គម្រោងលំនៅដ្ឋាននតម្លៃសមរម្យតម្លៃ១០០លានដុល្លារនឹងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំនេះ

ដោយៈ សាវុធ

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននតម្លៃសមរម្យ “ទីក្រុងរណបសិរីមង្គល” ក្រោមទុនវិនិយោគប្រមាណ១០០លានដុល្លាររបស់ក្រុមហ៊ុន Worldbridge Homes Co., Ltd នឹងបញ្ចប់ការសាងសង់គម្រោងទាំងស្រុងនៅចុងឆ្នាំ២០២១នេះ។

លោកយក់ សុធីរិទ្ធប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Worldbridge Home Co., Ltd បានថ្លែងប្រាប់កាសែតអន្តរជាតិមួយកាលពីថ្មីៗនេះថា បើទោះបីមានកម្មករមួយចំនួនមិនអាចមកធ្វើការបាន ដោយសាររស់នៅក្នុងតំបន់បិទខ្ទប់ក៏ដោយ ការដ្ឋាន “ទីក្រុងរណបសិរីមង្គល” នឹងត្រូវបញ្ចប់១០០ភាគរយ នៅក្នុងឆ្នាំ២០២១ នេះ ខណៈការសាងសង់កំពុងមានដំណើរការទៅមុខជាប្រចាំ។

លោកបានថ្លែងថា សកម្មភាពក្នុងការដ្ឋានរបស់យើងនឹងឈានទៅបិទបញ្ចប់ក្នុងពេលឆាប់ៗនេះ ខណៈការលក់នៅពេលនេះសម្រេចបានជាង៩៥ ភាគរយ។ នៅក្នុងអំឡុងពេលបិទខ្ទប់នេះ នៅការដ្ឋានមានកម្មករធ្វើការចន្លោះពី៤០០-៥០០នាក់រៀងរាល់ថ្ងៃ។

លោកបានបន្តថា គិតមកដល់ពេលនេះក្រុមហ៊ុនបានប្រគល់ផ្ទះឱ្យអតិថិជនចំនួន៨២៣ខ្នងរួចមកហើយ ខណៈផ្ទះនៅសល់១.៦៣៤ ខ្នងទៀតនឹងត្រូវប្រគល់ក្នុងឆ្នាំ ២០២១។ លំនៅឋានក្នុងគម្រោងនេះមានតម្លៃចាប់ពី២៥.០០០-៣០.០០០ ដុល្លារ។

“ទីក្រុងរណបសិរីមង្គល” គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននតម្លៃសមរម្យដំបូងគេនៅកម្ពុជា ដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការនាដើមឆ្នាំ២០១៨ លើផ្ទៃដី៤៥ហិកតា ដោយមានខ្នងផ្ទះសរុប២៤៥។ គម្រោងនេះស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ចម្ងាយប្រមាណ១៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ (ស្ពានព្រះមុនីវង្ស)។

Worldbridge Home Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Worldbridge Group ដែលកំពុងអភិវឌ្ឍន៍គម្រោងធំៗនៅក្នុងរាជធានីភ្នំពេញមានដូចជា The Bridge និង The Peak។

យោងតាមក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹមចុងឆ្នាំ២០២០ នៅកម្ពុជាមានគម្រោង អភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យចំនួន៥ ដែលស្មើនឹងបន្ទប់ស្នាក់នៅសរុប៨.៣៣១ ខ្នងផ្ទះ និងចំនួន៧.២៥៦យូនីត។

កាលពីឆ្នាំ២០១៤ កម្ពុជាបានអនុម័តគោលនយោបាយ លំនៅឋានថ្នាក់ជាតិ ដើម្បីជំរុញការអភិវឌ្ឍលំនៅឋានឱ្យបានកាន់តែច្រើនជូនប្រជាពលរដ្ឋ។ យោងតាមគោលនយោបាយនេះ កម្ពុជានឹងត្រូវការផ្ទះបន្ថែមប្រមាណ៥ម៉ឺនខ្នងក្នុង១ឆ្នាំ រហូតដល់ឆ្នាំ ២០៣០៕

គម្រោងផ្លូវថ្មើរជើងក្រោមដី២កន្លែងនៅខេត្តព្រះសីហនុនឹងដាក់ដំណើរការឆាប់ៗខាងមុខនេះ

ដោយៈ ប៊ី

ភ្នំពេញៈ គម្រោងផ្លូវថ្មើរជើងក្រោមដី២កន្លែងនៅខេត្តព្រះសីហនុ សម្រេចការសាងសង់បាន៨៥ភាគរយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែឧសភានេះ ខណៈផ្លូវថ្មើរជើងនេះនឹងបង្កភាពងាយស្រួល ក្នុងការឆ្លងផ្លូវរបស់ប្រជាពលរដ្ឋ បញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។

លោកវង្ស សំអាតអគ្គមេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប និងជាអ្នកដឹកនាំគម្រោងសាងសង់នេះ បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញថា ផ្លូវថ្មើរជើងក្រោមដីជាលើកដំបូងនៅខេត្តព្រះសីហនុនេះ នឹងបញ្ចប់ការសាងសង់នៅចុងខែឧសភានេះ ខណៈតាមផែនការគឺគម្រោងត្រូវបញ្ចប់នៅខែសីហាឯណោះ។ ក្រុមការងារបានខិតខំបំពេញ ការងារយ៉ាងសកម្ម ទើបធ្វើឲ្យគម្រោងសាងសង់លឿនជាងផែនការរហូតដល់២ខែ។

លោកបានបន្តថា ផ្លូវថ្មើរជើងក្រោមដីទំាង២ខ្សែនេះ គឺនៅត្រង់ចំណុច រោងចក្រកាត់ដេរញ៉ូវស្តារ និងក្បែរវិទ្យាល័យឃ្លាំងលើ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សិស្សានុសិស្ស កម្មករ កម្មការិនី បានឆ្លងកាត់ផ្លូវប្រកដោយសុវត្ថិភាព ខណៈទីតំាងនេះមានស្ថានភាពចរាចរណ៍មមាញឹកខ្លំាង ងាយគ្រោះថ្នាក់និងស្ទះចរាចរណ៍ជាញឹកញាប់។

លោកបានថ្លែងទៀត “ផលប្រយោជន៍វាច្រើនសម្រាប់ប្រជាពលរដ្ឋ សម្រាប់សិស្សានុសិស្ស ប្រសិនបើយើងទាំងអស់គ្នារួមចំណែកផ្តល់ផលប្រយោជន៍ឲ្យវា ទទួលយកផលពីវា តែបើសង់ហើយយើងទាំងអស់គ្នាប្រជាជន ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សមិនឲ្យតម្លៃទៅលើវាក៏គ្មានតម្លៃដែរ អ្វីដែលបានធ្វើឡើងគឺស្ថាបត្យករយើងគេបានគិតគូរ គូសវាសរួចអស់ហើយមុននឹងសម្រេចចិត្តចំណាយ ពេលវេលា និងថវិកាសម្រាប់សាងសង់ផ្លូវក្រោមដីនេះ តែអ្វីដែលចង់និយាយនោះខ្លាចក្រែងប្រជាជនមិនទម្លាប់ ដែលធ្វើឲ្យពួកគាត់មិនចាប់អារម្មណ៍ឆ្លងផ្លូវក្រោមដី គិតតែឆ្លងថ្នល់ដោយរត់កាត់ថ្នល់ដដែល ដែលជាបញ្ហាមួយគួរឲ្យព្រួយបារម្ភ”។

