ក្រុមហ៊ុន Zipmex ជួយ​សម្រួល​ការទូទាត់​ការទិញ​ខុន​ដូ​តាមរយៈ Crypto Currency ជា​លើកដំបូង​នៅ​អាស៊ីអាគ្នេយ៍

ដោយៈ​សុខុម

សិង្ហ​បុរី:  យោងតាម​គេហទំព័រ Business Times ឱ្យដឹងថា ក្រុមហ៊ុន​ប្ដូរ​រូបិយប័ណ្ណ​អេឡិចត្រូនិក Zipmex ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល នៅ​ប្រទេស​សិង្ហ​បុរី​បានប្រកាសថា ខ្លួន​នឹង​ជួយ​សម្រួលការ​ទូទាត់​ថ្លៃ​ខុន​ដូ​ប្រណីត ជាមួយ​រូបិយប័ណ្ណ​អេឡិចត្រូនិក (Cryptocurrency) ដំបូងបង្អស់​នៅ​អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុន Zipmex បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ទី១២ ឧសភា​ថា ខ្លួន​បាន​ចាប់​ដៃគូ​សហការ ជាមួយ​ក្រុមហ៊ុន​ថៃ One.Six Development ជា​ក្រុមហ៊ុន​ស្ថិតនៅ​ពីក្រោយ​គម្រោង​ខុន​ដូ​ប្រណីត មាន​ឈ្មោះថា The Strand ដើម្បី​ជួយ​សម្រួល​ដល់​ការទូទាត់ ដោយ​រូបិយប័ណ្ណ​អេឡិចត្រូនិក​លើ​អន​ឡាញ Platform របស់​ក្រុមហ៊ុន Zipmex។

លោក Marcus Lim នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Zipmex បាន​លើកឡើងថា “ជាមួយនឹង​ការបន្ថែម​ក្រុមហ៊ុន One.Six ទៅក្នុង​បណ្ដាញ​ទូទាត់ ZipSpend របស់​យើង​នឹង​ផ្លាស់ប្ដូរ​បទពិសោធន៍​ទិញ​អចលនទ្រព្យ។ លោក​បន្តថា “ពេលខ្លះ​ការផ្ទេរ​ប្រាក់​តាម​ធនាគារ​ក្នុង​ទំហំ​នេះ អាច​ចំណាយពេល​ច្រើន​ថ្ងៃ ប៉ុន្តែ​ការទូទាត់​ដោយ​រូបិយប័ណ្ណ​អេឡិចត្រូនិក មិន​ថា​ទំហំ​ប៉ុណ្ណា​នោះទេ គឺ​ចំណាយ​ពេលធ្វើ​ប្រតិបត្តិការ​តែ​ប៉ុន្មាន​វិនាទី ហើយ​ត្រូវបាន Confirm (បញ្ជាក់ថា​ប្រតិបត្តិ​ការត្រឹមត្រូវ) តែ​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

ក្រុមហ៊ុន Zipmex ក៏បាន​ជួយ​សម្រួលការ​ទូទាត់​ថ្លៃ​ទិញ​រថយន្ត Lamborghini និង​រថយន្ត Tesla ជាមួយ​រូបិយប័ណ្ណ​អេឡិចត្រូនិក Bitcoin ដំបូងបង្អស់​នៅ​អាស៊ី​ផងដែរ។ ZipSpend ដែលជា​បណ្តាញ​ទូទាត់​របស់​ក្រុមហ៊ុន Zipmex ក៏​អនុញ្ញាតឱ្យ​អ្នក​ស្រលាញ់​ចូលចិត្ត​សិល្បៈ​គំនូរ​ទិញ​ផ្ទាំងគំនូរ ឬ​វត្ថុ​សិល្បៈ​ដោយ​ទូទាត់ ដោយ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ផងដែរ។

Platform ទូទាត់​មួយ​នេះ បានធ្វើ​ប្រតិ​ប​តិ្ត​ការទូទាត់ ក្នុង​ទំហំ​សរុប​ជាង១ពាន់​លាន​ដុល្លារ​អាមេរិក ចាប់តាំងពី​ដំណើរការ​កាលពី​ចុងឆ្នាំ២០១៩ ។

លោក Chawin Athakravisunthorn នាយក​គ្រប់គ្រង​ក្រុមហ៊ុន One.Six Development បាន​លើកឡើងថា ការចាប់​ដៃគូ​សហការ​ជាមួយ Zipmex ដោយ​ទទួលយក​រូបិយប័ណ្ណ​អេឡិចត្រូនិក គ្រាន់តែ​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ ព្រោះ​ក្រុមហ៊ុន​មាន​គោលដៅ​ទាក់ទាញ​វិនិយោគិន នៅ​ទូទាំង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់​គម្រោង​របស់ខ្លួន​នាពេល​អនាគត៕

តើ​អ្នកណា​ជា​អ្នក​មានប្រៀប​ក្នុង​កំឡុង​វិបត្តិ​កូ​វីដ១៩ ខណៈ​អ្នកលក់​អចលនទ្រព្យ​នៅតែ​ចង់បាន​តម្លៃ​ថ្លៃ

ដោយៈ វ​ឌ្ឈ​នៈ

ភ្នំពេញៈ នៅក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វី​ឌ១៩ និង​ឈានទៅដល់​វិបត្តិ​សេដ្ឋកិច្ច និង​អចលនទ្រព្យ​ផងដែរ​នោះ ការទិញ​លក់​អចលនទ្រព្យ ហាក់ដូចជា​មិនសូវ​ត្រូវរ៉ូវ​គ្នា​ប៉ុន្មាន​នោះទេ ពោល​អ្នកទិញ​ចង់បាន​តម្លៃ​ទាប ចំណែកឯ​អ្នកលក់​វិញ​ក៏​ចង់បាន​តម្លៃ​ខ្ពស់ ដើម្បី​បាន​ប្រាក់ចំណេញ​ច្រើន ទោះបីជា​ក្នុង​ពេលនេះ​ខ្លួន​កំពុង​ត្រូវការ​ទុន​ដើម្បី​ដោះស្រាយ​ក្ដី។

លោក​ឌឹ​ត ច​ណ្ណា ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី​ឱ្យដឹងថា ទោះបី​ជាមាន​វិបត្តិ​ដោយសារតែ​កូ​វីដ​ក្តី និង​បានធ្វើឱ្យ​ដំណើរការ​នៃ​សេដ្ឋកិច្ច​គាំង ក្នុង​វិស័យ​អចលនទ្រព្យ​ផងដែរ​ក៏ដោយ តែបើ​ក្រលេក​ទៅ​មើល​តម្លៃ​នៃ​អចលនទ្រព្យ​វិញ នៅតែ​ខ្ពស់​ដដែល​ដោយ​មិនមាន​ការធ្លាក់ចុះ​នោះទេ។

