ក្រុមហ៊ុនចិនធំៗជាច្រើននឹងផ្លាស់ប្តូរទីតាំងផលិតកម្មមកកាន់កម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនមិនបង្ហាញសញ្ញានៃភាពថមថយ ក្រុមហ៊ុនធំរបស់ប្រទេសទាំងពីរកំពុងផ្តោតការយកចិត្តទុកដាក់ ក្នុងការផ្លាសប្តូរការវិនិយោគរបស់ខ្លួន មកកាន់អាស៊ីអាគ្នេយ៍។

ក្រុមអ្នកសង្កេតការណ៍បានលើកឡើងទៀតថា ការលំបាកទាក់ទងនឹងការចូលទីផ្សារលោកខាងលិច ការកើនឡើងថ្លៃដើមនៅក្នុងប្រទេស ចិននិងសំណូមពរពីអតិថិជនបានជំរុញឱ្យក្រុមហ៊ុនរបស់ចិន ផ្តោតលើការវិនិយោគនៅបណ្តា ប្រទេសអាស៊ីអាគ្នេយ៍ដែលមានការអភិវឌ្ឍតិចតួច ដូចជាប្រទេសកម្ពុជា។

ប្រទេសអាស៊ានទាំង១០បានមើលឃើញថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) ធ្លាក់ចុះ៣១ភាគរយ ក្នុងឆ្នាំ ២០២០។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនបានបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្លុកនេះ មានទំហំទឹកប្រាក់ប្រមាណ១៤,៣៦ពាន់លានដុល្លា​រក្នុងឆ្នាំ២០២០ កើនឡើង៥១ភាគរយ ដែលជាសញ្ញាបង្ហាញពីសារសំខាន់របស់ប្រទេសចិនបច្ចុប្បន្ននៅក្នុងតំបន់។

អាស៊ានត្រូវបានចាត់ទុកថាជាទីផ្សារធំលំដាប់ទី៣ នៅអាស៊ី បន្ទាប់ពីចិននិងឥណ្ឌា ហើយមានប្រជាជន៦៦០លាននាក់ ខណៈចំនួនក្រុមគ្រួសារមានកម្រិតមធ្យកំពុងកើនឡើង។

បច្ចុប្បន្ននេះ ប្រទេសចិនគឺជាប្រភពឈានមុខគេ នៃការវិនិយោគផ្ទាល់ពីបរទេសចូលមកប្រទេសកម្ពុជា ដោយមានទឹកប្រាក់ជិត៩០០លានដុល្លារ បានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចកម្ពុជាកាលពីឆ្នាំ២០២០។

លោក Xu Ningning នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ានបានមានប្រសាសន៍កាលពីថ្មីៗថា ការវិនិយោគរបស់ចិននៅអាស៊ីអាគ្នេយ៍ អាចត្រូវបានបែងចែកជាវិស័យធំៗចំនួន៥ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ វិស័យផលិតកម្ម វិស្វកម្ម អចលនទ្រព្យ និងe-commerce / សេដ្ឋកិច្ចឌីជីថល។

លោក Xu បានលើកឡើងថា ប្រទេសកម្ពុជាជាមូលដ្ឋានផលិតកម្មក្នុងតំបន់ដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុនចិន។ ក្រុមហ៊ុន ដែលសម្រេចចិត្តផ្លាស់ប្តូរទីលំនៅ មកប្រទេសកម្ពុជាអាចចៀសវាងពន្ធគយ និងទណ្ឌកម្មដែលដាក់លើក្រុមហ៊ុនចិន ដែលនាំចេញទៅសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះថា កម្ពុជាទទួលបានភាពអនុគ្រោះពន្ធពីអឺរ៉ុប ក៏ដូចGSP ពីអាមេរិក និងទទួលប្រព័ន្ធGSP ពីអង់គ្លេស ហើយក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយច្រើនជាបណ្តាប្រទេសមួយចំនួន។

លោកឧកញ៉ាបានថ្លែងថា ទាំងអស់នេះ ជាកត្តាដែលទាក់ទាញវិនិយោគប្រទេសកម្ពុជា ស្របពេលដែលអាមេរិក និងចិនដំឡើងពន្ធលើគ្នាទៅវិញទៅមក ក្នុងសង្រ្គាមពា​ណិជ្ជកម្ម ដូច្នេះវាធ្វើឱ្យមានប្រទេសណា ដែលមានភាពអនុគ្រោះពន្ធ ដូចជាប្រទេសកម្ពុជា គឺគេសម្លឹងឃើញហើយ។

លោកឧកញ៉ាបានថ្លែងបន្តទៀតថា ដើម្បីអាចឱ្យក្រុមហ៊ុនអាមេរិកនាំចេញទៅចិនងាយស្រួល គឺមានក្រុមហ៊ុនមកផលិតនៅកម្ពុជា ព្រោះមានភាពអនុគ្រោះ ហើយដើម្បីងាយស្រួលក្នុងការនាំចេញអាមេរិក ចិននឹងមកផលិតនៅកម្ពុជាផងដែរ ដោយសារកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធGSPនាំចេញទៅអាមេរិក។

លោកឧកញ្ញ៉ាបានបន្ថែមទៀតថា ដូច្នេះភាពទាក់ទាញទាំងនេះហើយ ដែលធ្វើឱ្យទាំងក្រុមហ៊ុនអាមេរិក និងចិនកំពុងសម្លឹងឃើញកម្ពុជាយើង ហើយមិនត្រឹមតែក្រុមហ៊ុនអាមេរិក និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រុមហ៊ុនពីប្រទេសផ្សេងៗ ដែលមានបំណងចង់នាំចេញទៅប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ក៏សម្លឹងរកប្រទេសកម្ពុជាជាទីតាំងផលិតផងដែរ៕

បុរី ប៉េង ហួត បញ្ចេញ កំណែទម្រង់ជំនាន់ថ្មី លើកម្មវិធីទូរសព្ទដៃ Mobile App របស់ខ្លួន

បច្ចុប្បន្ននេះ ជាយុគសម័យទំនើប ដូច្នេះហើយទើបទូរសព្ទដៃបានក្លាយជាឧបករណ៍សំខាន់មួយ សម្រាប់ទំនាក់ទំនង និងស្វែង រកព័ត៌មានផ្សេងៗ បានយ៉ាងងាយស្រួល។ ក្នុងនោះផងដែរ កម្មវិធីលើទូរសព្ទដៃ ក៏កំពុងតែអភិវឌ្ឍអោយស្រប ទៅនឹងអ្វីដែលថ្មី និងសម្បូរបែបដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់ និងការចង់បានរបស់សាធារណជន។

ដូចគ្នានេះដែរ កម្មវិធីទូរសព្ទដៃ Borey Peng Huoth Mobile App (ផ្តោតលើផ្នែកអចលនទ្រព្យ)ដែលបានបង្កើតឡើងដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៦ មក បានធ្វើកំណែទម្រង់ជំនាន់ថ្មី ទាំងទូរសព្ទប្រើប្រាស់ប្រព័ន្ធ IOS និងប្រព័ន្ធ Android ដែលនឹងផ្តល់ជូនអតិថិជន នូវបទពិសោធន៍នៃការប្រើប្រាស់ជាមួយ បច្ចេកវិទ្យាកាន់តែទំនើប និងសម្បូរបែប។

សម្រាប់កំណែទម្រង់ជំនាន់ថ្មីនេះ មានមុខងារជាច្រើន ដែលអាចផ្តល់ជូនអតិថិជនក្នុងការស្វែងរកបាននូវព័ត៌មានកាន់តែលម្អិត និង​រហ័សទាន់ចិត្ត ក្នុងការណែនាំ ពីប្រភេទលំនៅដ្ឋាន ប្រភេទគម្រោង និងព័ត៌មានផ្សេងៗដូចជា ព័ត៌មានកម្ចីធនាគារដែលជាដៃគូ ការគណនាប្រាក់កម្ចីបង់រំលស់ លេខទូរសព្ទសង្គ្រោះបន្ទាន់ ដំណឹងជ្រើសរើសបុគ្គលិក និង ព័ត៌មានអចលនទ្រព្យថ្មីៗចុងក្រោយ ។ល។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត កម្មវិធីទូរស័ព្ទដៃនេះ បានផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងច្រើន សន្ធឹកសន្ធាប់ពីដៃគូរសហការដល់អតិថិជនបុរី ប៉េង ហួត ដោយគ្រាន់តែបង្ហាញពីអត្តសញ្ញាណនៃកាតសមាជិករបស់បុរី ប៉េង ហួត តែប៉ុណ្ណោះ។

ចង់ជ្រាបច្បាស់ថា តើកម្មវិធីទូរសព្ទដៃ Borey Peng Huoth Mobile App  ផ្លាស់ប្តូរទម្រង់បែបណា លោកអ្នកអាចទាញយកកម្មវិធី បុរី ប៉េង ហួត Mobile Application ដោយគ្រាន់តែធ្វើតាមការណែនាំតាមរយៈតំណរភ្ជាប់នេះ https://bit.ly/2rD9FnY

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected]ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth

លោកស្រី​តាំង ហួរ​លើកឡើង​ពី​សក្តានុពល​ទីផ្សារ​អចលនទ្រព្យ​នៅ​ទិស​ទាំង៤នៃ​ក្រុងភ្នំពេញ

ដោយៈ​សហការី

ភ្នំពេញៈ​ក្រុម​អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ សុទ្ធតែ​បានបង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ទៅលើ​តំបន់​ជាយក្រុង​នានា ជាពិសេស​តំបន់​ដែលមាន​ចម្ងាយ​ចន្លោះ៣០-៤០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិសំខាន់ៗចំនួន៤ រួមមាន​ផ្លូវជាតិ​លេខ១ ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ៤ និង​ផ្លូវជាតិ​លេខ​៦A ។

