ការសិក្សាៈ កម្ពុជា ឡាវ និងវៀតណាមទទួលបានកំណើនក្នុងការនាំចេញនិងផលិតកម្ម ខណៈមីយ៉ាន់ម៉ាដាំក្បាលចុះ

ដោយៈ ម៉ាណេត
ភ្នំពេញៈ របាយការណ៍របស់ក្រុមហ៊ុន Maybank Kim Eng របស់ម៉ាឡេស៊ី បានឱ្យដឹងថា សេដ្ឋកិច្ចរបស់វៀតណាមនឹងនាំមុខគេ ក្នុងចំណោមប្រទេសបណ្តាប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើនទាំង៤ នៅអាស៊ានដែលគេស្គាល់ថាជា CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Times នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

របាយការណ៍ ដែលពិពណ៌នាអំពីការស្ទុះងើបឡើងវិញនៃតំបន់មានភាពយឺតយ៉ាវ និងមិនស្មើគ្នានេះ បានកត់សម្គាល់ថា ឥឡូវនេះ វៀតណាមនាំមុខក្នុងតំបន់ ដោយការនាំចេញ និងផលិតកម្មបានឈានដល់កម្រិតខ្ពស់ជាងកម្រិតមុនជំងឺរាតត្បាតរួចទៅហើយ។

របាយការណ៍បានឱ្យដឹងទៀតថា ប្រទេសនេះបានផ្លាស់ប្តូរវិបត្តិសេដ្ឋកិច្ចដោយជោគជ័យកាលពីឆ្នាំមុន។ ការនាំចេញបានកើនឡើង២៩,៦ភាគរយ ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២១នេះ ដោយទទួលបានកំណើនខ្លាំងលើផ្នែកគ្រឿងម៉ាស៊ីន កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិក។ ពេញមួយឆ្នាំ២០២០ ការនាំចេញរបស់ប្រទេសនេះកើនឡើង៦,៩ភាគរយ។

ការផ្លាស់ប្តូរទៅកន្លែងលក់រាយ និងកន្លែងកំសាន្តក៏កំពុងងើបឡើងដល់កម្រិតមុនជំងឺកូវីដ១៩ផងដែរ ទោះបីករណីថ្មីៗនេះធ្វើឱ្យឱ្យការចល័តរបស់ប្រជាជនធ្លាក់ចុះ២០ភាគរយក៏ដោយ។

ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុន Maybank នៅតែព្យាករថា ក្នុងមួយឆ្នាំ២០២១ សេដ្ឋកិច្ចវៀតណាមនឹងមានកំណើន៦,៥ ភាគរយ។
ទោះយ៉ាងណា ក្រុមហ៊ុននឹងកាត់បន្ថយទស្សនវិស័យរបស់ខ្លួន សម្រាប់ប្រទេស៣ផ្សេងទៀត។ បច្ចុប្បន្នប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងងើបឡើងវិញដោយខ្សោយជាង៤,២ភាគរយ។ ឡាវត្រូវបានរំពឹងថានឹងកើនឡើង៤,៨ភាគរយជំនួស៦ភាគរយ ហើយមីយ៉ាន់ម៉ាអាចចុះ៨ ភាគរយ ធ្លាក់ចុះពី៣ភាគរយ។

ខណៈប្រទេសកម្ពុជា និងឡាវកំពុងប្រយុទ្ធប្រឆាំងនឹងរលកឆ្លងថ្មីនៃជំងឺកូវីដ១៩ និងប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមនឹងភាពចលាចលនយោបាយរបស់ខ្លួន ដែលអាចជំរុញឱ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជ្រៅ។

ដូច្នេះសេដ្ឋកិច្ចមីយ៉ាន់ម៉ាត្រូវបានរំពឹងថានឹងធ្លាក់ចុះខ្លាំង ខណៈវៀតណាម បន្ទាប់មកប្រទេសកម្ពុជា និង ឡាវ កំពុងទទួលបាននូវកំណើនក្នុងការនាំចេញ និងផលិតកម្មនៅឆ្នាំនេះ ខណៈតម្រូវការលើពិភពលោកបានកើនឡើង៕

ចំណេះដឹងអចលនទ្រព្យ កិច្ចសន្យាជួល ចំណេះដឹងទាក់ទងនឹងជីវភាពប្រចាំថ្ងៃ

ដោយៈគង់ ម៉ាលីន

 ភ្នំពេញៈ កិច្ចសន្យាជួលមានសារៈសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកជួលជៀសផុតពីហានិភ័យ ហើយម្ចាស់អចលនទ្រព្យទទួលបាននូវថ្លៃឈ្នូលតាមកិច្ចសន្យាត្រឹមត្រូវ និងជៀសផុសពីជម្លោះ។

ហេតុនេះគេហទំព័រ Propertyarea.asia ដែលជាគេហទំព័រអចលនទ្រព្យ និង​សេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា ដែលតែងតែលើយយកចំណេះដឹងថ្មីៗយកមកចែកជូនអ្នកអានជាប់ជាប្រចាំ។

