តម្លៃ​ជួល​ទីតាំង​លក់រាយ​ផ្សារ​បែប​សហគមន៍​កើនឡើង ដើរ​បញ្ច្រាសទិស​ទីផ្សារ​ទំនើបធំៗដែល​កំពុង​ដាំ​ក្បាល​ចុះ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ផ្ទុយ​ពី​តម្រូវ​ការជួល​ទីតាំង​លក់រាយ នៅតាម​បណ្តា​ផ្សារ​ទំនើបធំៗដូចជា Shopping Mall និង Super Market នៅ​ទូទាំង​រាជធានី​ភ្នំពេញ កំពុង​ជួប​ឱនភាព​នោះ ប៉ុន្តែ​តម្លៃ​ជួល នៅតាម​ផ្សារ​ទំនើប​ខ្នាតតូច​បែប​សហគមន៍ (Community Mall)បែរ​ជាមាន​កំណើន​ជាង៤ភាគរយ។

ផ្អែក​តាម​ការសិក្សា​ស្រាវជ្រាវ និង​របាយការណ៍​ដែល​ចេញ​ដោយ​ក្រុមហ៊ុន CBRE Cambodia បាន​បង្ហាញថា នៅ​ក្នុ​អំឡុងពេល​ត្រី​មាន​ទី១ ដើមឆ្នាំ២០២១ ខណៈដែល​តម្រូវ​ការជួល​ទីតាំង​លក់រាយ នៅតាម​បណ្តា​ផ្សារ​ទំនើបធំៗ នៅក្នុង​រាជធានី​ភ្នំពេញ​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង រហូត​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅ​ទីតាំង​មួយចំនួន សម្រេចចិត្ត​កាត់បន្ថយ​ថ្លៃ​ជួល​ប្រចាំខែ ប៉ុន្តែ​ទីតាំង​ជួល​នៅតាម​ផ្សារ​សហគមន៍​បែរជា​កើនឡើង។

របាយការណ៍​ដដែល​បាន​អះអាងថា ខណៈដែល​តម្រូវការ​នៅតាម​បណ្តា​ផ្សារ​ទំនើបធំៗកំពុង​ជួប​ឱនភាព​នោះ បែរជា​តម្រូវ​ការជួល​ទីតាំង​លក់រាយ នៅតាម​បណ្តា​ផ្សារ​ទំនើប​បែប​សហគមន៍តូចៗ ក្នុង​តំបន់​ទីប្រជុំជន​មួយចំនួន​កើនឡើង ជាមួយនឹង​អត្រាកំណើន​តម្លៃ​គិត​ជា​មធ្យម​ក្នុង​ជាង៤ភាគរយ។

តម្លៃ​ទីតាំង​លក់រាយ​នៅក្នុង​ផ្សារ​ទំនើប បែប​សហគមន៍​នៅក្នុង​ត្រីមាស​ទី១ដើមឆ្នាំ២០២១នេះ គិត​ជា​មធ្យម​ស្ថិតនៅក្នុង​រង្វង់​ប្រមាណ២២.៣១ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​គិត​ជា​ខែ ខណៈដែល​តម្លៃ​នៃ​ការជួល​នៅ​ផ្សារ​ទំនើបធំៗ ស្ថិតនៅក្នុង​ចន្លោះ​ពី២៥.៥០ទៅដល់២៨ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​ម៉ែត្រការ៉េ​ក្នុង​មួយ​ម៉ែត្រការ៉េ។

លោកស្រី​អាន សុធី​តា អ្នកជំនាញ​នៅក្នុង​ការសិក្សា វាយតម្លៃ​អចលនទ្រព្យ និង​ផ្នែក​ទីផ្សារ​ទំនើប បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា មិន​ថា​ស្ថិតនៅក្នុង​បរិបទ​ណា​នោះទេ ផ្សារ​ទំនើប​បែប​សម​ហគ​មន៍ នៅតែមាន​ប្រជាប្រិយភាព​ខ្ពស់ បើ​ប្រៀបធៀប​ទៅនឹង​ផ្សារ​ទំនើបធំ។

លោកស្រី​បន្តថា “ភាគច្រើន​ផ្សារ​ទំនើប​បែប​សហគមន៍ ត្រូវបាន​សាងសង់​នៅជាប់​ផ្លូវធំ ងាយស្រួល​ចេញចូល មិន​ពិបាក​ក្នុងការ​ចំណាយពេល​ទុកដាក់​យានយន្ត ហើយ​អ្វីដែល​សំខាន់​គឺ​រាល់​ផលិតផល និង​សម្ភារៈ​ដែល​ដាក់លក់ នៅក្នុង​ផ្សារ​ទំនើប​ប្រភេទ​នេះ ភាគច្រើន​ជា​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​មាន​តម្រូវការ​ជាក់ស្ដែង ដែល​ខុសពី​ផ្សារ​ទំនើប ជា​ប្រភេទ​ផ្សា​រល​កើ​ទំនិញ និង​បែប​កម្សាន្ត” ។

លោកស្រី​ញ្ជា​ក់ថា “មនុស្ស​ភាគច្រើន ដែល​ទៅ​ផ្សារ​ទំនើបធំៗគឺ​ក្នុង​គោលបំណង​ដើរ​ទិញ​ទំនិញ​បែប​កម្សាន្ត និង​លំហែរ​អារម្មណ៍​ច្រើន ជាង​ការទិញ​ទំនិញ​ដែលជា​តម្រូវការ​ពិតប្រាកដ។ ដោយឡែក​សម្រាប់​អ្នក ដែល​ចូល​ផ្សារ​ទំនើប​ខ្នាតតូច ឬ​ផ្សារ​ទំនើប​បែប​សហគមន៍ ភាគច្រើន​ជា​អ្នកមាន​តម្រូវ​ការពិត ដែល​វា​មិនមែនជា​ការកម្សាន្ត​នោះទេ” ៕

ការសិក្សា​ថ្មីៈ ក្រុង​សៀង​ហៃ បាន​ក្លាយជា​ក្រុងមាន​ទំនិញ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក

ដោយៈ​សុខុម

ប្រទេស​ចិនៈ ក្រុង​សៀង​ហៃ ប្រទេស​ចិន បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ក្នុងចំណោម​ទីក្រុង​ជម្រើស​ទាំង២៥ នៅ​ទូទាំង​ពិភពលោក ដែល​ក្លាយ​ជាទី​ក្រុងមាន​ទំនិញ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក និង​ជាទី​តាំង​សម្រាប់តែ​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ​រស់នៅ។

ក្រុង​ហុងកុង ដែល​កាលពី​ឆ្នាំមុន​បានជា​ប់​ចំណាត់ថ្នាក់​លេខ១ បាន​ធ្លាក់​ដល់​ចំណាត់ថ្នាក់​លេខ៣ នៅក្នុង​ឆ្នាំ២០២១នេះ។ ចំណែកឯ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​រក្សា​ចំណាត់ថ្នាក់​លេខ២ដដែល។

ម៉ូ​ណា​កូ ដែលជា​ប្រទេស​មានទ្រព្យ​ស្តុកស្តម្ភ​តូច​មួយ នៅ​អឺរ៉ុប​ខាងលិច បាន​ជាប់​ចំណាត់ថ្នាក់​លេខ៤ ហើយ​ក្រុង​តៃប៉ិ នៃ​កោះ​តៃវ៉ាន់ ជាប់​ចំណាត់ថ្នាក់​លេខ៥ ។

យោងតាម​របាយការណ៍​ថ្មី​មួយ​មាន​ឈ្មោះថា “របាយការណ៍​ស្តីពី​ទ្រព្យសម្បត្តិ និង​បែបបទ​រស់នៅ​បែប​ស៊ី​វិ​ល័យ ទូទាំង​ពិភពលោក​ប្រចាំឆ្នាំ២០២១” (Global Wealth and Lifestyle Report 2021) របស់​ធនាគារ​ស្វ‍​៊ី​ស Bank Julius Baer បង្ហាញ​អាស៊ី នៅតែ​បន្ត​ក្លាយជា​តំបន់ ដែលមាន​ទំនិញ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក បើទោះបីជា​ផ្ទុះ​វិបត្តិ​កូ​វីដ-១៩ យ៉ាងណាក្ដី។

