ដើម្បីបង្កើនឱកាសវិនិយោគសម្រាប់វិនិយោគិននៅកម្ពុជា ក្រុមហ៊ុនGCCគ្រុបបានបង្ហើបអំពីគម្រោងផ្សារបោះដុំនិងលក់រាយថ្មីមួយក្នុងស្រុកបន្ថែមទៀត

ដោយៈ មុនី
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង អភិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុងភ្នំពេញ ដើម្បីទាក់ទាញការវិនិយោគពីបរទេសផ្ទាល់ឲ្យកាន់តែច្រើន ក៏ដូចជាគាំទ្រដល់ការរីកចម្រើននៃនគរូបនីយកម្មផងដែរ។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធទីក្រុងកាន់តែប្រសើរឡើង។

ដោយមានការលើកទឹកចិត្តពីរដ្ឋាភិបាល វិស័យទីផ្សារអចលនទ្រព្យ បានពង្រីកវិសាលភាពជាច្រើនប្រភេទ។ យើងទទួលស្គាល់ថាអចលនទ្រព្យ ដីធ្លី និងផ្ទះ គឺជាប្រភេទនៃការវិនិយោគ ដែលមានសុវត្ថិភាពខ្ពស់បំផុតសម្រាប់មនុស្សជាច្រើន។

យ៉ាងណាមិញ អចលនទ្រព្យសម្រាប់ធ្វើពាណិជ្ជកម្ម មានការអភិវឌ្ឍន៍ជាខ្លាំងដោយមានការចូលរួមពីក្រុមហ៊ុនអន្តរជាតិជាច្រើន ហើយនឹងក្លាយទៅជាចំណែកមួយបន្ថែមទៀត ដែលនឹងទទួលបានប្រាក់ចំណេញខ្ពស់ ក្នុងការវិនិយោគ នៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្ដារខេត្តផ្សេងៗទៀត។

យើងអាចឃើញថាមានការអភិវឌ្ឍ អាគារពាណិជ្ជកម្ម ផ្សារទំនើប និងកន្លែងលក់ទំនិញ កាន់តែច្រើនឡើងៗ។ ផ្សារទំនើបដែលគួរអោយកត់សម្គាល់ នាពេលថ្មីៗនេះ មានដូចជា ផ្សារជីប ម៉ុងណូរ៉ូ ម៉ល ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម
ជីបម៉ុងសេនធើ បាក់ទូកស្ថិតនៅជាប់វិទ្យាល័យបាក់ទូក និងផ្សារទំនើបNew City Walk ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ។

ក្នុងពេលបច្ចុប្បន្ននេះ ផ្សារពាណិជ្ជកម្មចំនួន២ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិន គឺការផ្សារទំនើបអ៊ីអនម៉ល៣ និងផ្សារជីស៊ីអូរឫស្សី ដែលផ្សារទាំង២ត្រូវបានរំពឹងទុកថានឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៤ ។

នាព្រឹកថ្ងៃទី ២១ ខែ ឧសភា ២០២១នេះ ក្រុមហ៊ុនវិនិយោគ អចលនទ្រព្យធំមួយ
ដែលជាម្ចាស់គម្រោងខុនដូរ៣៣ជាន់ CEO Wyndham Residence ដែលនៅមុខវិទ្យាល័យបាក់ទូក និងជាម្ចាស់គម្រោងបុរីណាឌី ដោយជីស៊ី ស៊ីធី នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បានបង្ហើបពីគម្រោងថ្មីមួយ គឺជាផ្សារបោះដុំនិងលក់រាយក្នុងស្រុក នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។

លោកបានលើកឡើងថា “ផ្សារជីស៊ី អូរឫស្សី គឺជាឱកាសមាសមួយសម្រាប់វិនិយោគិនឈានចូលក្នុងវិស័យទីផ្សារអចលនទ្រព្យ បែបពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញ”។ លោកបន្តថា “គម្រោងផ្សារជីស៊ី អូរឫស្សី នឹងធ្វើភាវូបនីយកម្ម ផ្សារក្នុងស្រុកបែបប្រពៃណីឲ្យកាន់តែរីកចម្រើន សម្រាប់ម្ចាស់អាជីវកម្ម ដើម្បីអាចធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce)នាយុគសម័យដ៏ទំនើបនេះ”។

ផ្សារជីស៊ីអូរឫស្សីនឹងបន្តនូវគោលដៅ របស់ផ្សារនៅក្នុងស្រុករបស់កម្ពុជា ដោយធ្វើការលាយបញ្ចូលគ្នា នូវស្ថាបត្យកម្មបែបប្រពៃណី ព្រមជាមួយនឹងការប្រើប្រាស់នូវលំ
ហូរខ្យល់ និងម្លប់ធម្មជាតិ។ ផ្សារជីស៊ី អូរឫស្សីមិនមែនមានរចនាបទមួយប៉ុណ្ណោះទេ ប៉ុន្តែបានលាយបញ្ចូលគ្នា រវាងកម្ចីពីប្រវត្តិសាស្ត្រ និងទីក្រុងទំនើប បង្កើតបានជា ការរចនាបែបប្រពៃណី ដែលពោរពេញទៅដោយភាពច្នៃប្រឌិត ទៅតាមរចនាបទទីក្រុង ហៅថា ស្ថាបត្យកម្មទំនើបបម្លែងពីស្ថាបត្យកម្មខ្មែរបុរាណ។