តាមមាត្រា៥៩៦ នៃក្រមរដ្ឋប្បវេណីបានចែងថា កិច្ចសន្យាជួល គឺសំដៅទៅលើកិច្ចសន្យាមួយ ដែលភាគីម្ខាងឱ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយ ដោយយកកម្រៃ។

ជាទូទៅកិច្ចសន្យាជួល ច្បាប់មិនកំណត់ឱ្យធ្វើជាលាយលក្ខណ៍អក្សរទេ អាចធ្វើឡើងដោយផ្ទាល់មាត់ក៏បាន។ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង កិច្ចសន្យាដែលធ្វើជាលាយ​លក្ខណ៍អក្សរ គឺមានទម្ងន់ជាងកិច្ចសន្យាផ្ទាល់មាត់ ក្នុងករណីមានទំនាស់កើតឡើង។

តាមមាត្រា៥៩៩ នៃក្រមរដ្ឋប្បវេណី បានបញ្ជាក់ថា កិច្ចសន្យាជួលអាចធ្វើឡើងដោយកំណត់រយៈពេល ឬមិនកំណត់រយៈពេល។ ហើយក្នុងករណីបញ្ឈប់ការជួល ភាគីទាំង ២ ត្រូវព្រមព្រៀងគ្នា និងត្រូវមានការជូនដំណឹងឱ្យដឹងជាមុន៕

ការសិក្សាៈ ខ័ណ្ឌសែនសុខក្លាយជាជម្រើសទី១សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានផ្ទាល់ដី

ដោយៈ ម៉ាណេត

ភ្នំពេញៈ ខណ្ឌសែនសុខ ចាប់ផ្តើមមានសន្ទុះលើតម្រូវការអចលនទ្រព្យ យ៉ាងឆាប់រហ័ស ទាំងការអភិវឌ្ឍលើវិស័យបុរីលំនៅដ្ឋាន អគារខ្ពស់ដូចជា គម្រោងអគារខុនដូ អគារពាណិជ្ជកម្ម និងផ្សារទំនើបជាដើម ខណៈលក្ខណៈភូមិសាស្ត្រពិសេស នៅក្នុងខណ្ឌនេះជំរុញឱ្យតំបន់ក្លាយជម្រើសទី១សម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia  ចេញផ្សាយកាលពីថ្មី​ៗនេះបានឱ្យដឹងថា ខ័ណ្ឌសែនសុខ នៅតែជាជម្រើសទី១ សម្រាប់គម្រោងអភិវឌ្ឍលំនៅដ្ឋានផ្ទាល់ដីជាច្រើន ដោយសារតែផ្ទៃរៀបស្មើដ៏ធំទូលាយរបស់ខ័ណ្ឌមួយនេះ ការរីកចម្រើ​ននូវបណ្ដាញផ្លូវថ្នល់ និងការកើនឡើងវត្តមានស្ថាប័ន សម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្ម ដែលជម្រុញឱ្យមានចលនាសកម្មភាពសេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់។

ខ័ណ្ឌច្បារអំពៅ ដែលស្ថិតនៅម្ខាងទៀតនៃទីក្រុងភ្នំពេញ ឈរនៅលេខរៀងឆ្ងាយទី២ សម្រាប់ការផ្គត់ផ្គង់គេហដ្ឋាននាពេលបច្ចុប្បន្ន។ ខ័ណ្ឌដែលមានលក្ខណៈជ្រោយកោះមួយនេះ ជាទិសដៅប្រកបដោយភាពពេញនិយម សម្រាប់អ្នកអភិវឌ្ឍបុរី។ ទោះបីជាយ៉ាងណាក៏ដោយ ខ័ណ្ឌដង្កោរ នឹងវ៉ាដាច់ខ័ណ្ឌច្បារអំពៅ សម្រាប់ការផ្គត់ផ្គង់លំនៅដ្ឋាន បើសិនជារាល់គម្រោង ដែលត្រូវបានចុះបញ្ជីរទាំងអស់ក្នុងខ័ណ្ឌមួយនេះ ត្រូវបានបញ្ចប់។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរធ្លាប់ថ្លែងប្រាប់ថា បច្ចុប្បន្នខណ្ឌសែនសុខ បានប្រែក្លាយជាតំបន់ពាណិជ្ជកម្មកម្រិតខ្ពស់រួចទៅហើយ ព្រោះតំបន់នេះបានបំពេញ ទៅដោយគម្រោងបុរីលំនៅដ្ឋានធំៗ ក៏ដូចជាបណ្តុំលំនៅដ្ឋានកម្រិតខ្ពស់ រួមជាមួយវត្តមាននៃអគារខ្ពស់ៗ ដែលបម្រើឱ្យវិស័យពាណិជ្ជកម្ម។

