គម្រោងភូមិឋានធម្មជាតិក្រុងភ្នំនឹងជួយលើកកម្ពស់សម្រស់ខេត្តសៀមរាប

រហូតមកទល់ពេលនេះ ការលក់គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ សម្រេចបានប្រមាណ៩0 ភាគរយហើយ ដោយការលក់គម្រោងទីមួយនេះ នឹងត្រូវបិទបញ្ចប់នៅចុងឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹងពីអ្នកគ្រប់គ្រងជាន់ខ្ពស់របស់គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ។

គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ គឺជាគម្រោងមួយក្នុងចំណោមគម្រោងដទៃទៀតដែលអភិវឌ្ឍដោយក្រុមហ៊ុន វ្យាធបុរៈ ដែលមានទីតាំងស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។ គម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ និងមានចំងាយប្រមាណ ៤គីឡូម៉ែត្រ ពីសាលារដ្ឋបាលខេត្តសៀមរាប។

លោក សែម សុខខូយ អគ្គនាយកក្រុមហ៊ុន វ្យាធបុរៈ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ បានឱ្យដឹងថា កម្រោងទី១នេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំជាង ២ហិចតា ដែលមានគេហដ្ឋានសរុបចំនួន ៧២ខ្នង។​ គម្រោងទី១នេះរួមមាន៖ វីឡាបឹងកាឡូបែបអឺរ៉ុប វីឡាកូនកាត់២ជាន់បែបខ្មែរ វីឡាភ្លោះ២ជាន់បែបជប៉ុន និងផ្ទះល្វែងអាជីវកម្មបែបខុនដូ។

លោកបន្តថា វីឡាបឹងការឡូបែបអឺរ៉ុបមាន ទំហំ១០x២០ម៉ែត្រ វីឡាកូនកាត់២ជាន់បែបខ្មែរ មានទំហំ១០x២០ម៉ែត្រ, វីឡាភ្លោះ២ជាន់បែបជប៉ុនមានទំហំ៧x១៥ម៉ែត្រ និងផ្ទះល្វែងប្រភេទអាជីវកម្មកំពស់៣ជាន់ មានទំហំ ៤.៥x២០ម៉ែត្រ ដែលមានតម្លៃចាប់ពី ៣០០០០ ដុល្លា ឡើងទៅក្នុងមួយយូនិត។

លោកសុខខូយ លើកឡើងថា៖ «អតិថិជនគោលដៅរបស់យើង គឺចាប់ពីអ្នកដែលមានជីវភាពកំរិតមធ្យមឡើងទៅ។» អគ្គនាយករូបនេះបន្តថា ការសាងសង់ គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ ដំណាក់កាលទី១ ក៏សម្រេចបានមួយដំណាក់កាលធំហើយដែរ។

លោក ច្រឹក សុនឹម ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា (CVEA) បានលើកឡើងថា គម្រោងផ្ទះបែបធម្មជាតិនៅខេត្តសៀមរាប ហាក់មិនទាន់ឃើញមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់នៅឡើយទេ
ទីផ្សារនៃគម្រោងផ្ទះលំនៅឋានបែបធម្មជាតិនេះ នៅមានតិចតួចខ្លាំងណាស់នៅក្នុងខេត្តសៀមរាបនេះ។

លោក សុខនឹមបន្តថា៖ «ខ្ញុំគិតថាលំនៅឋានធម្មជាតិ និងផ្ទះបែបលំហែរនេះអាចរីកចម្រើនខ្លាំងនាពេលអនាគត ជាពិសេសនៅពេលដែលកត្តាជីវភាពប្រជាជនក្នុងខេត្តសៀមរាបរីករចម្រើន បើប្រជាជនក្នុងខេត្តមានជីវភាពល្អប្រសើរនោះ មិនយូរនោះទេវិស័យផ្ទះលំហែរ និងផ្ទះបែបធម្មជាតិនឹងមានច្រើន ហើយរីកចម្រើនទៀត។»

គួរបញ្ជាក់ថា គម្រោងទី១នៃ​ ភូមិឋានធម្មជាតិក្រុងភ្នំ បានបញ្ចប់នូវហេដ្ឋារចនាសម្ព័ន្ធទូទៅ ដូចជា ការរៀបចំធ្វើផ្លូវ ប្រព័ន្ធលូរំដោះទឹក សួនច្បារ ប្រព័ន្ធភ្លើងបំភ្លឺផ្លូវ និងចាប់ផ្តើមសាងសង់គ្រប់ប្រភេទផ្ទះ ហើយបច្ចុប្បន្នកំពុងគ្រប់គ្រងគម្រោងទូទៅ ដូចជាសេវាសន្តិសុខ អនាម័យ និងការថែទាំជាដើម។ អគ្គនាយកក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍បន្តថា៖«គ្រប់សំណង់របស់យើងបានសិក្សាយ៉ាងលម្អិត ពីគុណភាពសំណង់ និងភាពរឹងមាំរបស់សំណង់នីមួយៗ ដោយក្រុមហ៊ុន មានវិស្វករជំនាញៗ ទាំងវិស្វករជាជនខ្មែរ និងបរទេស ជាពិសេសគ្រូវិស្វករដែលមានជំនាញខ្ពស់។»