យោងតាម​របាយការណ៍​ប្រចាំ​ឆ្នាំនេះ​ឱ្យដឹងថា ទីក្រុង​ចំនួន៤ ក្នុងចំណោម​ទីក្រុង​មាន​ទំនិញ​ថ្លៃ​បំផុត​ទាំង៥ សម្រាប់​ពលរដ្ឋ​ដែលមាន​ទ្រព្យសម្បត្តិ ចាប់ពី១លាន​ដុល្លារ​ឡើងទៅ​នៅពេលនេះ សុទ្ធតែ​ស្ថិតនៅក្នុង​តំបន់​អាស៊ី។  ចំណែក​អឺរ៉ុប និង​តំបន់​មជ្ឈិមបូព៌ា ឈរ​នៅ​ចំណាត់ថ្នាក់​លេខ២ ។

ទន្ទឹមនេះ ទ្វីបអាមេរិក ដែល​រងគ្រោះ​ធ្ងន់ធ្ងរ ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ បាន​ក្លាយជា​តំបន់ ដែលមាន​ទំនិញ​ថោក​ជាងគេ​បំផុត ដោយសារ​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក និង​ដុល្លារ​កាណាដា ធ្លាក់​ថ្លៃ​ទល់នឹង​រូបិយប័ណ្ណសំខាន់ៗ ផ្សេងទៀត​ទូទាំង​ពិភពលោក។

របាយការណ៍​នេះ​បញ្ជាក់ថា ការដាក់​ចំណាត់ថ្នាក់​នេះ គឺធ្វើឡើង​ផ្អែកទៅលើ​តម្លៃ​ទំនិញប្រណីតៗមួយចំនួន នៅក្នុង​ទីក្រុង​ជម្រើស​ទាំង២៥ទូទាំង​ពិភពលោក៕

ខ័​ណ្ឌ​ច្បារអំពៅ​កំពុង​ពង្រីក​សត្តា​នុព​ល​លើ​ទីផ្សារ​លំនៅដ្ឋាន​កាន់តែច្រើន

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ខ័​ណ្ឌ​ច្បារអំពៅ បាននិងកំពុង​ឆ្ពោះទៅរក​ភាព​រីកចម្រើន កាន់តែខ្លាំង ដោយ​បច្ចុប្បន្ន​គម្រោង​បុរី​តូច ធំ​កាន់តែច្រើន​កំពុងមាន​ការរីកចម្រើន​នៅ​តំបន់​នេះ ខណៈ​តម្រូវការ​លំនៅដ្ឋាន​បាន​កើនឡើង​ជាប្រចាំ។

ការរីកចម្រើន​នៅ​តំបន់​នេះ មិនមែន​ជាការ​ចៃដន្យ​នោះទេ ប៉ុន្តែ​វា​កើតឡើង​ដោយ សារ​កត្តាសំខាន់ៗជាច្រើន រួមមាន ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ផ្លូវជាតិ​លេខ១ ស្ពាន​ត​ភ្ជាប់​រវាងផ្លូវ​ថៃ​ហ្គ័​រ និង​តំបន់​ព្រែក​សំរោង ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​គំរោង​សាងសង់​ហេដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជាច្រើន​ទៀត។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ទីផ្សារ​លំនៅដ្ឋាន​នៅតែមាន​សក្តានុពល​នៅឡើយ ទោះបី​វិបត្តិ​ជំងឺ​កូ​វីដ​ក្តី ប៉ុន្តែ​ចរន្ត​នៃ​ការទិញ​លក់​នៅតែមាន​ភា​ព​ល្អប្រសើរ បើទោះជា​មិនមាន​កំនើន​ខ្ពស់​ដូច​កំឡុង​មុន​វិបត្តិ​កូ​វីដ១៩ក្តី។

លោក​បន្តថា “ដោយឡែក​បញ្ហា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ដែល​ងាយស្រួល​ត​ភ្ជាប់​ម​កនាន់​រាជធានី បានធ្វើ​ឲ្យ​តំបន់​ច្បារអំពៅ មាន​ភាពរ​រីកចម្រើន​ទាំង​លំនៅដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សារ​ទំនើប ស្របពេល​កំនើន​ប្រជាសាស្ត្រ​កើនឡើង ជាប្រចាំ​នៅ​តំបន់​នេះ។ លោក​បន្តថា “កំនើន​នៃ​ការទិញ​លក់​បុរី ដោយសារ​លក្ខ​ខ័​ណ្ឌ​បង់ប្រាក់​កាន់តែ​ងាយស្រួល ពិសេស​មានការ​គាំទ្រ​ពី​ធនាគារ​កាន់តែច្រើន” ។

បច្ចុប្បន្ននេះ ធនាគារ​កាន់តែច្រើន​បាន​បញ្ចុះ​អត្រា​ការប្រាក់ ដើម្បី​ចាប់យក​ចំណែក​ទីផ្សារ​របស់ខ្លួន ស្របពេល​ការប្រកួតប្រជែង​កំពុង​កើនឡើង។

ជាមួយគ្នានេះ លោក​ឧកញ៉ា​នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន KFA ដែល​បាន​វិនិយោគ​បុរី​មួយ​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ស្របតាម​ផ្លូវជាតិ​លេខ១បាននិងកំពុង​សម្លឹង​ឃើញ​សក្តានុពល​នៅ​តំបន់​នេះ ដោយសារ​ការរីកចម្រើន​របស់​រាជធានី​ភ្នំពេញ បានធ្វើ​ឲ្យ​អ្នកវិនិយោគ​ជាច្រើន​ងាក​មកកាន់​តំបន់​ជាយក្រុង ដែល​តម្លៃ​ដី​មាន​ភាពសមស្រប ពិ​សេ ស​ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល បានធ្វើ​ឲ្យ​តំបន់​ច្បារអំពៅ និង​ស្រុក​កៀនស្វាយ​កាន់តែ​ខិត​កៀក​គ្នា ព្រោះ​បច្ចុប្បន្ននេះ​ការធ្វើដំណើរ​ពី​ស្រុក​កៀនស្វាយ មកកាន់​រាជធានី​ចំណាយពេល​ត្រឹម១០នាទី​ប៉ុណ្ណោះ។

លោក​បន្តថា “ការរីកចម្រើន​នៃ​សេដ្ឋកិច្ចសង្គម នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ចំណូល​កាន់តែច្រើន និង​ធ្វើ​ឲ្យ​ទីផ្សារ​លំនៅដ្ឋាន កាន់តែ​រីកចម្រើន​ថែមទៀត​នាពេល​អនាគត ខណៈ​ការសាងសង់​បច្ចុប្បន្ន មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​នៅឡើយ” ។

ចំណែក​លោក​សុខ ស៊ីវ​ផេង ​ប្រធាន​ផ្នែក​ទីផ្សារ​បុរី​គីម ស័ង​ បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ជាមួយនឹង​ល្បឿន​នៃ​ការអភិវឌ្ឍ​របស់​រាជ​ធានី​ភ្នំពេញ និង​កំនើន​ប្រជា​ពល រដ្ឋ​កាន់តែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ បានធ្វើ​ឲ្យ​អ្នកវិនិយោគ​បុរី​គីម ស័ង​សម្រេចចិត្ត​វិនិយោគ​លំនៅដ្ឋាន​ដ៏​ប្រណីត ស្រប​នឹង​បណ្តោយ​ផ្លូវ​ថៃ ហ្គ័​រ ដែល​បុរី​នេះ​មាន​ផ្ទៃដី៥ហិកតា និង​កំពុង​ដាក់លក់​ផ្ទះ​បី​ប្រភេទ ដូចជា Shop House, វីឡា​កូនកាត់ និង​វីឡា​ភ្លោះ ដែលមាន​តម្លៃ​ចាប់ពី១៣ម៉ឺន ដល់២៦ម៉ឺន​ដុល្លារ​អាមេរិក។

