ខេត្តព្រះសីហនុចាប់ផ្តើមរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ របស់ខ្លួនជាផ្លូវការ

          ដោយៈគង់ ម៉ាលីន

          ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុបានចាប់ផ្តើមរៀបចំនិមិត្តសញ្ញាលើក្រុង ស្រុក ឃុំសង្កាត់របស់ខ្លួនជាផ្លូវការហើយ។

នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ លោកឯម ភាពបានដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ទូទាំាំងខេត្តព្រះសីហនុ ដោយបានមានប្រសាសន៍បើកកិច្ចប្រជុំ ពិនិត្យពិភាក្សានិមិត្តសញ្ញារបស់រដ្ឋបាលក្រុងស្រុកទាំង៥ ដែលក្រុមការងារបានធ្វើការប្រជុំពិភាក្សា ចូលរួមកែលម្អនិមិត្តសញ្ញារដ្ឋបាលក្រុង-ស្រុកជាបន្តបន្ទាប់នាពេលកន្លងមក និមិត្តសញ្ញារដ្ឋបាលក្រុងស្រុកនីមួយៗ ត្រូវមានការបញ្ជាក់ពីប្រវត្តិនៃនិមិត្តសញ្ញា សក្តានុភាព និងភូមិសាស្ត្រក្រុង-ស្រុកនីមួយៗ ស្របទៅនឹងនិមិត្តសញ្ញា ម្យ៉ាងទៀតនិមិត្តសញ្ញាក្រុងស្រុកទាំង៥ ត្រូវរចនាអក្សរ និងខ្លឹមសារឯកភាពគ្នា ដើម្បីដាក់ជូនអភិបាលខេត្ត សម្រេចមុននឹងបញ្ជូនបន្តសុំសេចក្តីសម្រេច ពីក្រសួងមហា​ផ្ទៃយកមកប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ ។

លោកបានបន្តថា កន្លងមកយើងបានបង្កើតក្រុមការងាររៀបចំ និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក ហើយការងារនេះ បានអូសបន្លាយរយ:ពេលយូរខែហើយ ដើម្បីធ្វើការប្រជុំពិភាក្សាធ្វើការកែសម្រួល និងបញ្ជាក់ពីខ្លឹមសារ និងអត្ថន័យនៃរូបសញ្ញា និងសក្តានុពលរបស់ក្រុងស្រុកនីមួយៗ ដូច្នេះក្រុងស្រុកនីមួយៗត្រូវបំពេញឯកសារឱ្យបានលឿន ដើម្បីដាក់ជូន លោកអភិបាលខេត្តពិនិត្យសម្រេច និងបន្តបញ្ជូនទៅក្រសួងមហាផ្ទៃសម្រេចយកមកប្រើប្រាស់ជាផ្លូវការ៕

រដ្ឋាភិបាលកម្ពុជាបានកំណត់យកកំពង់ផែជាទិសដៅនៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានកំណត់យកកំពង់ផែ ជាទិសដៅនៃការរអភិវឌ្ឍឧស្សាហកម្ម សម្រាប់ការពង្រីកការដឹកជញ្ជូនទំនិញ ទៅកាន់ទីផ្សារបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូល។

យោងតាមឯកសារព៌តមានរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនដែលបាន​បង្ហាញលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន កាលពីចុងសប្តាហ៍មុនបានបង្ហាញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា មានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែ ក្រុងព្រះសីហនុកំពុងមានសកម្មភាព យ៉ាងមមាញឹកជាមួយនឹងបទពិសោធន៍ និងមានការទទួលខុសត្រូវខ្ពស់របស់កំពង់ផែ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងជាតិមាតុភូមិ ដោយបានរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំក្នុងរង្វង់៧% ប្រកប​ដោ​យចីរភាព ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត បានជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខ។

មានទីតាំងអំណោយផលឋិតនៅក្នុងតំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ដែលជាទីតាំងល្អបំផុត និងធានាបាននូវការការពារដ៏រឹងមាំពីគ្រោះធម្មជាតិ។ បរិមាណទំនិញឆ្លងកា​ត់ឧបករណ៍លើកដាក់នៅក្នុងកំពង់ផែនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំ​ទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើតឡើងជាលំដាប់។

ឯកសារដដែលបានឲ្យដឹងថា ស្របពេលជាមួយគ្នានេះដែរ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងរៀបចំការពង្រីកកំពង់ផែ និងបង្កើតប្រព័ន្ធកំពង់ផែ EDI (Electronic Data Intercharge) ដែលនឹងជួយសម្រួលដល់នីតិវិធីផ្លូវ ការនៃនាវាចេញចូលកំពង់ផែកម្ពុជាក្នុងគោលបំណងពន្លឿននីតិវិធី និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញ តាមផ្លូវសមុទ្រ ការស្តុកទំនិញ និងអាចឆ្លើយតបទៅនឹងកំណើនវិនិយោគពីបរទេស ជាពិសេស សំដៅធ្វើឱ្យកម្ពុជាក្លាយជាទីតាំងយុទ្ធសាស្ត្រមួយ ប្រកបដោយការប្រកួតប្រជែងនៅតំបន់អាស៊ី ទាក់ទងនឹងវិស័យ ភស្តុភារកម្ម និងការដឹកជញ្ជូន។

ជាងនេះទៅទៀត កម្ពុជាគ្រោងនឹងពង្រីកសមត្ថភាព កំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈ ការកសាងចំណតផែកុងតឺន័រថ្មីមួយជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូល ចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦០.០០០តោន ឬស្មើនឹង៩៣% នៃចំនួននាវាប្រចាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។

សុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាត្រូវបានគេចាត់ទុកជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស នៅក្នុងតំបន់អាស៊ាន៕

កម្ពុជានឹងទាក់ទាញក្រុមហ៊ុនវិនិយោគអាមេរិកកាន់តែច្រើន ខណៈប្រទេសនេះមានបរិយាកាសវិនិយោគកាន់តែប្រសើរឡើង