លោកបានបញ្ជាក់ថា ថ្មើរជើងក្រោមដីនេះ ក្រៅពីសម្រាប់ដើរហើយនោះ ក៏មានផ្លូវដែលសម្រាប់ឲ្យប្រជាពលរដ្ឋអាចបណ្តើរកង់និងម៉ូតូឆ្លងកាត់បានផងដែរ។ លោកបានបន្តថា ការសាងសង់ផ្លូវថ្មើរជើងក្រោមដី បានផ្តល់ប្រយោជន៍ជាច្រើន ដែលរក្សាបាននូវភាពឆ្លងថ្នល់កុំឲ្យស្ទះចរាចរណ៍ រក្សាបាននូវជីវិតនិងសុវត្ថិភាពរបស់ប្រជាជន និងជាមុខមាត់របស់ប្រទេសជាតិ ដែលជាការអភិវឌ្ឍន៍ខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ។

លោកបានបានបញ្ជាក់ថា អ្វីដែល មិនទាន់រួចរាល់នោះគឺការបំពាក់គ្រឿងលម្អ ការលាបថ្នាំ បំពាក់ប្រព័ន្ធម៉ូទ័រអូតូសម្រាប់បូមទឹកខ្លាំងនិងម៉ូទ័រសម្រាប់បូមទឹកខ្សោយ កង្ហារសម្រាប់ស្រូបខ្យល់អាកាសដែលមិនល្អចេញនិងខ្យល់ល្អចូល ភ្លើងបំភ្លឺនិងបង្កាន់ដៃ ជាដើម។

គម្រោងសាងសង់ផ្លូវថ្មើរជើងក្រោមដីនេះ បានចាប់ផ្តើមការសាងសង់កាលពីដើមខែវិច្ឆិកា ។ ផ្លូវនេះមានប្រវែង២៩ម៉ែត្រ ទទឹង ៧ម៉ែត្រ និងកម្ពស់ប្រហែលជាង៣ម៉ែត្រ ដែលមានជណ្តើរឡើង មានប្រព័ន្ធបូមទឹកចេញ មានកង្ហារសម្រាប់បញ្ជូនខ្យល់ចូលនិងមានប្រព័ន្ធភ្លើងបំភ្លឺផងដែរ៕

លោក​ឧកញ៉ា​គីម ហ៊ាង​បង្ហាញ​យុទ្ធសាស្ត្រ​ពី​ភ្នាក់ងារ​អចលនទ្រព្យ​ទៅជា​អ្នក​អភិវឌ្ឍន៍​បុរី

ដោយៈ​លក្ខិណា

ភ្នំពេញៈ បើ​និយាយ​ពី​ឈ្មោះ​លោក​ឧកញ៉ា​គីម ហ៊ាង អ្នក​នៅក្នុង​វិស័យ​អចលនទ្រព្យ ប្រាកដជា​បាន​ស្គាល់​គ្រប់គ្នា ដោយសារ​លោក​ឧកញ៉ា​ធ្លាប់ ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនទ្រព្យ និង​ជា​អ្នក​ប្រកប​អាជីព​លើ​វិស័យ​ដីធ្លី និង​អចលនទ្រព្យ​ជិត២០ឆ្នាំ​មកហើយ។

មុនដំបូង​លោក​គ្រាន់តែ​អ្នក​គួ​ក​ជេ​ដីធ្លី​ម្នាក់​ប៉ុណ្ណោះ តែ​មកដល់​បច្ចុប្បន្ន​លោក​គឺជា​អ្នកវិនិយោគ​លើ​បុរី​មួយកន្លែង ក្នុងស្រុក​កៀនស្វាយ​ខេត្តកណ្ដាល។

តើ​លោក​ឧកញ៉ា​មាន​យុទ្ធសាស្ត្រ និង​អភិវឌ្ឍន៍​ខ្លួន​ដោយ​របៀប​ណា ក្នុង​វិស័យ​អចលនទ្រព្យ?។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍ប្រាប់​គេហទំព័រ Propertyarea.asia ដឹង​ក្នុង​កិច្ចសម្ភាសន៍​ពិសេស​ដឹង​កាលពី​ថ្ងៃទី១៣ ឧសភា​កន្លងមក​ថា កាលពី១៥ឬ១៦ឆ្នាំមុន​លោក​គឺជា​អ្ន​គួ​ក​ជេ នាំ​ភ្ញៀវ​ជួល​អចលនទ្រព្យ ហើយ​អំឡុង​កាលនោះ​សំបូរ​ជនបរទេស​ជា​អ្នក​ជួល​អចលនទ្រព្យ ជាពិសេស​មកពី​ខាង​អឺរ៉ុប។

រហូតមកដល់​ឆ្នាំ២០០៨ លោក​បាន​អភិវឌ្ឍន៍​ខ្លួន​មួយកម្រិត​ទៀត គឺជា​អ្នកវាយតម្លៃ​ដីធ្លី និង​អចលនទ្រព្យ និង​នៅតែ​បន្ត​ទិញ​លក់​ជួល​អចលនទ្រព្យ​ដដែល។

លោក​បណ្ឌិត​គីម ហ៊ាង ប្រធាន KW Cambodia និង​ជា​អ្នក​អភិវឌ្ឍន៍​បុរី KS Residents បាន​បន្តថា នៅពេលដែល​លោក​បាន​កម្រៃជើងសារ ពី​ការងារ​ទាំងនោះ លោក​ក៏បាន​បែកគំនិត​ទិញ​ដី​ទុក ហើយ​ការងារ​ទិញ​លក់​ដីឡូត៍​នោះ លោក​ចេះ​តាំងពី​ឆ្នាំ២០០៤ ឬ២០០៥ម្ល៉េះ ដូច្នេះ​ការងារ​របស់លោក​គឺ​ទិញ​លក់​ខ្លួនឯង​ផង ជួយ​ទិញ​លក់​ឱ្យ​ភ្ញៀវ​និង​ជួល​អចលនទ្រព្យ​ផងដែរ។

រហូតមកដល់​ឆ្នាំ ២០១៨ លោក​សម្រេច​ទិញ​ដី បាន​ប្រមាណ​ជាង៣ហិច​តា​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល សម្រាប់​សម្រាកលំហែ​ក្រុមគ្រួសារ តែ​ចូលដល់​ឆ្នាំ២០១៩ គឺ​មួយ​ឆ្នាំក្រោយ​បន្ទាប់ពី​ទិញ តំបន់​នោះ​ក៏មាន​សក្ដានុពល ក្នុងការ​អភិវឌ្ឍ​ជា​លំនៅឋាន ហើយ ក៏បាន​ទិញ​បន្ថែមទៀត​សរុប​ជាង៦ហិច​តា សម្រាប់​សង់​ជា​បុរី​ដែលមាន​ឈ្មោះថា KS Resident ។

លោក​បន្ថែមថា គម្រោង​អភិវឌ្ឍន៍​គម្រោង​បុរី KS Resident មានផ្ទះ​សរុប​ប្រមាណ​ជាង៣០០ផ្ទះ សម្រាប់​លក់​ជូន​ប្រជាពលរដ្ឋ ដែលមាន​តម្រូវការ​លំនៅឋាន និង​ផ្ដោតលើ​អ្នក​ដែលមាន​ស្រុកកំណើត​ព្រៃវែង ស្វាយរៀង និង​ខេត្តកណ្ដាល ព្រោះ​ពួកគេ​អាចធ្វើ​ការ​នៅ​ភ្នំពេញ ហើយ​មក​សម្រាក​នៅក្នុង​បុរី​នៅពេល​ចេញពី​ធ្វើការ និង​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​ទៀតផង​ដែរ ។

