រដ្ឋាភិបាលចាប់ផ្តើមផាកពិន័យអ្នកលក់ទំនិញតាមអនឡាញដោយគ្មានការ អនុញ្ញាតពីក្រសួងពាក់ព័ន្ឋ

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលចាប់ផ្តើមផាកពិន័យអ្នកលក់ទំនិញតាមអនឡាញ ដោយគ្មានការអនុញ្ញាត្តពីក្រសួងពាក់ព័ន្ឋ ដែលនេះជាវិធានការរឹតបន្តឹងជាលើកដំបូង ក្នុងការគ្រប់គ្រងការទិញលក់ តាមប្រព័ន្ឋបច្ចេកវិទ្យា។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម បានចេញប្រកាសអន្ដរក្រសួងស្ដីពីការពិន័យជាប្រាក់ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ខណៈការធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្មានការអនុញ្ញាត (ការលក់តាមអនឡាញ) នឹងត្រូវពិន័យជាប្រាក់រហូតដល់១០លានរៀល។

ក្រសួងពាណិជ្ជកម្ម បានចេញប្រកាសដាច់ដោយឡែកមួយទៀតកំណត់ថា ក្រសួងនឹងចាប់ផ្តើមផាកពិន័យ លើបទល្មើសទាំង៧ប្រភេទ ខាងលើនេះចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១តទៅ។

ការប្រកាសរួមរបស់អន្ដរក្រសួងនេះ ត្រូវបានចែកចាយដល់សារព័ត៌មាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

ប្រកាសអន្តរក្រសួង ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកអូន ព័ន្ធមុនីរ័ត្ន និងលោកប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានកំណត់ពីការពិន័យជាប្រាក់ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានអនុវត្តចំពោះជនទាំងឡាយណា ដែលប្រព្រឹត្តអំពើល្មើសទៅនឹងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

 

ប្រភេទបទល្មើស និងកម្រិតទឹកប្រាក់ពិន័យទៅតាមប្រភេទបទល្មើសនិមួយៗ ត្រូវបានរៀបចំជាបញ្ជីពិន័យ ជាប្រាក់ ដូចខាងក្រោម៖

១-ការមិនបានចុះបញ្ជីកែប្រែ ការផ្លាស់ប្តូរផ្សេងៗនៅក្រសួងពាណិជ្ជកម្ម ត្រូវពិន័យ១លានរៀល។
២-ការមិនតម្កល់ទុកប្រតិវេទន៍ប្រចាំឆ្នាំ ត្រូវពិន័យ២លានរៀល
៣-ការផ្តល់ព័ត៌មានមិនពិត និងការក្លែងបន្លំឯកសារតម្រូវសម្រាប់ការចុះបញ្ជី ត្រូវពិន័យ១លានរៀល។
៤-ការធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្មានការអនុញ្ញាត ត្រូវពិន័យ
ចំនួន១០លានរៀល
៥-ការផ្តល់ព័ត៌មានមិនពិតលើរបាយការណ៍ កំណត់ហេតុ ឫឯកសារផ្សេងទៀតរបស់ក្រុមហ៊ុន ដែលត្រូវផ្ញើមកតម្កល់ទុកនៅក្រសួងពាណិជ្ជកម្ម ត្រូវពិន័យចំនួន២លានរៀល។
៦-ការមិនបានបញ្ជូនច្បាប់ចម្លងរបាយការណ៍ហិរញ្ញវត្ថុ មកតម្កល់ទុក នៅក្រសួងពាណិជ្ជកម្ម ត្រូវពិន័យ២លានរៀល និង៧-ការស្នើសុំចុះបញ្ជីម៉ាកសាជាថ្មី ហួសរយៈពេលកំណត់លើសពី៦ខែ ត្រូវពិន័យ២០ម៉ឺនរៀល៕

រដ្ឋាភិបាលកម្ពុជាស្វះស្វែងរកវ៉ាក់សាំងឱ្យបានជាង២០លានដូសចាក់ជូនពលរដ្ឋ ដើម្បីធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញ

ដោយៈ ប៊ី

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំង ឱ្យបានរហូតដល់ទៅជាង២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យ បានជាង១០លាននាក់ ដើម្បីបង្កើតភាពសាំ និងឱ្យទទួលបានជោគជ័យក្នុងបេសក កម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ។

សម្តេចតេជោបានមានប្រសាសន៍ថា វ៉ាក់សាំងកូវីដ១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀត ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន ហើយវត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា បានកើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩។

កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ហើយមកដល់ពេលនេះ ប្រជាពលរដ្ឋជាង២លាននាក់ហើយបានចាក់វ៉ាក់សាំង។

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) របស់ក្រុមហ៊ុនចិនចំនួន១លានដូស បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។ នេះគឺជាវ៉ាក់សាំងលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ជើងទី២ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា៕

ទីផ្សារធានារ៉ាប់រងអាយុជីវិតនៅកម្ពុជានៅមានឱកាសរីកចម្រើនធៀបជាមួយ ប្រទេសជិតខាង?