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា កម្ពុជានឹងទាក់ទាញវិនិយោគិនជាច្រើនពីសហរដ្ឋអាមេរិកនា ពេលអនាគត តាមរយៈការវិនិយោគលើផ្នែកអេឡិចត្រូនិច និងផ្នែកឧស្សាហកម្មធុនមធ្យមនៅកម្ពុជា ទៅតាមរបត់នៃចន្តរសេដ្ឋកិច្ច។

អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតគី សេរីវឌ្ឍន៍បានថ្លែងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនរបស់អាមេរិកទទួលជោគជ័យនៅកម្ពុជាមានជាច្រើន ដែលកត្តាទាំងនេះបានកើតឡើងពីទំទុកចិត្ត ក្នុងនោះសម្រាប់បរិបថនៃប្រជាជនកម្ពុជាវិញ គឺនៅតែស្រឡាញ់គោលការណ៍ និងការស្រឡាញ់គុណភាពផលិតផលរបស់សហរដ្ឋអាមេរិកជាដើម។

លោកបណ្ឌិតបានបន្តថា ក្នុងនោះចំពោះភាពជោគជ័យរបស់ក្រុមហ៊ុនអាមេរិក ក៏ដោយសារមានការរួមចំណែករវាងរាជរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ការប្រកួតប្រជែងនៅកម្ពុជាស្នើរភាពគ្នាជាដើម ដែលនាំឲ្យ សហរដ្ឋអាមេរិកក្នុងពេលបច្ចុប្បន្ន បានក្លាយជាដៃគូយ៉ាងសំខាន់ នៅក្នុងវិស័យពាណិជ្ជកម្ម ។

លោកបណ្ឌិតបានបន្តទៀតថា ពាក់ព័ន្ធការវិនិយោគនេះ កម្ពុជាគឺជាប្រទេសដែលមានទីផ្សារតូច ក្នុងនោះកម្ពុជាក៏បានដើរក្រោយគេបន្តិចនៅក្នុងតំបន់អាស៊ានដូចជា ប្រទេសវៀតណាម និងប្រទេសថៃជាដើម តែនៅពេលខាងមុខ លោកបណ្ឌិត រំពឹងថា វិនិយោគិនសហរដ្ឋអាមេរិក នឹងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ជាពិសេសរុញការវិនិយោគលើវិស័យអេឡិចត្រូនិច នឹងឧស្សាហកម្មធុនមធ្យមដូចជា ផ្នែកតម្លើងរថយន្ត និងការតម្លើងគ្រឿងចក្រផ្សេងៗទៀតនៅកម្ពុជា គឺស្របតាមរបត់នៃចន្តរសេដ្ឋកិច្ច ខណៈប្រទេសមួយចំនួននឹងអាចដើរផុតវិស័យនេះ ។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះថា កម្ពុជាទទួលបានភាពអនុគ្រោះពន្ធពីអឺរ៉ុប ក៏ដូចGSP ពីអាមេរិក និងទទួលប្រព័ន្ធGSP ពីអង់គ្លេស ហើយក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយច្រើនជាបណ្តាប្រទេសមួយចំនួន។

លោកឧកញ៉ាបានថ្លែងថា ទាំងអស់នេះ ជាកត្តាដែលទាក់ទាញវិនិយោគប្រទេសកម្ពុជា ស្របពេលដែលអាមេរិក និងចិនដំឡើងពន្ធលើគ្នាទៅវិញទៅមក ក្នុងសង្រ្គាមពាណិជ្ជកម្ម ដូច្នេះវាធ្វើឱ្យមានប្រទេសណា ដែលមានភាពអនុគ្រោះពន្ធ ដូចជាប្រទេសកម្ពុជា គឺគេសម្លឹងឃើញហើយ។

លោកឧកញ៉ាបានថ្លែងបន្តទៀតថា ដើម្បីអាចឱ្យក្រុមហ៊ុនអាមេរិកនាំចេញទៅចិនងាយស្រួល គឺមានក្រុមហ៊ុនមកផលិតនៅកម្ពុជា ព្រោះមានភាពអនុគ្រោះ ហើយដើម្បីងាយស្រួលក្នុងការនាំចេញអាមេរិក ចិននឹងមកផលិតនៅកម្ពុជាផងដែរ ដោយសារកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធGSPនាំចេញទៅអាមេរិក។

ដូច្នេះភាពទាក់ទាញទាំងនេះហើយ ដែលធ្វើឱ្យទាំងក្រុមហ៊ុនអាមេរិក និងចិនកំពុងសម្លឹងឃើញកម្ពុជាយើង ហើយមិនត្រឹមតែក្រុមហ៊ុនអាមេរិក និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រុមហ៊ុនពីប្រទេសផ្សេងៗ ដែលមានបំណងចង់នាំចេញទៅប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ក៏សម្លឹងរកប្រទេសកម្ពុជាជាទីតាំងផលិតផងដែរ។

ទាក់ទងនិងការវិនិយោគរបស់ក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកនៅកម្ពុជា បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម បានបង្ហាញឲ្យដឹងថា គិតមកដល់បច្នុប្បន្ន ចំនួនក្រុមហ៊ុន និងសហគ្រាសរបស់សហរដ្ឋអាមេរិក ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មសរុបមានចំនួន៤២៧ ក្នុងនោះក្រុមហ៊ុនមានចំនួន៣៨៧ និងសហគ្រាសមានចំនួន៤០សហគ្រាស។

ចំពោះក្រុមហ៊ុនដែលបានចុះបញ្ជី និងកំពុងប្រតិបត្តិការនៅកម្ពុជា, នាពេលថ្មីៗនេះ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានលើកក្នុងពិរព័ណ៌តាមរយៈអេឡិចត្រូនិច ថា ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកដូចជា៖ ក្រុមហ៊ុន Ford, Facebook, Coca-Cola និងក្រុមហ៊ុន Piza ជាដើម បច្ចុប្បន្នកំពុងទទួលបានជោគជ័យនៅកម្ពុជា ក្នុងនោះឯកឧត្តមសង្ឃឹមថា នឹងមានក្រុមហ៊ុនសហរដ្ឋអាមេរិកផ្សេងៗទៀត អាចទទួលបានភាពរីកចម្រើនកាន់តែច្រើននៅក្នុងមុខរបរផងដែរ៕