តំបន់​ដែល​ស្ថិត​នៅជាប់​រាជធានី​ភ្នំពេញ ឬ​តំបន់​ជាយក្រុង​ស្ទើរ​គ្រប់​ទីកន្លែង គឺ​កំពុង​តែមាន​តម្រូវការ​ទីផ្សារ​ដីធ្លី​យ៉ាង​ផុសផុល សម្រាប់​អភិវឌ្ឍ​ជា​វិស័យ​លំនៅដ្ឋាន វិស័យ​ឧស្សាហកម្ម រោងចក្រ សហគ្រាស និង​ឃ្លាំង ដែល​កាន់តែ​ជំរុញ​ឱ្យ​តម្លៃ​ដី នៅ​តំបន់​ទាំងអស់នេះ មានការ​កើនឡើង​ជាប់​ជាប្រចាំ។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ Amatak Property Service លោកស្រី តាំង ហួរ​បាន​មានប្រសាសន៍ថា សក្ដានុពល និង​តម្រូវការ​នៃ​ការប្រើប្រាស់​ដី ក៏ដូចជា​តម្លៃនៅលើទីផ្សា​រ​គឺ​មិន​ដូចគ្នា​នោះទេ ដែល​វា​ក៏​អាស្រ័យ​ទៅតាម​តំបន់ អភិវឌ្ឍន៍​នៃ​វិស័យនីមួយៗផ្សេងគ្នា។

លោកស្រី​បន្តថា “តាម​បទពិសោធន៍ និង​ការយល់ឃើញ​របស់ខ្ញុំ គឺ​ឱ្យតែ​នៅ​តំបន់​ជាយក្រុង​ក្រុង ជាពិសេស​ផ្លូវ​ក្រវ៉ាត់​ក្រុង តែងតែ​ជា​តំបន់​មាន​សក្ដានុពល​ទាំងអស់​នៅ​ឆ្នាំ២០២០នេះ ហើយនឹង​នៅតែ​បន្តទៅ​ឆ្នាំ​បន្ទាប់​ទៀត ក្នុង​រយៈពេល​យូរ មិន​ថា​ស្ថិតនៅក្នុង​កាល​ទេសណា​នោះទេ” ។

ទោះជា​តម្រូវការ​នៃ​ការប្រើប្រាស់​ដីធ្លី ដែល​ស្ថិត​នៅជាប់​ផ្លូវ​ក្រវ៉ាត់​ក្រុង ក៏ដូចជា​តំបន់​ជាយក្រុង​មាន​កម្រិត​ខ្ពស់​ពិតមែន ប៉ុន្តែ​ចំពោះ​តម្លៃ​ដីធ្លី​វិញ គឺ​មិនមាន​ភាពស្មើគ្នា​នោះទេ ដែល​វា​អាស្រ័យទៅលើ​ការប្រើប្រាស់​ដី បម្រើឱ្យ​វិស័យនីមួយៗ ដែល​ក្នុងនោះ​រួមមាន​ដូចជា វិស័យ​លំនៅដ្ឋាន វិស័យ​ឧស្សាហកម្ម និង​រោងចក្រ ក៏ដូចជា​វិស័យ​ឃ្លាំង​ជាដើម។

លោកស្រី តាំង ហួរ បាន​លើកឡើងថា សម្រាប់​តំបន់​ដែលមាន​សក្ដានុពល និង​សមស្រប​ទៅនឹង​វិស័យ​លំនៅដ្ឋាន គឺ​ស្ថិតនៅ​ប៉ែក​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ ជាពិសេស​តំបន់​ដែល​កំពុងមាន​ការអភិវឌ្ឍ​ថ្មី​ស្ថិតក្នុង​ខណ្ឌដង្កោ ដោយសារតែ​តំបន់​ទាំងនេះ​មាន​អំណោយផល​ទៅ​ទីតាំង​ភូមិសាស្ត្រ កៀក​នឹង​ទីប្រជុំជន​ក្រុង មាន​គម្រោង​មណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន រួមជាមួយ​នឹង​ហេ​ដ្ឋា​រចនាសម្ព័ន​ផងដែរ។

លោកស្រី​បន្តថា តំបន់​បន្ទាប់​ដែលមាន​ភាព​ទាក់ទាញ​លើ​វិស័យ​លំនៅដ្ឋាន គឺ​ស្ថិតនៅតាម​ផ្លូវជាតិ១ និង​ផ្លូវជាតិ​លេខ៦ ។ ដោយឡែក សម្រាប់​តំបន់​ក្បែរផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ តំបន់​ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ៤ និង​ផ្លូវជាតិ​លេខ៥១ ភាគច្រើន​គឺ​ស័ក្ដិសម​ទៅនឹង​វិស័យ​ឧស្សាហកម្ម រោងចក្រ និង​ឃ្លាំង ដោយសារតែ​តំបន់​ទាំងនេះ មាន​ភាព​អំណោយផល និង​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន ឆ្ពោះទៅកាន់​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ៕

ក្រុង Wonju កូរ៉េខាងត្បូង គ្រោង​សាងសង់​សារមន្ទីរ​សិល្បៈ​លើ​អតីត​ទីតាំងមូលដ្ឋាន​យោធា​អាមេរិក