បើតាមការបញ្ជាក់ពី លោកអគ្គនាយក វ្យាធបុរៈអភិវឌ្ឍន៍ បច្ចុប្បន្នគម្រោងភូមិឋានធម្មជាតិក្រុងភ្នំ មានចំនួន៣ គម្រោងធំៗ គឺ គម្រោង Natural Village គម្រោង The Box Villa និងគម្រោង MINI Villa ដែលនឹងត្រូវបើកនាពេលឆាប់ៗខាងមុខនេះហើយ។

ផ្ទះគម្រូប្រភេទ Mountain View

បន្ទាប់ពីការបង្កើតគម្រោងទាំង៣នេះ លោកអគ្គនាយកក៏បានបង្ហាញពី សក្តានុពលនាពេលអនាគតរបស់គម្រោងភូមិឋានក្រុងភ្នំថា៖« នាពេលបច្ចុប្បន្នតម្លៃផ្ទះនៅធូរថ្លៃ តែប្រសិនបើផ្លូវ៣៨ខ្សែដែលរាជរដ្ឋាភិបាលកំពុងសាងសង់នេះ រួមជាមួយនិងព្រលានយន្តហោះសៀមរាបថ្មីសាងសង់រួចរាល់នាថ្ងៃខាងមុខដ៏ខ្លីនេះ តម្លៃអចលនទ្រព្យនៅក្នុងតំបន់ និងក្នុងគម្រោងនេះផ្ទាល់ នឹងផ្ទុះឡើងខ្លាំងជាក់ជាមិនខាន។»

សូមបញ្ជាក់ថាបច្ចុប្បន្ន ខេត្តសៀមរាបកំពុងសា្ថបនាផ្លូវក្នុងក្រុងចំនួន៣៨ខ្សែ ដែលមានប្រវែងសរុប១០៨,៧៤ គីឡូម៉ែត្រ ក្រោមទឹកប្រាក់សរុបប្រមាណ ១៥០លានដុល្លារ ខណៈមកទល់ពេលនេះរួចរាល់ចំនួន៣០ភាគរយហើយ៕



រដ្ឋាភិបាលចិនដាក់ចេញវិធានការយកពន្ធអចលនទ្រព្យដើម្បីទប់ស្កាត់ភាពជ្រួលច្របល់ក្នុងទីផ្សារ

ដោយៈ សុខុម

ក្រុងប៉េកាំងៈ ក្រុមនិយ័តករចិន កាលពីថ្ងៃអង្គារ ទី១១ ឧសភា បានបើកកិច្ចប្រជុំស្តីពីការកែទម្រង់ និងការងារសាកល្បងអនុវត្តការយកពន្ធលើអចលនទ្រព្យ ដែលគេមើលឃើញថាជាឧបករណ៍ដ៏មានឥទ្ធិពលមួយដើម្បីទប់ស្កាត់ភាពជ្រួលច្របល់នៅក្នុងទីផ្សារលំនៅដ្ឋាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ក្រសួងហិរញ្ញវត្ថុចិន បានចេញសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ខ្លួនថា អង្គភាពនានារបស់រដ្ឋាភិបាលរួមទាំងក្រសួងហិរញ្ញវត្ថុ ក្រសួងលំនៅដ្ឋាន និងអគ្គនាយកដ្ឋានពន្ធដារផង បានស្នើសុំមតិយោបល់ពីក្រុមតំណាងមកពីទីក្រុងមួយចំនួន ក្រុមអ្នកជំនាញ និងក្រុមអ្នកសិក្សាស្រាវជ្រាវអំពីការងារសាកល្បងអនុវត្តពន្ធលើអចលនទ្រព្យ។

ទោះជាយ៉ាងណា ក្រសួងនេះមិនបានបញ្ជាក់បន្ថែមអំពីចំណុចលម្អិតនៃកិច្ចប្រជុំនេះទេ។

ទីផ្សារអចលនទ្រព្យនៅប្រទេសចិន មានសន្ទុះកើនឡើងខ្លាំងយ៉ាងឆាប់រហ័សក្នុងឆ្នាំ២០២០ បន្ទាប់ពីផ្ទុះវិបត្តិកូវីដ-១៩។ ទោះជាយ៉ាងណា ការហក់ឡើងតម្លៃផ្ទះព្រមគ្នានៅក្នុងទីក្រុងធំៗមួយចំនួន និងដែលឥឡូវនេះកំពុងរាលដាលទៅដល់ទីក្រុងតូចៗ បានបង្កការព្រួយបារម្ភអំពីហានិភ័យហិរញ្ញវត្ថុ និងបញ្ហាសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សពេកដែលនាំឱ្យតម្លៃ ប្រាក់ខែ និងអត្រាការប្រាក់ ។ល។ កើនឡើង។

អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុបានលើកឡើងកាលពីខែមុនថា ប្រទេសចិន នឹងជំរុញការដាក់ចេញច្បាប់ស្ដីពីពន្ធលើអចលនទ្រព្យ និងការធ្វើកំណែទម្រង់ដែលនឹងនាំឱ្យតម្លៃភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ធ្លាក់ចុះ។

