ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញបានមើលឃើញថា ទីផ្សារអចលនទ្រព្យនៅតែមានឱកាសរីកចម្រើន និងទាញយកផលចំណេញ ហេតុនេះទើបក្រុមហ៊ុនអចលនទ្រព្យថ្មីៗបានឈានមកកាន់ទីផ្សារកម្ពុជា។
លោកស្រីអាន សុធីតាអ្នកជំនាញនិងវិភាគអចលនទ្រព្យនៅកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ទីផ្សារកម្ពុជានៅមានឱកាសច្រើន សំរាប់ការវិនិយោគ ដូចជា ទី១ ទីផ្សារនៅតែផ្តល់ផលចំណេញដល់អតិថិជន និងអ្នកវិនិយោគ ទី២ ការចូលមករបស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ នឹងជួយពង្រឹងជំនាញដល់ធនធានមនុស្សរបស់យើង ទី៣ ជួយផ្តល់ការប្រឹក្សាល្អដល់អ្នកវិនិយោគ ដែលអាចបង្កើតប្រាក់ចំណេញបាន និងទី៤ ជំរុញឲ្យវិស័យនេះកាន់តែទទួលបានទំនុកចិត្តពីអតិថិជន។
លោកស្រីបន្តថា “ការចូលមកកាន់ទីផ្សារកម្ពុជា របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិថ្មីៗ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនានាបង្ហាញថា ទីផ្សាររបស់យើងនៅតែមានឱកាសរីកចម្រើន”។
ជាមួយគ្នានេះ អ្នកវិភាគដទៃទៀតក៏បានមើលឃើញថា ទីផ្សារកម្ពុជាប្រៀបដូចជាអេប៉ុងមិនទាន់ជក់ទឹក ដែលមានឱកាសស្រូបទឹក ឬស្រូបយកឱកាសចំណេញបានច្រើនបន្ថែមទៀត។
យោងតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodiaនាពេលកន្លងមកបានបង្ហាញថា ផលចំណេញពីការវិនិយោគនៅកម្ពុជាមានកម្រិតខ្ពស់ ធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ ដោយកម្ពុជាមានអត្រាចំណេញពីការវិនិយោគចន្លោះពី៥ទៅ៧ភាគរយក្នុងមួយឆ្នាំ ខណៈប្រទេសក្នុងតំបន់មានចន្លោះពី៤ទៅ៥ភាគរយប៉ុណ្ណោះ៕