ដោយៈគង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)បានលើកឡើងពីកត្តាលីករ ឬសរសរស្តម្ភចំនូន៣ ដែលបាននិងកំពុងជម្រុញការរីកចម្រើនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
សរសរស្តម្ភទាំង៣ ដែលជួយជ្រោមជ្រែងឱ្យវិស័យអចលនទ្រព្យរឹងមាំបាន និងបានជួយដល់ដំណើរ នៃការអភិវឌ្ឍប្រកបដោយភាពរលូន ក្នុងរយៈពេលជាង១០កន្លងមកនេះរួមមាន ភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារវាយតម្លៃ និងការអភិវឌ្ឍគម្រោង។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា វិស័យអចលទ្រព្យនៅកម្ពុជាអាចមានភាពរឹងមាំ និងមានការអភិវឌ្ឍ គឺអាស្រ័យទៅលើសរសរស្ដម្ភទាំង៣ រួមមាន ភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារវាយតម្លៃ និងការអភិវឌ្ឍគម្រោង រួមជាមួយការគាំទ្រពីវិស័យធនាគារ និងហិរញ្ញវត្ថុ និងការគាំទ្រពីគោលនយោបាយរបស់រដ្ឋាភិបាល។
លោកបានបន្តទៀតថា សមិទ្ធផលទាំងអស់នេះ អាចសម្រេចទៅបានដោយមានសន្តិភាព និងស្ថិរភាពនយោបាយ ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើអោយសេដ្ឋកិច្ចប្រទេសកម្ពុជា សម្រេចបាននូវកំណើនក្នុងរង្វង់៧ភាគរយ ជារៀងរាល់ឆ្នាំ។
ចក្ខុវិស័យ នៃការរីកលូតលាស់យ៉ាងឆាប់រហ័សនេះ បានទាក់ទាញភ្នាក់ងារអចលនវត្ថុរាប់រយក្រុមហ៊ុនឲ្យចូលរួមវិនិយោគ ក្នុងវិស័យសេវាកម្មអចលនវត្ថុ ដើម្បីគាំទ្រដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអគារលំនៅដ្ឋានប្រហែល៣០០គម្រោង ដែលកំពុងដំណើរការនៅកម្ពុជា។
ស្របពេលដែលកម្ពុជា កំពុងមានឱកាសទីផ្សារទូលំទូលាយបែបនេះ សមាគមនៅតែមានការព្រួយបារម្ភ អំពីកង្វះខាតក្រុមហ៊ុនផ្តល់សេវាកម្ម និងធនធានមនុស្សសម្រាប់បំពេញសេចក្តីត្រូវការក្នុងទីផ្សារអចលនវត្ថុ ក៏ដូចជា វិស័យឧស្សាហកម្មអចលនវត្ថុ។
លោកច្រឹក សុខនីមបានបញ្ជាក់ថា ដើម្បីឱ្យទីផ្សារអចលនវត្ថុអាចដំណើរការទៅប្រកមដោយនិរន្តភាព ចាំបាច់ត្រូវទាមទារឱ្យមានការពង្រីកក្រមសីកធម៌ វិជ្ជាជីវៈ នៅក្នុងទីផ្សារអចលនវត្ថុ ដើម្បីជៀសវាងការវិវាទដីធ្លី ការបំប៉ោងតម្លៃអចលនវត្ថុ និងដើម្បីបង្កើននូវភាពជឿទុកចិត្តដល់វិនិយោគគិនជាតិ និងអន្តរជាតិ ដើម្បីអនុញ្ញាតឱ្យពួកគាត់បន្តណែនាំអ្នកវិនិយោគ ផ្សេងទៀតចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្ថែមទៀត៕