លោកស្រីបញ្ជាក់ថា “កាលពីមុនតំបន់ខណ្ឌសែនសុខ សម្បូរទៅនឹងការវិនិយោគលើគម្រោងលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម ប៉ុន្តែឥលូវខុសពីមុន”។ លោកស្រីបានបន្តថា “ការវិនិយោគលើគម្រោងលំនៅដ្ឋានកម្រិតមធ្យមនៅតំបន់នេះ លែងមានទៀតហើយ ប៉ុន្តែសម្រាប់គម្រោងមជ្ឈមណ្ឌល ពាណិជ្ជកម្មគឺនៅមានឱកាស ជាពិសេសវិស័យខុនដូកម្រិតមធ្យម ដោយសារតែតម្លៃដីនៅតំបន់ខណ្ឌនេះ បានឡើងខ្ពស់ផុតពីកម្រិតនៃការអភិវឌ្ឍវិស័យលំនៅដ្ឋានកម្រិតទាប ឬក្រោមមធ្យមនោះទៀតហើយ”។

ទិន្នន័យដែលចេញផ្សាយដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាក្នុងឆមាសទី១ ឆ្នាំ ២០២០ នេះមានតម្លៃជាង៣,៨៤ពាន់លានដុល្លារ កើនឡើង១៣,២៦ ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំមុន។ នៅក្នុងឆមាសទី១ ឆ្នាំនេះការស្នើសុំគម្រោងវិនិយោគលើវិស័យសំណង់មានចំនួន ២ ៥២២ គម្រោង កើនឡើង៤៧៥ ធៀបនឹងឆមាសទី ១ ឆ្នាំមុនមានចំនួន២ ០៤៧ គម្រោង៕

អ្នកជំនាញអន្តរជាតិៈ ល្បឿននៃការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកម្ពុជាបានផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេស

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញអន្តរជាតិបានលើកឡើងថា កម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកម្ពុជា ដែលមានល្បឿនបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងអាស៊ាន នឹងក្លាយជាមធ្យោ​បាយមួយដ៏សំខាន់ ក្នុងការផ្តល់ទំនុកចិត្តដល់ទីផ្សារវិនិយោគ ពិសេសបង្កើនទំនុកចិត្តដល់អ្នកវិនិយោគិនអចលនទ្រព្យ។

នាយកជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia លោក James Hodge បានថ្លែងប្រាប់ឲ្យដឹងតាមអ៊ីម៉េលកាលពីថ្ងៃទី១៨ ឧសភាកមន្លងមកថា កម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកម្ពុជា បានកើនលើសប្រទេសផ្សេងៗទៀតនៅក្នុងអាស៊ាន ហើយនឹងក្លាយជាមធ្យោបាយមួយដ៏សំខាន់ ក្នុងការផ្តល់ទំនុកចិត្តដល់ទីផ្សារវិនិយោគ។

លោកបានឱ្យដឹងថា “ដៃគូវិនិយោគដែលក្រុមហ៊ុនCBRE បានពិភាក្សាជាមួយ បា​នសំដែងការកោតសរសើរ ចំពោះវិធានការរបស់រដ្ឋាភិបាល ដែលបានអនុវត្តកន្លងមក ហើយពួកគេមានជំនឿចិត្តថា ការពន្លឿនការចាក់វ៉ាក់សាំងបែបនេះ នឹងជួយឱ្យប្រទេសកម្ពុជាងើបឡើងវិញ ពីវិបត្តិជំងឺរាតត្បាតលឿនជាងប្រទេសប្រកួតប្រជែង”។

លោកបានថ្លែងបន្តថា ប្រសិនបើកម្មវិធីចាក់វ៉ាក់សាំងជូនពលរដ្ឋបញ្ជាក់ថា ទទួលបានជោគជ័យ ក្នុងការគ្រប់គ្រងបានការផ្ទុះឡើងនៃជំងឺកូវីដ១៩ វានឹងនាំមកនូវលទ្ធភាពមួយ ដែលប្រទេសកម្ពុជាអាចវិលត្រឡប់ ទៅរកកម្រិតប្រក្រតីឡើងវិញ លឿនជាងប្រទេ​សផ្សេងៗ ដែលអាចធ្វើឱ្យកម្ពុជាទាញយកអត្ថប្រយោជន៍ពីវា មុនពេលប្រទេសដទៃទៀត។

លោកបានឱ្យដឹងទៀតថា នេះអាចមានន័យថា នឹងមានការលេចចេញជាថ្មី និងងើបឡើងវិញលឿនជាងមុននៅក្នុងឧស្សាហកម្មទេសចរណ៍បែបនេះ និងបង្កើនទំនុកចិត្តដល់វិនិយោគិន ក្នុងប្រទេសក្នុងរយៈពេលមធ្យម ដែលនឹងជួយលើកកម្ពស់សកម្មភាពនៅក្នុងវិស័យអចលនទ្រព្យផងដែរ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ថា ជារឿងល្អសម្រាប់កម្ពុជា ដែលរាជរដ្ឋាភិបាលបានខិតខំនាំយកវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ មកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ។ ប៉ុន្តែយ៉ាងណាក៏ដោយ បន្ថែមពីលើការចាក់វ៉ាក់សាំងប្រជាពលរដ្ឋ ក៏ត្រូវតែបន្តការរក្សាបង្កើនការប្រុងប្រយ័ត្ន រក្សាអនាម័យ ដដែលទើបហានីភ័យមួយនេះអាចផុតរលត់ក្នុងពេលដ៏ខ្លី។