លោក​បន្តថា “អ្នកទិញ​ចង់បាន​អចលនទ្រព្យ ដែលមាន​តម្លៃ​ទាប​ជាង​ទីផ្សារ តែ​អ្នកលក់​ក៏​មិន​បញ្ចុះតម្លៃ​ច្រើន ទៅតាម​ការចង់បានរ​បស់​អ្នកទិញ​ដែរ​ក្នុង​វិបត្តិ​នេះ ដែល​ធ្វើឱ្យ​ការទិញ​លក់​មិនសូវ​ជា​ត្រូវរ៉ូវ​គ្នា” ។

លោក​ឌឹ​ត ច​ណ្ណា បាន​បន្តថា អ្នកទិញ​គេ​អាង​ថា​លុយ​គេ​នៅក្នុង​ខ្លួនគេ ហើយ​អត់​បញ្ចេញ​ក៏​អត់​មាន​អ្វី​ត្រូវ​ខាត​ដែរ ហើយ​អ្នកលក់​ក៏​គិតថា​របស់គេ​នៅតែ​របស់គេ បើ​គេ​មិន​លក់​ក៏​មិន​បាត់បង់​ដែរ គឺ​នៅតែ​ជា​របស់គេ ចាំ​ពេល​ផុត​វិបត្តិ​ចាំ​លក់​ក៏​មិន​ខាត តែ​សម្រាប់​អ្នក​ដែល​ត្រូវ​ការលក់​បន្ទាន់​គេ ក៏បាន​បញ្ចុះតម្លៃ​មួយកម្រិត​ដើម្បីឱ្យ​ត្រូវ​ថ្លៃ​គ្នា ទើប​ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​ខ្លះ មើលទៅ​ទាប​ជាង​ទីផ្សារ​បន្តិច​តែ​វា​មិន​ទូទៅ​នោះទេ។

ដោយឡែក​លោក​កែវ សុជាតិ ភ្នាក់ងារ​អចលនទ្រព្យ​មួយរូប​នៅ​ខេត្តកំពត​បាន​និយាយថា ការទិញ​លក់​ដីធ្លី​នៅក្នុង​ខេត្តកំពត អ្នកទិញ​ទាមទារ​ឱ្យ​ម្ចាស់​ដី​បញ្ចុះតម្លៃ៤០ទៅ៥០ភាគរយ​ទើប​គេ​ព្រម​ទិញ។ ចំណែក​អ្នកលក់​គាត់​អាចមាន​លទ្ធភាព បញ្ចុះ​ត្រឹម១០ទៅ២០ភាគរយ ហើយ​តំបន់​ខ្លះ​អាច​បញ្ចុះ​ដល់​ទៅ៣០ភាគរយ។

តែ​សម្រាប់​តំបន់​ណា ដែល​អ្នកទិញ​ចង់បាន គេ​អាច​ត្រូវរ៉ូវ​គ្នា​ត្រឹម​បញ្ចុះ២០ភាគរយ​ក៏​យក​ដែរ ។

លោក​សុជាតិ​បាន​បន្តថា អ្នកទិញ​ខ្លះទៀត​ចង់បាន​ការបញ្ចុះ​តម្លៃ​ច្រើន​ហើយ ត្រូវ​រើស​មើល​ទីតាំង​ទៀត តំបន់​ណា​ល្អ​ទើប​គេ​ព្រម​ទិញ​ហើយ ត្រូវ​បញ្ចុះតម្លៃ​ច្រើន​តាម​ការចង់បាន​រប​ស់​គេ ទើប​ធ្វើឱ្យ​ការទិញ​លក់​មួយរយៈ​ក​ន្ល​ង​មក មិនសូវ​មានការ​ត្រូវ​គ្នា​រវាង​អ្នកទិញ​និង​អ្នកលក់។

លោក​បន្តថា “អ្នកស្វែងរក​ទិញ​ដី​សម្រាប់​វិនិយោគពិតៗ គេ​នៅតែ​ស្វែង​ករក​និង​ទិញ​នូវ​ទីតាំង​ណា​ដែល​គេ​គិតថា ស័ក្ដិសម​សម្រាប់​គេ​វិ​និ​យោ​គិ​នៅពេល​អនាគត ទោះបី​មិនមាន​ការបញ្ចុះ​តម្លៃ​ច្រើនក្ដី” ៕

ធនាគារ​ហូ​ឡង់ FMO ស្នើ​ផ្តល់​ឥណទាន២០លាន​ដុល្លារ​ដល់​ធនាគារ​ធំ​មួយ​នៅ​កម្ពុជា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ប្រភពព័ត៌មាន​មួយ​បានឱ្យដឹងថា ធនាគារ​អភិវឌ្ឍន៍​ហូ​ឡង់ FMO បានស្នើ​សុំ​ផ្តល់​ឥណទាន (កម្ចី) ២០លាន​ដុល្លារ​អាមេរិក ទៅឱ្យ​ធនាគារ​ស្ថាបនា ដែលជា​ធនាគារ​ឈានមុខ​គេ​មួយ​របស់​ប្រទេស​កម្ពុជា ទាក់ទង​នឹង​ផលប័ត្រ​ឥណទាន។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​គេ​ទំព័រសារព័ត៌មាន Deal Street Asia នៅ​ថ្ងៃ១២ ខែឧសភា ឆ្នាំ២០២១ ។

FMO (ស្ថាប័នហិរញ្ញវត្ថុ​អភិវឌ្ឍន៍​ប្រទេស​ហូ​ឡង់) គឺជា​ធនាគារ​អភិវឌ្ឍន៍​ហូ​ឡង់ ដែល​គាំទ្រ​ការរីកលូតលាស់​វិស័យ​ឯកជន ប្រកបដោយ​និរន្តរភាព ក្នុងការ​អភិវឌ្ឍ និង​ទីផ្សារ​កំពុង​អភិវឌ្ឍ តាមរយៈ​ការវិនិយោគ​សម្រាប់​សហ​គ្រិន​ដែលមាន​មហិច្ឆតា។

FMO ជឿថា​វិស័យ​ឯកជន​មួយ ដែល​រឹងមាំ​នាំឱ្យមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ការផ្តល់អំណាច​ដល់​ប្រជាជន តាមរយៈ​ការផ្តល់​ការងារ​តាម​ជំនាញ​របស់​ពួកគាត់ និង​បង្កើន​កម្រិតជីវភាពរ​បស់​ពួកគាត់។