កាលពីខែមីនា ប្រទេសចិន បានលុបចោលការលើកឡើងអំពីពន្ធលើអចលនទ្រព្យនៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ២០២១ របស់ខ្លួនរយៈពេល២ឆ្នាំជាប់ៗគ្នា ស្របពេលដែលរដ្ឋាភិបាលផ្តោតលើការជំរុញការប្រើប្រាស់ដើម្បីបង្កើនសន្ទុះនៃការងើបឡើងសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩។

ទោះជាយ៉ាងណា សេចក្ដីព្រាងច្បាប់នេះនៅតែស្ថិតក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសនេះសម្រាប់ឆ្នាំ២០២១-២០២៥ ដដែល៕

ក្រសួងទេសចរណ៍ៈ ត្រលប់​ទៅ​អតីតកាល​មួយ​សតវត្សរ៍​មុន តើ​ភ្នំ​បូកគោ​មាន​ប្រវត្តិ​យ៉ាងណាខ្លះ?

ដោយៈ ប៊ី

ភ្នំពេញៈ ក្រសួងទេសចរណ៍ នៅថ្ងៃនេះ បាន​លើកយក​ប្រ​វិ​ត្តិ “ភ្នំ​បូកគោ” ដែលជា​រមណីយដ្ឋាន​ដ៏​ពិសិដ្ឋ​មួយ​នៅ​កម្ពុជា ដើ​ម្ប​ពន្យល់​បងប្អូន​ប្រជាពលរដ្ឋ​ស្វែងយល់​បន្ថែម។

ក្រសួងទេសចរណ៍​បាន​រៀបរាប់ថា ស្ថិតក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ​របស់​ក្រសួងបរិស្ថាន ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «បូកគោ» ទទួលបាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង ទាំង​ក្នុង​វិស័យ​ទេសចរណ៍ បរិស្ថាន បេតិកភណ្ឌ ជំនឿ ក៏ដូចជា​ប្រវត្តិសាស្ត្រ​ជាដើម ខណៈ​រមណីយដ្ឋាន​ដ៏​ពិសិដ្ឋ​មួយ​នេះ គឺ​ជាទី​ទស្សនា​ដ៏​ចំណាស់​ជាងគេ​មួយ​នៅ​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យចូល​ទស្សនា​មក​ច្រើន​ជា​ហូរហែ (មុនពេល​មាន​កូ​វីដ)។

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «បូកគោ» នេះ​ទៀតសោត ក៏បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន​តែមួយគត់​នៅ​ប្រទេស​កម្ពុជា។ ក៏មានដែរ​នូវ​ភស្តុតាង​ប្រវត្តិសាស្ត្រ​មួយចំនួន តាំងពី​សម័យ​អាណានិគមនិយម​បារាំង ដែល​បាន​បន្សល់ទុក​ក្នុង​អតីត​ព្រះរាជ​ឧទ្យាន​មួយ​នេះ។

ឯកសារ​ខ្លះ​បាន​បញ្ជាក់ថា ភ្នំ​បូកគោ ត្រូវបាន​អ្នកស្រាវជ្រាវ​ខ្មែរ-បារាំង ដឹកនាំ​ដោយ​លោក រូ​លួស (ជនជាតិ​បារាំង) ឡើង​ទៅដល់​កំពូលភ្នំ នៅ​អំលុង​គ្រិស្ដសករាជ ១៩១៧ ដោយ​ពួកគេ​បាន​រកឃើញ​ទីតាំងពិសេសៗជាច្រើន អមដោយ​បរិ​យាស​កាស​អំណោយផល​ចំពោះ​សុខភាព ក្រោម​សម្ពាធ​បរិយាកាស​ត្រជាក់​ស្រស់ស្រាយ។ ក្រោយពី​រកឃើញ​ទីតាំង​ដ៏​សែន​រមណីយ​មួយ​នេះហើយ រាជការ​ខ្មែរ​បាន​សហការ​ជាមួយ​រដ្ឋការ​អាណានិគម​បារាំង រៀបចំ​អភិវឌ្ឍ​តំបន់​នេះ​ទៅជា​រមណីយដ្ឋាន​ដ៏​ពិសេស​មួយ នៅ​អំលុង​គ្រិស្ដសករាជ ១៩២២ ។ ពួកគេ​ក៏បាន​កសាង​ព្រះវិហារ​កាតូលិក ឬ Church (ឆឺ​ច) នៅ​អំឡុង​គ្រិស្ដសករាជ ១៩២៨ ដែលជា​វិហារ​គ្រិស្ដសាសនា​ដ៏​កម្រ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា។