លោកបញ្ជាក់ថា “ប្រសិនបើបញ្ហាត្រូវបានកាត់បន្ថយបានល្អប្រសើរ នៅត្រឹមពាក់កណ្តាលឆ្នាំនេះ នោះកំណើនទីផ្សារអចលនទ្រព្យកម្ពុជា អាចនឹងចាប់ផ្តើមដំណើរការល្អឡើងវិញនៅត្រឹមចុងឆ្នាំ ឬដើមឆ្នាំ២០២២ ជាពិសេសបន្ទាប់ពីស្ថានភាពនៃបណ្តាប្រទេសជាដៃគូវិនិយោគជាមួយកម្ពុជា មានភាពល្អប្រសើរឡើងវិញ ហើយកំណើនសេដ្ឋកិច្ចរបស់ពួកគេក៏ចាប់ផ្តើមមានកំណើនឡើងវិញ”។

រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ រហូតមកដល់ពេលនេះ ពលរដ្ឋកម្ពុជាចំនួនជាង២លាននាក់បានចាក់វ៉ាក់សាំងរួចរាល់។ ចំនួននេះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈរនៅចំណាត់ថ្នាក់លេខ២ នៅអាស៊ាន ជាប្រទេសចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿន និងច្រើនជាងគេ ខណៈប្រទេសសិង្ហបុរីឈរនៅលេខរៀងទី១។

រាជរដ្ឋាភិបាលកម្ពុជា មានផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា ឱ្យបានខ្ទង់ ១០លាននាក់ និងឱ្យរួចរាល់នៅដំណាច់ឆមាសទី១ ឆ្នាំ២០២២៕

UNCTAD ព្យាករថាសេដ្ឋកិច្ចពិភពលោកនឹងបន្តងើបឡើងវិញក្នុងត្រីមាសទី២នេះស្របពេលទំហំពាណិជ្ជកម្មកើនដល់៦,៦ទ្រីលានដុល្លារ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បាន​បង្ហាញថា សេដ្ឋកិច្ចពិភពលោកក្នុងត្រីមាសទី១ ត្រូវបានមើល ឃើញថា នឹងបន្តងើបឡើងក្នុងត្រីមាសទី២ នៃឆ្នាំនេះ។

ស្ថាប័នរបស់អង្គការសហប្រជាជាតិមួយនេះ បាន លើកឡើងនៅក្នុងសន្និសីទអង្គការស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍនៅថ្ងៃទី១៩ ឧសភា ២០២១កន្លងមក ថា ជាមួយការធ្វើបច្ចុប្បន្នភាពពាណិជ្ជកម្ម ពិភពលោកប្រចាំត្រីមាស ដោយបានបង្ហាញនូវការ ងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ក្នុងត្រីមាស ទី២ឆ្នាំនេះ ដោយសារពាណិជ្ជកម្មផ្នែកទំនិញ និងសេវាកម្មនឹងឡើងដល់៦.៦ទ្រីលានដុល្លារអាមេរិក ពោលគឺកើនឡើង៣១%បើធៀបទៅនឹងឆ្នាំមុន។

របាយការណ៍នោះបានព្យាករថា ពាណិជ្ជកម្ម ពិភពលោកនឹងកើនឡើង១៦%នៅក្នុងឆ្នាំ២០២១ ប៉ុន្តែវាអាស្រ័យទៅលើវិធានការរឹតត្បិ តដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងកត្តាជាច្រើន ទៀតដូចជាសន្ទស្សន៍ថ្លៃទំនិញចាំបាច់។

យោងតាមសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ការងើបឡើង វិញនៃសេដ្ឋកិច្ច នៅតែមានកម្រិតមិនស្មើគ្នា នៅទូទាំងពិភពលោក នៅក្នុងរយៈពេល៣ខែ ដំបូងនេះ ជាពិសេសក្នុងចំណោមបណ្តាប្រទេស កំពុងអភិវឌ្ឍន៍។ ការនាំចេញរបស់បណ្តាប្រទសនៅ អាស៊ីបូព៌ា បានងើបឡើងវិញយ៉ាងខ្លាំង ខណៈដែល ពាណិជ្ជកម្ម របស់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត បានងើបឡើងវិញយ៉ាងយឺត។

ស្ថិតក្នុងចំណោមបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ច ការនាំចេញរបស់ ចិនបានបន្តកើនឡើងខ្លាំង និងកើនលើសកម្រិតមុនពេលកើតមានវិបត្តិកូវីដ១៩។

សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានរំពឹងថា ប្រទេសចិន និងអាមេរិក នឹងក្លាយជាកត្តាជំរុញដ៏សំខាន់ នៃកំណើនពាណិជ្ជកម្មពិភពលោកនៅក្នុងឆ្នាំនេះ ដែលជះឥទ្ធិពលជាវិជ្ជមានដល់ប្រទេសនានា ដែលមានទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធជាមួយប្រទេសទាំងពីរ៕

ខុនដូនិងមជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃជិត៨០០លានដុល្លារចំនួនពីរត្រៀមបង្អួតខ្លួននៅសង្កាត់ទន្លេបាសាក់

ដោយៈគង់ សូរិយា

ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ ថ្មីមួយ តម្លៃ៥៨០លានដុល្លារ និងខុនដូកំពស់ជាង ២០០ម៉ែត្រ និងបោះទុន វិនិយោគប្រមាណ ២០០លានដុល្លារ កំពុងរត់ប្រណាំងជាមួយពេល វេលា ដើម្បីបញ្ចប់តាមផែនការរបស់ខ្លួន។

វត្តមានអាគារពាណិជ្ជកម្មកំពស់ជាង២០០ម៉ែត្រទាំងពីរនេះ បាននិងនឹងផ្លាស់ប្តូរមុខមាត់ រាជធានីភ្នំពេញ។

មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលបាននិងកំពុងឈាន ទៅបញ្ចប់ការសាងសង់នាពេលខាងមុខនេះ គឺគំរោង The PeAk ដែលមានអាគារកំពស់៥៥ជាន់ចំនួន៣ ដែលគំរោងនេះរួមបញ្ចួលនូវផ្សារទំនើ់ប ខុនដូជាង១០០០យូនីត ការិយាល័យកម្រិតផ្កាយ៥ សណ្ឋាគារ Shangri- La កម្រិតផ្កាយ៥ និងសេវាកម្មជាច្រើនទៀត។

គំរោងដ៏ធំនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន World Bridge Group សហការជាមួយក្រុមហ៊ុន Oxley Holding Group ដែលមានមូលដ្ឋាននៅ ប្រទេសសឹង្ហបុរី។

មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះ ត្រូវបានពន្យាពេល ការសាងសង់ និងបញ្ចប់មិនបានតាមផែនការ ដោយសារក្រុមហ៊ុនសាងសង់មានបញ្ហា ប៉ុន្តែបន្ទាប់ពីគំរោងដ៏ធំនិងចំណាយទុនវិនិយោគ៥៨០លានដុល្លារនេះ ផ្លាស់ប្តូរក្រុមហ៊ុនសាងសង់ ធ្វើឲ្យគំរោងនេះបាននិងកំពុងបង្កើនល្បឿនរបស់ខ្លួន។

ខុនដូប្រណីតមួយទៀតកំពស់ជាង២០០ម៉ែត្រ Morgan Tower ដែលវិនិយោគដោយក្រុមហ៊ុន Morgan Group បាននិងកំពុងបង្កើនល្បឿន សាងសង់ផងដែរ ដោយគំរោងនេះស្ថិតនៅលើ ទីក្រុងកោះពេជ្រ។

ខុនដូដ៏ខ្ពស់នេះ ត្រូវបានប្រកាសទុនវិនិយោគ ប្រមាណ២០០លានដុល្លារអាមេរិក ដែលជាគំរោង ប្រណីតមួយ សាងសង់នៅទីតាំងជាប់ចំណាត់ ថ្នាក់លេខ១ នៅរាជធានីភ្នំពេញ ដែលតំបន់នេះ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌល កំសាន្តលំដាប់អន្តរជាតិនាពេលអនាគត៕

សាលមហោស្រពជាតិស្ថាបត្យកម្មដ៏អស្ចារ្យមួយរបស់ចិនមានអ្វីពិសេសដែលគួរស្វែងយល់?

ដោយៈសុខុម

ប៉េកាំង: ក្រឡេកមើលមួយភ្លែត យើងនឹងឃើញអ្វី ម្យ៉ាង ដែលមានរាងមូលដូចស៊ុតហាក់អណ្ដែត លើផ្ទៃទឹកគួររឱ្យចាប់អារម្មណ៍។ តើវាជាអ្វីឱ្ យប្រាកដ?។

ដោយផុសឡើងយ៉ាងត្រដែត នៅកណ្ដាលទឹកបឹង សិប្បនិមិត្ត នោះគឺជាអគារសាលមហោស្រពជាតិ ដ៏ធំសម្បើមរបស់មហាយក្សចិន មានឈ្មោះថា National Centre for the Performing Arts ដែលយើងអាចចាត់ទុកថា ជាសំណង់ស្ថាបត្យកម្ មដ៏អស្ចារ្យមួយប្រចាំសតវត្សរ៍ទី២១។

