ្នាក់ងារអចលនវត្ថុប្រចាំខេត្តកំពតបានបង្ហាញថា ពេលនេះសកម្មភាពពុះឡូត៏ថ្មីៗបានកម្រើកឡើងវិញហើយ ក្រោយពេលសកម្មភាពនេះ បានស្ងប់ស្ងាត់មួយរយៈ នៅក្នុងអំឡុងពេលនៃការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩។

លោកជិន ណារិនភ្នាក់ងារអចលនវត្ថុប្រចាំខេត្តកំពតនិងកែប បានឱ្យដឹងថាពេលនេះ សកម្មផាពនៃការទិញដីឡូត៍ និងដីប្លង់ៗ ពីពលរដ្ឋបានបង្ហាញពីសកម្មភាពបន្តិចម្ដងៗឡើងវិញ ទោះបីជាកូវីដ១៩មិនទាន់បញ្ចប់ទាំងស្រុងក្ដី។លោកបន្តថា មួយរយៈចុងក្រោយនេះ តំបន់ឆ្នេរនៃខេត្តកំពតនិងកែប ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេស ដោយពួកគេបានស្វែងរកទិញដីនៅតំបន់ឆ្នេរ និងតំបន់ភ្នំ ដើម្បីទុកអភិវឌ្ឍន៍នៅពេលអនាគត ហើយភាគច្រើនអភិវឌ្ឍន៍ជាលំនៅឋានលំហែកាយ។

ក្រៅពីនេះ សកម្មភាពនៃទិញលក់ដីឡូត៍នៅជុំវិញទីរួមខេត្តកំពត ក៏ឃើញថាចាប់ផ្ដើមមានសញ្ញាវិជ្ជមានឡើងវិញ ។

លោកបន្តថា បច្ចុប្បន្ននេះ ដោយរដ្ឋាភិបាលសម្រេ ចបើកការធ្វើដំណើរបានវិញ ទើបធ្វើឱ្យការទិញលក់ដីធ្លី និងដីឡូត៍នៅខេត្តកំពត ចាប់ផ្ដើមដំណើរការល្អប្រសើរឡើងវិញ ។ ដោយឡែកសម្រាប់ដីឡូត៍ ក៏បានចាប់ផ្ដើមមានសកម្មភាពពុះលក់ឡើងវិញច្រើន ដោយសារតែមានតម្រូវការពីភ្ញៀវក្នុងតំបន់ហ្នឹងផ្ទាល់ និងភ្ញៀវមកពីតំបន់ផ្សេងសម្រាប់ទិញទុកចំណេញ និងខ្លះទៀតសម្រាប់សង់លំនៅឋាន ។

លោកបន្ថែមថា “ភ្ញៀវដែលគាត់ទិញនៅពេលនេះ ជាឱកាសល្អសម្រាប់ពួកគាត់ព្រោះថា ម្ចាស់គម្រោងគាត់ទិញដីចូលបានធូរថ្លៃ ដូច្នេះហើយគាត់ពុះជាឡូតិ៍ធូរថ្លៃដែរ ចឹងហើយគាត់ទិញពេលនេះ ជាឱកាសល្អបំផុតដែលអាចរកប្រាក់ចំនេញបាន នៅពេលអនាគតដ៏ខ្លី”។

ដោយឡែកម្ចាស់គម្រោងដីឡូត៍ នៅខេត្តជាប់រាជធានីភ្នំពេញ ក៏បានចាប់ផ្ដើមបង្ហាញពីសកម្មភាពនៃការពុះដីឡូត៍លក់បន្ថែមទៀត ក្នុងពេលរដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតត្បិតនូវការធ្វើដំណើរ និងអាចឱ្យសកម្មភាពចរាចរណ៍ក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តដំណើរការឡើងវិញបាន ។

តែយ៉ាងណាទោះបីជាសកម្មភាពបានកម្រើកឡើងវិញក្ដី តែការទិញលក់នៅតែមិនទាន់កម្រើកខ្ពស់ ដូចមុនវិបត្តិជាពិសេសមុនព្រឹត្តិការណ៍២

ការទិញអចលនទ្រព្យនៅជាយក្រុងគ្រប់ទិសទាំងអស់ចាប់ផ្តើមមានការកម្រើកឡើងវិញ

ដោយៈ ម៉ាណេត
ភ្នំពេញៈ សកម្មភាពទិញលក់លំនៅដ្ឋាន និងដីធ្លីនៅជាយក្រុងគ្រប់ទិសទាំងអស់នៃរាជធានីភ្នំពេញ បានចាប់ផ្តើមមានការកម្រើកឡើងវិញ ដែលជាសញ្ញាមួយល្អសម្រាប់វិស័យអចលនទ្រព្យ បន្ទាប់ពីអ្នកវិនិយោគបង្កើនសកម្មភាពទិញលក់ និងវិនិយោគឡើងវិញ។

នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី លោកឌឹត ចណ្ណាបានថ្លែងប្រាប់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះថា ចលនានៃការទិញលក់អចលនទ្រព្យបានចាប់ផ្តើមកម្រើកបន្តិច បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយ ដល់ការធ្វើដំណើររបស់ប្រជាជន។