លោក​ថា “ទីបំផុត​អ្នក​ដែល​ទិញ​ផ្ទះ​ក្នុង​បុរី របស់​យើង​គឺ​អត់​មាន​អ្នកណា​មកពី​ឆ្ងាយ​គឺ​អ្នក​ស្រុកភូមិ ឬ​អ្នក​នៅ​តំបន់​ជុំវិញ​នោះ ហើយ​យើង​ក៏​ផ្ដល់ជូន​តម្លៃ​សមរម្យ ជូ​អតិថិជន​របស់​យើង​ផងដែរ” ។

លោក​ឧកញ៉ា​បញ្ជាក់ថា ការអភិវឌ្ឍ​គម្រោង​បុរី KS Resident គឺ​បណ្ដា​លពី​ការជំរុញ​លើកទឹកចិត្ត​ពី​បុគ្គ​លិ ក​និង​ក្រុមការងារ និង​មាន​ផ្នត់គំនិត​មួយ​ថា យើង​ជា​អ្នកលក់​បុរី លក់​ខុន​ដូ និង​លក់​ដីធ្លី​ឱ្យគេ​បាន ចុះ​ហេតុ​អ្វីដែល​យើង​មិនអាច​អភិវឌ្ឍន៍ និង​លក់​របស់​ខ្លួនឯង​ទៅ​ភ្ញៀវ ឬ​អតិថិជន​ខ្លួន​ដែរ​ទៅ? ខណៈដែល​ខ្លួន​មាន​បុគ្គលិក និង​ភ្នាក់ងារ​អចលនទ្រព្យ​ខ្លួនឯង​ស្រាប់ ។

ទីបំផុត​លោក​ក៏​សម្រេច​អភិវឌ្ឍន៍​គម្រោង​បុរី​នេះ​ឡើង ដែលជា​គម្រោង​ដំបូង​របស់លោក​ផងដែរ៕

ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing ទទួលបាន​ការអនុម័ត​ពី​រដ្ឋបាល​អាកាសចរណ៍សហព័ន្ធ FAA ឱ្យ​ដោះស្រាយ​វិបត្តិ

ដោយៈ​សុខុម

អាមេរិក:  ក្រុមហ៊ុន​ផលិត​យន្តហោះ​យក្ស Boeing Co  បានប្រកាសថា កាលពី​ថ្ងៃ​ពុធ ទី១២ ឧសភា​ថា ខ្លួន​បានទទួល​ការអនុម័ត ពី​ក្រុម​និយ័ត​ករ​សហរដ្ឋអាមេរិក​ឱ្យ​ដោះស្រាយ​បញ្ហា​អគ្គិសនី ពេល​ចុះចត ដែល​បានធ្វើឱ្យ​ប៉ះពាល់​ដល់​យន្ត​ហោះ​ធុន 737 MAX ប្រមាណ១០០គ្រឿង។

យោងតាម​សារព័ត៌មាន Reuters ចុះផ្សាយ​កាលពី​ថ្ងៃទី១៣ ឧសភា ឱ្យដឹងថា ការអនុម័ត​នេះ ជា​ជំហាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ឱ្យ​យន្តហោះ 737 MAX ទាំងនោះ​ចូល​បម្រើសេវា ដឹក​អ្នកដំណើរ​ឡើងវិញ​ក្នុងពេលឆាប់ៗ បន្ទាប់ពី​ការហោះហើរ​ត្រូវបាន​ពន្យារពេល​កាលពីដើម​ខែមេសា។

មន្ត្រី​មួយរូប​មកពី​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ (FAA) បញ្ជាក់ថា ស្ថាប័ន FAA ពិតជា​បានអនុម័ត​លើ​សេចក្ដីជូនដំណឹង និង​ចេញ​សេចក្ដីណែនាំ​ប្រាកដ​មែន ជុំវិញ​ករណីនេះ។ ក្រុមហ៊ុន​ផលិត​យន្តហោះ​យក្ស​របស់​សហរដ្ឋអាមេរិក Boeing បាន​ផ្ញើ​សេចក្ដីជូនដំណឹង​ចំនួន២ ទៅ​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍ កាលពី​ថ្ងៃ​ពុធ ទី១២ ខែឧសភា អំ​ពីលើ​ការពិនិត្យ​ជួសជុល​បញ្ហា​អគ្គិសនី​នេះ។

ក្រុមហ៊ុន Boeing បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា “បន្ទាប់ពី​ទទួលបាន​ការអនុម័ត​ចុង​ក្រោយពី​ស្ថាប័ន FAA យើង​ក៏បាន​ចេញ​សេចក្ដីជូនដំណឹង អំពី​ការពិនិត្យ​ជួសជុល​យន្តហោះ ដែលមាន​បញ្ហា​ពាក់ព័ន្ធ។ យើង​ក៏​កំពុង​ប្រឹងប្រែង​បង្ហើយ​ការងារ​របស់​យើង​ផងដែរ ខណៈ​យើង​ត្រៀម​បន្ត​ដំណើរការ​សេវា​ដឹកជញ្ជូន​ឡើងវិញ” ។

ការប្រកាស​នេះ​ជា​ដំណឹង​ដ៏​ល្អ គួរឱ្យ​អបអរសាទរ សម្រាប់​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​សហរដ្ឋអាមេរិក ដែល​បាននិងកំពុង​ទន្ទឹងរ​ង់​ចាំ​យ៉ាង​អន្ទះសារ ដើម្បី​ដាក់​យន្តហោះ​របស់ខ្លួន ឱ្យ​ដំណើរ​ការដឹក​អ្នកដំណើរ​ឡើងវិញ ឱ្យបាន​មុន​ចុងខែ​ឧសភា ព្រោះ​វា​ជា​រដូវ​កាល ដែល​តម្រូវការ​ធ្វើដំណើ​រ​កើនឡើង​ខ្លាំង។

ក្រុមហ៊ុន​អាកាសចរណ៍​កំពូល​ទាំង៣ របស់​សហរដ្ឋអាមេរិក ដែល​ដំណើរការ​យន្តហោះ​ធុន 737 MAX រួមមាន​ក្រុមហ៊ុន Southwest Airlines ក្រុមហ៊ុន American Airlines និង​ក្រុមហ៊ុន United Airlines បាន​ដក​យន្តហោះ៦០គ្រឿង ចេញពី​ប្រតិបត្តិ​ការហោះហើរ​របស់​ខ្លួន បន្ទាប់ពី​ទទួលបាន​ការជូនដំណឹង​នេះ ពី​ក្រុមហ៊ុន Boeing ។ ទោះជា​យ៉ាងណា ក្រុមហ៊ុន​ទាំងនេះ​មិនបាន​ឆ្លើយបំភ្លឺ​ទេ​ជុំវិញ​បញ្ហា​នេះ៕

