ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញបានអះអាងថា វិនិយោគិនក្នុងស្រុកបានចាប់ផ្តើមបោះទុនកាន់តែធំលើគំរោងវិនិយោគរបស់ពួកគេ ពិសេសការវិនិយោគលើដីធ្លី ដើម្បីស្វែងរកផលចំណេញ និងគំរោងអភិវឌ្ឍន៍នាពេលអនាគត។
លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បច្ចុប្បន្នអ្នកវិនិយោគក្នុងស្រុកបាននិងកំពុងវិនិយោគ លើគំរោងអភិវឌ្ឍន៍នានាកាន់តែច្រើន ពិសេសការវិនិយោគលើដីធ្លីនិងអាជីវកម្មនានា ដែលមានទំហំទឹកប្រាក់ចាប់ពី១លានដុល្លារអាមេរិកឡើងទៅ។
លោកស្រីបន្តថា “ការបង្កើនទំហំទុនវិនិយោគ ដោយសារពួកគេជឿជាក់លើទីផ្សារ និងស្ថានភាពសេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញលឿននៅបណ្តាឆ្នាំខាងមុខ និងផលចំណេញពីការវិនិយោគនៅកម្ពុជានៅតែមានកម្រិតខ្ពស់”។ លោកស្រីបន្ថែមថា “ប្រជាពលរដ្ឋកម្ពុជាបាន និងកំពុងរៀនរស់នៅជាមួយជំងឺកូវីដ ដែលជំងឺនេះវានឹងមិនទៅណានោះទេ ប៉ុន្តែយើងនៅតែបង្កើនការប្រុងប្រយ័ត្ន”។
លោកស្រី Grace Rachny Fong បានបន្តថា ការវិនិយោគរបស់វិនិយោគិនក្នុងស្រុកបានងើបឡើងវិញហើយ ដោយគំរោងធំៗជាច្រើន បានចាប់ផ្តើមប្រកាសសាងសង់ និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល នៅតែបន្តឆ្ពោះទៅមុខ ដែលបានចូលរួមលើកកំពស់វិស័យអចលនទ្រព្យនៅកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង។
ជាមួយគ្នានេះ លោកស្រីអាន សុធីតាអ្នកជំនាញនិងវិភាគអចលនទ្រព្យបានមានប្រសាសន៍ឲ្យដឹងផងដែរថា បច្ចុប្បន្នវិនិយោគិនអន្តរជាតិ មិនទាន់ចូលមកនៅឡើយទេ ហេតុនេះ វិនិយោគិនក្នុងស្រុកកំពុងដើរតួជំនួស និងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការជំរុញសេដ្ឋកិច្ចជាតិ ប៉ុន្តែលំហូរទុនវិនិយោគពីបរទេស ទើបធ្វើឲ្យកម្ពុជាមានភាពរីកចម្រើនលឿន ដោយសារទំហំទុនរបស់ពួកគេ និងធនធានមនុស្ស បច្ចេកទេសរបស់ពួកគេមានភាពប្រសើរ ដែលជួយឲ្យកម្ពុជាអាចរៀនសូត្របានច្រើនពីអន្តរជាតិ។
លោកស្រីបន្តថា “វិនិយោគិនក្នុងស្រុកពិតជាសំខាន់ ប៉ុន្តែយើងត្រូវការទុនវិនិយោគពីបរទេសកាន់តែច្រើនកាន់តែល្អ ដើម្បីធ្វើឲ្យវិស័យអចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ចជាតិរីកចម្រើនលឿនថែមទៀត”៕