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ អ្នកជំនាញនៅក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិត ទើបតែបានមកដល់កម្ពុជា ក្នុងអំឡុងឆ្នាំ២០១២ប៉ុណ្ណោះ ដែលគិតមកដល់ពេលនេះ វិស័យធានារ៉ាប់រងអាយុជីវិត មានអាយុទើបតែជិត១០ឆ្នាំប៉ុណ្ណោះ និងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីអប់រំពលរដ្ឋកម្ពុជាឱ្យយលដឹងពីសារសំខាន់នៃវិស័យមួយនេះ។

ដូច្នេះហើយទើបគេអាចនិយាយថា ទីផ្សារនៃវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា នៅមានភាពទូលាយបើធៀបនឹងប្រទេសជិតខាងកម្ពុជា។

លោកចាន់ រដ្ឋានាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់ FWD Life Insurance Cambodia បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា វិស័យធានារ៉ាប់រងអាយុជីវិតបានកើតនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១២ ហើយក៏មានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋាភិបាលកម្ពុជា ។

រហូតមកដល់ពេលនេះ វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា បានកកើតឡើងរយៈពេល៩ឆ្នាំ ហើយអ្នកខ្លះគិតថាវាយូរគួរសម តែបើធៀបនឹងបណ្ដាប្រទេសមួយចំនួនរាប់រយឆ្នាំមកហើយ ដែលគេមានវិស័យធានារ៉ាប់រងអាយុជីវិតនេះ ។

លោកបន្តថា “បើធៀបជាមួយនឹងប្រទេសជិតខាង វិស័យធានារ៉ាប់រងអាយុជីវិតកម្ពុជានៅមានភាពក្មេងខ្ចីនៅឡើយ ក៏ប៉ុន្តែរយៈ៩ឆ្នាំកន្លងទៅនេះ វិស័យធានារ៉ាប់រងអាយុជីវិតកម្ពុជា ក៏បានបង្រៀនពលរដ្ឋកម្ពុជា ឱ្យយល់ដឹងពីសារសំខាន់នៃធានារ៉ាប់រងអាយុជីវិត និងមានអ្នកប្រើប្រាស់សេវាកម្មមួយនេះជាបន្តបន្ទាប់ផងដែរ”។

លោកបន្តថា “រហូតមកដល់ពេលនេះ មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត នៅកម្ពុជាជាង១០ក្រុមហ៊ុនហើយ ទាំងក្រុមហ៊ុនអន្តរជាតិនាំចូល និងក្រុមហ៊ុនក្នុងស្រុក”។

លោកបន្តថា វិស័យនេះ ក៏បានជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា មួយចំនែកផងដែរ ដូច្នេះហើយទើបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគាំទ្រចំពោះការនាំចូល និងបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ។ ប៉ុន្តែបើគិតជារួមវិស័យធានារ៉ាប់រងអាយុជីវិតកម្ពុជាមានត្រឹមតែ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុបប៉ុណ្ណោះ។

លោករដ្ឋាបានបន្ថែមថា ទោះបីជាវិស័យនេះ បានកកើតឡើងនៅក្នុងប្រទេសកម្ពុជាជិត១០ឆ្នាំមកហើយក្ដី តែធនធានមនុស្សជំនាញនៅក្នុងវិស័យនេះ ក៏នៅតែមានកម្រិតទាបនៅឡើយ និងត្រូវការបណ្ដុះបណ្ដាលជំនាញនេះបន្ថែមទៀត។ តាមរយៈការយកក្រុមហ៊ុនថ្មីៗ ពីខាងក្រៅប្រទេសចូលកម្ពុជា ក៏អាចជួយបណ្ដុះធនធានមនុស្សនៅកម្ពុជាជាបន្តបន្ទាប់ផងដែរ។

ជាមួយគ្នានេះ លោកយក់ ចំរើនឬទ្ធអគ្គនាយកនៃក្រុមហ៊ុនហ្វតតេឡៃហ្វ៍ ក៏បានឱ្យដឹងថាវិស័យនេះ នៅមានទីផ្សារទូលំទូលាយ បើធៀបនឹងបណ្ដាប្រទេសជិតខាង ។ នៅកម្ពុជាមានក្រុមហ៊ុនតែប៉ុន្មានទេ ដែលផ្ដោតលើធានារ៉ាប់រងអាយុជីវិត ហើយផ្សេងទៀតគឺធានារ៉ាប់រងទូទៅ។

លោកនិយាយថា “វាក៏ជាមោទនភាពមួយផងដែរ ដែលបុព្វលាភធានារ៉ាប់រងអាយុជីវិតកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីមានក្រុមហ៊ុនថ្មីៗ បង្កើតឡើងជាបន្តបន្ទាប់”៕

ចង់ញាំអាហារនិងភេសជ្ជៈគ្មានជាតិគីមី និងជាផលិតផលសរីរាង្គនៅក្រុងតាខ្មៅ កុំភ្លេចដីដុះអាហារដ្ឋាន

ដោយៈសុខហេង

ក្រុងតាខ្មៅៈ ដោយគិតពីសុខភាពអតិថិជនជាចម្បង ម្ចាស់ដីដុះអាហារដ្ឋានបានសំរិតសំរាំងផលិតផល និងភេសជ្ជៈទឹកផ្លែឈើសរីរាង្គ សំរាប់បំរើអតិថិជន ជាមួយរសជាតិអាហារសុខភាព និងប្រើប្រាស់ផលិតផលសរីរាង្គ គ្មានជាតិគីមី។

ម្ចាស់អាហារដ្ឋានដីដុះ អ្នកស្រី មួន ម៉ាលីយ៉ាន បានមានប្រសាសន៍អោយដឹងកាលពីព្រឹកថ្ងៃទី២៥ ឧសភាកន្លងមកថា ដីដុះអាហារដ្ឋានស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិជាមួយអាហារព្រឹក និងថ្ងៃត្រង់ និងកំពុងចូលរួមអនុវត្តន៍នូវវិធានណែនាំ របស់ក្រសួងសុខាភិបាលស្របទៅតាមវិធាន៣ការពារ និង៣កុំរបស់រដ្ឋាភិបាលកម្ពុជា។