ស្ថាប័ន IFC ត្រៀម​បញ្ចេញ​ឥណទាន៤០លាន​ដុល្លារ​ដល់​ធនាគារ​ហត្ថា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដែលជា​សមាជិក​របស់​ធនាគារពិភពលោក ត្រៀម​ផ្តល់​កម្ចី៤០លាន​ដុល្លារ​អាមេរិក​ឱ្យ​ធនាគារ​ហត្ថា ដែល​ធនាគារ​នាំមុខគេ​មួយ​នៅ​កម្ពុជា ដើម្បី​ជំរុញ​ដល់​ការអភិវឌ្ឍន៍​សហគ្រាស​ធន​តូច និង​មធ្យម​នៅ​កម្ពុជា។

លោក​ឧកញ៉ា​ហួត អៀង​តុង​ ប្រធាន​អគ្គនាយក​ធនាគារ​ហត្ថា បាន​ថ្លែងប្រាប់​នៅ​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ​ថា ធនាគារ​ហត្ថា​បាន​ជជែក​គ្នា​ជាមួយ IFC ដើម្បី​ស្នើសុំ​ឥណទាន ហើយ IFC ក៏បាន​ឯកភាព​ជាគោលការណ៍​ដែរ ក្នុងការ​ផ្តល់​កម្ចី៤០លាន​ដុល្លារ​នេះ។

លោក​ឧកញ៉ា​បាន​ថ្លែងថា “កម្ចី៤០លាន​ដុល្លារ​នេះ​យើង​ហៅថា​ជា អនុ​បំណុល (Sub-Debt) ដែល​ដើមទុន​ប្រភេទ​ទី២ របស់​យើង ដែល​យើង​អាចមក​ប្រើប្រាស់​សម្រាប់​គ​ណ​នា​ជាដើម​ទុន” ។ លោក​បានឱ្យដឹងថា “យើង​រំពឹងថា​នឹង​ទទួលបាន​ឥណទាន​នេះ​ក្នុង​ត្រីមាស​ទី២ ឬ​ដើម​ត្រីមាស​ទី៣” ។

លោក​ឧកញ៉ា​ហួត អៀង​តុង​បាន​ថ្លែងបន្តថា កម្ចី៤០លាន​ដុល្លារ​នេះ​យើង​យកមក ដើម្បី​បម្រើ ដល់​ការបញ្ចេញ​ទុន​ឥណទាន​របស់​យើង ទៅឱ្យ​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ឱ្យ​ពួកគាត់​មាន​ដើមទុន​គ្រប់គ្រាន់ នៅក្នុង​ការវិនិយោគ​លើ​ជំនួញ​របស់​ពួកគាត់​ជា​បន្ត។

លោក​ឧកញ៉ា​បានឱ្យដឹង​ទៀតថា ឥណទាន​នេះ​យើង​ទើបតែ​ជជែក​គ្នា ហើយ IFC នឹង​ចាប់ផ្តើម​ធ្វើការ​សិក្សា និង​ផ្តល់​ឥណទាន​មកឱ្យ​យើង។ ធនាគារ​ហត្ថា មាន​សមត្ថភាព និង​គុណវុឌ្ឍិ​គ្រប់គ្រាន់ ក្នុងការ​ទទួលបាន​ឥណទាន​ពី IFC។ IFC គឺ​ស្ថាប័ន​អន្តរ​ជាមួយ ដែលមាន​លក្ខខណ្ឌ​ច្រើន ជាពិសេស​លក្ខខណ្ឌ ដែល​សមស្រប​ទៅនឹង​អភិបាលកិច្ច​សាជីវកម្ម (Corporate Governance) ដូច្នេះ​ទាល់តែ​យើង​មានគុណ​វុឌ្ឍិ​ល្អ ក្នុងការ​ធ្វើឱ្យ​IFC ធ្វើការ​ផ្តល់​កម្ចី​មកឱ្យ​យើង។

គិត​ត្រឹម​ដំណាច់ឆ្នាំ ២០២០ ធនាគារ ហត្ថា មាន​ការិយាល័យ​សរុប​ចំនួន១៧៧ និង​បណ្តាញ​អេ​ធី​អឹម​ចំនួន១៣៧ នៅ​ទូទាំងប្រទេស។ លើសពីនេះ អតិថិជន​បានមក​បើក​គណនី​ជាមួយ​ធនាគារ​ហត្ថា គឺ​ជិត៥០ម៉ឺន​គណនី ដោយ​ក្នុងនេះ គណនី​បញ្ញើ​សន្សំ​មាន​ជិត ៣០ម៉ឺន​គណនី និង​គណនី​ឥណទាន​ជិត ២០ម៉ឺន​គណនី។

ជាមួយគ្នានេះដែរ សំពាធ​ឥណទាន​របស់​ធនាគារ​នេះ បាន​កើន​ឡើងដល់​ជាង១ ៣០០ លាន​ដុល្លារ​អាមេរិក ស្មើនឹង​កំណើន​ប្រមាណ២៦% បើ​ធៀប​នឹង​ឆ្នាំ២០១៩ និង​ចំណែក​សំពាធ​ប្រាក់​បញ្ញើ​សន្សំ បាន​កើន​ឡើងដល់​ជិត៨០០លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន​ប្រមាណ​ជាង៣២% បើ​ធៀប​នឹង​ឆ្នាំ២០១៩។ ចំណែក​អតិថិជន ដែល​បាន​ចុះឈ្មោះ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​ចល័ត បាន​កើនឡើង​រហូតដល់១០៥% គឺ​កើនឡើង​ពី​ជាង៨០០០នាក់ ទៅដល់​ជាង១៦,០០០នាក់ បន្ទាប់ពី​ស្ថាប័ន​នេះ បានដាក់​ឲ្យ​ប្រើប្រាស់ សេវា​ធនាគារ​ចល័ត ដែល​ទើប​បានធ្វើ​ទំនើបកម្ម​រួចរាល់​កាលពី​ចុងឆ្នាំ២០២០៕

ផ្នែកធំៗចំនួន៣នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បង្ហាញ​ការ​រើប​ឡើងវិញ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ការទិញ​លក់​អចលនទ្រព្យ ពិសេស​ដីធ្លី លំនៅដ្ឋាន និង​ខុន​ដូ​ចាប់ផ្តើម​មាន​សកម្មភាព​ឡើងវិញ​ជាបណ្តើរៗ ដែល​បង្ហាញ​ពី​សញ្ញា​កម្រើក​វិញ នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

ស្ថានភាព​កំពុង​ងើប​ទៅរក​ភាពល្អប្រសើរបណ្តើរៗវិញ​នេះ បាន​កើតឡើង​បន្ទាប់ពី រដ្ឋាភិបាល​បានបញ្ចប់​ការបិទ​ខ្ទប់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល​ហើយ ចាប់ពី​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ និង​បន្ធូរបន្ថយ​ការធ្វើដំណើរ​របស់​ប្រជាជន។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា បាន​ថ្លែងប្រាប់​ក្នុង​សប្តាហ៍​នេះ​ថា វិនិយោគិន​ក្នុង​វិស័យ​អចលនទ្រព្យ ចាប់ផ្តើម​ពិចារណា និង​សិក្សា​ឡើងវិញបណ្តើរៗ និង​ទទួលយក​ព័ត៌មាន ដែល​យើង​ផ្តល់ឱ្យ​ពួកគាត់ ហើយ​យើង​ក៏​ចាប់​ផ្តើមធ្វើ​បច្ចុប្បន្ន​មួយចំនួន​ជូន​វិនិយោគិន​មួយចំនួន។