ដោយសារ​កត្តា​ធម្មជាតិ និង​អាកា​ធាតុ​អំណោយផល​ដ៏​ពិសិដ្ឋ​ផង​នោះ សូម្បីតែ​ព្រះករុណា ព្រះបាទ​សម្ដេច ស៉ី​សុវត្ថិ មុនី​វង្ស ក៏​ព្រះអង្គ​គាប់​ព្រះរាជហឫទ័យ​ជាខ្លាំង​ចំពោះ​រមណីយ​ភាព​នៅលើ​ភ្នំ​បូកគោ​នេះដែរ ដោយ​ព្រះអង្គ​បាន​កសាង​ព្រះរាជដំណាក់​ជាច្រើន​កន្លែង​នៅលើ​ភ្នំ​បូកគោ​នេះ។ ក្នុង​គ្រិស្ដសករាជ ១៩២៤ ហ្លួង​ព្រះករុណា ព្រះបាទ​ស៉ី​សុវត្ថិ មុនី​វង្ស បានចេញ​ព្រះរាជឱង្កា​ឱ្យគេ​សាងសង់​វត្ត និង​ព្រះវិហារ​ព្រះពុទ្ធសាសនា​មួយ ដោយ​ក្រោយមក​បានជា​ប់​ឈ្មោះថា «វត្ត​សំពៅ​ប្រាំ» ។ ប្រវត្តិសាស្ត្រ​បានសរសេរថា ព្រះបាទ​ស៉ី​សុវត្ថិ មុនី​វង្ស «ព្រះ​ខត្តិយ​កោដ្ឋ» បាន​យាង​សោយ​ទិវង្គត ក្នុង​ព្រះរាជដំណាក​លើ​ភ្នំ​បូកគោ​នេះ នា​ចុង​គ្រិស្ដសករាជ ១៩៤១ ។

ទំនង​ដោយសារ​ព្រះរាជ​វត្តមាន​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ស៉ី​សុវត្ថិ មុនី​វង្ស ដូច្នេះហើយ ទើប​រាជការ​ខ្មែរ​នា​សម័យ​អាណានិគម​បារាំង​បាន​ប្រសិទ្ធ​នាម​ទីនោះ​ថា «ឧទ្យាន​ជាតិ​ព្រះមុនីវង្ស-បូកគោ» ជា​ដរាប​រៀងមក។

ភ្ញៀវទេសចរ​នៅតែ​ពេញនិយម​ទៅ​ទស្សនា និង​សម្រាកលម្ហែ​នៅ​រមណីយដ្ឋាន​ភ្នំ​បូកគោ​រហូតដល់​សម័យ​សង្គមរាស្ត្រនិយម ប៉ុន្តែ​រហូតដល់​ទសវត្ស​រ៍​ទី ៦០ រមណីយដ្ឋាន​ភ្នំ​បូកគោ​នេះ​ត្រូវបាន​បោះបង់ចោល​ដល់​ទៅ ២ លើក​ឯណោះ ក្នុងនោះ​លើក​ទី១ នៅ​ឆ្នាំ១៩៤០ និង​លើក​ទី២ នៅ​ឆ្នាំ១៩៧២ ។ នៅ​ឆ្នាំ១៩៩៣ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេចយក​ទីតាំង​រមណីយដ្ឋាន​ភ្នំ​បូកគោ​នេះ បង្កើតជា​ឧទ្យាន​ជាតិ​មួយ​ឡើង​មានឈ្មោះ​ផ្លូវការ​ថា ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «បូកគោ» ។ យោងតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ «ព្រះ​បរម​រតន​កោដ្ឋ» បានកំណត់​យក​ផ្ទៃដី​នៃ​ឧទ្យាន​ជាតិ​ភ្នំ​បូកគោ​នេះ​ត្រឹមតែ ១៤០,០០០ ហិកតា​ប៉ុណ្ណោះ ដោយបាន​ទុក​តំបន់ទ្រនាប់​ជាច្រើន​អន្លើ​ទៀត សម្រាប់​ប្រជាជន​រស់នៅ​ជុំវិញ​ទីនោះ​ប្រមូល​អនុផល​ធម្មជាតិ និង​ប្រកប​របរ​កសិកម្ម នេសាទ​ជាដើម។

ចាប់ពី​បង្កើតជា​ឧទ្យាន​ជាតិ​នោះមក នៅលើ​បរិវេណ​ភ្នំ​បូកគោ​មាននៅ​សេសសល់​សំណង់​ចម្រុះ​រចនាប័ទ្ម​បារាំង-ខ្មែរ​ជាច្រើន ដែល​បន្សល់ទុក​កាលពី​សម័យ​អាណានិគម​បារាំង។ ចំពោះ​វិហារ​កាតូលិក​ដែល​ត្រូវបាន​កសាងឡើង​នៅ​គ្រិស្ដសករាជ ១៩២៨ នោះ ត្រូវបាន​ក្រសួងបរិស្ថាន​បានប្រគល់​ឱ្យ​សមាគម​គ្រិស្តបរិស័ទ​រៀបចំ​ជួសជុល​ឡើងវិញ នៅ​ឆ្នាំ២០១៧ ។ រីឯ​ព្រះរាជដំណាក់​ព្រះបាទ ស៉ី​សុវត្ថិ មុនី​វង្ស ក៏​ត្រូវបាន​ក្រុមហ៊ុន Sokha Hotel ជួសជុល​កែលម្អ​ជា​សណ្ឋាគារ​ផ្កាយ ៥ តាម​លំនាំ​ដើម​វិញ​ផងដែរ។ នៅ​ឆ្នាំ២០១០ គេ​បាន​កសាង​រូបសំណាក «លោកយាយ​ម៉ៅ» ដ៏​ធំ​មួយ មាន​កម្ពស់ ២៩ ម៉ែត្រ ដែលជា​រូបសំណាក​ខ្ពស់​ជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា។