គម្រោងផ្សារជីស៊ីអូរឫស្សី នឹងបើកដំណើរការនៅក្នុងឆ្នាំ២០២៤ ហើយនឹងក្លាយទៅជាកន្លែងទាក់ទាញបំផុត សម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរណ៍ផងដែរ ព្រោះជាតំណាងឱ្យប្រវត្តិសាស្រ្ត និងអត្តសញ្ញាណរបស់ខ្មែរយើង។ យើងផ្សារភ្ជាប់រវាងអតីតកាល បច្ចុប្បន្នកាល និងអនាគយើងដឹងច្បាស់ថាបេតិកភណ្ឌវប្បធម៌ គឺមានសារៈសំខាន់លើសពីអចលនទ្រព្យទៅទៀត រួមជាមួយនឹងគុណតម្លៃ និងចំណេះដឹង ប្រពៃណី និងទំនៀមទម្លាប់ ជំនាញ និងទ្រព្យសម្បត្តិសម្រាប់បន្តទៅកាន់កូនចៅរាប់ជំនាន់៕

សម្តេចតេជោៈ បើចិនមិនជួយកម្ពុជា នោះប្រជាពលរដ្ឋកម្ពុជាគ្មានផ្លូវធ្វើដំណើរ និងស្ពានឆ្លងកាត់ទន្លេរនោះឡើយ

ដោយៈ ប៊ី
ភ្នំពេញៈ ប្រទេសចិន និងកម្ពុជាបានក្លាយមហាមិត្តដែកថែប និងមានទំនាក់ទំនងការទូតយ៉ាងប្រសើររវាងប្រទេស ហើយមហាយក្សចិន បាននិងកំពុងជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ១៩ ដែលបង្កទៅជាវិបត្តិសេដ្ឋកិច្ចសកល និងថែមទាំងផ្តល់ជំនួយអភិវឌ្ឍន៍ផ្សេងៗជាច្រើន ដើម្បីលើកកម្ពស់ដល់សេដ្ឋកិច្ចកម្ពុជា។

អ្នកសម្របសម្រួលបានចោទសំណួរទៅសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជាថា កម្ពុជាមានលំអៀងឬពឹងពាក់ខ្លាំងទៅលើចិន ក្នុងសន្និសីទអន្តរជាតិស្តីពី “អនា​គតរបស់អាស៊ី” ដែលរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ។

សម្តេចតេជោចោទសួរត្រឡប់ទៅវិញថា “បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំពឹងនរណា? ទុក​ឱ្យប្រជាជនកម្ពុជាឆ្លងទន្លេ ឆ្លងព្រែកដោយជិះទូកដរ ដោយឆ្លងស្ពានឫស្សី ឬឈើប្រកបដោយគ្រោះថ្នាក់ ដោយគ្មានផ្លូវដើរ ឬយ៉ាងណា?”។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “បើចិនមិនជួយកម្ពុជា នោះប្រជាពលរដ្ឋកម្ពុជា គ្មានផ្លូវធ្វើដំណើរ និងស្ពានឆ្លងកាត់ទន្លេនោះឡើយ”។

សម្តេចតេជោ បានសង្កត់បន្ថែមថា ក្នុងនោះសូម្បីតែវ៉ាក់សាំងសម្រាប់ចាក់ប្រជាពលរដ្ឋកម្ពុជានេះ ក៏ជាការជួយរបស់ចិននោះដែរ ខណៈដែលទេសដទៃមិនមានអ្នកហារមាត់ផ្តល់វ៉ាក់សាំងនោះឡើយ។

សម្តេចតេជោ បានគូសបញ្ជាក់បែបនេះ “សូម្បីតែវ៉ាក់សាំងដែលខ្ញុំរកមកចាក់ជូនប្រជាពលរដ្ឋជាង២លាននាក់ បើគ្មានជំនួយពីចិន និងការផ្គត់ផ្គង់ពីចិនដោយការលក់ យើងខ្ញុំ ក៏គ្មានវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនកម្ពុជា។ ក្រៅពីខូវ៉ាក់ ដែលបានផ្តល់ជាង៣០ម៉ឺនដូស តើមានប្រទេសណាមួយបានហារមាត់បញ្ជូន ឬបញ្ជូនមកដល់កម្ពុជាហើយឬនៅនូវវ៉ាក់សាំងសម្រាប់ការចាក់?”។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា ប្រទេសកម្ពុជាមិនដែលបដិ​សេធនោះឡើយ សម្រាប់ជំនួយ ការវិនិយោគ និងការធ្វើពាណិជ្ជកម្មពីបណ្តាប្រទេសដទៃ។ ជាមួយគ្នានេះ សម្តេចបានលើកករណីប្រទេសជប៉ុន ដែលបានជួយកម្ពុជាច្រើនជាងនៅទសវត្សរ៍ឆ្នាំ៩០ ហើយបន្តជួយមកដល់ពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ គូសបញ្ជាក់យ៉ាងដូច្នេះ “យើងខ្ញុំមិនបានបិទទ្វារសម្រាប់នរណាទាំងអស់ ទៅលើការទទួលយកជំនួយសម្រាប់កសាងប្រទេសកម្ពុជា ដូចជាជប៉ុនកំពុងកសាងផ្លូវជាតិលេខ៥ ដ៏ល្អ តភ្ជាប់ពីខេត្តកណ្តាល ទៅកាន់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងធ្វើការសាងសង់ បន្ទាប់ពីការកសាងផ្លូវជាតិលេខ១ និងផ្លូវជាច្រើនខ្សែទៀត”។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យបណ្តាប្រទេសនានា គួរពិនិត្យឡើងវិញ លើគោលនយោបាយការបរទេសរបស់កម្ពុជា ហើយគេគួរមានឥរិយាបថយ៉ាងណាចំពោះកម្ពុជា ទើបកម្ពុជាទទួលយក៕