FMO បាន​ផ្តោត​សំខាន់​លើ​វិស័យ​បី ដែលមាន​ឥទ្ធិពល​ដល់​ការអភិវឌ្ឍ​ខ្ពស់ រួមមានៈ ស្ថាប័នហិរញ្ញវត្ថុ, ថាមពល, និង​វិស័យ​កសិពាណិជ្ជកម្ម ស្បៀងអាហារ និង​ទឹក ។ ផ្អែកលើ​ទំហំ​វិនិយោគ​ចំនួន៨,៨ពាន់​លាន​អឺរ៉ូ FMO គឺជា​ធនាគារ​អភិវឌ្ឍ​វិស័យ​ឯកជន​ទ្វេភាគី​អឺរ៉ុប​ធំជាងគេ​មួយ​ក្នុងចំណោម​ធនាគារធំៗទាំងឡាយ។

យ៉ាងណាក៏ដោយ​ធនាគារ​នេះ មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ឈ្មោះ​ធនាគារ​នៅ​កម្ពុជា ដែល​ខ្លួន​នឹង​ផ្តល់​កម្ចី​ជូន​នោះ​នៅឡើយ​ទេ៕

តើ​អ្វី​ជា​កម្មសិទ្ធិ​អចលនទ្រព្យ៦ប្រភេទ ដែល​បានចែង​នៅ​កម្ពុជា?

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ប្រ​រ​ជា​ជន​ភាគច្រើន​តែងតែ​យល់ថា កម្មសិទ្ធិ​អចលនវត្ថុ​មានតែ២ប្រភេទ​ប៉ុណ្ណោះ​គឺ កម្មសិទ្ធិឯកជន និង​កម្មសិទ្ធិ​រដ្ឋ ប៉ុន្តែ​បើ​យោងតាម​ច្បាប់​ភូមិបាល​ឆ្នាំ២០០១ និង​ក្រមរដ្ឋប្បវេណី​ឆ្នាំ២០០៧ កម្មសិទ្ធិ​លើ​អចលនវត្ថុ ត្រូវបាន​បែងចែក​ជា៦ទម្រង់​ឯណោះ។

តោះ​មក​ស្វែងយល់​ទាំងអស់គ្នា​ថា តើ​មាន​ប្រភេទ​អ្វីខ្លះ?

១) កម្មសិទ្ធិឯកជន

កម្មសិទ្ធិ​ប្រភេទ​នេះ គឺ​កម្មសិទ្ធិ​លើ​ទ្រព្យ​ដែល​យើង​ស្គាល់​ទូទៅ ឧទាហរណ៍​ដូចជា​ដី ឬ​ផ្ទះ ដែល​យើង​កាន់កាប់​ដោយមាន​ប្លង់​ត្រឹមត្រូវ​ជាដើម។ តាម​មាត្រា១៣៨ នៃ​ក្រមរដ្ឋប្បវេណី បុគ្គល​ដែលមាន​បណ្ណ​កម្មសិទ្ធិ អាច​ប្រើប្រាស់ អាស្រ័យ​ផល និង​ចាត់ចែង​លើ​អចលនវត្ថុ​ទាំងនោះ​ស្របច្បាប់។

២) កម្មសិទ្ធិ​អវិភាគ

កម្មសិទ្ធិ​អវិភាគ គឺ​អចលនទ្រព្យ​ដូចជា​ដី ឬ​ផ្ទះ ដែលមាន​ម្ចាស់​ច្រើន​អ្នក ប៉ុន្តែ​ទ្រព្យ​នោះ​មិនអាច​ពុះ​ចែកគ្នា​បានទេ។ និយាយ​ឱ្យ​ងាយ​យល់ ឧទាហរណ៍ ការចូល​លុយ​គ្នា​ទិញ​ផ្ទះមួយ​ខ្នង​ចំនួន១០នាក់ ផ្ទះ​នោះ​មិនអាច​ពុះ​ចែកគ្នា​ជា១០ បានទេ ហើយ​ម្ចាស់​ទាំង១០ ក៏​នឹង​ទទួលបាន​ប្លង់រឹង​តែមួយ​សន្លឹក​ប៉ុណ្ណោះ។ ដូច្នេះ​បើ​ចង់​លក់​អចលនទ្រព្យ គឺ​ត្រូវមាន​ការយល់ព្រម​ពី​ម្ចាស់​គ្រប់រូប។

ដូចគ្នានេះ​ម្ចាស់ម្នាក់ៗ ក៏​អាច​លក់​ចំណែក​របស់ខ្លួន​បាន ដូច​ការលក់​ភាគហ៊ុន​ដូច្នោះ​ដែរ ប៉ុន្តែ​ត្រូវមាន​ការយល់ស្រប​ពី​ម្ចាស់​ផ្សេងទៀត ហើយ​ត្រូវយក​ប្លង់​ទៅ​ចុះឈ្មោះ​ឡើងវិញ​ជាមួយ​អាជ្ញាធរ។ ដូច្នេះ ក្នុងនាម​ជា​អ្នកទិញ ជាបឋម​អ្នក​ត្រូវ​ចេះ​មើល​ចំណារ​នៅ​ខាងក្រោយ​ប្លង់រឹង​នោះ ថា​តើ​អចលនទ្រព្យ​នោះ ជា​ទ្រព្យ​អវិភាគ​ឬ​យ៉ាងណា ហើយ​មាន​ម្ចាស់​ប៉ុន្មាន​នាក់។

ប៉ុន្តែ​មុននឹង​សម្រេចចិត្ត​ទិញ គួរ​សាកសួរ​ទៅកាន់​អាជ្ញាធរ​ក្រសួង​ដែនដី ដើម្បី​ទទួលបាន​ព័ត៌មាន​ជាក់លាក់។