អ្នកជំនាញៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពីភ្នំពេញទៅបណ្ដាខេត្តនឹងបង្កើនភាពទាក់ទាញដល់ការវិនិយោគអចលនទ្រព្យ

ដោយៈ វិឌ្ឍនៈ

ភ្នំពេញ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវពីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានា នឹងជំរុញ និងទាក់ទាញ ដល់ការវិនិយោគនៅក្នុងខេត្តនោះកាន់តែខ្លាំង ជាពិសេសបណ្ដាខេត្ត ដែលមានសក្ដានុពលខ្លាំងក្នុងការទាក់ទាញវិនិយោគិនក្នុង និងក្រៅប្រទេស។

អ្នកជំនាញអចលនទ្រព្យជាច្រើនបានលើកឡើងស្រដៀងៗគ្នាថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលតភ្ជាប់ពីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានាក្នុងប្រទេស គឺជាកត្តាទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេសបន្ថែមទៀត។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងកាលពីថ្មីៗនេះថា ទីណាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទីនោះនឹងទទួលបានការវិនិយោគ និងចាប់អារម្មណ៍ពីសំណាក់វិនិយោគិន ជាក់ស្ដែងនៅជុំវិញរាជធានីភ្នំពេញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ត្រូវធ្វើឡើងជាបន្តបន្ទាប់ដើម្បីទាក់ទាញដល់វិនិយោគិនក្នុងនិងក្រៅប្រទេសដាក់ទុនវិនិយោគ។

លោកបានថ្លែងបន្តថា អ្នកវិនិយោគសម្លឹងមើលទីតាំងណា ដែលមានការអភិវឌ្ឍផ្លូវថ្នល់ ប្រព័ន្ធទឹក និងភ្លើង ហើយបន្ទាប់មកគេនឹងជ្រើសរើសធ្វើជាទីតាំង សម្រាប់ការអភិវឌ្ឍគម្រោងរបស់ពួកគេ។
លោកបន្តថា ដូចគ្នានេះដែរ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីភ្នំពេញទៅកាន់បណ្ដាខេត្តសក្ដានុពលនឹងជំរុញឱ្យវិនិយោគិនទៅបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តនោះផងដែរ ហើយសព្វថ្ងៃនេះ រដ្ឋាភិបាលបានពង្រីកផ្លូវតភ្ជាប់ពីភ្នំពេញទៅកាន់បណ្ដាខេត្តដូចជាផ្លូវជាតិលេខ៣ពីភ្នំពេញ ទៅកាន់ខេត្តកំពត ផ្លុវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ និងផ្លូវជាតិលេខទៅកាន់ខេត្តសៀមរាបជាដើម។

លោកបានឱ្យដឹងថា “ការធ្វើដំណើរពីភ្នំពេញ ទៅកាន់ខេត្តមួយចំនួន ពេលនេះ គេអាចទៅមកវិលល្ងាចដោយមិនចាំបាច់សម្រាកនៅទីនោះក៏បានដែរ ដោយសារតែផ្លូវស្រួលអាចធ្វើបានលឿនរហ័ស ដូចនេះវិនិយោគិនអាចទៅមើលគម្រោងណាមួយភ្លេត ហើយត្រលប់មកភ្នំពេញដោយងាយស្រួល និងអាចសល់ពេលវេលាសម្រាប់ធ្វើការទៀតផង”។

យោងតាមរបាយការណ៍ស្ថិតិបំណុលរបស់រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ក្នុងចំណោមថវិកាបំណុលដែលកម្ពុជាទទួលបានពីដៃគូអភិវឌ្ឍន៍នានា គឺភាគច្រើនលើសលុបយកមកអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធតែម្ដង ហើយបច្ចុប្បន្ននេះរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីភ្នំពេញ ទៅកាន់បណ្ដាខេត្តសក្ដានុពល និងក្នុងខេត្តនោះផ្ទាល់តែម្ដង៕

រដ្ឋាភិបាលអាមេរិកបានផ្តល់ជំនួយជាង១១លានដុល្លារដល់កម្ពុជាដើម្បីជួយលើកសេដ្ឋកិច្ច អំឡុងវិបត្តិជំងឺកូវីដ១៩

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានផ្តល់ថវិកាជាង១១លានដុល្លារអាមេរិក ដើម្បីជួយប្រទេសកម្ពុជាក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID កាលពីសប្តាហ៍មុន។

ធនធានបន្ថែមទាំងនេះផ្អែកលើការគាំទ្រដែលមានស្រាប់ដល់ប្រជាជនកម្ពុជា ដែលភាគច្រើនត្រូវបានសម្របសម្រួល ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺរាតត្បាតសាកល។

ជំនួយសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ១៩ បានជួយប្រទេសកម្ពុជាក្នុងការការពាររក និងឆ្លើយតបចំពោះការរាតត្បាតរាតត្បាត។ ធនធានទាំងនេះបានជួយប្រទេសកម្ពុជា លលើការចូលរួមសហគមន៍ ការការពារការឆ្លង ការគ្រប់គ្រងឆ្លង ប្រព័ន្ធមន្ទីរពិសោធន៍ និងទំនិញចាំបាច់។

USAID ក៏បានលើកឡើងពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងសង្គមភ្លាមៗ និងបន្ទាប់បន្សំ ដែលបណ្តាលមកពីជំងឺកូវីដ១៩ ទៅលើប្រជាជនកម្ពុជាជា ពិសេសកុមារ និងក្រុមគ្រួសារដែលងាយរងគ្រោះ។ ទីភ្នាក់ងារ USAID បាននិងកំពុងធ្វើការ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការបិទសាលារៀននៅលើការអប់រំរបស់កុមារ ក្នុងកំឡុងពេលមានជំងឺរាតត្បាត តាមរយៈការគាំទ្រសម្រាប់ការរៀនសូត្រតាមអនឡាញ និងចែករំលែកសម្ភារៈអប់រំ និងព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាផ្សេងទៀត។