ទីភ្នាក់ងារដាក់កម្រិតគុណភាពឥណទានអាមេរិក Moody’s កោតសរសើរកម្ពុជា ថាឆ្លើយតបវិបត្តិកូវីដ-១៩ បានល្អ

សុខុម
ភ្នំពេញ: ទីភ្នាក់ងារវាយតម្លៃឥណទានអាមេរិក Moody’s Investors Service ឬហៅកាត់ថា Moody’s លើកឡើងថា ប្រទេសកម្ពុជា បានឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ទៅនឹងវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩ ហើយរំពឹងថានឹងមានគោលនយោបាយគាំទ្របន្ថែមទៀតក្រោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បញ្ចប់។ នេះបើយោងតាមកាសែត Khmer Times ចុះផ្សាយនៅថ្ងៃទី២១ ឧសភា នេះ។

តាមរយៈរបាយការណ៍វិភាគឥណទានប្រចាំឆ្នាំដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី១៩ ឧសភា ទីភ្នាក់ងារនេះនិយាយថា “ការគ្រប់គ្រងរបស់រដ្ឋាភិបាលកម្ពុជា លើស្ថានការណ៍វិបត្តិកូវីដ-១៩ មានប្រសិទ្ធភាពខ្ពស់នៅក្នុង២០២០ កន្លងទៅ”។

របាយការណ៍ដដែលបន្ថែមទៀតថា “ដើម្បីទ្រទ្រង់ដល់សេដ្ឋកិច្ច រដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ធនធានដែលខ្លួនមាននៅក្នុងវិធានការធំៗដើម្បីស្ដារសេដ្ឋកិច្ច”។

ទន្ទឹមនឹងនេះ “ធនាគារជាតិនៃកម្ពុជា (NBC) បានធ្វើការរួមគ្នាជាមួយវិស័យហិរញ្ញវត្ថុក្នុងប្រទេសដើម្បីជួយសម្រាលបន្ទុករបស់អ្នកជាប់បំណុលដែលងាយរងគ្រោះ”។ វិធានការហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជា គឺផ្ដោតសំខាន់លើការរៀបចំឥណទានឡើងវិញ ហើយវិធានការទាំងនោះរួមទាំងការបញ្ចុះអត្រាការប្រាក់ផងដែរ។

ទីភ្នាក់ងារវាយតម្លៃឥណទាន Moody’s បានធ្វើការកត់សម្គាល់ថា ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីណែនាំឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានារៀបចំឥណទានឡើងវិញសម្រាប់អ្នកខ្ចីប្រាក់នៅក្នុងវិស័យដែលរងផលប៉ះពាល់ខ្លាំងជាងគេដូចជា វិស័យទេសចរណ៍ វិស័យសម្លៀកបំពាក់ វិស័យសំណង់ និងវិស័យដឹកជញ្ជូនរហូតដល់ពាក់កណ្តាលឆ្នាំ២០២១ ក្នុងន័យជួយសម្រាលការលំបាករបស់ពួកគាត់។

ទន្ទឹមនេះ វិធានការសារពើពន្ធរបស់រដ្ឋាភិបាលក៏បានរួមបញ្ចូលទាំងការលើកកម្ពស់សុខភាពសាធារណៈ និងការកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយសារវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩ តាមរយៈការបើកប្រាក់ឧបត្ថម្ភជូនពលរដ្ឋក្រីក្រងាយរងគ្រោះ រួមទាំងការចែកអំណោយគ្រឿងឧបភោគបរិភោគផងដែរ។

ទីភ្នាក់ងារនេះបានទទួលស្គាល់ថា បំណុលរបស់កម្ពុជា នឹងកើនឡើង ប៉ុន្តែថា វាស្ថិតនៅកម្រិត “មធ្យម” នៅឡើយបើធៀបទៅនឹងបណ្ដាប្រទេសជិតខាង។ រដ្ឋាភិបាលកម្ពុជា បានព្យាករថា បន្ទុកបំណុលរបស់ខ្លួននឹងកើនឡើងពី៣៦,៦%ក្នុងឆ្នាំ២០២០ដល់៣៨,៧%ក្នុងឆ្នាំ២០២៥។

របាយការណ៍វិភាគឥណទានប្រចាំឆ្នាំដែលបានដាក់កម្រិតគុណភាពឥណទាននៅប្រទេសកម្ពុជា ថា “មានស្ថិរភាព” នេះត្រូវបានចងក្រងដោយអ្នកវិភាគជាន់ខ្ពស់៣រូបនៅប្រទេសសិង្ហបុរី និង២រូបនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស៕

កំពង់ស្ពឺនឹងក្លាយជាតំបន់ឧស្សាហកម្មដ៏ទាក់ទាញ នៅពេលអនាគតដ៏ខ្លី

ភ្នំពេញ ៖ ការអភិវឌ្ឍទៅកាន់តំបន់ប៉ែកខាងលិចនៃរាជធានីភ្នំពេញ បាននិងកំពុងបង្ហាញសក្ដានុពលកាន់តែខ្លាំងនិងទាក់ទាញដល់ការវិនិយោគរបសវិនិយោគិនក្នុងនិងក្រៅប្រទេស ក្នុងនោះខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលមានការទាញសម្រាប់ឧស្សាហកម្មហើយវាត្រូវបានព្យាករថានឹងក្លាយជាតំបន់ឧស្សាហកម្មដ៏ទាក់ទាញ ក្នុងពេលឆាប់ៗខាងមុខនេះ ។