ដោយៈ​សុខុម

សេ​អ៊ូ​ល:  ចៅហ្វាយក្រុង Wonju នៃ​ប្រទេស​កូរ៉េខាងត្បូង បានប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ ទី១៧ ឧសភា ថា ក្រុង​នេះ​គ្រោង​សាងសង់​សារមន្ទីរ​សិល្បៈ សាធារណៈ​មួយ​នៅលើ​អតីត​ទីតាំង​មូលដ្ឋាន​កងទ័ព​សហរ​ដ្ឋ​អាមេរិក (USFK) ត្រឹម​ឆ្នាំ២០២៣ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Korea Times ។

លោក Won Chang-mug អភិបាលក្រុង​នេះ​បាន​លើកឡើងថា គម្រោង​អភិវឌ្ឍន៍​ក្នុង​ទំហំ​ទឹកប្រាក់១៣,២លាន​ដុល្លារ​អាមេរិក​នេះ ទើបតែ​ឆ្លង​ផុត​ដំណាក់កាល​វាយតម្លៃ​សមិទ្ធ​លទ្ធភាព​ដោយ​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍ កាលពីពេលថ្មីៗនេះ​ប៉ុណ្ណោះ។

លោក​បញ្ជាក់ថា សារមន្ទីរ​កម្ពស់៣ជាន់​នេះ នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី៩,០០០ម៉ែត្រការ៉េ​លើ​អតីត​ទីតាំង​មូលដ្ឋានទ័ព​អាមេរិក មាន​ឈ្មោះថា Camp Long ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ១៤០គីឡូម៉ែត្រ នា​ភាគ​ខាងកើត​ទីក្រុង​សេ​អ៊ូ​ល។ ក្រុង​នេះ​គ្រោង​ចាប់ផ្តើម​ការសាងសង់​សា​រ​មន្ទីរ​នេះ​នៅ​ឆ្នាំក្រោយ ហើយ​បើកសម្ពោធ​នៅ​ខែមេសា ឆ្នាំ២០២៣ ។

យោធភូមិភាគ​នៃ​កងទ័ព​សហរដ្ឋអាមេរិក នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ១៩៥៥ ដើម្បី​គាំទ្រ​ដល់​អង្គភាព​ទ័ពអាកាស។ ទោះជា​យ៉ាងណា មូលដ្ឋាន​នេះ​ត្រូវបាន​បិទ​ចោល​ក្នុង​ឆ្នាំ២០១០ និង​ប្រគល់​ឱ្យទៅ​ប្រទេស​កូរ៉េខាងត្បូង វិញ​ក្នុង​ឆ្នាំ២០១៩ ។

ពេល​សាងសង់​បញ្ចប់​ជា​ស្ថាពរ សារមន្ទីរ​នេះ​នឹងមាន​សាល​តាំងពិព័រណ៍ បណ្ណាល័យ និង​បន្ទប់​សិក្ខាសាលា ដែលមាន​ដាក់តាំង​ស្នាដៃ​សិល្បៈ នៅក្នុង​អតីត​មូលដ្ឋាន​យោធា​នេះ។

សាលាក្រុង​នេះ នឹង​ពិចារណា​រៀបចំ​ការតាំងពិព័រណ៍​ស្នាដៃ​សិល្បៈ​របស់ USFK តាមរយៈ​ការពិគ្រោះ​យោបល់ ជាមួយ​មន្ត្រី​ធរ​យោធា និង​ស្ថានទូត​សហរដ្ឋអាមេរិក៕

គេហទំព័រ Propertyarea ចាប់ផ្តើម​បង្ហាញ​វត្តមាន​លើ​បណ្តាញ​សង្គម TikTok

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ ជាមួយនឹង​ការធ្វើ​ពិពិធ​កម្ម​លើ​បណ្តាញ​ផ្សព្វផ្សាយ ឲ្យ​បាន​កាន់តែ​ទូលំទូលាយ និង​សម្បូរបែប​ដល់​មិត្ត​អ្នកអាន អ្នក​ស្តាប់ គេហទំព័រ Propertyarea.asia បាន​ពង្រីក​ការផ្សព្វផ្សាយ​នូវ​ព៌​ត​មាន ជា​លក្ខណៈ​វីដេអូខ្លីៗពី​បណ្តាញ​សង្គម TikTok ដែល​កំពុងមាន​ការពេញនិយម​នៅ​ទី​ទាំង​ពិភពលោក។

លោក អ្នក​គ្រាន់តែ​វាយ​ចូលក្នុង​ផ្នែក Search ក្នុង​បណ្តាញ TikTok ដោយ​សរសរ​រ​ឈ្មោះ Propertyarea Asia លោក អ្នកនឹង​បាញ​ឃើញ​នូវ​ព៌​ត​មាន​ជា​វីដេអូ​របស់​យើង ដែល​ក្រុមការងារ​នៃ​ Propertyarea.asia បាន​សំ​រិ​ទ្ឋ​សំរាំង ដកយក​ខ្លឹមសារ​វីដេអូខ្លីៗ ដែលជា​សម្រង់​សម្តីសំខាន់ៗ របស់​វាគ្មិន​ក្នុង​វិស័យ​អចលនទ្រព្យ និង​សេដ្ឋកិច្ច យកមកចែក​ជូន​ជា​ចំណេះដឹង​ដល់ លោក លោកស្រី អ្នកនាង​កញ្ញា​បាន​ជ្រាប និង​អាច​សិក្សា​ស្វែងយល់​បន្ថែម។