៣) សហកម្មសិទ្ធិ

ទ្រព្យ​សហកម្មសិទ្ធិ គឺជា​ទ្រព្យ​ដែលមាន​ម្ចាស់​កម្មសិទ្ធិ​ច្រើន​អ្នក តែ​ខុសពី​ទ្រព្យ​អវិភាគ ដោយ​ទ្រព្យ​នោះ​ត្រូវបាន​ពុះ​ជា​កម្មសិទ្ធិ​ឱ្យ​ម្ចាស់ម្នាក់ៗ ហើយ​ម្ចាស់ម្នាក់ៗមាន​ប្លង់រឹងរៀងៗខ្លួន ប៉ុន្តែ​ចំណែក​ដែល​សេសសល់​ជា​ចំណែក​រួម។ (មាត្រា១៧៥ នៃ​ច្បាប់​ភូមិបាល)និយាយ​ឱ្យ​ងាយ​យល់ គឺ​អចលនទ្រព្យ​សហកម្មសិទ្ធិ សំដៅលើ​ខុន​ដូ ឬ​ដី​ឡូ​តិ៍​ជាដើម ដែល​ម្ចាស់ម្នាក់ៗមាន​ប្លង់​សម្រាប់​យូ​នីតរៀងៗខ្លួន ប៉ុន្តែ​កន្លែង​សាធារណៈ​ដូចជា សួនច្បារ អាង​ហែល​ទឹក ឬ​ជណ្ដើរយន្ត ជា​កម្មសិទ្ធិ​រួមគ្នា មិនមែនជា​របស់​នរ​ណា​ម្នាក់​ទេ។

សហកម្ម​សិទ្ធ​ករ​ដែល​កំពុង​កាន់កាប់ ឬ​ជួល​អចិន្ត្រៃយ៍​នៅលើ​ចំណែក​ឯកជន នៃ​អគារ​សហកម្មសិទ្ធិ​នេះ ត្រូវ​មក​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី ជាមួយនឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច។

៤) កម្មសិទ្ធិ​សមូហភាព

កម្មសិទ្ធិសហគមន៍ ឬ​សមូហភាព សំដៅលើ​អចលនវត្ថុ​របស់​វត្ត​អារាម និង​អចលនវត្ថុ​របស់​សហ​គម​ន៍​ជនជាតិដើម​ភាគតិច។ អ្នកទិញ​ត្រូវ​ប្រុងប្រយ័ត្ន ព្រោះ​យោងតាម​មាត្រា២០ និង២៣ នៃ​ច្បាប់​ភូមិបាល​ឆ្នាំ២០០១ អចលនទ្រព្យ​ប្រភេទ​នេះ មិនអាច​យកទៅលក់ ផ្លាស់ប្តូរ ធ្វើ​អំណោយ ឬ​កាន់កាប់​ដោយ​បុគ្គល​ផ្សេង​បានឡើយ។

ជាក់ស្ដែង​នៅលើ​ប្លង់រឹង(វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ) នឹងមាន​ការបញ្ជាក់​ពី​ប្រភេទ​កម្មសិទ្ធិ​នេះ។

៥) កម្មសិទ្ធិសាធារណៈ​រប​ស់រ​ដ្ឋ

ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មានដូចជា ស្ពាន ផ្លូវ សួនច្បារ សាលារៀន​រដ្ឋ មន្ទីរពេទ្យ​រដ្ឋ ប្រាសាទ បឹងបួរ ទន្លេ សមុទ្រ អគារ​រដ្ឋបាល ព្រៃឈើ​ជាដើម។ តាម​មាត្រា១៥ និង១៦ នៃ​ច្បាប់​ភូមិបាល ទ្រព្យ​នេះ​ជា​កម្មសិទ្ធិរួម សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈជន​ទូទៅ ហើយ​មិនអាច​លក់ដូរ​បាន​ដាច់ខាត។

៦) កម្មសិទ្ធិឯកជន​រប​ស់រ​ដ្ឋ

ទ្រព្យ​ឯកជន​របស់​រដ្ឋ មានន័យថា គឺ​អចលនទ្រព្យ​ដែល​ធ្លាប់ជា​របស់​រដ្ឋ ដែល​ត្រូវបាន​ផ្ទេរ​ទៅឱ្យ​ឯកជន ក្នុង​ទម្រង់ផ្សេង។ ទ្រព្យសម្បត្តិ​ប្រភេទ​នេះ ភាគច្រើន​ជា​ដី​សម្បទាន​សេដ្ឋកិច្ច និង​ដី​សម្បទាន​សង្គមកិច្ច ដែល​រដ្ឋ​បាន​លក់ ឬ​ជួល​ទៅឱ្យ​ឯកជន។

ដូច្នេះ ក្រោយ​ការផ្ទេរ ទ្រព្យ​នេះ​គឺអាច​លក់ដូរ ជួល ឬ​ផ្ទេរកម្មសិទ្ធិ​បាន តែ​ត្រូវ​ឋិត​ក្រោម​ការកំណត់​របស់​ច្បាប់ (មាត្រា១៦ ច្បាប់​ភូមិបាល)៕

ក្រុមហ៊ុន​ពាណិជ្ជកម្ម​អាមេរិក​ធំ​មួយ​គ្រោង​បើក​ការិយាល័យ​នៅ​កម្ពុជា​និង​បណ្តាប្រទេសមួយ​ចំនួន​ក្នុង​តំបន់

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន​ធ្វើ​ពាណិជ្ជកម្ម​គ្រាប់​ធញ្ញជាតិ​អាមេរិក ដែលមាន​អាយុកាល​មួយ​សតវត្សរ៍ ត្រៀម​មក​វិនិយោគ​នៅ​អាស៊ី ហើយនឹង​បើក​ការិយាល័យ​ថ្មី​ជាច្រើន​នៅ​អាស៊ី ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ ដោយសារ​កំណើន​ចំនួន​ប្រជាជន​នៅ​តំបន់​នេះ នឹង​ជំរុញឱ្យមាន​តម្រូវការ​ចំណីអាហារ និង​ចំណី​សត្វ។ នេះ​បើ​យោងតាម​ការចេញ​របស់​សារព័ត៌មាន Bloomberg នៅ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។

លោក Adrian Gasparian នាយក​គ្រប់គ្រង​ក្រុមហ៊ុន Scoular Co ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​បាន​ពង្រីក​អាជីវកម្ម​របស់ខ្លួន ទៅកាន់​ឥណ្ឌូនេស៊ី និង​មី​យ៉ាន់​ម៉ា ហើយ​មាន​ផែន​ការបើក​ការិយាល័យ​មួយទៀត នៅក្នុង​តំបន់​ក្នុង​រយៈពេល១២ខែ​ខាងមុខ​ទៀត។

ក្រុមហ៊ុន ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​អូ​ម៉ា​ហា សហរដ្ឋអាមេរិក បច្ចុប្បន្នកំពុង​ធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​ទាំងពីរ ដោយ​ផ្តោតលើ​ការផ្គត់ផ្គង់​ឧស្សាហកម្ម​ម្ហូបអាហារ និង​ចំណីអាហារ​ក្នុងស្រុក ដែល​ផលិត​ចេញពី​សណ្តែកសៀង រហូតដល់​ចំណី​ត្រី។

