ស្ពានថ្មឆ្លងស្ទឹងសង្កែថ្មីក្រុងបាត់ដំបងត្រូវបានដាក់ដំណើរការហើយ

ដោយៈ រ៉ាណេត

បាត់ដំបងៈ ស្ពានថ្មថ្មីឆ្លងកាត់សទឹងសង្កែក្រុងបាត់ដំបង់ (ស្ពាន១៣មករា)ស្ថិតនៅមុខសាលាខេត្តបាត់ដំបង ដែលទើបបញ្ចប់ការសាងសង់នៅស្រប នឹងស្ពានចាស់ដែ​លមានអាយកាលជាង១០០ឆ្នាំ ត្រូវបានដាក់ឱ្យប្រើប្រាស់ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើចរាចររបស់ប្រជាពលរដ្ឋ ក៏ដូចជាទេសចរជាតិ និងអន្តរជាតិហើយ។

ស្ពានថ្មថ្មីដែលដាក់ឈ្មោះថា “ស្ពាន១៣មករា” ដែលទើបបញ្ចប់ការសាងសង់ក្រោមថវិកាឧបត្ថម្ភពីសប្បុរសជន និងការជ្រោមជ្រែងពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ បានសម្រេចដាក់ឱ្យដំណើរការជាបណ្តោះ។

លោកងួន រតនៈ អភិបាលខេត្តបាត់ដំបងមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ននូវស្ពានថ្មថ្មី១៣មករានេះ ជាចំណងដៃថ្មីមួយទៀតរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋធ្វើការប្រើប្រាស់ នាឱកាសពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពរលូន។

លោកបន្តថា ស្ពាន១៣មករានេះ បានដំណើរការសាងសង់ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ មានប្រវែងបណ្ដោយ១០០ម៉ែត្រ និងទទឹង៨ម៉ែត្រ ជាប្រភេទបេតុង ដោយយកលំនាំដើមតាមស្ពានថ្មចាស់ បន្សល់ទុកតាំងពីសម័យបារាំង និងមានអាយុកាលជាង១០០ឆ្នាំ ដែលសព្វថ្ងៃកំពុងមានសភាពចាស់ទ្រុឌទ្រោមមិនអាចធ្វើដំណើរបាន ។

លោកងួន រតនៈបានមានប្រសាសន៍បន្ថែមទៀតថា រដ្ឋបាលខេត្តបាត់ដំបងបានធ្វើការកំណត់ទិសដៅចរាចរណ៍ សម្រាប់ធ្វើដំណើរលើស្ពាននេះ ដោយស្ពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានកំណត់ជាចរាចរណ៍ឯកទិស សម្រាប់ឆ្លងកាត់ស្ទឹងសង្កែ ក្នុងទិសដៅមកពីរាជធានីភ្នំពេញ ពោលគឺពីទិសខាងកើត មកទៅខាងលិច ចំណែកស្ពាន១៣មករា ត្រូវបានកំណត់ចរាចរណ៍ជាឯកទិស សម្រាប់ឆ្លងកាត់ស្ទឹងសង្កែក្នុងទិសដៅចេញទៅរាជធានីភ្នំពេញ គឺពីទិសខាងលិចទៅទិសខាងកើតវិញ ដោយការរៀបចំនេះ ត្រូវបានរដ្ឋបាលខេត្តបានប្រកាស ឲ្យប្រជាពលរដ្ឋអនុវត្តចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១តទៅ៕

អត្រាការប្រាក់បង់រំលស់កាន់តែទាបធ្វើឱ្យអត្រាអ្នកមានបំណងទិញផ្ទះកាន់តែច្រើន

ដោយៈលក្ខិណា

ភ្នំពេញៈ កាលពីប៉ុន្មានមុនអត្រានៃការប្រាក់ នៃការទិញរបស់បង់រំលសល់ជាពិសេ​សអចលនទ្រព្យគឺមានតម្លៃខ្ពស់ ធ្វើឱ្យអ្នកមានបំណងទិញផ្ទះ មិនមានលទ្ធភាពក្នុងការបង់រំលស់ផ្ទះសម្រាប់ស្នាក់នៅបាន ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះយើងឃើញថា អត្រាការប្រាក់សម្រាប់បង់រំលស់កាន់តែទាប ដែលជំរុញឱ្យអ្នកមានបំណងចង់បានផ្ទះ សមរម្យស្នាក់នៅមានលទ្ធភាពទិញផ្ទះ បង់រំលស់កាន់តែច្រើន។

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនCPL បានឱ្យដឹងកាលពីម្សិលម៉ិញនេះថា កាលពី៥ទៅ១០ឆ្នាំមុន អត្រាការប្រាក់ទិញផ្ទះមានតម្លៃខ្ពស់ ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះ យើងឃើញថាអត្រាការប្រាក់ទិញផ្ទះ មានតម្លៃទាបសមរម្យ ដែលធ្វើឱ្យអ្នកមានបំណ​ងទិញផ្ទះលើកដំបូង ឬទិញសម្រាប់ស្នាក់នៅ គាត់មានលទ្ធភាព ក្នុងការបង់រំលស់។

លោកឧកញ៉ាបន្តថា “អ្នកដែលកំពុងតែជួលផ្ទះគេស្នាក់នៅពេលនេះ អាចគិតនិងស្វែងរកទីតាំងលំនៅឋាន ដែលខ្លួនចង់បានសម្រាប់ស្នាក់នៅ ដោយធ្វើការបង់រំលស់ទៅក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ឬបង់រំលស់ជាមួយធនាគារដែលសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍” ។

អ្នកខ្លះមានលុយសម្រាប់ទិញបង់ផ្ដាច់បាន ហើយអ្នកខ្លះទៀតក៏មានលុយមួយចំនួ​នសម្រាប់បង់ខ្លះទៅក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន តែគាត់អាចមានជម្រើសក្នុងការទិញដោយបង់រំលស់ ដោយទុកលុយមួយចំណែកសម្រាប់ប្រកបរបរអាជីវកម្ម ឬក៏ធ្វើអ្វីផ្សេងទៀត ដោយមិនចាំបាច់បង់ទាំងដុលក៏បានដែរ។

លោកបន្តថា ការបង់រំលស់សម្រាប់ទិញផ្ទះនៅពេលនេះ គឺមានពីរជម្រើសទៅទៀត ទីមួយ បង់ជាមួយម្ចាស់អភិវឌ្ឍន៍លំនៅឋានផ្ទាល់តែម្ដង និងមួយទៀតបង់ជាមួយធនាគារឬមីក្រូហិរញ្ញវត្ថុណា ដែលអាចអនុញ្ញាតឱ្យខ្ចី សម្រាប់យកលុយទៅបង់ផ្ដាច់ជាមួយធនាគារ ។

ជាមួយគ្នានេះ លោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia ធ្លាប់បានលើកឡើងថា ការទិញផ្ទះ ឬទិញអចលនទ្រព្យដែលបង់រំលស់ មិនគួរបង់ឱ្យលើសពី៣០ភាគរយនៃប្រាក់ចំណូលប្រចាំខែនោះទេ ព្រោះត្រូវការទុកលុយចំនួនទៀត សម្រាប់ដោះស្រាយបញ្ហាជីវប្រចាំថ្ងៃដូចជាសម្លៀកបំពាក់ អាហារហូបចុក ថ្លៃសាលាកូននិងថ្លៃសម្រាប់ព្យា បាលជំងឺជាដើម ។

