ប្រធាន CVEA តើរយៈពេល៥ខែនៃឆ្នាំ២០២១ វិស័យអចលនទ្រព្យកម្ពុជាពើបជំពប់រឿងអ្វីខ្លះ?

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ រយៈពេល៥ខែនៃឆ្នាំ២០២១ ដែលជិតនឹងបញ្ចប់ហើយឈានចូលក្នុងខែថ្មី វិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអចលនទ្រព្យកម្ពុជា បានរងផលប៉ះពាល់យ៉ាងដំណំ ប៉ុន្តែតើអ្នកជំនាញនិយាយដូចម្តេចលើបញ្ហានេះ? ខណៈសុទិដិ្ឋនិយមចាប់ផ្តើមកើតមានជាបណ្តើរៗ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៣ ឧសភានេះថា ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២១នេះ បញ្ហាប្រឈមក្នុងវិស័យនេះ គឺការលំបាកក្នុងការធ្វើដំណើររបស់វិនិយោគិនជាតិ និងអន្តរជាតិ ពិសេសក្នុងព្រឹត្តការណ៍២០កុម្ភៈ ដែលឈានដល់បិទខ្ទប់ការធ្វើដំណើរនេះ បានធ្វើឲ្យវិស័យនេះនិងវិស័យដទៃរងផលប៉ះពាល់ខ្លាំង។

លោកបន្តថា “ក្នុងពេលប្រឈមនឹងបញ្ហានេះ វិស័យអចលនទ្រព្យមិនរងផលប៉ះពាល់ធ្ងន់ធ្ងរពេកនោះទេ គឺនៅតែឈរជើងបានរ៉ឹងមាំដដែល ប៉ុន្តែក្នុងវិ​បត្តិនេះ ក៏មានឱកា​សមួយចំនួនផងដែរ”។លោកបន្តថា “ក្នុងពេលបញ្ហាប្រឈម យើងក៏ឃើញមានឱកាស ដោយអ្នកមានធនធាន ក៏អាចទិញអចលនទ្រព្យបានតម្លៃល្អផងដែរ”។

ទន្ទឹមនឹងនោះយើងក៏បានទទួលបទពិសោធន៍ថ្មី លើការប្រើប្រាស់បច្ចេកវិទ្យាទាក់ទងនឹងការទិញលក់ ដោះដូរក្នុងវិស័យអចលនទ្រព្យ ដោយអ្នកទិញលក់បានរៀបចំ​តាមប្រព័ន្ឋបច្ចេកវិទ្យាភាគច្រើនផងដែរ។

លោកច្រឹក សុខនីមបានបន្តថា “ភាពខ្លាំងរបស់វិស័យអចលនទ្រព្យមួយទៀត គឺគ្រឹះស្ថានហិរញ្ញវត្ថុនានា បានបន្តផ្តល់ឥណទានដល់វិស័យនេះផងដែរ ដែលធ្វើឲ្យវិស័យនេះនៅតែបន្តដំណើរទៅមុខ ទោះមិនលឿនដូចមុនពេលមានវិបត្តិក្តី”៕

លោកហូ វណ្ឌីៈយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលនឹងជំរុញសកម្មភាពសេដ្ឋកិច្ចទេសចរណ៍ឡើងវិញឆាប់ៗនេះ

          ដោយៈវឌ្ឈនៈ

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមចាក់វ៉ាក់សាំង ជូនពលរដ្ឋតាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១ និងបន្តចាក់ជូនពលរដ្ឋបន្តទៀត ជាពិសេសពលរដ្ឋដែលកំពុងមានការប្រឈមឆ្លងខ្ពស់ ដូចជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តដែលមានការឆ្លងជំងឺនេះច្រើន។

យុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ របស់រដ្ឋាភិបាលត្រូវបានប្រតិបត្តិករទេសយល់ឃើញថា នឹងជួយជំរុញឱ្យសេដ្ឋកិច្ចជាពិសេស សកម្មភាពទេសចរណ៍ងើបឡើងវិញនៅពេលឆាប់ៗនេះ។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងតាមទូរស័​ព្ទនាព្រឹកថ្ងៃទី១៣ ឧសភានេះថា មិនយូរទៀតនោះទេ លោកជឿថាសកម្មភាពទេសចរ​ណ៍នៅក្នុងប្រទេសកម្ពុជា នឹងមានសន្ទុះងើបឡើងវិញ ជាពិសេសការធ្វើដំណើរកម្សាន្តរបស់ពលរដ្ឋក្នុងស្រុក ទៅកាន់តំបន់ទេសចរណ៍នានាក្នុងប្រទេស នឹងចាប់ផ្ដើម ដោយ​សារតែពេលនេះ ប្រជាពលរដ្ឋជាច្រើនបានទទួលវ៉ាក់សាំងប្រឆាំង ជំងឺកូវីដ១៩រួចហើយ ។ រដ្ឋាភិបាលក៏នៅតែបន្តចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ខណៈវ៉ាក់សាំងក៏បានមកដល់បន្តបន្ទាប់ផងដែរ ។

