កម្ពុជា ជប៉ុនឆ្ពោះទៅកាន់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើពាណិជ្ជកម្ម និងការវិនិយោគ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មអូសាកា ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគឱ្យកាន់តែស៊ីជម្រៅ។

គណៈកម្មាធិការវិនិយោគកម្ពុជា(CIB) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូសាកា (OCCI) នៅប្រទេសជប៉ុន បានពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ។

យោងតាមសេចក្តីប្រកាសរបស់CDC បានឱ្យដឹងថា លោក Negoro បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) ក្នុងការជំរុញ ទាក់ទាញ និងរក្សាការវិនិយោគរបស់ជប៉ុន។

លោកបានបង្ហាញសុទិដ្ឋិនិយមថា បេសកកម្មជំរុញការវិនិយោគនេះ នឹងជួយសមាជិកនៃសភាពាណិជ្ជកម្មអូសាកា កាន់តែច្រើន ទទួ​លបានការយល់ដឹង ដ៏មានតម្លៃអំពីសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជា។

លើសពីនេះ លោកNegoro បានលើកទឹកចិត្តឱ្យភាគីកម្ពុជាបន្តចែករំលែកបច្ចុប្បន្នភាពថ្មីៗ ជាប្រចាំអំពីវឌ្ឍនភាពសេដ្ឋកិច្ចសង្គម និងបរិយាកាសវិនិយោគរបស់ប្រទេស ដើម្បីបង្កើនការយល់ដឹង និងការចូលរួមក្នុងចំណោមធុរកិច្ចជប៉ុន។

ជាការឆ្លើយតប លោកសួន សុផល បានមានប្រសាសន៍ថា “កម្ពុជាផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់អ្នកវិនិយោគ រួមមានស្ថិរភាពនយោបាយ បរិយាកាសម៉ាក្រូសេដ្ឋកិច្ចវិជ្ជមាន កម្លាំងពលកម្មវ័យក្មេង រដ្ឋាភិបាល ដែលគាំទ្រយ៉ាងសកម្មដល់វិស័យឯកជន ក្របខ័ណ្ឌបទប្បញ្ញត្តិដែលទាក់ទាញ និងងាយស្រួលសម្រាប់វិនិយោគិន និងការពង្រីកប្រភពថាមពលកកើតឡើងវិញជាបន្តបន្ទាប់”។

លោកក៏បានបង្ហាញពីទំនុកចិត្តថា សមភាគីនឹងជួយផ្សព្វផ្សាយសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជា កាន់តែទូលំទូលាយក្នុងចំណោមសមាជិករបស់ខ្លួន។

លោកបានស្នើឱ្យសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូសាកាពិ​ចារណារៀបចំគណៈប្រតិភូធុរកិច្ច ដើម្បីមកបំពេញទស្សនកិច្ចការងារនៅកម្ពុជានាពេលខាងមុខ។

ដោយឡែក លោកសួន សុផល បានដឹកនាំគណៈប្រតិភូទៅជួបជាមួយតំណាងវិស័យឯកជន ដែលមានមូលដ្ឋាននៅទីក្រុងអូសាកា ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគ យល់កាន់តែច្បាស់អំពីចំណាប់អារម្មណ៍របស់ធុរកិច្ចជប៉ុន និងលើកទឹកចិត្តឱ្យពួកគេវិនិយោគ ឬពង្រីកវត្តមាននៅកម្ពុជា។

ក្នុងជំនួបនោះ លោក សុផល បានផ្តល់ព័ត៌មានយ៉ាងទូលំទូលាយអំពីគោលនយោបាយ ការលើកទឹកចិត្តការវិនិយោគ និងគោលការណ៍ណែនាំបច្ចេកទេសរបស់កម្ពុជា ដើម្បីធានាថាវិនិយោគិនសក្តានុពលមានព័ត៌មានលម្អិតចាំបាច់ទាំងអស់ ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយព័ត៌មានគ្រប់គ្រាន់។