លោកបានថ្លែងថា “ជាធម្មតាអ្នកវិនិយោគ ឬអ្នករកទទួលទាននៅក្នុងវិស័យអច​លន​ទ្រព្យមិនសូវជាចេះនៅស្ងាមនោះទេ ហើយការបន្ធូរបន្ថយដល់ការធ្វើដំណើររបស់ប្រជាជនបានធ្វើឱ្យប្រជាជន ពិសេសអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ចាប់ផ្តើមបន្តសក​ម្ម​ភាពវិនិយោគរបស់ពួកគាត់ឡើងវិញ”។

ជាមួយគ្នានេះដែរ លោកមើលឃើញថា សកម្មភាពទិញលក់មានការកម្រើកឡើងនៅជាយក្រុង ពិសេសការទិញលក់លំនៅដ្ឋាន និងដីធ្លីនៅជាយក្រុង ហើយនៅតាមខណ្ឌនៅជាយក្រុង ឃើញមានសកម្មភាពកម្រើកឡើងវិញ ទាំងនៅខណ្ឌសែនសុខ និងខណ្ឌដង្កោជាដើម។

លោកឌឹត ចណ្ណាបានថ្លែងបន្តថា មួយរយៈពេលចុងក្រោយនេះ តំបន់ជាយក្រុងនៅទិសទាំងអស់នៃរាជធានីភ្នំពេញ មានរីកលូតលាស់ព្រមគ្នាតែម្តង ខណៈតំបន់នៅជាយក្រុងនៅប៉ែកខាងកើត នៅមានតម្លៃសមរម្យជាងបន្តិច ដោយសារស្ពានមិនទាន់សាងសង់ ប៉ុន្តែចលនានៃការទិញលក់នៅតែមាន។

លោកបានលើកឡើងថា “លំនៅដ្ឋាន និងដីធ្លីមានសន្ទុះឡើងវិញខ្លាំងជាងគេនៅជាយក្រុងគ្រប់ទិសទាំងអស់ នៃទីក្រុងភ្នំពេញ បើធៀបនឹងផ្នែកផ្សេងៗទៀត នៃវិស័យអចលនទ្រព្យ”។

លោករំពឹងថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញ ទៅរកភាពល្អប្រ​សើរ នៅពេលរដ្ឋាភិបាលសម្រេច បានគោលដៅការពន្លឿនការចាក់វ៉ាក់កូវីដ១៩ ជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នទ្រព្យកម្ពុជា បានថ្លែងប្រាប់កាលពីថ្មីៗនេះផងដែរថា វិនិយោគិនក្នុងវិស័យអចលនទ្រព្យចាប់ផ្តើមពិចារណា និងសិក្សាឡើងវិញបណ្តើរៗ និងទទួលយកព័ត៌មាន ដែលយើងផ្តល់ឱ្យពួកគាត់ ហើយយើងក៏ចាប់ផ្តើមធ្វើបច្ចុប្បន្ន មួយចំនួនជូនវិនិយោគិនមួយចំនួន។

លោកបានថ្លែងថា “វិនិយោគិនភាគច្រើនសម្លឹងមើលលើវិស័យដីធ្លី និងផ្ទះ បន្ទាប់ពីរដ្ឋាភិបាលចាប់ផ្តើម បន្ធូរបន្ថយការធ្វើដំណើររបស់ប្រជាជន”។

លោកបានលើកឡើងថា នេះជាសញ្ញាមួយល្អសម្រាប់វិស័យអចលនទ្រព្យ ដែលអ្នកវិនិយោគបង្កើនសកម្មភាពទិញលក់ និងវិនិយោគឡើងវិញ បន្ទាប់មានភាពស្ងប់ស្ងាត់មួយរយៈពេល។ បន្ទាប់ពីធ្វើបច្ចុប្បន្នភាពទីផ្សារអលនទ្រព្យ តម្លៃអចលនទ្រព្យមិនសូវមានសម្រាប់អតិថិជន ហើយតម្លៃអចលនទ្រព្យរក្សាភាពថ្លៃ និងនៅទ្រឹងដដែល៕

វិភាគៈកម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ឱកាស និងការត្រៀមលក្ខណៈក្នុងដំណើរការកសាងសហគមន៍នយោបាយសន្តិសុខអាស៊ាន

ដោយបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា
ភ្នំពេញៈកម្ពុជាជាប្រទេសចុងក្រោយគេ ដែលបានក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាននៅថ្ងៃទី៣០ ខែ មេសា ឆ្នាំ ១៩៩៩។
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកដែលនាំកម្ពុជាចូលអាស៊ានបានលើកឡើងនូវកត្តាចម្បង៤ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន៖ (១)- កត្តាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នាទៅវិញទៅមក ដែលតាមរយៈនេះ អាស៊ានបានក្លាយជារបាំងដ៏សំខាន់ សម្រាប់ការពារអធិបតេយ្យនៃរដ្ឋជាសមាជិក (២)- កត្តាស្មារតីសហគមន៍ គឺរបៀបនៃការធ្វើសេចក្តីសម្រេចចិត្តរបស់អាស៊ាន ផ្អែកលើគោលការណ៍កុងសង់ស៊ីស គឺសិទ្ធិស្មើគ្នាក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដោយមិនគិតថា សមាជិកចាស់ ឬសមាជិកថ្មី ឬប្រទេសអ្នកមាន ឬប្រទេសអ្នកក្រ។