ដីដុះអាហារដ្ឋានមានទីតាំងស្ថិតនៅភូមិតាខ្មៅ ឃុំតាខ្មៅ ក្រុងតាខ្មៅ ពោលគឺនៅទល់មុខនឹងមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងមន្ទីរជំនាញជាច្រើនទៀត។

អ្នកស្រីមួន ម៉ារីយ៉ានបានបន្តថា ការបើកដំណើរឡើងវិញនៅថ្ងៃដំបូង អាហារដ្ឋាននេះទទួលបានភ្ញៀវចូលគួរសម ដោយសារមានមុខម្ហូបពិសេសៗជាច្រើនរួមមាន៖ បាយមាន់, គុយទាវខគោ, ខគោនំប័ង, អាហារសម្រន់ និងបាយសម្លរដែលមានសម្លរដូចជា៖ ឆាបន្លែគ្រប់មុខ, សម្លរម្ជួរយួន, ពងទាត្រីប្រម៉ា,ឆាមាន់ចេកខ្ចី,និងសម្លរខ្មែរជាច្រើនមុខទៀត។

ក្រៅពីបាយ គុយទាវ នៅមានអាហារជាច្រើនមុខដូចជា៖ ស៊ីវម៉ាយ, ហាកាវ, គាវស្នូលស្ពៃក្តោប, នំប៉ាវសាអ៊ីវ, នំប៉ាវអត់ស្នូល, ស៊ីម៉ាយកោប្រាយ, នំប៉ាវរូបជ្រូកស្នូលពងមាន់, នំប៉ាវមានស្នូលពងទាប្រៃ,នំប៉ាវរូបឃ្មុំស្នូលពងមាន់, នំប៉ាវស្នូលឃ្វីនស្នូលឈូក។

ក្រៅពីបាយ អាហារសម្រន់ ដីដុះអាហារដ្ឋានក៏មានលក់ភេសជ្ជៈធម្មជាតិ៦មុខចម្រាញ់ដោយម្ចាស់ហាងផ្ទាល់ មានដូចជា៖ ទឹកល្ពៅ, ទឹកការ៉ុត, ទឹកម្ពូរព្រឹក, ទឹកពោត, ទឹកសណ្តែកស,ទឹកសណ្តែកខៀវ ដែលមានតម្លៃសមរម្យ និងជំនួយដល់សុខភាពបានយ៉ាងល្អ។

ដីដុះអាហារដ្ឋានមានបីជាន់ ជាន់ខាងក្រោម និងឡាវតឿ កន្លែងសម្រាប់ភ្ញៀវពិសារអាហារ ដោយនៅជាន់ទី១ មានបន្ទប់ប្រជុំVIP៥បន្ទប់ ដែលអាចប្រជុំលក្ខណៈជាក្រុមបាន ដោយបំពាក់ជូនឧបករណ៍បំបងសម្លេង និងអាចមើលទេសភាពពីលើបានយ៉ាងស្អាត, និងជាន់ទី២ និងទី៣ មានបន្ទប់ប្រជុំធំទូលាយ អាចជួបប្រជុំគ្នាបាន១០០នាក់។

វាកាន់តែងាយស្រួល សម្រាប់អ្នកមុខអ្នកការដែលត្រូវការកន្លែងប្រជុំ ហើយមានអាហារ និងភសេជ្ជៈនៅកន្លែងតែមួយ ដែលអាចនិយាយបានថាចំណេញពេលវេលាបានច្រើន។

អាហារដ្ឋានយើងខ្ញុំក៏មានលក់ផងដែរនូវ អាហារបំប៉នសុខភាព និងអាហារបំប៉នស្បែកសក់បានយ៉ាងមានប្រសិទ្ធភាពដែលមាន ដូចជា ថ្នាំដុះធ្មេញ, ថ្នាំជួយបណ្តុះសក់, តែស្រូវសាឡី, ថ្នាំបំបាត់សក់ស្កូវ, ខូឡូជែនជំនួយក្រពះពោះវៀន។

សម្រាប់លោក-អ្នក ដែលមិនទាន់បានភ្លក់ស្នាដៃ ក៏ដូចជា មិនទាន់បានស្គាល់ដីដុះអាហារដ្ឋានសូមអញ្ជើញមកភ្លក់រសជាតិថ្មី ជាមួយនិងសេវាកម្មរហ័សទាន់ចិត្ត។ ដីដុះអាហារដ្ឋានមានទីតាំងស្ថិតនៅភូមិតាខ្មៅ ឃុំតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ឬអាចទំនាក់ទំនងតាមលេខ 087 841 841៕

គំរោងសួនឧស្សាហកម្មកាណាឌីយ៉ាលើផ្លូវជាតិលេខ៥១ ពង្រីកទំហំដល់៦០០ហិកតានិងគ្រោងពង្រីកបន្ថែមទៀត

ដោយៈគង់ សូរិយា

ភ្នំពេញៈ គំរោងសួនឧស្សាហកម្មកាណាឌីយ៉ាលើផ្លូវជាតិលេខ៥១ បាននិងកំពុងពង្រីកវិសាលភាពបន្ថែមទៀត ខណៈបច្ចុប្បន្នគំរោងនេះ មានទំហំផ្ទៃដីកើនឡើងដល់៦០០ហិកតារួចហើយ។