ទីផ្សារ​កសិកម្ម​នៅ​អាស៊ី​កំពុង​រីកចម្រើន ហើយ​ប្រទេស​ចិន​ទិញ​បរិមាណ​ពោត និង​សណ្តែកសៀង​អាមេរិក​យ៉ាងច្រើន ដើម្បី​ផលិត​ជា​ចំណី​ជ្រូក​ជាដើម។ ប៉ុន្តែ​វា​មិន​ត្រឹមតែ​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ប្រទេស​ឥណ្ឌូនេស៊ី ក៏បាន​ក្លាយជា​ប្រទេស​នាំចូល​ធំ​លំដាប់​ទី២ផងដែរ។ ពាណិជ្ជករ​ក៏ត្រូវ​បាន​ទាក់ទាញ​ឱ្យមាន​កំណើន​ខ្ពស់ នៅក្នុង​កន្លែង ដូចជា​វៀតណាម​និង​ថៃ​ផងដែរ។

លោក Gasparian បាន​ថ្លែងថា “ប្រសិនបើ​អ្នក​សម្លឹងមើល៥ឆ្នាំ​ខាងមុខ រាប់​ចាប់ពីពេលនេះ ខ្ញុំ​គិតថា យើង​នឹងមាន​វត្ត​មាននៅ​កម្ពុជា វៀតណាម ថៃ កូរ៉េ និង​ហ្វីលីពីន” ។ លោក​បន្តថា “ខ្ញុំ​គិតថា តំបន់​អាស៊ីអាគ្នេយ៍ មាន​អត្រាកំណើន​ខ្ពស់ជាង​នេះ ទាំង​ផលិតផល​ក្នុងស្រុក ចំណីអាហារ និង​កំណើន​ឧស្សាហកម្ម​ម្ហូបអាហារ។ ខ្ញុំ​គិតថា ផ្នែក​ខ្លះ​នៃ​អាស៊ី​ខាងជើង​គួរឱ្យ​ចាប់អារម្មណ៍​ផងដែរ” ៕

អភិបាលខេត្ត​កំពង់ស្ពឺ​បង្ហាញ​ពី​សក្តានុពលធំៗចំនូ​ន៥ ដែល​ខេត្តកំពង់ស្ពឺ​លែងត្រូវគេ​មើលរំលង​និង​មើលងាយ

ដោយៈ​គង់ សូរិយា

កំពង់ស្ពឺៈ អភិបាលខេត្ត​កំពង់ស្ពឺ លោក​វ៉ី សំណាង បាន​បង្ហើប​ពី​សក្តានុពលធំៗចំនួន៤ ដែល​ខេត្តកំពង់ស្ពឺ​កំពុងមាន ខណៈ​ពីមុន​ខេត្ត​នេះ​ជា​ខេត្ត​ដែល​គេ​មើលរំលង និង​មើលងាយ​ទៀតហើយ។

លោក​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​សប្តាហ៍​មុន ដោយបាន​មានប្រសាសន៍​ជាមួយ​សំណើច​ថា ពី​មុនគេ​និយាយ​ពី​ខេត្តកំពង់ស្ពឺ “ជា​បុ​ង​បឺ” និយាយ​ពី​តំបន់​រលាក់​កងជើង ពោល​គឺជា​ខេត្ត​ដែល​គេ​មើលងាយ ប៉ុន្តែ​បច្ចុប្បន្ន​តំបន់​រលាក់​កងជើង មាន​ផ្លូវ​កៅស៊ូ​ហើយ។

លោក​បន្តថា “ពីមុន​ជា​ខេត្ត​ដែល​គេ​ទៅ​ហួស មក​ហួស ប៉ុន្តែ​បច្ចុប្បន្ន​កំពង់ស្ពឺ កំពុង​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​យ៉ាង​លឿន” ។

វិស័យ​ជាច្រើន​កំពុងមាន​ភាព​ព​រីកចម្រើន ដូចជា ទី១ មាន​រោងចក្រ សហគ្រាស តំបន់ឧស្សាហកម្ម ទី២ ជា​ខេត្ត Central មួយ ដែល​គំរោង​ហេ​ដ្ឋា​រ​ច​ចនាស​ម្ព័​ន្ឋធំៗថ្នាក់ជាតិ​សុ​ទ្ឋ​តែ​ឆ្លងកាត់​ខេត្ត​នេះ​ដូចជា​ផ្លូវជាតិ​លេខ៣ លេខ៤ លេខ៤១ លេខ៥១ ផ្លួ​វ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ​ជាដើម ទី៣ មាន​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​សម្បូរបែប ទី៤ មានការ​អភិវឌ្ឍ​លើ​វិស័យ​សំណង់ និង​អចល​ទ្រព្យ​យ៉ាងច្រើន និង​ទី៥ ជា​ខេត្ត​មាន​តំបន់​ដាំ​ដុះ​ដំណាំ​កសិកម្ម និង​កសិឧស្សាហកម្ម​ច្រើន សម្រាប់​បំរើ​ឲ្យ​ផលប្រយោជន៍​នៃ​ការនាំចេញ។

លោក​វ៉ី សំណាង បាន​បន្តថា គិត​រហូត​មកទល់ពេលនេះ គម្រោង​អភិវឌ្ឍន៍​សំណង់ ន​និង​អចលនទ្រព្យ និង​គំរោង​អភិ​វ​ឌ្ឈ​ន៍​ជាច្រើន​ទៀត​ដូចជា គម្រោង​សាងសង់​រមណីយ  ដ្ឋា​ន​លំហែរ​កាយ​លំដាប់​អន្តរជាតិ​តម្លៃ៥០០លាន​ដុល្លារ នី​តែ​ដំណើរការ​ទៅមុខ និង​មិនបាន​ផ្អាក​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ១៩ឡើយ។

លោក​បន្ត​ដោយ​សម្តែង​សុទិដ្ឋិនិយម​ថា “ក្រោយពេល​វិបត្តិ​ជំងឺ​នេះ​បញ្ចប់​នៅ​កម្ពុជា និង​នៅតាម​បណ្តា​ប្រទេស​នានា ខេត្តកំពង់ស្ពឺ​នឹង​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​ទៀត​ចូលមក​វិនិយោគ” ៕

ស្វែងយល់​ពី​សក្តានុពល​នៃ​អចលនទ្រព្យ៤ប្រភេទ​មាន​លក្ខណៈ​ខុសគ្នា​បែបណា?

