ក្រុមអ្នកជំនាញអះអាងថា ការវិនិយោគដីធ្លីនៅតែមានផលចំណេញខ្ពស់ជាងគេ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ការវិនិយោគផ្នែកដីធ្លីនៅតែមានឱកាសចំណេ​ញខ្ពស់ ធៀបជាមួយការវិនិយោគផ្នែកដទៃទៀតក្នុយងវិស័យអចលនទ្រព្យនៅកម្ពុជា។

លោកសន សៀបស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Key Real Estateបានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារដីធ្លីនៅតែមានសញ្ញាល្អប្រសើរ សម្រាប់ការវិនិយោគ ដោយសារកំនើន នៃការវិនិយោគរបស់វិនិយោគិនក្នុងស្រុក និងលំហូរទុនវិនិយោគពីបរទេស ជាក់ស្តែងដីធ្លីនៅតែមានឱកាសចំណេញ ហើយមិនរងផលប៉ះពាល់ធ្ងន់ធ្ងរដោយ​សារវិបត្តិកូវីដច្រើននោះទេ ពិសេសដីធ្លីនៅតំបន់អភិវឌ្ឍន៍ដូចជាផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ ជាដើម ដីធ្លីមិនបានចុះថ្លៃនោះទេ ផ្ទុយទៅវិញដីធ្លីនៅតំបន់នេះនៅតែឡើងថ្លៃ ទោះស្ថិតក្នុងវិបត្តិក្តី។

លោកបន្តថា  ប៉ុន្តែទោះជាយ៉ាងណាដីធ្លីនៅខេត្តព្រះសីហនុបានថយតម្លៃ១០ភាគរយ តែនៅក្រុងភ្នំពេញតម្លៃបានកើនឡើងក្នុងរង្វង់ជិត២ភាគរយ ចន្លោះពីដើមឆ្នាំ២០១៩ ដល់ចុងឆ្នាំ២០២០កន្លងមកនេះ ប៉ុន្តែដោយឡែកនៅក្នុងឆ្នាំ២០២១នេះ តម្លៃដីធ្លីនៅតំបន់ភាគច្រើននៅទ្រឹង។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារដីធ្លី មានភាពសកម្មជាងគេក្នុងអំឡុងវិបត្តិកូវីដ១៩ បើទោះបីជាផ្នែកផ្សេងៗទៀតនៃវិស័យអចលនទ្រព្យបានរងផលប៉ះពា​ល់ក្តី ដោយសារការវិនិយោគដីធ្លី ភាគច្រើនធ្វើដោយអ្នកវិនិយោគក្នុងស្រុក និងកំនើនលំហូរទុនវិនិយោគពីបរទេសបានធ្វើឲ្យតម្លៃដីកើនឡើង និងទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ។

លោកបន្តថា “ខ្ញុំគិតថាដីធ្លីនឹងបន្តឡើងថ្លៃរយៈពេល១០ឆ្នាំទៅមុខទៀត ដោយសា​រទីក្រុងកាន់តែរីកធំ ចំនួនប្រជាជនមានជីវភាពប្រសើរកើនឡើង ការកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងកំណើនវិនិយោគពីបរទេស ពិសេសដីធ្លីនៅកម្ពុជាមានតម្លៃទាបធៀបជាមួយនឹងប្រទេសក្នុងតំបន់”។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា តម្លៃដីធ្លីនៅកម្ពុជា នឹងបន្តកើនឡើងក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ ប៉ុន្តែកំនើនអាចមានកម្រិតខ្ពស់ឬទាបជាងនេះអាស្រ័យលើតំបន់ និងលក្ខខ័ណ្ឌអំណោយផលមួយចំនួនផងដែរ៕

ការសិក្សាថ្មីៈវ៉ាក់សាំងរបស់ចិនអាចប្រឆាំងទប់ទល់នឹងមេរោគកូវីដថ្មីដែលឆ្លងរាលដាលនៅប្រទេសឥណ្ឌា

ដោយៈគង់ សូរិយា

ភ្នំពេញៈការសិក្សាបឋមបានបង្ហាញភស្តុតាងថា វ៉ាក់សាំងប្រឆាំង COVID-19 ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសចិន មានប្រសិទ្ធិភាពប្រឆាំងនឹងវីរុស COVID-19 បំប្លែងថ្មីដែលត្រូវបានរកឃើញដំបូងបង្អស់ នៅក្នុងប្រទេសឥណ្ឌា។

យោងតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១កន្លងមកបានឲ្យដឹងថា អ្នកជំនាញផ្នែកសុខភាពនៅឯមជ្ឈ​មណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ប្រទេសចិន លោកហ្សាវ យីមីង (Shao Yiming) បានគូសបញ្ជាក់ប្រាប់សន្និសីទកាសែតនៅទីក្រុងប៉េកាំងថា ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការលេចចេញឡើងនូវវីរុស COVID-19 បំប្លែងថ្មី ដែលត្រូវបានរកឃើញដំបូងបង្អស់ នៅក្នុងប្រទេសឥណ្ឌា និងកំពុងធ្វើការសិក្សាស្រាវជ្រាវ អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីនោះ ដោយសារវានឹងបន្តបំប្លែងខ្លួនឥតឈប់ឈរ ដូច្នេះវីរុសបំប្លែងខ្លួនថ្មីជាច្រើនទៀត នឹងលេចចេញឡើងជាបន្តបន្ទាប់។

បើតាមលោក Shao Yiming ប្រទេសចិន ក៏មានសមត្ថភាពក្នុងការដាក់ចេញនូវវ៉ាក់សាំងថ្មី ដែលមានប្រសិទ្ធភាពខ្លាំងផងដែរ ប្រសិនបើវ៉ាក់សាំងបច្ចុប្បន្នគ្មានប្រសិទ្ធភាព ប្រឆាំងនឹងវីរុស COVID-19 បំប្លែងខ្លួនថ្មីនោះ៕

ចំណេះដឹងចរាចរណ៍ៈតើគំនូសដាច់ៗលើទ្រូងផ្លូវមានន័យបែបណា?

ដោយៈគង់ សូរិយា

ភ្នំពេញៈ តើអ្នកដឹងទេថាគំនូសសញ្ញាទោលដាច់ៗ ពណ៌លឿងតាមបណ្តោយទ្រូងផ្លូវមានន័យដូចម្តេច   និងប្រើដើម្បីអ្វី?។

យោងតាមព៌តមាន ដែលបានបង្ហោះលើផេកផ្លូវការ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន ឲ្យដឹងថា គំនូសសញ្ញាទោលដាច់ៗ ពណ៌លឿងតាម បណ្តោយទ្រូងផ្លូវប្រើ សម្រាប់បែងចែកទ្រូងផ្លូវជាពីរ ទិសចរាចរផ្ទុយគ្នា អ្នកបើកបរអាចឆ្លងកាត់ ឬជែង បាន។

ក្រសួងសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App)   ករណីឃើញមានគំនូស សញ្ញាចរាចររលុប ដើម្បីអាចឱ្យមន្រ្តីជំនាញ   ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការ ទាន់ពេលវេលា។

លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋ ក៏អាចចូល រួមសហការរាយការណ៍ពីផ្លូវ ដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរបានផងដែរ។

សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល  និងមានសុខ សុវត្ថិភាព៕

អ្នកជំនាញព្យាករណ៍ថា អចលនទ្រព្យក្នុងស្រុកនឹងមានកំណើនទិញលក់នៅឆមាស ទី២ ឆ្នាំ ២០២១នេះ

ដោយៈរតនៈ
ភ្នំពេញៈប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានព្យាករណ៍ថា អចលនទ្រព្យក្នុងស្រុកនឹងមានកំណើន ទិញលក់នៅឆមាសទី២ឆ្នាំ ២០២១នេះ ខណៈដែលវិនិយោគិនបរទេស នឹងចាប់ផ្ដើមចូលមកកម្ពជាបណ្ដើរៗនៅក្នុងឆ្នាំ ២០២២។

ក្នុងសន្និសិទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពទីផ្សារអចលនវត្ថុក្នុងកំឡុងកូវីដ-១៩ នាព្រឹកថ្ងៃទី២០ ឧសភានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម មានប្រសាសន៍ថា នៅចុងឆមាសទី១ឆ្នាំ២០២១គឺមានការផ្ទុះឡើងវិញជំងឺកូវីត១៩ តាមរយៈព្រឹត្តិការណ៍ ២០កុម្ភៈ ដែលធ្វើឲ្យការទិញលក់អចលនទ្រព្យនៅកម្ពុជា ហាក់មានការរាំងស្ទះ។

ប៉ុន្តែលោកច្រឹក សុខនីម ព្យាករណ៍ថា ចរន្តនៃការទិញ លក់ អចលនទ្រព្យនៅកម្ពុជា នឹងមានកំនើនឡើងវិញ នៅក្នុងឆមាសទី២នៃឆ្នាំ២០២១នេះ។

