ប្រធានCVEA វត្តមានភ្នាក់ងារអចលនទ្រព្យអន្តរជាតិនឹងជំរុញក្រុមហ៊ុនក្នុង ស្រុកកាន់តែរឹងមាំ

ដោយៈ ម៉ាណេត
ភ្នំពេញៈ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ នៅឆ្នាំ២០២១ខាងមុខនេះ ដែលបណ្តាល ឱ្យវិស័យអចលនទ្រព្យផលប៉ះពាល់មួយចំនួន ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិនានាបានចាប់ផ្តើមឈានជើងចូលកម្ពុជា ដែលតម្រូវឱ្យក្រុមហ៊ុនក្នុងស្រុកត្រៀមខ្លួន ដើម្បីប្រកួតប្រជែង។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលនវត្ថុកម្ពុជា(CVEA)លោកច្រឹកសុខនីមបានលើកឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ថា សេដ្ឋកិច្ចសាកលបានចាប់ផ្តើមល្អជាបណ្តើរៗឡើងវិញ ហើយសកម្មភាពនៃវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ចាប់ផ្តើមវិលត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញបណ្តើរៗ ហើយក្នុងនោះក៏ក្រុមហ៊ុនភ្នាក់ងារថ្មីៗបន្ថែមទៀតបានចូលមកក្នុងទីផ្សារកម្ពុជា ដែលវាអាចបង្កើតការប្រកួតប្រជែងដល់ក្រុមហ៊ុនភ្នាក់ងារមានស្រាប់នៅក្នុងស្រុកមួយចំនួន។

លោកបានថ្លែងថា “វត្តមានក្រុមហ៊ុនបរទេស នឹងជម្រុញឱ្យមានការប្រកួតប្រជែងគ្នាជាមិនខាន”។ ដោយឡែកសម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុនថ្មីៗ ចូលមកបន្ថែមទៀតជាមិនខាន ដែលក្នុងនោះមានទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិផងដែរ”។

លោកច្រឹក សុខនីមបានបន្តថា នៅពេលមានក្រុមហ៊ុនកាន់តែច្រើន វាបង្ហាញពីភាពរីកចម្រើន និងល្អប្រសើររបស់វិស័យអចលនទ្រព្យ ប៉ុន្តែដែលជាបញ្ហាប្រឈមគឺក្រុមហ៊ុនភ្នាក់ងារតូចៗក្នុងស្រុកមួយចំនួន ដែលតម្រូវឱ្យមានការប្រកួតប្រជែងជាមួយបណ្តាក្រុមហ៊ុនភ្នាក់ងារជំនាញធំៗ ជាពិសេសក្រុមហ៊ុន ដែលចូលមកពីក្រៅប្រទេសដែលពួកគេមានជំនាញច្បាស់ និងចំណេះដឹងទូលំទូលាយពាក់ព័ន្ធទៅនឹងវិស័យមួយនេះ។

លោកបានបន្តថា “ដូច្នេះក្រុមហ៊ុនភ្នាក់ងារតូចៗត្រូវពង្រឹកសមត្ថភាព គុណភាព និងចំណេះដឹងបន្ថែមឱ្យបានច្បាស់លាស់ ជាពិសេសត្រូវបង្កើតក្រុមសហការងារឱ្យបានរឹងមាំ គ្រប់ជ្រុងជ្រោយ និងភាពស្មោះត្រង់ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ដែលអាចទទួលបានទំនុកពីអតិថិជន”។

លោកបានថ្លែងទៀតថា អ្វីដែលមិនអាចខ្វះបាន សម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ គឺការរៀបចំជាយុទ្ធសាស្ត្ររបស់ក្រុមការងារ ក៏ដូចជាក្រុមហ៊ុន ដើម្បីអាចធ្វើការប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃទៀត ហើយការរៀបចំជាយុទ្ធសាស្ត្រ និងការត្រៀមខ្លួនេះនឹងធ្វើឱ្យក្រុមហ៊ុនក្នុងស្រុកតែរឹងមាំ៕

ផ្លូវជាតិលេខ៣ លេខ៤ នាតំបន់ភាគខាងលិចរាជធានីភ្នំពេញកំពុងក្លាយជា តំបន់ទាក់ទាញវិនិយោគិន

ដោយៈលក្ខិណា
ភ្នំពេញៈ ការរីកសាយនៃការអភិវឌ្ឍលើវិស័យអចលនទ្រព្យ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថាស្ទើរតែគ្រប់ផ្នែក តែតំបន់នីមួយៗមានការអភិវឌ្ឍខុសគ្នា ក្នុងនោះផ្នែកខាងលិចរាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថា កំពុងបង្ហាញពីសក្ដានុពលទាក់ទាញ សម្រាប់ការវិនិយោគពីវិនិយោគិនក្នុងនិងក្រៅប្រទេស។