លោក​បន្តថា “យើង​ផ្តោតលើ​គុណភាព ប្រណីតភាព និង​ផាសុខភាព​ដល់​អ្នករស់នៅ តាមរយៈ​ការរៀបចំ​ផ្ទះ ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ធំ​ទូលាយ ដើម្បី​ឲ្យ​ខ្យល់​ចេញចូល​បាន​ស្រួល និង​ផ្តល់នូវ​ភាព​មនោ​រម្យ​ក្នុង​លំនៅដ្ឋាន” ។

ស្របពេល​ឳ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឈានចូល​មកដល់​នាពេល​ខាងមុខនេះ លោក​បានផ្តល់​ជូន​ប្រូ​ម៉ូ​សិន ដោយ​បញ្ចុះតម្លៃ ២០,000ដុល្លារ ភ្លាមៗ ជាការ​ដូរ​នៃ​ស​ន្ត្រា​ន្ត​ឆ្នាំ​ថ្មី​ជូន​អតិថិជន  សម្រាប់​ការ​កក់​ផ្ទះ​គ្រប់​ប្រភេទ​សម្រាប់​ប្លុក​ថ្មី បុរី គីម ស័ង ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ដំណាច់​ខែមេសា​ខាងមុខនេះ ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខ៖ 078 915 999/ 086 915 999
ទីតាំងគម្រោង៖ផ្លូវលេខ114 (ផ្លូវថៃហ្គ័រ) ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ https://goo.gl/maps/KzpJBe1mvyMywny88

រំលឹកឡើងវិញៈកម្ពុជាជាធ្លាប់ជាទីផ្សារល្អបំផុតមួយសម្រាប់វិនិយោគិនអចលនទ្រព្យនៅតំបន់អាស៊ី

ដោយៈ សហការី

ភ្នំពេញៈ ប្រទេសកម្ពុជាគឺជាទីផ្សារល្អបំផុតមួយនៅអាស៊ី សម្រាប់វិនិយោគិនអច​លនទ្រព្យ។ សេដ្ឋកិច្ចរបស់ប្រទេសនេះមានទំហំតូចមែន ប៉ុន្តែមានភាពធន់ ហើយមិនដែលមានវិបត្តិសេដ្ឋកិច្ចក្នុងរយៈពេលជាង២០ឆ្នាំមកហើយ។

យោងតាមការសិក្សារបស់គេហទំព័រInvestAsian ដែលជាគេហទំព័រអង្កេតទាក់ ទងនឹងចរន្ត នៃការវិនិយោគនៅតំបន់អាស៊ីបានបង្ហាញថា ទីក្រុងភ្នំពេញមានការរីកចម្រើ នគួរឱ្យភ្ញាក់ផ្អើល ដែលទាក់ទាញការចាប់អារម្មណ៍ពីធុរកិច្ចអន្តរជាតិ។ មនុស្សជាច្រើន បានប្រៀបធៀបទីក្រុងភ្នំពេញ ទៅនឹងទីក្រុងបាំងកកកាលពី៣០ឆ្នាំមុន។ការប្រៀបធៀបនេះ ដោយមើលឃើញពីកំណើនដ៏ខ្លាំងនៃទីក្រុងបាងកកនេះ វិនិយោគិនគួរតែកត់សម្គា ល់ពីទីក្រុងនេះ សម្រាប់ជាទិសដៅវិនិយោគ។

ទីក្រុងនេះ ក៏ទាក់ទាញជនជាតិបរទេស ជាមួយនឹងផ្សារតាមដងផ្លូវដ៏រស់រវើក ស្ថាបត្យកម្មបារាំងដ៏អស្ចារ្យ និង អាគារបុរាណ។ ដោយមើលឃើញពីចំណុចទាំងនេះ បានធ្វើ  ឱ្យវិនិយោគិន ដែលមានបទពិសោធន៏ បានចាប់ផ្តើមសម្រុកមកភ្នំពេញ ដើម្បីទទួលបានផលចំណេញក្នុងតម្លៃទាបគួរឱ្យភ្ញាក់ផ្អើល។

ជាធម្មតា ជនបរទេសទិញអចលនទ្រព្យពីរប្រភេទ រួមមាន shophouse និងខុនដូ។ Shophouse ជាទូទៅអាចធ្វើកែលម្អឡើងវិញ ជួល និងលក់បន្ត ដើម្បីដើម្បីបានផលចំណេញ ខណៈខុនដូមិនមានផលចំណេញច្រើនទេដូច Shophouseនោះទេ ប៉ុន្តែខុនដូងាយនឹងកាន់កាប់ និងគ្រប់គ្រង។

ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេស នៅអាស៊ីអាគ្នេយ៍ ដែលអាចឱ្យជនបរទេស មានកម្មសិទ្ធិកាន់កាប់អចលនទ្រព្យពីជាន់ទី១។ កម្ពុជាជាប្រទេសស្វាគ​មន៍បំផុតមួយ សម្រាប់វិនិយោគិនអន្តរជាតិនៅក្នុងតំបន់ទាំងមូល។

ការចូលមកប្រទេសកម្ពុជា ហើយបង្កើតអាជីវកម្មនៅទីននេះ មានលក្ខណៈសាម​ញ្ញ និងមានប្រសិទ្ធភាព។ ទិដ្ឋាការរយៈពេលមួយឆ្នាំ មានតម្លៃត្រឹមតែ២៥០ដុល្លារ ហើយអាជីវកម្មនៅកម្ពុជា អាចមានកម្មសិទ្ធិ១០០ភាគរយដោយជនជាតិបរទេស។

ការទិញអចលនទ្រព្យ អាចមានភាពស្មុគស្មាញបន្តិចអាស្រ័យលើអ្វី ដែលអ្នកកំពុងរក។ ជនបរទេស អាចទិញខុនដូយូនីត ដែលមានប័ណ្ណសហកម្មសិទ្ធ  ដូច្នេះមនុស្សជាច្រើនមានទំនោរទៅរកការអភិវឌ្ឍទាំងនោះ។

លើសពីនេះទៀត ប្រទេសកម្ពុជាប្រើប្រាស់ប្លង់រឹង និងប្លង់ទន់សម្រាប់ដី និងអគារ។ ប័ណ្ណកម្មសិទ្ធិប្លង់រឹង ត្រូវបានចុះបញ្ជីជាផ្លូវការ ដោយអជ្ញាធរជាតិ។ ចំណែក ប្លង់ទន់ ត្រូវបានចុះបញ្ជី ដោយអជ្ញាធរមូលដ្ឋាន៕ Investasian៕

វិភាគៈតើហេតុផលនិងគោលនយោបាយសំខាន់ៗអ្វីខ្លះដែលអ្នកវិនិយោគចិននឹងត្រលប់មកកាន់កម្ពុជាវិញ?