ទីភ្នាក់ងារ USAID ក៏បានគាំទ្រដល់វិស័យសាធារណៈ និងឯកជន និងសង្គមស៊ីវិល ក្នុងការរួមបញ្ចូលការការពារកុមា ជាមួយសេវាកម្មវេជ្ជសាស្រ្ត និងសង្គមដើម្បីធានាថាកុមារត្រូវបានការពារ។ លើសពីនេះទៀត ដើម្បីលើកកម្ពស់ជីវភាពសេដ្ឋកិច្ចសម្រាប់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត ទីភ្នាក់ងារ USAID កំពុងពង្រីកការងារជាមួយវិស័យឯកជន តាមរយៈការបង្កើតទំនាក់ទំនងទីផ្សារនៅក្នុងកសិកម្មអេកូទេសចរណ៍ និងផលិតផលមិនមែនព្រៃឈើ។

ការខិតខំរបស់ទីភ្នាក់ងារ USAID ឆ្លុះបញ្ចាំងពីភាពជាដៃគូយូរអង្វែងរបស់សហរដ្ឋអាមេរិកជាមួយប្រជាជនកម្ពុជា។ ក្នុងរយៈពេលជាង៣ទសវត្សចុងក្រោយនេះ ទីភ្នាក់ងារ USAID បានវិនិយោគទឹកប្រាក់ជាង១,៥ពាន់លានដុល្លារនៅកម្ពុជា ក្នុងនោះមានថវិកាជាង៤០០លានដុល្លារអាមេរិកក្នុងការជួយដោះស្រាយអត្រាមរណភាពទារកអាយុក្រោម៥ឆ្នាំ អត្រាមរណភាពមាតា ជំងឺគ្រុនចាញ់ របេង អេដស៍ កង្វះអនាម័យ កង្វះអាហារូបត្ថម្ភ ភាពក្រិន និងដើម្បីបង្កើនសមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងការផ្តល់ហិរញ្ញវត្ថុ និងគ្រប់គ្រងភ័ស្តុភារ និងព័ត៌មានសម្រាប់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន។

ទីភ្នាក់ងារ USAID បានជួយពង្រឹងគោលនយោបាយ និងប្រព័ន្ធសុខាភិបាលជាតិរបស់ប្រទេសកម្ពុជា ពង្រីកការផ្សព្វផ្សាយតាមសហគមន៍ និងលើកកម្ពស់ការទទួលបានសេវាសុខភាពប្រកបដោយគុណភាព។ ទីភ្នាក់ងារ USAID ក៏បានជួយក្នុងការពង្រីកមូលនិធិសមធម៌សុខភាពនៅទូទាំងប្រទេស ដែលជាគម្រោងគាំពារសុខភាពសង្គមនៅកម្ពុជា ដែលបានអនុញ្ញាតឱ្យប្រជាជនកម្ពុជាក្រីក្រជាង៣លាននាក់ ទទួលបានសេវាសុខភាពដោយមិនគិតថ្លៃ៕

ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ព្រុយ​ណេ ចង់ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​ជ្រោមជ្រែង​ទទួលស្គាល់​ឯករាជភាព​របស់​ប៉ា​ឡេ​ស្ទី​ន

ដោយ​សុ​ខម

គូ​ឡា​ឡាំ​ពួ: ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Tan Sri Muhyiddin Yassin និង​នាយករដ្ឋមន្ត្រី​ព្រុយ​ណេ ព្រះ​ចៅ​ស៊ូតង់ Hassanal Bolkiah បានចេញ​សេចក្ដីថ្លែងការណ៍​រួមមួយ​កាលពី​ថ្ងៃទី១៦ ឧសភា ដោយ​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​រក្សា​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ “ដំណោះស្រាយ​ពីរ​រដ្ឋ” ឆ្ពោះទៅរក​ការទទួលស្គាល់​ឯករាជភាព​របស់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន ដោយ​ផ្អែកលើ​ព្រំដែន​មុន​ឆ្នាំ១៩៦៧ ដែល​ក្រុង​ហ្សេ​រូ​សា​ឡឹ​ខាងកើត (East Jerusalem) ជា​រដ្ឋធានី​របស់ខ្លួន។

យោងតាម​ការ​សារព័ត៌មាន The Edge Markets ឱ្យដឹងថា មេដឹកនាំ​ទាំងនេះ​ដែល​បាន​ថ្កោលទោសធ្ងន់ៗបំផុត​ចំពោះ​ការរំលោភបំពាន និង​ការឈ្លានពាន​ម្តង​ហើយ​ម្តងទៀត​ពី​សំណាក់​ប្រទេស​អ៊ីស្រាអែល ទៅលើ​ទឹកដី​កាន់កាប់​ដោយ​ប៉ា​ឡេ​ស្ទី​ន ក៏បាន​ប្រកាស​ជំហរ​ដែរ​ថា ពួកលោក​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អន្តរជាតិ ដែលមាន​បំណង​សម្រេច​ឱ្យបាន​នូវ​សន្តិភាព​ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ត្រឹមត្រូវ និង​យូរ​វ​ង្វែ​ង​នៅ​តំបន់​មជ្ឈិមបូព៌ា។

មេដឹកនាំ​ទាំងនេះ​បាន​លើកឡើងថា “យើង​ស្នើឱ្យ​មហាសន្និបាត​អង្គការសហប្រជាជាតិ កោះប្រជុំ​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​ស្ថាន​ការ​វិវឌ្ឍន៍​ដ៏​ធ្ងន់ធ្ងរ​នេះ ហើយ​ចេញ “សេចក្ដីសម្រេច​បង្រួបបង្រួម​ដើម្បី​សន្តិភាព” (Uniting for Peace Resolution) ជាមួយ​គោលបំណង​បញ្ចប់​អំពើ​ឃោរឃៅ​ដែល​ត្រូវបាន​ប្រព្រឹត្តទៅ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន” ។

ការចេញ​សេចក្តីថ្លែងការណ៍​រួម​នេះ​ធ្វើឡើង ខណៈ​អ៊ីស្រាអែល បង្កើន​ការវាយប្រហារ​ប្រដាប់អាវុធ​កាន់តែខ្លាំង​ឡើង​នៅក្នុង​ទឹកដី​កាន់កាប់​ដោយ​ពួក​ប៉ា​ឡេ​ស្ទី​ន។

នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ មេដឹកនាំ​ទាំងនេះ​ក៏បាន​សម្តែង​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការតាំង​លំនៅដ្ឋាន​ដោយ​ខុសច្បាប់​ដោយ​ពួក​អ៊ីស្រាអែល ការ​វាយកម្ទេច និង​ការ​រឹបអូស​សំណង់​កាន់កាប់​ដោយ​ពួក​ប៉ា​ឡេ​ស្ទី​ន នៅ​តំបន់​វ៉េ​ស​ប៊ែ​ង (West Bank) រួមទាំង​ក្រុង​ហ្សេ​រូ​សា​ឡឹ​ខាងកើត ផងដែរ។

មេដឹកនាំ​ទាំងនេះ​ក៏បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ផងដែរ​ចំពោះ​ការរំលោភច្បាប់​អន្ដរជាតិ រួមទាំង​ច្បាប់​មនុស្សធម៌ និង​សិទ្ធិមនុស្ស​ពី​សំណាក់​អ៊ីស្រាអែល តាមរយៈ​គោលនយោបាយ​អមនុស្សធម៌ អាណានិគម​និ​យ និង​ប្រកាន់ពូជសាសន៍​ពណ៌​សម្បុរ​របស់ខ្លួន​ចំពោះ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន នៅក្នុង​ទឹកដី​ប៉ា​ឡេ​ស្ទី​ន។

ពួកលោក​ចង់ឱ្យ​អន្តរជាតិ​មាន​វិធានការ​បន្ទាន់​ប្រកបដោយ​ការទទួលខុសត្រូវ ដើម្បី​ធានា​ការទទួលខុសត្រូវ​ចំពោះ​ការបំពាន​បែបនេះ ហើយ​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការវាយប្រហារ​ប្រដាប់អាវុធ​ទៅលើ​ជន​ស៊ីវិល ចាត់វិធានការ​ចាំបាច់​នានា​ដើម្បី​សម្រាល​ស្ថានការណ៍​ដ៏​តានតឹង និង​ឱ្យ​ងាក​មក​គោរព​ច្បាប់​អន្តរជាតិ។

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) ត្រូវបាន​ជំរុញ​ឱ្យ​ចាត់វិធានការ​ជាបន្ទាន់​តាម​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ធានា​សុវត្ថិភាព និង​ការការពារ​ជន​ស៊ីវិល​ប៉ា​ឡេ​ស្ទី​ន នៅក្នុង​ទឹកដី​កាន់កាប់​ដោយ​ប៉ា​ឡេ​ស្ទី​ន៕

វៀតណាម​ត្រៀម​ចំណាយ​ទុន​ជិត១០០លាន​ដុល្លារ​ដើម្បី​ធ្វើ​ប្រសើរឡើង​ផ្លូវ​ត​ភ្ជាប់​មក​កម្ពុជា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ផ្លូវជាតិ​លេខ៦២ដែល​រត់​ឆ្លងកាត់​ពី​ខេត្ត​ឡុង​អាន​វៀតណាម នឹង​ត្រៀម​កែលម្អ​ឡើងវិញ ដើម្បី​កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​ពី​ទីក្រុង​ហូជីមិញ​ទៅកាន់​តំបន់​ដីសណ្ដ​មេគង្គ និង​ព្រំដែន​កម្ពុជា។ នេះ​បើ​យោងតាម​ការចេញផ្សាយ​សារព័ត៌មាន VNExpress នៅ​ចុង​សប្តាហ៍​នេះ។

ក្រុមប្រឹក្សា​គ្រប់គ្រង​គម្រោង​ទី៧ ទទួលបន្ទុក​គ្រប់គ្រង​គម្រោង​ផ្លូវ​នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម បានឱ្យដឹងថា គម្រោង​នេះ​ត្រូវបាន​បាន​ប៉ាន់ប្រមាណ​ការចំណាយ​ស​ម្រា​ប់​ការជួសជុល​កែលម្អ២,២៥ទ្រី​លាន​ដុង (៩៧,៩លាន​ដុល្លារ) ។

ផ្លូវ​នេះ​មាន​ប្រវែង៧៦គីឡូម៉ែត្រ ដែល​រត់​ចាប់ពី​ខេត្ត​ឡុង​អាន ទៅ​ផ្លូវជាតិ​លេខ៦២ និង​ត​ភ្ជាប់​រវាង​វៀតណាម និង​កម្ពុជា។

នាពេលថ្មីៗនេះ​ផ្លូវជាតិ​លេខ៦២ ត្រូវបាន​ខូចខាត​យ៉ាងខ្លាំង​ជាមួយនឹង​ស្នាម​ប្រេះ និង​ការខូចខាត​យ៉ាង ហើយ​បានរួម​តូច​ផងដែរ​សម្រាប់​ការធ្វើ​ចរាចរណ៍​ប្រចាំថ្ងៃ។

តាម​ការស្នើសុំ ការងារ​ជួសជុល​នេះ​នឹង​ចាប់ផ្តើម​ដំណើរ​នៅ​ឆ្នាំក្រោយ និង​បញ្ចប់​នៅ​ឆ្នាំ២០២៣ និង​ប្រើប្រាស់​មូលនិធិ​វិនិយោគ​ដែល​បានមកពី​ការចេញ​ប័ណ្ណបំណុល​របស់​រដ្ឋាភិបាល។

ក្រៅពី​ការកែលម្អ​ផ្នែក​ដែល​រង​ការខូចខាត ក្រុមប្រឹក្សាភិបាល​គម្រោង៧ គ្រោង​នឹង​ពង្រីក​ទទឹងផ្លូវ​ពី២ម៉ែត្រ​ទៅ១១ម៉ែត្រ៕

មេ​អាកាសយានដ្ឋាន​ក្រុង​ឌូ​បៃ:  អ្នកដំណើរ​គ្មាន​ជម្រើស​ផ្សេង​ឡើយ​ក្រៅពី​កាន់​លិខិតឆ្លងដែន​វ៉ាក់សាំង​កូ​វីដ