ចំណែកលោកសំ សុខនឿនប្រធានសមាគមអ្នកអចលនទ្រព្យសកល បានឱ្យដឹងថា បច្ចុប្បន្ននេះ ការផ្តត់ផ្គង់លំនៅឋាន ហាក់ដូចជាលើសពីតម្រូវការជាក់ស្ដែងទៅហើយ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន បានសាងសង់ផ្ទះហើយមិនមានអ្នកស្នាក់នៅនោះទេ ហើយបុរីលំនៅឋានខ្លះ មនុស្សម្នាក់ទិញលំនៅឋានពីរបីល្វែងក្នុងពេលតែមួយ៕

ក្រុមហ៊ុនInternetលំដាប់យក្សរបស់ចិនដាក់ដំណើរមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួននៅតំបន់អាស៊ាន

ដោយៈ ប៊ី

ភ្នំពេញៈ នាយកប្រតិបត្តិក្រុមហ៊ុនTencent បានបញ្ជាក់ថា ក្រុមហ៊ុនអ៊ិនធឺណិតចិន Tencent Holdings កំពុងតែពង្រីកវត្តមានរបស់ខ្លួន នៅលើពិភពលោកនៅឆ្នាំនេះ ដោយដាកចេញនូវមជ្ឈមណ្ឌលទិន្នន័យថ្មីជាច្រើន នៅតំបន់អាស៊ាន អាស៊ី មជ្ឈឹមបូព៌ា និងអឺរ៉ុប ដើម្បីទាញយកប្រយោជន៍ ពីតម្រូវការខ្ពស់សម្រាប់វិស័យឌីជីថល ដោយសារវិបត្តិកូវីដ១៩។

លោកPoshu Yeung អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Tencent Cloud International បានថ្លែងប្រាប់កាសែត SCMP នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ថា “ឆ្នាំនេះ យើងនឹងបង្កើតហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិត (Clould) នៅទូទាំងពិភពលោក”។​លោកបានបន្តថា “ខ្ញុំនឹងមិនបង្ហាញពីចំនួន និងពេលវេលាជាក់លាក់នោះទេ ប៉ុន្តែខ្ញុំអាចបង្ហាញថា វានឹងមានកំណើនពី៣០ ទៅ៥០ភាគរយទៀត ទាក់ទងនឹងចំនួនមជ្ឈមណ្ឌលទិន្នន័យ”។

នៅថ្ងៃចន្ទនេះ ក្រុមហ៊ុន Tencent បានបង្ហាញមជ្ឈមណ្ឌលទិន្នន័យថ្មីមួយ នៅហ្សាការតា ដែលជាមជ្ឈមណ្ឌលដំបូងរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងអាស៊ាន ហើយមជ្ឈមណ្ឌលមួយផ្សេងទៀត គ្រោងនឹងដំណើរការក្នុងរយៈពេលពីរបីខែទៀត។

លោកYeung បាននិយាយបន្តថា ក្រុមហ៊ុនបានជ្រើសរើសប្រទេសឥណ្ឌូនេស៊ី ពីព្រោះ​ប្រទេសនេះជា “ទីផ្សារមួយដែលមានការរីកលូតលាស់លឿនបំផុត នៅក្នុងតំបន់” ដែលប្រជាជនបានទទួលយកការផ្លាស់ប្តូរឌីជីថល ក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ ជាពិសេសនៅក្នុងសេវាកម្មហិរញ្ញវត្ថុនិងរដ្ឋាភិបាល។

នៅពេលដែលទីតាំងទី២ដាក់ដំណើរការ វាគឺជាលើកទីមួយហើយ ដែលក្រុមហ៊ុន Tencent បើកដំណើរការមជ្ឈមណ្ឌលទិន្នន័យចំនួនពីរ នៅក្នុងទីផ្សារតែមួយក្នុងរយៈពេលតែមួយឆ្នាំ។

លោកបានបន្ថែមថា “វាបង្ហាញថាតើយើងពង្រីកខ្លួនលឿនប៉ុណ្ណា ហើយយើងមានតម្លៃប៉ុន្មានចំពោះប្រទេសឥណ្ឌូនេស៊ី…និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល”។

ការជំរុញការពង្រីកខ្លួនរបស់ក្រុមហ៊ុន Tencent នៅក្រៅប្រទេសនេះ ធ្វើឡើង នៅពេលការប្រកួតប្រជែងកាន់តែខ្លាំងឡើងទាំងក្នុង និងក្រៅស្រុកចំពោះបច្ចេកវិទ្យា Cloud។អ្នកផ្តល់សេវាកម្មកំពុងប្រញាប់ប្រញាល់ ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងសម្រាប់បច្ចេកវិទ្យា ដែលគាំទ្រដល់ការងារពីចម្ងាយ និងសិក្សាតាមប្រព័ន្ធអនឡាញ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ការកម្សាន្តតាមអ៊ិនធឺណិត និងសេវាកម្មតាមអ៊ិនធឺណិតផ្សេងទៀត។

ទីផ្សារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាCloud របស់ចិនបានកើនឡើង៦៦ភាគរយ ដែលមានទំហំទឹកប្រាក់១៩ពាន់លានដុល្លារ កាលពីឆ្នាំ២០២០ ខណៈទីផ្សារពិភពលោកកើនឡើង៣៣ភាគរយ ដល់១៤២ពាន់លានដុល្លារ។ នេះបើយោងតាមក្រុមហ៊ុនវិភាគ Canalys៕

អ្នកសាងសង់ៈ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សីហនុត្រូវបានផ្តោតលើបច្ចេកវិទ្យាតៃបង

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកគ្រប់គ្រងគម្រោងផ្លូវល្បឿនលឿនបានបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-សីហនុ ដែលស្ថាបនាសម្រេចបានប្រមាណ៤០ភាគរយ បាននិងកំពុងស្ថាបនា ដោយផ្អែកលើបច្ចេកវិទ្យា ដែលមិនប៉ះពាល់ដល់បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក Hu Zhaoguang អ្នកគ្រប់គ្រងទូទៅនៃគម្រោងផ្លូវល្បឿនលឿននេះ បានថ្លែងប្រាប់កាសែតចិន Xinhuaកាលថ្មីៗនេះថា បច្ចេកវិទ្យា ដែលមិនប៉ះពាល់ដល់បរិស្ថាន ត្រូវបានអនុវត្ត ដើម្បីសាងសង់ “ផ្លូវល្បឿនលឿនបៃតង” (ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ) និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបន្ថែមថា ផ្លូវល្បឿនលឿនមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងដឹកនាំ “និន្នាការបៃតង” នៅក្នុងឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធ ដើម្បីការពារបរិស្ថានរបស់ប្រទេសកម្ពុជាផងដែរ។