អគារដែលស្ថិតនៅក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន នេះ ក៏ត្រូវបានគេហៅថាអគារ “The Giant Egg” (អគារស៊ុតយក្ស) ផងដែរដោយសារមានរូបរាង ដូចស៊ុត។

យោងតាមឯកសារបង្ហាញថា អគារកម្ពស់ ៤៦,២៨ម៉ែត្រ ដែលគូរប្លង់ដោយស្ថាប  ត្យករជនជាតិបារាំង ដ៏ល្បីល្បាញលោក Paul Andreu នេះមានប្រវែងអ័ក្សវែងរហូតដល់ទៅ ២១២,២០ម៉ែត្រពីកើតទៅលិច និងប្រវែង អ័ក្សខ្លី១៤៣,៦៤ម៉ែត្រ ពីជើងទៅត្បូង និងផ្ទៃសរុប១១៩,៩០០ម៉ែត្រការ៉េ។

ការដំណើរការសាងសង់អគារនេះ បានចាប់ផ្ដើមនៅ ខែធ្នូ ឆ្នាំ២០០១ ហើយបានបញ្ចប់ជាស្ថាពរនៅ ខែកក្កដា ឆ្នាំ២០០៧ ដោយចំណាយទឹកប្រាក់អស់ រហូតដល់ទៅ៣៦៦លានដុល្លារអាមេរិក។

អគារ The Giant Egg បានជាប់ឈ្មោះ ជាសាលមហោស្រពធំបំផុតនៅអាស៊ី ដោយនៅក្នុងអគារនេះ រួមមាន សាលមហោស្រពអូប៉េរ៉ា រោងភាពយន្ត សាលពិព័រណ៍ ភោជនីដ្ឋាន និងហាងលក់ឧបករណ៍បំពងសំឡេង ជាដើម៕

សិក្សាជំហ៊ានសំខាន់ៗទាំង៩ ពីអ្នកជំនាញអន្តរជាតិ មុនសម្រេចឈានជើងចូលវិនិយោគលើវិស័យអចលនទ្រព្យ

ដោយៈរតនៈ

ភ្នំពេញៈ

ខណៈដែលវិស័យអចលនទ្រព្យត្រូវបានគេមើល ឃើញថា ហាក់ផុសផុល ជាពិសេសនៅតំបន់ដែល អភិវឌ្ឍន៍ខ្លាំង ហើយក្រុមវីនិយោគិនទាំងជាតិ និងអន្តរជាតិបាន និង កំពុងបោះទុនដើម្បីវីនិយោគ លើវិស័យមួយនេះ។

ប៉ុន្តែការវិនិយោគក្នុងវិស័យមួយនេះ ក៏មានហានិភ័យ ខ្ពស់ផងដែរ ហេតុនេះអ្នកជំនាញអន្តរជាតិបានស្នើ ឲ្យអ្នកដែលត្រៀមប្រឡូក ឬបោះទុនវិនិយោគលើ វិស័យនេះត្រូវមើលលើចំណុចសំខាន់ៗចំនូន៩។

លោកស្រីអាន សុធីតា អ្នកជំនាញផ្នែកអចលនទ្រព្យ លំដាប់អន្តរជាតិ បានចែករំលែកថា មុននឹង សម្រេចចិត្តរកស៊ីលើអចលនទ្រព្យទ្រង់ទ្រាយធំ ឬតូច អ្នកវិនិយោគត្រូវសិក្សាលើចំណុចសំខាន់ៗទាំង៩នេះដូចជា

ទី១  ជ្រើសរើសក្រុមអ្នកច្បាប់

មេធាវិគឺជាបុគ្គលដែលសំខាន់ ជាពិសេសមេធាវី ដែលធ្វើការផ្នែកអចលនទ្រព្យតែម្ដង ព្រោះថាមិន មែនមេធាវីណា ក៏អាចផ្ដល់ប្រឹក្សាអំពីការវិនិយោគ លើវិស័យអចលនទ្រព្យបាននោះទេ។

ម្យ៉ាងទៀតមេធាវី ដែលជំនាញខាងអចលនទ្រព្យអាច ចងក្រងកិច្ចសន្យាមួយ ដែលការពារអត្ថប្រយោជន៍ អ្នកវិនិយោគ។

ទី២  ជ្រើសរើសក្រុមការងារផ្នែកគណនេយ្យ និងពន្ឋដា

បច្ចុប្បន្នពន្ធលើអចលនទ្រព្យគឺជារឿងសំខាន់មួយ ព្រោះវាមានភាពស្មុគស្មាញដែលទាមទារឲ្យផ្នែកគណនេយ្យ គិតគូរឲ្យបានច្បាស់លាស់ ធ្វើយ៉ាងណាសន្សំ សំចៃផ្នែកពន្ធឲ្យអស់តិចបំផុត។