លោកច្រឹកសុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា បើយើងក្រលេកទៅមើលការអភិវឌ្ឍនៅជុំវិញរាជធានីភ្នំពេញ គេមើលឃើញថាមានការរីកសាយដូចៗគ្នា គ្រាន់តែមានការអភិវឌ្ឍខុសៗគ្នាបន្តិចបន្តួចប៉ុណ្ណោះ ក្នុងនោះដែរ តំបន់ខាងលិចរាជធានីភ្នំពេញ ហាក់កំពុងបង្ហាញពីសក្ដានុពលបន្ថែមទៀត សម្រាប់ទាក់ទាញការវិនិយោគក្នុង និងក្រៅប្រទេស ដោយសារតែរដ្ឋាភិបាលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ហើយគម្រោងធំៗមួយចំនួនទៀតក៏បានបង្ហាញខ្លួនជាបន្តបន្ទាប់ ដូចជាបុរីធំៗជាដើម។

លោកបន្តថា “តំបន់ណាដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន តំបន់នោះ នឹងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកអភិវឌ្ឍន៍។ ដូច្នេះហើយទើបឃើញរដ្ឋាភិបាលកម្ពុជាយើងបានចំណាយទុន ក្នុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់”។

ជាមួយគ្នានេះ លោកឧកញ៉ាអ៊ឹង គីមហុង វិនិយោគិនអចលនទ្រព្យធំមួយនៅតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ ក៏បានឱ្យដឹងផងដែរថា កត្តាដែលជំរុញឱ្យលោកវិនិយោគអចលនទ្រព្យទៅលើលំនៅឋាន និងដីធ្លី ដោយសារតែលោកមើលឃើញថា ហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ប៉ែកខាងលិចកំពុងតែមានការអភិវឌ្ឍច្រើន ទាំងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ផ្លូវក្រវ៉ាត់ក្រុងដែលអាចតភ្ជាប់ទៅកាន់បណ្ដាខេត្តសំខាន់ៗ ដូចជា ទៅព្រំដែនកម្ពុជា ថៃ និងផ្លូវតភ្ជាប់ទៅកាន់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ។

លោកឧកញ៉ាបន្តថា “គម្រោងរបស់លោកនឹងមានជាបន្តបន្ទាប់ ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសទៅលើលំនៅឋាន តម្លៃសមរម្យដីឡូត៍សម្រាប់សង់លំនៅឋានជាដើម ហើយក្រុមហ៊ុនរបស់លោកក៏បានត្រៀមដី ប្រមាណ៥០០ហិចតា ដើម្បីអភិវឌ្ឍន៍អចលនទ្រព្យជាមួយ ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗជាច្រើនទៀតក្នុងស្រុក”។

បច្ចុប្បន្នគំរោងបុរី លំនៅដ្ឋានជាច្រើនបាននិងកំពុងបង្ហាញខ្លួនលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣ ដោយសារតែការកើនឡើងនូវកត្តាប្រជាសាស្រ្ត ការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ឋ កំណើនជីវភាពរបស់ប្រជាពលរដ្ឋ ពិសេសការពង្រីកផ្លូវជាតិលេខ៣ និងការរៀបចំស្តារឡើងវិញនូវផ្លូវជាតិលេខ៤ បានធ្វើឲ្យតំបន់នេះមានភាពទាក់ទាញកាន់តែខ្លាំង៕

រដ្ឋាភិបាលកម្ពុជាត្រៀមដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចឡើងវិញសម្រាប់ឆ្នាំ២០២១-២០២៣ដោយផ្តោតការងារអាទិភាពបី

ដោយៈ ម៉ាណេត
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ដើម្បីប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាស ដោយផ្អែកលើការកែទម្រង់កាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ចនិងសង្គមកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនាពេលអនាគត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃក្រកម្ពុជា បានថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពី៛អនាគតរបស់អាស៊ី” ក្រោមប្រធានបទ “ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ “តួនាទីរបស់អាស៊ីក្នុងការស្តារពិភពលោកឡើងវិញ” នៅថ្ងៃទី២០ ខែឧសភានេះថា គោលបំណងនៃផែនការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣នេះ ដើម្បីអូសទាញកំណើនសេដ្ឋកិច្ចឱ្យត្រឡប់ ទៅខិតជិតកំណើន សក្តានុពលប្រកបដោយចីរភាព និងបរិយាបន្នកម្ម។
សម្តេចតេជោបន្ថែមថា “ផែនការស្តារសេដ្ឋកិច្ចឡើងវិញនឹងធ្វើឡើង តាមរយៈការធានារក្សានូវសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ លើគន្លងនៃប្រក្រតីភាពថ្មី ព្រមទាំងការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសមូលដ្ឋានឧស្សាហកម្មរឹងមាំ ដែលមានសមត្ថភាពនាំចេញខ្ពស់ និងផ្សារភ្ជាប់កាន់តែខ្លាំងក្លាជាមួយ សង្វាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក”។
សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាផ្តើមចេញពីប្រទេសតូច ដែលធនធានមានកម្រិត នឹងប្តេជ្ញាបន្តខិតខំពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការនានា សំដៅចូលរួមដោះស្រាយបញ្ហាប្រឈមរួម ដើម្បីកសាងភាពធន់ទៅនឹងវិបត្តិ និងធានាឱ្យបាននូវចីរភាពនិងបរិយាបន្នកម្ម នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ទាំងក្នុងក្របខណ្ឌតំបន់ និងសកល។
លើមូលដ្ឋានទាំងនេះ កម្ពុជានឹងផ្តល់អាទិភាពដូចជា ទី១ ស្តារឡើងវិញ ដោយកសាងមូលដ្ឋានរឹងមាំ សម្រាប់សេដ្ឋកិច្ចវិលទៅមាគ៌ានៃកំណើនឡើងវិញ ដោយផ្តោតលើការធានាសុវត្ថិភាព ការគ្រប់គ្រងផលប៉ះពាល់ ការរក្សាលំនឹង និងការជំរុញឱ្យងើបឡើងវិញនៃធុរកិច្ចដែលមានសក្តានុពល ជាពិសេសក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងឆាប់រហ័ស ទី២ កែទម្រង់ ដោយបន្តដាក់ចេញវិធានការកែទម្រង់សំខាន់ៗ ជារចនាសម្ព័ន្ធ ដែលរួមមាន ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម, ការវិនិយោគនិងធុរកិច្ច ការជំរុញ និងការអភិវឌ្ឍន៍ឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងវិស័យសាធារណៈ និងវិស័យឯកជន។
ទី៣ កសាងភាពធន់ដោយពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នា ដែលអាចផ្ទុះឡើងនាពេលអនាគត ដោយផ្តោតលើការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដែលរឹងមាំ មានប្រសិទ្ធភាពនិងការធានានូវចីរភាព និងបរិយាបន្នកម្មនៃការស្តារ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម៕