(៣)- កត្តាសមាហរណកម្មតំបន់ ពោលគឺជាស្នូលនៃនិម្មាបនកម្មតំបន់ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម និង (៤)- អាស៊ានជាច្រកទ្វារការទូតដ៏សំខាន់សម្រាប់កម្ពុជា។
ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ាននៅឆ្នាំ ១៩៩៩ មក អាស៊ានតែងតែជាផ្នែកដ៏សំខាន់មួយ នៃគោលនយោបាយការបរទេសរបស់កម្ពុជា។

រយៈពេល២០ឆ្នាំកន្លងមកនេះ កម្ពុជាបានចាប់យកនូវឱកាសជាច្រើន ពីសមាជិកភាពរបស់ខ្លួននៅក្នុងអាស៊ាន ហើយកម្ពុជាក៏បានចូលរួមចំណែកយ៉ាងធំធេងផងដែរ ក្នុងការកសាងសហគមន៍អាស៊ាននិយាយជារួម និងការកសាងសហគមន៍នយោបាយសន្តិសុខអាស៊ាននិយាយដោយឡែក។

ចាប់តាំងពីពេលដែលកម្ពុជា បានក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ មក កម្ពុជា ធ្លាប់បានធ្វើជាប្រធានអាស៊ានចំនួន២លើករួចមកហើយ គឺលើកទី១ នៅឆ្នាំ ២០០២ និងលើកទី២ នៅឆ្នាំ ២០១២ ហើយនៅឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធានអាស៊ានជាថ្មីម្តងទៀត។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ តើអ្វីជាឱកាសសម្រាប់កម្ពុជា ក្នុងដំណើរការកសាងសហគមន៍នយោបាយសន្តិសុខអាស៊ាន?
តើកម្ពុជាគួរត្រៀមលក្ខណៈបែបណាខ្លះ ដើម្បីចាប់យកឱកាសទាំងនោះ?
ជាការពិតណាស់ តួនាទីជាប្រធានអាស៊ានអាចជាមោទនភាពផង ហើយក៏អាចជាសម្ពាធផង ជាឱកាសផង ហើយក៏អាចជាបញ្ហាប្រឈមផងដែរ។

ក៏ប៉ុន្តែជាបឋម អ្វីដែលជាឱកាសសម្រាប់កម្ពុជានៅពេលនេះ គឺជាពេលវេលាដែលយើងអាចបង្ហាញប្រកបដោយក្តីមោទនភាពថា កម្ពុជាដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធ និងឯកោទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវបានក្លាយជាប្រទេសមួយដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្ម ទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ និងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ពហុភាគីនិយម។
ជាមួយគ្នានេះដែរ តួនាទីកម្ពុជាជាប្រធានអាស៊ានឆ្នាំ ២០២២ វាជាឱកាសដែលកម្ពុជា អាចបង្ហាញពីសមត្ថភាពខាងធនធានមនុស្ស និងហិរញ្ញវត្ថុក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំបែបនេះ។ ប៉ុន្តែសន្តិភាព និងស្ថិរភាពនយោបាយនៅប្រទេសកម្ពុជាគឺជារឿងដែលមិនអាចមើលរំលងបាន។

ប្រសិនបើកម្ពុជាស្ថិតក្នុងចលាចលខាងនយោបាយ និងការហែកហួរដោយសង្គ្រាម គឺយើងពិតជាមិនមានឱកាសទទួលភារកិច្ចដ៏ធំបែបនេះបាននោះទេ។ ព្រឹត្តិការណ៍នេះនឹងជួយឱ្យកម្ពុជាលើកមុខមាត់របស់ខ្លួន ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ប្រតិបត្តិការសន្តិភាព និងការងារមនុស្សធម៌អន្តរជាតិ។

នៅក្នុងតំបន់ក៏ដូចជា ពិភពលោក បញ្ហាប្រឈមខាងសន្តិសុខជាប្រពៃណី និងមិនមែនប្រពៃណីជាច្រើនកំពុងកើតឡើងដូចជា ការប្រកួតប្រជែងរវាងមហាអំណាច បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាការប្រើប្រាស់ទឹកនៅក្នុងតំបន់មេគង្គ ការរីករាលដាលនៃជំងឺកូវីដ ១៩ និងបញ្ហាការទូតវ៉ាក់សាំង ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ១៩ គ្រោះមហន្តរាយធម្មជាតិ។ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត,ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ជនបាត់បង់លំនៅក្នុងស្រុក ពលករចំណាកស្រុក ការផ្លាស់ប្តូរអាកាសធាតុជាដើម នឹងបន្តក្លាយជាបញ្ហាប្រឈមដែលកាន់តែស្មុគស្មាញឡើង។

បញ្ហាទាំងអស់នេះមិនមានកំណត់ព្រំដែន ឬជាការទទួលខុសត្រូវដាច់ដោយឡែករបស់ប្រទេសណាមួយនោះទេ តែវាជាការទទួលខុសត្រូវរួម របស់សហគមន៍អន្តរជាតិ ដែលក្នុងនោះ កម្ពុជាក៏មានចំណែកមួយក្នុងនោះដែរ។ ដូច្នេះតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ ២០២២ ខាងមុខ គឺជាឱកាសដែលកម្ពុជាអាចបង្ហាញសមត្ថភាពរបស់ខ្លួន ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញខាងលើ។

កម្ពុជាដែលពីមុនល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីនដែលគេភ័យខ្លាចគ្រប់គ្នា ឥឡូវនេះបានក្លាយទៅជា “កោះសន្តិភាព” និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុង១ឆ្នាំៗ។