លោកពន្យល់ថា “មូលហេតុដែលចរន្តនៃការទិញ លក់ អចលនទ្រព្យនៅកម្ពុជាមិនអាចងើបឡើងវិញបាន ដោយសារតែមិនទាន់អាចគ្រប់គ្រងបាន នូវការរីករាលដាលជំងឺកូវីត១៩”។លោកបន្តថា “ប៉ុន្តែប្រសិនបើរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងបានហើយនោះ ជាពិសេសចំនួនអ្នកចាក់វ៉ាក់សាំងការពារកាន់តែច្រើន វិស័យទិញដូរអចលនទ្រព្យនេះនឹងងើបឡើងវិញ ព្រោះទាំងអតិថិជន និងអ្នកវិនិយោគបារម្ភពីសុខភាព និងសុវត្ថិភាពរបស់ពួកគាត់”។

លោកច្រឹក សុខនីមបានបន្តថា នៅក្នុងប្រទេសកម្ពុជា គឺមានសក្ដានុពលខ្ពស់សម្រាប់វិស័យទិញលក់អចលនទ្រព្យ ហើយរកនូវប្រាក់ចំណូលខ្ពស់ពីវិស័យអចលនទ្រព្យបើធៀបនឹងប្រទេសក្នុងតំបន់។

លោកលឹម សុជាតិប្រធានក្រុមប្រឹក្សាភិបាលសមាគមCVEAបានមានប្រសាសន៍ឲ្យដឹងផងដែរថា និន្នាការវិនិយោគ ការទិញលក់ ក្នុងវិស័យនេះនឹងងើបឡើងវិញលឿន ដោយសារកម្ពុជា នៅតែមានឱកាសរកបានផលចំណេញពីការវិនិយោគ ពិសេសអ្នកវិនិយោគនៅក្នុងវិស័យនេះនៅតែរកបានផលចំណេញ និងទទួលបានជោគជ័យ លើកលែងតែការទិញប៉ះចំអចលនទ្រព្យដែលមានបញ្ហា។

លោកបន្តថា “អ្នកវិនិយោគអន្តរជាតិនឹងចូលមកកាន់តែច្រើន ហើយពេលបញ្ចប់វិបត្តិនេះ វិស័យអចលនទ្រព្យនឹងស្ទុះងើបលឿនជាងមុនពេលមានវិបត្តិផងដែរ”៕

ទំហំវិនិយោគលើអចលនទ្រព្យនៅអាស៊ី-ប៉ាស៊ីហ្វិកកើនឡើងដល់៧២៦,៩ពាន់លានដុល្លារអាមេរិក

ដោយៈសុខុម
ហុងកុង: ទំហំទុនវិនិយោគសរុបលើអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រង (AUM) ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានកើនឡើង២០%ដល់៧២៦,៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ បើធៀបនឹង៦០៨,២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ទោះបីជាស្ថិតក្នុងវិបត្តិកូវីដ-១៩ក្ដី។

យោងតាមគេហទំព័រ The Asset ចុះផ្សាយនៅថ្ងៃទី២០ ឧសភានេះឱ្យដឹងថា នៅទូទាំងពិភពលោក ទំហំវិនិយោគសរុបលើអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រង (AUM) បានកើនឡើង១១%ដល់៤,១ទ្រីលានដុល្លារអាមេរិក នៅដំណាច់ឆ្នាំ២០២០ បើធៀបនឹង៣,៦ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ហើយក្នុងនោះអាស៊ី-ប៉ាស៊ីហ្វិក មានចំនួន១៨% នៃទំហំវិនិយោគសរុបលើអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រង (AUM) ទូទាំងពិភពលោក។

អចលនទ្រព្យ ដែលមិនត្រូវបានចុះបញ្ជីមានមួយចំណែកធំ នៃអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រង (AUM) សរុបទូទាំងពិភពលោក។ ក្នុងចំណោមទំហំវិនិយោគ៤,១ទ្រីលានដុល្លារ អចលនទ្រព្យដែលមិនត្រូវបានចុះបញ្ជីមានចំនួន៨៣% ឬស្មើនឹងប្រមាណ៣,៤ទ្រីលានដុល្លារ។