ក្នុង​រយៈពេល​យ៉ាងខ្លី​ប៉ុណ្ណោះ បណ្តាញ TikTok របស់ Propertyarea.asia ទទួលបាន​អ្នក​ចូលចិត្ត​ចំនួន​ជិត១៨,០០០នាក់ និង​ចំនូ​ន​អ្នកតាមដាន៤៤១២នាក់។

ជាមួយនឹង​ការពង្រីក​នូវ​ផលិតផល​ថ្មី គេហទំព័រ Propertyarea.asia បាននិងកំពុង​ផុស​វីដេអូ​របស់​វាគ្មិនថ្មីៗ ជាប់​ជាប្រចាំ និង​ជា​រៀងរាល់ថ្ងៃ​ផងដែរ។ ពិសេស​យើង​ង​បាននិងកំពុង​ក្លាយជា​គេហទំព័រ​មួយ ដែល​ទទួលបាន​នូវ​ទំនុកចិត្ត​ពី​មិត្ត​អ្នកអាន​ជា​តោ អន្តរជាតិ  ដោយសារ​ការផលិត​ព៌​ត​មាន​រប​ស់យ​យើង​ត្រឹមត្រូវ លឿន​រហ័ស អាច​ទុកចិត្តបាន ពិសេស​ឈរលើ​មូលដ្ឋាន​ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ​ជា​ចម្បង៕

ចុចទីនេះដើម្បីចូលទៅកាន់ TikTok របស់ Property Area​ Asia

ប្រធាន CVEA បង្ហើប​ពី​កត្តាសំខាន់ៗជា​កំលាំងចលករ​រុញ​ឲ្យ​ដីធ្លី​នៅ​ក្រុងភ្នំពេញ​បន្ត​ឡើងថ្លៃ​រយៈពេល១០ឆ្នាំ​ទៀត

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ អ្នកជំនាញ​បាន​អះអាងថា ដីធ្លី​នៅ​កម្ពុជា​នៅតែមាន​ឱកាស​ឡើងថ្លៃ​រយៈពេល១០ឆ្នាំ​ខាងមុខ​ទៀត ដោយសារ​កត្តាសំខាន់ៗជាច្រើន ដែល​បាននិងកំពុង​ហុច​ផល​ច្រើន​ដល់​អ្នកវិនិយោគ​ក្នុង​វិស័យនេះ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​ឲ្យ​ដឹង ក្នុង​កិច្ចសម្ភាសន៍​ពិសេស​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា នៅ​កម្ពុជា​ដីធ្លី ជា​ផ្នែក​សំខាន់​និង​មាន​ភាព​សកម្ម​ជាងគេ ក្នុងចំណោម​ផ្នែកផ្សេងៗទៀត​ក្នុង​វិស័យ​អចលនទ្រព្យ ដោយសារ​ដីធ្លី​ទទួលបាន​ផលចំណេញ​ខ្ពស់ ពី​ការវិនិយោគ។

លោក​បន្តថា “តម្លៃ​ដីធ្លី​នៅ​កម្ពុជា នឹង​បន្ត​កើនឡើង​រយៈពេល១០ឆ្នាំ​ខាងមុខ​ទៀត ដោយសារ​មានការ​គាំទ្រ​ពី​ផ្នែក​ជាច្រើន” ។

កំណើន​តម្លៃ​ដីធ្លី ដែល​នឹង​កើនឡើង​រយៈពេល​វែង​ខាងមុខ ដោយសារ​ទី១ មានការ​គាំទ្រ ពី​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ទី២ ការគាំទ្រ​និង​ដាក់ចេញ​គោលនយោបាយ​យ៉ាង​ត្រឹមត្រូវ​របស់​ប្រមុខ​រដ្ឋាភិបាល ទី៣ តម្លៃ​ដី​នៅ​កម្ពុជា នៅមានកម្រិត​ទាប​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់ ទី៤ នៅ​កម្ពុជា​រដ្ឋាភិបាល​មិនទាន់ មានការ​បែងចែក​ហ្សូ​ន​ច្បាស់លាស់​ថា​ត្រូវធ្វើ​អ្វីមួយ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រូល​ក្នុង​ការទិញ​លក់ ទី៥ កំណើន​ប្រជាពលរដ្ឋ និង​ការហូរចូល​នូវ​ការវិនិយោគ​ពី​អន្តរជាតិ និង​ទី៦ កត្តា​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​កំនើនសេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​កើ់នឡើង។នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ច្រឹ​ក សុខ​នី​ម។

លោក​បន្តថា ទោះជា​ក្នុង​វិបត្តិ​កូ​វីដ១៩ ដែល​មិនទាន់​បានបញ្ចប់​ក្តី ប៉ុន្តែ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា មិន​រងគ្រោះ​ធ្ងន់​នោះទេ ពិសេស​ផ្នែក​ដីធ្លី​នៅតែមាន​ការទិញ​លក់ គ្រាន់តែ​សកម្មភាព​បាន​ថមថយ​ជាង​មុន ពិសេស​តម្លៃ​មិន​ថយចុះ​នោះទេ លើកលែងតែ​ករណី​ម្ចាស់​ដី​ជាប់គាំង​ក្នុង​បំណុល ឬ​លំហូរ​សាច់ប្រាក់៕