សហគ្រាសជប៉ុនចំនួនប្រាំបី បានចូលរួមក្នុងកិច្ចពិភាក្សានេះ រួមមានក្រុមហ៊ុន Next Make, ក្រុមហ៊ុន ReloExcel, Inc., ក្រុមហ៊ុន ACS Co., Ltd., ក្រុមហ៊ុន Japan Farm Products, ក្រុមហ៊ុន MK Corporation, ក្រុមហ៊ុន Ring Co., Ltd., ក្រុមហ៊ុន Mitsuyoshi Cambodia Co., Ltd., និងក្រុមហ៊ុន Alaki Co., Ltd.៕

ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិសៀមរាបសហការជាមួយក្រសួងទេសចរណ៍រៀបចំព្រឹត្តិការថ្មីៗ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងទេសចរណ៍ និងអាកាសយានដ្ឋានអន្តរជាតិសៀ​ម​រាប-អង្គរ សហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ និងជាលក្ខណៈអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តសៀមរាបឱ្យបានច្រើនឡើងបន្ថែមទៀត។

ព័ត៌មាននេះត្រូវបានពិភាក្សាក្នុងពេលលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Lu WEI ប្រធានក្រុមប្រឹ​ក្សាភិបាលក្រុមហ៊ុន អង្គរ អ៊ីនធើណេសិនណល អ៊ែរផត​ អ៊ីនវេសម៉ិន (ខេមបូឌា) ឯ.ក និងសហការីចូលជួបសម្តែងការគួរសម រាយការណ៍ពីស្ថានភាពភ្ញៀវទេសចរ ធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងស្នើសុំអនុសាសន៍ និងការគាំទ្រដ៏ខ្ពង់ខ្ពស់លើគម្រោងរៀបចំព្រឹត្តការណ៍ទេសចរណ៍ថ្មីៗ និងជាលក្ខណៈអន្តរជាតិ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដែលបានជួយជំរុញកំណើនភ្ញៀវទេសចរ ឆ្លងកាត់អាកាសយានកើនឡើងជាបន្តបន្ទាប់ ព្រមទាំងគំនិតផ្តួចផ្តើមដ៏ល្អរបស់ក្រុមហ៊ុនដែលបានសម្លឹងមើលឃើញ ពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តវិនិយោគរបស់ខេត្តសៀមរាប តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ទាក់ទាញ និងជាលក្ខណៈអន្តរជាតិ ស្របនឹងឱកាសនៃយុទ្ធនាការណ៍ឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើន មកទស្សនាខេត្តសៀមរាប និងប្រទេសកម្ពុជា៕

តើការកែសម្រួលថ្មីចំពោះពន្ធប្រថាប់ត្រាលើការលក់ផ្ទះនៅសិង្ហបុរីនឹងមានប្រសិទ្ធភាពទប់ស្កាត់ការទិញទុកលក់ចំណេញឬទេ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការកែសម្រួលថ្មីចំពោះពន្ធប្រថាប់ត្រាលើការលក់ផ្ទះ (SSD) របស់រដ្ឋាភិបាលសិង្ហបុរីនឹងជួយទប់ស្កាត់ការទិញទុកលក់ចំណេញក្នុងរយៈពេលខ្លីរបស់ក្រុមអ្នកវិនិយោគមួយចំនួន។ ប៉ុន្តែ ប្រសិទ្ធភាពជាទូទៅលើទីផ្សារត្រូវបានគេរំពឹងថា នឹងមានកម្រិតតិចតួច ដោយសារអតិថិជនភាគច្រើនជាអ្នកទិញក្នុងគោលបំណងរស់នៅ។

យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងអភិវឌ្ឍន៍ជាតិ ក្រសួងហិរញ្ញវត្ថុ និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានឱ្យដឹងថា ប្រជាជន ដែលកាន់កាប់លំនៅដ្ឋានមិនបានរយៈពេលយ៉ាងតិច៤ឆ្នាំ បន្ទាប់ពីទិញរួច ត្រូវបង់ពន្ធប្រថាប់ត្រាចាប់ពី៤ភាគរយទៅ១៦ភាគរយ នៅពេលសម្រេចចិត្តលក់ចេញវិញ។

ក្រុមអ្នក​វិភាគ​បាន​វាយតម្លៃ​ថា​ នេះ​ជា​ការបោះជំហាន​តូច​មួយដើម្បីទប់ស្កាត់ការទិញទុកលក់ចំណេញ។ កាលពីមុន វិធានការពន្ធប្រថាប់ត្រាលើការលក់ផ្ទះ (SSD) បានជួយកាត់បន្ថយការលក់ Pre-sale ដែលបានកើនឡើងចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤។