លោក​បាន​ថ្លែងថា “វិនិយោគិន​ភាគច្រើន សម្លឹងមើល​លើ​វិស័យ​ដីធ្លី និង​ផ្ទះ (លំនៅដ្ឋាន) បន្ទាប់ពី​រដ្ឋាភិបាល​ចាប់ផ្តើម​បន្ធូរបន្ថយ ការធ្វើដំណើរ​របស់​ប្រជាជន” ។ លោក​បាន​លើកឡើងថា “នេះ​ជាស​ញ្ញា​មួយ​ល្អ​សម្រាប់​វិស័យ​អចលនទ្រព្យ ដែល​អ្នកវិនិយោគ​បង្កើន​សកម្មភាព​ទិញ​លក់ និង​វិនិយោគ​ឡើងវិញ បន្ទាប់​មាន​ភាពស្ងប់ស្ងាត់ មួយរយៈ​ពេល​ខ្លី” ។

បន្ទាប់ពី​ធ្វើ​បច្ចុប្បន្នភាព​ទីផ្សារ​អ​លន​ទ្រព្យ តម្លៃ​អចលនទ្រព្យ​មិនសូវមាន​សម្រាប់​អតិថិជន ហើយ​តម្លៃ​អចលនទ្រព្យ​រក្សា​ភាព​ថ្លៃ និង​នៅ​ទ្រឹង​ដដែល។

ទាក់ទង​នឹង​វិស័យ​ខុន​ដូ អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ ERA Cambodia លោក​ខន គង្គា មានប្រសាសន៍ថា បន្ទាប់​ការបញ្ចប់​ការបិទ​ខ្ទប់ ការទិញ​លក់​ខុន​ដូ​ចាប់ផ្តើម​មាន​សកម្មភាព​ឡើងវិញ​ជាបណ្តើរៗហើយ។

លោក​បាន​ថ្លែងថា “បើទោះបី​អំឡុង​ការបិទ​ខ្ទប់​ភូម​សាស្ត្រ​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៅតែមាន​អ្នកទិញ ឬ​វិនិយោគិនមួយៗ ធ្វើការ​កក់​តាម​អន​ឡាញ ប៉ុន្តែ​ល្បឿន​នៃ​ការ​កក់​ឬ​ទិញ​មិនលឿន​ដូច​ការបើកចំហរ​នោះទេ” ។ លោក​ថ្លែងបន្តថា “បន្ទាប់​ការបញ្ចប់​ការបិទ​ខ្ទប់ ភ្ញៀវ​ខ្ញុំ​ផ្ទាល់​តែម្តង​ចាប់ផ្តើម​ចេញមក​ចុះ​កុងត្រា និង​បន្ត​កក់​ជា​បណ្តើរ” ។

លោក​បាន​បន្តថា អ្នក​ដែលមាន​ធនធាន​ល្អ ឬ​លំហូរ​សាច់ប្រាក់​វិជ្ជមាន​គួរ​វិនិយោគ​លើ​ខុន​ដូ​នាពេលនេះ គឺ​ពេល​ល្អ​សម្រាប់​វិនិយោគ​លើ​ខុន​ដូ។

លោក​គង្គា​បាន​បញ្ជាក់ថា “វា​មិនមាន​ឱកាស​ណា​ល្អ​ជាង​ពេលនេះ​ទេ ដោយសារតែ​អំឡុងពេល​កូ​វីដ១៩ តម្លៃ​ខុន​ដូ​នៅតែ​រក្សា​តម្លៃ​ដើម ដោយ​មិន​ការឡើង​ថ្លៃ និង​ការបង់ប្រាក់​ក៏មាន​ការបត់បែន ហើយ​នាពេល​តម្លៃ​ខុន​ដូ​ឡើងថ្លៃ ក្រោយ​កូ​វីដ១៩ ដែល​នឹង​ផ្តល់​ផលចំណេញ​ដល់​អ្នកវិនិយោគ” ។

លោក​ចេ សុន (លោក​ដង្ខៅ ) ជា​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​មួយរូប​បានឱ្យដឹងថា ចាប់តាំងពី​មាន​ការរីក​រាលដាល​នៃ​កូ​វីដ១៩ ក្នុង​ឆ្នាំ២០២១ និង​ឈានដល់​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​មក សកម្មភាព​ពុះ​ដី​ឡូ​ត៏ និង​ការលក់​មិនសូវមាន​ដូច​ពីមុន​ឡើយ និង​មាន​ភាពស្ងប់ស្ងាត់។

លោក​បាន​ថ្លែងបន្តថា “ក្រោយពេល​រដ្ឋាភិបាល ប្រកាស​បើក​ដំណើរការ​ឡើងវិញ​មាន​ប្រជាពលរដ្ឋ​ជាច្រើន ក៏បាន​ចាប់ផ្ដើម​ស្វែងរក​ដីធ្លី សម្រាប់​ទុក​សង់ផ្ទះ​ឬ​ទិញ​ទុក​លក់​ចំណេញ​នៅ​អនាគត​ឡើងវិញ ដែល​ធ្វើឱ្យ​សកម្មភាព​នៃ​ការ​ពុះ​ដី​ឡូ​ត៏ និង​ការទិញ​លក់​ចាប់ផ្ដើម​កម្រើក​ជាង​កាលពីមុន​បន្តិច” ។

លោក​ចេ សុន​បាន​ឱ្យដឹងទៀតថា កាលពីពេល​បិទ​ខ្ទប់​អ្នក​ដែល​ទិញ​ដីឡូត៍ ភាគច្រើន​ជា​ពលករ​ចំណាកស្រុក នៅក្រៅ​ប្រទេស​ដូចជា​នៅ​កូរ៉េ នៅ​ថៃ​ជាដើម ហើយ​គេ​ទិញ​ដោយ​កក់​លុយ​តាម​ធនាគារ ឬ​តាម​វី​ង​តាម​ភ្នាក់ងារ​វេរ​លុយ​ជាដើម។ ប៉ុន្តែ​ពេល​បញ្ចប់​ការបិទ​ខ្ទប់ ពលរដ្ឋ​នៅក្នុង​ស្រុក ដូចជា នៅ​រាជធានី​ភ្នំពេញ​ក៏​ចាប់ផ្ដើម​ធ្វើដំណើរ និង​ទៅ​មើល​ទីតាំង​គម្រោង​អភិវឌ្ឍន៍​ធ្វើឱ្យ​សកម្មភាព​នៃ​ការ​ពុះ និង​លក់​ដី​ងើប​បន្តិច​ឡើងវិញ យ៉ាងណាក៏ដោយ​ក៏ វា​មិន​ដូចនឹង​មុ​ពេល​មាន​វិបត្តិ នៃ​ព្រឹត្តិការណ២០កុម្ភៈ ២០២១នោះដែរ។

លោក​បន្ថែមថា បើ​និយាយ​ជាទូទៅ​អ្នក​អភិវឌ្ឍន៍​ដ៏​ឡូត៍​មួយចំនួនធំ បាន​បាត់​មុខ​បាត់មាត់ ដោយ​មិនឃើញ​ចុះមក​អភិវឌ្ឍ​គគ្រឹកគគ្រេង ដូច​មុន​ទៀតឡើយ តែមាន​មួយចំនួន​តូច​នៅ​ត​បន្តសកម្មភាព​របស់​ខ្លួន ទោះបី​ជាមាន​ភ្ញៀវ​មក​ទិញ​តិចតួច​ជាង​មុន​ក្ដី៕

ចំណេះដឹង​ថ្មីៈ​តើ​អ្វី​ទៅជា​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន?រឿងរ៉ាវ​ដែល​អ្នកទិញ​ខុន​ដូ​ត្រូវ​ដឹង