លោកបន្តថា “ទន្ទឹមនឹងនេះដែរ ប្រតិបត្តិករទេសចរកម្ពុជា ក៏គួរត្រៀមរៀបចំនូវសេវាកម្មរបស់ខ្លួនបណ្ដើរៗឱ្យរួចរាល់ និងកុំចាំដល់ពេលវេលាទើបរៀបចំ វាមិនងាយនោះទេ “។ លោកបន្តថា “នៅពេលយើងបានរៀបចំរួចរាល់ ហើយពេលវេលាមួយដែលកូវីដ១៩បានធូរស្រាល ដែលអាចឱ្យពលរដ្ឋធ្វើដំណើរកម្សាន្តបាន ពេលនោះចាំរៀបចំគឺវានឹងពិបាកហើយ”។

ចាប់ពីថ្ងៃទី១០កុម្ភៈ ដល់ថ្ងៃទី១២ឧសភា ២០២១នេះ ចំនួនអ្នកចាក់វ៉ាក់ស្ម័គ្រចិត្តសរុបមាន១.៩៣៩.៧៣៣នាក់ ក្នុងនោះអ្នកចាក់រួចរាល់ទាំងពីរលើមានចំនួន ១.១២៩​.៥៦៤នាក់ ស្មើនឹងប្រមាណ១៩,៤០ភាគរយ នៃគោលដៅចាក់របស់រាជរដ្ឋាភិបាលឱ្យបានចំនួន១០នាក់ ។

រហូតដល់ថ្ងៃនេះដែរ រដ្ឋាភិបាលបញ្ជាឱ្យពេទ្យកងទ័ព ចេញយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម និងតំបន់ផ្សេងទៀតទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ហើយរយៈពេលតែប៉ុន្មានថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់ពេទ្យកងទ័ពសម្រេចបានលទ្ធផលគួរជាពេញចិត្ត និងបន្តឱ្យមានការចាក់បន្តបន្ទាប់រហូតដល់គ្រប់ចំនួនកំណត់ ខណៈវ៉ាក់សាំងក៏បានបញ្ជូនមកដល់កម្ពុជាជាបន្តបន្ទាប់ផងដែរ៕

ផ្សារទំនើប AEON និងសហគ្រិនខ្មែរសហការគ្នាលើកកម្ពស់ផលិតផលក្នុងស្រុក

ដោយៈ សាវុធ

ភ្នំពេញៈ សហគ្រិនខ្មែរ ដែលជាស្ថាប័នមួយស្ថិតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយផ្សារទំនើបអ៊ីអនម៉ល (AEON) ដែលជាប្រតិបត្តិករផ្សារទំនើបផ្គត់ផ្គង់​សម្ភារៈជាច្រើនមុខ នៅក្នុងប្រទេសកម្ពុជាក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ផលិត​ផលក្នុងស្រុក។

ភាគីទាំងពីរបានឯកភាពគ្នា ក្នុងសហការជាមួយអ្នកផលិត និងអ្នកផ្គត់ផ្គង់ផលិត​ផលនៅក្នុងស្រុក ដើម្បីលើកកម្ពស់ និងលើកស្ទួយការយល់ដឹងអំពីផលិតផលក្នុងស្រុក នៅតាមហាង និងផ្សារទំនើបនានា នៅក្នុងប្រទេសកម្ពុជា។

សហគ្រិនខ្មែរ និងផ្សារទំនើបអ៊ីអនម៉ល នឹងរៀបចំពិព័រណ៍ផលិតផល ក្នុងស្រុកចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ និងផ្សារទំនើបអ៊ីអនម៉លសែនសុខ។ ការតាំងពិព័រណ៍រយៈពេល៣សប្តាហ៍នេះ មានគោលបំណង ក្នុងការបង្ហាញប្រភេទផលិតផលក្នុងស្រុកជាច្រើនប្រភេទ ដូចជា បន្លែ ផ្លែឈើ ស៊ុត ទឹកដោះគោស្រស់ អង្ករ និងផលិតផលប្រចាំថ្ងៃ នៅក្នុងផ្ទះជាច្រើនទៀត។

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ ផលិតផលក្នុងស្រុកទាំងអស់ ដែលបានដាក់បង្ហាញ នឹងត្រូវបានដាក់លក់បញ្ចុះតំលៃជាពិសេសរហូតដល់៥០% ដើម្បីទាក់ទាញអតិថិជនក្នុងស្រុកឱ្យសាកល្បង និងទិញផលិតផលទាំងនោះ។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ណ នាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានថ្លែងថា “ផលិតក្នុងស្រុកមិនសូវទទួលបានការគាំទ្រច្រើន ពីអ្នកប្រើប្រាស់ទូទៅទេ ដោយសារការយល់ដឹង និងការស្គាល់ផលិតផលក្នុងស្រុកនៅមានកម្រិតទាប បើប្រៀបធៀបទៅនឹងផលិតផលនាំចូល ខណៈពេលដែលផលិតផលក្នុងស្រុកមានគុណភាពល្អ និងការប្រកួតប្រជែងតម្លៃស្មើគ្នា ទៅនឹងផលិតផលនាំចូល”។

លោកលើកបន្តថា ការសហការជាមួយផ្សារទំនើបអ៊ីអនម៉ល ក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុក គឺស្របទៅនឹងគោលការណ៍ របស់សហគ្រិនខ្មែរដើម្បីធានា និងពង្រីកទីផ្សារសម្រាប់ផលិតករកម្ពុជា។