លោក Zeng Feng អនុប្រធានវិស្វករនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្បីតែកន្លែងយកថ្មត្រូវតំឡើងឧបករណ៍ប្រមូលធូលី ដើម្បីធានាគុណភាព នៃល្បាយសម្រាប់ការក្រាលកៅស៊ូ កាត់បន្ថយការបំភាយធូលី និងការពារបរិស្ថានក្នុងតំបន់។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានប្រតិបត្តិការរវាងរដ្ឋាភិបាល និងឯកជន បន្ទាប់ពីបញ្ចប់ ផ្លូវនេះនឹងក្លាយជាផ្លូវល្បឿនលឿនដំបូងគេបង្អស់របស់ប្រទេសកម្ពុជា ដោយភ្ជាប់រាជធានីភ្នំពេញទៅខេត្តកំពង់ផែសមុទ្រធំជាងគេនៃខេត្តព្រះសីហនុ។ ការធ្វើដំណើរនឹងចំណាយពេលត្រឹមតែ ២ម៉ោងប៉ុណ្ណោះ បើប្រៀបធៀបនឹងនាពេលបច្ចុប្បន្នត្រូវចំណាយពេលរយៈពេល៥ម៉ោង៕

ឧកញ៉ា​ឃាង ពុ​ទ្ធីៈ ក្រុមហ៊ុន​អភិវឌ្ឍន៍​មុន​លក់​ផ្ទះ​ទៅឱ្យ​អតិថិជន​ដោយ​ការបង់​រំលស់​ក្នុងតំណាក់កាល​នេះ​ត្រូវ​សិក្សា

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅក្នុង​បរិបថ​ដែល​កំពុង​ញាំញី​ដោយ​វិបត្តិ នៃ​ជំងឺ​កូ​វីដ១៩បណ្តាលឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ទៅដល់​វិស័យ​មួយចំនួន ដែល​ក្នុងនោះ​រាប់ទាំង​ទីផ្សារ​លំនៅដ្ឋាន​ផងដែរ​នោះ បានធ្វើឱ្យ​គម្រោង​នានា ដែល​កំពុង​ដាក់លក់​ប្រើ​នូវ​យុទ្ធសាស្ត្រ​ជាច្រើន ដើម្បី​ជំរុញ​ការលក់​ចេញ រហូត​មានពេលខ្លះ​មិនបាន​គិត ទៅលើ​ហានិភ័យ​ពី​ការលក់​នៅពេល​អនាគត​ផងដែរ។

ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​អ្នកជំនាញ​អចល​ទ្រព្យ​កម្ពុជា ឧកញ៉ា​ឃាង ពុ​ទ្ធី​បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ថា ក្រុមហ៊ុន​អ​ភ​វឌ្ឍន៍​មួយចំនួន នៅក្នុង​ដំណាក់​នេះ បាន​ប្រើ​នូវ​យុទ្ធសាស្ត្រ​ទីផ្សារ​ច្រើន​វិធី ដើម្បី​ធ្វើយ៉ាងណា​អាច​ជំរុញ​ការលក់​របស់ខ្លួន ជាពិសេស​ការលក់​លំនៅ​ដ្ឋា​ន​ក្រោម​ទម្រង់​នៃ​ការបង់​រំ​លោះ។

លោក​បន្តថា “ទម្រង់​នៃ​ការលក់​អចលនវត្ថុ ជាពិសេស​លំនៅដ្ឋាន​ដោយ​ការបង់​រំលស់​នេះ គឺមាន​ប្រជាប្រិយភាព​ណាស់ ហើយ​នៅតាម​បណ្តា​ប្រទេសផ្សេងៗ ក៏មាន​ការលក់​បែបនេះ​ដែរ” ។ លោក​បន្តថា “សូម្បី​នៅ​សហរដ្ឋអាមេរិក​ក៏ដោយ ព្រោះ​ងាយ​ទទួលបាន​អតិថិជន ហើយ​អតិថិជន​ក៏​អាចមាន​លទ្ធភាព ក្នុង​ការទិញ​ដោយ​បណ្តាក់​ជា​បន្តបន្ទាប់(បង់​រំ​លោះ)” ។

លោក​បាន​លើកឡើងថា ក្នុង​កាលៈទេសៈ​នេះ មិន​ថា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្ទាល់ ឬ​ភ្នាក់ងារ​លក់​នោះទេ តែង​ជំរុញ​ការលក់​គម្រោង​របស់ខ្លួន ដែល​កំពុង​ជួប​ភាពស្ងប់ស្ងាត់ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​កុំ​ភ្លេច​ពិនិត្យ និង​សិក្សា​លម្អិត​ទៅលើ​អតិថិជន ដែល​កំពុង​មានបំណង​ទិញ​លំនៅដ្ឋាន ក្នុង​គម្រោង​របស់ខ្លួន​របស់ខ្លួន​ថា តើ​អាចមាន​ហានិភ័យ​ទៅ​ថ្ងៃ​អនាគត​ឬទេ ជាពិសេស​សំដៅ​ទៅលើ​លទ្ធភាព នៃ​ការបង់​រំលស់ ក្នុង​រយៈពេល​វែង​រប​ស់​អតិថិជន​តែម្ដង។

ឧកញ៉ា​បាន​បញ្ជាក់ថា “ជាធម្មតា​មនុស្ស​នៅពេលដែល​ឃើញ អចលវត្ថុ​ណាមួយ​ដែលមាន​តម្លៃ​ទាប​ជាង​ទីផ្សារ​គឺ​ចង់បាន ជាពិសេស​សម្រាប់​អ្នក​មិនទាន់មាន​លំនៅដ្ឋាន​ស្នាក់នៅ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន នៅពេលដែល​ឃើញ​គម្រោង​មួយ​ល្អ ផ្តល់​លក្ខខណ្ឌ​បង់ប្រាក់​ងាយស្រួល ក៏​ចាប់អារម្មណ៍​ទិញ ដោយ​ថ្លឹងថ្លែង​ពី​លទ្ធភាព នៃ​ការបង់​ជាក់ស្ដែង​ដែល​ខ្លួន​មាន ប៉ុន្តែ​ភាគច្រើន​ហាក់​មិន​បានគិត​វែងឆ្ងាយ ទៅ​ថ្ងៃ​អនាគត​ដែល​អាច​កើតមាន​ជាយថាហេតុ​ដោយ​ប្រការ​ណាមួយ​នោះទេ” ។

លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ជាក់ស្ដែង​នៅក្នុង​សម័យ​កូ​វីដ​នេះ​ស្រាប់ មាន​អតិថិជន​មួយចំនួន គាត់​មិនទាន់មាន​បញ្ហារ​ច​ន្ត​សាច់ប្រាក់ ក្នុង​ការបង់​រំលស់​នោះទេ​បើទោះជា​គាត់​នៅជាប់​បំណុល​ធនាគារឯកជន និង​មានលទ្ធភាព​បង់​ជា​បន្តបន្ទាប់​ក៏ដោយ ហើយ​គាត់​ថែមទាំង​អាច នៅសល់​សាច់ប្រាក់​ប្រចាំខែ​ថែមទៀត។