ដោយៈ​សហការី

ភ្នំពេញៈ អចលនទ្រព្យ​ត​ត្រូវបាន​បែងចែក​ជា​ប្រភេទ ឬ​ផ្នែកខុសៗគ្នា​ជាច្រើន ថ្ងៃនេះ​គេហទំព័រ Propertyarea.asia សូម​លើកយក​នូវ​អចលនទ្រព្យ​ចំនូ​ន៤ប្រភេទ សម្រាប់​លោក អ្នកអាន​សិ​ក្ស​ស្វែងយល់។

១-អចលនទ្រព្យ​លំនៅដ្ឋាន

វា​ជា​អចលនទ្រព្យ ដែល​សំដៅ​ដល់​សំណង់​សាងសង់​ថ្មី និង​ផ្ទះ​លក់​ឡើងវិញ ភាគច្រើន​គឺជា​គេហដ្ឋាន​ជាល​ក្ខ​ខណៈ​គ្រួសា។ ក្រៅពីនោះ​មានដូចជា ខុន​ដូ កន្លែង​រស់នៅ​រួម ទីប្រជុំជន ផ្ទះ​សម្រាប់​វិស្សមកាល​ជាដើម។

២-អចលនទ្រព្យ​ពាណិជ្ជកម្ម

អចលនទ្រព្យ​ពាណិជ្ជកម្ម សំដៅ​ដល់​មជ្ឈមណ្ឌល​ផ្សារ​ទំនើប ឬ​បែប​ជា shopping centers និង​ផ្សារ​ទំនើប អាគារ (strip malls ) អគារ​វេជ្ជសាស្ត្រ និង​អប់រំ សណ្ឋាគារ និង​ការិយាល័យ​ជាដើម។

អគារ​ផ្ទះល្វែង ជារឿយៗត្រូវបាន​គេ​ចាត់ទុកថា ជា​ពាណិជ្ជកម្ម​ទោះបី ជា​វា​ត្រូវបាន​ប្រើ​សម្រាប់​ការ​ស្នាក់នៅ​ក៏ដោយ នេះ​ក៏​ព្រោះតែ​គេ​ប្រើ​វា​ជា​កម្មសិទ្ធិ ដើម្បី​ផលិត​ប្រាក់ចំណូល។

៣-អចលនទ្រព្យ​ឧស្សាហកម្ម

អគារ​រោងចក្រ ឧស្សាហកម្ម កន្លែង​ផលិតកម្ម និង​ឃ្លាំង​នានា ត្រូវបាន​គេ​ចាត់ទុកថា​ជា​អចលនទ្រព្យ​ឧស្សាហកម្ម។ អគារ​ទាំងនេះ​អាច​ត្រូវបាន​ប្រើ សម្រាប់​ការស្រាវជ្រាវ ផ្នែក​ផលិតកម្ម ជា​កន្លែង​ផ្ទុក​និង​ចែកចាយ​ទំនិញ។ គេ​ត្រូវធ្វើ​ការបែងចែក​វា​ឲ្យ​បាន​ច្បាស់​រវាង​កន្លែងនីមួយៗដែល​បាន​រៀបរាប់​ខាងលើ ព្រោះ​គោលបំណង​នៃ​ការបែងចែក គឺ​ត្រូវ​កំណត់​ឲ្យ​ដាច់ដោយឡែក​ពីគ្នា​នូវ​តំបន់ (Zone) លក្ខខណ្ឌ​នៃ​ការសាងសង់ ក៏ដូចជា​ការលក់។

៤-ដីធ្លី

ដីធ្លី​សំដៅ​ដល់​ការ​រាប់បញ្ចូល​ទាំង​ដី​ទំនេរ ដីស្រែ​ចំការ និង​កសិដ្ឋាន​ដែល​ត្រូវការ​ប្រើប្រាស់​ដីធ្លីធំៗ វា​ក៏​ត្រូវបាន​គេ​រាប់​ផងដែរ​នូវ ដី​ទំនេរ (ទាំង​មានការ​អភិវឌ្ឍ មិនទាន់​អភិវឌ្ឍ) ការប្រើ​ឡើងវិញ និងផ្សេងៗទៀត៕

រដ្ឋាភិ​បាលកំពុងពង្រឹកការដឹកជញ្ជូនតាមផ្លូវទឹក ខណៈកំពង់ផែទេសចរណ៍ខេត្តកោះកុងនឹងចាប់ផ្តើមសាងសង់នៅថ្ងៃស្អែក

          ដោយៈ តារា

          ភ្នំពេញៈ កំពង់ផែទេសចរណ៍ និងចដឹកជញ្ជូនទំនិញដងទង់ ក្នុងក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃស្អែកទី១៣ ឧសភានេះហើយ។

នេះជាកំពង់ផែទំនិញរាយ និងទេសចរណ៍ដងទង់ក្នុងខេត្តកោះកុង ដែលគំរោងនេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។

មន្ត្រីសាធារណការខេត្តកោះកុង កំពង់ផែថ្មីមួយនេះ នឹងត្រូវសាងសង់ប្រភេទជាបេតុង មានប្រវែងជិត៧០ម៉ែត្រ និងទទឹង១៦ម៉ែត្រកន្លះ។ ការសាងសង់ផែសមុទ្របន្ថែមមួយទៀតគ្រោងចំណាយថវិកាប្រមាណ១.៥លានដុល្លារ នឹងគ្រោងបញ្ចប់នៅឆ្នាំ២០២២ខាងមុខនេះ។

 អភិបាលខេត្តកោះកុងលោកជំទាវភូថង មិថុនាបានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា គំរោងអភិវឌ្ឍន៍កំពង់ផែនេះ ត្រូវបានចុះសិក្សានិងវាយតម្លៃដោយថ្នាក់ដឹកនាំក្រសួងសាធារណៈការ និងដឹកជញ្ជូន ហើយក្នុងនាមអាជ្ញាធរខេត្ត យើងមានក្តីសប្បាយរីករាយ ដោយសារយើងនឹងទទួលបានសមិទ្ឋផលរបស់រដ្ឋាភិបាលថ្មីមួយ ដែលបំរើដល់ការដឹកជញ្ជូនទំនិញ និងទាក់ទាញការដឹកភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

លោកជំទាវបានបន្តថា “ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ ប៉ុន្តែខេត្តកោះកុងនៅតែទទួ​លបានគំរោងវិនិយោគធំៗជាច្រើន ពិសេសការវិនិយោគលើវិស័យបដសណ្ឋារកិច្ច”៕

រដ្ឋាភិបាលនិងវេទិកាសេដ្ឋកិច្ចពិភពលោករៀបចំប្រព័ន្ធទិន្នន័យមួយដើម្បីសម្រួលបរិយាកាសវិនិយោគនៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សហការជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ បានរៀបចំពិធីដាក់ឱ្យដំណើរការនូវប្រព័ន្ធទិន្នន័យស្តីពី សន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ សំដៅផ្តល់កិច្ចសម្រួលដល់វិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព។