លោក Marcus Chu នាយកប្រតិបត្តិនៃទីភ្នាក់ងារអចលនទ្រព្យ ERA Singapore បានអះអាងថា “យើងសង្កេតឃើញមានការកើនឡើងនៃចំនួនអ្នកលក់ ដែលប្រកាសលក់លំនៅដ្ឋានរបស់ពួកគេ បន្ទាប់ពីទិញរួចរយៈពេល៣ឆ្នាំទៅ៤ឆ្នាំ ដែលការណ៍នេះជំរុញឱ្យអាជ្ញាធរចាត់វិធានការ”។

កាលពីឆ្នាំ២០២៤ ប្រជាជនចំនួន២.១០៤នាក់បានដាក់លក់ខុនដូ ឬអាផាតមុិនរបស់ខ្លួន បន្ទាប់ពីបានកាន់កាប់អស់រយៈពេល៣ឆ្នាំទៅ៤ឆ្នាំ កើនឡើងពីចំនួន៣៥៨នាក់ក្នុងឆ្នាំ២០២០។នេះបើយោងតាមការដកស្រង់ទិន្នន័យពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរី (URA) ។

នៅក្នុងឆមាសទីមួយ ឆ្នាំ២០២៥ ការដាក់លក់ បន្ទាប់ពីបានកាន់កាប់អស់រយៈពេល៣ឆ្នាំទៅ៤ឆ្នាំបានគ្របដណ្តប់ចំណែកចំនួន១៤,៧ភាគរយនៃការលក់ខុនដូ ឬអាផាតមុិនសរុបនៅប្រទេសសិង្ហបុរី៕ប្រភព: The Strait Times៕

ការលក់អាផាតមុិននៅទីក្រុងសេអ៊ូលដាំក្បាលចុះ ក្រោយរដ្ឋាភិបាលថ្មីបានរឹតបន្តឹងការផ្តល់ប្រាក់កម្ចីទិញផ្ទះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់អាផាតមុិននៅទីក្រុងសេអ៊ូលបានដាំក្បាលចុះជាង៦៤ភាគរយ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយរដ្ឋាភិបាលថ្មីរបស់ប្រទេសកូរ៉េខាងត្បូងបានដាក់ចេញបទប្បញ្ញត្តិយ៉ាងតឹងរុឹងលើការផ្តល់ប្រាក់កម្ចីទិញផ្ទះកាលពីថ្ងៃទី២៧ ខែមិថុនា។

ចាប់ពីថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី៣ ខែកក្កដា ការលក់អាផាតមុិនរបស់ទីក្រុងសេអ៊ូលសម្រេចបានចំនួន៥៧៧យូនីតប៉ុណ្ណោះ ដាំក្បាលចុះ៦៤,៦ភាគរយ បើធៀបជាមួយនឹងការលក់អាផាតមុិនចំនួន១.៦២៩យូនីតកាលពីមួយសប្តាហ៍មុន ដោយរាប់ថយក្រោយពីថ្ងៃទី២៧ ខែមិថុនា។

ការលក់អាផាតមុិននៅតាមសង្កាត់ធំៗចំនួន៣ ដែលធ្លាប់មានសន្ទុះខ្លាំងជាងគេនៅទីក្រុងសេអ៊ូល ដូចជាសង្កាត់ Songpa សង្កាត់ Seocho និងសង្កាត់ Gangnam ក៏បានដាំក្បាលចុះផងដែរ។

ជាក់ស្តែង ការលក់អាផាតមុិននៅក្នុងសង្កាត់ Songpa បានធ្លាក់ចុះពីចំនួន២៤យូនីតមកនៅត្រឹម១យូនីត ខណៈការលក់អាផាតមុិននៅក្នុងសង្កាត់ Seocho ក៏បានធ្លាក់ចុះពីចំនួន១៥យូនីតមកនៅត្រឹម១យូនីត ហើយការលក់នៅសង្កាត់ Gangnam បានធ្លាក់ចុះពីចំនួន៧៦យូនីតមកនៅត្រឹម២៤យូនីត។