លោកស្រី Amélie Delaunay នាយកផ្នែកស្រាវជ្រាវនៅសមាគម វិនិយោគិនអចលនទ្រព្យ ANREV បានលើកឡើងថា “ជាការពិតណាស់ ទំហំវិនិយោគលើអចលនទ្រព្យដែលស្ថិតក្រោមការគ្រប់គ្រង (AUM) មិនត្រឹមតែកើនឡើងអំឡុងវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសន្ទុះលឿនជាងឆ្នាំទៅមួយ (២០១៩) ទៀតផង ហើយវាជាសញ្ញាបង្ហាញថា តម្រូវការអចលនទ្រព្យនៅតែមិនថមថយ”។

លោកស្រីបានបន្ថែមទៀតថា “លទ្ធផលស្រាវជ្រាវបង្ហាញថា អាស៊ី-ប៉ាស៊ីហ្វិក នៅតែបន្តទាក់ទាញ និងបង្កើនចំណែកទីផ្សារអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រង (AUM) ហើយនេះឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងរឹងមាំ លើទស្សនវិស័យសំរាប់រយៈពេលវែងនៃទីផ្សារអចលនទ្រព្យក្នុងតំបន់ ទោះបីជារងផលប៉ះពាល់ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ក្ដី”៕

ដំណឹងល្អៈអភិបាលក្រុងភ្នំពេញនឹងអនុញ្ញាត្តឲ្យផ្សារទាំងអស់បើកដំណើរការចាប់ពីថ្ងៃ ទី២៤ ឧសភាខាងមុខនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសសម្រេចឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ។

នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានផ្លូវការនៅរសៀលថ្ងៃនេះ។

អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ និងទទូចឲ្យគណៈកម្មការផ្សាររដ្ឋទាំងអស់ អាជីវករ និងអតិថិជន ត្រូវរួមគ្នាចូលរួមទប់ស្កាត់ តាមវិធានការសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ ឲ្យមានប្រសិទ្ធភាព ហើយបើសិនរកឃើញថា តាមទីផ្សារទាំងនោះនៅបន្ដមានការករណីឆ្លងជំងឺកូវីដ១៩ នោះសាលារាជធានីភ្នំពេញ និងបន្ដផ្អាកឡើងវិញ។

អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា មិនទាន់អនុញ្ញាតឲ្យបើកដំណើរការផ្សារមិនរៀបរយទាំងអស់នោះឡើយ ដូចជាផ្សារក្រមួន, ផ្សារចាត់តាំង, ផ្សាររោងចក្រ, ផ្សារសហគមន៍, ផ្សារក្នុងដីឡូត៍ឯកជន, ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចញ្ចើមផ្លូវ ដើម្បីបន្ដបង្ការ និងទប់ស្កាត់ការរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ក្នុងសហគមន៍៕

 

រដ្ឋាភិបាលកម្ពុជាត្រៀមនាំចេញប្រេងឆៅប្រមាណ៣០០ពាន់ប៉ារ៉ែលលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិនៅខែឧសភានេះ

ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន សិង្ហបុរី KrisEnergy ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិរុករក និងបូមប្រេងនៅកម្ពុជា នឹងនាំចេញប្រេងឆៅជាលើកដំបូងពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ចន្លោះពី២៧៥ពាន់ទៅ៣០០ពាន់ប៉ារ៉ែលនៅក្នុងខែឧសភា ឆ្នាំ២០២១នេះ។ នេះបើយោងតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។

អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល លោកជៀប សួរ បានបញ្ជាក់កាលពីម្សិលមិញថា ការនាំចេញប្រេងឆៅក្នុងដំណាក់កាលដំបូងនេះ នឹងអាចប្រែប្រួលទៅតាមខ្នាតរង្វាស់រង្វាល់ជាក់ស្តែង។

លោកបានឲ្យដឹងថា សម្រាប់ទិសដៅនៃការនាំចេញ បច្ចុប្បន្នក្រសួងកំពុងពិនិត្យជាមួយក្រុមហ៊ុនអំពីការស្នើរសុំទិញជាលើកទី១ ក្នុងនោះនៅពេលក្រសួងសម្រេចលើសំណើរណាមួយហើយនោះ នោះនឹងដឹងថា ប្រេងនេះនាំចេញទៅទិសដៅមួយណា និងការនាំយកទៅស្តុកទុកដាក់កន្លែងណាមួយ។ ដោយឡែក ជំហាននៃការនាំចេញប្រេងបន្ទាប់ ក្រសួងមិនទាន់ធ្វើការកំណត់ទៅតាមទិសដៅនាំចេញបាននៅឡើយ ដោយអាស្រ័យលើការផលិតជាក់ស្តែងនិងការស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត។