ដូច្នេះ​នៅពេល​គាត់​ឃើញ​មាន​គម្រោង​ល្អ លក់​ក្នុងតម្លៃ​ទាប ហើយ​លក្ខខណ្ឌ​នៃ​ការបង់​ស្របទៅនឹង​ចរន្ត​សាច់ប្រាក់ ដែល​គាត់​កំពុងមាន ដូច្នេះ​គាត់​អាច​សម្រេចចិត្ត​ទិញ ដូច្នេះ​មានន័យថា គាត់​បាន​បន្ថែម​នូវ​បំណុល​ថ្មី។ ជួន​ជា​ចៃដន្យ អាជីវកម្ម ឬ​ការងារ ដែលជា​ប្រភព​ចំណូល​របស់គាត់ មាន​បញ្ហា​ដោយ​ប្រការ​ណាមួយ។ ដូច្នេះ​វា​នឹង​ជះឥទ្ធិពល​អាក្រក់ និង​កើតមាន​បញ្ហា​រួមគ្នា បញ្ហា​ទាំង​ចំណូល​គ្រួសារ បញ្ហា​ទាំង​ការបង់​ធនាគារ និង​បញ្ហា​នៃ​ការបង់​រំ​លោះ​លំនៅដ្ឋាន។ ជារួម នៅ​មុនពេល​សម្រេច​លក់ លំនៅដ្ឋាន​ទៅឱ្យ​អតិថិជន នៅក្នុង​ដំណាក់កាល​ត្រូវតែ​សិក្សា ពី​លទ្ធភាព​របស់​អតិថិជន​ឱ្យបាន​ច្បាស់​ជៀសវាង​កើតមាន​ហានិភ័យ​នៅ​ថ្ងៃ​ខាងមុខ៕

សារ​ជូនពរ​ឆ្នាំ​ថ្មី

យើង​កំពុង​ឆ្លងកាត់​ពេលវេលា​ដ៏​តានតឹង តែ​ឆ្ពោះទៅមុខ​ដោយ​ភាពជឿជាក់

ភ្នំពេញៈ នៅសល់​រយៈពេល​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ យើង​នឹង​ឆ្លង​ឆ្នាំ​ថ្មី​ជាមួយគ្នា ដោយ​ស្វាគមន៍​ព្រះ​នាង​ម​ណ្ឌា​ទេវី ដែល​នឹង​យាង​មក​ជំនួស​ព្រះ​នាង​គោ​រាគៈ​ទេវី ជា​ពេលដែល​កម្ពុជា និង​ពិភពលោក​កំពុង​ឆ្លងកាត់​សោកនាដកម្ម​រួមគ្នា​មួយ។

ជាមួយនឹង​ពេលវេលា​ដ៏​លំបាក ដែល​យើង​បាន​ឆ្លងកាត់​នេះ យើង​បាន​បន្ត​រួបរួមគ្នា​និង​ឆ្លងកាត់​ការលំបាក​ជាមួយគ្នា ហើយ​មិន​បោះបង់​គ្នា។

ក្នុងនាម​សហ​ស្ថាបនិក និង​ជា​អគ្គនាយក​គេហទំព័រ Propertyarea.asia និង​គេហទំព័រ​Cambodiafinancialtimes.com នឹង​បន្ត​ពង្រឹង​នូវ​បទដ្ឋាន​វិជ្ជាជីវៈ​របស់​យើង​ឲ្យ​បាន​កាន់តែ​ប្រសើរ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​ឈរលើ​បាវចនា ផ្តល់ជូន​នូវ​ព៌​ត​មាន​ពិត លឿន រហ័ស អាច​ទុកចិត្តបាន និង​ឈរលើ​មូលដ្ឋាន​ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ​ជា​ស្នូល” ។

ជាមួយនឹង​ការ​ទ​ទូល​បានការ​គាំទ្រ កើនឡើង​ប​បន្ត​បន្ទាប់ពី​មិត្ត​អ្នកអាន ដៃគូ​សហការ ដែល​យើង​តែងតែ​ចាត់ទុក​អស់លោក លោកស្រី​ជា​ដៃគូ​របស់​យើង ជាជាង​គិតពី​ជំនួញ ទើប​យើង​បាន​រិះរក​គ្រប់់​មធ្យោបាយ ដើម្បី​ពង្រឹង ផ្តល់​ព៌​ត​មាន​កាន់តែ​សម្បូរបែប ឆ្លើយតប​តាម​ការចង់បាន​របស់​អ្នកអាន និង​អ្នក​ស្តាប់​របស់​យើង និង​រុញ​ផលិតផល​របស់លោក អ្នក​ដល់ដៃ​អត​តិ​ថិ​ជន។

ជាមួយ​មហិច្ឆតា​ក្នុងការ​ផ្តល់នូវ​ព៌​ត​មាន និង​ចំណេះដឹង​កាន់តែ​សម្បូរបែប ទើប​យើង​មានកម្ម​វិធី​ព៌​ត​មាន​មួយថ្ងៃ​ពីរ​អត្ថបទ និង​កិច្ចសម្ភាសន៍​បី​ដង​ក្នុង​មួយ​សប្តាហ៍ រៀងរាល់ថ្ងៃ​ច័ន្ទ ពុធ និង​សុក្រ ដើម្បី​ឆ្លើយតប​នឹង​ការវិវត្ត និង​ការប្រែប្រួល​នៃ​និន្នាការ​សង្គម ហើយ​នៅពេលឆាប់ៗខាងមុខ យើង​នឹងមាន​ផលិតផល​ថ្មី​មួយទៀត សម្រាប់​មិត្ត​អ្នកអាន។

ដោយ​ទទួលបាន​ការទទួលស្គាល់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ និង​ការគាំទ្រ​ពី​ដៃគូ​ពាណិជ្ជកម្ម​របស់​យើង យើង​បាននិងកំពុង​ផ្តល់​ព៌​ត​មាន ដែល​អាច​យកទៅ​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុងការ​ពិចារណា​ដល់​អ្ន​ក​អាន អ្នក​ស្តាប់​របស់​យើង សម្រាប់​ប្រើប្រាស់​ជា​ត្រីវិស័យ​នៅក្នុង​ផែនការអភិវឌ្ឍន៍​រប​ស់​ខ្លួន។

ជាពិសេស​យើង​កំពុង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ផ្តល់​ព៌​ត​មាន​មាន​លក្ខណៈ​វិជ្ជមាន រិះគន់​ក្នុងន័យ​ស្ថាបនា ដើម្បី​លើក​កំពស់ ក៏ដូចជា​ផ្សព្វផ្សាយ​ព៌​ត​មាន ពី​សក្តានុពល​សេដ្ឋកិច្ចសង្គម​កម្ពុជា​ទៅកាន់​ពិភពលោក ដើម្បី​ទាក់់ទាញ​វិនិយោគិន​អន្តរជាតិ​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត។

ជាថ្មី​ម្តងទៀត យើងខ្ញុំ​សូម​គោរព​ថ្លែងអំណរគុណ ដល់​ដៃគូ​សហការ​ទាំង​អស់​មេត្តា​ទទួលបាន​នូវ​ការរីកចម្រើន និង​ជោគជ័យ​លើ​អាជីវកម្ម មុខ​ជំនួញ​នានា​កាន់តែច្រើន​ថែមទៀត នៅក្នុង​ឳ​កាស​ឆ្នាំ​ថ្មី ដែល​នឹង​ចូល​មកដល់​នៅពេលឆាប់ៗខាងមុខនេះ។