លោកសន សៀប អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេតបានឱ្យដឹងផងដែរថា ក្រៅពីរាជធានីភ្នំពេញ បច្ចុប្បន្ននេះ មានខេត្តមួយចំនួនកំពុងតែទាក់ទាញនូវការវិនិយោគពីសំណាក់វិនិយោគិនក្នុងនិងក្រៅប្រទេស ក្នុងនោះខេត្តកំពង់ស្ពឺក៏ឃើញថាមានការទាក់ទាញវិនិយោគិនសម្រាប់អភិវឌ្ឍជាតំបន់ឧស្សាហកម្មមួយសំខាន់ផងដែរ ។

លោកថា៖«កំពង់ស្ពឺជាទីតាំងដែលមានសក្ដានុពលសម្រាប់ឧស្សាហកម្ម ក្នុងនោះតំបន់តាមបណ្ដោយផ្លូវ៥១ក៏កំពុងតែសស្រាក់សស្រាំក្នុងការអភិវឌ្ឍដោយឃើញមានដីបម្រុងប្រមាណ៥០០ហិចតារបស់ក្រុមហ៊ុន OCIC ដើម្បីអភិវឌ្ឍន៍ជារោងចក្រឧស្សាហកម្ម »។

លោកបន្តថា ក្រៅពីនេះ ក៏មានការអភិវឌ្ឍនៅ តំបន់ផ្លូវ៤១ ក្នុងស្រុកគងពិសី ដោយមានការវិនិយោគពីវិនិយោគិនសិង្ហបុរី ព្រមទាំងតំបន់ផ្សេងៗនៃខេត្តកំពង់ស្ពឺក៏មានការទាក់ទាញខ្លាំងផងដែរ ។

លោកស្រីសុខ ស្រីអូន អគ្គនាយិកាក្រុមហ៊ុនTLLបានមានប្រសាសន៍កន្លងមកថា នៅតំបន់ផ្លូវ ៥១ នៃខេត្តកំពង់ស្ពឺ គឺជាតំបន់ដែលទាក់ទាញបំផុតសម្រាប់អភិវឌ្ឍន៍ជាតំបន់ឧស្សាហកម្ម ហើយក្នុងនោះដែរ គេឃើញថាក្រុមហ៊ុនធំៗជាច្រើនបាននិងកំពុងរកទីតាំងថ្មីនៃឧស្សាហកម្មពីកណ្ដាលក្រុងមកកាន់តំបន់ផ្លូវ៥១ ។

ក្នុងនោះក៏មានវិនិយោគិនក្នុងស្រុកជាច្រើក៏បានត្រៀមទីតាំងរបស់ខ្លួនរួចហើយក្នុងការអភិវឌ្ឍឧស្សាហកម្មនៅក្នុងតំបន់នោះ
លោកស្រីបន្តថាកត្តាដែលជំរុញឱ្យក្រុមហ៊ុនលោកស្រីនិងវិនិយោគិនដទៃទៀតចូលមកាន់តំបន់ផ្លូវ៥១នៃខេត្តកំពង់ស្ពឺដើម្បីអភិវឌ្ឍន៍នេះ ព្រោះហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីតំបន់នេះទៅកាន់តំបន់ផ្សេងទៀតមានភាពងាយស្រួលដូចជាទៅកាន់ព្រំដែនកម្ពុជាថៃ ខេត្តបន្ទាយមានជ័យ ទៅកាន់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ និងតំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជាបានកាន់តែងាយស្រួល ។

លោកស្រីរំពឹងថានៅពេលតំបន់នេះ ក្លាយជាតំបន់ឧស្សាហកម្ម តម្រូវការលំនៅឋានសម្រាប់អ្នកមកបំពេញការងារនៅក្នុងតំបន់នេះនឹងមានកាន់តែច្រើន ជាពិសេសលំនៅឋានតម្លៃសមរម្យសម្រាប់បងប្អូនកម្មករ កម្មការិនីនិងអាជីវករមកពីតំបន់ផ្សេងៗទៀត៕

ផ្លូវហាយវ៉េតភ្ជាប់រវាងប្រទេសថៃនិងកម្ពុជានឹងបញ្ចប់នៅពេលឆាប់ៗនេះ

ដោយៈ ម៉ាណេត
ភ្នំពេញៈ នាយកដ្ឋានផ្លូវហាយវ៉េថៃ បានបញ្ជាក់ថា ផ្លូវហាយវ៉េថ្មីមួយដែលតភ្ជាប់ពីប្រទេសថៃ និងកម្ពុជាសម្រេចបានប្រមាណ៧០ភាគរយហើយ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

ផ្លូវហាយវ៉េ ដែលមាន៤គន្លងនេះ នឹងត្រូវដាក់ឈ្មោះថា “ផ្លូវ៣៦៤៦” ហើយភ្ជាប់ពីបានណងអៀន (Ban Nong Ian) នៅស្រុកអារញ្ញប្រាថេត ខេត្ត ស្រះកែវទៅកាន់ស្ពានមិត្តភាពថៃ-កម្ពុជាក្នុងស្រុកស្ទឹងបត់ ក្នុងខេត្តបន្ទាយមានជ័យ។

ផ្លូវតម្លៃ២ពាន់លានបាតនេះ (៦៣,៧លានដុល្លារ) មានប្រវែងប្រហែល២៥គីឡូម៉ែត្រ ហើយនឹងតភ្ជាប់ផ្លូវហាយវេលេខ៣៣ និងផ្លូវ ៣៣៦៦។ វានឹងជួយសម្រួលដល់ចរាចរណ៍នៅច្រកត្រួតពិនិត្យ Ban Khlong Luek និងជួយសម្រួលដល់ការដឹកជញ្ជូន និងទេសចរណ៍ក្នុងចំណោមប្រទេសទាំងពីរនាពេលអនាគត។

ការស្ថាបនាផ្លូវហាយវ៉េគ្រោងនឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំក្រោយ។
កម្ពុជា និងថៃ កំពុងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនទំនិញ ក៏ដូចជាទេសចេរណ៍ និងតភ្ជាប់បើកព្រំដែនថ្មីជាដើម។