ក្រៅពី​សំណង់​សាសនា និង​សម្បត្តិ​បេតិកភណ្ឌ​ទាំងនេះ ភ្នំ​បូកគោ​ក៏​នៅមាន​ទស្សនីយភាព​ធម្មជាតិ​ជាច្រើន​ទៀត ដូចជា ទឹកជ្រោះ​ពពក​វិល បឹង​ទឹកសាប វាលស្រែ​មួយរយ វាលស្រែ​ប្រាំ​រយ វាល​ផ្កា​បំពង់​ក្រ​ឡោម ដែល​ឃើញ​មាន​ដុះ​តែ​នៅ​តំបន់​ឧទ្យាន​ជាតិ​នេះ​តែមួយគត់។ ពិសេស​លើសពីនេះ​ទៀត ពពួកសត្វ​ព្រៃ និង​ពពួក​បក្សី​ជាច្រើន​ប្រភេទ ក៏មាន​វត្ត​មាននៅ​តំបន់​នេះដែរ ដូចជា ពពួក​ពានរ ទោច ឈ្លួ​ស ទន្សោង ស្ទាំង កងកេង​ធំ កងកេង​តូច​ជាដើម។

លោក​បណ្ឌិត​ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ធ្លាប់បាន​មានប្រសាសន៍ថា ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «បូកគោ» បាន​ក្លាយជា​មេដែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ ឱ្យមក​ទស្សនា​នៅក្នុង «ប៉ូល​ទេសចរណ៍​តំបន់ឆ្នេរ» ផងដែរ។

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «បូកគោ» មាន​ចម្ងាយ​ប្រមាណ ៤៦ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពត។ ឧទ្យាន​នេះ​មាន​រយៈកម្ពស់​ចន្លោះ​ពី ៧៥០ ដល់ ១,០៧៥ ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្រ៕

រដ្ឋាភិបាល​បាន​បើក​កិច្ចពិភាក្សា​ដើម្បី​ជំរុញ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ជំរុញ​ដំណើរការ​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត ខេត្តស្វាយរៀង។

កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​នេះ ស្តីពី​ការជំរុញ​ដំណើរការ​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត ខេត្តស្វាយរៀង បានបង្ហាញ​ឱ្យឃើញថា គម្រោង ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ-បាវិត បាននិងកំពុង​ដំណើរកា​រ​ទៅមុខ​មួយ​ជំហាន​ទៀតហើយ។

ក្រុមហ៊ុន China Railway International Group Co., Ltd បានបង្ហាញ​របាយការណ៍​ស្តីពី​លទ្ធផល នៃ​ការសិក្សា​បច្ចេកទេស​នៃ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត បន្ទាប់ពី​សិក្សា​រួចរាល។

យោងតាម​របាយការណ៍​សិក្សា​របស់​ក្រុមហ៊ុន​បានបង្ហាញ​កាលពី​ខែកញ្ញា ឆ្នាំ២០២០ឱ្យដឹងថា គម្រោង​សាងសង់​ផ្លូវ​នេះ​មាន​បី​ជម្រើស ផ្អែក​តាម​ទីតាំង​ភូមិសាស្ត្រ​និង​ផលប៉ះពាល់ ជា​ផ្លូវ​រចនា​ឡើង​សម្រាប់​ល្បឿន​លឿន​បំផុត​ត្រឹម១២០គីឡូ ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ស្របតាម​អនុស្សរណៈ​យោគយល់​រវាង​កម្ពុជា និង​វៀតណាម។

យោងតាម​ឯកសារ​របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត ក៏​ជា​ខ្សែ​ផ្លូវ​ថ្មី​ទាំងស្រុង ដែលមាន​ប្រវែង​សរុប​ប្រហែល ១៣៥ គ.ម។ ផ្លូវ​នេះ​ត្រូវ​សាងសង់​ជា៤គន្លង តួ​ផ្លូវ​មាន​ទទឹង ២៥,៥ ម៉ែត្រ។ ខ្សែ​ផ្លូវ​នេះ នឹង​ចេញពី​ភ្នំពេញ​នៅ​ចំណុច​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង​ទី៣ កាត់​តាម​ខេត្តកណ្តាល ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ឆ្ពោះទៅ​ក្រុង​បាវិត ព្រំដែន​កម្ពុជា-វៀតណាម។

យោងតាម​របាយការណ៍​សិក្សា របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ផ្លូវ​ល្បឿន​លឿន​នេះ ជា​ប្រភេទ​ផ្លូវ​លើ​អាកាស (Viaduct) ប្រវែង​ប្រហែល ១២ គ.ម មាន​លូ​ប្រអប់ (Box Culvert) ប្រវែង​ប្រហែល ២៨,៤ គ.ម និង​ជា​ប្រភេទ ផ្លូវ​លើកកម្ពស់ (Embankment) ប្រវែង​ប្រហែល៨៥,៨ គ.ម។ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-បាវិត មាន​ផ្លូវបំបែក ប្តូរ​ទិស (Inter-Change) ចំនួន៧កន្លែង កន្លែង​ឈប់សម្រាក៦កន្លែង និង​ច្រកទ្វារ ព្រំដែន​ថ្មី​ចំនួន១ផងដែរ។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត ត្រូវ​បានបញ្ចប់​ការសិក្សា​សមិទ្ធិ​លទ្ធភាព និង​កំពុង​ស្ថិតក្នុង ដំណាក់កាល​ពិភាក្សា​លើ​តម្លៃ​នៃ​គម្រោង និង​ប្រភព​ថវិកា។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ដឹកជញ្ជូន​របស់​ប្រទេស​វៀតណាម ក៏បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​ការជំរុញ​ការសិក្សា និង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត និង​ផ្លូវ​ល្បឿន​លឿន​ហូជីមិញ-ម៉ុក​បៃ រួចរាល់​ផងដែរ៕