ការសហការរៀបចំដំណើរការនេះ ត្រូវបានធ្វើឡើង តាមប្រព័ន្ធវិដេអូ ក្រោមអធិបតីភាពលោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកបណ្ឌិត ម៉ាធូ ស្តេហ្វិនសុន (Matthew Stephenson) នាយកតោលនយោបាយ និងសហគមន៍ នៃនាយកដ្ឋានវិនិ-យោត និងពាណិជ្ជកម្មអន្តរជាតិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក។

ការសហការរៀបចំប្រព័ន្ធទិន្នន័យនេះ មានគោលបំណង ក្នុងផ្ដល់នូវថ្នាលបច្ចេកវិទ្យាព័ត៌មានសម្រាប់សម្រួលដល់ ការធ្វើសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់រវាងអ្នកផ្គត់ផ្គង់ក្នុងស្រុក និងអ្នកវិនិយោគ ដោយផ្តោតលើការផ្តល់ កិច្ចសម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព។

លោករដ្ឋមន្ត្រីប្រតិភូ បានស្នើសុំឱ្យតួអង្គពាក់ព័ន្ធទាំង អស់ចូលរួមប្រើប្រាស់ប្រព័ន្ធទិន្នន័យនេះឱ្យបានទូលំទូលាយ ដោយសង្ឃឹមយ៉ាងមុតមាំថា អ្នកវិនិយោគ និងក្រុមហ៊ុនបរទេសនឹងមើលឃើញថា កម្ពុជាកំពុងបង្កើតនូវបរិស្ថានវិនិយោគ ដែលស្វាគមន៍វត្តមាន របស់ពួកគេ ខណះខិតខំជំរុញការវិនិយោគ ដែលមានទង្វើរធុរកិច្ចប្រកប ដោយការទទួលខុសត្រូវ និងមានចីរភាព។

លោកបណ្ឌិតម៉ាធូ ស្តេហ្វិនសុន បានបញ្ជាក់ថា ក្រុមហ៊ុនបរទេសដែលស្វែងរកការវិនិយោគអនុលោមតាមគោលការណ៍ សង្គម បរិស្ថាន  និងអភិបាលកិច្ច (ESG) អាចដា​ក់ការវិនិយោគនៅកម្ពុជា ជាមួយក្រុមហ៊ុនក្នុងស្រុក ដែលកំពុងប្រតិបត្តិការប្រកបដោយចីរ​ភាព ហើយក្រុមហ៊ុនកម្ពុជាដទៃទៀតអាចបង្វែរការតម្រង់ទិស ប្រតិបត្តិការធុរកិច្ចរបស់ខ្លួនទៅរកការអភិវឌ្ឍ ប្រកបដោយចីរភាពកាន់តែច្រើនថែមទៀត ដើម្បីទាក់ទាញការធ្វើធុរៈកិច្ចរួមគ្នាជាមួយនឹងក្រុមហ៊ុនបរទេស សំដៅលើកកម្ពស់ការធ្វើសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក។

ការជ្រើសរើសកម្ពុជា ជាដៃគូពិភាក្សារបស់វេទិកាសេដ្ឋកិច្ចពិភពលោក លើការផ្តល់កិច្ចសម្រួលវិនិយោគ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គឺឈរលើមូលដ្ឋានរឹងមាំរបស់កម្ពុជាដែល មានគោលនយោបាយបើកចំហរដ៏ប្រសើរចំពោះការវិនិយោគ។

បន្ថែមពីលើនេះ មានមូលហេតុសំខាន់ៗ ចំនួនបី ដែលវេទិកាសេដ្ឋកិច្ចពិភពលោកសម្រេចជ្រើសយកកម្ពុជា ជាដៃគូក្នុងដំណើរការនេះគឺ(១) កម្ពុជា សម្រេចបាននូវភាពជោគជ័យដ៍ធំធេង ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ក្នុងកំណើនគួរឱ្យមោទនៈជាមធ្យមប្រមាណ៥០% ចាប់ពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ន ហើយវិធានការផ្តល់កិច្ច សម្រួលវិនិយោគបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវជោគជ័យនេះ។

(២) ខណៈពេល ដែលកម្ពុជាត្រូវការការអភិវឌ្ឍ ស្របពេលដែលកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧% តាំងពីឆ្នាំ ២០១១មក បទពិសោធន៍របស់កម្ពុជា ក្នុងការធ្វើអានុភាវូបនីយកម្មការវិនិយោគ សម្រាប់ការអភិវឌ្ឍអាច ជួយប្រទេសផ្សេងទៀតក្នុងការរៀនសូត្រពីជ្រុងសំខាន់ៗ នៃការអភិវឌ្ឍពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគនៅកម្ពុជា។

(៣) កម្ពុជា បានក្រសោបយកនូវកិច្ចសហការធ្វើការរួមគ្នា រវាងរាជរដ្ឋាភិបាលនិងផ្នែកឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ កាលពី ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ បានបង្ហាញនូវការគាំទ្រយ៉ាងសកម្មពីរាជរដ្ឋាភិបាលសម្រាប់កិច្ចសហការ គ្នារវាងរដ្ឋ និងឯកជន ក្នុងការផ្តល់កិច្ចសម្រួ​លវិនិយោគបន្ថែមទៀត ដែលប្រការនេះគឺស្របគ្នានឹង បេសកកម្មរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។

ឈរលើមូលដ្ឋានខាងលើនេះ វេទិកាសេដ្ឋកិច្ចពិភពលោក និងកម្ពុជា បានធ្វើការរួមគ្នា ដើម្បីចែករំលែកនូវរបកគំហើញ និងឧត្តមានុវត្តស្តីពី ការផ្តល់កិច្ចសម្រួលវិនិយោគ ជាពិសេស ដំណើរការនៃការរៀបចំប្រព័ន្ធទិន្នន័យស្តីពី សន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់សំដៅផ្តល់ កិច្ចសម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព ជាមួយប្រទេសដទៃទៀតក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្ម ពិភពលោក និងក្របខណ្ឌតំបន់ដទៃទៀត៕

សកម្មភាពនៃការអភិវឌ្ឍន៍នៅទីក្រុងបូកគោចាប់ផ្ដើមមានសន្ទុះបន្ទាប់ពីសម្តេច តេជោអនុម័តជាផ្លូវការ