ដោយ យិន លាងគង់ស្ថាបនិកនិងជាអគ្គនាយកPropertyarea

​          ភ្នំពេញៈ សករាជអាស៊ីនឹងប្រែព៌ណមែនទ? ខណៈមហាយក្សចិនបានផ្លាស់ប្តូរយុទ្ឋសាស្រ្តរបស់ខ្លួន ជាមួយការដាក់ចេញ“សករាជថ្មី” ជាអ្វីដែលប្រទេសចិនបាននិងកំពុងផ្តោត លើការកសាងសុខដុមនីយកម្មរបស់ខ្លួនជាអាទិភាព។

ព្រះអាទិត្យរបស់ប្រទេសចិនក្នុងនាទិឃៈរដូវ ហាក់ប្រែព៌ណ ខណៈមហាយក្សនេះ ទទួលរងសម្ភាធជាច្រើនពីមិ ត្តក្នុងភាពជាសត្រូវរបស់ខ្លួន(សហរដ្ឋអាមេរិក) ហេតុនេះការផ្លាស់ប្តូរយុទ្ឋសាស្រ្ត និងគោ​លនយោបាយរបស់ខ្លួន បានដាក់ចេញដោយប្រុងប្រយ័ត្នជាងមុន។

ខ្យល់ប្តូរទិស

ដំណក់ព្រិលនារដូវផ្ការីក បានធ្វើឲ្យសករាជចិននាសតវត្សរ៍២១បានផ្លាស់ប្តូរយ៉ាង​សម្បើម មហាយក្សចិនបានងើបឡើងដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក​នេះ បន្ទាប់ពីកំនើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ខ្លួន ដោយបានធ្វើឲ្យរចនាសម្ព័ន្ឋសង្គម នយោបាយ យោធារបស់ចិនបានផ្លាស់ប្តូរ និងបានដំឡើងខ្លួនពីយក្ស ដែលធ្លាប់ដេកលង់លក់ មកជាយក្សដែលមានអំណាច និងឥទ្ឋិពលពេញលេញក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។
ប៉ុន្តែទោះជាយ៉ាងណា ការរីកចម្រើនសេដ្ឋកិច្ចរបស់ចិន និងការបែងចែកធនធានមិនទាន់បានសមស្រប បានធ្វើឲ្យសង្គមចិន មិនទាន់មានសុខដុមនីយកម្មទាំងស្រុង ហើ​យប្រជាជនចិន ក៏មិនទាន់ទទួលបានផលស្មើៗគ្នា ពីការចាក់ចូលនូវមូលធនរបស់ប្រទេ​សដល់តំបន់ពួកគេនៅឡើយ។

ដោយមើលឃើញបញ្ហានេះ ដែលវាអាចនឹងក្លាយជាឈ្នួនបញ្ឆេះ វិបត្តិសង្គមចិននាពេលខាងមុខ ទើបក្រុមប្រឹក្សារដ្ឋនៃគណៈកម្មាធិការមជ្ឈិមចិន បានផ្សព្វផ្សាយចំណុចសំខាន់ៗមួយចំនួន ក្នុងការប្រជុំគណៈកម្មាធិការជាតិលើកទី១៣ស្តីពី ការពិគ្រោះយោបល់នយោបាយប្រជាជនចិន ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភាកន្លងមកនេះ ។ កិ្ចប្រជុំនេះនឹងផ្តោតលើគោលការណ៍ “សករាជថ្មី”និងការអភិវឌ្ឍតំបន់ភាគខាងលិចរបស់ប្រទេសចិន។

តំបន់ទាំងនេះរបស់ចិន មានការអភិវឌ្ឍតិចតួច លើកលែងតែការទាញយកឧស្ម័ន ប្រេង និងរ៉ែ។

គោលនយោបាយខ្សែក្រវ៉ាត់និងផ្លូវលែងជាអាទិភាព

ប្រវត្តិសាស្រ្តរបស់ចិនមានសភាពវែងអន្លាយ និងលន្លង់លន្លោចដូចសម្លេងថ្ងួចថ្ងូររបស់ចិន ហើ​យគំនិតផ្លួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលមានប្រវត្តិដ៏វែងអន្លាយ ត្រូវបានទាញយកមកប្រើ​ប្រាស់ឡើងវិញ ដោយប្រធានាធិបតីដ៏មានឥទ្ឋិពលរបស់ចិន(ស៊ី ជីនពីង​)ឡើងវិញ។
ការដាក់ចេញនូវគំនិតផ្តួចផ្តើមនេះ មហាយក្សចិនមានគោលដៅ ពង្រីកឥទ្ឋិពលសេដ្ឋកិច្ច និង​នយោបាយរបស់ចិន ដើម្បីក្តោបក្តាប់ពិភពលោកនាពេលអនាគត។

ការផ្តោតលើការកសាងសង្គមចិន ឲ្យទទួលបានសុខភាពល្អប្រសើរជាមុន ក្រុមប្រឹក្សារដ្ឋចិនបានដកនូវគំនិតផ្តួចផ្តើមនេះ ចេញពីបញ្ជីរគោលនយោបាយអាទិភាព​របស់ខ្លួន។

នៅក្នុងបញ្ជីនៃគោលការណ៍ណែនាំចំនួន៣៣ចំណុច គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ ធ្លាក់ចុះពីការងារអាទិភាពកំពូល ពោលគឺ ផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ខ្លួន ដោយរក្សាសណ្តាប់ធ្នាប់សង្គម និងពិភា​    ក្សាអំពីការកសាង និងពង្រីកកំពង់ផែទឹកជ្រៅនៅប្រទេសចិន និងនៅបរទេស។ នោះបង្ហាញថា គ្រោងការណ៍ BRI ឥឡូវត្រូវបានធ្លាក់ចុះពីការងារអទិភាពរបស់ស់ចិន។

នៅក្នុងបញ្ជីនៃគោលការណ៍ណែនាំចំនួន៣៣ចំណុច គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ ធ្លាក់ចុះពីការងារអាទិភាពកំពូល ពោលគឺ ផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ខ្លួន ដោយរក្សាសណ្តាប់ធ្នាប់សង្គម និងពិភាក្សាយអំពីការកសាង និងពង្រីកកំពង់ផែទឹកជ្រៅនៅប្រទេសចិន និងនៅបរទេស។ នោះបង្ហាញថា គ្រោងការណ៍ BRI ឥឡូវត្រូវបានធ្លាក់ចុះពីការងារអទិភាពរបស់ស់ចិន។

គោលការណ៍ណែនាំទាំងនេះបានឱ្យដឹងថា ប្រទេសចិនឥឡូវនេះកំពុងប្រឈមនឹង “ស្ថានភាពថ្មី” ។ ដោយមើលឃើញបែបនេះ វាបង្ហាញថា មនោគមវិជ្ជាចម្បងរបស់មេដឹកនាំបក្សកុម្មុយនិស្តចិនបានផ្លាស់ប្តូរពី “សុបិនចិន” ឬChina Dream របស់លោក ស៊ី ទៅជាទស្សនវិស័យសង្គមនិយមថ្មីផ្តោតលើ “សករាជថ្មី”។

ភូមិសាស្រ្តនយោបាយ

ទោះបីជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ បានកើនឡើងសមាជិកដល់៦៨ប្រទេស បានគ្របដណ្តប់ប្រជាជន៦៥ភាគរយក្នុងពិភពលោក និងស្មើផលទុនជាតិសរុបពិភពលោករហូតដល់៤០ភាគរយ ត្រូវបានដកចេញពីបញ្ជីរអាទិភាពក្តី ក៏គោលនយោ​បាយអាស៊ីរបស់ខ្លួន មិនទំនងជាផ្លាស់ប្តូរនោះទេ ដោយសារទី១ ចិននៅតែត្រូវការពង្រីកឥទ្ឋិពលទាំងនយោបាយ សេដ្ឋកិច្ច និងយោធានៅតំបន់នេះ ទី២ ចិនត្រូវការមិត្តកាន់តែច្រើន ដើម្បីសម្រេចមហិច្ឆតា ដើម្បីគ្រប់គ្រងពិភពលោកនាពេលខាងមុខ ក្នុងនាមជាមហាអំណា​ចលេខ១។

ទី៣ ការកើនឡើងនូវឥទ្ឋិពលរបស់ចិន ពិតណាស់នឹងធ្វើឲ្យប្រទេសជាច្រើនរងការគំរាមកំហែងដោយផ្ទាល់ និងប្រយោល ពិសេសតំបន់សមុទ្រចិនខាងត្បូង ដែលមានប្រទេសជាច្រើនជាប់ក្នុងជម្លោះនេះ ដូចជា វៀតណាម ហ្វីលីពីន ប្រុយណេជាដើម។ ទី៤ ចិន ត្រូវតែមានទីតាំងឈរជើងកាន់តែរ៉ឹងមាំាំផ្នែកយោធា ព្រោះប្រសិនជាចិនអាចពង្រីកមូលដ្ឋានកងទ័ពកាន់តែច្រើន នៅក្នុងតំបន់នេះបាន ចិននឹងអាចពង្រីកឥទ្ឋិពល​របស់ខ្លួនកាន់តែឆាប់រហ័ស។

ទី៥ ចិនត្រុវតែមានដៃគូឬមិត្តជិតស្និទ្ឋ ដូចជាកម្ពុជា ដែលត្រូវបានមហាមិត្តចិនចាត់ទុកជា “មិត្តដែកថែប”ដើម្បីការពារផលប្រយោជន៍របស់ខ្លួនផង ដើម្បីចូលរួមគាំពារគោ​ល​នយោបាយរបស់ខ្លួនផង។

មហាយក្សចិន មិនអាចបង្កសត្រូវកាន់តែច្រើននោះទេ តែក៏មិនអាចរងការគំរាមកំហែងច្រើននោះដែរ ហេតុនេះការប្រើប្រាស់យុទ្ឋសាស្រ្តសង្រ្គាមត្រជាក់ និងមូលធនដើ​ម្បីពង្រីកឥទ្ឋិពលសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួន ច្បាស់ណាស់វានឹងនៅតែជានយោ​បាយអាទិភាព។

តើចិនត្រលប់មកម្ពុជាឬទេ?