យោងតាមក្រសួងដែនដីកូរ៉េបានឱ្យដឹងថា កិច្ចសន្យាទិញ-លក់អាផាតមុិនចំនួន៣០១យូនីត នៅទីក្រុងសេអ៊ូលត្រូវបានលុបចោលនៅចន្លោះថ្ងៃទី២៧ ខែមិថុនារហូតដល់ថ្ងៃទី៥ ខែកក្កដា ទោះបីជារដ្ឋាភិបាលកូរ៉េបានបញ្ជាក់ថា ច្បាប់ផ្តល់ប្រាក់កម្ចីថ្មីនេះនឹងមិនអនុវត្តន៍ចំពោះកិច្ចសន្យាដែលបានចុះហត្ថលេខារួចរាល់ មុនពេលច្បាប់ថ្មីចូលជាធរមានយ៉ាងណាក្តី។

នៅឆ្នាំ២០២៦ អាផាតមុិនថ្មីចំនួន២៨.៣៥៥យូនីត ត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់នៅក្នុងទីក្រុងសេអ៊ូល ដាំក្បាលចុះ៣៩,៣ភាគរយបើធៀបនឹងការព្យាករណ៍ចំពោះការផ្គត់ផ្គង់អាផាតមុិនថ្មីសរុបចំនួន៤៦.៧៣៨យូនីតក្នុងឆ្នាំ២០២៥។

ច្បាប់ថ្មីស្តីពីការផ្តល់ប្រាក់កម្ចីទិញផ្ទះ រួមមាន ការកំណត់ទំហំនៃការផ្តល់ប្រាក់កម្ចីក្នុងកម្រិតអតិបរមាត្រឹម៦០០លានវ៉ុន និងការហាមឃាត់មិនឱ្យផ្តល់ប្រាក់កម្ចីថ្មីបន្ថែមទៀតដល់ប្រជាជន ដែលមានផ្ទះច្រើនយូនីត៕ប្រភព: Chosun៕

តម្រូវការលំនៅដ្ឋានតម្លៃកប់ពពកនៅទីក្រុងសៀងហៃបន្តកើនឡើង ខណៈអ្នកអភិវឌ្ឍន៍បន្តសម្រុកទិញដី

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះលំដាប់ខ្ពស់នៅក្នុងទីក្រុងសៀងហៃរបស់ប្រទេសចិនកំពុងកើនឡើង ខណៈក្រុមអ្នកមានបានសម្រុកទិញផ្ទះតម្លៃកប់ពពកដើម្បីរក្សាទុកទ្រព្យសម្បត្តិឱ្យមានសុវត្ថិភាព ស្របពេលមានការរំពឹងទុកថា តម្លៃផ្ទះទាំងនោះនឹងបន្តកើនឡើងបន្ថែមទៀតនាពេលខាងមុខ។

នៅឆមាសទី១ ឆ្នាំនេះ ទីក្រុងសៀងហៃបានលក់ផ្ទះថ្មីចំនួន៤៨២យូនីត ដែលមានតម្លៃជាង៥០លានយ័ន(ប្រមាណ៧លានដុល្លារអាមេរិកក្នុងមួយយូនីត។ និន្នាការ​នេះ​ត្រូវបានគេរំពឹងថា នឹង​បន្ត​កើតមាន ដោយ​សារ​ការ​ផ្គត់ផ្គង់នៅ​មាន​កម្រិត និង​ការ​កើន​ឡើង​នៃតម្លៃ​ដី។

ទីក្រុងសៀងហៃក៏បានលក់ផ្ទះថ្មីដែលមានតម្លៃលើសពី៣០លានយ័នចំនួន១.០៩៦យូនីត ឬស្មើនឹងចំណែក៦០ភាគរយនៃការលក់ផ្ទះថ្មីសរុបក្នុងកម្រិតតម្លៃប្រហាក់ប្រហែលគ្នានេះនៅទូទាំងទីក្រុងធំៗចំនួន៣០របស់ប្រទេសចិន។នេះ​បើ​តាម​ទិន្នន័យ​ចងក្រង​ដោយ​សាជីវកម្ម​ព័ត៌មាន​អចលនទ្រព្យ​ចិន (CRIC)។