តួយ៉ាង ភាគីថៃ និងកម្ពុជា បានឯកភាពគ្នា ក្នុងការបើកច្រកព្រំដែនអន្តរជាតិស្ទឹងបត់ជាបណ្តោះអាសន្ន ដើម្បីជំរុញកំណើននៃការដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរ

គម្រោងសាងសង់ផ្លូវមួយខ្សែ តភ្ជាប់រវាងភូមិថាសេន ឃុំឡែមកាត់ ស្រុមមឿង ខេត្តត្រាត ប្រទេសថៃ មកកាន់ច្រកព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ របស់ប្រទេសកម្ពុជា ក្រោមការចំណាយរបស់ថៃត្រូវបានបញ្ចប់ ការសាងសង់ជាស្ថាពរហើយ។

ប្រទេសថៃគ្រោងចំណាយប្រាក់២៣០០លានដុល្លារ ដើម្បីសាងសង់គម្រោងសាងសង់ដំណាក់កាលទី២ នៃប្រព័ន្ធផ្លូវដែកល្បឿនលឿនរបស់ខ្លួន ដែលជាប់នឹងខេត្តចំនួន៤ របស់កម្ពុជាគ្រោងនឹងចំណាយប្រាក់៣,២ពាន់លានដុល្លារ៕

រដ្ឋាភិបាលបានដាក់ដំណើរការមជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជាជាផ្លូវការ

ដោយៈ ប៊ី
ភ្នំពេញៈ រដ្ឋាភិបាលបានដាក់ដំណើរការមជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ដែលមាននាទីក្នុងការជួយសម្របសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសកម្ពុជា និងថៃ ជាផ្លូវការ កាលពីម្សិលមិញ។

លោកអ៊ូក សោភ័ណឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ នៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកដំបូង បានចាត់ទុក វត្តមានមជ្ឈមណ្ឌលក្រុមប្រឹក្សាធុរកិច្ចកម្ពុជា គឺជាការបើកទំព័រសករាជថ្មីសម្រាប់ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ថៃ ក្រោយវិបត្តិជំងឺកូវីដ១៩ ដែលបានបំផ្លិចបំផ្លាញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីររយៈពេលជាង ១ឆ្នាំកន្លងមកនេះ។

ក្នុងឱកាសនោះ លោកបានលើកឡើថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំកិច្ចប្រឹងប្រែងក្នុងការទប់ទល់វិបត្តិជំងឺកូវីដ១៩ សំដៅកសាងភាពធន់នៃសេដ្ឋកិច្ចឡើងវិញ តាមរយៈការដាក់ចេញយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ការបង្កើត និងចូលរួមប្លុកពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ ព្រមទាំងការធ្វើវិសោធនកម្មច្បាប់វិនិយោគ និងកំណែទម្រង់ផ្សេងៗ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅក្នុងប្រទេស។

លោកបានថ្លែងបន្តថា វត្តមានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា មានកាតព្វកិច្ចចូលរួមជំរុញផ្សព្វផ្សាយសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ព្រមទាំងផ្លាស់ប្តូរព័ត៌មាន និងចំណេះដឹងផ្សេងៗរវាងសមាជិក រាប់តាំងពីការធ្វើអាជីវកម្ម ការលើកកម្ពស់គុណភាពទំនិញ-សេវាកម្ម ការជំរុញផលិតកម្ម និងផ្គត់ផ្គង់ទីផ្សារ ព្រមទាំងការសម្របសម្រួល និងចរចាជាមួយស្ថាប័នរដ្ឋទាំងក្នុងប្រទេសថៃ និងកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់សមាជិក។

យោងតាមទិន្នន័យរបស់នាយកដ្ឋានចចារពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ក្នុងឆ្នាំ២០២០កន្លងទៅ មានតម្លៃ៧,៥ពាន់លានដុល្លារអាម៉េរិក ធ្លាក់ចុះ២៣% ធៀបនឹងឆ្នាំ២០១៩ ដែលមានទឹកប្រាក់ ៩,៤ពាន់លានដុល្លារ។

ក្នុងនោះការនាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃ ១,១៥ពាន់លានដុល្លារ។ ដោយឡែក ការនាំចូលពីថៃ មកកម្ពុជា មានតម្លៃ ៦,១ពាន់លានដុល្លារ។ មុខទំនិញដែលកម្ពុជានាំចេញទៅទីផ្សារថៃ ភាគច្រើនជាផលិតផលកសិកម្ម ខណៈផលិតផលនាំចូលពីថៃ មានដូចជា រថយន្ត ប្រេងឥន្ធនៈ ជីកសិកម្ម ផលិតផលចំណីអាហារ និងគ្រឿងថែសម្រស់ជាដើម៕

វិនិយោគិនចិនបានប្រែក្លាយទីក្រុងភ្នំពេញនិងខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលវិនិយោគអចលនទ្រព្យ

ដោយៈ ប៊ី
ភ្នំពេញៈ អ្នកជំនាញល្បីៗក្នុងវិស័យអចលទ្រព្យនៅកម្ពុជា បានលើកឡើងថា វិស័យអចលនទ្រព្យនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ មានរីកចម្រើនយ៉ាងខ្លាំង ខណៈការវិនិយោគរបស់ចិនបានជំរុញឲ្យតំបន់ទាំងពីរនេះក្លាយកន្លែងវិនិយោគអចលនទ្រព្យដ៏រីកចម្រើន។

ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកលឹម សុជាតិ បានលើកឡើងនៅថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះថា ចិនជាកំលាំងចលករមួយ ដែលបានជម្រុញការរីកចម្រើនវិស័យសេដ្ឋកិច្ច មិនមែនតែកម្ពុជាប៉ុណ្ណោះទេ ហើយថែមនៅក្នុងអាស៊ានទាំងមូល។

លោកបានបន្តថា ក្នុងនោះសម្រាប់ក្របខណ្ឌគោលនយោបាយ ដែលប្រទេសចិនបានអនុវត្តន៍ជាមួយកម្ពុជា គឺមានគ្រប់ផែនការអភិវឌ្ឍន៍ និងគញរប់ជ្រុងជ្រោយ ដូចជានាពេលកន្លងមកនេះ កម្ពុជា-ចិន បានចុះកិច្ចព្រមព្រៀងពាណិជកម្មសេរីបន្ថែម ដែលការចុះកិច្ចព្រមព្រៀងនេះ គឺបានជួយពេញផ្ទៃប្រទេស ដោយមិនបានកំណត់នូវតំបន់ប៉ូលណាមួយឡើយ។

លោកបានបន្តថា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការនេះ សម្រាប់ក្របខណ្ឌជាតិ ចិនមានកិច្ចសហការស្ទើរគ្រប់ប៉ូលសំខាន់ៗទាំងអស់ ប៉ុន្តែកម្រិតថ្នាក់ក្រោមជាតិ អ្នកវិនិយោគទុន គឺបានចាប់យកការវិនិយោគ ឬឱកាសណា ដែលមានផលវិជ្ជមានត្រឡប់មកវិញ ដូចជាការវិនិយោគលើវិស័យសំណង់ និងវិស័យឧស្សាហកម្មកាត់ដេរជាដើម ជាក់ស្តែងយើងសង្កេតឃើញថា តំបន់ចំនួនពីរគឺ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ គឺជាតំបន់ប៉ូលសេដ្ឋកិច្ចល្អលើផ្នែកអចលចនទ្រព្យ ដែលកំពុងមានសន្ទុះរីកចម្រើន។

លោកសន សៀបអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា បើតាមរបាយណ៍ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលចិន-អាស៊ាន បានបង្ហាញថា ចិនមានការវិនិយោគលើគោលដៅធំៗចំនួន៥ គឺការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវ៉ាត់មួយផ្លូវមួយ គម្រោងវិស្វរកម្ម គម្រោងអចលនទ្រព្យ E-commers និងឌីជីថល Economic និងផ្នែកផលិតកម្ម និងបង្គុំជាដើម ដែលបញ្ហានេះ អ្នកវិនិយោគចិនកំពុងចាប់អារម្មណ៍ក្នុងការវិនិយោគផងដែរ។

លោកបានថ្លែងបន្តថា ជាក់ស្តែងនៅឆ្នាំ២០២០ ចិនជាអ្នកទី១ សម្រាប់ការវិនិយោគនៅកម្ពុជា ហើយលោកសង្ឃឹមថា បន្ទាប់ពីស្ថានភាពជម្ងឺកូវីដ ១៩ បានធូរស្រាល ចិននៅតែនាំមុខគេ លើការវិនិយោគនៅកម្ពុជាដ៏ដែល ។

លោកឧកញ៉ាចេង ខេងអគ្គនាយកក្រុមហ៊ុន CPL Cambodia Properties Limited បាននិយាយថា កម្ពុជានៅទាក់ទាញអ្នកវិនិយោគចិនបន្ថែមទៀត បន្ទាប់ពីកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន បច្ចុប្បន្នចិនក៏កំពុងសម្លឹងមើលការវិនិយោគលើផ្នែកកសិកម្មបន្ថែម សម្រាប់បម្រើទីផ្សារនាំចេញទៅកាន់ប្រទេសរបស់ខ្លួន ព្រោះទីផ្សារសេរីនៅប្រទេសចិនប្រាកដជានាំចូលបន្ថែម ចំពោះផលិតផលសក្តានុពលដែលកម្ពុជាមាន ខណៈដែលបច្ចុប្បន្នផលិតផលសក្តានុពលទាំងនោះ កំពុងចាប់អារម្មណ៍ពីអ្នកវិនិយោគទុនបរទេសផងដែរ៕

អារ៉ាប់អេមីរ៉ាតត្រៀមបង្ហាញស្ថាបត្យកម្មដ៏ទាក់ទាញមួយនៃស្ថាបត្យកម្មដើមសតវត្សរ៍ទី២១

ដោយៈសុខុម

ក្រុងអាប៊ូដាប៊ី:  អគារដែលមានរចនាប័ទ្មចម្លែកខុសគេ ជាប៉មសូឡារាងដូចស្លាបបក្សីចំនួន៥នេះ គឺជាសារមន្ទីរជាតិ Zayed National Museum នៅក្នុងទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់ប៊ីរួមអេមីរ៉ាត ហើយអាចចាត់ទុកជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យមួយ។

រចនាប័ទ្មនៃអគារសារមន្ទីរនេះ គឺពិតជាវិសេសវិសាលខ្លាំងណាស់ ព្រោះវាត្រូវបានឌីហ្សាញឡើងយ៉ាងសម្រិតសម្រាំង​ ដើម្បីឱ្យខ្យល់ត្រជាក់អាចចេញ ចូលពេញសារមន្ទីរគ្រប់រដូវកាល។

សារមន្ទីរដែលត្រូវបានគូរប្លង់ ដោយស្ថាបត្យករឈ្នះពានរង្វាន់ Pritzker Prize ឈ្មោះ Lord Norma មកពីក្រុមហ៊ុនស្ថាបត្យកម្មអង់គ្លេស Foster + Partners នេះត្រូវបានសាងសង់ឡើង ដើម្បីឧទ្ទិសជូនដល់សពមេដឹកនាំ Zayed bin Sultan Al Nahyan ដែលជាបិតាស្ថាបនិក និងជាប្រធានាធិបតីដំបូងបង្អស់នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត។