ប្រធានគ្រប់គ្រងគំរោងសួនឧស្សាហកម្មសហគ្រាសកាណាឌីយ៉ា ផ្លូវជាតិលេខ៥១លោកគូ បូរិនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី២៥ ឧសភានេះថា បច្ចុប្បន្នក្រុមហ៊ុន កំពុងចាក់ផ្លូវមេទំហំ២០ម៉ែត្រក្នុងគំរោងនេះហើយ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនមកពីសាធារណៈរដ្ឋកូរ៉េ ចិន និងពីប្រទេសមួយចំនួនទៀត បានចាប់អារម្មណ៍ចូលវិនិយោគក្នុងគំរោងនេះ។

លោកបន្តថា “ដោយសារគំរោងនេះមានទំហំធំ យើងមិនទាន់អាចប៉ាន់ប្រមាណពីភាគរយនៃវឌ្ឈនភាពនៃគំរោងនេះនៅឡើយទេ ខណៈក្រុមហ៊ុនគ្រោងពង្រីកផ្ទៃដីជាបន្តបន្ទាប់ទៀត”។ លោកបន្តថា “គំរោងនេះរួមបញ្ចូលនូវលំនៅដ្ឋាន ផ្សារ រោងចក្រសំរាប់ជួល ដីសំរាប់ជួល និងមានដីសំរាប់លក់ផងដែរ”។

គំរោងសួនឧស្សាហកម្មសហគ្រាសកាណាឌីយ៉ា ស្ថិតនៅក្នុងឃុំសំបួរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីចំណុចថ្នល់ទទឹង នៃផ្លូវជាតិលេខ៤។

លោកគូ បូរិនបានបន្តថា “គំរោងនេះដើរតួនាទីសំខាន់ណាស់ ក្នុងការលើកកំពស់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន ព្រោះពេលគំរោងនេះដំណើរការពេញលេញអាចផ្តល់ការងារដល់កម្មករ និយោជិតរហូតដល់ប្រមាណ១០ម៉ឺននាក់ នាពេលអនាគត”។

បច្ចុប្បន្នផ្លូវជាតិលេខ៥១បាន និងកំពុងទាក់ទាញគំរោងវិនិយោគជាច្រើន រួមមានរោងចក្រ សហគ្រាស បុរី សំណង់ផ្ទះល្វែង សួនឧស្សាហកម្មជាដើម។

ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា ការអភភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងគោលនយោបាយរុញរោងចក្រ សហគ្រាសចេញពីទីក្រុង ទៅកាន់បណ្តាខេត្តនានាកៀកនឹងរាជធានីភ្នំពេញ បាននិងកំពុងធ្វើឲ្យមានការរីកចម្រើនផ្នែកនគរូបនីយកម្ម និងលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការទាញយកតម្លៃនៃសេដ្ឋកិច្ច។

លោកបន្តថា “ គម្រោងកសាងផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលគ្រោងចាប់ផ្តើមចេញពីផ្លូវជាតិលេខ៥១ និងភ្ជាប់ជាមួយផ្លូវជាតិលេខ៤១ បាននិងកំពុងធ្វើឲ្យតម្លៃដីធ្លីនៅតំបន់នេះកើនឡើងយ៉ាងគំហុកផងដែរ”។លោកបន្តថា “ការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បាននិងកំពុងធ្វើឲ្យសេដ្ឋកិច្ច សង្គមមានការរីកចម្រើនយ៉ាងលឿន ដោយបានធ្វើឲ្យចរន្តសេដ្ឋកិច្ចហូរចូលគ្រប់ទិសទីនៃផ្ទៃប្រទេស”៕

Doctor Vថ្នាំដុសធ្មេញជួយបំបាត់ភាពស្រៀវធ្មេញដែលប្រើបានចាប់ពី កុមារអាយុ៦ឆ្នាំឡើង

ដោយៈគង់ សូរិយា

ភ្នំពេញៈ សុខភាពមាត់ ធ្មេញមានសារៈសំខាន់ណាស់ ហេតុនេះការជ្រើសរើសផលិតផលមានគុណភាព ពិតជារឿងមួយចាំបាច់ ដើម្បីសុខភាពមាត់ ធ្មេញរបស់ខ្លួនមានភាពល្អប្រសើរទាំងក្លិនដង្ហើម និងក្លិនមាត់។
ជាមួយនឹងDoctor V ជាផលិតផលដែលផលិតនៅប្រទេសថៃ និងទទួលស្គាល់ដោយក្រសួងសុខាភិបាលកម្ពុជា ពិសេសទទួលស្គាល់ដោយស្ថាប័នវាយតម្លៃISOផងដែរ។

លោកជំទាវពៅ ម៉ាដាលីន អគ្គនាយិកាក្រុមហ៊ុន MDLS Import Export Co,Ltd ជាក្រុមហ៊ុននាំចូល ថ្នាំដុសធ្មេញ Doctor V ផ្ដាច់មុខនិងនាំចូលគ្រឿងសំអាងពីកូរ៉េ ថៃ ជប៉ុន អាមេរិក និងមានសំភារៈប្រើប្រាស់ ក្នុងផ្ទះ និងផ្ទះបាយផ្សេងៗបានមានប្រសាសន៍ឲ្យដឹងថា ផលិតផលនេះ អាចប្រើប្រាស់បានសំរាប់កុមារចាប់ពីអាយុ៦ឆ្នាំឡើង ដោយមានសារធាតុផ្លអារ៉ៃ(សារធាតុអំបិល)ដែលមានអត្ថប្រយោជន៍សំរាប់អ្នកមានបញ្ហាស្រៀវធ្មេញជាពិសេស”។

លោកជំទាវបន្តថា “ផលិតផលនេះក៏ជួយអ្នកដែលនិយមញាំកាហ្វេ និងអ្នកជក់បារី ដែលមានស្នឹមជាប់ធ្មេញ អាចលាងជម្រះបានផងដែរ”។