អ្នកជំនាញអចលនទ្រព្យរំពឹងថាក្រុងព្រះសីហនុនឹងទទួលបានការវិនិយោគកាន់តែច្រើននាពេលខាងមុខ

ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ចាប់តាំងពីមានការចាកចេញរបស់ជនជាតិចិន ពីក្រុងព្រះសីហនុនិងរហូតមកដល់វិបត្តិកូវីដ១៩ គម្រោងវិនិយោគថ្មីៗនៅក្នុងទឹកដីខេត្តព្រះសីហនុ ត្រូវបានគេមើលឃើញថា មានសភាពនៅទ្រឹងបន្តិច ប៉ុន្តែអ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា បានជឿជាក់និងរំពឹងថា ការវិនិយោគនៅក្នុងក្រុងព្រះសីហនុ នឹងទទួលបានឡើងវិញនៅពេលចប់វិបត្តិ។

ស្ថាបនិកនិងនាយកក្រុមហ៊ុនឃីរៀលអេស្ទេត លោកសន សៀបបានមានប្រសាសន៍ក្នុងសន្និសីទសារព៌តមានស្តីពីបច្ចុប្បន្នភាពនៃទីផ្សារអចលនវត្ថុ ក្នុងអំឡុងវិបត្តិកូវីដ១៩នាព្រឹកថ្ងៃទី២០ ឧសភានេះថា បន្ទាប់ពីវិបត្តិត្រូវបានគ្រប់គ្រងឆ្នាំក្រោយៗនឹងមានការវិនិយោគថ្មីៗ នៅក្នុងខេត្តព្រះសីហនុ ពីព្រោះបច្ចុប្បន្ននេះ ខេត្តព្រះសីហនុមានការកសាងហេដ្ឋារចនាសម្ព័ន្ធ ទាំងក្នុងខេត្តនេះផ្ទាល់ និងតភ្ជាប់ពីរាជធានីភ្នំពេញ ដែលមានផ្លូវល្បឿនលឿនផងដែរ។

លោកបន្តថា “មិនតែប៉ុណ្ណោះ ខេត្តនេះក៏មានឆ្នេរខ្សាច់ កោះស្រស់ស្អាតជាច្រើនកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងមានការអភិវឌ្ឍក្នុងកោះទាំងនោះជាបន្តបន្ទាប់”។

លោកបន្តថាក្រៅពីនេះ នៅខេត្តព្រះសីហនុ ក៏មានតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចស្ទឹងហាវ និងតំបន់សេដ្ឋកិច្ចកំពុងរៀបចំជាបន្តបន្ទាប់ ហើយតំបន់សេដ្ឋកិច្ចពិសេសនោះទាំងភាគច្រើន ជាការវិនិយោគរបស់វិនិយោគិនចិន។

លោកបន្តថា “ដូច្នេះក្រុងព្រះសីហនុ អាចនឹងក្លាយជាតំបន់ឧស្សាហកម្មដ៏មានសក្ដានុពលនៅពេលអនាគត”។លោកបន្តថា “នៅពេលចប់វិបត្តិនៃកូវីដ១៩ ខ្ញុំជឿជាក់ថា រលកវិនិយោគទី២ ទី៣នឹងចាប់ផ្ដើមនៅក្នុងខេត្តព្រះសីហនុ ហើយនឹងធ្វើឱ្យខេត្តនេះកាន់តែមានសន្ទុះអភិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់ទៀត”។