ក្រុមហ៊ុន​សណ្ឋាគារ​លំដាប់​អន្តរជាតិ​ចាប់ផ្តើម​ជ្រើសរើស​បុគ្គលិក​ដើម្បី​បម្រើឱ្យគម្រោង​នៅ​កម្ពុជា​និង​ក្នុង​តំបន់

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន Shangri-La International Hotel Management Ltd. (Shangri-La) ចាប់ផ្តើម​បង្កើន​សកម្មភាព​ជ្រើសរើស​បុគ្គលិក ចាប់តាំងពី​ខែមីនា ឆ្នាំ២០២១ ដែល​ឆ្លុះបញ្ចាំង​ពី​ផែនការ​ពង្រីក​ខ្លួន របស់​ក្រុមហ៊ុន​នៅ​ទូទាំង​តំបន់​អាស៊ី និង​ម  ជ្ឈឹ​ម​បូព៌ា។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​គេហទំព័រ BW Hotelier នៅ​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ។

ក្រុមហ៊ុន​សណ្ឋាគារ ដែល​ប្រតិបត្តិការ​សណ្ឋាគារ​លំដាប់​ផ្កាយ៥ របស់​ហុងកុង​នេះ កំពុង​បង្កើន​សកម្មភាព​អាជីវកម្ម​សណ្ឋាគារ​រប​ស់ ដោយ​កំណត់​ឱកាស​វិនិយោគថ្មី។ ការជ្រើសរើស​បុគ្គលិក​ជាង ៦៥០នាក់ ត្រូវបាន​ប្រកាស​នៅ​ខែ​មីន និង​ខែមេសា ឆ្នាំ២០២១ ។

លោក Ajay Thalluri អ្នកវិភាគ​មូលដ្ឋានគ្រឹះ​ធុរៈកិច្ច​នៃ​ក្រុមហ៊ុន GlobalData បាន​ថ្លែងថា “សកម្មភាព​ជ្រើសរើស​បុគ្គលិក​ច្រើន​របស់ Shangri-La ចាប់តាំងពី​ខែមីនា​ឆ្នាំ២០២១ គឺ​ដើម្បី​រៀបចំ​ផែនការ ប្រតិបត្តិ និង​បញ្ចប់​គម្រោង​សណ្ឋាគារ និង​ការជួសជុលថ្មី។ ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​នេះ កំពុងតែ​ពង្រីក​ភូមិសាស្ត្រ​អាជីវកម្ម​ថ្មី ដោយ​បង្កើត​ក្រុមការងារ​សម្រាប់​ការគ្រប់គ្រង​សណ្ឋាគារ ជាពិសេស​នៅក្នុង​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ជប៉ុន កម្ពុជា និង​អូស្ត្រាលី។

ក្រុមហ៊ុន Shangri-La ដំណើរការ​សណ្ឋាគារ​ជាង១០០កន្លែង នៅ​ទូទាំង​ពិភពលោក ហើយ​មាន​គម្រោង​សណ្ឋាគារ និង​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​នៅ​អាស៊ី អឺរ៉ុប និង​មជ្ឈិមបូព៌ា។

ជាមួយគ្នានេះដែរ សណ្ឋាគារ​ផ្កាយ៥ The shangri-la Hotel បាននិងកំពុង​លេច​រូបរាង​ឡើង​នៅ​រាជធានី​ភ្នំពេញ។ The shangri-la Hotel មាន៣០០បន្ទប់ ហើយ​ត្រូវ​ចំណាយ​ទុន​លើ​គំរោង​មួយ ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ជាមួយ​ការបោះ​ទុនវិនិយោគ​លើទឹក​ប្រាក់​ចំនួន៥៨០លាន​ដុល្លារ​អាមេរិក។ សណ្ឋាគារ​នេះ មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​ដង​ទ​នេ្ល​បាសាក់ ដែលមាន​កម្ពស់៥៥ជាន់។

The shangri-la Hotel ដែល​គេ​ស្គាល់​ថា ជា​សណ្ឋាគារ​មាន​យីហោ (Brand) លំដាប់​ពិភពលោក​មួយ​នេះ គឺជា​ការបណ្តាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន Oxley-Gem (Cambodia) Co., Ltd ដែលជា​ក្រុមហ៊ុន​បុត្រ​ស ម្ព័​ន្ត​របស់​ក្រុមហ៊ុនមេ Oxley Holdings Limited របស់​សិង្ហ​បុរី និង​ក្រុមហ៊ុន Worldbidge Land របស់លោក​អ្នក​ញ៉ា​ស៊ា រិទ្ធី ៕

តើ​ភ្នាក់ងារ​អចលនទ្រព្យ​ដើរតួនាទី​សំខាន់​ដូចម្តេច​ក្នុងការ​សម្របសម្រួលរ​វាងអ្នកលក់​និង​អ្នកទិញ

