គំរោងអភិវឌ្ឍន៍លំនៅដ្ឋានស្រូបទឹកប្រាក់ជាង២៣០០លានដុល្លារក្នុងរយៈ ពេល៥ខែឆ្នាំនេះ

0

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័ត គម្រោងសំណង់លំនៅឋានចំនួន១.៦០៧ ជាមួយទុនវិនិយោគប្រមាណ២.៣៤៩លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដំបូង ឆ្នាំ២០២១នេះ។ នេះបើតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចសង្គមនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចេញផ្សាយនៅដើមខែកក្កដា ២០២១នេះ។

របាយការណ៍បានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ដំណាច់ខែឧសភា ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យគម្រោងសាងសង់សរុបចំនួន១.៨២៣គម្រោង ធ្វើការសាងសង់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ មានការធ្លាក់ចុះប្រមាណ ២៧៨គម្រោង។

នៅក្នុងរបាយការណ៍ដដែលនេះបានបង្ហាញថា នៅក្នុងចំណោមគម្រោង ដែលអនុញ្ញាតឱ្យសាងសង់ជាង១៨០០គម្រោងនោះ មានគម្រោងសំណង់លំនៅឋានចំនួន១.៦០៧គម្រោងស្មើនឹងប្រមាណ៨៧,៩ភាគរយ នៃសំណើសុំសាងសង់សរុប ធ្លាក់ចុះចំនួន១៣៩គម្រោង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គម្រោងលំនៅឋាន ដែលត្រូវបានអនុញ្ញាតសាងសង់ គិតជាទឹកប្រាក់មានប្រមាណ២.៣៤៩លានដុល្លារអាមេរិកធ្លាក់ចុះ ៣២,៦ភាគរយ។

របាយការណ៍ដដែលនេះបានបង្ហាញទៀតថា រយៈពេល៥ខែ ឆ្នាំ២០២១នេះស្ថានភាព វិនិយោគនៅតែមិនទាន់ល្អប្រសើរឡើងទេ ជាក់ស្ដែងគម្រោងវិនិយោគឯកជនសរុបមានចំនួនតែ៤៥គម្រោង (គម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ចពិសេស) និងបានធ្លាក់ចុះរហូតដល់ទៅ៤៧គម្រោង មានលទ្ធភាពបង្កើតការងារជូនពលរដ្ឋថ្មីៗ តែ៣ម៉ឺននាក់ប៉ុណ្ណោះ ធ្លាក់ចុះរហូតដល់៥៦,២ភាគរយ មានទុនវិនិយោគសរុប៨២៥លានដុល្លារអាមេរិក ធ្លាក់ចុះ ដល់ទៅ៥៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប៉ុន្តែបើសិនជាស្ថានភាពកូវីដ១៩នៅកម្ពុជាប្រសើរមែន តែក្នុងតំបន់និងពិភពលោកនៅតែបន្តធ្ងន់ធ្ងរ វិនិយោគិននិងទេសចរអន្តរជាតិ នៅតែមិនអាចចេញធ្វើដំណើរបាន ដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ស្ថិតក្នុងភាពមិនប្រាកដប្រជាដដែល។

ការកត់សម្គាល់ស្ថានភាពអភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជារយៈពេលកន្លះឆ្នាំមកនេះ ក៏នៅតែមានបន្តដដែល ទោះបីជាស្ថានភាពកូវីដ១៩ ក្នុងស្រុករាលដាលខ្លាំងនិងឈានដល់ការបិទទីក្រុងធំៗពីរនៅកម្ពុជាក្ដី ទាំងការអភិវឌ្ឍលំនៅឋានសម្រាប់ផ្គត់ផ្គង់ទៅកាន់តម្រូវការជាក់ស្ដែង និងសកម្មភាពនៃការវិនិយោគលើវិស័យមួយចំនួនទៀតផងដែរ។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា ទីផ្សារលំនៅដ្ឋាននៅតែបន្តទៅមុខ ប៉ុន្តែគំរោងអភិវឌ្ឍន៍ថ្មីៗមិនសូវមានការវិនិយោគច្រើននៅឡើយទេ ដោយសារការព្រួយបារម្ភពីជំងឺកូវីដ។

លោកបន្តថា “យ៉ាងណាគំរោងដែលស្ថិតនៅទីតាំងល្អៗ នៅតែបន្តលក់បាន និងអ្នកវិនិយោគនៅតែបន្តអភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here