ផ្សារទំនើបអ៊ីអនម៉ល បានផ្សព្វផ្សាយផលិតផលក្នុងស្រុក ចាប់តាំងពីផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ បើកដំណើរការនៅឆ្នាំ ២០១៤ ។ យើងសង្ឃឹមថា ពិព័រណ៍ក្នុងស្រុកនេះនឹងរួមចំណែកលើកកម្ពស់ និងលើកស្ទួយការយល់ដឹងអំពីផលិតផលក្នុងស្រុក ដល់អតិថិជនក៏ដូចជាលើកទឹកចិត្ត ដល់ផលិតករក្នុងស្រុកផងដែរ។

ទន្ទឹមនឹងនេះ ផ្សារទំនើបអ៊ីអនម៉លក៏ជំរុញ ឱ្យអ្នកផលិតរក្សាគុណភាពនៃផលិត​ផល ការវេចខ្ចប់ឱ្យមានភាពទាក់ទាញ និងការចុះឈ្មោះផលិតផលរបស់ខ្លួន អោយបានត្រឹមត្រូវ។ គោលបំណងទាំងនេះ គឺដើម្បីការពារសុវត្ថិភាពរបស់អតិថិជន។ ហេតុដូច្នេះហើយ យើងសង្ឃឹមថាអ្នកផលិត មិនត្រឹមតែលក់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងមានឱកាសនាំចេញកាន់តែច្រើនផងដែរ៕

លោកបណ្ឌិតគីម ហ៊ាងៈទីផ្សារដីធ្លីនឹងហោះឡើងក្រោយបញ្ចប់វិបត្តិកូវីដ១៩

          ដោយៈស៊ីវ ម៉េង

          ភ្នំពេញៈ លោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ថា ទីផ្សារដីធ្លីនឹងហោះឬផ្ទុះឡើងមុនគេ ក្រោយវិបត្តិជំងឺកូវីដបញ្ចប់នាពេលខាងមុខនេះ។

លោកបានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចសម្ភាសន៍ ពិសេសនាព្រឹកថ្ងៃទី១៣ ឧសភានេះថា ស្ថានភាពវិស័យអចលនទ្រព្យឆ្នាំ២០២១ បានរងគ្រោះខ្លាំងជាងឆ្នាំ២០២០ ដោយសារការបិទការធ្វើ់ដំណើរ និងការខ្ទប់រាធានី និងខេត្តមួយចំនួន ប៉ុន្តែវិស័យនេះនឹងងើបឡើងលឿន អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា និងបណ្តាប្រទេសនានានៅលើពិភពលោកផងដែរ។

លោកបន្តថា “ពេលចប់កូវីដ សំណួរសួរថាតើវិស័យដីធ្លី នឹងងើបឡើងវិញលឿនឬយ៉ាងណា វាអាស្រ័យលើគោលនយោបាយរបស់រដ្ឋាភិបាល ប៉ុន្តែខ្ញុំយល់ថាក្រោយវិបត្តិ  កូវីដវិស័យដីធ្លីនឹងហោះឡើងតែម្តង ព្រោះពេលវាគាំងយូរ ពេលបើកវិញវានឹងហោះឡើង”។

លោកបន្តដោយលើកជាឧទាហរណ៍ថា វិស័យដីធ្លីប្រៀបដូចជាឡានចឹង ពេលបើកហើយយើងឈប់ ពេលបើកឡើងវិញវានឹងទៅមុខលឿនជាងមុន ដោយសារវាមានថាម​ពលជាងមុន”។

លោកបណ្ឌិតគីម ហ៊ាងបានបន្តថា ទាក់ទងនឹងស្ថានភាពក្នុងវិស័យនេះទាំងមូល វាអាស្រ័យលើការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា គោលនយោបាយដាក់ចេញដោយរដ្ឋាភិបាល ពិសេសការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកថា តើជំងឺកូវីដនឹងអូសបន្លាយរយៈពេលវែងប៉ុណ្ណាតទៅទៀតផងដែរ។

ការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ​កាលពីពេលថ្មីៗនេះបានឲ្យដឹងថា សេ​ដ្ឋ​កិច្ចកម្ពុជានឹងងើបឡើងវិញក្នុងរង្វង់៤ភាគរយនៅឆ្នាំនេះ ខណៈស្ថាប័នផ្សេងៗដូចជាធនា​គារពិភពលោក មូលនិធិរូបិយប័ណ្ណអន្តរជាតិ បានព្យាករណ៍ស្រដៀងគ្នានេះផងដែរ៕

ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ស្នើរដ្ឋាភិបាលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងក្រុងសៀមរាបដើម្បីស្តារទេសចរណ៍ឡើងវិញ