          ដោយៈវឌ្ឈនៈ

ភ្នំពេញៈ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ការបង្កើតរដ្ឋបាលក្រុងថ្មីក្នុងខេត្តកំពតគឺក្រុងបូកគោរួចមក សកម្មភាពនៃការអភិវឌ្ឍក្នុងតំបន់ក្រុងថ្មីនេះ ចាប់ផ្ដើមមានសន្ទុះជាងមុន បើទោះបីជាបច្ចុប្បន្ននេះ កម្ពុជា កំពុងជួបនឹងវិបត្តិដោយសារកូវីដ១៩ក្ដី។

លោក កែវ សុជាតិប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពតបានឱ្យដឹងតាមទូរស័ព្ទនាថ្ងៃទី១២ ឧសភានេះថា តាមពិតទៅតំបន់ថ្មីនៃក្រុងបូកគោមានការអភិវឌ្ឍតាំងពីមុន មានការប្រកាសបង្កើតរដ្ឋបាលក្រុងថ្មីម្ល៉េះ ប៉ុន្តែក្រោយពេលរដ្ឋាភិបាលប្រកាសបង្កើតរដ្ឋបាលក្រុងបូកគោ ធ្វើឱ្យសន្ទុះនៃការអភិវឌ្ឍចាប់ផ្ដើមមានសន្ទុះជាងមុនបន្ថែមទៀត ទោះពេលនេះកំពុងតែមានវិបត្តិកូវីដ១៩ក្ដី ។

លោកបន្តថា “ការបង្កើតក្រុងថ្មីនៃទឹកដីខេត្តកំពត វាបានធ្វើឱ្យខេត្តកំពតកាន់តែមានសក្ដានុពល និងមានគេស្គាល់ពីទីក្រុងថ្មីមួយនេះបន្ថែមទៀត ហើយនឹងអាចទាក់ទាញវិនិយោគិនក្នុងស្រុក បណ្ដាក់ទុនវិនិយោគបន្ថែមទៀតផងដែរ ជាពិសេសគម្រោងអចលនទ្រព្យ ដែលគាំទ្រដល់វិស័យទេសចរណ៍ វិស័យឧស្សាហកម្មតំបន់សេដ្ឋកិច្ចពិសេស  និងកំពង់ផែជាដើម”។លោកថា “ការទិញលក់ដីធ្លី នៅក្នុងក្រុងថ្មីនៃខេត្តកំពតអាចនឹងមានសន្ទុះកាន់តែច្រើនថែមទៀត បើសិនជាមិនមានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក៏ដូចជាតំបន់មួយចំនួននោះទេ ព្រោះម្ចាស់លុយធំៗភាគច្រើនជាអ្នកនៅភ្នំពេញ ហើយនៅពេលមានបញ្ហាបែបនេះ គេក៏ទុកលុយរបស់គេសិនទៅ”។

លោកកែវ សុជាតិបានបន្ថែមថា នៅក្នុងតំបន់ថ្មីនេះដែរ បើទោះបីជាមានការបិទខ្ទប់តំបន់ខ្លះនៅកម្ពុជា តែគម្រោងអភិវឌ្ឍន៍មួយចំនួននៅក្នុងទឹកដី នៃក្រុងបូកគោនៅតែបន្តការអភិវឌ្ឍទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ចប់គម្រោងរបស់ខ្លួនទៅតាមផែនការ តែគម្រោងដែលមានទើបចាប់ផ្ដើមហើយ ម្ចាស់គម្រោងជាប់នៅក្នុងតំបន់បិទខ្ទប់ឃើញថា បានផ្អាកសកម្មភាពខ្លះៗដែរ ក្នុងរយៈពេលបិទខ្ទប់ និងចាប់ផ្ដើមមានសន្ទុះឡើងវិញ ក្រោយបញ្ចប់ការបិទខ្ទប់ ។

ជាមួយគ្នានេះ លោកគឹម សង្គ្រាម ភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តកំពតមួយរូបដែរនោះបានឱ្យដឹងដែរថា ការបង្កើតក្រុងថ្មីច្បាស់ណាស់វានឹត្រូវការដី សម្រាប់អភិវឌ្ឍអគាររដ្ឋបាលសម្រាប់ធ្វើការ និងការិយាល័យផ្សេងៗទៀតនៃក្រុងថ្មីនេះ ។ សម្រាប់វិស័យឯកជនក៏ដូចគ្នា ពួកគេនឹងចាប់ផ្ដើមសម្លឹងមើលទៅទីតាំងណា ដែលគួរវិនិយោគនិងមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគរបស់ពួកគេ ។

លោកបន្តថា ចាប់តាំងពីមានការបិទខ្ទប់មក គម្រោងមួយចំនួនត្រូវបានផ្អាកតែមួយចំនួននៅតែបន្ត ហើយជាពិសេសនោះ ក្រោយពេលរដ្ឋាភិបាលប្រកាសបញ្ចប់ការបិទខ្ទប់ សកម្មភាពនៃការទិញ លក់ អចលនទ្រព្យជាពិសេសដីធ្លីក្នុងទឹកដី នៃខេត្តកំពតក៏ចាប់ផ្ដើមមានជាហូរហែឡើងវិញម្ដងបន្តិចៗ និងសង្ឃឹមថានឹងមានសន្ទុះងើបឡើងបន្តទៀតពេលវិបត្តិនៃជំងឺកូវីដ១៩បានកាត់បន្ថយ។

អគ្គនាយកក្រុមហ៊ុនYoungsia Real EstateលោកColor Tanបានមានប្រសាសន៍ថា ខេត្តកំពតនឹងក្លាយជាខេត្តដែលមានការអភិវឌ្ឈយ៉ាងលឿន ក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ ពិសេសការអភិវឌ្ឈទីក្រុងបូកគោ នឹងធ្វើឲ្យខេត្តនេះពង្រីកនូវសក្តានុពលបន្ថែមទៀត ហើយក្រុងកំពត នឹងក្លាយជាក្រុងគុជថ្មីមួយនាតំបន់ឆ្នេរនាពេលអនាគត។

លោកបន្តថា “បច្ចុប្បន្នខេត្តកំពុងពង្រីកសក្តានុពលរបស់ខ្លួន ដោយមានការសាងសង់អាគារពាណិជ្ជកម្មជាច្រើន មានគំរោងវិនិយោគតំបន់ឧស្សាហកម្ម កំពង់ផែទេសចរ​ណ៍ និងរមណីយដ្ឋានទេសចរណ៍ជាច្រើន ដែលផ្នែកទាំងនេះកំពុងរុញសក្តានុពលខេត្តនេះឈានទៅកាន់កម្រិតថ្មីមួយនាពេលអនាគត”៕