ដោយៈ​វ​ឌ្ឈ​នៈ

ភ្នំពេញៈ កាលពីមុន​ការទិញ​លក់​អ្វីមួយ​មិន​ថា អចលនទ្រព្យ​ឬ​ចលនទ្រព្យ​នោះឡើយ គឺ​ត្រូវ​ចរចា​ផ្ទាល់​រវាង​អ្នកទិញ​និង​អ្នកលក់ ហើយ​ពេលខ្លះ​ធ្វើឱ្យ​ការចរចា​មិន​ត្រូវរ៉ូវ​គ្នា និង​ធ្វើ​ឲ្យ​ប្រតិបត្តិ​ការទិញ​លក់​បរា​ជ័យ។

តែ​ក្រោយមក​ក្នុង​វិស័យ​អចលនទ្រព្យ ក៏មាន​ភ្នាក់ងារ​អ្នកសម្របសម្រួល​រវាង​អ្នកលក់​និង​អ្នកទិញ ដែល​បានធ្វើឱ្យ​សកម្មភាព នៃ​ការទិញ​លក់​ហាក់​មាន​កំណើន​ជាង​មុន។

លោក​ឧកញ៉ា​ចេង ខេង អគ្គនាយក​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ី​ភី​អិ​ល​បាន​មានប្រសាសន៍​ដឹងថា​ភ្នាក់ងារ​អចលនទ្រព្យ គឺជា​អ្នកសម្របសម្រួល ក្នុង​ការទិញ​លក់​អចលនទ្រព្យ។ មិនតែប៉ុណ្ណោះ ភ្នាក់ងារ​អចលនទ្រព្យ ក៏​ជា​អ្នកវាយតម្លៃ​និង​បានដឹង​ពី​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​ណាមួយ​រួចទៅហើយ។

លោក​បន្តថា “ដូច្នេះ សម្រាប់​អ្នក​ចង់​លក់ និង​ចង់​ទិញ​អចលនទ្រព្យ​គឺអាច​ដាក់លក់​និង​ទិញ​ត្រូវ​នូវ​អ្វីដែល​ចង់បាន” ។ លោក​ថា “ជាទូទៅ អ្នកលក់​តែងតែ​ចង់បាន​តម្លៃ​ខ្ពស់ ចំណែក​អ្នកទិញ​តែងតែ​ចង់បាន​តម្លៃ​ទាប ដូច្នេះហើយ​ទើប​អចលនទ្រព្យ​ដែល​មិន​ឆ្លងកាត់​ការវាយតម្លៃ លក់​មិន​ងាយ​ចេញ​ដូច​អចលនទ្រព្យ​ដែល​ឆ្លងកាត់​ការវាយតម្លៃ” ។

លោក​ឧកញ៉ា​ចេង ខេង បាន​បន្តថា ការធ្វើការ​ជាមួយ​ភ្នាក់ងារ​អចលនទ្រព្យ ក៏​អាចជួយ​រក​អចលនទ្រព្យ សម​តាម​បំណង​របស់​អ្នកទិញ​ថែមទៀត​ផង ពីព្រោះ​ក្រុមហ៊ុន​ខ្លះ​មាន​ភ្នាក់ងារ​ស្ទើរតែ​គ្រប់​ខេត្ត​គ្រប់​តំបន់ និង​អាចជួយ​អ្នកទិញ និង​អ្នកលក់​ក្នុងការ​រៀបចំ​បែបបទ​ឯកសារ​ផ្លូវច្បាប់​ជូន​អ្នកទិញ និង​អ្នកលក់ ដោយ​មិនមាន​ទំនាស់​គ្នា។

លោក​ឧកញ៉ា​ក៏បាន​ប្រាប់​ពី​គន្លឹះ ដែល​អាចឱ្យ​អ្នកទិញ​អចលនទ្រព្យ​បាន ក្នុង​ទីតាំង​ល្អ​និង​សម​តាម​បំណង​ផងដែរ ទី១គឺ​ការត្រៀម​ថវិកា​រួចរាល់ ក្នុងការ​ដាក់​កក់​ចង​អ្នកលក់ ព្រោះ​ពេលខ្លះ​បើ​មិនមាន​ថវិកា​ក្នុង​ដៃ សម្រាប់​ទិញ​អចលនទ្រព្យ​នោះទេ ហើយ​រង់ចាំ​ពេល​ក្រោយ​អ្នកទិញ នឹង​បាត់​ឱកាស​ក្នុងការ​ក្លាយជា​ម្ច​ស់​អចលនទ្រព្យ។

យោងតាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កន្លងមក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​កំណើន​ក្រុមហ៊ុន​ចុះបញ្ជី ជា​ភ្នាក់ងារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា ចាប់ផ្ដើម​កើនឡើង​ម្ដងបន្តិចៗ ក៏ប៉ុន្តែ​ក៏​នៅមាន​ក្រុមហ៊ុន និង​ភ្នាក់ងារ​ជាច្រើន​ទៀត​មិនទាន់មាន​អាជ្ញាប័ណ្ណ ក្នុង​ការធ្វើ​អាជីវកម្ម​ជា​ភ្នាក់ងារ​អ​ចនទ្រ​ព្យ នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ដែល​តម្រូវឱ្យ​អ្នកស្វែងរក​សេវាកម្ម​អចលនទ្រព្យ ត្រូវ​សម្លឹង​រក​អ្នក​ដែលមាន​អាជ្ញាប័ណ្ណ​និង​ជំនាញ​ច្បាស់លាស់៕

តើអគារសហកម្មសិទ្ធិអាចធ្វើបាននៅលើដីដែលជួលគេបានដែរឬទេ?