វាជាសំណួរធំមួយដែលប្រជាជនកម្ពុជាកំពុងរង់ចាំចម្លើយ ហើយភាពសំអប់ចិន ទំនងជា រសាយចេញពីសន្តានចិត្ត ប្រជាជនកម្ពុជាបណ្តើរៗហើយ ដោយសារអវត្ត​មានចិន បានធ្វើឲ្យកម្ពុជាហាក់ស្លោកស្រពោនមួយរយៈ រាប់ចាប់តាំងពីការបិទហ្គេមអនឡាញ និងការផ្ទុះឡើងនូវជំងឺCovid-19ដ៏មហន្តរាយ។

ផ្អែកលើទំនាក់ទំនងដ៏ផ្អែមល្ហែម រវាងអតីតព្រះមហាក្សត្រ បរមរតនកោដិ សីហនុ ជាមួយអតីតៈមេដឹកនាំចិន ការកសាងនិងពង្រឹងបន្ថែមដែលធ្វើឡើង ដោយបុរសខ្លាំងកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ឋសាស្រ្ត គ្រប់ជ្រុងជ្រោយតាំងពីឆ្នាំ២០១២កន្លងមក និងក្រោយមកបានដាក់ចេញនូវ “ប្រទេសពីរវាសនាតែមួយ” បានធ្វើឲ្យទំនាក់ទំនងរវាងមេដឹកនាំ និងប្រជាជនប្រទេសទាំងងពីរមិនអាចកាត់ផ្តាច់បាន។

តាមរយៈទំនាក់ទំនងដ៏ស្អិតរមួត និងមិនអាចកាត់ផ្តាច់បាននេះ ចិនបានឈរនៅ​លេខរៀងទី១ ក្នុងចំណោមអ្នកវិនិយោគបរទេសនៅកម្ពុជា និងផ្តល់កម្ចីសម្បទានច្រើន​ជាងគេមកកសាងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដែលកម្ពុជាចាំបាច់ត្រូវពង្រីក និងពង្រីក​សេដ្ឋកិច្ច និងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។

លំហូរទុនវិនិយោគរបស់ចិនយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យក្រុងព្រះសីហនុ កើនឡើងនូវអាគារខ្ពស់ៗដូចគេ “ជប់” ទីក្រុងនេះបានផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ដោយប្រែក្លាយជាទីក្រុងស្ងប់ស្ងាត់ ទៅជាទីក្រុងមានភាពស៊ីវិល័យមួយ​ដែលមានហេដ្ឋារចនាសម្ព័ន្ឋ ប្លង់គោលអភិវឌ្ឍន៍ និងទស្សនវិស័យកាន់តែភ្លឺស្វាងជាងមុន។

មហាយក្សចិននឹងត្រលប់មកវិញ

ផ្អែកលើទំនាក់ទំនង មនោសញ្ចេតនារវាងមេដឹកនាំ និងពិសេសភូមិសាស្រ្តនយោ​បាយ និងទំនាក់ទំនងអន្តរជាតិ ច្បាស់លាស់ណាស់ចិននឹងត្រលប់មកកម្ពុជាវិញ នៅពេល​ខាងមុខ(ឆាប់ឬយូរអាស្រ័យលើបញ្ហាផ្ទៃក្នុងរបស់ចិន)។

ហេតុអីបានជាចិនត្រូវត្រលប់មកវិញ? ចម្លើយគឺ ទី១ ចិននៅតែត្រូវការកម្ពុជា ដោយសារកម្ពុជាជាមិត្តគួរឲ្យទុក​ចិត្តបាន និងជាមិត្តដែកថែបរបស់ខ្លួន ទី២ ក​ម្ពុជា ជាសមាជិកមួយក្នុងចំណោមបណ្តាប្រ ទេសមាជិកអាស៊ានទាំង១០ ដែលអាចការពារផលប្រយោ​ជន៍ នយោបាយរបស់ចិនក្នុងតំបន់នេះ ព្រោះអាស៊ានមិនមែនជាខ្លាក្រដាសនោះទេ ហើ​យ​​អាស៊ានបាន និងកំពុងដើរតួនាទីកាន់តែសំខាន់ ផ្នែកភូមិសាស្រ្តនយោបាយផង សេដ្ឋ​កិច្ចផង។ ទី៣ កម្ពុជាជាមហាមិត្ត ដែលបានបដិសេធឬធ្វើអនុប្បវាទ លើសេចក្តីថ្លែងការ​ណ៍​របស់អាស៊ាន ខណៈតំបន់នេះបាននិងកំពុងប្រទាញប្រទង់ យកឥទ្ឋិពលពីអាមេរិក​ផងដែរ។

ទី៤ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២ មហាអំណាចអាមេរិក និងប្រទេសក្នុងតំប​ន់ដទៃទៀត បានយកកម្ពុជាជាសមរភូមិ ដើម្បីវាយប្រហារចិនលើបញ្ហាសមុទ្រចិនខាងត្បូង ប៉ុន្តែមានកម្ពុជាសេចក្តីថ្លែងការណ៍ត្រូវបានជាប់គាំង ដោយសារកម្ពុជាមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នោះ (អាស៊ានចេញសេចក្តីថ្លែងការណ៍រួចទៅបាន ទា​ល់តែប្រទេសសមាជិកទាំងអស់ចុះហត្ថលេខា)។ ទី៥ ផ្អែកលើបទពិសោធន៍នេះ ចិនបាន​ជ្រើសរើសកម្ពុជាជាមិត្តដែកថែប និងអាចការពារផលប្រយោជន៍គ្នាទៅវិញទៅមក។

ទី៦ ចិនឈរជើងនៅកម្ពុជា មិនត្រឹមតែជាការការពារកម្ពុជានោះទេ ប៉ុន្តែក៏ដើម្បីទប់ឥទ្ឋិពលវៀតណាម នៅក្នុងតំបន់ឥណ្ឌូចិន ដែលវៀតណាមនៅតែមានគោលដៅលេបយកឥណ្ឌូចិន ប៉ុន្តែចិននឹងមិនអនុញ្ញាត្តឲ្យប្រទេសនេះ សម្រេចមហិច្ឆតារបស់ខ្លួនបានទេ។

នយោបាយកាទូតដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ

បុរសខ្លាំងរបស់កម្ពុជា ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ ពីភាពប៉ិនប្រសព្វ​នូវការដាក់ចេញនយោបាយកាទូតរបស់ខ្លួន ទាំងជាមួយប្លុកសេរី និងកុំម្មុយនីស្ត ខណៈ​បុរសខ្លាំងរូបនេះ នៅតែអាចឈរជើងយ៉ាងរ៉ឹងមាំក្នុងអំណាច និងបានដឹកនាំប្រទេសចេញពីយុគដ៏ងងឹតសូន្យ មកកាន់ភាពភ្លឺស្វាង តាមរយៈការរក្សាបាននូវស្ថេរភាពនយោបា​យ ស្ថេរភាពសង្គម និងកសាងសេដ្ឋកិច្ចរីកចម្រើន ក្នុងរង្វង់៧ភាគរយ រយៈពេលជាងពីរទសវត្សរ៍។