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ឯកជន ជា​ផ្នែក​ថ្មី​មួយ​នៃ​និតិ​វិធី ដែលមាន​ចែក​ក្នុង​ច្បាប់​ស្តីពី “សហកម្មសិទ្ធិ” ដែល​រដ្ឋាភិបាល​បានអនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ២០១០ ។

ដោយសារ​កម្ពុជា​បានរៀបចំ​និង​អនុម័ត​ច្បាប់​នេះ ទើប​ការវិនិយោគ​ខុន​ដូ​បាន​រីកចម្រើន​យ៉ាង​លឿន​នៅ​កម្ពុជា ដោយសារ​ច្បាប់​ស្តីពី​អចលនទ្រព្យ​សហកម្ម​សិ​ទ្ឋ បាន​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស​អាចមាន​សិ​ទ្ឋ​គ្រប់គ្រង និង​ទិញ​ផ្ទះ​ចាប់ពី​ជាន់​ទី១ឡើង។

ទាក់ទង​នឹង​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ក​ជន ជាការ​សំដៅ​ដល់​អ្នកទិញ​យូ​នី​ត ឬ​បន្ទប់ នៃ​អគារ​សហកម្មសិទ្ធិនីមួយៗ នឹងត្រូវ​បាន​អ្នក​អភិវឌ្ឍ ឬ​ម្ចាស់​អគារ​ផ្តល់អោយ នូវ​វិ​ញ្ញាប​ន​ប័ត​សម្គាល់​ម្ចាស់​ចំណែក​ឯកជន ដើម្បី​សម្គាល់ថា អ្នកទិញ​នោះ គឺជា​កម្មសិទ្ធិករ​ស្របច្បាប់ នៃ​បន្ទប់ ឬ​យូ​នី​ត​ដែល​ខ្លួន​បាន​ទិញ​នោះ (សូម​មើល​គំរូ វិ​ញ្ញាប​ន​ប័ត​សម្គាល់​ម្ចាស់​ចំណែក​ឯកជន ខាង ក្រោម​នេះ )។

វិ​ញ្ញាប​ន​ប័ត្រ​នេះ គឺជា​ប្លង់រឹង​ស្របច្បាប់​ដែល​បញ្ជាក់ថា អ្នកទិញ​គឺជា​កម្មសិទ្ធិករ ស្របច្បាប់ នៃ​ចំណែក​ឯកជន ក្នុង​អគារ​សហកម្មសិទ្ធិ ដែល​ខ្លួន​បាន​ទិញ​ពី​ម្ចាស់​គម្រោង ជា​រៀងរហូត មិនមែនជា​កម្មសិទ្ធិ៩៩ឆ្នាំ ៧០ឆ្នាំ ឬ៥០ឆ្នាំ ដូច​អ្នកខ្លះ​បានគិត ឬ​លើកឡើង​នោះឡើយ។

មានន័យថា បើ​លោក-អ្នក​បាន​ទិញ​ខុន​ដូ (អគារ​សហកម្មសិទ្ធិ)ណាមួយ អ្នកលក់ ឬ​ម្ចាស់​គម្រោង​នៃ​អគារ​សហកម្មសិទ្ធិ​នោះ ត្រូវតែ​ចេញ​វិ​ញ្ញាប​ន​ប័ត្រ សម្គាល់​ម្ចាស់​ចំណែក​ឯកជន​ជូន​លោក-អ្នក ជាដាច់ខាត។ បើ​គេ​មិន​ចេញ​អោយ ឬ​ផ្តល់អោយ​មានន័យថា អគារ​សហកម្មសិទ្ធិ​នោះ​មាន​បញ្ហា​ផ្លូវច្បាប់ ដែល​អ្នកទិញ​គ្រប់រូប​មិនគួរ​ទិញ គម្រោង​នោះទេ៕

ដំណឹង​ល្អៈ​រដ្ឋាភិបាល​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ជិត២លាន​នាក់​ហើយ

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ តាមរយៈ​ការណែនាំ និង​ចង្អុលបង្ហាញ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​បា​នព​ន្លឿ​ន​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ។

ជាល​ទ្ឋ​ផល​រហូតមកទល់​យប់​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ១៩ ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំងប្រទេស​សរុប​ចំនួន១,៩៩៦,៧៧៥នាក់។

របាយការណ៍​នេះ ជាល​ទ្ឋ​ផល​ផ្លូវការ​ពី​ក្រសួងសុខាភិបាល ដែល​បាននិងកំពុង​ធ្វើកា​រយ៉ា​ង​សកម្ម នៅក្នុង​យុ​ទ្ឋ​នា​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ នៅ​កម្ពុជា៕

តើផែនការមេនៃការអភិវឌ្ឍនៅទីក្រុង ING CITY នាភាគខាងត្បូងរាជធានី ភ្នំពេញផ្តោតលើអ្វីខ្លះ?

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ មានការអភិវឌ្ឍយ៉ាងឆាប់រហ័សស្ទើរមិមគួរឲ្យជឿ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតំបន់នេះមានផែន​ការអភិវឌ្ឍន៍ច្បាស់លាស់។

យោងតាមផែនការមេរបស់ក្រុមហ៊ុនING Holding ដែលPropertyarea.asiaទទួលបានកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ទីក្រុងរណបING CITYគ្របដណ្តប់លើផ្ទៃដីជាង២០០០ហិកតា ដែលមានវិសាលភាពដ៏ធំមួយ និងជា​ទីក្រុងរណបធំជាងគេនៅរាជធានីភ្នំពេញ។

គំរោងសំខាន់ៗដែលត្រូវអភិវឌ្ឍនៅតំបន់នេះ រួមមាន ទី១ ក្រុមហ៊ុនរៀបចំការអភិវឌ្ឍន៍តំបន់នេះ ជាតំបន់មានការអភិវឌ្ឍបែបបៃតង និងគោរពតាមគោលការណ៍បរិស្ថាន។ ទី២ ក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះ ជាមជ្ឈមណ្ឌលលំនៅដ្ឋានស៊ីវិល័យ និងបែបសហកម្មសិទ្ឋ ទី៣ ប្រែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលបច្ចុប្បន្នមានផ្សារទំនើបធំៗ​ចចំនួន៣រួចទៅហើយ បាននិងកំពុងសាងសង់នៅតំបន់នេះ ដូចជា EAON Mall3, Peng Huorth Diamond , Chip Mong Mall ។

ទី៤ ក្រុមហ៊ុនក៏មានបំណងរៀបចំតំបន់នេះ ជាស្ថានីយ៍ចំណតយានយន្តលំដាប់អន្តរជាតិ ទី៥ រៀបចំជាសហគមន៍សម្រាប់និវត្តន៍ជនជាតិចិន និងទី៦ មជ្ឈមណ្ឌលកីឡា ការកំសាន្តជាដើម។

ជាមួយនឹងទស្សនវិស័យចំពោះមុខ និងរៀបចំតំបន់ដែលទើបអភិវឌ្ឍន៍ថ្មីនេះ សា​លារាជធានីភ្នំពេញ រួមជាមួយសាលាក្រុងប៉ារីសដើម្បីសិក្សារួមគ្នាពីការអភិវឌ្ឍ និងដោះ​ស្រាយ​បញ្ហាប្រឈមចំពោះមុខ ទាក់ទងនឹងការកើនឡើងនូវយានយន្ត ការបំពុលទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីធ្វើយ៉ាងណាឲ្យតំបន់នេះសមស្របជាតំបន់ដែល​មានភាពបៃតង និងត្រៀមរៀបចំនគរូបនីយកម្មឲ្យមានភាពល្អប្រសើរ និងអាចឆ្លើយតបនឹងកំនើនប្រជាសាស្រ្តនៅតំបន់នេះ។