លោកលឹម សុជាតិប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលបានតម្រង់ទិសយកខេត្តព្រះសីហនុជាប៉ូលមួយ នៃការអភិវឌ្ឍឧស្សាហកម្ម ហើយការអភិវឌ្ឍក្នុងខេត្តមួយនេះ យើងបានមើលឃើញហើយថា មានគម្រោងអភិវឌ្ឍន៍ជាច្រើន កំពុងបន្តការអភិវឌ្ឍរបស់ខ្លួនដោយគម្រោងខ្លះបញ្ចប់ និងខ្លះទៀតកំពុងបន្ត។ ម្យ៉ាងទៀតក្នុងខេត្តនេះក៏មានការទាក់ទាញខាងវិស័យទេសចរណ៍។ ដូច្នេះខេត្តនេះ នឹងទទួលបានការវិនិយោគទាំងទេសចរណ៍ ឧស្សាហកម្មនិងអចលនទ្រព្យ។

តាមផែនការរបស់រដ្ឋាភិបាលកន្លងមកបានឲ្យដឹងថា រដ្ឋាភិបាលនឹងអភិវឌ្ឍន៍យកខេត្តនេះតាមគំរូទីក្រុងស៊ិនជិនរបស់ចិន ដែលទីក្រុងមួយនេះ គឺជាទីក្រុងឧស្សាហកម្មដ៏រីកចម្រើនមួយរបស់ចិន។ បណ្ដុំរោងចក្រឧស្សាហកម្មធំៗ នៅក្នុងទីក្រុងស៊ិនជិនរបស់ចិនគឺជាផ្នែកមួយ នៃការនាំចេញផលិតផលរបស់ចិន ទៅកាន់ទីផ្សារពិភពលោកផងដែរ។ម្យ៉ាងទៀតស៊ិនជិន ក៏ជាទីក្រុងគំរូមួយរបស់ប្រទេសចិនទៀតផង៕

ក្លឹបអ្នកវិនិយោគអចលនទ្រព្យបានចាប់ផ្តើមដំណើរការជាផ្លូវការ

ដោយៈរតនៈ
ភ្នំពេញៈ ក្រុមអ្នកវិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជា បានបង្កើតក្លឹបអ្នកវិនិយោគអចលនទ្រព្យ(Property Investor Club) ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នានិងវិនិយោគរួមគ្នា ដើម្បីជំរុញការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។

លោកម៉ម សិរីបញ្ញា នាយកប្រតិបត្តិក្រុមហ៊ុនEasy Property Investmentនិងជាប្រធានក្លឹបអ្នកវិនិយោគអចលនទ្រព្យ បានប្រាប់គេហទំព័រ propertyarea នៅរសៀលថ្ងៃទី១៩ ខែឧសភានេះថា សមាជិកក្លិបអ្នកវិនិយោគផ្នែកអចលនទ្រព្យនេះ ភាគច្រើនជាសហគ្រិន ដែលបានរៀនសូត្រពីវិស័យអចលនទ្រព្យទាំងក្នុងប្រទេស និងក្រៅប្រទេស។

លោកបន្តថា “ការបង្កើតក្លិបនេះឡើង គឺមានប្រយោជន៍ជាច្រើន សម្រាប់ក្រុមអ្នកវិនិយោគលើវិស័យអចលនទ្រព្យ ដូចជា ប្រមូលអ្នកវិនិយោគផ្នែកនេះមកជុំគ្នា ដើម្បីផ្លាស់ប្តូរព័ត៌មានគ្នា ដូចជាការដាក់លក់អចលនទ្រព្យល្អៗ”។ លោកបន្តថា “គោលបំណងរបស់ក្លឹប ក៏ចង់ឲ្យសមាជិកបានបញ្ចេញសមត្ថភាព បង្កើតជាវគ្គបណ្ដុះបណ្ដាលដល់សមាជិកអំពីការបង្កើតក្រុមហ៊ុនអចលនទ្រព្យដ៏មានប្រសិទ្ធិភាព ការកសាងបណ្ដាញអ្នកវិនិយោគផ្នែកអចលនទ្រព្យ ដែលអាចឲ្យសមាជិកចាប់ដៃគូសហការវិនិយោគ និងពិភាក្សាកិច្ចការផ្សេងៗដើម្បីពង្រីកកាវិនិយោគ និងសំខាន់មួយទៀតនោះគឺ មានឱកាសវិនិយោគផ្ដាច់មុខមុនគេនៅពេលដែលមានអចលនទ្រព្យល្អ”។

ក្លឹបអ្នកវិនិយោគផ្នែកអចលនទ្រព្យ ត្រូវបានផ្ដួចផ្ដើមឡើងដោយសហស្ថាបនិកចំនូនប្រាំរូប គឺលោកម៉ម សិរីបញ្ញាអគ្គនាយកក្រុមហ៊ុនEasy Property Investment Club, លោកចក់ ស៊ីណាតអគ្គនាយកក្រុមហ៊ុនKatry Real Estate, លោកនី ទីណាតអគ្គនាយកក្រុមហ៊ុនBasac Realty លោកសៅ សាខុំអគ្គនាយកក្រុមហ៊ុនBotra Real Estate និងលោកស្រីចេវ សុឃុននាយិកកាក្រុមហ៊ុនKhat Appraisal៕