សារមន្ទីរនេះ ជាចំណុចទាក់ទាញបំផុត ក្នុងសង្កាត់វប្បធម៌នៅលើកោះ Saadiyat Island ដែលស្ថិតនៅចម្ងាយប្រមាណ៥០០ម៉ែត្រ ពីឆ្នេរក្រុងអាប៊ូដាប៊ី ដោយប្រវត្តិសាស្ត្រ វប្បធម៌ និងការប្រែក្លាយសេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប់រួមអេមីរ៉ាត ត្រូវបានដាក់តាំងបង្ហា​ញក្នុងសារមន្ទីរនេះ។

បច្ចុប្បន្នសារមន្ទីរនេះ កំពុងស្ថិតក្រោមដំណើរការសាងសង់នៅឡើយ ហើយទោះ​បីជាកាលបរិច្ឆេទផ្លូវការអំពីការ សម្ពោធដាក់ឱ្យប្រើប្រាស់មិនទាន់ប្រកាសក្ដី ក៏គេរំពឹងថាវានឹងត្រូវបើកសម្ពោធនៅក្នុងឆ្នាំ២០២១ នេះ។

ទោះជាយ៉ាងណា គ្មានព័ត៌មានលម្អិតផ្សេងទៀតអំពីអគារសារៈមន្ទីរនេះឡើយ៕

អ្នកជំនាញៈ ចរន្តទិញលក់ដីធ្លីនៅកម្ពុជាចាប់ផ្តើមមានភាពប្រសើរឡើងវិញហើយ

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា  វិស័យដីធ្លីនៅកម្ពុជា ចាប់ផ្តើម​មានការងើបឡើងវិញជាបន្តបន្ទាប់ បន្ទាប់ពីបញ្ចប់ការបិទខ្ទប់ ដែលអាចធ្វើឱ្យប្រជាជនធ្វើដំណើរជាបណ្តើរៗ ខណៈស្ថានភាពនៃជំងឺកូវីដ១៩នៅ ហាក់មានភាពប្រសើរឡើងវិញ និងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ជូនប្រជាជនមានចំនួនច្រើន។

លោកឧកញ៉ាចេង ខេងប្រធានក្រុមហ៊ុន CPL បានថ្លែងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះថា ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ខ្លាំងលើចរន្ដទិញលក់ ហើយប៉ះពាល់ត្រង់ថា ក្នុងអំឡុងពេលនៃការផ្ទុះឡើងនេះ បានធ្វើឲ្យមានការបិទទីក្រុងភ្នំពេញ និងក្រុងតាខ្មៅមួយរយៈពេល។

លោកឧកញ៉ាបានឱ្យដឹងថា “ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា ការទិញលក់ដីធ្លី ត្រូវមានការប្រស្រ័យទាក់ទងគ្នា ដូច្នេះការបិទក្រុងភ្នំពេញ និងតាខ្មៅនៅអំឡុងពេលនៃការផ្ទុះឡើងនេះ បានធ្វើឲ្យប៉ះពាល់លើការទិញលក់អចលនវត្ថុ”។លោកឧកញ៉ាបន្ថែមថា “ទោះជាមានបញ្ហានៃការប្រឈម នៃវិស័យអចលនទ្រព្យយ៉ាងណាក៏ដោយ ប៉ុន្ដែវិស័យដីធ្លីនៅតែមានដំណើរទិញដូរ ក្នុងអំឡុងពេលនៃការបិទខ្ទប់ មានការជាប់គាំងក៏ពិតមែន តែពេលលែងបិទខ្ទប់ ភ្លាមដំណើរការនៃការទិញ-ដូរនេះ ចាប់ផ្ដើមមានឡើងវិញជាហូរហែរ”។

ជាមួយគ្នានេះ លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលនវត្ថុកម្ពុជាបានឲ្យដឹងថា ក្នុងអំឡុងនៃវិបត្តិកូវីដ១៩នេះ វិស័យដីធ្លីមានការថមថយបន្ដិចបន្ដួច ប៉ុន្ដែបន្ទាប់ពីគ្រប់គ្រងបានឡើងវិញ វិស័យដីធ្លីនឹងមានកំណើនលើសការរំពឹងទុក មានន័យថា អាចមានកំណើនខ្លាំងជាងល្អជាង១០ឆ្នាំកន្លងមកនេះ។

ដោយឡែក លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលនវត្ថុកម្ពុជា បានឲ្យដឹងថា សម្រាប់វិស័យអចលនទ្រព្យ នៅដើមឆ្នាំ២០២២ នឹងមានសក្ដានុពល និងកំណើនឡើងវិញ ដោយសារតែនៅពេលជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រង នៅក្នុងថ្នាក់ជាតិ ពិភពលោក និងតំបន់ ដូច្នេះចរន្ដនៃការធ្វើដំណើរ របស់ប្រជាជនកម្ពុជា នឹងចាប់ផ្ដើមមានច្រើន ហើយការរៀបចំចាត់ចែង លើការធ្វើជំនួញនឹងចាប់ផ្ដើមឡើងវិញ។