អតីតវីរស្ថាត្យករកម្ពុជា លោកបណ្ឌិតវណ្ណ ម៉ូលីវណ្ណធ្លាប់បានផ្តល់អនុសាសន៍ឲ្យអភិវឌ្ឍន៍រាជធានីភ្នំពេញឆ្ពោះទៅកាន់ភាគខាងត្បូង ដោយសារតំបន់ភាគខាងត្បូងមាន​ដីទំនេរច្រើន មានសណ្ឋានដីខ្ពស់មិនប្រឈមនឹងការលិចទឹក និងងាយស្រួលរៀបចំហេដ្ឋា​រចនាសម័​ន្ឋនានា ដោយសារជាតំបន់មានការអភិវឌ្ឍថ្មី៕

តើឯកអគ្គរដ្ឋទូតអាមេរិក លើកឡើងពីឱកាសនិងបញ្ហាប្រឈមអ្វីខ្លះសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២

ដោយៈ ម៉ាណេត

ភ្នំពេញៈ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ប្រទេសកម្ពុជាមានឱកាសជំរុញកិច្ចពិភាក្សា ប្រកបដោយអត្ថន័យ លើបញ្ហាជាគន្លឹះសម្រាប់អាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោកបានសរសេររៀបរាប់ថា ក្នុងខែតុលា កាលពី៣០ឆ្នាំមុន ការចុះហត្ថលេខាជាប្រវត្តិសាស្រ្ត លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បាននាំមកនូវការបញ្ចប់រយៈពេលរាប់ទសវត្សរ៍នៃវិវាទនៅកម្ពុជា។ ក្រៅពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដែលស្ថិតក្នុងចំណោមប្រទេសជាសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខទាំង៥ប្រទេសរបស់អង្គការសហប្រជាជាតិ ប្រទេសហត្ថលេខីដទៃទៀត រួមមាន ប្រទេសទាំង៦ ដែលជាសមាជិកនៃសមាគមអាស៊ាន នៅពេលនោះអនាគតប្រទេសសមាជិក សមាគមអាស៊ាន ដែលមានប្រទេសវៀតណាម និងឡាវ ព្រមទាំងប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន និងប្រទេសកម្ពុជា។

បន្តិចក្រោយមក សហគមន៍អន្តរជាតិ បានបង្កើតឲ្យមានបេសកកម្មថែរក្សាសន្តិភាពដ៏ធំបំផុតមួយ ដែលមិនធ្លាប់មានពីមុនមក ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ។ សន្តិភាពបានមានជាប់មក ដោយសារការខិតខំរបស់ដៃគូអន្តរជាតិ និងស្មារតីរឹងប៉ឹងរបស់ប្រជាជនកម្ពុជា ហើយប្រទេសកម្ពុជាក៏បានស្គាល់វិបុលភាពតមក។ ដោយបង្ហាញឲ្យឃើញ នូវសមាហរណកម្មក្នុងតំបន់របស់ខ្លួន កម្ពុជាបានចូលជាសមាជិកនៃសមាគមអាស៊ាន នៅឆ្នាំ១៩៩៩។ នៅឆ្នាំក្រោយនេះ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាប្រធានអាស៊ានជាលើកទី៣។

តាំងពីការបង្កើតទំនាក់ទំនងផ្លូវការកាលពី៤៤ឆ្នាំមុន សហរដ្ឋអាមេរិក និងសមាគ​ម​អាស៊ានមានប្រវត្តិជាទីមោទនៈ ក្នុងការធ្វើជាដៃគូជាយុទ្ធសាស្រ្តជាមួយគ្នា។  សហរដ្ឋអាមេរិក គឺជាប្រទេសមិនមែនជាសមាជិកដំបូងគេ ដែលបានតែងតាំងឯកអគ្គរដ្ឋទូត ហើយបានបង្កើតស្ថានបេសកកម្មជាប់លាប់ប្រចាំសមាគមអាស៊ាន។

សព្វថ្ងៃនេះ កម្មវិធីសំខាន់”របស់សហរដ្ឋអាមេរិក ដូចជាគម្រោងគំនិតផ្តួចផ្តើមស្តីពីមេដឹកនាំយុវជនវ័យក្មេង នៅអាស៊ីអាគ្នេយ៍នៅអាស៊ីអាគ្នេយ៍ (YSEALI) បង្ហាញឲ្យឃើញនូវការប្តេជ្ញាចិត្តជាបន្ត ចំពោះតំបន់នេះ ដោយផ្តល់ឱកាសឲ្យយុវជន រាប់ពាន់នាក់បានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនានា។ សហរដ្ឋអាមេរិក ដោយរួមទាំងកម្មវិធីស្តីពីភាពជាដៃគូនៅតំបន់ទន្លេមេគង្គ (MUSP) និងគម្រោងមុននោះទៀត គឺគម្រោងស្តីពីគំនិតផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម (LMI) បានផ្តល់ថវិកាចំនួនជាង ៣,៥ ពាន់លានដុល្លា សម្រាប់តំបន់ទន្លេមេគង្គ។

ប្រជាជនអាមេរិក និងប្រជាជននៃប្រទេសសមាជិកអាស៊ាន ទទួលបានប្រយោជន៍ពីភាពជាដៃគូយូរអង្វែងនេះ។ ដោយមានប្រជាជនសរុបចំនួន ប្រហែល៦៥០លាននាក់ សមាគមអាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤របស់យើង ហើយសហរដ្ឋអាមេរិកគឺជាប្រភពវិនិយោគធំជាងគេសម្រាប់តំបន់នេះ នៅក្នុងឆ្នាំ ២០១៩។

យើងសហការជាមួយអាស៊ាន ក្នុងផ្នែកសន្តិសុខសមុទ្រ ការមិនរីកសាយអាវុធប្រ​ល័​យលោក ការប្រែប្រួលអាកាសធាតុ ការជួញដូរមនុស្ស កម្មសិទ្ធិបញ្ញា សមភាពជេនឌ័រ ។ល។

សហរដ្ឋអាមេរិក និងអាស៊ានមានភាពចម្រុះដូចគ្នាច្រើន ហើយមានការមើលឃើ​ញពីសារសំខាន់នៃលទ្ធិប្រជាធិបតយ្យ អភិបាលកិច្ចល្អ សិទ្ធិមនុស្ស និងនីតិរដ្ឋ។ ទំនាក់ទំនងជាវិជ្ជមានរបស់យើងជាមួយអាស៊ាន លើបញ្ហាសំខាន់ៗ ដែលមានសារសំខាន់សម្រា​ប់តំបន់និងសាកលលោក ដូចជានៅក្នុងអំឡុងពេលនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន និងកិច្ចប្រជុំថ្នាក់ខ្ពស់ដទៃទៀត ជាមួយដៃគូពិភាក្សា មានសារសំខាន់ណាស់ សម្រាប់ជំរុញគោលដៅនយោបាយរបស់យើង។