ទី៣ គឺជ្រើសរើសអ្នកជំនាញស្រាវជ្រាវទីតាំងដី

អ្នកជំនាញស្រាវជ្រាវទីតាំងដី គឺអាចជួយឲ្យអ្នក វិនិយោគបានដឹងថា អចលនទ្រព្យដែលត្រូវវិនិយោគ នោះមានហានិភ័យឬទេ ហើយអ្នកជំនាញក៏អាចជួយ អ្នកវិនិយោគពិនិត្យអគារថាតើអគារ ដែលវិនិយោគ ហើយនោះអាចប្រើប្រាស់បាន ដោយមិនមានបញ្ហា ឬយ៉ាងណា។

ម្យ៉ាងទៀតអ្នកជំនាញស្រាវជ្រាវដី ក៏អាចដឹថាដីដែល វិនិយោគ នោះអាចប្រើប្រាស់បានទៅលើអ្វីខ្លះ ឧទាហរណ៍ដូចជា សង់អគារ ធ្វើកសិកម្ម។ល។

ទី៤ ភ្នាក់ងារអចលនទ្រព្យ

ភ្នាក់ងារអចលនទ្រព្យ គឺអាចជួយវិនិយោគិន ក្នុងការ សិក្សាពីតម្លៃអចលនទ្រព្យថាតើការទិញមកថ្លៃពេកទេ លក់ទៅវិញថោក ឬថ្លៃពេកជាងទីផ្សារពេកទេ។ជាមួយគ្នានេះភ្នាក់ងារអចលនទ្រព្យ អាចវាយតម្លៃ ពីតម្រូវការអចលនទ្រព្យថា អតិថិជនត្រូវការ អចលនទ្រព្យប្រភេទណា?។ តើការផ្គត់ផ្គង់   ឬលើសតម្រូវការនៅក្នុង​ទីផ្សារ។

ចំនុចសំខាន់មួយទៀត ភ្នាក់ងារអចលនទ្រព្យ អាចវាយតម្លៃបានថា ការវិនិយោគនោះបានប្រាក់ ចំនេញឆ្លើយតបជាមួយអ្នកវិនិយោគឬទេ។

ទី៥ ស្ថាបត្យករ

អ្នកវិនិយោគគឺទាមទារជ្រើសរើសស្ថាបត្យករ ដែលមានជំនាញច្បាស់លាស់ អាចរចនាម៉ូត អគារដែលត្រូវជាមួយទីផ្សារ ដែលត្រូវនឹង រសនិយមរបស់អតិថិជន ព្រមទាំងងាយស្រួល ដល់វិស្វករ។

ទី៦ វិស្វករ

ការងាររបស់វិស្វករគឺជាការងារ ដែលអ្នកវិនិយោគ មិនអាចមើលឃើញ ដូចជាប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ព្រោះថាការរស់នៅក្នុងអគារ ឬសំណង់ មួយប្រព័ន្ធទាំងអស់នេះគឺពិតជាសំខាន់។

ទី៧ ការជ្រើសរើសក្រុមហ៊ុនសំណង់

ក្រុមហ៊ុនសំណង់គឺមានជំនាញខុសៗគ្នា ខ្លះជំនាញ សង់អគារខ្ពស់ ខ្លះជំនាញសង់​ផ្ទះល្វែង ដូច្នេះត្រូវចេះ ជ្រើសរើសក្រុមហ៊ុនសំណង់ណា ដែលត្រូវនឹង គម្រោងដែលវិនិយោគ។

ទី៨ ផ្នែកធនាគារជាដៃគូ

អ្នកវិនិយោគត្រូវសិក្សាថា តើធនាគារណាដែលផ្ដល់ កម្ចីងាយស្រួល ដល់អ្នកវិនិយោគជាមួយនឹងការប្រាក់ សមរម្យ និងមានភាពបត់បែនលើលំហូរឥណទាន របស់ពួកគេ។

ទី៩ ក្រុមហ៊ុនធានារ៉ាប់រង

អ្នកវិនិយោគត្រូវជ្រើសក្រុមហ៊ុនបែបណាដែលមានទំនួលខុសត្រូវខ្ពស់ ហើយត្រូវដឹងថាតើអគារ ដែល យើងសាងសង់នោះ ទាមទារធានារ៉ាប់រងអ្វីខ្លះ និង ចំណាយបែបណា ដើម្បីយកមកប្រៀបធៀបគ្នាពីតម្លៃ នៃការទិញធានារ៉ាប់រង ព្រោះគម្រោងដែលមានការ ធនារ៉ាប់រងច្បាស់លាស់ ជាគំរោងដែលតែងតែ ផ្តល់ទំនុកចិត្តដល់អតិថិជន៕

 

មហាសេដ្ឋីចិត្តធម៌ Lord Haughey គ្រោងបោះទុន២ពាន់លានដុល្លារសាងសង់ផ្ទះតម្លៃធូរថ្លៃរាប់សែនខ្នងដើម្បីជួយដល់អ្នកក្រ