ដោយៈ គង់ សូរិយា

ភ្នំពេញ ៖ ប្រធានសមាគមទេសទេសចរណ៍ស្នើឱ្យរដ្ឋាភិបាលបង្កើនល្បឿនការចាក់វ៉ាក់បង្ហារកូវីដ១៩ ជូនប្រជាពលរដ្ឋនៅទូទាំងក្នុងសៀមរាប ដើម្បីធ្វើឱ្យក្រុងសៀមរាបក្លាយជាទីក្រុងសាកល្បងដំបូងមួយ ដើម្បីទទួលបានភ្ញៀវទេសចរឡើងវិញ ក្នុងអំឡុង ឬក្រោយវិបត្តិជំងឺកូវីដ១៩។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោកធួន ស៊ីណានបានមានប្រសាសន៍កាលពីថ្មីៗនេះថា ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មិនទាន់ឈានដល់សភាពការណ៍ញ័រដៃ ញ័រជើងនោះទេ ហេតុនេះលោកគាំទ្រពេញទំហឹង ដល់ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប៉ុន្តែលោកស្នើឲ្យមានការចាក់វ៉ាក់សាំង ដល់ប្រជាជននៅក្រុងសៀមរាប និងតំបន់ជុំវិញទាំងអស់ ដែលប្រជាជនមិនលើសពី៥០ម៉ឺននាក់នោះទេ ព្រោះភ្ញៀវទេសចរណ៍ត្រូវពាក់ព័ន្ឋជាមួយមនុស្សទាំងអស់។

លោកបន្តថា “កម្ពុជាអាចបើកក្រុងសៀមរាបជាModelមួយ បើទទួលបានជោគជ័យអាចធ្វើនៅក្រុងព្រះសីហនុ និងគោលដៅសំខាន់ៗដទៃទៀត ប៉ុន្តែភ្ញៀវទេសចរណ៍ចូលមកដាច់ខាតត្រូវតែបានចាក់វ៉ាក់សាំងរួចហើយ”។លោកបន្តថា “ភ្ញៀវទេសចរណ៍ត្រូវតែធ្វើចត្តាឡីស័ក ប៉ុន្តែយើងគួរពិចារណាកាត់បន្ថយពេលវេលា នៃការធ្វើចត្តាឡីស័ក ព្រោះបើពួកគាត់មក ជាប់ចត្តាឡីស័ក១៤ថ្ងៃ គ្មានអ្នកណាមកនោះទេ”។

លោកធួន ស៊ីណានបានបន្តថា ជាមួយនឹងការចាក់ជូនប្រជាពលរដ្ឋបែបនេះ នៅក្នុងតំបន់ណាមួយជាក់លាក់ គឺរដ្ឋាភិបាលអាចកំណត់ព្រំដែន ដែលភ្ញៀវទេសចរណ៍អាចដើរហើរបានក្នុងកម្រិតកំណត់ជាក់លាក់ ពិសេសគ្រប់គ្រងការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋមកកាន់ខេត្តសៀមរាបឲ្យបានតឹងរ៉ឹងផងដែរ។

លោកបន្តថា “បើសិនជាស្ថានភាពបែបនេះ អូសបន្លាយរយៈពេលជាង១ឆ្នាំទៀត ខ្ញុំជឿថាស្ថានភាពពិបាកស្តារណាស់ សណ្ឋាគារធំៗនឹងបិទទ្វារ ហើយមិនងាយស្តារឡើងវិញនោះទេ”។

ជាមួយគ្នានេះដែរ ប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តសៀមរាបបានបញ្ជាក់ថា នៅក្នុងខណៈនេះ អ្នកបម្រើសេវាកម្មទេសចរណ៍ មិនអាចរៀបចំដើម្បីទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិឡើងវិញបាននោះទេ ក្នុងពេលកូវីដនៅតែបន្តរាលដាល និងខេត្តសៀមរាបក៏កំពុងតែមានការជួសជុល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធថ្មីផងដែរនោះ។ តែសម្រាប់ទីភ្នាក់ងារសមាគមទេសចរណ៍ និងក្រសួងទេសចរណ៍ថា វាគួរតែដល់ពេលរៀបចំបណ្ដើរដើម្បីត្រៀមចាំជាមុន។

លោកហ្វីលីប កៅប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប បានមានប្រសាសន៍នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះថា អ្នកបម្រើសេវាកម្មទេសចរណ៍នៅក្នុងខេត្តសៀមរាប នៅមិនទាន់បានគិតគូរពីការរៀបចំសេវាកម្មទេសចរណ៍ដើម្បីទទួលស្វាគមន៍ភ្ញៀវនោះទេ ដូចជាការរៀបចំផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ជាដើម។

ម្យ៉ាងវិញទៀត ដោយសារតែហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាបកំពុងសាងសង់ ដូច្នេះការរៀបចំឡើងវិញនៅសេវាកម្មទេសចរណ៍ក៏ពិបាកក្នុងការរៀបចំដែរ ដូច្នេះពេលវេលាល្អគឺនៅពេលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួចរាល់ជាមុនសិន។

លោកបន្តថា ក្រុមប្រតិបត្ដិករទេសចរបាននឹងកំពុងដាក់សំណើរទៅអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ដើម្បីសុំវ៉ាក់សាំងសម្រាប់ចាក់អោយក្រុមប្រតិបត្ដិករទេសចរ ជាមុនសិន ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។

លោកបន្ថែម បច្ចុប្បន្ននេះ មានភ្ញៀវទេសចរតិចតួចបានទៅទស្សនានៅតាមរមណីយដ្ឋានផ្សេងនៅក្នុងខេត្ដសៀមរាប ក្រោយពេលរាជរដ្ឋាភិបាល បានបើកដំណើរការឡើងវិញនូវរមណីយដ្ឋានទេសចរណ៍នៅក្នុងស្រុក ។ចំណែកការបើកដំណើរការឡើងវិញនូវសេវាផ្ទះសំណាក់ សណ្ឋាគារ ឬការរៀបចំកន្លែងទេសចរណ៍ផ្សេងៗ នៅមិនទាន់បានរៀបចំអោយល្អដូចមុនការផ្ទុះជំងឺកូវីដ១៩នៅឡើយទេ។