ចាប់តាំងពីពេលបង្កើតសមាគមអាស៊ាន កាលពីជាងកន្លះសតវត្សមុនមក តួនាទីនៃការធ្វើប្រធានផ្លាស់វេនគ្នា មានសារសំខាន់ និងភាពស្មុគស្មាញកាន់តែច្រើនឡើង។ ប្រធានកោះប្រជុំថ្នាក់ខ្ពស់ជាច្រើនក្នុងមួយឆ្នាំៗ។ កិច្ចប្រជុំសំខាន់ចំនួនពីរគឺវេទិកាថ្នាក់តំបន់របស់អាស៊ាន ដែលជាកិច្ចពិភាក្សាថ្នាក់ខ្ពស់ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកនយោ​បាយ និងសន្តិសុខ ដែលមានសហរដ្ឋអាមេរិក និងប្រទេសចំនួន២៦ទៀត នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលមានការប្រជុំបន្តបន្ទាប់គ្នា នៃមេដឹកនាំនៃប្រទេសអាស៊ាន សហរដ្ឋអាមេរិក និងមហាអំណាចពិភពលោកចំនួន៧ទៀត។

ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ប្រទេសកម្ពុជានឹងមានឱកាសជាថ្មី ក្នុងការកំណត់ការទូតតំបន់ ហើយជំរុញកិច្ចពិភាក្សាប្រកបដោយអត្ថន័យ លើបញ្ហាដូចជាកម្មវិធីជាបន្តរបស់ប្រទេសកូរេខាងជើង លើកាំជ្រួចផ្លោង និងអាវុធនុយក្លេអ៊ែរ ដែលខុសច្បាប់ និងប្រកបដោយគ្រោះថ្នាក់ ការទាមទារយកផៃ្ទសមុទ្រចិនខាងត្បូងដ៏ធំ ដោយខុសច្បាប់របស់ប្រទេសចិន និងការគម្រាមកំហែងប្រទេសសមាជិកអាស៊ាន ដែលធ្វើការទាមទារដែរ ហើយនិងរដ្ឋប្រហារដោយយោធា និងការបង្រ្កាបដោយហឹង្សានៅប្រទេសភូមា។

កម្ពុជាថែមទាំងអាចជំរុញដំណើរជឿនលឿន ក្នុងវិស័យសំខាន់ជាគន្លឹះ ដែលផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក នៅក្នុងចំណោមប្រទេស នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលរួមមានការងើបឡើងវិញនៃសេដ្ឋកិច្ច ពីជំងឺមហារាតត្បាតជាសាកល Covid 19  ចំណាត់ការដោះស្រាយវិបត្តិអាកាសធាតុ និងការពិចារណាលើពាក្យសុំចូលរួមជាសមាជិកអាស៊ាន ដែលមិនទាន់ត្រូវបានពិនិត្យ របស់ប្រទេសទីម៉រ។

កាលពី១០ឆ្នាំមុន ក្នុងពេលដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាន រដ្ឋជាសមា​ជិកអាស៊ានបានខកខានជាលើកដំបូង ក្នុងការចេញសេចក្តីថ្លែងការណ៍រួម ដែលមូលហេតុធំ គឺដោយសារការខ្វែងគំនិតគ្នាលើភាសា ដែលប្រើក្នុងការដោះស្រាយបញ្ហានៃសកម្ម​ភាពរបស់សាធារណរដ្ឋប្រជាមានិតចិន នៅសមុទ្រចិនខាងត្បូង។ ពេលនេះ រឿងនេះសំខាន់ជាងពេលណាៗទាំងអស់ ដោយនៅក្នុងទសវត្សរ៍តពីនោះមក សាធារណរេដ្ឋប្រជាមានិតចិនបានបង្កើនការចាក់ដី ការសាងសង់ និងការធ្វើយោធូបនីយកម្ម នៅកន្លែងមានជម្លោះ នៅក្នុងតំបន់នោះ។

ប្រទេសកម្ពុជា និងសមាគមអាស៊ាន ថែមទាំងប្រឈមនឹងបញ្ហាប្រឈមផ្នែកបរិ  ស្ថានផងដែរ។ រដ្ឋជាសមាជិកដែលពឹងអាស្រ័យលើទន្លេមេគង្គ ប្រឈមនឹងមហន្តរាយបរិស្ថាន មួយចំណែកធំដោយសារការសង់ទំនប់ច្រើនពេក នៅតំបន់ខ្សែទឹកខាងលើ និងការគ្រប់គ្រងមិនត្រឹមត្រូវ ដែលបណ្តាលឲ្យកម្រិតទឹក និងទិន្នផលត្រីធ្លាក់ចុះតិចជាងពេលកន្លងមក។

ប្រទេសសមាជិកអាស៊ានខ្លះ ថែមទាំងមានការពិបាកក្នុងការអនុវត្ត តាមការប្តេជ្ញាចិត្តដែលមានចែងក្នុងធម្មនុញ្ញអាស៊ានស្តីពី សិទ្ធិមនុស្ស ដោយរួមទាំងប្រទេសកម្ពុជាផងដែរ ហើយមិនបានបំពេញបានពេញលេញ តាមចក្ខុវិស័យនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលចែងពីលទ្ធិប្រជាធិបតេយ្យពហុបក្ស និងលំហនយោបាយសម្រាប់គ្រប់សម្លេងទាំងអស់។

ជំហានវិជ្ជមានរបស់ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ នៅក្នុងការដោះស្រាយឲ្យមានប្រសិទ្ធភាព នូវបញ្ហាស្មុគស្មាញជាច្រើនទាំងនេះ នឹងផ្តល់ជាប្រយោជន៍ដល់អាស៊ានទាំងមូល និងដៃគូរបស់ខ្លួន ដោយរួមទាំងសហរដ្ឋអាមេរិកផងដែរ។ យើងកំពុងតែធ្វើការជាមួយស្ថាប័នពាក់ព័ន្ធខាងកម្ពុជា ដើម្បីជំរុញផលប្រយោជន៍រួមគ្នារបស់យើង ក្នុងការមានការអភិវឌ្ឍន៍ដោយសន្តិភាព សមាគមអាស៊ានដែលមានសមាហរណកម្ម និងមានសមាជិកគោរពនីតិរដ្ឋ លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាជនគេ និងដោះស្រាយកង្វល់ក្នុងតំបន់ និងសាកកលោក។

សហរដ្ឋអាមេរិកគាំទ្រការខិតខំរបស់អាស៊ាន ក្នុងការជំរុញវិបុលភាព និងស្ថិរភាពតំបន់។ ក្នុងអាជីពរបស់ខ្ញុំជាអ្នកការទូត ខ្ញុំបានធ្វើការនៅក្នុងតំបន់នេះច្រើនជាងគេ ដោយបានចិញ្ចឹមគ្រួសារនៅក្នុងប្រទេសចំនួន៣ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងទំនាក់ទំនងរបស់យើង នៅក្នុងផ្នែកមួយនៃពិភពលោក ដែលនៅទីនោះ ប្រជាជនមានការតាំងចិត្ត ក្នុងការលើកកម្ពស់កំណើនលូតលាស់ ប្រកបដោយនិរន្តរភាព ថែរក្សាសន្តិភាព ហើយពង្រឹងការប្រតិបត្តិតាមលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

ក្នុងនាមជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា ខ្ញុំរីករាយនឹងធ្វើការពិភាក្សាថែមទៀ​តជាមួយមន្រ្តី អ្នកការទូត និងសង្គមស៊ីវិល ក្នុងពេលដែលយើងកំពុងតែខិតទៅជិតកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២៕