លោកបានលើកឡើងថា ទាក់ទងនិងដំណើរការផលិត ក៏ដូចជាការនាំចេញក្នុងស្ថានភាពនៃការរីករាលជំងឺឆ្លងកូវីដ១៩ ក្រុមហ៊ុនអាចនឹងជួបបញ្ហាខ្លះៗ ដោយសារប្រទេសមួយចំនួនក្នុងតំបន់ទទួលរងនៃការកើនឡើងចំពោះការរីករាលដាល ដែលបណ្តាលឲ្យមានការបិទរោងចក្រ សហគ្រាស ឬកន្លែងធ្វើការផ្សេងៗ ដែលជាហេតុធ្វើឲ្យមានការប៉ះពាល់ខ្លះៗដែរ អំពីតម្រូវការ និងបញ្ហាថ្លៃលក់ចេញ។

លោកបានថ្លែងបន្តថា ដោយឡែក ការអភិវឌ្ឍន៍លើទិសដៅបន្ត ក្រសួងនិងភាគីក្រុមហ៊ុនកំពុងពិនិត្យមើលផែនការទៅមុខជាមួយគ្នា ក្នុងនោះភាគីក្រុមហ៊ុនក៏បានលើកផែនការ ពិនិត្យ និងការសិក្សាទិន្នន័យ និងការវ៉ាស់ស្ទង់បន្ថែមទៀតផងដែរ ចំណែកចំពោះតំបន់ដែលនៅជុំវិញ ដែលកំពុងដំណើរការផលិតប្រេងនេះ ក្រុមហ៊ុននឹងធ្វើការវាយតម្លៃបន្ថែម និងលើកផែនការទៅតាមទិសដៅនាពេលខាងមុខ៕

ចិនកំពុងចាប់យកសក្តានុពលក្នុងវិស័យកសិកម្មបន្ថែមពីលើការវិនិយោគក្នុងវិស័យអចលនទ្រព្យ

ដោយៈ លក្ខិណា
ភ្នំពេញៈ បច្ចុប្បន្ននេះ វិនិយោគិនបរទេស ដែលដាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជា គឺជាវិនិយោគិនជនជាតិចិន ហើយការវិនិយោគភាគច្រើនត្រូវបានធ្វើឡើងក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែថ្មីៗនេះ វិនិយោគិនចិនបានចាប់ផ្ដើមដាក់ទុនវិនយោគលើវិស័យកសិកម្មបន្ថែមពីលើវិស័យដែលពួកគេបានដាក់ទុនរួចហើយ។

លោកឧកញ៉ាចេង ខេង អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យCPL បានមានប្រសាសន៍នៅក្នុងសន្និសីទតាមវីដេអូនអនឡាញកាលពីព្រឹកថ្ងៃទី២០ ឧសភា ២០២១នេះថា បច្ចុប្បន្ននេះចិនក៏បានសម្លឹងមើលឃើញវិស័យកសិកម្ម សម្រាប់ការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាផងដែរ ពីព្រោះប្រទេសចិនក៏បាននាំចូលផលិតផលកសិកម្មពីកម្ពុជាច្រើនដែរក្នុងមួយឆ្នាំៗ ដូចជាចេកអំបូងលឿង ស្វាយស្រស់ និងដំណាំផ្សេងៗទៀតកំពុងចរចានាំចេញ។

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកវេង សាខុនឱ្យដឹងថា ចិនគឺជាទីផ្សារធំមួយនៃផលិតផលកសិកម្មរបស់កម្ពុជា តែកម្ពុជាត្រូវតែពង្រឹងគុណភាពផលិតផលរបស់ខ្លួនបន្ថែមដើម្បីអាចឈានជើងចូលទីផ្សារនៃប្រទេសចិន។

លោកបានបន្ថែមថា តាមពិតកម្ពុជាមានផលិតផលជាច្រើនដែលអាចនាំចេញទៅចិនបានព្រោះមានតម្រូវការខ្ពស់ តែដោយសារតែរបាំងនៃភូតគាមអនាម័យ ទើបធ្វើឱ្យកម្ពុជាត្រូវរាំងស្ទះក្នុងការនាំចេញ ហើយក៏ត្រូវការពិនិត្យល្អិតល្អន់ពីសំណាក់អ្នកជំនាញចិនផងដែរ។