ការញ័ររង្គើរអគារខ្ពស់កប់ពពកនៅប្រទេសចិន ធ្វើឲ្យមនុស្សផ្អើលរត់ជាន់គ្នាបណ្ដាលឱ្យ អាមេរិកចេញការព្រមានភ្លាមៗ

ដោយៈសុខុម
សៀងហៃ: ស្ថានកុងស៊ុលអាមេរិក ប្រចាំនៅប្រទេសចិន បានចេញការព្រមានជុំវិញអគារខ្ពស់កប់ពពកមួយនៅក្រុងស៊ឹនជិន (Shenzhen) ដែលនៅសុខៗស្រាប់តែរង្គើយ៉ាងចម្លែកបង្កការភ្ញាក់ផ្អើលរត់ជាន់គ្នា ហើយបានជំរុញឱ្យពលរដ្ឋអាមេរិក ចៀសវាងកុំចូលអគារនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets។

ស្ថានកុងស៊ុលនៅក្រុងគ័ងចូវ (Guangzhou) នេះបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ទី១៩ ឧសភាថា ការព្រមានទាក់ទិនអគារ SEG Plaza នឹងនៅជាធរមានរហូតដល់មានការជូនដំណឹងជាថ្មី។ ស្ថានកុងស៊ុលដដែលបានបន្ថែមទៀតថា ពលរដ្ឋអាមេរិក ក៏ត្រូវជៀសវាងតំបន់ជុំវិញអគារនេះផងដែរ។

ជាការឆ្លើយតបជុំវិញករណីបង្កការភ្ញាក់ផ្អើលនេះ ក្រុមហ៊ុនShenzhen Electronics Group Co ដែលជាម្ចាស់អគារនេះបានចេញមុខបកស្រាយថា អ្នកជួលនៅក្នុងអគារនេះមានអារម្មណ៍ថា អគារនេះរញ្ជួយនៅម៉ោង១២ និង៣១នាទីថ្ងៃត្រង់កាលពីថ្ងៃអង្គារ ទី១៨ឧសភា ហើយការគណៈគ្រប់គ្រងអគារ ក៏បានរៀបចំការជម្លៀសមនុស្សចេញភ្លាមៗ។

សេចក្តីថ្លែងការណ៍មួយបង្ហោះលើគេហទំព័ររបស់ខ្លួន ក្រុមហ៊ុនខាងលើបានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យរកមិនឃើញមានស្នាមដីប្រេះ ឬប្រេះជញ្ជាំងអគារឡើយ។

ការិយាល័យគ្រប់គ្រងគ្រោះអាសន្នក្រុងស៊ឹនជិន (Shenzhen Emergency Management Bureau) បានបញ្ជាក់ថា គ្មានការរញ្ជួយដីណាមួយបានកើនឡើងនៅក្នុងទីក្រុងនេះទេ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Shenzhen SEG Co ដែលជាម្ចាស់ភាគហ៊ុនកាន់កាប់ក្រុមហ៊ុន Shenzhen Electronics Group បានដាំក្បាលចុះ៦,៥%ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្លាក់មកដល់កម្រិតទាបបំផុតក្នុងរយៈពេល៣ខែ។ ភាគហ៊ុនក្រុមហ៊ុននេះបានដាំក្បាលចុះ១៦%ក្នុងឆ្នាំនេះ។

យោងតាមគេហទំព័ររបស់ SEGឱ្យដឹងថា អគារដែលមានបញ្ហានេះមានកម្ពស់៧២ជាន់ពីលើផ្ទៃដី និង៤ជាន់ទៀតនៅក្រោមដី៕

វិស័យសំណង់ប្រមាណ៣០ភាគរយបានពន្យាពេលឬផ្អាកការសាងសង់ដោយសារ កត្តាមួយចំនួន

ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកលឹម សុជាតិបានអះអាងថា ការដ្ឋានសំណង់នានាប្រមាណ៣០ភាគរយបានផ្អាក និងពន្យាពេលសាងសង់ដោយសារវិបត្តិកូវីដ១៩។

លោកបានមានប្រសាសន៍ឲ្យដឹងក្នុងសន្និសីទសារព៌តមានស្តីពី “បច្ចុប្បន្នភាពនៃទីផ្សារអចលនវត្ថុកម្ពុជា ក្នុងអំឡុងវិបត្តិកូវីដ១៩នាព្រឹកថ្ងៃទី២០ ឧសភានេះថា ការផ្អាក និងពន្យាពេលសាងសង់គំរោងមួយចំនួន ដោយសារកត្តាធំៗចំនួនពីរ ទី១ កំណើននៃការលក់បានថយចុះ និងទី២ បញ្ហាពិបាកក្នុងការនាំចូលសម្ភារៈសំណង់ និងសម្ភារៈដទៃទៀត ដែលមានបញ្ហាលើការដឹកជញ្ជូនដោយសារជំងឺកូវីដ។