លោកជំទាវបន្តទៀតថា បច្ចុប្បន្នផលិតផលនេះ មាននៅតាមហាងលក់ផលិតផលមួយចំនួនដូចជា Baby outlet នៅតាមបណ្តាទីផ្សារថ្មី ផ្សារអូរឡាំពិក តែមិនទាន់មាននៅតាមបណ្តាខេត្តនានានៅឡើយទេ ប៉ុន្តែមានលក់ពីអ្នកលក់តាមអនឡាញមួយចំនួនផងដែរ។ លោកជំទាវបន្តថា ផលិតផលនេះ មិនតម្រូវឲ្យដាក់ច្រើនលើច្រាសដុសធ្មេញនោះទេ គឺដាក់តិច ដោយមួយទីបអាចប្រើបានពីរនាក់ក្នុងរយៈពេលបីខែ និងមានតម្លៃត្រឹមជាង២ម៉ឺនរៀលប៉ុណ្ណោះ។

រោងចក្រផលិតDoctor V ជារោងចក្រធំមួយ ដែលមានការទទួលស្គាល់ពីស្ថាប័នវាយតម្លៃស្តង់ដាអន្តរជាតិISOត្រឹមត្រូវ។

លោកជំទាវពៅ ម៉ាដាលីនបានបន្តថា “សុខភាពមាត់ធ្មេញមានសារៈសំខាន់ណាស់ ហេតុនេះការគិតគូរពីសុខភាពមាត់ធ្មេញពិតជាសំខាន់ សម្រាប់ការដកដង្ហើម និងធ្វើ ឲ្យក្លិនមាត់មានភាពប្រហើរ”។

លោកជំទាវបន្តថា “តាមពិតខ្ញុំមិនមានបំណងយកផលិតផលនេះមកលក់ទេ តែស្វាមីខ្ញុំចេះតែស្រៀវធ្មេញ ទើបខ្ញុំយកផលិតផលនេះមកឲ្យគាត់ប្រើ ទីបំផុតគាត់លែងមានជំងឺស្រៀវធ្មេញ ចាប់តាំងពីប្រើប្រាស់ផលិតផលនេះមក រហូតដល់បច្ចុប្បន្ននេះ”។

លោកជំទាវបន្តថា “គោលការណ៍៍របស់ក្រុមហ៊ុន ផ្តោតលើគុណភាពផលិតផល និងសុខភាពអតិថិជនជាចម្បង ហេតុនេះទើបក្រុមហ៊ុនលក់ជាមួយតម្លៃ ដែលមិនមានការបញ្ចុះតម្លៃ ប៉ុន្តែយើងផ្តល់ជូនអតិថិជន ជាមួយនឹងគុណតម្លៃផលិតផលត្រលប់ទៅវិញ ជាមួយគុណភាពផលិតផល ដែលមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងជាផលិតផល ដែលប្រើប្រាស់មានប្រសិទ្ឋភាពខ្ពស់។

អតិថិជនចាប់អារម្មណ៍ ឬតំណាងចែកចាយចង់ទាក់ទងផលិតផលនេះ អាចទាក់ទងតាមរយៈទូរស័ព្ទ017 84 3232 016 219 219៕

ស្ពាននៃគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្លងកាត់កោះអន្លង់ចិនកសាងបានប្រមា ណ៨០ភាគរយហើយ

ដោយៈរតនៈ

ក្រុងតាខ្មៅៈ ការសាងសង់ស្ពានក្រវ៉ាត់ក្រុងទី៣ ឆ្លងកាត់កោះអន្លង់ចិនសម្រេចបានប្រមាណ៧០ភាគរយហើយ ខណៈក្រុមវិស្វករ និងក្រុមជាងកំពុងធ្វើការងារនេះយ៉ាងសកម្ម។

វិស្វករមួយរូបបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការស្ថាបនាស្ពាននេះលឿនជាងការគ្រោងទុក ខណៈក្រុមការងារសាងសង់បាន និងកំពុងពន្លឿនការងារនេះ។ លោកបន្តថា នេះជាប្រភេទស្ពានភ្លោះ ដែលសាងសង់ឡើងស្របតាមទំហំផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងលំហូរចរាចរណ៍ ដោយរថយន្តធំៗ មិនចាំបាច់ចូលទីក្រុង គឺធ្វើដំណើរលើផ្លូវដ៏សំខាន់នេះ។

លោកបន្តថា “នេះជាសមិទ្ឋផលមួយទៀតរបស់រដ្ឋាភិបាល ដែលបាននិងកំពុងជម្រុញឲ្យមានការអភិវឌ្ឍនៅតំបន់នេះ ពិសេសបច្ចប្បន្នមានគំរោងបុរី សំណង់លំនៅដ្ឋាន តំបន់ឧស្សាហកម្មជាច្រើនកំពុងសាងសង់នៅតំបន់នេះ”។
អាជ្ញាធរកោះអន្លង់ចិន ក្រុងតាខ្មៅខេត្តកណ្ដាលបានឲ្យដឹងថា ស្ពានឆ្លងកាត់កោះដែលល្បីខាងដំណាំមានមួយនេះ សាងសង់បានជាង៨០%ហើយ ព្រមទាំងបានបើកឲ្យឆ្លងកាត់បានបណ្ដើរៗហើយ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Propertyareaនៅ ថ្ងៃទី ២៥ ខែឧសភានេះ លោក ជ្រឹង ជ្រឿង ចៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល បានមានប្រសាសន៍ថា កោះអន្លង់ចិន គឺជាដែនដីមួយដែលពីមុនពិបាកធ្វើដំណើរឆ្លងកាត់ ព្រោះថាជាដែនដីកោះ ហើយបើចង់ឆ្លងកាត់លុះត្រាតែជិះទូកដរ ប៉ុន្តែពេលនេះ កោះដែលមានសក្តដានុពលមួយនេះ អាចឆ្លងទៅមកគ្រប់ពេល ព្រោះថាស្ពានបេតុងដែលរហូតពេលនេះ បានសាងសង់រូចជាង៨០ភាគរយហើយ ព្រមទាំងអនុញ្ញាតិឲ្យឆ្លងកាត់បាន ចំពោះរថយន្តធុនតូចទៀតផង។