នៅទូទាំងប្រទេសចិន ការលក់ផ្ទះថ្មីដែលមានតម្លៃលើសពី៥០លានយ័នក្នុងមួយយូនីតបានហក់ឡើងជិត៥០ភាគរយធៀបនឹងឆ្នាំមុន ដល់ចំនួន៥៩១យូនីតក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៥។

លោក Lu Wenxi អ្នកវិភាគនៅក្រុមហ៊ុន Centaline Property ក្នុងទីក្រុងសៀងហៃ បានលើកឡើងថា បើគិតពីផ្នែកតម្រូវការ ការទិញផ្ទះលំដាប់ខ្ពស់នៅទីក្រុងសៀងហៃកំពុងក្លាយជាការវិនិយោគទ្រព្យសកម្មដ៏មានសុវត្ថិភាព និងផ្តល់នូវស្ថិរភាព ស្របពេលទីក្រុងផ្សេងទៀតមានហានិភ័យខ្ពស់។

ចំពោះផ្នែកផ្គត់ផ្គង់ ការសម្រេចចិត្តលើគោលនយោបាយកាលពីខែមិថុនាឆ្នាំមុន ដើម្បីលុបបំបាត់ការកំណត់តម្លៃដីដោយរដ្ឋនៅទីក្រុងសៀងហៃ បានជួយរក្សាតម្លៃអចលនទ្រព្យឱ្យបន្តកើនឡើង ខណៈបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេបានបន្តទិញដីនៅក្នុងទីតាំងសំខាន់ៗក្នុងតម្លៃខ្ពស់ជាងទីផ្សារ៕ប្រភព: SCMP៕

ថ្នាក់ដឹកនាំជាន់ខ្ពស់សភាពាណិជ្ជកម្មដឹកនាំកិច្ចប្រជុំកំណត់វិធានការ និងពង្រឹងភាពប្រកួតប្រជែងសម្រាប់ការនាំចេញឆ្លើយតបនឹងបញ្ហាដាក់ពន្ធថ្មីរបស់អាមេរិក

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួល ក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចពិភាក្សា ស្តីពី «ផលប៉ះពាល់ និងការកំណត់វិធាន ការពង្រឹងភាពប្រកួតប្រជែង សម្រាប់ការនាំចេញ ពីអត្រាពន្ធសហរដ្ឋអាមេរិកថ្មី»។

កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួម ពីអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សហប្រធានក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រធានសភាពាណិជ្ជកម្មអន្តរជាតិ និងប្រធានសមាគម-ក្រុមហ៊ុនឯកជន ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចពិភាក្សានេះ បានរៀបចំធ្វើឡើងនៅ Wing Tower រាជធានីភ្នំពេញ។

គោលបំណង នៃកិច្ចពិភាក្សានេះ ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភ នៃភាពប្រកួតប្រជែង ដែលបានបង្កឡើង ដោយអត្រាពន្ធ៣៦% របស់សហរដ្ឋអាមេរិក លើទំនិញនាំចេញពីកម្ពុជា ដែលបានអះអាងជាផ្លូវការ និងមានប្រសិទ្ធិភាព ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ វាមានផលប៉ះពាល់ដល់វិស័យ ផលិតកម្មស្រាល ឧស្សាហកម្ម កសិកម្ម និងវិស័យផ្សេងៗទៀត ណាដែលពាក់ព័ន្ធ នឹងការសម្រេចចិត្តទទួលការផ្គត់ផ្គង់ធនធាននានាពីសហរដ្ឋអាមេរិក ឬហានិភ័យពន្ធនាពេលអនាគត៕

តើទីផ្សារជួលខុនដូកំពុងវិវត្តន៍ដូចម្តេច ស្របពេលការផ្គត់ផ្គង់កើនឡើងខ្ពស់នៅរាជធានីភ្នំពេញ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ស្របពេលយូនីតខុនដូ បានកើនឡើងកាន់តែច្រើននៅក្នុងទីផ្សារ អត្រាជួលខុនដូ និងអាផាតម៉ិន កំពុងមានភាពប្រកួតប្រជែងគ្នានៅក្នុងរាជធានីភ្នំពេញ។