សូម​ព្រះ​នាង​ម​ណ្ឌា​ទេវី ជួយ​ប្រោះព្រំ​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព៌​ត​មាន​ខៀវ កាញារីទ្ធ និង​ដៃគូ​សហការ​ទាំងអស់​សូម​ជួបប្រទះ​នូវ​សុខ​ភាពល្អ អាយុ​យឺនយូរ ប្រាសចាក​អស់​រោគា​ព្យាបាទ និង​ជួបតែ​នូវ​ស្នាមញញឹម ជោគជ័យ​គ្រប់​សេចក្តីប៉ងប្រាថ្នា​ទាំងអស់៕

                                                                      សូម​អរគុណ

ស្ថានទូត​ចិនៈ ជំនួយ​របស់​ចិន​បានរួម​ចំណែក​ជួយ​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ និងអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា

ដោយៈ​ប៊ី

ភ្នំពេញៈ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បានលើកឡើង នៅ​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ថា  ប្រទេស​ចិន និង​កម្ពុជា​ជា​មិត្តភក្តិ​ល្អ ដែល​ស្គាល់ចិត្ត​គ្នា​ទៅវិញទៅមក ជា​បងប្អូន​ល្អ​ដែល​តែង​ជួយ​គ្នា និង​គាំទ្រ​គ្នា​ទៅវិញទៅមក ខណៈ​ជំនួយ​កម្ចី​របស់​ចិន​ជួយ​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ និង​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា។

ប្រទេស​ចិន បានចាប់ផ្តើម​ផ្តល់ជំនួយ​ជា​សេដ្ឋកិច្ច ដល់​ប្រទេស​កម្ពុជា​ចាប់តាំងពី​ទសវត្ស​ទី៥០ រហូតមកដល់​បច្ចុប្បន្ន​នេះ ចិន​បាន​ជួយ​កម្ពុជា​ក្នុងការ​ស្ថាបនា​ផ្លូវ​ជាង៣០,០០គីឡូម៉ែត្រ និង​ស្ពាន​កាត់​ទន្លេមេគង្គ​ចំនួន ៨ខ្សែ។

ចិន​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា ក្នុងការ​កែលម្អ​ផ្លូវ​នៅ​ទីជនបទ និង​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត ក្នុង​នោះបាន​ជួយ​ជួសជុល​ផ្លូវថ្នល់​ចំនួន២៥ខ្សែ ក្នុង​ខេត្ត​ទាំង៨ ដែលមាន​ប្រវែង​សរុប១៥៥គីឡូម៉ែត្រ ហើយ​បាន​ជួយ​ជីក​អណ្ដូង ចំនួន​សរុប១,៨១០កន្លែង និង​ស្រះ​ទឹក​ចំនួន១២៧កន្លែង​ដល់​ខេត្ត​ចំនួន១៣ជាដើម។

ស្ថានទូត​ចិន​បានឱ្យដឹងថា តួលេខ​ទាំងនេះ​ត្រូវបាន​បង្ហាញថា ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា ភាគី​ចិន បាន​ផ្តល់ជំនួយ និង​រួមចំណែក​ក្នុង​កិច្ចការ​លើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជន បាន​ជួយ​ការពារ​សិទ្ធិ​រស់រានមានជីវិត​និង​ការអភិវឌ្ឍន៍​របស់​ប្រជាជន​កម្ពុជា។

ស្ថានទូត​ចិន​បាន​គូសបញ្ជាក់ថា ដូច​យើង​បាន​ជ្រាប​ហើយ​ថា ជំនួយ​ផ្តល់ប្រាក់​កម្ចី​របស់​ចិន​ទៅកាន់​បរទេស​តែងតែ​ប្រកាន់ខ្ជាប់​គោលការណ៍​មិនមាន​លក្ខខណ្ឌ នយោបាយ មិន​នាំចេញ​របៀប​អភិវឌ្ឍន៍ និង​មិន​ប្រើប្រាស់​ប្រាក់កម្ចី​ជា​លេស ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ។

រហូតមកដល់​ពេលនេះ ប្រទេស​ចិន​មិនដែល​យក​បំណុល មក​គាបសង្កត់​លើ​ប្រទេស​បំណុល​ណាមួយ​ទេ ហើយក៏​រឹតតែ​មិនដែល​ប្រើប្រាស់​មូលនិធិ​ជំនួយ មក​រៀបចំ​ផែនការ​បដិវត្ត​ពណ៌​លើ​ប្រទេស​ណា​ដែរ។

រហូតមកដល់​បច្ចុប្បន្ន​នេះ មិនមាន​ប្រទេស​ណាមួយ​រង​ទុក្ខ ព្រោះតែ​មិនអាច​សងបំណុល​របស់​ប្រទេស​ចិន​ដែរ ហើយក៏​មិនដែល​ឮថា ប្រទេស​ណា​ស្អប់ខ្ពើម​ជាមួយ​ជំនួយ​ច្រើនពេក​របស់​ចិន​ដែរ។

ផ្ទុយទៅវិញ ប្រទេស​ទទួល​ជំនួយ​ភាគច្រើន​នៅតែ​បន្ត​ស្នើសុំ​ចិន បង្កើន​ជំនួយ​បន្ថែម ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​ឱ្យ​កាន់តែ​ល្អប្រសើរ និង​បាន​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ខ្លួន។

ជាការ​ពិត ជំនួយ​កម្ចី​របស់​ចិន​មកកាន់​កម្ពុជា មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​កម្រិត​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុងប្រទេស​កម្ពុជា​តែប៉ុណ្ណោះ​ទេ ថែមទាំង​បានផ្តល់​បច្ចេកទេស​គ្រប់គ្រង និង​ស្តង់ដា​យ៉ាងសកម្ម ដើម្បី​ជួយ​ប្រទេស​កម្ពុជា​បណ្តុះបណ្តាល អ្នកបច្ចេកទេស​វិស្វកម្ម និង​អ្នកគ្រប់គ្រង​ក្នុងស្រុក។

ជារួម​បាន​ជួយ​លើកកម្ពស់​សមត្ថភាព នៃ​ការអភិវឌ្ឍន៍​ក្នុងប្រទេស​កម្ពុជា ចាក់​មូលដ្ឋានគ្រឹះ​យ៉ាងរឹងមាំ​បន្ថែមទៀត សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្នុងប្រទេស​កម្ពុជា៕