កម្ពុជាដែលពីមុនល្បីក្នុងការប្រើប្រាស់អាវុធ ដើម្បីដណ្តើមអំណាចគ្នា និងក្នុងការផ្លាស់ប្តូររដ្ឋាភិបាល ឥឡូវនេះបានក្លាយទៅជាប្រទេសមួយ ដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឱ្យប្រជាពលរដ្ឋជ្រើសតាំងតំណាងដឹកនាំប្រទេស ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ និងជារដ្ឋអធិបតេយ្យដែលមានបូរណភាពទឹកដីពេញលេញ។

ទាំងនេះជាមេរៀន និងបទពិសោធនៃការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលកម្ពុជា អាចចែករំលែកជាមួយសមាជិកអាស៊ានដទៃទៀតក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាននាពេលខាងមុខ។

ការជំរុញដំណើរសមាហរណកម្ម តំបន់ពេញលេញរបស់អាស៊ាន និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការខាងក្រៅរបស់អាស៊ាន ជាកិច្ចការដ៏សំខាន់ដែលប្រធានអាស៊ានផ្តោតការយកចិត្តទុកដាក់។ ដូច្នេះឆ្នាំ២០២២ ខាងមុខនេះ ជាឱកាសសម្រាប់កម្ពុជា ក្នុងការជំរុញការយល់ព្រម លើសមាជិកភាពរបស់ប្រទេសទីម័រខាងកើត ជាសមាជិកទី ១១ របស់អាស៊ាន និងការពង្រីកដៃគូសន្ទនាដទៃទៀតរបស់អាស៊ាន។

ទន្ទឹមនឹងនោះដែរ ចុងក្រោយជាឱកាសដែលកម្ពុជា អាចបង្ហាញពីសក្តានុពលនៃការអភិវឌ្ឍ និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់ខ្លួន ប្រសិនបើយើងអាចរៀបចំប្រជុំនានាដោយផ្ទាល់បាន។

ខាងលើជាឱកាសខ្លះៗ ដែលកម្ពុជាអាចទទួលបាន ក្នុងឋានៈជាប្រធានអាស៊ាននាឆ្នាំ ២០២២ ខាងមុខនេះ។ ប៉ុន្តែសំណួរសួរថា តើកម្ពុជាគួរត្រៀមលក្ខណៈបែបណាខ្លះ ដើម្បីចាប់យកឱកាសទាំងនោះ?។
ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជានឹងមានទាំងឱកាសទាំងបញ្ហាប្រឈម។ ក្នុងន័យនេះ កម្ពុជាត្រូវត្រៀមលក្ខណៈទាំងខាងក្នុង និងខាងក្រៅឱ្យបានគ្រប់គ្រាន់ ដើម្បីចាប់យកឱកាសផង និងទប់ទល់នឹងបញ្ហាប្រឈមផង។ ខាងក្រោមនេះ ជាការពិចារណាខ្លះៗអំពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន។

ពិតហើយ កម្ពុជាជារបស់យើងទាំងអស់គ្នា មិនមែនជារបស់រាជរដ្ឋាភិបាល ឬស្ថាប័នរដ្ឋណាមួយដាច់ដោយឡែកនោះទេ។ ភាពជោគជ័យ ឬបរាជ័យរបស់កម្ពុជាជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា រាប់ទាំងប្រជាពលរដ្ឋគ្រប់រូបរបស់កម្ពុជាផងដែរ។

ក្នុងន័យនេះ ជាទិដ្ឋភាពផ្ទៃក្នុងគឺត្រូវធានាថា មានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីគាំទ្រដល់ការទទួលធ្វើជាប្រធានអាស៊ាន ជាប្រវត្តិសាស្ត្រនេះឱ្យទទួលបានជោគជ័យ គឺត្រូវត្រៀមលក្ខណៈទាំងធនធានមនុស្ស សម្ភារ ថវិកា បច្ចេកទេស សន្តិសុខ, ការងារពិធីការ និងបដិសណ្ឋារកិច្ច ជាពិសេសការងារឯកសារសម្រាប់បម្រើដល់កិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលជាការងារដ៏មានសារៈសំខាន់បំផុត សម្រាប់ព្រឹតិ្តការណ៍នេះ។
ទន្ទឹមនឹងនោះដែរ គណបក្សនយោបាយនានា គួរតែមានជំហររួមទៅលើគោលបំណង និងអាទិភាពគោលនយោបាយការបរទេសរបស់ជាតិ ដើម្បីអធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ ធនាគារខួរក្បាលជាតិ ក៏ដូចជា អ្នកសិក្សាស្រាវជ្រាវដទៃទៀត គួររួមចំណែកជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់យុទ្ធសាស្ត្រ និងអនុសាសន៍គោលនយោបាយនានា ដើម្បីឱ្យកម្ពុជាអាចទទួលបាននូវផលប្រយោជន៍ដ៏លើសលប់ ពីតួនាទីរបស់ខ្លួនជាប្រធានអាស៊ាន ទាំងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ត្រូវជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីតួនាទីរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន និងផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ជូនទៅដល់សាធារណជនទាំងក្នុង និងក្រៅប្រទេស។