សុខុម

ស្កុតលែន: មហាសេដ្ឋីជំនួញលោក Lord Willie Haughey គ្រោងបោះទុនវិនិយោគរហូតដល់ទៅប្រមាណ២ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្ទះតម្លៃធូរថ្លៃចំនួន១១,០០០ខ្នងនៅស្កុតឡែន សម្រាប់រយៈពេល៩ឆ្នាំខាងមុខ។

យោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី១៨ ឧសភា ឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមានឈ្មោះថា City Facilities Management Holdings ដែលមានមូដ្ឋាននៅទីក្រុង Glasgow ស្កុតលែន បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនអចលនទ្រព្យ Ediston រួចហើយនៅក្នុងគម្រោងនេះ។

មហាសេដ្ឋីចិត្តធម៌រូបនេះបានលើកឡើងថា គម្រោងនេះនឹងជួយពលរដ្ឋកាត់បន្ថយការចំណាយទៅលើថ្លៃឈ្នួលផ្ទះ ហើយបង្វែរការចាប់អារម្មណ៍របស់អ្នកជួលផ្ទះឱ្យងាកមកទិញផ្ទះបង់រំលស់វិញ។

លោកបានប្រាប់សារព័ត៌មាន BBC Scotland ថា “ខ្ញុំកំពុងតែព្យាយាមជួយសម្រាលវិបត្តិលំនៅដ្ឋាន”។ លោកបានបន្ថែមថា “ខ្ញុំបានអានអត្ថបទមួយដែលលើកឡើងថា ពលរដ្ឋវ័យក្មេងបានចំណាយជាង៥០%នៃប្រាក់ចំណូលរបស់ពួកគេទៅលើលំនៅដ្ឋាន។ ខ្ញុំគិតថាត្រូវតែមានវិធីប្រសើរជាងនេះ នោះគឺផ្ទះដែលមានតម្លៃធូរថ្លៃដែលមានក្នុងគម្រោងនេះ”។

ក្រុមហ៊ុនអចលនទ្រព្យ Ediston ដែលមានមូដ្ឋាននៅក្រុង Edinburgh បានទិញយកភាគហ៊ុន២៤%នៅក្នុងក្រុមហ៊ុនរបស់លោកក្នុងតម្លៃ៩០៦លានដុល្លារអាមេរិក។

បុរសវ័យ៦៤ឆ្នាំរូបនេះសង្ឃឹមថា ការចាប់ដៃគូសហការនៅក្នុងគម្រោងសាងសង់លំនៅដ្ឋាននេះនឹងជួយដោះស្រាយកង្វះខាតលំនៅដ្ឋាននៅស្កុតលែន។ លោកបានបន្ថែមថា សម្រាប់ផ្ទះថ្មីដែលមានផ្ទៃសរុប១១១ម៉ែត្រការ៉េទាំងនេះ អ្នកទិញបង់រំលស់ត្រឹមតែ១.០០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ លោកបានគូសបញ្ជាក់ថា “គ្មានអ្នកណាលក់ផ្ទះក្នុងតម្លៃធូរថ្លៃបែបនេះទេ”៕

Mini Martធំជាងគេរបស់ថៃ 7 Elevanនឹងបើកដំណើរការជាលើកដំបូងក្រុង ភ្នំពេញនាខែកក្កដាខាងមុខនេះ

ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ការឈានជើងមកចាប់យកចំណែក ទីផ្សាររបស់ផ្សារបែបMini Mart 7 Eleven នៅកម្ពុជាទទួលជោគជ័យកម្រិតណា អ្វីៗនឹងបង្ហាញលទ្ឋផលនៅពេលផ្សារនេះបើកដំណើរការនៅខែកក្កដាខាងមុខ។

យោងតាមសេចក្ដីប្រកាសជាផ្លូវការបស់នាយកដ្ឋាន ជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) របស់ក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងកាលពីពេលថ្មីៗនេះថា 7 Eleven នឹងបើកដំណើរការដំបូង នៅស្ថានីយ៍ប្រេងឥន្ឋនៈ ក្នុងខ័ណ្ឌព្រែកព្នៅ ក្រុងភ្នំពេញ។ បច្ចុប្បន្ន ក្រុមការងារកំពុងបញ្ចប់ការសាងសង់ និងការតុបតែងផ្នែកខាងក្នុង។ ដូច្នេះបើការបិទខ្ទប់មិនប៉ះពាល់ខ្លាំងដល់ការងារនេះទេ ផ្សារ 7-Eleven នឹងបើកតាមផែនការ។
ក្រុមហ៊ុនដ៏ធំរបស់ថៃឈ្មោះ CP All (Cambodia) Plc ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារនេះ បានបញ្ជូនបុគ្គលិកជាន់ខ្ពស់ពីប្រទេសថៃមកកម្ពុជារួមហើយ ខណៈនេះកំពុងជ្រើសរើសបុគ្គលិកក្នុងស្រុកបន្ថែមទៀតជាច្រើនអ្នក។