ដោយ​សុខុម

ឌូ​បៃ: មេ​អាកាសយានដ្ឋាន​ដែល​មមាញឹក​បំផុត​នៅលើ​ពិភពលោក​សម្រាប់​អ្នកដំណើរ​អន្តរជាតិ​បាន​និយាយថា លិខិតឆ្លងដែន​វ៉ាក់សាំង (Vaccine Passport) គឺជា​មធ្យោបាយ​តែមួយគត់​ក្នុងការ​ចាប់ផ្ដើម​ទទួល​ស្វាគមន៍​ឡើងវិញ​នូវ​ការធ្វើដំណើរ​របស់​ភ្ញៀវ​អន្តរជាតិ​ទ្រង់ទ្រាយ​ធំ។ នេះ​បើ​យោងតាម​សារព័ត៌មាន BBC ចុះផ្សាយ​កាលពី​ថ្ងៃទី១៦ ឧសភា។

លោក Paul Griffiths នាយក​ប្រតិបត្តិ​អាកាសយានដ្ឋាន​ក្រុង​ឌូ​បៃ បាន​ប្រាប់​សារព័ត៌មាន BBC ថា “ខ្ញុំ​គិតថា គ្មាន​ជម្រើស​ផ្សេង​ក្រៅពីនេះ​ទេ” ។

ក្រុម​អ្នក​រិះគន់​លិខិតឆ្លងដែន​វ៉ាក់សាំង ឬ​ប្រព័ន្ធ​ឯកសារ​ឌីជីថល​ដែល​បង្ហាញថា អ្នកដំណើរ​ចាក់​វ៉ាក់សាំង​រួច ឬ​ធ្វើតេស្ត​កូ​វីដ-១៩ រួច​នេះ​បាន​លើកឡើងថា អាកាសយា​ដ្ឋា​ន​ដែល​ធ្វើ​បែប​នោះ​គឺ​ទង្វើ​រើសអើង​ចំពោះ​អ្នក​ដែល​មិនអាច​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ។

ជាការ​ឆ្លើយតប​ចំពោះ​ការរិះគន់ លោក Paul Griffiths បាន​បញ្ជាក់ថា លោក​គាំទ្រ​ពេញទំហឹង​ឱ្យមាន​ឯកសារ​ចាំបាច់​សម្រាប់​ធ្វើដំណើ​រដែ​ល “ជៀស​មិន​រួច” ។ លោក​បន្ថែមទៀតថា “ខ្ញុំ​គិតថា បញ្ហា​មិន​ស្ថិត​ត្រង់​លិខិតឆ្លងដែន​វ៉ាក់សាំង និង​ការរើសអើង​នោះទេ។ វា​ជា​ភាពចាំបាច់​ដែល​ត្រូវ​ដាក់ចេញ និង​មាន​កម្មវិធី​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ​ដែលមាន​ភាពស្មើគ្នា​ទូទាំង​ពិភពលោក” ។

អង្គការ​សុខភាព​ពិភពលោក (WHO) និង​ក្រុមប្រឹក្សា​ទទួលបន្ទុក​ការធ្វើដំណើរ និង​ទេសចរណ៍​ពិភពលោក (World Travel & Tourism Council) ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ប្រឆាំង​ជំទាស់​នឹង​លិខិតឆ្លងដែន​វ៉ាក់សាំង ស្របពេល​មានការ​ព្រួយបារម្ភ​ថា វា​នឹង​នាំឱ្យមាន “សង្គម​ពីរ​វណ្ណៈ” ។

កាលពី​ខែ​មុន លោក​វេជ្ជបណ្ឌិត Mike Ryan ដែល​មកពី​អង្គការ​សុខភាព​ពិភពលោក​បានលើកឡើង​ជាថ្មី​ម្តងទៀត​នូវ​ការព្រួយបារម្ភ​អំពី​បញ្ហា​ក្រមសីលធម៌ និង​ភាពត្រឹមត្រូវ​ជុំវិញ​លិខិតឆ្លងដែន​វ៉ាក់សាំង។

លោក​បាន​បន្ថែមថា “ចាំបាច់​ត្រូវ​ពិចារណា​អំពី​បញ្ហា​នោះ​ឱ្យបាន​ល្អិតល្អន់ ជាពិសេស​នៅក្នុង​ពិភពលោក​ដែល​ការចាក់​វ៉ាក់សាំង​មាន​ភាពមិន​ស្មើភាព​គ្នា” ៕

ចំណេះដឹង! អ្នក​ត្រូវ​ជៀសវាង​ចំណុច​អវិជ្ជមាន​ទាំងនេះ បើ​មិន​ចង់​សម្ភាស៍​ធ្លាក់

ដោយៈ សាវុធ

ភ្នំពេញៈ ជាទូទៅ​មុននឹង​ក្លាយជា​បុគ្គលិក​ឯកជន​ក្រុមហ៊ុន​ការងារ​ណាមួយ បេក្ខជន​ត្រូវ​ឆ្លងកាត់​ការសម្ភាសន៍​ផ្ទាល់មាត់​ជាមួយនឹង​អ្នក​ពាក់​ព​ន្ធ័​ក្នុង​ក្រុមហ៊ុន។ យ៉ាងណាមិញ​ជំនាញ បទពិសោធន៍ និង​ភាព​ឆ្លាត​វៃ​មួយ​មុខ​មិនមាន​លក្ខណៈ​គ្រប់គ្រាន់​នោះទេ ចាំបាច់​ត្រូវ​ផ្សំផ្គុំ​ជាមួយនឹង​រូបសម្បត្តិ អត្ត​ច​រិ​ក ពាក្យសម្ដី​និង​កាយវិការ។

អត្ថបទ​ថ្ងៃនេះ​នឹង​រៀបរាប់​ពី​ចំណុច​អវិជ្ជមាន​ទាំង៤យ៉ាង​ដល់​យុវជន​ខ្មែរ ដែល​ពុំទាន់​មានបទពិសោធន៍​ក្នុងការ​ប្រឡូក​ក្នុងសង្គម​ការងារ​ពីអ្វី​ដែល​គួរ​ចៀសវាង​កំឡុងពេល​សម្ភាសន៍។

