កម្ពុជាជ្រើសជើសតំបន់៣ដើម្បីអភិវឌ្ឍន៍ទីក្រុងវៃឆ្លាតឆ្លើយតបនឹងលំហូរប្រជាជន មកកាន់ទីប្រជុំជននាពេលអនាគត

0

ដោយៈ ប៊ី

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសយកទីក្រុងចំនួន៣ ដើម្បីរៀបចំកសាងឱ្យក្លាយជាទីក្រុងឆ្លាតវៃ រួមមានរាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប ដោយតំបន់ទាំង៣នេះ នឹងចូលរួមគំនិតផ្តួចផ្តើមកសាងបណ្តាញ ទីក្រុងឆ្លាត សម្រាប់ប្រទេសសមាជិកអាស៊ានទាំង១០។

ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យនេះ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំសិក្ខាសាលា ស្ដីពីការរៀបចំផែនការសម្រាប់ទីក្រុងឆ្លាតវៃ តាមរយៈប្រព័ន្ធវីដេអូ (Zoom) ក្រោមអធិបតីភាពលោកព្រុំ សុខារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមលោកស្រីត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា លោក Benedict Cheong នាយកប្រតិបត្តិមូលនិធី Temasek អន្តរជាតិ វាគ្មិនជាតិ-អន្តរជាតិមួយចំនួនទៀត។

លោករដ្ឋមន្ត្រីព្រុំ សុខាបានថ្លែងថា “ទីក្រុងឆ្លាត ដែលផ្តើមគំនិតដោយប្រទេសសិង្ហបុរី ជាប្រទេសសមាជិកអាស៊ានមួយ ដែលមានគំនិតផ្តួចផ្តើម ដើម្បីកសាងបណ្តាញទីក្រុងឆ្លាត សម្រាប់ប្រទេសសមាជិកអាស៊ានទាំង១០ក្នុងនោះ កម្ពុជាក៏បានចូលរួមផង”។

លោកបានថ្លែងបន្តថា កម្ពុជាបានជ្រើសរើសយកទីក្រុងចំនួន៣ ក្នុងការរៀបចំដើម្បីក្លាយជាទីក្រុងឆ្លាត រួមមានរាជធានីភ្នំពេញ ក្រុងបាត់ដំបង នៃខេត្តបាត់ដំបង និងក្រុងសៀមរាបនៃខេត្តសៀមរាប។ ដូច្នេះរាជរដ្ឋាភិបាលត្រូវកសាងទីក្រុងឆ្លាត ព្រោះថាលំហូរ ប្រជាជនមកកាន់ទីប្រជុំជននឹងមានកំណើនខ្ពស់ជាងការកំណត់។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា រហូតដល់ឆ្នាំ២០៥០ គឺមានប្រជាជន២ភាគ៣ នៃប្រជាជននៅក្នុងប្រទេសនីមួយៗ នឹងចូលមករស់នៅក្នុងទីក្រុង។ ដូច្នេះទីក្រុងត្រូវកសាងទៅជាទីក្រុងឆ្លាត ដើម្បីអាចបន្តភាពស្ថិតស្ថិរ និងការអភិវឌ្ឍបន្តទៀតបាន។

សិក្ខាសាលាដែលបានរៀបចំឡើងនាថ្ងៃនេះ មានប្រធានបទសំខាន់៣ ក្នុងនោះរួមមាន ភាពជាអ្នកដឹកនាំសម្រាប់ការផ្លាស់ប្តូរ កំណែទម្រង់រដ្ឋបាលសាធារណៈ និងការកសាងទីក្រុងឆ្លាត។ ប្រធានបទទាំងអស់នេះ មានសារៈសំខាន់ណាស់សម្រាប់ទាំងអស់គ្នាដែលជាមន្ត្រី ដឹកនាំក្នុងវិស័យសាធារណៈ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ហេតុនេះព័ត៌មានជាចំណេះដឹង បទពិសោធន៍ នៃឧត្តមានុវត្តន៍ ឬការអនុវត្តល្អៗ ដែលនឹងត្រូវបានចែករំលែក ដោយវាគ្មិនល្បីៗក្នុងសិក្ខាសាលានេះ ពិតជាមានសារៈប្រយោជន៍ សម្រាប់ការបំពេញការងាររបស់។

នៅក្នុងពិធីបើកសិក្ខាសាលានេះដែរ លោកមន្ត្រីព្រុំ សុខាបានលើកឡើងនៅចំណុចសំខាន់ៗចំនួន៣ ជូនដល់អង្គសិក្ខាសាលា រួមមាន៖ ទី១ អំពីទីក្រុងឆ្លាត ទី២ ការដឹកនាំរដ្ឋបាលសាធារណៈ ឬការដឹកនាំគ្រប់គ្រងដើម្បីកសាងទីក្រុងឆ្លាត ដែលចាត់ទុកជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលកម្ពុជាកំពុងតែដំណើរការ និងទី៣ តើទីក្រុងឆ្លាតត្រូវការសេវាសាធារណៈ ឬការផ្តល់សេវាសាធារណៈបែបណា សម្រាប់ទីក្រុងឆ្លាត។

សិក្ខាសាលានេះ រៀបចំឡើងក្រោមកិច្ចសហការ រវាងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងមូលនិធិTemasek អន្តរជាតិរបស់សិង្ហបុរី តាមរយៈគម្រោងកសាងក្របខណ្ឌសមត្ថភាព ដឹកនាំសម្រាប់ថ្នាក់ដឹកនាំកម្រិតអគ្គនាយក អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here