គ្មាននយោបាយ និងផែនការយុទ្ឋសាស្រ្តច្បាស់លាស់ និងការដឹកនាំដ៏ប៉ិនប្រសព្វទេ បុរសខ្លាំងរូបនេះមិនអាចឈរជើងក្នុងអំណាចដ៏យូរបែបនេះឡើយ។

ប្រសិនបើយើងមើល ទៅលើទំនាក់ទំនងជាមួយចិនវិញ ក្រោមការដឹកនាំរបស់បុរសខ្លាំងរូបនេះ ទំនាក់ទំនងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ បាននិងកំពុងពង្រឹ​ង និងពង្រីកជាបន្តបន្ទាប់ ដែលទំនាក់ទំនងនេះបាននាំផលប្រយោជន៍ ដ៏មហាសាលសំរាប់ជាតិសាសន៍ ដែលបាននិងកំពុងរស់នៅក្នុងស្នាមញញឹមជាថ្មី និងម្លប់នៃសន្តិភាពនា​ពេលបច្ចុប្បន្ន។

តាមរយៈដំណើរទស្សនកិច្ច ដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសចិនរបស់សម្តេចតេជោកាលពីថ្ងៃទី៥​កុម្ភៈ ខណៈចិនកំពុងជួបវិបត្តិCovid-19 ហើយបណ្តាប្រទេសនានាបានរត់ចោលចិន តែសម្តេចបានទៅទស្សនកិច្ចប្រទេសចិន បានបង្ហាញទៅកាន់មេដឹកនាំ និងប្រជាជនចិនថា “កម្ពុជាជាមិត្តស្លាប់រស់របស់ចិន” ខណៈកម្ពុជាមានសុភាសិតផ្ទាល់ខ្លួនថា “ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក”។

ដំណើរទស្សនកិច្ចរបស់សម្តេចនាពេលនោះ ត្រូវបានប្រជាជនចិនហៅសម្តេចតេ​ជោជា “បុរសង្ហារជាងគេក្នុងលោក” ហើយសន្តានចិត្តប្រជាជនចិន ដែលមិនទាន់យល់ពីកម្ពុជាបានផ្លាស់ប្តូរ ហើយមើលមកកម្ពុជាក្នុងរូបភាពវិជ្ជមាន។

ទំនាក់ទំនងរវាងកម្ពុជាចិន ក្នុងទំនាក់ទំនងអន្តរជាតិ និងទ្វេរភាគី ប្រៀបបីដូចជាអ្នកលេងពិន ដែលកេសមិនត្រូវខ្ទង់នាអតីតៈកាល ប៉ុន្តែបច្ចុប្បន្នទាំងអ្នកលេងពិន និងទ្របានប្រគុំរួមគ្នា ​និងអាចសរសេរនូវបទភ្លេងថ្មីមួយ ដែលរសនិយមពីរអាចបញ្ចូលគ្នាក្នុងសាច់ភ្លេងតែមួយ៕

តើរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមលក្ខណៈសម្បត្តិអ្វីខ្លះដើម្បីទាក់ទាញលំហូរFDI?

ដោយ:ប៊ី

ភ្នំពេញៈ កម្ពុជាគឺជាប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន ដែលបានបង្ហាញពីកំ​នើនសេដ្ឋកិច្ចខ្ពស់រង្វង់៧ភាគរយ ក្នុងរយៈពេលពីទស្សវត្តចុងក្រោយ ខណៈប្រហែលពាក់កណ្តាល នៃប្រជាជនមានអាយុក្រោម២៥ឆ្នាំ ហើយកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងកើនឡើងជាបន្តបន្ទាប់។

ប្រតិបត្តិការភាគច្រើន ត្រូវបានធ្វើឡើងតាមរយៈប្រាក់ដុល្លារអាមេរិក មិនមែនរូបិ​យប័ណ្ណក្នុងស្រុកទេ ដូច្នេះហានិភ័យនៃការផ្លាស់ប្តូរប្រាក់មានតិចតួច។

គម្រោងវិនិយោគ ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលកម្ពុជា ត្រូវបានរួចផុតពីពន្ធសាជីវកម្ម និងពន្ធនាំចូលសម្រាប់វត្ថុធាតុដើម និងគ្រឿងបរិក្ខារសម្រាប់រយៈពេល៩ឆ្នាំ។ នោះហើយជាមូលហេតុដែលប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកថាជាទិសដៅវិនិយោគដ៏ទាក់ទាញមួយ។

ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ របស់ប្រទេសកម្ពុជាមានចំនួន១៦០០ដុល្លារក្នុង២០២០ ហើយរំពឹងទុកថានឹងកើនឡើងដល់១៧៧១ក្នុងឆ្នាំ២០២១។ ប្រទេសនេះ មានភាពទាក់ទាញខាងវប្បធម៌ល្បីៗ នៅលើពិភពលោកដូចជាប្រាសាទអង្គរវត្ត ធនធានកម្លាំងពលកម្មច្រើន និងគោលនយោបាយមិត្តភាព ឆ្ពោះទៅរកការវិនិយោគបរទេស។

អរគុណចំពោះគុណសម្បត្តិទាំងនេះ ដែលបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាបានកើនឡើងច្រើនជាង៧ភាគរយក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។

នៅប្រទេសកម្ពុជា កម្រិតប្រាក់ឈ្នួលមានកម្រិតទាប ដែលជាចំណុចខ្លាំងមួយទៀត។ កាលពីឆ្នាំមុន ប្រាក់ឈ្នួលអប្បបរមាប្រចាំខែ នៅក្នុងវិស័យកាត់ដេររបស់ប្រទេសនេះមានចំនួន១៨២ដុល្លារអាមេរិក ដែលស្មើនឹង៦០ភាគរយ នៃប្រាក់ឈ្នួលរបស់ប្រទេសថៃ ដែលនៅជិតខាង។  ដោយមានកម្លាំងពលកម្មវ័យក្មេង និងសម្បូរបែប ប្រទេសកម្ពុជាមានអត្រាចូលរួមកម្លាំងខ្ពស់បំផុតនៅក្នុងអាស៊ាន។

អ្វីដែលប្រសើរជាងនេះ ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ។ ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ ទំនិញដែលនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា ត្រូវបានផ្តល់ការកាត់បន្ថយ ឬគ្មានអត្រាពន្ធ។

ដូច្នេះ ប្រទេសកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ ពន្ធគយនៅពេលនាំចេញផលិ​តផលទៅសហរដ្ឋអាមេរិកសហភាព អឺរ៉ុប និងជប៉ុន។ គ្មានអ្វីប្លែកទេដែលប្រទេសកម្ពុជាត្រូវបានគេហៅថា “គុជដែលលាក់ខ្លួននៅអាស៊ីអាគ្នេយ៍” ។

ការនាំចេញរបស់ប្រទេសកម្ពុជាត្រូវបានរំពឹងថា នឹងទទួលបានផលចំណេញ ដោ​យសារការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ធំមួយ ដែលប្រទេសចំនួន១៥ នៅអាស៊ីប៉ាស៊ីហ្វិកចូលរួម ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហាណូយ កាលពីពាក់កណ្តាលខែវិច្ឆិកា។

នៅឆ្នាំ២០២១នេះ មានរឿងវិជ្ជមានជាច្រើនសំរាប់កម្ពុជា ទាំងការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ការអនុវត្តកិច្ចព្រមព្រៀងRCEP ការអនុវត្តកិច្ចព្រមព្រៀងលើកលែងពន្ឋ(GSP)ពីអង់គ្លេសដល់កម្ពុជា ដែលនឹងធ្វើឲ្យកំណើននៃការនាំចេញកម្ពុជាកើនឡើង។

ការវិនិយោគនៅកម្ពុជា កាន់តែទាក់ទាញច្រើនថែមទៀត ដោយក្រុមហ៊ុនចិន អាមេរិក ជប៉ុន កូរ៉េជាដើមនឹងចូលមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញដោយរួចពន្ឋ។