វិស័យកសិកម្មរបស់កម្ពុជា ក៏មានវិនិយោគិនជាច្រើនបាននិងកំពុងបណ្ដាក់ទុនវិនិយោគដើម្បីកែច្នៃនិងនាំចេញទៅកាន់ទីផ្សារប្រទេសចិនវិញ ក្នុងនោះក៏មានចេកអំបូង ដំឡូងមី និងផលិតផលកសិកម្មផ្សេងទៀត ។ហើយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាចិន និងទាក់ទាញវិនិយោគិនបន្ថែមមកបណ្ដាក់ទុនវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា ការវិនិយោគរបស់ចិន មានច្រើនណាស់នៅអាស៊ីនិងពិភពលោក ហើយបើនិយាយពីការវិនិយោគអចលនទ្រព្យវិញ ការវិនិយោគជនជាតិចិនចូលចិត្តកសាងបណ្ដុំសហគមន៍របស់គេ។

លោកបានបន្តថា នៅក្នុងប្រទេសកម្ពុជា តំបន់ពីរដែលជនជាតិបានចាប់ផ្ដើមកសាងសហគមន៍របស់គេ គឺនៅក្នុងខេត្តព្រះសីហនុនិងនៅរាជធានីភ្នំពេញ រួមទាំងផ្នែកខ្លះនៃខេត្តកោះកុង (តារាសាគរ)៕

សម្តេចតេជោផ្តល់អនុសាសន៍សំខាន់ៗដល់បណ្តាប្រទេសក្នុងតំបន់អាស៊ីដើម្បី ស្តារសេដ្ឋកិច្ចឡើងវិញ

ដោយៈ ប៊ី
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងនូវអនុសាសន៍ពីកិច្ចការអាទិភាពនិងទិសដៅមួយចំនួន ដល់បណ្តាប្រទេសក្នុងតំបន់អាស៊ី ដើម្បីស្តារប្រទេសឡើងវិញ ដែលធានាបានការអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ១៩។

សម្តេចតេជោ បានថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ ការរៀបចំសម័យកាលថ្មី ក្រោយវិបត្តិកូវីដ១៩ តួនាទីរបស់អាស៊ី ក្នុងការស្តារពិភពលោកឡើងវិញ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២០ ខែឧសភានេះថា ដើម្បីជំរុញការងើបឡើងវិញ នៃសង្គមសេដ្ឋកិច្ចប្រកបដោយសមធម៌ ចីរភាពនិងបរិយាបន្ន យើងទាំងអស់គ្នា ចាំបាច់ត្រូវគិតគូរ ចំពោះមុខការទប់ស្កាត់ការរីករាលដាល និងគ្រប់គ្រងផលប៉ះពាល់ដែលបណ្ដាលមកពីកូវីដ១៩ គឺជាកិច្ចការចាំបាច់បំផុត ដើម្បីឲ្យប្រទេសទាំងអស់អាចចាប់ផ្ដើមដំណើរការស្ដារ និងងើបឡើងវិញបានប្រកបដោយប្រសិទ្ធភាព។

សម្តេចតេជោបន្ថែមថា “ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជាលក្ខណៈសាកលដែលបែបនេះ ទាមទារនូវការសាមគ្គីភាព ការជឿទុកចិត្ត ការគិតគូរ និងអនុវត្តរួមគ្នាប្រកបដោយភាពហ្មត់ចត់ និងក្រោមយន្តការពហុភាគីនិយម ការគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាព របស់ប្រទេសនីមួយៗ”។សម្តេចបន្តថា “ក្នុងស្មារតីនេះអាស៊ីត្រូវផ្ដល់អាទិភាពខ្ពស់និងចាំបាច់បំផុត ក្នុងការធានាវ៉ាក់សាំងបង្ការ និងថ្នាំព្យាបាលជំងឺកូវីដ១៩ គឺជាទំនិញសាធារណៈសាកល ដែលត្រូវបានផ្គត់ផ្គង់ និងចែកចាយក្នុងស្មារតីមនុស្សធម៌ ទៅដល់គ្រប់ប្រទេសទាំងអស់ជាពិសេសប្រទេស ដែលងាយរងគ្រោះ”។

សម្តេចតេជោបានលើកឡើងថា អាស៊ីចាំបាច់ត្រូវដឹកមុខ ក្នុងការបើកចំហនូវទីផ្សារពាណិជ្ជកម្ម លើឧបករណ៍វេជ្ជសាស្ត្រ និងការផ្គត់ផ្គង់ស្បៀងអាហារ ដោយមិនត្រូវដាក់កម្រិតណាមួយនោះទេ ជាពិសេសត្រូវកាត់បន្ថយឬលុបបំបាត់ពន្ធគយ និងកែសម្រួលវិធាន មិនមែនពន្ធដារលើទំនិញសេវាកម្មវេជ្ជសាស្ត្រ និងលុបបំបាត់ការរឹតត្បិតការនាំចេញស្បៀងទៅកាន់ទីផ្សារអន្តរជាតិ។