លោកបន្តថា “ការដែលមានស្ពានឆ្លងកាត់យ៉ាងដូច្នេះ ធ្វើឲ្យតម្លៃដីនៅទីនោះហាក់កើនឡើងលឿនគួរឲ្យភ្ញាក់ផ្អើល ព្រោះថាមុនមានគម្រោងស្ពានឆ្លងកាត់ ដីនៅតំបន់នោះមានតម្លៃខ្ពស់ស្ទើមិនគួរឲ្យជឿ”។លោកបន្តថា “ដីបានកើនឡើងដល់ទៅប្រមាណ១០០ដុល្លាក្នុងមួយម៉ែត្រការ៉េ នេះបើគិតពីដីដែលជាប់ថ្នល់”។

តែទោះជាយ៉ាងណាលោកថា នៅក្នុងសង្កាត់អន្លង់ចិន មិនទាន់មានគម្រោងអភិវឌ្ឍន៍លំនៅឋាន ឬបុរីអ្វីមកវិនិយោគនៅឡើយតែ គឺដីភាគច្រើនសម្រាប់ធ្វើចំការ។

សង្កាត់កោះអន្លង់ចិន ជាកោះមួយដែលមានសក្ដានុពល លើដំណាំ៣ប្រភេទ គឺ មៀន ស្លឹកគូឆាយ និងដំណាំចេក។

ស្ពានឆ្លងកាត់កោះអន្លង់ចិននេះ គឺជាផ្នែកមួយនៃគម្រោងសាងសង់ ផ្លូវក្រវាត់ក្រុងទី៣ ដែលមានប្រវែងជិត៥៣គីឡូម៉ែត្រ និងទទឹងផ្លូវដល់២៥ ទៅ២៧ម៉ែត្រ។

ស្ពានដែលកំពុងសាងសង់នៅតំបន់នេះ បែងចែកជាពីរផ្នែកទី១ តភ្ជាប់ពីឃុំសិត្បូត៍ ទៅកាន់កោះអន្លង់ចិន មានប្រវែង៣៦៦ម៉ែត្រ និងមួយទៀតតភ្ជាប់ពីកោះអន្លង់ចិន ទៅកាន់ឃុំឈើទាល ស្រុកកៀនស្វាយ មានប្រវែង៦៣០ម៉ែត្រ៕

អ្នកជំនាញៈ វិស័យអចលនទ្រព្យនៅកម្ពុជាមានភាពល្អប្រសើរជាងគេក្នុងតំបន់អាស៊ានសំរាប់ការវិនិយោគ

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែមានភាពល្អប្រសើរជាងគេ ធៀបជាមួយបណ្តាប្រទេស នៅក្នុងតំបន់អាស៊ាន ទាក់ទងនឹងឱកាសវិនិយោគ និងការទាញយកផលចំណេញពីការវិនិយោគ ខណៈចិនឈរ នៅលំដាប់កំពូលមួយក្នុងការវិនិយោគតំបន់អាស៊ាន។

ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងាអចលនវត្ថុកម្ពុជា (CVEA) លោកលឹម សុជាតិបានលើកឡើងកាលពីថ្មីៗនេះថា បច្ចុប្បន្នមានអ្នកវិនិយោគិនច្រើន មកវិនិយោគនៅកម្ពុជាក៏ពិតមែន ប៉ុន្ដែកម្ពុជាមិនស្ថិតក្នុងលំដាប់ថ្នាក់ (Top4) នៃការវិនិយោគរបស់ចិនឡើយ ក្នុងចំណោមលំដាប់ថ្នាក់ទាំង៤នេះ មានតែក្នុងប្រទេសថៃ សឹង្ហបុរី វៀតណាម និងម៉ាឡេស៊ីប៉ុណ្ណោះ។

ទោះបីជាយ៉ាងនេះក្តី លោកបានថ្លែងថា “និយាយចំពោះអចលនទ្រព្យនៅកម្ពុជា មានភាពល្អជាងបណ្ដាប្រទេសផ្សេងៗ ដោយសារតែតម្លៃធូរ ហើយមានការលក្ខខណ្ឌអនុគ្រោះច្រើន”។

លោកបន្ថែមថា និយាយជារួមចំពោះតំបន់អាស៊ាន ពិសេសប្រទេសកម្ពុជា វិនិយោគិនចិន ជាកម្លាំងទិញដ៏ធំមួយ មូលហេតុដែលចិនជាកម្លាំងទិញដ៏ធំ ដោយសារតែ ៧៨ភាគរយនៃប្រជាជនចិន ដែលមានអាយុចន្លោះ៣០-៤៩ ជាវ័យធ្វើការវិនិយោគរកប្រាក់ចំនេញ ហើយមួយវិញទៀត៦៧ភាគរយ នៃប្រជាជនចិនជាប្រជាជនដែលមានជីវភាពធូរធាខ្លាំងដែរ។

