ដោយៈសុខុម
ស៊ីដនី: វិនិយោគិនផ្នែកហេដ្ឋារចនាសម្ព័ន្ធមួយក្រុម បានស្នើសុំទិញយកក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋានអូស្ត្រាលី ដែលកាន់កាប់អាកាសយានដ្ឋានអន្តរជាតិក្រុងស៊ីដនីSydney Airport ១០០% ក្នុងតម្លៃ១៦,៧ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី៥ កក្កដា នេះ។
សំណើសុំទិញនេះកើតមានឡើង ខណៈអត្រាការប្រាក់ទាបបំផុតមិនធ្លាប់មានបានជំរុញក្រុមអ្នកគ្រប់គ្រងមូលនិធិសោធននិវត្ដន៍ (Pension Fund) និងអ្នកគ្រប់គ្រងការវិនិយោគរបស់ពួកគេ ចង់បានទិន្នផលខ្ពស់ជាងមុន។ ការទិញយកក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋានរួមទាំងបំណុលផងនេះ នឹងធ្វើឱ្យពួកគេទទួលបានផលចំណេញច្រើន នៅពេលព្រំដែនបើកឡើងវិញ ហើយតម្រូវការធ្វើដំណើរវិល មករកសភាពប្រក្រតីឡើងវិញ។
យោងតាម Refinitiv ដែលជាក្រុមហ៊ុនផ្ដល់ទិន្នន័យទីផ្សារហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោកឱ្យដឹងថា ប្រសិនបើទទួលជោគជ័យ ការទិញយកអាកាសយានដ្ឋានធំបំផុតរបស់អូស្រ្តាលីមួយនេះ នឹងក្លាយជាកិច្ចព្រមព្រៀងទិញលក់ធំបំផុតក្នុងប្រទេសនេះ បើធៀបទៅនឹងការទិញយកក្រុមហ៊ុន ប្រតិបត្តិករផ្សារទំនើបអូស្ត្រាលី Westfield Group ដោយក្រុមហ៊ុនបារាំង Unibail-Rodamco ក្នុងតម្លៃ២២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧។
វាក៏នឹងជាប់ចំណាត់ថ្នាក់ជាកិច្ចព្រមព្រៀងធំបំផុតទី៨ និងជាកិច្ចព្រមព្រមព្រៀងទិញលក់អាកាសយានដ្ឋានធំបំផុតទី២ ទូទាំងពិភពលោកផងដែរប្រចាំឆ្នាំ២០២១ ក្រោយការទិញយកក្រុមអាកាសយានដ្ឋាន Heathrow Airport ក្នុងប្រទេសអង់គ្លេស ក្នុងតម្លៃ៣០,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០០៦។
ទោះជាយ៉ាងណា ក្រុមហ៊ុនអាកាសយានSydney Airport បានគូសបញ្ជាក់ថា តម្លៃដែលផ្ដល់ឱ្យនេះ គឺទាបជាងតម្លៃភាគហ៊ុនរបស់ខ្លួន នៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ហើយថា ខ្លួននឹងយកសំណើសុំទិញនេះទៅពិចារណាសិន មុននឹងឈានដល់ការសម្រេចចិត្ត។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនប្រតិបត្តិករ អាកាសយានដ្ឋានមួយនេះ បានហក់ឡើងខ្ពស់មិនធ្លាប់មានរហូតដល់៦,៦៨ដុល្លារអាមេរិក កាលពីខែមករា ដើមឆ្នាំ២០២០ មុនពេលវិបត្តិកូវីដ-១៩ ដែលបានធ្វើឱ្យតម្រូវការធ្វើដំណើរដាំក្បាលចុះដល់ចំណុចបាត៕