បន្ទាប់ពីការកើនឡើងយ៉ា​ងឆាប់រហ័ស ជាមួយអត្រា20% ប្រចាំឆ្នាំ) ស្តុកខុនដូក្នុងទីក្រុង បានកើនឡើងប្រហែលចន្លោះពី6ម៉ឺនទៅ៧២,០០០យូនីតកាលពីចុងឆ្នាំ 2024។

ប៉ុន្តែឥឡូវនេះស្ថានភាពនៃការផ្គត់ផ្គង់ បានកើនលើសពីតម្រូវការបន្តិច ដែលជំរុញឱ្យអត្រាទំនេរធ្លាក់ចុះដល់មកដល់15% ក្នុងឆ្នាំ 2025។

  • ការកែតម្រូវតម្លៃ

យូនីតខុនដូតម្លៃមធ្យមនាពេលបច្ចុប្បន្ន មានតម្លៃប្រហែល$1,500–2,200 ក្នុងមួយម៉ែត្រការ៉េ ថយចុះចន្លោះពី15–20% ធៀបនឹង កម្រិតកំពូលឆ្នាំ2019។

  • អ្នកអភិវឌ្ឍន៍មានការប្រុងប្រយ័ត្នជាងមុន

ស្របពេលការផ្គត់ផ្គង់ និងតម្រូវការមិនមានតុល្យភាពនឹងគ្នា

បានធ្វើឲ្យការបើកដំណើរការខុនដូថ្មីៗ មានចំនួនតិចជាងមុននៅឆ្នាំ 2025 ខណៈយូនីតខុនដូចំនួន២០,០០០ នឹងត្រូវដាក់ចូលទីផ្សារបន្ថែមនៅឆ្នាំ2026 ដែលធ្វើឲ្យការផ្គត់ផ្គង់កើន ដល់ជាង៨០,០០០យូនីតនៅឆ្នាំ2027។

តម្លៃជួល និងផលចំណេញពីការវិនិយោគ

ទោះបីជាទីផ្សារមានសភាពប្រកួតប្រជែងកាន់តែខ្លាំង តែផលចំណេញពីការវិនិយោគនៅតែរឹងមាំ ជាមួយអត្រា6.5ទៅ7.5% ក្នុងមួយឆ្នាំ សម្រាប់ទីក្រុងភ្នំពេញ និងឈានរហូតដល់8.5% នៅក្នុងគម្រោងសំខាន់ៗ។

លើសពីនេះ ខុនដូលំដាប់ខ្ពស់នៅតំបន់កណ្តាលក្រុងភ្នំពេញ អាចទទួលបានផលចំណេញពីការវិនិយោគចន្លោះពី8ទៅ11ភាគរយក្នុងមួយឆ្នាំ។

  • ភាពងាយស្រួលធៀបនឹងការចំណាយ

ការរស់នៅតាមអាគារខុនដូ “វា​ជា​ជីវិត​ដ៏​ងាយស្រួល​ណាស់… ប៉ុន្តែ​ការ​ជួល​ផ្ទះ ​តែងតែ​មាន​និន្នាការ​ថ្លៃ ​ព្រោះ​ពួកគេ​តែង​តែ​មាន​ការ​គិត​ថ្លៃ​បន្ថែម”៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣១៣,៣៥ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៥ភាគរយដល់៣៣១៨,១៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៥ភាគរយដល់៣.៣២៦ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៣,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៧,៣៨ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៧,៥៦ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ៕

លំហូរទុនវិនិយោគបរទេស FDI ចូលវិស័យអចលនទ្រព្យវៀតណាមហក់ឡើងជិតដល់៥ពាន់លានដុល្លារអាមេរិកនៅឆមាសទី១

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យថ្មីចុងក្រោយបានបង្ហាញថា លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ចូលវិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមបានកើនឡើងចំនួន២,៤ដងដល់ទំហំទឹកប្រាក់៤,៨ពាន់លានដុល្លារអាមេរិកនៅក្នុងឆមាសទីមួយឆ្នាំនេះ។

តួលេខខាងលើនេះរួមមានដើមទុនវិនិយោគ ដែលត្រូវបានចុះបញ្ជីថ្មីចំនួន២៤ភាគរយ នៃលំហូរ FDI សរុប។នេះបើយោងតាមរបាយការណ៍ពីក្រសួងផែនការ និងវិនិយោគវៀតណាម ដែលបានដកស្រង់ចុះផ្សាយដោយកាសែត Vnexpress។