លោកលឹម សុជាតិបានបញ្ជាក់ថា “ផ្អែកលើកត្តាខាងលើនេះកម្ពុជា ខ្ញុំនៅតែមានសុទ្ធនិយមថា នៅពេលស្ថានភាពល្អប្រសើរឡើងវិញ ទោះល្អតែបន្ដិចក្ដីក៏កម្ពុជា នៅតែអាចទាក់ទាញវិនិយោគិន ពីក្រៅប្រទេសមកវិនិយោគនៅកម្ពុជា ពិសេសការវិនិយោគពីប្រទេសចិននេះតែម្ដង”។

ជាមួយគ្នានេះ លោកសន សៀបអនុប្រធានប្រតិបត្តិ CVEA បានលើកឡើងថា បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយ ចិននឹងក្លាយជាប្រទេសទី១ ក្នុងការចូលមកវិនិយោគនៅកម្ពុជា។

លោកបានថ្លែងថា “ខ្ញុំជឿជាក់ថា បន្ទាប់ពីជំងឺកូវីដបានថមថយនៅកម្ពុជា ចិននឹងឈរលំដាប់ថ្នាក់ទី១ ក្នុងការវិនិយោគនៅកម្ពុជា។ និយាយជារួមក្រៅអំពីចិន ក៏មានប្រទេសផ្សេងៗដូចជា កូរ៉េ តៃវ៉ាន់ ជប៉ុន ម៉ាឡេស៊ី សឹង្ហបុរី និងថៃជាដើមផងដែរ”។

លោកបន្ដថា វិស័យអចលនទ្រព្យ ជាវិស័យមួយដែលកម្ពុជា ទទួលបានផលដោយផ្ទាល់ ពីការវិនិយោគរបស់ចិន ជាក់ស្ដែងក្នុងក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។ កាលពីឆ្នាំ២០២០ ការវិនិយោគផ្ទាល់របស់ចិន មកតំបន់អាស៊ានកើន៥១ភាគរយ ហើយចំពោះកម្ពុជាការវិនិយោគរបស់ចិនកើនដល់៧០ភាគរយ៕

កំពង់ផែស្វយ័តភ្នំពេញគ្រោងអភិវឌ្ឍន៍ចំណតផែទេសចរណ៍អន្តរជាតិតាម ដងទន្លេរក្នុងរាជធានីភ្នំពេញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ កំពង់ផែស្វយ័តភ្នំពេញ គ្រោងសាងសង់អគារសាលរង់ចាំ និងស្ថានីយ៍អ្នកធ្វើដំណើរទំហំ៣០មx៦០ម កម្ពស់២ជាន់ ដើម្បីធ្វើទំនើបកម្មប្រែក្លាយទៅជាទេសចរណ៍អន្តរជាតិតាមដងទន្លេក្នុងរាជធានីភ្នំពេញ។

នេះបើយោងតាមឯកសារ ដែលគេហទំព័រ Propertyarea.asia ទទួលបានពីកំពង់ផែស្វយ័តភ្នំពេញនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោកហ៊ឺ បាវីបានថ្លែងថា សម្រាប់ឆ្នាំ២០២០ កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានលទ្ធផលអាជីវកម្ម ដោយទទួលបាននូវបរិមាណ កុងតឺន័រចំនួន២៩០.៨៥៧ (ពីររយកៅសិបពាន់ប្រាំបីរយហាសិបប្រាំពីរ ) TEUs ដែលអនុវត្តបាន ៩៤% ធៀបនឹងផែនការឆ្នាំ២០២០ និងកើនឡើងចំនួន៣,៤៩% ធៀបនឹងការអនុវត្តឆ្នាំ២០១៩។

ចំណែកលទ្ធផលហិរញ្ញវត្ថុ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ៩.៨៦០.៨៧៥ដុល្លារអាមេរិក ដែលអនុវត្តបាន៨៩%នៃផែនការឆ្នាំ២០២០ និង ថយចុះចំនួន ១៤%ធៀបនឹងការអនុវត្តឆ្នាំ២០១៩។

លោកហ៊ឺ បាវីបានបន្ថែមថា ទន្ទឹមនឹងលទ្ធផល ដែលសម្រេចបានមកនេះ កំពង់ផែស្វយ័តភ្នំពេញ ក៏នៅមានផែនការការងារជាអាទិភាពបន្តទៀត សម្រាប់អនុវត្តឆ្នាំ២០២១ ក្នុងនោះរួមមាន ការងារពង្រីកចំណតផែកុងតឺន័រLM១៧ ជំហានទី៣ ដើម្បីពង្រីកសមត្ថភាពផ្ទុកកុងតឺន័រឱ្យបានដល់ចំនួន៥០០.០០០ (ហាសិបម៉ឺន) TEU/ឆ្នាំ ការបង្កើតចំណតផែរណបនៅទីតាំងគីឡូម៉ែត្រលេខ៦ ចំណតផែទន្លេបិទ UM២ ចំណតផែកោះរកា និងការធ្វើទំនើបកម្មចំណតផពហុបំណងTS៣ ដើម្បីឱ្យក្លាយទៅជាចំណតផែទេសចរណ៍អន្តរជាតិTS៣ ព្រមទាំងការងារបំពាក់ឧបករណ៍ និងប្រព័ន្ធព័ត៌មានវិទ្យា ក៏ដូចជាការកែសម្រួលតម្លៃអនុគ្រោះ លើសេវាកម្មមួយចំនួន ដើម្បីទាក់ទាញអតិថិជនឱ្យមកប្រើសេវា កំពង់ផែបន្ថែមទៀត៕