តើ​ទីផ្សារ​ទិញ​លក់​អចលនវត្ថុ​កំពុង​វិវត្តន៍​ដូចម្ដេច ខណៈ​ជំងឺ​កូ​វីដ១៩កំពុង​អូសបន្លាយ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ កាន់តែ​ធ្ងន់ធ្ងរ​ជាង​កាលពី​អំឡុង ត្រីមាស​ទី១ដើមឆ្នាំ២០២១ បើទោះជា​ស្ថិតនៅក្នុង​ព្រឹត្តិការណ៍២០កុម្ភៈ ការទិញ​លក់​អចលនវត្ថុ​មួយចំនួន​នៅតែ​បន្ត​មាន ប៉ុន្តែ​ចូលមក​ដល់​ត្រីមាស​ទី២ ទីផ្សារ​មួយ​នេះ​កាន់តែ​ស្ងប់ស្ងាត់​ខ្លាំង និង​ឈានទៅរក​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ ប្រសើ​ន​បើ​បញ្ហា​រាលដាល​នៃ​ជំងឺ​នៅតែ​បន្ត ហើយ​រដ្ឋាភិបាល​ផ្អាក​ចរាចរណ៍​នៅតាម​តំបន់​មួយចំនួន​បន្ថែមទៀត។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ DEYTHMEY Real Estate លោ​កវិន ឈុន​ហ៊ា​ត បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ថា ចាប់តាំងពី​ផ្ទុះឡើង​នូវ​ការ​រាលដាល នៃ​ជំងឺ​កូ​វីដ១៩ក្នុង​សហគមន៍ កាន់តែខ្លាំង​រហូតដល់​មានការ​ផ្អាក​ចរាចរណ៍​នៅ​តំបន់​នានា ក៏ដូចជា ចេញចូល​ខេត្ត​ក្រុង​មួយចំនួន​បានធ្វើឱ្យ​ទីផ្សារ​នៃ ការទិញ​លក់​មានការ​ធ្លាក់ចុះ​ស្ទើរ ដល់​កម្រិត​សូន្យ​ក្នុង​រយៈពេល​ប្រមាណ១ខែ​ចុង​ក្រោយនេះ។

លោក​បាន​បន្តថា “នៅក្នុង​ត្រីមាស​ទី១ដើមឆ្នាំ២០២១នេះ បើទោះជា​មាន​ព្រឹត្តិការណ៍២០កុម្ភៈ ប៉ុន្តែ​ការទិញ​លក់​មួយចំនួន ជាពិសេស​ផ្នែក​ដីធ្លី​បើទោះជា​មិន​មមាញឹក​ក៏មានមួយៗដែរ ប៉ុន្តែ​ចាប់តាំងពី​ចូលដល់​ត្រីមាស​ទី២នេះ​គឺមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង” ។

លោក​បន្តថា និយាយ​ទៅក្នុង​រយៈពេល១ខែ​ចុងក្រោយ​ខែ​នេះ កុំថាឡើយ​ការទិញ​ដីធ្លី​ក្នុង​ទ្រង់ទ្រាយ​ធំ និង​មធ្យម សូម្បីតែ​គម្រោង​ដី​ឡូ​តិ៍ ក៏​ស្ទើរតែ​គ្មាន​ភ្ញៀវ​សួរនាំ​ផង ព្រោះ​នៅក្នុង​ដំណាក់កាល​នេះ មនុស្ស​ភាគច្រើន​មិនអាច​ចេញ​ដើរ​ក្រៅ ឬ​ប្រកប​អាវ​កម្ម​ដើម្បី​រកចំណូលបាន​នោះទេ ដូច្នេះ​ពួកគេ​ទុក​លុយ​សម្រាប់​ប្រើប្រាស់ ឬ​ផ្គត់ផ្គង់​គ្រួសារ​ដែលជា​រឿង​ចាំបាច់​ជាមុនសិន។

លោក​បន្តថា “ខ្ញុំ​ជឿថា​ក្នុង​ពេលនេះ បើទោះជា​អ្នកមាន​លុយ​ច្រើន ក៏​គេ​មិន​ចង់​បញ្ចេញ​ទិញ​នោះដែរ លើកលែងតែ​មើលឃើញ​ពី​ឱកាស​ចំណេញ​ច្រើន ដែល​ម្ចាស់​អចលនវត្ថុ​មួយចំនួន​តូច​បង្ខំចិត្ត​លក់​ចេញ ក្នុងតម្លៃ​ទាប​បំផុត​ទើប​ពួកគេ​បញ្ចេញ​លុយ​ទិញ​ទុក​លក់​យកចំណេញ​នៅ​ឆ្នាំ​បន្ទាប់ ឬ​ក្រោយ​បញ្ចប់​បញ្ហា​កូ​វី​ដដែល​កំពុង​រាតត្បាត​នេះ” ។

លោកស្រី​អាន សុធី​តា ជា​អតីត​នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អន្តរជាតិ ដែលមាន​ជំនាញ​ច្បាស់​ផ្នែក​ទីផ្សារ​អចលនទ្រព្យ បាន​មានប្រសាសន៍​ក្នុង​ដំណាក់​នេះ អ្នកវិនិយោគ​អចលនទ្រព្យ​ភាគច្រើន មិន​ចង់​បញ្ចេញ​កញ្ចប់​ថវិកា​វិនិយោគ​នោះឡើយ លើកលែងតែ​អ្នក​អភិវឌ្ឍន៍​ដែល​នៅ​បន្ត​គម្រោង​ចាស់​តែប៉ុណ្ណោះ។

លោកស្រី​បញ្ជាក់ថា “ទិន្នន័យ​នៃ​ការទិញ​លក់ ឬ​កំណើន​នៃ​ការផ្គត់ផ្គង់​ផ្នែកផ្សេងៗ នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅពេលនេះ ខ្ញុំ​មិនបាន​ដឹង​ច្បាស់​នោះទេ ព្រោះ​ខ្ញុំ​បាន​សម្រាក​ពី​ទីផ្សារ​មួយ​នេះ​មួយរយៈ​ហើយ” ។

កាលពីពេល​កន្លងទៅ លោកស្រី​អាន សុធី​តា បាន​មានប្រសាសន៍ថា “ដោយសារតែ​បញ្ហា​ជំងឺឆ្លង​កំពុងតែ​ប្រឈម​ខ្លាំង ហើយម្នាក់ៗក៏​កំពុង​ព្យាយាម អនុវត្តន៍​តាម​ការណែនាំ​របស់​រា​រដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺឆ្លង ដូច្នេះ​ពួកគេ​ភាគច្រើន នៅ​ក្នុងផ្ទះ​កាត់បន្ថយ​ការចេញ​ក្រៅ ដែល​ធ្វើឱ្យ​សកម្មភាព​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ ដែល​ធ្លាប់តែ​សកម្ម​ត្រូវបាន​កាត់បន្ថយ ដូច្នេះ​វា​នឹង​ធ្វើឱ្យ​ទីផ្សារ​អចលនទ្រព្យ​មាន​ភាពស្ងប់ស្ងាត់​បន្តិច​ហើយ” ៕

ក្រុមហ៊ុន​ជប៉ុនធំៗបានរៀបចំ​ខ្លួន​រួចហើយ​សម្រាប់​វិនិយោគ​រយៈពេល​វែង​នៅ​កម្ពុជា ខណៈ​ការិយាល័យ​លំដាប់​អន្តរជាតិ​មួយ​បាន​ដាក់ចូល​ទីផ្សារ

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ វត្តមាន​អាគារ​ការិយាល័យ​លំដាប់​អន្តរជាតិ​ថ្មី​មួយ លើ​មហាវិថី​ព្រះ​ន​រោត្ត​ម និង​ការសាងសង់​យ៉ាងសកម្ម នៃ​គម្រោង​ផ្សារ​ទំនើប AEON MALL3 ដែលមាន​តម្លៃ២៦០លាន​ដុល្លារ​អាមេរិក បាននិងកំពុង​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត របស់​អ្នកវិនិយោគ​ជប៉ុន​នៅ​កម្ពុជា​រួចហើយ។

ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​បាន និង​កំពុង​ត្រៀមខ្លួន​ចូលមក​កម្ពុជា បន្ទាប់ពី​បញ្ចប់​វិបត្តិ​ជំងឺ​កូ​វីដ១៩ ខណៈ​ក្រុមហ៊ុន​ដែល​បាន​ចូលមក​រួចហើយ ត្រៀម​ពង្រីក​មូលដ្ឋាន​វិនិយោគ​របស់​ពួកគេ​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន​អាគារ​ការិយាល័យ សណ្ឋាគារ អា​ផាត​ម៉ិ​ន ផ្សារ​ទំនើប មន្ទីរពេទ្យ ទីលាន​វាយ​កូន​ហ្គោល​ជាដើម ត្រូវបាន​អ្នកវិនិយោគ​ជប៉ុន​បាន​វិនិយោគ​នៅ​កម្ពុជា​រួចហើយ។

ជាពិសេសថ្មីៗនេះ ក្រុមហ៊ុន​មាន​ជំនាញ​ផ្នែក​អភិវឌ្ឃន៍ លំនៅដ្ឋាន​ធំ​មួយ​នៅ​ប្រទេស​ជប៉ុន​បាននិងកំពុង​ត្រៀម បង្ហាញ​គំរោង​ពួកគេ​ជា​លើកដំបូង​លើផ្លូវ​ជាតិ​លេខ៣ ដែលមាន​ចម្ងាយ​ប្រមាណ២០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិតសភា​កម្ពុជា លោក​បណ្ឌិត​ហុង វណ្ណៈ​បាន​មានប្រសាសន៍ថា ការមកដល់​របស់​អ្នកវិនិយោគ​ជប៉ុន​នៅ​កម្ពុជា និង​ប្រទេស​ណាមួយ បានបង្ហាញ​ពី​ទំនុកចិត្ត របស់​អ្នកវិនិយោគ​ជប៉ុន​លើ​ប្រទេស​នោះ ពិសេស​វា​ឆ្លុះបញ្ចាំង​នូ​ប​បរិយាកាស​វិនិយោគ​នៅ​ប្រទេស​នោះ មាន​ភាពល្អប្រសើរ ទាំង​ការរីកចម្រើន​សេដ្ឋកិច្ច ក៏ដូចជា​បទដ្ឋាន​ច្បាប់​គតិយុត្តិ​នានា មាន​ភាពសមស្រប ដែល​គ្មាន​ភាព​ស្មុ​គ្រ​ស្មាញ​ដល់​ការងារ​រកស៊ី​របស់​ពួកគេ។

លោក​បន្តថា “ជាមួយនឹង​ការកែទម្រង់​ជា​បន្តបន្ទាប់ របស់​រាជរដ្ឋាភិបាល យើង​សង្ឃឹ​ម​ថា វិនិយោគិន​ជប៉ុន​នឹង​មកកាន់​កម្ពុជា កាន់តែច្រើន​នាពេលឆាប់ៗនេះ ពិសេស​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​បញ្ចប់” ។

សេដ្ឋវិទូ​ម៉ី កល្យាណ ​ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា វត្តមាន​របស់​វិនិយោគិន​ជប៉ុន កាន់តែច្រើន​កាលណា កាន់តែ​ល្អ​កាលនោះ ព្រោះ​អ្នកវិនិយោគ​ជប៉ុន​មុន​ចូល​ប្រទេស​ណាមួយ ពួកគេ​ស្ទាប​ហើយ​ស្ទាប​ទៀត ដើម្បី​ប្រាកដថា​ប្រទេស​ដែល​ពួកគេ ទៅ​វិនិយោគ​គ្មាន​ហានិភ័យ និង​អាច​ទុកចិត្តបាន។

លោក​បន្តថា “ការចាប់ផ្តើម​ជើងហោះហើរ​របស់​ក្រុមហ៊ុន អាកាសចរណ៍​ជប៉ុន ANA Airline កន្លងមក បានធ្វើ​ឲ្យ​ទំនាក់ទំនង​កា​ទូត និង​នយោបាយ​កម្ពុជា ជប៉ុន​ផ្លាស់ប្តូរ​ជា​ប្រវត្តិសាស្ត្រ” ។ លោក​បន្តថា “បើ​គិត​រហូត​មកទល់ពេលនេះ ជប៉ុន​បាន​ក្រាល​មូលដ្ឋាន​សម្រាប់​ការវិនិយោគ​រយៈពេល​វែង​នៅ​កម្ពុជា​រួចហើយ” ។

ជាមួយនឹង​គោលនយោបាយ​បើកចំហ​ជើងមេឃ ការកែទម្រង់​ជា​បន្តបន្ទាប់ កម្ពុជា​បានក្លាយ​ជា​កូនក្រមុំ​មួយ កម្ពុជា​បានក្លាយ​ជា​គោលដៅ​វិនិយោគ របស់​វិនិយោគិន​អន្តរជាតិ ដោយសារ​កម្ពុជា​មានច្បាប់ ដែល​លើកទឹកចិត្ត​វិនិយោគិន​បរទេស ដែល​អាច​បើ​ក្រុមហ៊ុន​ដោយ​បោះទុន១០០ភាគរយ​ដោយ​ខ្លួនឯងបាន កម្ពុជា​បានអនុម័ត​ច្បាប់​សហកម្ម​សិ​ទ្ឋ​ឆ្នាំ២០១០ ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស​អាច​ទិញ​ផ្ទះ​ពី​ជាន់​ទី១ឡើងទៅ កម្ពុជា​បាន​រៀប​ច​ចំ​ប្រ​ព័​ន្ឋ​ច្បាប់​ព​ន្ឋ ដែល​គ្មាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ និង​សម្រួល​ដល់​ការនាំចេញ​នូវ​ប្រាក់ចំណេញ​ទៅ​ប្រទេស​របស់ខ្លួន​បានជា​ដើម៕

អ្នកជំនាញ​អចលនទ្រព្យ ពន្យល់​អំពី​សក្ដានុពល​នៃ​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច

ដោយ សហការី

ភ្នំពេញ៖ គម្រោង​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច ត្រូវបាន​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​វាយតម្លៃថា ជា​គម្រោង​ដ៏​ស៊ីវីល័យ ដែលមាន​ការអភិវឌ្ឍ​ច្នៃប្រឌិត​ខ្ពស់ ស្របតាម​សម័យកាល​សកលភាវូបនីយកម្ម។ ទីតាំង​នៃ​គម្រោង​នេះ ត្រូវបាន​ជ្រើសរើស​កន្លែង​ដែលមាន​សក្ដានុពល​សេដ្ឋកិច្ច មានការ​អភិវឌ្ឍ​រប​ស់​រដ្ឋ​និង​ឯកជន។

អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​បាន​លើកយក​ទឡ្ហីករណ៍​មក​ពន្យល់ថា នៅ​ជុំវិញ​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច មាន​ផ្សារ​ថ្នល់ទទឹង ដែលមាន​ប្រជាជន​រស់នៅ​យ៉ាងច្រើន​កុះករ និង​ការប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ។ ម្យ៉ាងទៀត ក៏​នៅមាន​ផ្លូវ៥១ ដែលជា​ផ្លូវ​ក្រវ៉ាត់​ក្រុង​និង​ជា​ផ្លូវ​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់ ត​ភ្ជាប់​គ្នា​រវាងផ្លូវ​ជាតិ​លេខ៣ លេខ៤ និង​លេខ៥ ដែល​អាច​ដឹកជញ្ជូន​ទំនិញ​ទៅមក ពី​ខេត្តកំពត កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និង ច្រកព្រំដែន​កម្ពុជា​ថៃ។ កត្តា​ទាំងនេះ បានផ្ដល់​ភាពងាយស្រួល​ដល់​ការដឹកជញ្ជូន ជួយ​កាត់បន្ថយ​ការចំណាយ​និង​ចំណេញ​ពេលវេលា។

