ដោយៈ វឌ្ឈនៈ
ភ្នំពេញៈ គម្រោងវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា នៅបន្តដំណើរការសាងសង់ដដែល ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩យ៉ាងណាក្ដី ជាក់ស្ដែងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា ដែលបានចាប់ផ្ដើមតាំងពីមុនកូវីដ១៩នៅតែបន្តនិងមិនមានគម្រោងណាមួយផ្អាកឡើយ។
ផ្ទុយទៅវិញ នៅក្នុងវិបត្តិកូវីដនេះ រដ្ឋាភិបាលបែរជាបញ្ចេញថវិកា វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ តាមខេត្តចំនួនទៀតទៅវិញ ដូចជាខេត្តសៀមរាបជាដើម។
លោកវ៉ា ស៊ឹម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា គម្រោងផ្លូវមួយចំនួន ដែលអភិវឌ្ឍន៍តាំងពីមុនកូវីដ១៩ គឺមានទុនគ្រប់គ្រាន់ក្នុងការកសាងនិងបញ្ចប់គម្រោង ដូច្នេះវាមិនរងប៉ះពាល់ដល់ដំណើរការ នៃការសាងសង់ដោយសារតែវិបត្តិកូវីដ១៩នោះទេ។ ជាក់ស្ដែងគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ គឺជាគម្រោងដែលទទួលហិរញ្ញប្បទានពីប្រទេសចិន ក៏បានបន្តដំណើរការសាងសង់ជាបន្តបន្ទាប់ ទៅតាមគម្រោងផែនការរបស់កម្ពុជា ។
ក្រៅពីគម្រោងនេះ ក៏មានគម្រោងផ្លូវជាតិលេខ៣ បានបញ្ចប់ស្ទើរតែ១០០ភាគរយពីភ្នំពេញត្រង់ចំណុចចោមចៅ ទៅបែកគុស៤គន្លង និងពីបែកគុសទីរួមខេត្តកំពត២គន្លង ផ្លូវក្រវាត់ក្រុងទី៣ ក៏បានជិតបញ្ចប់ផងដែរ។ ចំណែកផ្លូវជាច្រើនខ្សែនៅខេត្តព្រះសីហនុក៏បានរួចរាល់ ដើម្បីត្រៀមស្វាគមន៍វិនិយោគិន និងទេសចរទៅកម្សាន្តនៅក្នុងខេត្តព្រះសីហនុ ។
បើតាមសៀវភៅស្ថិតិបំណុលរបស់កម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ ឱ្យដឹងថា កម្ពុជាបានខ្ចីឥណទាន ដែលខ្លួនខ្ចីទាំងពីបរទេស និងក្នុងស្រុកទៅវិនិយោគច្រើនបំផុតគឺហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវជាច្រើន ដែលធ្វើឱ្យវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាកាន់តែច្រើន។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា ហេដ្ឋារចនាសម្ព័ន្ធគឺកត្តាទាក់ទាញមួយ សម្រាប់វិនិយោគិនក្នុងការបណ្ដាក់ទុនវិនិយោគ ហើយជាការកត់សម្គាល់ទីណា មានហេដ្ឋាសម្ព័ន្ធស្អាតល្អនិងខ្វាត់ខ្វែង ទីនោះនឹងទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់។
លោកបន្តថា ដោយសារតែកត្តាទាំងនេះ ហើយទើបរដ្ឋាភិបាលបានចំណាយថវិកាយ៉ាងច្រើន បណ្ដាក់ទុនលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តាំងពីភ្នំពេញរហូតដល់បណ្ដាខេត្តសក្ដានុពលនានា៕