លោកបានបន្ថែមថា ប្រសិនបើការផុសផុលនៃកំណើន ការធ្វើវិនិយោគពាណិជ្ជកម្ម វិនិយោគលើវិស័យអចលនទ្រព្យ ពីមួយឆ្នាំទៅមួយឆ្នាំ ត្រូវតែមានកំណើនខ្ពស់ជាងមុន ដោយសារតែលទ្ធភាពនៃការដោះដូរ ពីមួយឆ្នាំទៅមួយឆ្នាំចេះតែលូតលាស់ឡើងៗ ដូច្នេះទំហំនៃការវិនិយោគទាំងថ្នាក់ជាតិ និងអន្ដរជាតិ ដោយមានការចូលមកវិនិយោគ ពីសំណាក់ជនបរទេស មកកាន់ប្រទេសកម្ពុជា អ្នកវិនិយោគទាំងនោះនឹងមើលឃើញពីទំនុកចិត្ត ឱកាសក្នុងការវិនិយោគ នឹងរីកចម្រើនខ្ពស់ជាងមុនផងដែរ។

លោកបន្ថែមថា ក្នុងទស្សនវិស័យនៃការវិនិយោគរបស់ប្រជាជនចិន ក្នុងទីផ្សារតំបន់អាស៊ាន ពិសេសការវិនិយោគនៅកម្ពុជា វិនិយោគិនចិន តែងប្រែតំបន់ណាមួយឲ្យទៅជាតំបន់ពាណិជ្ជកម្ម ឬតំបន់ដែលប្រមូលផ្ដុំ ដោយសហគមន៍ជនជាតិចិន ពិសេសក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។

លោកបន្តថា “ដូច្នេះការហុចសក្ដានុពល ក្នុងការវិនិយោគ យើងនឹងមើលឃើញក្នុងឱកាសនេះ”៕

ខេត្តសៀមរាបប៉ះពាល់សេដ្ឋកិច្ចធ្ងន់ជាងគេតាំងពីមុនវិបត្តិកូវីដ១៩

ដោយៈលក្ខិណា

ភ្នំពេញៈ តាំងពីមានការចាកចេញរបស់ជនជាតិចិនពីកម្ពុជា ក្នុងអំឡុងឆ្នាំ២០១៩ និងមកដល់វិបត្តិកូវីដ១៩ ភ្ញៀវទេសចរបរទេសទៅកម្សាន្តក្នុងខេត្តសៀម បានធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យសេដ្ឋកិច្ចក្នុងខេត្តមួយនេះ រងផលប៉ះពាល់ជាងគេ ក្នុងចំណោមខេត្តទូទាំងប្រទេស។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក​លឹម សុជាតិបានឱ្យដឹងក្នុងសន្និសីទសារព៌តមាន កាលពីម្សិលម៉ិញនេះថា យើងបានដឹងស្រាប់ហើយថាខេត្តសៀមរាប ជាខេត្តមួយដែលទាក់ទាញខ្លាំង នៅក្នុងវិស័យទេ​សចរណ៍ ហើយក៏បានបង្កើតនូវចំណូល និងការងារជាច្រើនដល់ពលរដ្ឋ ក្នុងតំបន់ក៏ដូចជាពលរដ្ឋពីបណ្ដាខេត្តនានា រាប់ពីការងារក្រៅប្រព័ន្ធ និងការងារក្នុងការិយាល័យជាច្រើនទៀត។

លោកបន្តថា “វិស័យជាច្រើននៅក្នុងខេត្តសៀមរាប ជាពិសេសទេសចរណ៍បានរងផលប៉ះពាល់ខ្លាំង និងមានអាជីវកម្មក្នុងវិស័យនេះ ជាច្រើនបានបិទនិងផ្អាកអាជីវកម្ម ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនទេសចរណ៍ជាច្រើនទៀត ដែលធ្វើឱ្យបុគ្គលិកនៅក្នុងអាជីវកម្មទាំងនោះ ក៏ត្រូវបានបាត់បង់ការងារ និងប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ”។

លោកស្រី ក្លេខៃ ចិន្ដាប្រធានសមាគមសណ្ឋាគារកម្ពុជា ក៏បានលើកឡើងថា ចាប់តាំងពីដើមឆ្នាំ២០២០មកម្ល៉េះ វិស័យសណ្ឋាគារនៅកម្ពុជា ចាប់ផ្ដើមមានបញ្ហា ជាពិសេសនៅក្នុងខេត្តសៀមរាប ដែលធ្វើឱ្យម្ចាស់អាជីវកម្មសណ្ឋាគារមួយចំនួន បង្វែរអាជីវកម្មរបស់ខ្លួនទៅអាជីវកម្មផ្សេង ដើម្បីរកចំណូលទប់នឹងការចំណាយរបស់ខ្លួនប្រចាំខែ។

លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាកកងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ផងដែរថា ដោយសារតែសៀមរាប កន្លងមកមានភ្ញៀវទេសចរបរទេសច្រើនមកទស្សនា និងប្រើសេវាកម្មទេសចរណ៍ក្នុងខេត្តមួយនេះ ប៉ុន្តែពេលដែលបាត់បង់ភ្ញៀវ ធ្វើឱ្យសេដ្ឋកិច្ចក្នុងនេះ ក៏រងផលប៉ះពាល់ជាង ក្នុងនោះសណ្ឋាគារ និងសេវាទេសចរណ៍ជាច្រើនទៀតក៏ដូចគ្នា គឺបាត់បង់ចំណូល ផ្អាកអាជីវកម្ម និងបិទទ្វារមួយរយៈជាដើម។

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញថា អាកាសយានដ្ឋា​នអន្តរជាតិសៀបរាប ក្នុងរយៈពេល៣ខែដំបូង ទទួលបានភ្ញៀវទេសចរបរទេសតែ២នាក់ប៉ុណ្ណោះ ខណៈរាល់ឆ្នាំអាកាសយានដ្ឋានមួយនេះ ទទួលបានភ្ញៀវទេសចរបរទេសរាប់សិបម៉ឺននាក់៕