លោកបញ្ជាក់ថា តាំងពីឆ្នាំ២០២០មក វិស័យទេសចរណ៍កម្ពុជា បានបាត់បង់ចំណូលយ៉ាងច្រើន ហើយនៅពេលចប់វិបត្តិភ្លាម ក៏ប្រតិបត្តិករមិនអាចរកចំណូលបានមកវិញភ្លាមៗនោះដែរ ត្រង់ចំណុចនេះ រដ្ឋាភិបាលក៏ដូចជាធនាគារគួរទុកពេលវេលាណាមួយសមស្របសម្រាប់ពួកយើងក្នុងការរកចំណូលដើម្បីបង់ពន្ធនិងសងត្រលប់ទៅកាន់ធនាគារវិញផងដែរ។

បើតាមលោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងប្រាប់តាមទូរសព្ទនៅថ្ងៃទី១៣ ខែឧសភា ២០២១នេះថា ការរៀបចំឡើងវិញនូវសេវាកម្មសម្រាប់វិស័យទេសចរណ៍គួរតែចាប់ផ្ដើម ព្រោះយើងមិនអាចមើលឃើញបាននោះទេ។

លោកបានថ្លែងបន្តថា បើសិនជារយៈពេលបីខែឬ៦ខែពិភពលោកបានទប់ស្កាត់កូវីដ១៩បាន ហើយភ្ញៀវអន្តរជាតិក៏ចាប់ផ្ដើមធ្វើដំណើរ ហើយកម្ពុជានៅតែមិនទាន់បានរៀបចំសម្រាប់ទទួលពួកគេ កម្ពុជានឹងបាត់ឱកាសក្នុងការចាប់យកភ្ញៀវអន្តរជាតិដែលចេញធ្វើដំណើរកម្សាន្ត ។ដូចច្នេះជាគោលការណ៍ប្រតិបត្តិករទេសចរគួរតែចាប់ផ្ដើមគិតគូរពីការរៀបចំបណ្ដើរៗឡើងវិញដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិនៅពេលខាងមុខនេះ៕

រដ្ឋាភិបាលលើកទឹកចិត្តដល់អ្នកធុរកិច្ចសិង្ហបុរីដើម្បីបង្កើនការវិនិយោគនៅកម្ពុជា

ដោយៈ សាវុធ

ភ្នំពេញៈ រដ្ឋាភិបាលលើកទឹកចិត្តសិង្ហបុរី ក្នុងការបង្កើនការវិនិយោគនៅកម្ពុជា ក៏ដូចជា ការចូលរួមក្នុងការស្ដារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩។

ការលើកទឹកចិត្តនេះត្រូវបានធ្វើឡើង ក្នុងកិច្ចពិភាក្សាការងាររវាងលោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Teo Lay Cheng ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា តាមប្រព័ន្ធវីឌីអូ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

ក្នុងឱកាសជំនួបពិភាក្សា លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះលោកស្រី Teo Lay Cheng ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំនៅកម្ពុជា។

លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអរគុណ ចំពោះប្រទេសកម្ពុជា ដែលសម្រេចបាននូវការចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ការងារជាមួយក្រុមហ៊ុន YCH និង Infrastructure Asia ជាដៃគូឯកជន ក្នុងការសិក្សា និងអភិវឌ្ឍន៍គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex – PPLC) និងបានសំដែងនូវកង្វល់ចំពោះការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍ នៅកម្ពុជា ក៏ដូចជាផលប៉ះពាល់ អវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសំខាន់ របស់គម្រោង PPLC នៅក្នុងការអភិវឌ្ឍប្រព័ន្ធភ័ស្ដុភារ កម្មជាតិទាំងមូលរបស់ប្រទេសកម្ពុជា ដែលនឹងចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការទាក់ទាញការវិនិយោគ និងការស្ដារឡើងវិញ នៃសេដ្ឋកិច្ចនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការ កម្ពុជា-សិង្ហបុរី កន្លងមក និងនាពេលអនាគត ជាពិសេស ក្រោយវិបត្តិជំងឺកូវីដ ១៩ ដោយលើកទឹកចិត្តសិង្ហបុរីជំរុញ និងបង្កើនការវិនិយោគនៅកម្ពុជា ក៏ដូចជា ការចូលរួមក្នុងការស្ដារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានជូនពរចំពោះលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូត ឲ្យទទួលនូវភាពជោគជ័យ គ្រប់ភារកិច្ចក្នុងអាណត្តិរបស់លោកស្រីនៅកម្ពុជា។

លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូត ក៏បានសំដែងនូវឆន្ទៈមុតមាំក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការកម្ពុជា-សង្ហបូរី ឲ្យកាន់តែរឹងមាំនាពេលអនាគត៕