ការនាំចេញ​ទៅកាន់​ទីផ្សា​រ​អាមេរិក​ឈរ​ក្នុង​កំណើន​ខ្ពស់​ដោយ​កម្ពុជា​សម្រេចបាន​ទំហំ​ទឹកប្រាក់១៥០០លាន​ដុល្លារ​អាមេរិក

ដោយ​គង់ សូរិយា

ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អាមេរិក នៅតែ​បង្ហាញ​សញ្ញា​វិជ្ជមាន ដោយ​ត្រីមាស​ទី១ឆ្នាំនេះ កម្ពុជា​បាន​នាំចេញ​សម្រេចបាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជិត ១ ៥០០ លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ​ជាប់២០ភាគរយ ឈរ​ក្នុង​លំដាប់​ទី១ នៃ​ការនាំចេញ​ផលិតផល​ពី​កម្ពុជា។

យោងតាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបង្ហាញ​ឲ្យ​ដឹងថា នៅក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២១ នេះ ការនាំចេញ​ផលិត​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក មានតម្លៃ​គិត​ជា​ទឹកប្រាក់​ជាង១៤៩៦ លាន​ដុល្លារ​អាមេរិក កើនឡើង​ក្នុង​រង្វង់​ជិត២០ភាគរយ​ធៀប​នឹង​ឆ្នាំមុន  ហើយ​ស្មើនឹង​ប្រមាណ​ជា៤០ភាគរយ នៃ​ការនាំចេញ​ផលិតផល​សរុបទៅ​កាន់​ទីផ្សារសំខាន់ៗដូចជា៖ ទីផ្សារ​សហគមន៍​អឺរ៉ុប, អាស៊ាន, អង់គ្លេស ជប៉ុន និង​ការនាំចេញ​ទៅកាន់​ទីផ្សារផ្សេងៗទៀត។

អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក​សៀង ថៃ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា មុខទំនិញសំខាន់ៗដែលមាន​កំណើន​មធ្យម ដោយមាន​ទំហំ​ទឹកប្រាក់​ធំ នាំចេញ​ទៅកាន់​ទីផ្សារ​អា​មេ​រិ​ក នៅក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០២១ មានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង សំភារៈ​ធ្វើដំណើរ កាបូប​គ្រប់​ប្រភេទ​ជាដើម។

ក្រៅពី​ការនាំចេញ​មុខទំនិញ​ខាងលើ កម្ពុជា​ក៏បាន​នាំចេញ​លើ​មុខទំនិញ​មួយចំនួនទៀត ដែល​ទំហំ​ទឹកប្រាក់​មិនសូវ​ធំ តែមាន​ការកើនឡើង​ខ្ពស់​ដូចជា ការនាំចេញ​ទោចក្រយាន សង្ហា​រឹម អំពូល​អគ្គិសនី ខ្សែចម្លង​អគ្គិសនី និង​ក្ដារ​កុង​ប្ល៉ា​កេ​ជាដើម។

លោក​សៀង ថៃ​បាន​បញ្ជាក់ថា ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​សហរដ្ឋអាមេរិក ដែលមាន​កំណើន​ល្អ គឺ​បានកើត​ចេញពី​ការខិតខំ​បន្ត​អនុវត្ត​លើ​គោល​ការផ្សេងៗ នៃ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាដើម រួមជាមួយ​ជឿទុកចិត្ត​ពី​អ្នកបញ្ជា​ទិញ ព្រោះ​កម្ពុជា​បានបង្ហាញ ពី​ការ​កម្ពុជា​អាច​ផ្គត់ផ្គង់​ទំនិញ​បាន​ទាន់ពេល និង​គ្រប់​ចំនួន​តាម​ការបញ្ជាទិញ ហើយ​ជាពិសេស​ក្នុងពេល​កន្លងមកនេះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក៏បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ សូមកុំ​បញ្ឈប់​ការបញ្ជាទិញ និង​សូម​បន្ត​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា៕

រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​ដាក់ចេញ​វិធានការណ៍​រដ្ឋបាល១សប្តាហ៍​ទៀត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញ​សេចក្តីសម្រេច ដាក់ចេញ​វិធានការ​រដ្ឋបាល​បន្ត សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩ ដោយ​បែងចែក “តំបន់​ក្រហម” “តំបន់​លឿងទុំ”និង “តំបន់​លឿង” សម្រាប់​រយៈពេល១សប្តាហ៍​ទៀត គិត​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី១៣ ដល់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ។