អង្គការសង្គមស៊ីវិលនានា ក៏ត្រូវរួមចំណែកលើកកម្ពស់មុខមាត់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាននេះដែរ ហើយត្រូវរួមចំណែកផ្តល់អនុសាសន៍ ក្នុងន័យស្ថាបនាដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ហើយចុងក្រោយ ពលរដ្ឋកម្ពុជាក៏មានចំណែកក្នុងភាពជោគជ័យរបស់កម្ពុជាផងដែរ ត្រូវរៀបចំខ្លួនជាពលរដ្ឋដែលមានវិន័យ ជាពលរដ្ឋដែលមានការទទួលខុសត្រូវជាពលរដ្ឋប្រកបដោយពុទ្ធិ និងជាពលរដ្ឋដែលសកម្ម។

ជាទិដ្ឋភាពខាងក្រៅតំបន់ និងពិភពលោកកំពុងពើបប្រទះបញ្ហាប្រឈមធំៗតួយ៉ាង ការប្រកួតប្រជែងនៃពួកមហាអំណាច បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាក្នុងតំបន់មេគង្គ ក៏ដូចជាការប្រជែងគ្នា រវាងយុទ្ធសាស្ត្រគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative -BRI) និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Strategy) ជាដើម។ ក្នុងស្ថានភាពនេះ គឺទាមទារឱ្យកម្ពុជាអនុវត្តការទូតស្ងាត់ស្ងៀម និងការពិគ្រោះយោបល់ ដើម្បីស្វែងរកមូលដ្ឋានរួម សម្រាប់កិច្ចសហប្រតិបត្តិការតំបន់ ក្នុងចំណោមប្រទេសនានានៅក្នុងតំបន់ ដើម្បីកុំឱ្យសមាជិកអាស៊ានបែកបាក់ ដែលម្ខាងរត់ទៅរកសហរដ្ឋអាមេរិក ម្ខាងរត់ទៅរកចិន ដើម្បីផលប្រយោជន៍រៀងៗខ្លួន។

ពោលគឺជំរុញរបៀបវារៈទាំងឡាយណា ដែលចងភ្ជាប់អាស៊ានជាជាងបញ្ហា ដែលធ្វើឱ្យអាស៊ានបែកបាក់ ជាពិសេសគឺរក្សាសាមគ្គីភាព ឯកភាព និងអព្យាក្រឹតភាពអាស៊ាន និងបង្ហាញឱ្យឃើញថា អាស៊ានជាកម្លាំងទប់ក្នុងការគ្រប់គ្រង ការប្រកួតប្រជែងអំណាចរវាងចិន និងសហរដ្ឋអាមេរិក ដើម្បីរក្សា និងគ្រប់គ្រងស្ថានភាព ឬបរិស្ថានដែលអំណោយផលដល់សន្តិភាព និងស្ថិរភាពដើម្បីទ្រទ្រង់ការជំរុញវិបុលភាពក្នុងតំបន់។

លើសពីនេះទៀត កម្ពុជាត្រូវដាក់ចេញនូវរបៀបវារៈ ដែលអាចផ្តល់នូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ពលរដ្ឋអាស៊ាន ដើម្បីឱ្យពលរដ្ឋអាស៊ានមានមោទនភាព និងក្តីស ង្ឃឹមសម្រាប់អនាគត និងមានទំនុកចិត្តសម្រាប់សុខុមាលភាព របស់មនុស្សជំនាន់ក្រោយ និងព្យាយាមធ្វើឱ្យមានតុល្យភាពផងដែរ រវាងសសរស្តម្ភទាំង៣របស់អាស៊ាន រួមមាន សហគមន៍នយោបាយសន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គមវប្បធម៌។

ក្នុងឱកាសដ៏ពិសេសនោះកម្ពុជា គួរផ្តួចផ្តើមគំនិតបង្កើត “ក្រុមប្រឹក្សាត្រួតពិនិត្យ និងសម្របសម្រួលអាស៊ាន” មួយដែលដើរតួនាទីជាស្ថាប័នត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកិច្ចព្រមព្រៀងសេចក្តីថ្លែងការណ៍ និងលិខិតូបករណ៍នានារបស់អាស៊ាន ព្រោះអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារនានារាប់មិនអស់ ប៉ុន្តែការអនុវត្តជាក់ស្តែងហាក់ដូចជា នៅមានកម្រិតនៅឡើយ ហើយអាស៊ានមិនទាន់មានយន្តការអចិន្រៃ្តយ៍ និងអាណត្តិពេញលេញក្នុងកិច្ចការនេះនោះទេ។

ទន្ទឹមនឹងនេះដែរ ក្រុមប្រឹក្សានេះនឹងដើរតួនាទីជាយន្តការ សម្រាប់សម្របសម្រួល ឬដោះស្រាយវិបត្តិផ្ទៃក្នុងនៃរដ្ឋជាសមាជិក ជម្លោះរវាងរដ្ឋជាសមាជិក និងធ្វើបុរេសកម្មភាពដើម្បីទប់ទល់ការជ្រៀតជ្រែកពីមហាអំណាចខាងក្រៅ។

ពាក់ព័ន្ធនឹងវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាគួរបង្កើតក្រុមការងារពិសេសមួយ ដើម្បីធ្វើការជាមួយបណ្តាគូជម្លោះ នៅមីយ៉ាន់ម៉ាដោយស្ងាត់ស្ងៀមឬការទូតទ្វារក្រោយ ដើម្បីចែករំលែកមេរៀន និងបទពិសោធនៃការកសាងសន្តិភាព និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ហើយវាក៏ជាឱកាសដើម្បីបង្ហាញថា កម្ពុជាមានសមត្ថភាព ជួយដោះស្រាយវិបត្តិនយោបាយ នៅក្នុងប្រទេសជាសមាជិកអាស៊ានដូចគ្នា។
ការជួយដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះនោះទេ ប៉ុន្តែជាការបង្ហាញសាមគ្គីភាពអាស៊ាន និងការជួយគ្នាទៅវិញទៅមកដោយឈរ លើការគោរពអធិបតេយ្យគ្នាទៅវិញទៅមក។