ក្រុមហ៊ុនកូរ៉េធំមួយប្រកាសពង្រីកផ្ទៃដីដាំដុះជិត១០០០០ហិកតាជាមួយឈើជាង១០លានដើមនៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនស៊ីងបាយអូថេក ដែលជាក្រុមហ៊ុនជំនាញ និងវិនិយោគចម្ការឈើដាំដ៏ធំជាងគេរបស់កូរ៉េខាងត្បូងនៅកម្ពុជា បានប្រកាសពង្រីកការដាំកូនឈើប្រភេទប្រេងខ្យល់ផ្ទៃដីជិត១ម៉ឺនហិកតា សម្រាប់ការធ្វើអាជីវកម្ម ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

លោកលី ឈូឆាងនាយកប្រតិបត្តិក្រុមហ៊ុនស៊ីងបាយអូថេកនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះថា នៅឆ្នាំ២០២១ នេះ ក្នុងរយៈពេល៤ ខែពីខែឧសភា ដល់ខែសីហា ក្រុមហ៊ុនគ្រោងនឹងដាំកូនដើមប្រេងខ្យល់ នៅលើផ្ទៃដីទំហំ៨៥០០ហិកតាស្មើនឹងកូនឈើប្រមាណ១០លានដើម។

លោកបានបន្ថែមថា តាមផែនការគ្រោងទុកការដាំដុះជំហានទី១ នឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥ ខាងមុខលើផ្ទៃដីប្រមាណ ១០០,០០០ ហិកតា ដែលស្មើនឹងកូនឈើប្រមាណ ១០០លានដើម ទៅ ១២០លានដើម។

លោកនាយកប្រតិបត្តិក្រុមហ៊ុនស៊ីងបាយអូថេកបានបញ្ជាក់ថា ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ក្រុមហ៊ុនបានដាំកូនឈើប្រភេទប្រេងខ្យល់បានប្រមាណ៣.៦លានដើមរួចហើយ ដែលជាការចាប់ផ្តើមដំបូង ហើយជាមួយបទពិសោធមានស្រាប់ ក្រុមហ៊ុននឹងបង្កើនល្បឿននៃការដាំដុះដោយក្នុងឆ្នាំ២០២១ នេះនឹង ដាំឱ្យបាន ១០ លានដើម។

លោកបានបន្តថា នៅឆ្នាំបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើក្នុងវិស័យ ឧស្សាហកម្មកែច្នៃឈើ ដែលបច្ចុប្បន្នកម្ពុជាកំពុងត្រូវការខ្លាំង ជាពិសេសនៅក្នុងវិស័យសំណង់ ដែលកំពុងតែត្រូវការឈើកែច្នៃខ្លាំង សម្រាប់បម្រើឱ្យការសាងសង់សំណង់ផ្សេងៗ ដែលកំពុងតែរីកដុះដាល យ៉ាងច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត។

លោកលូ ឈូឆាងបានឱ្យដឹងថា ក្រុមហ៊ុនស៊ីងបាយអូថេកបានឈូសឆាយទីតាំងនិងបានសម្រុកដាំចម្ការឈើដាំ ចាប់តាំងពីឆ្នាំ២០១៨ មកហើយរហូតដល់ពេលនេះបានដាំកូនឈើបានចំនួនជាង៥០០០ហិកតារួចមកហើយលើផ្ទៃដីសរុបទំហំ៣៤ ០០៧ហិកតា ដែលក្រុមហ៊ុនបានទទួលសិទ្ធិប្រើប្រាស់ដីព្រៃរិចរិលរបស់រដ្ឋសម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទតាមរយៈលិខិតលេខ ៩៩៩ សជណ.កស ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១១ របស់ទីស្តីការគណៈរដ្ឋមន្រ្តីនៅលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
បើតាមលោក លូ ឈូឆាង ចម្ការឈើដាំរបស់ក្រុមហ៊ុនដែលបានដាំ មានការលូតលាស់ល្អ និងជាក្តីសង្ឃឹមប្រកបដោយភាពជឿជាក់លើផ្នែកកសិឧស្សាហកម្មចម្ការឈើដាំនៅកម្ពុជា។

ប្រធានក្រុមហ៊ុនស៊ីងបាយអូថេករូបនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍចម្ការឈើដាំ សម្រាប់បម្រើវិស័យឧស្សាហកម្មឈើកែច្នៃនៅកម្ពុជា និងការពិភាក្សាជាមួយប្រជាពលរដ្ឋ និងសហគមន៍ដែលរស់នៅក្នុងតំបន់នោះដែលមានដីទំនេរ ដើម្បីសហការដាំកូនឈើជាលក្ខណៈដៃគូ បង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនជីវភាពរបស់ពួកគាត់។

ជាមួយគ្នានេះដែរ លោកក៏បានប្រកាសស្វែងរកដៃគូសហការផ្សេងទៀតដែរ ក្នុងការវិនិយោគដាំចម្ការលើផងដែរ ខណៈចម្ការឈើនេះនេះផ្តល់សារៈប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសេដ្ឋកិច្ច សង្គម។ លោកបានថ្លែងថា ចម្ការឈើដាំជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមលើកំណើនសេដ្ឋកិច្ចជាតិទាំងការបង្កើតការងារ និងនាំចំណូលសម្រាប់សេដ្ឋកិច្ចជាតិ។ ប្រទេសជិតខាងកម្ពុជា និងក្នុងតំបន់ដូចជាប្រទេសវៀតណាមជាដើមបានរកប្រាក់ចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំពីចម្ការឈើដាំ៕