ក្រុមអ្នកវិភាគបានលើកឡើងថា ទោះជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកលយ៉ាងណាក្តី ក៏ប្រទេសវៀតណាមនៅតែជាគោលដៅលេចធ្លោក្នុងតំបន់ ដោយសារកត្តាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយបើកចំហជាបន្តបន្ទាប់ និងសក្តានុពលកំណើនសេដ្ឋកិច្ចរយៈពេលវែង។

លោកស្រី Nguyen Hoai An នាយិកាជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Hanoi បានសង្កត់ធ្ងន់ថា ការកែទម្រង់ច្បាប់សំខាន់ៗចំនួន៣ រួមមានច្បាប់ដីធ្លី ច្បាប់អាជីវកម្មអចលនវត្ថុ និងច្បាប់លំនៅដ្ឋាន ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានចូលរួមចំណែកបង្កើតក្របខ័ណ្ឌច្បាប់ប្រកបដោយតម្លាភាព និងសុវត្ថិភាពសម្រាប់បណ្តាអ្នកវិនិយោគ។

ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក៏ជាកត្តាជំរុញដ៏សំខាន់នៃលំហូរវិនិយោគផ្ទាល់ពីបរទេសចូលទៅក្នុងវិស័យអចលនទ្រព្យវៀតណាមផងដែរ។

គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ រួមមានផ្លូវដែកល្បឿនលឿនតភ្ជាប់រវាងរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញអាកាសយានដ្ឋានអន្តរជាតិ Long Thanh និងការសាងសង់ផ្លូវក្រវ៉ាត់ក្រុងនៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ បាននិងកំពុងជួយជំរុញកំណើននៃការវិនិយោគអចលនទ្រព្យ។

លោកស្រី Nguyen បានបន្ថែមថា បណ្តាអ្នកវិនិយោគបរទេសកំពុងពង្រីកវត្តមានកាន់តែច្រើនឡើងទៅក្នុងតំបន់ទីក្រុងរណប ដោយសារតំបន់ទាំងនោះមានដីធ្លីធំទូលាយ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយ៉ាងរឹងមាំ៕ប្រភព: Vnexpress៕

កម្ពុជាចង់រួមចំណែកលើកកំពស់តួនាទីរបស់គណ:កម្មាធិការបេតិកភណ្ឌពិភពលោក ស្របពេលអាពាហ៍ពិពាហ៍ខ្មែរត្រូវបានស្នើសុំចុះបញ្ជីរបេតិកភ័ណ្ឌអរូបិយ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជាបានបង្ហាញពីបំណងចង់រួមចំណែកលើកកំពស់តួនាទី របស់គណ:កម្មាធិការបេតិកភណ្ឌពិភពលោក ស្របពេលអាពាហ៍ពិពាហ៍ខ្មែរ ត្រូវបានស្នើសុំចុះបញ្ជីរបេតិកភ័ណ្ឌអរូបិយមនុស្សជាតិ។

ព័ត៌មាននេះត្រូវបានលើកឡើង ដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពេលជួបសម្តែងការគួរសម ជាមួយប្រធានគណ:កម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៧។

ក្នុង​ឱកាសជួបពិភាក្សាជាមួយលោកសាស្ត្រាចារ្យ  Nikolay Nenov ដើម្បីបង្ហាញអំពីបំណងល្អរបស់កម្ពុជា ក្នុងការចូលរួមចំណែកលើកកម្ពស់តួនាទី របស់គណ:កម្មាធិការបេតិកភណ្ឌពិភពលោក ក៏ដូចជាការជំរុញលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេរភាគី លើផ្នែកវប្បធម៌ និងបេតិកភណ្ឌ។

លោកសាស្ត្រាចារ្យ  Nikolay Nenov បានរំលឹកអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងប្រទេសប៊ុលហ្គារីកាលពីអតីតកាល និងបានសន្យាគាំទ្រ ព្រមទាំងជំរុញឱ្យមានកិច្ចសហការជាមួយកម្ពុជា លើវិស័យវប្បធម៌ និងបេតិកភណ្ឌផង៕