កម្ពុជាត្រូវបន្តលើកកម្ពស់តួនាទី និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ តាមរយៈការជំរុញបន្ថែមទៀត នូវដំណើរការមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន ដែលជាផ្នែកមួយនៃការទូតសាធារណៈរបស់កម្ពុជា ដែលជាប្រទេសធ្លាប់រងគ្រោះ ដោយសារមីនទៅជាប្រទេស ដែលមានសកម្មភាពលេចធ្លោ ក្នុងការបោសសម្អាតមីន ចូលរួមយ៉ាងសកម្មថែមទៀតក្នុងបេសកកម្មរក្សាសន្តិភាព និងការងារមនុស្សធម៌អន្តរជាតិ ការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ អភិបាលកិច្ចល្អ គោលការណ៍ប្រជាធិបតេយ្យ ក៏ដូចជា ការលើកកម្ពស់នូវការគោរព និងការការពារសេរីភាព សិទ្ធិមនុស្ស និងការលើកកម្ពស់យុត្តិធម៌សង្គមជាដើម ដើម្បីកសាងមុខមាត់ និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ។

កម្ពុជាចាំបាច់ ត្រូវធ្វើសកម្មភាពចាប់ពីពេលនេះតទៅ ក្នុងការជំរុញការគាំទ្រការបញ្ចូលសមាជិកភាពប្រទេសទីម័រខាងកើតទៅក្នុងអាស៊ាន។

ទីម័រខាងកើតជារដ្ឋមួយដូចកម្ពុជាដែរ ដែលបានឆ្លងកាត់ជម្លោះ និងអំពើប្រល័យពូជសាសន៍ពីអតីតកាល កម្ពុជាបានយល់ច្បាស់ពីសារៈសំខាន់ នៃការចូលរបស់ទីម័រខាងកើតទៅក្នុងអាស៊ាន។ ក្នុងនាមជាសមាជិកចុងក្រោយរបស់អាស៊ាន កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើន ពីសមាជិកភាពរបស់ខ្លួននៅក្នុងអាស៊ាន។

ដូច្នេះវាជាកាតព្វកិច្ចរបស់កម្ពុជាក្នុងការគាំទ្រ និងជួយដល់ទីម័រខាងកើត ក្នុងការចូលជាសមាជិកអាស៊ាន ដើម្បីធ្វើឱ្យសមាហរណកម្មតំបន់អាស៊ាន មានលក្ខណៈពេញលេញ។ ទន្ទឹមនឹងនោះ កម្ពុជាក៏ត្រូវជំរុញការពង្រីក ដៃគូសហប្រតិបត្តិការខាងក្រៅរបស់អាស៊ាន ដើម្បីផលប្រយោជន៍អាស៊ានផង និងដើម្បីតុល្យភាពផង។

កម្ពុជាត្រូវបន្តធ្វើពិពិធកម្មការទូត ជាយុទ្ធសាស្ត្រគាំទ្រគោលការណ៍ពហុភាគីនិយមរក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រទេសមហាអំណាចទាំងអស់ ពង្រឹងតួនាទីសំខាន់របស់អាស៊ាន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ទំនាក់ទំនងអន្តរជាតិ ដែលផ្អែកលើច្បាប់ និងលើកកម្ពស់សន្តិភាពតាមរយៈការសន្ទនា និងការចរចា។

ប្រទេសកម្ពុជា ត្រូវតែប្រកាន់ជំហរអព្យាក្រឹតដាច់ខាតចំពោះជម្លោះ និងអធិបតេ យ្យភាពអន្តរជាតិ។ កម្ពុជាក៏អាចដើរតួជាមេអណ្តើក ក្នុងការសម្របសម្រួលបន្ធូរបន្ថយកម្ដៅសមុទ្រចិនខាងត្បូងផងដែរ។

ចុងក្រោយ ទន្ទឹមនឹងកិច្ចប្រជុំនានា កម្ពុជាគួររៀបចំវេទិកាធុរកិច្ច និងវិនិយោគដើម្បីបង្ហាញសក្តានុពល និងភាពទាក់ទាញរបស់កម្ពុជាលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលស្របនឹងយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់កម្ពុជា។

ប៉ុន្តែដើម្បីធានាឧត្តមភាពប្រកួតប្រជែងរបស់ខ្លួន កម្ពុជាចាំបាច់ត្រូវបន្តធ្វើកំណែទម្រង់ស៊ីជម្រៅជាក់ស្តែង និងមានប្រសិទ្ធភាពទៅលើស្ថាប័នរបស់រដ្ឋ បន្តពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលអាចកាត់បន្ថយថ្លៃសេវាដឹកជញ្ជូន និងថ្លៃដើមចង្វាក់ផលិតកម្ម ការផ្គត់ផ្គង់អគ្គិសនី និងទឹកក្នុងតម្លៃទាប កាត់បន្ថយ ឬលុបបំបាត់ការិយាធិបតេយ្យក្នុងនីតិវិធីវិនិយោគ និងចុងក្រោយគឺពង្រឹងអភិវឌ្ឍធនធានមនុស្ស ដើម្បីធានាថា កម្ពុជាមានកម្លាំងពលកម្មជំនាញ និងពាក់កណ្តាលជំនាញសម្រាប់បំពេញតម្រូវការទីផ្សារទាំងក្នុងស្រុក តំបន់ និងអន្តរតំបន់។