លោកបន្តថា “វិស័យសំណង់ និងអចលនទ្រព្យ ទោះបីមានការធ្លាក់ចុះនូវការវិនិយោគពីបរទេស ប៉ុន្តែវិស័យនេះនៅតែមានភាពរ៉ឹងមាំ និងមានផលចំណេញច្រើន ដែលអ្នកវិនិយោគក្នុងវិស័យនេះ នៅតែមានផលចំណេញ លើកលែងតែការទិញដីឬអចលនទ្រព្យហើយមានជម្លោះ”។លោកបន្តថា “កំនើននៃការវិនិយោគធ្លាក់ចុះឆ្នាំនេះ ដោយសារវិបត្តិកូវីដ១៩ ពិសេសការថមថយរបស់វិនិយោគចិនមកកាន់កម្ពុជា”។

 

រដ្ឋមន្ត្រីទេសចរណ៍ៈ ក្រុមហ៊ុនទេសចរណ៍កំពុងរៀបចំកញ្ចប់នាំភ្ញៀវទៅកាន់គោលដៅមានអត្រាឆ្លងជំងឺកូវីដ១៩ទាប

ដោយៈ សាវុធ
ភ្នំពេញៈ ក្រុមហ៊ុនទេសចរណ៍មួយចំនួន បាននិងកំពុងរៀបចំកញ្ចប់ទេសចរណ៍ ដើម្បីនាំភ្ញៀវទេសចរផ្ទៃក្នុង ទៅកាន់គោលដៅទេសចរណ៍ នៅតាមបណ្តាខេត្តមានអត្រាឆ្លងទាប នៃជំងឺកូវីដ១៩។ នេះបើយោងតាមការបញ្ជាក់របស់លោកបណ្ឌិតថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីម្សិលមិញ។

លោកបានបន្តថា ទេសចរក្នុងស្រុក ពិសេសពីរាជធានីភ្នំពេញ និងខេត្តជុំវិញ បានធ្វើដំណើរទៅកំសាន្តបណ្តើរ ដែលខុសពីរយៈពេល២សប្តាហ៍មុន ដែលភាគច្រើនគឺជាភ្ញៀវក្នុងខេត្តផ្ទាល់តែម្តង។

បណ្តាខេត្ត ដែលមានអត្រាទាប នៃការឆ្លងជំងឺកូវីដ-១៩ ភ្ញៀវទេសចរក្នុងខេត្ត ក៏បានដើរកម្សាន្តកាន់តែច្រើន នៅតាមរមណីយដ្ឋាននានាក្នុងខេត្តខ្លួនផ្ទាល់ ប៉ុន្តែភាគច្រើន គឺជាភ្ញៀវទេសចរ ទៅកម្សាន្តជាលក្ខណៈក្រុមគ្រួសារ និងការជួបជុំជាក្រុមតូច ពិសេសក្រុមយុវជន បានជ្រើសការធ្វើដំណើរ ទៅកាន់តំបន់អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សេងព្រេង ដែលជាកន្លែងមានភាពងាយស្រួល ក្នុងការរក្សាគម្លាតសុវត្ថិភាព។

ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ កំពុងជំរុញការសិក្សាលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ ដែលមកពីទីផ្សារណាមានហានិភ័យទាប នៅក្នុងនៅក្នុងជំហ៊ានដំបូងរបស់ខ្លួន ដែលរំពឹងថា នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី ៤ខាងមុខនេះ ដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ ដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរពីការរាតត្បាត ជាសកលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ នេះបើតាមការបញ្ជាក់ពីឯកលោកបណ្ឌិតថោង ខុន។

លោកបានមានប្រសាសន៍ថា ចំពោះផែនការបើកដំណើរការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះ ក្នុងជំហ៊ានដំបូង ក្រសួងទេសចរណ៍ និងធ្វើការជាមួយក្រសួងសុខាភិបាល អំពីលក្ខខណ្ឌឲ្យប្រាកដថាតើយើងនឹងតម្រូវឲ្យភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ហើយ ចូលមកប្រទេសកម្ពុជានោះ ត្រូវធ្វើចត្តាឡីស័កក្នុងកម្រិតណា ឬមិនចាំបាច់ធ្វើចត្តាឡីស័ក បន្ទាប់មកក្រសួងនឹងស្នើសុំគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដើម្បីអនុវត្តកិច្ចការងារនេះ។

លោកបណ្ឌិតបានបន្តថា ទន្ទឹមនឹងអ្វីដែលយើងបានសិក្សាលើទីផ្សារនេះ ក្រសួងទេសចរណ៍ក៏នឹងធ្វើការជាមួយអាជ្ញាធរខេត្ត និងជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងផងដែរ ក្នុងការស្វែងរកការគាំទ្រ ក្នុងការជំរុញការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាកម្មទេសចរណ៍នៅតាមគោលដៅនានា ដើម្បីធានាថា គោលដៅទេសចរណ៍របស់យើងមានសុវត្ថិភាព និងទំនុកចិត្ត ដែលអាចទទួលយកភ្ញៀវទេសចរដែលបានទទួលវ៉ាក់សាំងនេះបានមុន។