ទឡ្ហីករណ៍​សំខាន់​មួយទៀត គឺ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ  ក៏​នៅ​ជិត​នឹង​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច​ផងដែរ។ បើតាម​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ផ្លូវ​ល្បឿន​លឿន​នេះ មាន​ប្រវែង​សរុប​ជាង ១៩០គីឡូម៉ែត្រ ត្រូវ​សាងសង់​ជា ០៤គន្លង តួ​ផ្លូវ​មាន​ទទឹង ២៤ម៉ែត្រ មាន​សួនច្បារ​ខណ្ឌ​កណ្តាល។ បច្ចុប្បន្ន សម្រេចបាន​ជិត៤០% ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២៣ ។

ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា គោលបំណង​នៃ​ផ្លូវ​ល្បឿន​លឿន​នេះ គឺ​ដើម្បី​សមាហរណកម្ម​ក្នុង​តំបន់ ទាំង​ក្នុង​អាស៊ាន និង​មហា​អនុតំបន់​ទន្លេមេគង្គ  ក៏ដូចជា​ពិភពលោក​ទាំងមូល ដែល​ជួយ​ត​ភា្ជ​ប់​បណ្តាញ​ដឹកជញ្ជូន​ក្នុង​តំបន់​ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត ដើម្បី​លើកកម្ពស់​សមត្ថភាព​ដឹកជញ្ជូន​កម្ពុជា​ឲ្យ​សមស្រប​ទៅតាម​ការអភិវឌ្ឍ​បែប​សាកលភាវូបនីយកម្ម។

កាន់តែ​ពិសេស​ជាង​នេះ នៅជាប់​នឹង​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច ក៏មាន​សួន​ឧស្សា​កម្ម​កាណាឌីយ៉ា​ទំហំ៥០០ហិកតា ស្ថិតនៅ​ផ្លូវ ៥១ ក្នុង​ខេត្តកំពង់ស្ពឺ ដែល​បានចាប់ផ្ដើម​ដំណើរការ​សាងសង់​មួយ​រយៈពេល​មកហើយ។ សួន​ឧស្សាហកម្ម ដ៏​ធំ​នេះ មាន​ការសង​សង់​ជា​តំបន់​រោងចក្រ តំបន់​លំនៅដ្ឋាន ខុន​ដូ ផ្សារ​ពាណិជ្ជកម្ម សួន​កំសាន្ត និង​កន្លែង​ជាច្រើន​ទៀត ។

បើតាម​ក្រុមហ៊ុន​ខេ​អេ​ច​លែ​ន ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ និង​ច្បាស់លាស់​នៃ​គំរោង​ក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច គឺ​ដើម្បី​បំពេញ​តំរូវការ​អាជីវកម្ម ដែល​ផ្គត់ផ្គង់​ដល់​វិសាលភាព​នៃ​តំបន់ឧស្សាហកម្ម សួន​ឧស្សាហកម្ម កាណាឌីយ៉ា ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ឧស្សាហកម្ម​ពិភពលោក។ តាម​ការវាយតម្លៃ បន្ទាប់ពី​ការបើក​ឱ្យ​ដំណើរការ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា និង​តំបន់ឧស្សាហកម្ម​ពិសេស​នៅ​ជុំវិញ​គំរោង នឹងមាន​រោងចក្រ​ប្រមាណ ១៥០០ និង​មាន​កម្មករ​ប្រមាណ ៣០ម៉ឺន​នាក់។

តាម​ការអភិវឌ្ឍ​ដ៏​ច្រើន​ឥតឈប់ឈរ​របស់​រដ្ឋ និង​ឯកជន ព្រមទាំង​កំណើនប្រជាជន​ដ៏​លឿន​រហ័ស​បែបនេះ បានធ្វើ​ឱ្យមាន​តំរូវការ​ចំ​បាច់ ជាច្រើន​ដូចជា​ការ​ស្នាក់នៅ សំលៀកបំពាក់ ចំណីអាហារ អេឡិចត្រូនិក បច្ចេកវិទ្យា សាលារៀន មន្ទីរពេទ្យ និង​ការកំសាន្ត​ជាដើម។

ទឡ្ហីករណ៍​សំខាន់​មួយទៀត​ដែល​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​លើក​យកមក​ពន្យល់​នោះ​គឺ នៅជាប់​ផ្ទាល់​នឹង​គម្រោង  មាន​ប្រជាជន​រស់នៅ​កុះករ មាន​សាលារៀន មន្ទីរពេទ្យ និង​មាន​ផ្សារ​ភ្នំ​តូច។ ផ្សារ​ភ្នំ​តូច នឹងត្រូវ​ផ្លាស់ប្តូរ​ទីតាំង​ទៅ​ដាក់​នៅក្នុង​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច ក្រោម​ការអនុញ្ញាតិ​ពី​អាជ្ញាធរ​មូលដ្ឋាន។ ដូច្នេះ គម្រោង​នេះ នឹង​ស្រូប​ទាញ​ប្រជាជន​ជុំវិញ ឱ្យមក​ប្រកប​អាជីវកម្ម​នានា​នៅក្នុង​គម្រោង ធ្វើឱ្យ​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច កាន់​តែមាន​សក្ដានុពល​ថែមទៀត។

កាន់តែ​ពិសេស សក្ដា​នុ​ល​នៅក្នុង​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច មានការ​អភិវឌ្ឍ​ដូចជា ដី​ឡូ​តិ៍ អាជីវកម្ម​ដ៏​ពេញនិយម​ទាំង១០ប្រភេទ ដូចជា ហាង​លក់​គ្រឿង​អេឡិចត្រូនិក ហាង​លក់​ទូរ​សព្ទ ផាប់ ម៉ា​ត សាឡ​ន  ហាង​លក់​សម្លៀកបំពាក់ ហាង​នំ ហាង​ស៊ុប ហាង​កាហ្វេ និង​តូប​អាហារ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ផ្លូវ​បេតុង ប្រព័ន្ធ​លូ ប្រព័ន្ធ​ទឹក​ភ្លើង និង​មាន ផ្ទះ​អាជីវកម្ម វីឡា​ទោល ផ្សារ និង​ទីធ្លារ​សម្រាប់​តាំងពិព័រណ៍។

អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ បាន​លើកឡើងថា ការអភិវឌ្ឍ​ដ៏​ស៊ីវីល័យ​ប្រកបដោយ​ការច្នៃប្រឌិត​ខ្ពស់​នៅក្នុង​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម​ភ្នំ​តូច បានធ្វើឱ្យ​គម្រោង​នេះ មាន​សក្ដានុពល​ខ្លាំងក្លា សម្រាប់​ការវិនិយោគ ការប្រកប​អាជីវកម្ម និង​ការរស់នៅ៕