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ អាគារសហកម្មសិទ្ឋសំដៅលើអាគារខុនដូ ដែលជនបរទេសអាចទិញបានចាប់ពីជាន់ទី១ឡើង ហេតុនេះតើអាគារបែបនេះអាចសាងសង់លើដីជួលគេបានដែរទេ?។

អគារសហកម្មសិទ្ធិមិនអាចសង់នៅលើដីជួលបានទេ ហើយដីដែលយកទៅសង់អគារសហកម្មសិទ្ធិឬខុនដូនោះ ត្រូវតែជាដីដែលបានចុះបញ្ជីរ នៅរដ្ឋបាលសុរិយោដីរួចរាល់ មានន័យថា ដីដែលត្រូវយកមកសង់អគារ សហកម្មសិទ្ធិនោះ ត្រូវតែមានប្លង់កម្មសិទ្ធិ (ប្លង់រឹង) ប្រភេទ៖ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬ វិញ្ញាបនប័តសម្គាល់ម្ចាស់កម្មសិទ្ធិ ហើយបើដីនេះមានច្រើន ក្បាលដី ឬច្រើនប្លង់ ត្រូវតែយកទៅបង្រួមអោយទៅជាក្បាលដីតែមួយសិន ទើបអាចស្នើសុំ ច្បាប់សាងសង់ ឬធ្វើអគារសហកម្មសិទ្ធិដើម្បីដាក់លក់ ឬជួល ជូនសាធារណៈជនបាន។

ជាការពិតណាស់មានអតិថិជនជាច្រើន បានមានចំងល់លើកឡើងថា ពួកគាត់មិនហ៊ានទិញខុនដូទេ ដោយសារឮគេនិយាយថា ខុនដូគេសង់នៅលើដីជួល ឬដីសម្បទាន ៥០ឆ្នាំ៧០ឆ្នាំ ឬ៩០ឆ្នាំ ជាដើម មិនមែនជាកម្មសិទ្ធិរហូត ដូចយើងទិញដី ឬទិញផ្ទះនៅក្នុងបុរីទេ ។ ដូច្នេះហើយ ទើបមានអតិថិជន មួយចំនួន គាត់មិនហ៊ានទិញទេ ដោយសារតែពួកគាត់គិតថា ទិញហើយមិនបានជាកម្មសិទ្ធិ រហូតដូច លើកឡើងខាងលើ។

ការយល់ដូច្នេះ គឺពិតជាមិនត្រឹមត្រូវទេ ព្រោះថារាល់ការសាងសង់លក់ ឬជួលអគារ សហកម្មសិទ្ធិ ត្រូវបានអនុញ្ញាតតែនៅលើដី ដែលបានចុះបញ្ជីនៅរដ្ឋបាលសុរិយោ​ដីរួចរាល់ និងបានសុំច្បាប់ទំលាប់ត្រឹមត្រូវ (ច្បាប់សាងសង់ និងអាជ្ញាប័ណ្ណអភិវឌ្ឍន៍លំនៅដ្ឋាន) ពីស្ថាប័នពាក់ព័ន្ធផ្សេងៗ មានដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាលាខេត្ត-ក្រុងជាដើម៕

សម្តេចតេជោរៀបចំក្រុមការងារអន្តរក្រសួងដើម្បីគ្រប់គ្រងឧកញ៉ានៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។ នេះបើតាមសេចក្តីសម្រេច នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា មានសមាសភាព១២រូប ដែលមាន លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន និងមានអនុប្រធាន និងសមាជិក ១១រូបផ្សេងទៀត។

ក្រុមការងារអន្តរក្រសួងនេះ មានភារកិច្ចដូចខាងក្រោម៖
* សិក្សាស្រាវជ្រាវ ផ្តួចផ្តើមក្នុងការបង្កើតលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា
* សិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា
* សិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម ធ្វើការពិគ្រោះយោបល់ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបម្រើឱ្យការរៀបចំ
* រៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា
* ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ សម្រេច និងផ្តល់យោបល់ដឹកនាំ
* រៀបចំឯកសារពាក់ព័ន្ធជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ សម្រេច
* បំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់។

អនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួងនេះ ត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញ និងទទួលភារកិច្ចតាមការចាត់ចែង របស់ប្រធានក្រុមការងារ។

ក្រុមការងារនេះ មានសិទ្ធិ ប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីជួយការងារតាមតម្រូវការចាំបាច់ និងអាចប្រើប្រាស់ត្រារបស់ក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងការងាររបស់ខ្លួន៕