ដំណឹងល្អៈរដ្ឋាភិបាលកំពុងរៀបចំគោលនយោបាយជាតិស្វាយចន្ទីរដើម្បីលើកកំពស់ កសិឧស្សាហកម្ម

0

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ រដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការបាន និងកំពុងរៀបចំគោលនយោបាយជាតិស្វាយចន្ទី ដើម្បីជួយពង្រឹងសមត្ថភាពដាំដុះ កែច្នៃ និងនាំចេញផលិតផលស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ។

ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ២៤ ខែមិថុនា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងប្រមូលធាតុចូលលើសេចក្តី ព្រាងគោលនយោបាយជាតិស្តីពី ស្វាយចន្ទីនៅកម្ពុជា។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា លោក រាជ រ៉ា ដែលបានដឹកនាំកិច្ចប្រជុំនោះបានលើកឡើងថា ស្វាយចន្ទី គឺជាទំនិញមានសក្តានុពលដែលកម្ពុជាមានទាំងការដាំដុះ និងការផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក និងនាំចេញ។ ដូច្នេះការរៀបចំឱ្យមាននយោបាយជាតិ នឹងរួមចំណែកយ៉ាងច្រើន ដល់ការសម្រេចបាននូវមហិច្ឆតាពេលអនាគតរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសផលិត និងនាំចេញ។

លោកបន្តថា “គោលបំណងនៃសេចក្តីព្រាងគោលនយោបាយជាតិ គឺប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក”។

អនុប្រធានសាខាប្រចាំខេត្តកំពង់ធំ នៃសមាគមស្វាយចន្ទីកម្ពុជា លោកទ្រី គឹមស្រៀងបានមានប្រសាសន៍ថា បច្ចុប្បន្នចំនួនផ្ទៃដី និងគ្រួសារដាំដំណាំស្វាយចន្ទីបានកើនជាបន្តបន្ទាប់ ដូច្នេះបើកម្ពុជាមាននយោបាយជាតិស្វាយចន្ទី ទៀតនោះវានឹងធ្វើឱ្យការដាំដុះដំណាំប្រភេទនេះមានសម្ទុះកាន់តែខ្លាំង។

លោកបានបន្តថា “នយោបាយជាតិស្វាយចន្ទីដែលក្រសួងពាណិជ្ជកម្ម កំពុងរៀបចំនាពេលនេះសរសេរពីអ្វីខ្លះ ប៉ុន្តែខ្ញុំគិតថា វានឹងរួមចំណែកច្រើនជួយដល់អ្នកដាំដុះ និងទីផ្សារ ខណៈផលិតផលស្វាយចន្ទីបានកើនឡើងជាបន្តបន្ទាប់”។លោ្បន្តថា “ដោយសាររដូវប្រមូលផលស្វាយចន្ទីបញ្ចប់រួចរាល់ ដូច្នេះការទិញ-លក់ គឺមានតែស្វាយចន្ទីស្ងួត ឬក្រៀមប៉ុណ្ណោះ ដោយតម្លៃដែលឈ្មួញកំពុងប្រមូលទិញ ក្នុងខេត្តកំពង់ធំមានចន្លោះពី១ ៧០០ទៅ១៨០០ ដុល្លារក្នុង១តោន។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា ក្នុងឆ្នាំ ២០២០ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីចំនួន ២១៨ ៩៨១ តោនកើនឡើង ៨,២៤ ភាគរយពីចំនួn២០២,៣១៨ តោនក្នុងឆ្នាំ២០១៩។ គ្រាប់ស្វាយចន្ទីត្រូវបាននាំទៅកាន់ប្រទេ សវៀតណាម ជប៉ុន រុស្ស៊ី ចិន ហុងកុង ថៃ បារាំង កូរ៉េខាងត្បូង បង់ក្លាដែស ម៉ាឡេស៊ី ហូឡង់ តួកគី និងឡាវ។

សព្វថ្ងៃនៅប្រទេសកម្ពុជា មានផ្ទៃដីចម្ការស្វាយចន្ទីប្រមាណ៥០ម៉ឺនហិកតា ដោយក្នុង១ហិកតា អាចផ្តល់ផលជាមធ្យម១,៥តោនក្នុង១ឆ្នាំ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here