ក្រៅពីនេះលោករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ក្រសួងទេសចរណ៍ ក៏នឹងតម្រូវឲ្យគ្រប់គោលដៅទេសចរណ៍ទាំងអស់ ត្រូវគិតអំពីគុណភាពសេវាកម្ម និងតម្លៃឲ្យបានសមរម្យ ជាពិសេស ត្រូវអនុវត្តស្តង់ដារថ្មី ក្នុងបរិបទកូវីដ១៩នេះ ជាមួយវិធានការយ៉ាងម៉ឹងម៉ាត់ គឺ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ក៏ត្រូវធ្វើយ៉ាងណាផ្តល់ទំនុកចិត្តខ្ពស់ដល់ភ្ញៀវទេសចរ តាមរយៈតម្រូវឲ្យបុគ្គលិកបម្រើការងាររបស់ខ្លួន ត្រូវពាក់កាតបុគ្គលិក និងកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាប្រចាំក្នុងអំឡុងពេលបំពេញភារកិច្ចផងដែរ។

លោកបានមានប្រសាសន៍ទៀតថា “យើងនឹងពិនិត្យវាយតម្លៃអំពីគុណភាពសេវាកម្មទេសចរណ៍នៅគ្រប់គោលដៅទាំងអស់ ហើយយើងនឹងដាក់ចុះនូវស្តង់ដារសេវាកម្មទេសចរណ៍នៅក្នុងបរិបទកូវីដនេះ ឲ្យបានរហ័សដើម្បីបញ្ជាក់អំពីសុវត្ថិភាព និងគុណភាពរបស់គោលដៅទេសចរណ៍នីមួយៗ ជូនភ្ញៀវទេសចរអន្តរជាតិ។ យើងធ្វើកិច្ចការងារនេះបណ្តើរៗ ហើយយើងប្រឹងប្រែងទាំងអស់គ្នា ដើម្បីយើងគិតថា អាចនឹងទទួលទេសចរអន្តរជាតិ ពិសេសទេសចរដែលចាក់វ៉ាក់សាំងហើយ នៅក្នុងត្រីមាសទី ៤ឆ្នាំ ២០២១នេះ”។

លោកបានសង្កត់ធ្ងន់ថា “សរុបរួមមក ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនេះ ទី១ គឺការក៏សាងឲ្យបាននូវទំនុកទុកចិត្តដល់អ្នកទេសចរ។ ទី២ គឺគុណភាព និងសេវាកម្មផលិតផលទេសចរណ៍ និងតម្លៃឲ្យបានសមរម្យ និងទី ៣គឺការសម្រួលការធ្វើដំណើរដល់ទេសចរនៅតាមច្រកទ្វារអន្តរជាតិ”៕

ក្រុមអ្នកជំនាញៈអ្នកវិនិយោគអចលនទ្រព្យចិននឹងត្រលប់មកវិញនាពេលឆាប់ៗនេះ

ដោយៈគង់ សូរិយា
ភ្នំពេញៈ បណ្តាថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានអះអាងថា អ្នកវិនិយោគចិននឹងវិលត្រលប់មកកម្ពុជា នៅពេលឆាប់ៗនេះៗ។

ស្ថាបនិកនិងនាយក ក្រុមហ៊ុនឃីរៀលអេស្ទេត លោកសន សៀបបានមានប្រសាសន៍ឲ្យដឹងក្នុងសន្និសីទសារព៌តមានស្តីពី “បច្ចុប្បន្នភាពនៃទីផ្សារអចលនវត្ថុ ក្នុងកំឡុងពេលវិបត្តិកូវីដ១៩នាព្រឹកថ្ងៃទី២០ ឧសភានេះថា ចិនវិនិយោគច្រើននិងបន្តនាំមុខនៅកម្ពុជា បន្ទាប់ពីជំងឺកូវីដ១៩ និងអ្នកវិនិយោគមកពីប្រទេសផ្សេងទៀត ដូចជាអ្នកវិនិយោគកូរ៉េ ជប៉ុន តៃវ៉ាន់ សាំងហ្កាពួរ ថៃជាដើម។

លោកបន្តថា “កំនើនវិនិយោគចិន ដោយសារទំនាក់ទំនងស៊ីជម្រៅរវាងរដ្ឋាភិបាលកម្ពុជា ចិន ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ការវិនិយោគរបស់ចិនកើន៧០ភាគរយនៅឆ្នាំ២០២០”។

បណ្តាអ្នកវិនិយោគចិន វិនិយោគលើវិស័យសំខាន់ៗជាច្រើន រួមមាន ហេដ្ឋារចនាសម្ព័ន្ឋ ផលិតកម្មនិងគ្រឿងបង្គុំ គំរោងវិស្វកម្ម អចលនទ្រព្យ E-Commerce និងកសិកម្ម។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា យើងនៅតែមានសុទិដ្ឋិនិយម ពីកំនើននៃការវិនិយោគរបស់ចិន និងវិនិយោគបរទេសដទៃទៀត ហើយវិនិយោគរបស់ចិននឹងកើនឡើ់ងវិញនាពេលឆាប់ៗខាងមុខ បន្ទាប់ពីស្ថានភាពជំងឺកូវីដបញ្ចប់។ លោកបន្តថា ចិនចូលចិត្តវិនិយោគនិងរស់នៅបែបជាសហគមន៍ ដែលបច្ចុប្បន្នចិនផ្តោតលើការវិនិយោគនៅទីតាំងចំនួនពីរ ទី១ គឺនៅក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។