សម្តេចតេជោបានថ្លែងបន្តថា ម្យ៉ាងវិញទៀតក្នុងបរិបទនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ យើងត្រូវជំរុញបដិវត្តន៍Digital តំបន់យើង ដែលជាប្រភពកំណើតថ្មីសម្រា ប់ជំរុញកំណើនសេដ្ឋកិច្ចតំបន់ តាមរយៈការផ្ដួចផ្ដើមនិងជំរុញការរៀបចំអភិបាលកិច្ច រួមសម្រាប់ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលរាប់បញ្ចូលទាំងការកំណត់ស្តង់ដារបញ្ញត្តិឯកជនភាពនិងការចែករំលែកទិន្នន័យជាដើម។

សម្តេចតេជោបានថ្លែងទៀតថា ជាងនេះទៅទៀតអាស៊ី ត្រូវពង្រឹងយន្តការក្នុងតំបន់ក្នុងការសម្របសម្រួល ការដាក់ចេញគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីធានាឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់ទន្ទឹមនឹងការខិតខំជំរុញលើកកម្ពស់ពីប្រតិកម្មវិស័យហិរញ្ញវត្ថុ នវានុវត្តន៍ ក៏ដូចជា ជំរុញលើកស្ទួយតួនាទី និងជីវភាពរបស់វិស័យឯកជន សំដៅជំរុញវិនិយោគនិងមូលធនឯកជន នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ឬប្រទេស អភិវឌ្ឍទាប ជាពិសេសគឺការវិនិយោគផ្ទាល់ពីបរទេស ដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់ការស្ដារឡើងវិញ នូវកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព។

ការពង្រឹងគោលការណ៍សកលភាវូពាណិជ្ជកម្ម យន្តការពហុភាគីនិយមនិងសេរីភាវូបពាណិជ្ជកម្ម ពាណិជ្ជកម្ម និងការវិនិយោគ នៅតែជាកិច្ចការចាំបាច់ តាមរយៈការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ី តំបន់ស៊ីជម្រៅនិងពង្រឹងខ្សែសង្វាក់ ផ្គត់ផ្គង់ ឧស្សា ហកម្ម ទិន្នន័យព័ត៌មាន ធនធានមនុស្សនិងកិច្ចសម្របសម្រួលពាណិជ្ជកម្ម។

សន្និសីទអន្តរជាតិលើកទី២៦ ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ ការរៀប ចំសម័យកាលថ្មី ក្រោយវិបត្តិកូវីដ-១៩ តួនាទីរបស់អាស៊ី ក្នុងការស្តារពិភពលោកឡើងវិញ តាមរយៈប្រព័ន្ធវីដេអូនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុននីកកេ តាមប្រព័ន្ធវីដេអូ ដែលមានសារសំខាន់ សម្រាប់ថ្នាក់ដឹកនាំនិងដៃគូពាក់ព័ន្ធទាំងអស់បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈ អំពីស្ថានការណ៍នៃការវិវត្តន៍ នៅក្នុងតំបន់ និងសកលលោក ជាពិសេសការគិតគូរអំពីទិសដៅអនាគត សម្រាប់កិច្ចអភិវឌ្ឍន៍តំបន់អាស៊ី ក្នុងនិងក្រោយពេលវិបត្តិកូវីដ១៩៕

អ្នកជំនាញៈវិស័យអចលនទ្រព្យនឹងអាចងើបឡើងវិញ នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ខាងមុខ

