ដោយៈវឌ្ឈនៈ
ព្រះសីហនុៈ គម្រោងបង្កើតទីក្រុងរាម ក្នុងខេត្តព្រះសីហនុ ដែលវិនិយោគទឹកប្រាក់១៦ពាន់លានដុល្លារអាមេរិក គឺជាដែកឆក់មួយក្នុងការទាក់ទាញ វិនិយោគិនបរទេសជាពិសេសវិនិយោគិនចិន ចូលទៅបណ្ដាក់ទុនវិនិយោគក្នុងខេត្តព្រះសីហនុ ខណៈរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសយកខេត្តព្រះសីហនុជាគំរូអភិវឌ្ឍន៍ តាមទីក្រុងស៊ិនជិនរបស់ប្រទេសចិន។
អ្នកជំនាញនៃវិស័យអចលនទ្រព្យបានលើកឡើងផងដែរថា រាល់គម្រោងធំៗនានាតែងតែផ្ដល់អត្ថប្រយោជន៍ និងទាក់ទាញវិនិយោគិនដទៃទៀត ឲ្យចូលមកបណ្ដាក់ទុនវិនិយោគនៅនៅក្បែរៗគម្រោងនោះ ។ ជាក់ស្ដែងគម្រោងទីក្រុងរាមនេះ វានឹងក្លាយជាសក្ដានុពលទាក់ទាញ វិនិយោគិនដទៃទៀតចូលទៅបណ្ដាក់ទុនវិនិយោគនៅក្នុងតំបន់នោះ ។
លោកសន សៀប ស្ថាបនិក និងជានាយកក្រុមហ៊ុន ឃីរៀលអ៊ីស្ទេតបានឱ្យដឹងថាកំពង់សោមនៅតែមានកត្តាទាក់ទាញវិនិយោគិន ឲ្យចូលទៅបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ ក៏ប៉ុន្តែមួយរយៈនេះខេត្តព្រះសីហនុ ហាក់នៅមានភាពស្ងប់ស្ងាត់ តែមិនមែនមានន័យថាវាឆ្អែតដល់កម្រិត និងលែងមានវិនិយោគិនចូលទៅបណ្ដាក់ទុននោះទេ ។
លោកបន្តថា “វិនិយោគិនបរទេស នឹងចូលមកកម្ពុជាហើយស្វែងរកការវិនិយោគនៅក្នុងខេត្តព្រះសីហនុនៅពេលឆាប់ៗខាងមុខនេះ ជាពិសេសវិនិយោគិនចិន ពីព្រោះយើងមើលគំរូនៃការអភិវឌ្ឍ នៅក្នុងខេត្តព្រះសីហនុ គឺមានភាពទាក់ទាញសម្រាប់វិនិយោគិនចិន”។លោកបន្តថា “ក្រុងព្រះសីហនុអាចចាត់ទុកថា ជាបណ្ដុំវិនិយោគិនចិនដ៏មានសក្ដានុពលនៅពេលខាងមុខនេះ ខណៈខេត្តមួយនេះ ក៏បានត្រៀមខ្លួនក្នុងការស្វាគមន៍វិនិយោគិននានា ចូលទៅបណ្ដាក់ទុនរួចជាស្រេច ដូចជា ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង មានបណ្ដុំរោងចក្រ ឧស្សាហកម្មធំៗ ជាពិសេសតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តនេះផ្ទាល់តែម្ដង”។
ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់ នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យAdvance ក៏បានឱ្យដឹងផងដែរថា គម្រោងរាមស៊ីធីនេះដែរ វាអាចចាត់ទុកជាគម្រោងមួយធំនៅក្នុងខេត្តព្រះសីហនុ ហើយវានឹងក្លាយជាកត្តាទាក់ទាញវិនិយោគិននៅក្នុងខេត្តព្រះសីហនុ។
លោកបន្តថា “ការវិនិយោគទៅលើគម្រោងដ៏ធំនេះ ជាជំហានដំបូងនឹងត្រូវការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធនានា នៅជុំវិញគម្រោង និងតភ្ជាប់ពីផ្លូវធំពីទីក្រុងទៅកាន់ទីតាំងគម្រោង”។លោកបន្តថា “ដូច្នេះវានឹងជួយអភិវឌ្ឍន៍ទាក់ទាញ និងជំរុញសក្ដានុពលនៅក្នុងខេត្តនេះ បានមួយកម្រិតទៀតផងដែរ”។
លោកប៉ូ អ៊ាវគង់បានបន្តថា វាជាចំនុចទាក់ទាញមួយល្អប្រសើរ ពីព្រោះបើយើងក្រលេកទៅមើលសណ្ឋានដីនៅរាម ក៏មានលក្ខណៈខុសប្លែកពីតំបន់កណ្ដាល ក្រុងព្រះសីហនុ ហើយបើតាមការសន្និដ្ឋាន គម្រោងរាមស៊ីធីនេះអាចជាគម្រោងរីសត លក្ខណៈទេសចរណ៍ច្រើនអគារខ្ពស់ៗ។
បើតាមលោកឃាង ភារម្យអ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឱ្យផងដែរថា គម្រោងរាមស៊ីធីបាន និងកំពុងមមាញឹកក្នុងអភិវឌ្ឍន៍ បើទោះបីជាកម្ពុជាកំពុងប្រឈមនឹងវិបត្តិកូវីដ១៩ក្ដី ហើយតាមរយៈគម្រោងនេះដែរ វាបានជួយផ្ដល់ការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងមកពីតំបន់ផ្សេងៗជាច្រើនផងដែរ ។
លោកបន្តថា “បច្ចុប្បន្ននេះ រដ្ឋបាលខេត្តព្រះសីហនុ បាននិងកំពុងជំរុញការចាក់វ៉ាក់សាំងជូនពលរដ្ឋ ដើម្បីបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈឱ្យឆាប់ និងចាប់ផ្ដើមស្វាគមន៍វិនិយោគិនក៏ដូចជាដំណើរការអាជីវកម្មនានាក្នុងខេត្តនេះឡើយវិញ”៕