ទី១) ឆែក​ទូរ​សព្ទ័​ពេល​សម្ភាសន៍

កំឡុងពេល​សម្ភាសន៍​អ្នក​ចាំបាច់​ត្រូវផ្ដោត​ចំណាប់​អារ​ម្ម​ណ៌​មួយរយ​ភាគរយ​ចំពោះ​ការឆ្លើយ​សំណួរ​របស់​អ្នក​សម្ភាសន៍ និង​ធ្វើ​ឲ្យ​បានល្អ​បំផុត​ដើម្បី​កុំ​ឲ​បាត់បង់​ឱកាស។

មុនពេល​សម្ភាសន៍​អ្នក​គួរតែ​បិទ​ទូរ​សព្ទ ឬ​និង​បិទ​សម្លេង​ញ​រ័​ហើយ​ទុក​វា​ក្នុង​កាបូប​ដើម្បី​ចៀសវាង​ការរំខាន។ ក្នុងករណី​ទូរ​សព្ទ​បន្លឺសម្លេង ឬ​មានការ​ហៅចូល ហាម​លើក​ទូរ​សព្ទ​ជាដាច់ខាត អ្នក​ត្រូវ​ចុច​បិទ​ហើយ​សូម​អភ័យទោស។ ការដែល​លើក​ឬ​ឆែក​ទូរ​សព្ទ​កំឡុងពេល​ជជែក វា​ជា​ការមិន​សមគួរ​ព្រោះ​វា​បង្ហាញ​ឲ្យ​ដឹងថា​អ្នក​មិនបាន​ផ្ដល់​អាទិភាព​ដល់​ឱកាស​ការងារ។

ទី២) មក​សម្ភាសន៍​យឺត

មិនមែន​បង្អាប់បង្អោន​ជាតិ​យើង​នោះទេ តែ​អ្នក​គួរតែ​ដឹង​ហើយ​ថា​ប្រជាជន​ខ្មែរ​មួយចំនួន​មាន​ទម្លាប់​មិន​គោរព​ពេលវេលា​និង​យឺតយ៉ាវ​ក្នុងការ​ណាត់ជួប។ អាស្រ័យ​ហេតុនេះហើយ​វា​បាន​ជះ​ជា​ផល​អវិជ្ជមាន​ដល់​ឥរិយាបទ​ប្រចាំថ្ងៃ។ ដូចនេះ បេក្ខជន​គ្រប់រូប​ដែល​ត្រៀម​ចូល​សម្ភាសន៍​គួរណា​តែ​ចៀសវាង​ការ​មក​យឺត​ឬ​ឲ្យ​គេ​រងចាំ។ អ្នក​ចាំបាច់​ដឹង​ពី​ពេល​សម្ភាសន៍​របស់ខ្លួន និង​ធ្វើដំណើរ​ចេញពីផ្ទះ​មុន​ម៉ោង និង​មកដល់​ទីតាំង​សម្ភាសន៍​យ៉ាងហោចណាស់​មុន ១៥នាទី។ ករណីខ្លះ​បើ​អ្នក​វង្វេងផ្លូវ ស្ទះផ្លូវ​ឬ​មានធុរៈផ្សេងៗដែល​បណ្ដាល​ឲ​យឺត ម្ល៉េះ​អ្នក​ត្រូវ​ផ្ដល់ដំណឹង​ដល់​អ្នក​សម្ភាសន៍ ការធ្វើ​បែបនេះ​បង្ហាញ​ពី​ទំនួល​ខុសត្រូវ​និង​ការគោរព។

ទី៣) ការ​ស្លៀកពាក់​និង​អនាម័យ

ការសម្ភាសន៍​ការងារ​មិនមែនរ​ង្វា​យ​តម្លៃ​ត្រឹមតែ​សមត្ថភាព​របស់​អ្នក​តែប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ការបង្ហាញ​វត្តមាន​តំបូង​ជាមួយនឹង​រូបសម្បត្តិ​សមរម្យ​ក៏​ជា​កត្តា​មួយ​ដែរ។ ដូចនេះ​មុនពេល​សម្ភាសន៍​អ្នក​ត្រូវ​រៀបចំ​ខ្លូន​ឲ​បាន​សមរម្យ​និង​ស្អាតបាត​ដើម្បី​បង្កើន​ការជឿជាក់​ឲ្យ​សម​នឹង​ចំណេះដឹង។ កុំ​ស្លៀកពាក់​ធម្មតា​ពេក​ឬ​ឆើតឆាយ​ពេក ព្រោះ​អ្នក​មក​សម្ភាសន៍​មិនមែន​មក​បង្ហាញ​ម៉ូត​ទេ។ សម្រាប់​បុរស​គួរតែ​ពាក់អាវ​ក្រណាត់​ដៃ​វែង​ជាមួយ​ក្រវ៉ា​ត់ក ខោ​ក្រណាត់​ពណ៌​ខ្មៅ និង​ស្បែកជើង​ប៊ូរ។ ចំណែក​នារី​គួរ ពាក់អាវ​សាច់​ក្រណាត់​និង​សំពត់​ក្រោម​ជង្គង់​ឬ​លើ​ជង្គង់​បន្ដិច​តែ​មិន​ខ្លី​ពេក ជាមួយ​ស្បែកជើង​កែង។ ក្រៅពី​ការ​ស្លៀកពាក់ អនាម័យ​មាត់​ធ្មេញ ដងខ្លួន​ក៏​សំខាន់ ត្រូវ​ដុសធ្មេញ​ឲ្យ​ស្អាត ហើយ​បាញ់​ទឹកអប់​ឲ្យ​ក្រអូប​បន្ដិច​ទៅ​ដើម្បី​ជាការ​ទាក់ទាញ។