ជារួមទៅក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជានឹងអាចទទួលបាននូវឱកាសយ៉ាងច្រើនក្នុងការបង្ហាញមុខមាត់ និងកិត្យានុភាពរបស់ខ្លួនលើឆាកអន្តរជាតិ និងសមត្ថភាពក្នុងការរួមចំណែកដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ និងជាមោទនភាពដ៏ធំធេងរបស់កម្ពុជាដែលបានទទួលតួនាទីដ៏ត្រចះត្រចង់នេះ។

ប៉ុន្តែភាពជោគជ័យ ឬបរាជ័យរបស់កម្ពុជា វាអាស្រ័យលើការត្រៀមលក្ខណៈរបស់កម្ពុជា ទាំងកិច្ចការខាងក្នុង និងកិច្ចការខាងក្រៅ និងការចូលរួមដោយស្មារតីគិតគូរផលប្រយោជន៍ជាតិខ្ពស់ពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងពីគ្រប់សមាសភាពសង្គមកម្ពុជា រាប់ចាប់ពីគណបក្សនយោបាយ ស្ថាប័នសិក្សាស្រាវជ្រាវ ធនាគារខួរក្បាលជាតិ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន អង្គការសង្គមស៊ីវិល អ្នកសិក្សាស្រាវជ្រាវ និងពលរដ្ឋកម្ពុជាទូទៅដែលម្នាក់ៗ សុទ្ធតែមានចំណែកចំពោះភាពជោគជ័យ ឬបរាជ័យនៃតួនាទីជាប្រវត្តិសាស្ត្ររបស់កម្ពុជាជាប្រធានអាស៊ាននេះ៕

តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣កាន់តែទាក់ទាញការវិនិយោគលើវិស័យអចលនទ្រព្យ

ដោយៈរតនៈ
ភ្នំពេញៈ តម្លៃដីនៅក្នុងឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ដែលបានស្ថិតនៅក្បែរគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ បានឡើងថ្លៃគុណនឹង៤ បន្ទាប់ពីមានការសិក្សាគម្រោងធ្វើស្ពានឆ្លងទៅកាន់តំបន់នេះ។

មេឃុំកោះខ្សាច់ទន្លា លោក សេង មិន្ទរ៍ បានប្រាប់Propertyarea កាលពីថ្ងៃទី ២៥ ខែ ឧសភាថា ភាគីពាក់ព័ន្ធបានចុះមកសិក្សា គម្រោងធ្វើស្ពានឆ្លងពីផ្លូវលេខ២១ មកឃុំកោះខ្សាច់ទន្លានេះ៣ ទៅ៤ដងរួចមកហើយ តែទោះជាយ៉ាងណាមិនទាន់មានដំណឹងថានឹងធ្វើស្ពាននេះនៅចន្លោះកន្លែងណាឡើយ។

លោកបន្តថា បន្ទាប់ពីមានការសិក្សាគម្រោងសាងសង់ស្ពាននេះ គឺមានឈ្មួញមក រកទិញដីនៅក្នុងឃុំកោះខ្សាច់ទន្លានេះ ដែលធ្វើឲ្យតម្លៃដីហាក់កើនឡើងជាបន្តបន្ទាប់ ក្នុងនោះលោកឲ្យដឹងថា តម្លៃដីគឺតាមប្រភេទ ព្រោះមានដីខ្លះជាប់ថ្នល់ដីខ្លះជាដីចំការ និងដី ខ្លះនៅមានព្រៃច្រើននៅឡើយ។ លោកបន្ថែមថា ក្នុងរយៈពេលចុងក្រោយនេះ តម្លៃដីហាក់ឡើងគួរឲ្យកត់សម្គាល់ ពោលគឺដីជាប់មាត់ទន្លេ និងដីជាប់ថ្នល់បេតុងមានតម្លៃចន្លោះពី ៣០ទៅ៤០ដុល្លាសហរដ្ឋអាមេរិកក្នុង១ម៉ែត្រការ៉េ។ ចំណែកដីចំការ ឬដីព្រៃតម្លៃចន្លោះពី១០ ទៅ២០ដុល្លាសហរដ្ឋអាមេរិកក្នុង១ម៉ែត្រការ៉េ។

ជាមួយគ្នានេះ លោកឆម ចំរើនអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ថា ដីនៅតំបន់កោះគឺមានសក្ដានុពលលើវិស័យដំណាំ និងផ្ទះលំហែដែលធ្វើឲ្យដីនៅតំបន់នោះ តម្លៃហាក់កើនឡើងលឿន។

លោកបន្តថា តែទោះជាយ៉ាងណាដីនៅតំបន់កោះ មានឧបសគ្គមួយគឺការធ្វើដំណើរ ព្រោះត្រូវឆ្លងដរ។ ដូចនេះប្រសិនបើតំបន់កោះណា ដែលមានគម្រោងធ្វើស្ពានភ្ជាប់ គឺបានសម្រួលដល់ឧបសគ្គផ្នែកធ្វើដំណើរនោះ ទន្ទឹមនឹងនោះតម្លៃដីកាន់តែឡើងខ្ពស់។