សកម្មភាពនៃការទិញលក់ដីឡូត៏ចាប់ផ្ដើមកម្រើកឡើងវិញបណ្តើរៗ

ដោយៈ លក្ខិណា

ភ្នំពេញៈ វិស័យដីឡូត៏ នៅក្នុងអំឡុងពេលបិទខ្ទប់ បានជួបបញ្ហាប្រឈម ដោយអ្នកទិញមិនអាចជួបអ្នកលក់ និងទៅមើលទីតាំងគម្រោងអភិវឌ្ឍន៍បាន តែក្រោយពេលរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់ពលរដ្ឋអាចធ្វើដំណើរឡើងវិញ ហើយសកម្មភាព នៅក្នុងវិស័យដីឡូត៏ក៏ចាប់ផ្ដើមឡើងវិញជាបណ្តើរៗ។

លោកចេ សុន (លោកដង្ខៅ ) ជាអ្នកអភិវឌ្ឍន៍ដីឡូត៏មួយរូប បានឱ្យដឹងថា ចាប់តាំងពីមានការរីករាលដាលនៃកូវីដ១៩ ក្នុងឆ្នាំ២០២១ និងឈានដល់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅមក សកម្មភាពពុះដីឡូត៏ និងការលក់មិនសូវមានដូចពីមុនឡើយ និងមានភាពស្ងប់ស្ងាត់។

លោកបានថ្លែងបន្តថា ក្រោយពេលរដ្ឋាភិបាលប្រកាសបើកដំណើរការឡើងវិញមានប្រជាពលរដ្ឋជាច្រើនក៏បានចាប់ផ្ដើមស្វែងរកដីធ្លីសម្រាប់ទុកសង់ផ្ទះឬទិញទុកលក់ចំណេញនៅអនាគតឡើងវិញ ដែលធ្វើឱ្យសកម្មភាពនៃការពុះដីឡូត៏ និងការទិញលក់ចាប់ផ្ដើមកម្រើកជាងកាលពីមុនបន្តិច។

លោកបានឱ្យដឹងទៀតថា កាលពីពេលបិទខ្ទប់អ្នកដែលទិញដីឡូត៏ភាគច្រើនជាពលករចំណាកស្រុកនៅក្រៅប្រទេសដូចជានៅកូរ៉េ នៅថៃជាដើម ហើយគេទិញដោយកក់លុយតាមធនាគារ ឬតាមវីង តាមភ្នាក់ងារវេរលុយជាដើម។ ប៉ុន្តែពេលបញ្ចប់ការបិទខ្ទប់ពលរដ្ឋនៅក្នុងស្រុកដូចជានៅរាជធានីភ្នំពេញក៏ចាប់ផ្ដើមធ្វើដំណើរ និងទៅមើលទីតាំងគម្រោងអភិវឌ្ឍន៍ធ្វើឱ្យសកម្មភាពនៃការពុះ និងលក់ដីងើបបន្តិចឡើងវិញ យ៉ាងណាក៏ដោយក៏ វាមិនដូចនឹងមុពេលមានវិបត្តិនៃព្រឹត្តិការណ២០កុម្ភៈ ២០២១នោះដែរ។

លោកបន្ថែមថា បើនិយាយជាទូទៅអ្នកអភិវឌ្ឍន៍ដ៏ឡូត៍មួយចំនួនធំបានបាត់មុខបាត់មាត់ ដោយមិនឃើញចុះមកអភិវឌ្ឍគគ្រឹកគគ្រេង ដូចមុនទៀតឡើយ តែមានមួយចំនួនតូចនៅតបន្តសកម្មភាពរបស់ខ្លួន ទោះបីជាមានភ្ញៀវមកទិញតិចតួចជាងមុនក្ដី។

ដោយឡែកលោកវណ្ណា ភ្នាក់ងារលក់ដីឡូត៏នៅជាយរាជធានីភ្នំពេញក៏បានឱ្យដឹងថា កាលពីមុនរូបលោកក៏ដូចជាក្រុមការងារអត់បានចេញទៅណានៅតែផ្ទះ ហើយក៏មិនមានភ្ញៀវស្វែងរកទិញដីដែរ ព្រោះម្នាក់ៗជាប់បម្រាម តែក្រោយពេលមានការប្រកាសបញ្ចប់បម្រាមនៅតំបន់ខ្លះ រូបលោក និងក្រុមការងារចាប់ផ្ដើមចេញទៅកាន់តំបន់ទីតាំងអភិវឌ្ឍន៍ ដើម្បីរៀបចំលក់ជូនភ្ញៀវដែលមករកដីឡូត៏ តែយ៉ាងណាបើធៀបនឹងស្ថានភាពមុនគឺខុសគ្នាឆ្ងាយ។ ពេលនេះមិនសូវមានភ្ញៀវចុះមកមើលដី និងទិញនោះទេ គឺមានតិចតួចប៉ុណ្ណោះ ៕

ហេតុអ្វីវេទិកាសេដ្ឋកិច្ចពិភពលោកជ្រើសយកប្រទេសកម្ពុជាជាដៃគូរបស់ខ្លួន មានមូល   ដ្ឋានអ្វីខ្លះ?