ទី៤) មិនបាន​ស្រាវជ្រាវ​ស្វែងយល់​ពី​ក្រុមហ៊ុន​ជាមុន

ទោះបីជា​អ្នក​បាន​ត្រៀមខ្លួន​រួចជាស្រេច​នូវ​លក្ខណៈសម្បត្តិ​ដើម្បី​បង្ហាញខ្លួន​យ៉ាងណាក្ដី ក៏​អ្នក​ត្រូវ​សិក្សា​ស្វែងយល់ខ្លះៗជាមុនសិន​ពី​ប្រវត្តិ គោលដៅ ឬ គោលបំណង​របស់​ក្រុមហ៊ុន យ៉ាង​សង្ខេប​ដើម្បី​ឲ្យ​ដឹង​ជា​ពត៌មាន និង​ចំណេះដឹង​គោល មុន​ចូលខ្លួន​ទៅ​សម្ភាស៍។ ការធ្វើ​បែបនេះ ជួយ​ឲ្យ​អ្នកឆ្លើយ​សំនួរ​បាន​លឿន​និង​ឆាប់រហ័ស។ ប្រសិនបើ​អ្នក​មិនបាន​ត្រៀម​ជាមុន​ទេ ច្បាស់​ជា​វីវរ​មិន​ខាន ព្រោះ​ពេល​គេ​សួរ​ឆ្លើយ​មិន​ចេញ ហើយ​គាំង​គិត​មិនឃើញ មិនស្រួលៗសម្ភាស៍​ធ្លាក់​ទៀត៕ Spean៕

រដ្ឋាភិបាល​កំពុង​រៀប​ចំ​ដំឡើង​ប្រព័ន្ធ​កំពង់ផែ EDI ដើម្បី​កាត់បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​សមុទ្រ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​កំពង់ផែ​ជា​ទិសដៅ​នៃ​តំបន់​អភិវឌ្ឍន៍​ឧស្សាហកម្ម សម្រាប់​ការពង្រីក​ការដឹកជញ្ជូន​ទំនិញ​ទៅកាន់​ទីផ្សារ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល ខណៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​រៀបចំ​ការពង្រីក​កំពង់ផែ និង​បង្កើត​ប្រព័ន្ធ​កំពង់ផែ EDI (Electronic Data Interchange) ដើម្បី​ជួយ​សម្រួល និង​កាត់បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន​ទំនិញ តាមផ្លូវ​សមុទ្រ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សកម្មភាព​ដឹកជញ្ជូន​តាមផ្លូវ​ទឹករ​បស់​កម្ពុជា មាន​វិសាលភាព​យ៉ាង​ធំធេង ជាពិសេស​ការលើកដាក់​ទំនិញ​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​កំពុងមាន​សកម្មភាព​យ៉ាង​មមាញឹក​ជាមួយនឹង​បទពិសោធន៍ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​របស់​កំពង់ផែ។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាល​ចុង​សប្តាហ៍​កន្លងមកនេះ។

កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​កសាង​ជាតិ​មាតុភូមិ ដោយបាន​រួមចំណែករ​ក្សា​កំណើន​សេដ្ឋកិច្ចជាតិ​ប្រចាំឆ្នាំ​ក្នុង​រង្វង់៧% ប្រកបដោយ​ចីរភាព ជា​កំពង់ផែ​ទឹក​ជ្រៅ​តែមួយ គត់​របស់​កម្ពុជា ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏​សំខាន់បំផុត បាន​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ឱ្យ​ឆ្ពោះទៅមុខ មាន​ទីតាំង​អំណោយផល​ឋិត​នៅក្នុង​តំបន់ឆ្នេរ​សមុទ្រ ខេត្ត​ព្រះសីហនុ ដែលជា​ទីតាំង​ល្អ​បំផុត និង​ធានាបាន​នូវ​ការការពារ​ដ៏​រឹងមាំ​ពី​គ្រោះធម្មជាតិ។ បរិមាណ​ទំនិញ​ឆ្លងកាត់​ឧបករណ៍​លើកដាក់​នៅក្នុង​កំពង់ផែ​នេះ មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ធ្វើឱ្យ​ប្រាក់ចំណូល​របស់​កំពង់ផែ ក៏ដូចជា​ប្រាក់ចំណូល​របស់​ជាតិ​មានការ​កើតឡើង​ជា​លំដាប់។

ស្របពេល​ជាមួយគ្នានេះដែរ បច្ចុប្បន្ន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​រៀបចំ​ការពង្រីក​កំពង់ផែ និង​បង្កើត​ប្រព័ន្ធ​កំពង់ផែ EDI (Electronic Data Interchange) ដែល​នឹង​ជួយ​សម្រួល​ដល់​នីតិវិធី​ផ្លូវ ការ​នៃ​នាវា​ចេញចូល​កំពង់ផែ​កម្ពុជា​ក្នុង​គោលបំណង​ព​ន្លឿ​ន​នីតិវិធី និង​កាត់បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន​ទំនិញ តាមផ្លូវ​សមុទ្រ ការ​ស្តុក​ទំនិញ និង​អាចឆ្លើយតប​ទៅនឹង​កំណើន​វិនិយោគ​ពី​បរទេស ជាពិសេស សំដៅ​ធ្វើ ឱ្យ​កម្ពុជា​ក្លាយជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ​ប្រកបដោយ​ការប្រកួតប្រជែង​នៅ​តំបន់​អាស៊ី ទាក់ទង​នឹង​វិស័យ ភស្តុភា​រកម្ម និង​ការដឹកជញ្ជូន។

ជាងនេះទៅទៀត កម្ពុជា​គ្រោង​នឹង​ពង្រីក​សមត្ថភាព​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បន្ថែមទៀត តាមរយៈ ការកសាង​ចំណត​ផែ​កុងតឺន័រ​ថ្មី​មួយ​ជម្រៅ​ទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែល​នឹង​ធានា​ដល់​ការចូល ចត​នាវា​កុងតឺន័រ​ខ្នាតធំៗ មាន​ចំណុះ​រហូតដល់​ទៅ ៦០.០០០តោន ឬ​ស្មើនឹង៩៣% នៃ​ចំនួន​នាវា​ប្រចាំ តំបន់​អាស៊ី-ប៉ាស៊ីហ្វិក នៅ​ដើមឆ្នាំ២០២៣ ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​បរិមាណ​កុងតឺន័រ ឆ្លងកាត់​កំពង់ផែ​មួយ​នេះ​ក្នុងពេល​បច្ចុប្បន្ន និង​នាពេល​អនាគត។

ក្រសួង​បានកត់សម្គាល់​ផងដែរ​ថា សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកជា​ប្រទេស ដែលមាន​កំណើនសេដ្ឋកិច្ច​រីកចម្រើន​ឆាប់រហ័ស នៅក្នុង​តំបន់​អាស៊ាន៕