ដោយៈតារា
ភ្នំពេញៈ អ្នកជំនាញនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានរំពឹងថា វិស័យអចលទ្រព្យនៅកម្ពុជា នៅចុងឆ្នាំ២០២១ ឬនៅឆ្នាំ២០២២ អាចងើបឡើងវិញជាបណ្តើរៗ ខណៈវិនិយោគិនក្នុងស្រុក បានចាប់ផ្តើមមានចន្តរក្នុងការទិញ-លក់ បន្ទាប់ពីកម្ពុជាទទួលបានការចាក់វ៉ាសាំងបង្ការជម្ងឺកូវីដ-១៩ បានកាន់តែច្រើន ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្តសាសន៍ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “បច្ចុប្បន្នភាពទីផ្សារអចលនវត្ថុក្នុងកំឡុងកូវីដ-១៩” នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះថា បញ្ហាប្រឈមនៅក្នុងវិបត្តិកូវីដ១៩ គឺបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយើង ក្នុងនោះចំពោះវិស័យអចលនទ្រព្យក៏ជាផ្នែកមួយ ក្នុងការប៉ះពាល់ដោយសារវិបត្តិជម្ងឺនេះផងដែរ ដែលជាការរាំងស្ទះដល់ការអភិវឌ្ឍន៍វិស័យនេះ និងការបាត់បង់អ្នកវិនិយោគទុន ជាពិសេសអ្នកវិនិយោគទុនបរទេសជាដើម។

លោកបន្តថា “ទោះបីនៅក្នុងស្ថានភាពវិនិយោគិនបរទេស មិនទាន់អាចធ្វើដំណើរយ៉ាងណាក៏ដោយ ក្នុងនោះប្រសិនអ្នកវិនិយោគទុកក្នុងស្រុក មានសកម្មភាពការធ្វើដំនើរបានអ្នកវិនិយោទុននៅក្នុងស្រុក ពួគគេនឹងចាប់ផ្តើមសម្លឹងមើលឱកាសវិនិយោគឡើងវិញ ជាពិសេសអ្នកដែលមានធនធានហិរញ្ញវត្ថុ”។លោកបន្តថា “អ្នកមានធនធាន គាត់នឹងចាប់ផ្តើមមើលឃើញសក្តានុពល ទិញអចលនទ្រព្យទុក ក្នុងនោះខណៈដែលវិនិយោគិនបរទេសអាចធ្វើដំណើរបាន ពួកគេនឹងអាចសម្លឹងមើលឱកាសនៃការវិនិយោគបន្ត ហើយចំនួននៃការវិនិយោគលើវិស័យនេះ នឹងអាចហក់ឡើងខ្ពស់បន្តិចម្តងៗ”។

លោកច្រឹក សុខនីមបានបន្តថា ដើម្បីធ្វើឲ្យវិស័យនេះងើបឡើងវិញលឿន វាត្រូវការកត្តាខាងក្នុង និងកត្តាខាងក្រៅ។ កត្តាខាងក្នុង គឺរដ្ឋាភិបាលអាចចាក់វ៉ាក់សាំងបានលឿន លែងបង្កហានិភ័យនៃការឆ្លងជំងឺនេះ និងការចាប់ផ្តើមពេញលេញនៃការអភិវឌ្ឈក្នុងស្រុក។

ចំណែកកត្តាខាងក្រៅ អ្នកវិនិយោគអន្តរជាតិតែងតែបារម្ភ ពីការធ្វើដំណើរដោយសារបញ្ហាជំងឺកូវីដ១៩ ហេតុនេះវាត្រូវការពេលវេលាយូរ ដើម្បីឲ្យវិនិយោគិនអន្តរជាតិចូលមក ប៉ុន្តែយើ់ងរំពឹងថា ពួកគាត់នឹងចូលមកនៅចុងឆ្នាំនេះ និងឆ្នាំ២០២២ ដែលពេលនោះវិស័យអចលនទ្រព្យនឹងមានភាពរីកចម្រើនឡើងវិញលឿន។

ជាមួយគ្នានេះ លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាលើកឡើងផងដែរថា សម្រាប់ចន្តរនៃការទិញ-លក់ វិស័យអចលនទ្រព្យក្នុងពេលបច្ចុប្បន្ន យើងសង្កេតឃើញថា អ្នកវិនិយោគក្នុងស្រុកបានទិញ-លក់ មានកំណើនខ្ពស់ជាងបរទេស ក្នុងនោះចំពោះអចនទ្រព្យដូចជាដីធ្លី ផ្ទះសម្បែង អ្នកវិនិយោគទុនក្នុងស្រុក មានការទិញលក់យ៉ាងច្រើន។

ចំណែកការវិនិយោគ ទិញ-លក់ ដូចជា ខុនដូ ឬអគារពាណជ្ជកម្មផ្សេងៗ អ្នកវិនិយោគបរទេសមានការអភិវឌ្ឍន៍ និងទិញ-លក់ច្រើន ជាក់ស្តែងនៅក្នុងការរីករាលដាលនៃជម្ងឺកូវីដ-១៩ ឬការ Lockdown វិស័យនេះ នៅតែដំណើរការទិញលក់ជាធម្មតា៕