លោកបន្តថា “ការត្រលប់មកវិញរបស់អ្នកវិនិយោគចិន នឹងធ្វើឲ្យទីផ្សារនេះមានភាពប្រសើរឡើង ហើយការលក់អចលនទ្រព្យទោះបីមានវិបត្តិកូវីដក្តី ប៉ុន្តែការលក់អចលនទ្រព្យបានពឹងផ្អែកលើបច្ចេកវិទ្យាច្រើន ដែលធ្វើឲ្យគំរោងមួយចំនួននៅតែលក់បាន បើទោះបីជាមិនមានភាពល្អប្រសើរដូចមុនពេលមានវិបត្តិក្តី”៕

ការសិក្សាៈ កម្ពុជា ឡាវ និងវៀតណាមទទួលបានកំណើនក្នុងការនាំចេញនិងផលិតកម្ម ខណៈមីយ៉ាន់ម៉ាដាំក្បាលចុះ

ដោយៈ ម៉ាណេត
ភ្នំពេញៈ របាយការណ៍របស់ក្រុមហ៊ុន Maybank Kim Eng របស់ម៉ាឡេស៊ី បានឱ្យដឹងថា សេដ្ឋកិច្ចរបស់វៀតណាមនឹងនាំមុខគេ ក្នុងចំណោមប្រទេសបណ្តាប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើនទាំង៤ នៅអាស៊ានដែលគេស្គាល់ថាជា CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Times នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

របាយការណ៍ ដែលពិពណ៌នាអំពីការស្ទុះងើបឡើងវិញនៃតំបន់មានភាពយឺតយ៉ាវ និងមិនស្មើគ្នានេះ បានកត់សម្គាល់ថា ឥឡូវនេះ វៀតណាមនាំមុខក្នុងតំបន់ ដោយការនាំចេញ និងផលិតកម្មបានឈានដល់កម្រិតខ្ពស់ជាងកម្រិតមុនជំងឺរាតត្បាតរួចទៅហើយ។

របាយការណ៍បានឱ្យដឹងទៀតថា ប្រទេសនេះបានផ្លាស់ប្តូរវិបត្តិសេដ្ឋកិច្ចដោយជោគជ័យកាលពីឆ្នាំមុន។ ការនាំចេញបានកើនឡើង២៩,៦ភាគរយ ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២១នេះ ដោយទទួលបានកំណើនខ្លាំងលើផ្នែកគ្រឿងម៉ាស៊ីន កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិក។ ពេញមួយឆ្នាំ២០២០ ការនាំចេញរបស់ប្រទេសនេះកើនឡើង៦,៩ភាគរយ។

ការផ្លាស់ប្តូរទៅកន្លែងលក់រាយ និងកន្លែងកំសាន្តក៏កំពុងងើបឡើងដល់កម្រិតមុនជំងឺកូវីដ១៩ផងដែរ ទោះបីករណីថ្មីៗនេះធ្វើឱ្យឱ្យការចល័តរបស់ប្រជាជនធ្លាក់ចុះ២០ភាគរយក៏ដោយ។

ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុន Maybank នៅតែព្យាករថា ក្នុងមួយឆ្នាំ២០២១ សេដ្ឋកិច្ចវៀតណាមនឹងមានកំណើន៦,៥ ភាគរយ។
ទោះយ៉ាងណា ក្រុមហ៊ុននឹងកាត់បន្ថយទស្សនវិស័យរបស់ខ្លួន សម្រាប់ប្រទេស៣ផ្សេងទៀត។ បច្ចុប្បន្នប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងងើបឡើងវិញដោយខ្សោយជាង៤,២ភាគរយ។ ឡាវត្រូវបានរំពឹងថានឹងកើនឡើង៤,៨ភាគរយជំនួស៦ភាគរយ ហើយមីយ៉ាន់ម៉ាអាចចុះ៨ ភាគរយ ធ្លាក់ចុះពី៣ភាគរយ។

ខណៈប្រទេសកម្ពុជា និងឡាវកំពុងប្រយុទ្ធប្រឆាំងនឹងរលកឆ្លងថ្មីនៃជំងឺកូវីដ១៩ និងប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមនឹងភាពចលាចលនយោបាយរបស់ខ្លួន ដែលអាចជំរុញឱ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជ្រៅ។

ដូច្នេះសេដ្ឋកិច្ចមីយ៉ាន់ម៉ាត្រូវបានរំពឹងថានឹងធ្លាក់ចុះខ្លាំង ខណៈវៀតណាម បន្ទាប់មកប្រទេសកម្ពុជា និង ឡាវ កំពុងទទួលបាននូវកំណើនក្នុងការនាំចេញ និងផលិតកម្មនៅឆ្នាំនេះ ខណៈតម្រូវការលើពិភពលោកបានកើនឡើង៕