ប្រទេសហត្ថលេខីទាំង១៥ មានចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលហ្សេឡង់ និងប្រទេសជាសមាជិកអាស៊ានទាំង១០ ដូចជាប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

RCEPត្រូវបានចាត់ទុកថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុត នៅលើពិភពលោក ដែលគ្របដណ្តប់ជិតមួយភាគបី នៃចំនួនប្រជាជនពិភពលោក និងប្រហែល៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP ត្រូវបានរំពឹងថានឹងជួយជំរុញពាណិជ្ជកម្មក្នុងតំបន់ ដែលធ្វើឱ្យការនាំចេញរបស់កម្ពុជាទទួលបានផលប្រយោជន៍។

អ្នកវិភាគបាននិយាយថា ច្បាប់វិនិយោគដែលបាន និងកំពុងធ្វើសមាហរណកម្ម គោលនយោបាយពន្ឋលើកទឹកចិត្តដល់អ្នកវិនិយោគអន្តរជាតិ ការលើកទឹកចិត្តដោយឲ្យជន​បរទេសអាចមានសិទ្ឋបោះទុន១០០ភាគរយនៅកម្ពុជា ការបង្កើតច្បាប់សហកម្មសិទ្ឋ​និងកត្តារួមផ្សំដទៃទៀត សុទ្ឋតែមានចំណែកក្នុងការទាក់ទាញ និងរុញកម្ពុជាឲ្យរំកិលឈានឡើងពីទាសភាព មករកឧត្តមភាព និងសម្រេចវិបុលភាពសំរាប់កម្ពុជានាពេលអនាគត។

អ្នកវិភាគបានបន្ថែមថា “ប្រសិនជាគ្មានការដាក់ចេញនូវគោលនយោបាយ ផែនកា​រយុទ្ឋសាស្រ្ត និងចក្ខុវិស័យច្បាស់លាស់ពីប្រមុខរដ្ឋាភិបាលកម្ពុជាទេ កម្ពុជានឹងមិនអាចងើបឡើងលឿនបែបនេះទេ”៕

ប្រមុខដឹកនាំកម្ពុជា-ឡាវអញ្ជើញគ្នាទៅបំពេញទស្សនកិច្ចទៅវិញទៅមកនៅពេលវេលាសមស្របណាមួយ

          ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងជំនួបរវាងសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងបណ្ឌិតផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ ភាគីទាំងពីបានប្ដេជ្ញា ក្នុងការពន្លឿនការចរចាលើកិច្ចព្រមព្រៀងស្ដីពី ការជៀសវាការយកពន្ធត្រួតគ្នាឱ្យបានឆាប់។

ជាមួយគ្នានេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងបណ្ឌិតផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវបានអញ្ជើញគ្នាទៅវិញទទៅមក ដើម្បីបំពេញទស្សនកិច្ចនៅពេលវេលាសមស្របណាមួយ។

នាយករដ្ឋមន្ត្រីទាំងពីរកម្ពុជា និងឡាវបានសម្ដែងការពេញចិត្តទៅវិញ ទៅមកចំពោះ​ទំនាក់ទំនងដ៏ជិតស្និទ្ធ ដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញបញ្ចប់ឲ្យបានឆាប់នូវសេចក្តីព្រាងផែនការសកម្មភាព សម្រាប់ភាពជាដៃគូ ដើម្បីបន្តពង្រឹងនូវទំនាក់ទំនងជិតស្និទ្ធ នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជាវិស័យ នយោបាយ-សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឡាវ ក្នុងការគ្រប់ គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ នាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណដ៏ស្មោះ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ជំនួយម៉ាសចំនួន២លាន និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រមួយ ចំនួន ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសឡាវ។

នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ពីសារៈសំខាន់ ក្នុងការពង្រឹងកិច្ចសហការរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់អវិជ្ជ មាននៃជំងឺនេះ។ ក្រៅពីសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរគំនិត និងប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធនៅ ក្នុងក្របខណ្ឌកិច្ចសហប្រតិ បត្តិការពហុភាគីនានា។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣ នៅចុងឆ្នាំ២០២១ និងជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ។

ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០២០កន្លងទៅទទួលបានលទ្ធផលខ្ពស់ដែលមិនគួរឱ្យជឿ ទោះស្ថិតនៅក្នុងដំណាក់កាលនៃកូវីដ១៩ក៏ដោយ ជាក់ស្ដែងក្នុងឆ្នា២០១៩ កម្ពុជាឡាវ សម្រេចបានទំហំពាណិជ្ជកម្ម ប្រមាណតែ១០លានដុល្លារអាមេរិកប៉ុណ្ណោះ តែឆ្នាំ២០២០ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ សម្រេចបានរហូតដល់១០៤លានដុល្លារអាមេរិកឯណោះ៕

ផ្ទះយន្តហោះដ៏ស្រស់ស្អាតមួយនឹងរំលេចខ្លួននៅជើងភ្នំបូកគោ ស្វាគមន៍អតិថិជនមកញាំកាហ្វេ

ដោយៈស៊ីវ ម៉េង

          ភ្នំពេញៈ ផ្ទះយន្តហោះមួយ កំពុងរៀបចំឡើងនៅជើងភ្នំបូកគោ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលទស្សនា ថតរូបកំសាន្ត នៅមុនពេលពួកគេឡើងទៅទស្សនាលើភ្នំបូកគោ។

ផ្ទះយន្តហោះនេះ មានទីតាំងស្ថិតនៅចម្ងាយប្រមាណ២០០ម៉ែត្រប៉ុណ្ណោះ ពីខ្លោងទ្វារចូលរមណីយដ្ឋានភ្នំបូកគោ និងស្ថិតនៅក្នុងគំរោងបូកគោលែនដ៍។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Realestate ដែលកំពុងវិនិយោគគំរោងបូកគោលែនដ៏ និងសាងសង់ហាងកាហ្វេមានរូបរាង ជាយន្តហោះនេះបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋទំនាក់ទំនងសង្គម នារសៀលថ្ងៃទី១២ មេសានេះថា យើងកំពុងសាងសង់ផ្ទះយន្តហោះនេះ ដើម្បីធ្វើជាហាងកាហ្វេ ដែលអ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះ អាចចូលញាំាំកាហ្វេជជែកគ្នាលេង ឬឬពិភាក្សាពីជំនួញផ្សេងៗបាននៅទីតាំងនេះ។

លោកបន្តថា ផ្ទះយន្តហោះនេះមានទទឹង១៨ម៉ែត្របូកទាំងស្លាប និងបណ្តោយ៣០ម៉ែត្រ និងចំណាយប្រាក់ប្រមាណ៣៥ម៉ឺនដដុល្លារអាមេរិក ដែលបាននិងកំពុងប្រើប្រាស់វិស្វករជំនាញអន្តរជាតិ ដើម្បីសាងសង់វាឡើងឲ្យមានសោភ័ណភាព និងគុណភាពខ្ពស់។

លោកបន្តថា “”យើងចង់ផ្តល់នូវបរិយាកាសបប្រកបដោយភាពអេលីត ដែលមានផាសុខភាព ប្រណីតភាព និងការលំហែដល់អតិថិជនមកដល់ ឬអ្នកទិញផ្ទះShop house  ដែលអាចប្រកបអាជីវកម្មនៅតំបន់នេះនាពេលអនាគត”។ លោកបន្តថា “គំរោងនេះមានទីតាំងចំកណ្តាលទីក្រុងឆ្លាតវៃបូកគោថ្មី ដែលជាទីក្រុងមួយត្រូវបានរៀបចំ និងគិតគូប្រកប​ដោយចក្ខុវិស័យ វែងឆ្ងាយរបស់ប្រមុខរដ្ឋាភិបាល ដើម្បីប្រែក្លាយជើងភ្នំនេះជាទីក្រុង ដែលមានកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគកាន់តែច្រើនចូលមកកាន់ខេត្តកំពតនាពេលអនាគត”។

កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានអនុម័តជាផ្លូវការ នូវគំរោងបង្កើតទីក្រុងបូកគោនេះឡើង ខណៈពេលប្រកាសបើកសម្ភោធគំរោងនេះកន្លងមក ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអំពាវនាវដោយកម្រ ឲ្យប្រជាពលរដ្ឋខ្មែរចូលរួមទិញដីឡូត៍នៅក្នុងគំរោងទីក្រុងថ្មីនេះ។

លោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា ទស្សនទាននៃការអភិវឌ្ឍ ទីតាំងភូមិសាស្រ្តរបស់គំរោងនេះ ពិតមានសក្តានុពលខ្ពស់នាពេលអនាគត៕

អ្នកជំនួញវ័យក្មេងជាតិ អន្តរជាតិពីររូបកំពុងសម្រេចបានតាមចក្ខុវិស័យរបស់គ្រួសារកាលពី៣០ឆ្នាំមុនដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជា

ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនួញវ័យក្មេងពីររូបមានចក្ខុវិស័យដូចគ្នា និងកំពុងសម្រេចបាននូវក្តីសុបិនរបស់គ្រួសាររបស់ខ្លួនកាលពី៣០ឆ្នាំមុន ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។

យោងតាមការសន្ទនារវាងលោកលី សុខឆាយអគ្គនាយកក្រុមហ៊ុនLSCG និងលោកស្រីCatherine Chanអគ្គនាយិកាក្រុមហ៊ុនUrban Villageកកាលពីថ្ងៃទី៤ មេសាកន្លងមកនេះ អ្នកជំនួញវ័យក្មេងទាំងពីររូប បានទម្លាយអាថ៌កំបាំងគ្រួសាររបស់ខ្លូន ដែលមានគោលដៅ និងចូលររួមវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

លោកលី សុខឆាយបានមានប្រសាសន៍ឲ្យដឹងថា “ខ្ញុំបានមកទីក្រុងភ្នំពេញកាលពី៣០ឆ្នាំមុន ដើម្បីសិក្សារៀនសូត្រ បន្តការសិក្សារនៅបរទេសនិងដើរតាមគន្លងរបស់គ្រួសារ ដើម្បីវិនិយោគនិងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា”។ លោកបន្តថា “ថ្វីត្បិតយើងបានមកពីប្រទេសផ្សេងគ្នា តែគ្រួសារទាំងពីរ ដែលមានប្រវត្តិប្រហាក់ប្រហែលគ្នានេះ មានគោលដៅប្រហែលគ្នាដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសនេះ”។
លោកបន្តថា យើងបានចាប់ផ្តើមពង្រីកមុខជំនួញ តាមដានជើងរបស់ឪពុកម្តាយ ជាមូយអ្នកជំនួញធំៗនៅកម្ពុជា។ គ្រួសាររបស់ខ្ញុំធ្លាប់មានប្រវត្តិ ធ្វើការងារជាមួយអ្នកឧកញ៉ាថៃ ប៊ុនម៉ា អគ្គនាយកក្រុមហ៊ុនថៃ ប៊ុនរ៉ុង និងបច្ចុប្បន្នខ្ញុំកំពុងធ្វើការសហការ និងគាំទ្រលើមុខជំនួញរបស់អ្នកឧកញ៉ាពុង ឃាវសែ ដែលជាអ្នកជំនួញដ៏ធំ និងមានឥទ្ឋិពលនៅកម្ពុជា”។

លោកបានបន្តទៀតថា ទោះបីកម្ពុជាកំពុងស្ថិតក្នុងវិបត្តិកូវីដ១៩ ប៉ុន្តែយើងនៅតែបន្តគាំទ្រការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដោយឥតរាថយ។

លោកស្រីCatherine Chan និងលី ជីនជា(Ben Li)បាននិងកំពុងអភិវឌ្ឍន៍គំរោងអចលនទ្រព្យដ៏ធំមួយនៅទីក្រុងភ្នំពេញ បន្ទាប់ពីលោកស្រីបានមកកាន់កម្ពុជា នៅពេលលោកស្រីស្ថិតនៅជាក្មេងស្រីនៅឡើយ។

ជាមួយនេះ លោកស្រីCatherine Chanអគ្គនាយិកាក្រុមហ៊ុនUrban Village Cambodiaបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួនស្រដៀងគ្នានេះថា ពេលវេលាដើរលឿនណាស់ជិត៣០ឆ្នាំហើយ ដែលគ្រួសារខ្ញុំបានមកវិនិយោគនៅកម្ពុជា។ យើងបានចាប់ផ្តើមជាមួយការផលិតសម្លៀកបំពាក់។

លោកស្រីបន្តថា “ខ្ញុំចាំបានថា ខ្ញុំបានមកដល់ប្រទេសកម្ពុជា ជាលើកដំបូងជាមួយឪពុករបស់ខ្ញុំ នៅពេលដែលខ្ញុំគ្រាន់តែជាក្មេងស្រីតូចម្នាក់ប៉ុណ្ណោះ”។ លោកស្រីបន្តថា “ខណៈពេលនេះ ក្នុងនាមជាអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងមូល ខ្ញុំប្តេជ្ញាថានឹងបន្តកេរ្តិ៍ដំណែលគ្រួសាររបស់ខ្ញុំ និងជួយកសាងប្រទេសកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀត”៕

ដំណឹងល្អៈធនាគារនិងមីក្រូហិរញ្ញវត្ថុបញ្ជាក់ថានឹងមិនមានការផាកពិន័យអតិថិជនរបស់ខ្លួនទេក្នុងស្ថានភាពកូវីដ១៩

          ដោយៈវឌ្ឈនៈ

ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជានៅថ្ងៃទី១២ មេសានេះ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ពីការមិនពិន័យចំពោះអតិថិជនរបស់ខ្លួនឡើយ នៅក្នុងស្ថានភាពដ៏លំបាកនេះ។

សេចក្តតីថ្លែងការណ៍នេះ ធ្វើឡើងតបតាមការអំពាវនាវ និងស្នើសុំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១០មេសា២០២១កន្លងទៅ ដែលសម្តេចសុំឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុ កុំពិន័យដល់អតិថិជនដែលបង់ប្រាក់ត្រលប់ទៅវវិញយឺតយ៉ាវ ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា តបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពង់របស់  សម្តេចអគ្គមហាសេនាបតីតេជោ សមាគមទាំងពីរសូមទទួលយក និងអនុវត្តតាម ដោយធ្វើបច្ចុប្បន្នភាពកែសម្រួលបន្ថែមនូវគោលការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ដោយបានលើកលែងការបង់ការប្រាក់រយៈពេល២ខែ ហើយសម្រាប់អតិថិជន ដែលជាប់ធ្វើចត្តាឡីស័ក នឹងផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម)  រួមទាំងពន្យារការបង់ទាំងប្រាក់ដើមរយៈពេល៣ខែ។

ដោយឡែកក្នុងករណីចាំបាច់នានា ដែលជាតម្រូវការរបស់អតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ សូមធ្វើការពិភាក្សាដោយផ្ទាល់ ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។

សមាគមទាំងពីរសូមបញ្ជាក់ជំហរជាថ្មីថា “ក្នុងរយៈពេលដ៏លំបាកនេះ នឹងមិនមានការផាកពិន័យចំពោះ អតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩”។

នៅក្នុងវិបត្តិកូវីដ១៩នេះដែរ ប្រមុខរដ្ឋាភិបាលបានផ្ដល់ជាទស្សនៈដល់ស្ថាប័នហិរញ្ញវត្ថុ បើអាចគួរកាត់បន្ថយប្រាក់ចំណេញដល់ ដើម្បីជួយដល់អតិថិជនដែលកំពុងទទួលរងផលប៉ះពាល់ពីវិបត្តិនេះ ក្នុងពេលដែល២០២០កន្លងទៅធនាគារមួយចំនួននៅតែទទួលបានប្រាក់ចំណេញខ្ពស់៕