ឃុំកោះខ្សាច់ទន្លាមានចំងាយប្រមាណជាង២០គីឡូម៉ែត្រ ពីរង្វង់មូលក្រុងតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ស្ថិតនៅតាមផ្លូវលេខ២១ ដោយត្រូវឆ្លងកំពង់ដរផងដែរ។ ឃុំដែលនៅលើកោះមួយនេះ៥ភូមិ។

ស្ថាបនិកនិងជានាយកក្រុមហ៊ុនKey Real Estate លោកសន សៀបបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា តម្លៃដីនៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ តំបន់អភិវឌ្ឍន៍ដទៃទៀត ពិសេសផ្លូវជាតិលេខ៤១ និង៥១ ទោះបីមានបញ្ហាជំងឺកូវីដ១៩ក្តី ប៉ុន្តែដីនៅតំបន់ទាំងនេះនៅតែមានតម្រូវការច្រើន ហើយតម្លៃនៅតែកើនឡើង ទោះបីដីនៅតំបន់ខ្លះធ្លាក់ចុះ និងស្ថិតក្នុងសភាពទ្រឹងក្តី៕

ដំណឹងល្អៈក្រសួងទេសចរណ៍រៀបចំផែនការសាកល្បងបើកទទួលភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងរួចនៅត្រីមាសទី៤

ដោយៈតារា

ភ្នំពេញៈ ក្រសួងទេសចរណ៍ បានបង្កើតឯកសារទស្សនាទានរួចហើយស្តីពី កញ្ចប់ទស្សនកិច្ចទេសចរណ៍ វ៉ាក់សាំងកូវីដ-១៩មកពីក្រៅប្រទេស និងបានសម្រេចថា នឹងស្នើប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដាក់ចេញនូវផែនការសកម្មភាពអាទិភាពមួយចំនួន។

ផែនការដែលដាក់ចេញរួមមាន ការរៀបចំស្នើសុំបើកទេសចរណ៍ជាបណ្តើរៗក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ដោយផ្តោតអាទិភាពការអនុវត្ត គម្រោងក្នុងជំហានទី១នៅខេត្តសៀមរាប-អង្គរ។

រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោកតុប សុភ័ក បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែឧសភានេះថា ផែនការរបស់ក្រសួងទេសចរណ៍នេះ គឺយើងទទួលយកតែភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩រួចរាល់ ហើយយើងទទួលតែភ្ញៀវ នៅតំបន់ណាដែលមានសុវត្ថិភាព អោយមកទស្សនាតែតំបន់មានសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជាយើង និងអាចផុតពីការអោយធ្វើចត្តាឡីស័ក។

លោកបន្តថា “ការត្រៀមសាកល្បងបើកទទួលភ្ញៀវទេសចរអន្តរជាតិ ជាកញ្ចប់នេះ គឺជាភ្ញៀវយើងគ្រប់គ្រងបានហើយ ត្រូវអនុវត្តន៍តាមការងារបីចំណុចសំខាន់ៗ ដែលយើងកំណត់ទុក”។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីនបានគាំទ្រនូវចំណាត់ការផែនការសកម្មភាពទាំងបីចំណុច ដែលកំណត់ឡើងដោយក្រសួងទេសចរណ៍នោះ ពីព្រោះថា បើយើងរងចាំស្ថានភាពកូវីដ១៩ បាត់បង់អស់ពីភពផែនដីទេ ហើយការអូសបន្លាយយូរពេក ធ្វើអោយវិស័យទេសចរណ៍ ហើយអាជីវកម្មដែលពឹងផ្អែកលើកវិស័យទេសចរណ៍រងផលប៉ះពាល់កាន់តែខ្លាំងឡើងៗ។

លោកស្រីបានអំពាវនាវបណ្តាក្រុមហ៊ុនការីទេសចរណ៍ ត្រូវធ្វើការទទួលគ្រប់គ្រងភ្ញៀវទេសចរអន្តរជាតិជាកញ្ចប់នោះ ប្រកបដោយទទួលខុសត្រូវ ជាពិសេសបញ្ចុះតំលៃកញ្ចប់ទេសចរណ៍ ដែលមានការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់។

គម្រោងសាកល្បងនៃការបើកទេសចរណ៍ មកពីក្រៅប្រទេសជាបណ្តើរៗនេះ នឹងត្រូវអនុវត្តន៍នៅក្នុងត្រីមាសទី៤ ដោយដំបូងផ្តល់ជូនខេត្តសៀមរាប អង្គរមុនគេ ហើយបើការអនុវត្តន៍បានជោគជ័យ ក្រសួងទេសចរណ៍នឹងពង្រីកបើកអោយភ្ញៀវទៅទស្សនាខេត្តព្រះសីហនុ បន្ទាប់មករាជធានីភ្នំពេញ និងបណ្តាខេត្តគោលដៅនានាទៀត ដែលសង្កត់ធ្ងន់លើយុទ្ធសាស្រ្តទាក់ទាញ ទីផ្សារទេសចរណ៍ដែលមានហានិភ័យកូវីដ-១៩ ទាបឬដែលមានការគ្រប់គ្រងការកូវីដ-១៩បានល្អ ឬទីផ្សារដែលស្ថិតក្នុងតំបន់ព័ណ៌បែតង៕