          ដោយៈតារា

ភ្នំពេញៈ វេទិកាសេដ្ឋកិច្ចពិភពលោក បានសម្រេចជ្រើសយកកម្ពុជា ព្រោះកម្ពុជា​សម្រេចបាននូវភាពជោគជ័យដ៏ធំធេង ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ការសម្រេចបានកំណើនសេដ្ឋកិច្ចមធ្យមប្រមាណ៧%, ជាពិសេសកម្ពុជាមានកិច្ចសហការល្អ រវាងរាជរដ្ឋាភិបាល និងផ្នែកឯក និងកម្ពុជាអាចជួយប្រទេសផ្សេងទៀត ក្នុងការរៀនសូត្រពីជ្រុងសំខាន់ៗផងដែរ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក​សុខ ចិន្តាសោភាបានមានប្រសាសន៍ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៃការរៀបចំពិធីដាក់ឱ្យដំណើរការនូវប្រព័ន្ធទិន្នន័យ ស្តីពីសន្ទានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ សំដៅផ្តល់កិច្ចសម្រួលវិនិយោតសម្រាប់អភិវឌ្ឍន៍ចីរភាព តាមប្រព័​ន្ធវីដេអូ នៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១ ថា ព្រឹត្តិការណ៍នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីផ្តល់នូវថ្នាលបច្ចេកវិទ្យាព័ត៌មាន សម្រាប់សម្រួលដល់ការធ្វើសន្ទានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ រវាងអ្នកផ្គត់ផ្គង់ក្នុងស្រុក និងអ្នកវិនិយោគ ដោយផ្តោតលើការផ្តល់កិច្ចសម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព។

លោកបានស្នើសុំឱ្យតួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមប្រើប្រាស់ប្រព័ន្ធទិន្នន័យនេះឱ្យបានទូលំទូលាយ និងសង្ឃឹមយ៉ាងមុតមាំថា អ្នកវិនិយោគ និងក្រុមហ៊ុនបរទេស នឹងមើលឃើញថា កម្ពុជាកំពុងបង្កើតនូវបរិស្ថានវិនិយោគ ដែលស្វាគមន៍វត្តមានរបស់ពួកគេ ខណៈ​កម្ពុជាបានខិតខំជំរុញការវិនិយោគ ដែលមានទង្វើរធុរកិច្ចប្រកបដោយការទទួលខុស​ត្រូវ និងមានចីរភាព។

ជាមួយគ្នានេះ លោកបណ្ឌិត Matthew Stephenson នាយកគោលនយោបាយ និងសហគមន៍នៃនាយកដ្ឋានវិនិយោត និងពាណិជ្ជកម្មអន្តរជាតិបានថ្លែងថា ក្រុមហ៊ុនបរទេសដែលស្វែងរកការវិនិយោគ អនុលោមតាមគោលការណ៍បរិស្ថាន សង្គម និងអភិ បាលកិច្ច អាចដាក់ការវិនិយោគនៅកម្ពុជា ជាមួយក្រុមហ៊ុនក្នុងស្រុក ដែលកំពុងប្រតិបត្តិការប្រកបដោយចីរភាព ហើយក្រុមហ៊ុនកម្ពុជាដទៃទៀត អាចបង្វែរការតម្រង់ទិសប្រតិ​បត្តិការធុរកិច្ចរបស់ខ្លួន ទៅរកការអភិវឌ្ឍប្រកបដោយចីរភាពកាន់តែច្រើនទៀត ដើម្បីទាក់ទាញការធ្វើធុរៈកិច្ច រួមគ្នាជាមួយនឹងក្រុមហ៊ុនបរទេស សំដៅលើកកម្ពស់ការធ្វើសន្ទានកម្មខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក។

ការជ្រើសរើសកម្ពុជា ជាដៃគូពិភាក្សារបស់វេទិកាសេដ្ឋកិច្ចពិភពលោក លើការផ្តល់កិច្ចសម្រួលវិនិយោគ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គឺឈរលើមូលដ្ឋានរឹងមាំរបស់កម្ពុជា ដែលមានគោលនយោបាយបើកចំហរដ៏ប្រសើរ ចំពោះការវិនិយោគពីសំ ណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ។

បន្ថែមពីលើនេះ មានមូលហេតុសំខាន់ៗចំនួនបី ដែលវេទិកាសេដ្ឋកិច្ចពិភពលោកសម្រេចជ្រើសយកកម្ពុជា ជាដៃគូក្នុងដំណើរការនេះ ទី១ កម្ពុជាសម្រេចបាននូវភាពជោគជ័យដ៏ធំធេង ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ក្នុងកំណើនគួរឱ្យមោទនៈជាមធ្យមប្រមាណជាង ៥០% ចាប់ពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ន ហើយវិធានការផ្តល់កិច្ចសម្រួលវិនិយោតបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវជោគជ័យនេះ។ ទី២ខណៈពេលដែលកម្ពុជា ត្រូវការការអភិវឌ្ឍស្របពេល ដែលកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណជា ៧% តាំងពីឆ្នាំ ២០១១ មក បទពិសោធន៍របស់កម្ពុជា ក្នុងការធ្វើអានុភាវូបនីយកម្មការវិនិយោគ សម្រាប់ការអភិវឌ្ឍអាចជួយប្រទេសផ្សេងទៀត ក្នុងការរៀនសូត្រពីជ្រុងសំខាន់ៗ នៃការអភិវឌ្ឍពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគនៅកម្ពុជា។ ទី៣ កម្ពុជាបានក្រសោបយកនូវកិច្ចសហការធ្វើការរួមគ្នា រវាងរាជរដ្ឋាភិបាលនិងផ្នែកឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ។

ចំណែកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើក១៨ កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ បានបង្ហាញនូវការគាំទ្រយ៉ាងសកម្មពីរាជរដ្ឋាភិបាល សម្រាប់កិច្ចសហការគ្នារវាងរដ្ឋ និងឯកជន ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគបន្ថែមទៀត ដែលប្រការនេះ គឺស្របគ្នានឹងបេសកកម្ម របស់វេទិកាសេដ្ឋកិច្ចពិភពលោក ។ ឈរលើមូលដ្ឋានខាងលើនេះ វេទិកាសេដ្ឋកិច្ចពិភពលោកនិងកម្ពុជា បានធ្វើការរួមគ្នាដើម្បីចែករំលែកនូវរបកគំហើញ និងឧត្តម្មានុវត្តស្តីពី ការផ្តល់កិច្ចសម្រួលវិនិយោគ ជាពិសេសដំណើរការនៃការរៀបចំប្រព័ន្ធទិន្នន័យស្តីពី សន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ សំដៅផ្តល់កិច្ចសម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាពជាមួយប្រទេសដទៃទៀត ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងក្របខណ្ឌតំបន់ដទៃទៀត៕

 

អត្ថបទ៖ សុន រ៉ាឌី,

រូបភាព៖ (ឯកសារ រោងចក្រ សហគ្រាសកំពុងដំណើរការ, ការនាំចេញចូលជាដើម)

ផ្សារទំនើបរួចពន្ធចិនធំមួយនៅកាស៊ីណូ Naga ប្រកាសបើកដំណើរការឡើងវិញ

ដោយៈ ប៊ី

ភ្នំពេញៈ ផ្សារទំនើបរួចពន្ធ ដែលប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group (CDFG) នឹងក្លាយជាផ្សារទំនើបទីមួយនៅកាស៊ីណូ NagaWorld ភ្នំពេញ ដែលបើកដំណើរការឡើងវិញនៅថ្ងៃនេះ ខណៈទីក្រុងភ្នំពេញ បានចាប់ផ្តើមបន្ធូរបន្ថយការរឹត​ត្បិតមួយចំនួន ដែលបណ្តាលមកពីវិបត្តិកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ASGAM។

ក្រុមហ៊ុន Naga បានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា ខ្លួនបានទទួលដំណឹងពីក្រុមហ៊ុន CDFG អំពីគោលបំណងបើកផ្សារទំនើបនេះឡើងវិញ ដែលមានបរិវេណNagaCity Walk ក្រោមប្រព័ន្ធបែងចែកតបន់ចរាចរណ៍ថ្មីរបស់ទីក្រុង។

កាស៊ីណូ Naga មានទីតាំងស្ថិតនៅក្នុង “តំបន់លឿង” ដែលអាជីវកម្មទាំងអស់ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ លើកលែងតែសាលារៀន ក្លឹបរាត្រី ក្លឹបកម្សាន្តឌីស្កូ ភោជនីយដ្ឋាន សួនកម្សាន្ត កន្លែងម៉ាស្សាហាងលក់ស្រា រោងភាពយន្ត សារមន្ទី រក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។

បុគ្គលិកនិងអ្នកទស្សនាទាំងអស់ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យសីតុណ្ហភាព ពាក់របាំងមុខ និងរក្សាគម្លាតសង្គម។

ជាមួយគ្នានេះដែរ មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថា តើកាស៊ីណូ Naga នឹងចាប់ដំណើរការឡើងវិញនៅពេលណាឡើយ ដោយក្រុមហ៊ុនគ្រាន់តែបញ្ជាក់ថា “នៅកា​លបរិច្ឆេទនៃការប្រកាសនេះ លើកលែងតែផ្សារទំនើប របស់ក្រុមហ៊ុនCDFG បើកដំណើរការវិញនៅផ្សារទំនើប NagaCity Walk នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២១នេះ ប៉ុន្តែអាជីវកម្មផ្សេងៗនៅបរិវេណ Naga មិនទាន់បើកដំណើរការឡើងវិញនៅឡើយទេ”៕

សមាគម CVEA នឹងរៀបចំសន្និសីទសារព៌តមានស្តីពីបច្ចុប្បន្នភាពនៃទីផ្សារអចលនវត្ថុ ក្នុងអំឡុងវិបត្តិកូវីដ

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា #CVEA នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី៖ “បច្ចុប្បន្នភាពនៃទីផ្សារអចលនវត្ថុ ក្នុងអំឡុងពេលកូវីដ-១៩” ដែលនឹងប្រព្រឹត្តនៅ ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ តាមរយៈ កម្មវិធី Zoom វេលាម៉ោង ០៩:៣០ នាទីព្រឹក ។

សន្និសីទដ៏សំខាន់នេះមានការចូលរួមពីលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកលឹម សុជាតិប្រធានក្រុមប្រឹក្សាភិបាលសមាគមCVEA លោកឧកញ៉ាចេង ខេងអគ្គនាយកក្រុមហ៊ុនCPL លោកសន សៀបអគ្គនាយកក្រុមហ៊ុនKey Real Estate។ អាស្រ័យហេតុនេះ សូម សមាជិក-សមាជិកា អ្នកសារព័ត៍មានជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៍មាន ។ សូមទំនាក់ទំនងទូរសព្ទលេខ 017 615 894 |  010 510 259 ។ Join Zoom link : t.ly/qvba, Meeting ID: 825 6039 6573៕