យោងតាម​សេចក្តីសម្រេច​របស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ខណ្ឌ​ចំនួន៦ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​កំណត់​ជា “តំបន់​លឿង” រួមមាន​ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌ​សែន​សុខ ខណ្ឌ​ជ្រោយចង្វារ ខណ្ឌ​បឹង​កេងកង និង​ខណ្ឌ​ព្រែក​ព្នៅ។ ចំណែក​ផ្នែក​ខ្លះ​នៃ​ភូមិសាស្ត្រ​ខណ្ឌ​ចំនួន៨ផ្សេងទៀត ត្រូវបាន​កំណត់​ជា “តំបន់​លឿងទុំ” និង “តំបន់​ក្រហម”ដែល​ខណ្ឌ​ទាំងនោះ​រួមមាន ខណ្ឌដង្កោ ខណ្ឌ​កំបូល ខណ្ឌ៧មករា ខណ្ឌ​ច្បារអំពៅ ខណ្ឌទួលគោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌឫស្សីកែវ និង​ខណ្ឌមានជ័យ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ក្នុងអំឡុងពេល នៃ​ការអនុវត្ត​វិធានការ​រដ្ឋបាល​បន្ត ចំពោះ​ការកំណត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជា «តំបន់​ក្រហម» «តំបន់​លឿងទុំ» និង “តំបន់​លឿង” ត្រូវ​អនុលោម​តាម​គោល​ការ​ណ៌​ដូចជា ទី១ វិធាន​ការដែល​ត្រូវអនុវត្ត​ចំពោះ “តំបន់​ក្រហម” ត្រូវ​អនុលោម​តាម​ប្រការ៣ នៃ​សេចក្តីសម្រេច​លេខ ១00/២១ សសរ ចុះ​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពី​ការដាក់ចេញ វិធានការ​រដ្ឋបាល សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ដោយ​បែង​ចែកជា “តំបន់​ក្រហម” “តំបន់​លឿងទុំ” និង “តំបន់​លឿង” សម្រាប់​រយៈពេល ៧ (ប្រាំពីរ)ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។

ទី២ វិធាន​ការដែល​ត្រូវអនុវត្ត​ចំពោះ “តំបន់​លឿងទុំ” ត្រូវ​អនុលោម​តាម​ប្រការ៤ នៃ​សេចក្តីសម្រេច​លេខ ១០០/២១ សសរ ចុះ​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពី​ការដាក់ចេញ វិធានការ​រដ្ឋបាល សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ដោយ​បែង​ចែកជា “តំបន់​ក្រហម” “តំបន់​លឿងទុំ” និង “តំបន់​លឿង”សម្រាប់​រយៈពេល ៧ (ប្រាំពីរ)ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។

ទី៣ វិធាន​ការដែល​ត្រូវអនុវត្ត​ចំពោះ “តំបន់​លឿង” ត្រូវ​អនុលោម​តាម​ប្រការ៥ នៃ​សេចក្តីសម្រេច​លេខ ១០០/២១ សសរ ចុះ​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពី​ការដាក់ចេញ វិធានការ​រដ្ឋបាល សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ដោយ​បែង​ចែកជា “តំបន់​ក្រហម” “តំ​តំបន់​លឿងទុំ” និង “តំបន់​លឿង”សម្រាប់​រយៈពេល ៧ (ប្រាំពីរ)ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ៕

ការផ្តល់​ឥណទាន​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​សម្រេចបាន​ទំហំ​ទឹកប្រាក់​ជាង៥ពាន់​លាន​ដុល្លារ​នៅ​ត្រីមាស​ទី១ឆ្នាំនេះ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ការផ្តល់​ឥណទាន​លើ​វិស័យ​អចលនទ្រព្យ សម្រេចបាន​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ៥,៣៧ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល៣ខែ​ដើម​ឆ្នាំនេះ។ នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា ខូ អិ​ល​ធី​ឌី (CBC) ។

របាយការណ៍​បានឱ្យដឹងថា នៅ​ត្រីមាស​ទី១ ឆ្នាំ២០២១នេះ សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​មាន​ចំនួន១០,៣៩ពាន់​លាន​ដុល្លារ។ កម្ចី​អចលនទ្រព្យ​មាន​លើសពី​ពាក់កណ្តាល នៃ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប ស្មើនឹង៥១,៧២%ឬ​គិត​ជា​ទឹកប្រាក់​ប្រមាណ៥,៣៧ពាន់​លាន​ដុល្លារ។

លោក​អឿ សុធា​រ័ត្ន​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា ខូ អិ​ល​ធី​ឌី​មានប្រសាសន៍ថា នៅក្នុង​ត្រីមាស​ទី១ នៃ​ឆ្នាំ២០២១នេះ ដំណើរការ​ទីផ្សារ​ឥណទាន​បុគ្គល​នៅ​កម្ពុជា​នៅតែ​រក្សារ​បាន​ភាពរឹងមាំ ដោយសារតែ​ការស្នើរ​សុំ និង​ដំណើរការ​ឥណទាន​ប្រចាំត្រីមាស​នៅតែមាន​កំណើន​ជា​បន្តបន្ទាប់។

លោក​បាន​ថ្លែងបន្តថា “យ៉ាងណាមិញ​អនុ​បាទ​នៃ​គណនី​ប្រាក់កម្ចី ជាមួយនឹង​ការសង​យឺត៣០ថ្ងៃ ហួស​កាលបរិច្ឆេទ​កំណត់ បាន​កើន​ឡើងដល់២,២៤% ដែល​បង្ហាញ​ពី​ការធ្លាក់ចុះ​បន្តិច​នៃ​គុណភាព​ឥណទាន” ។

លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ប្រាប់ថា ដើម្បីឱ្យ​អចល​លន​ទ្រព្យ​វិស័យនេះ នៅ​បន្ត​ភាពរឹងមាំ​កាន់​យូរ​តទៅទៀត យើង​គួរតែ​ជួយ​ជំរុញ​ការផ្តល់​ឥណទាន ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អចលនទ្រព្យ​នេះ តាមរយៈ​ធនាគារ ឬ​ធនាគារពាណិជ្ជ ដែលជា​ដៃគូ​របស់​រដ្ឋាភិបាល ដើម្បី​ផ្តល់​កម្ចី​ទៅឱ្យ​អ្នក ដែល​ពាក់ព័ន្ធ មានលទ្ធភាព​យក​កម្ចី​នេះ​ប្រើប្រាស់​បន្តទៀត ដូច្នេះ​វិស័យ​អចលនទ្រព្យ​នៅតែ​បន្ត​កំណើន​របស់ខ្លួន និង​ទ្រទ្រង់​ទៅឱ្យ​ផ្នែកផ្សេងៗទៀត។

លោក​បាន​ថ្លែងបន្តថា “ប្រាក់កម្ចី​នៅតែ​បន្ត​កើតមាន ដូច្នេះ​ចរន្ត​ទិញ​លក់​អចលន​ត្រ​ព្យ​នៅតែមាន ទោះបី​ជាមាន​បញ្ហា​ប្រឈម​នឹង​វិបត្តិ​កូ​វីដ១៩ក៏ដោយ” ។ លោក​បន្តថា “ទោះបី​នាបច្ចុប្បន្ន លំហូរ​វិនិយោគ​ពី​ប្រទេស​ត្រូវបាន​រាំងស្ទះ ដោយសារ​វិបត្តិ​កូ​វិដ១៩ ប៉ុន្តែ​វិនិយោគិន​ក្នុងស្រុក​បាន និង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​វិស័យ​អចលនទ្រព្យ​ឱ្យមាន​ការរីកចម្រើន” ។

លោក​បាន​ថ្លែង​បន្តទៀតថា ការជំរុញ​ការផ្តល់​កម្ចី​ដល់​វិស័យ​អចលនទ្រព្យ នឹង​ជួយ​វិស័យ​មានការ​រីកលូតលាស់​បាន​ឆាប់រ​ហ័យ​ឡើងវិញ និង​ក៏​ដូច​ចូលរួមចំណែក​ដល់​សេដ្ឋកិច្ច បន្ទាប់ពី​វិបត្តិ​កូ​វីដ១៩ ត្រូវបាន​គ្រប់គ្រង ឬ​បញ្ចប់​ទាំងស្រុង៕

លោក​ស៊ុន ចាន់ថុលៈ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ ជា​គំរោង​យុ​ទ្ឋ​សាស្ត្រ​មួយសំរាប់​ចែកចាយ​ទំនិញ​ក្នុង​តំបន់

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បាន​អះអាងថា មជ្ឈមណ្ឌល​ភស្តុ​រកម្ម​ភ្នំពេញ ជា​គំរោង​យុ​ទ្ឋ​សាស្ត្រ​មួយ​សម្រាប់​ចែកចាយ​ទំនិញ​លើ​ប្រ​ព័​ន្ឋ​ដឹកជញ្ជូន​នានា ពិសេស​កម្ពុជា​ស្ថិតនៅ​ចំ​ចំណុចកណ្តាល នៃ​បណ្តា​ប្រទេស​ក្នុង​មហា​អនុតំបន់​ទ​ន្មេ​មេគង្គ។

លោក​បាន​ថ្លែង​ក្នុងជំនួប​ជាមួយ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សឹង្ហ​បុរី ដែល​ទើប​តែងតាំង​ថ្មី​កាលពី​ថ្ងៃទី១១ ឧសភា​កន្លងមក​ថា ក្រសួង​បានសម្រេច​ជ្រើសរើស​ក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់​សាធារណរដ្ឋ​សិង្ហ​បុរី ជា​ដៃគូ​ឯកជន​ដើម្បី​សិក្សា និង​អភិវឌ្ឍ​សំណើ​គម្រោង មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ (Phnom Penh Logistics Complex PPLC)និង​ភារកិច្ច​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុងការ​ដឹកនាំ​រៀបចំ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​នេះ (Framework Agreement – FA) ជាមួយ​ក្រុមហ៊ុន​YCH និង​ក្រុមហ៊ុន IA ។

លោក​ទេសរដ្ឋមន្ត្រី​បន្តថា “នេះ​ជា​គម្រោង​យុទ្ធសាស្ត្រ​មួយ មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​ប្រទេស ជាមួយនឹង​ការគាំទ្រ​ពី​បណ្តាញ​ផ្លូវ​ជុំវិញ​ទីក្រុង​ភ្នំពេញ ដើរតួនាទី​ក្នុងការ​ចែកចាយ​ទំនិញ​នៅក្នុង​ប្រទេស និង​ជា​ចំណុច​ត​ភ្ជាប់​នៃ​ការដឹកជញ្ជូន​ឆ្លងកាត់​រួមមាន ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និង​ផ្លូវអាកាស និង​អាច​បម្រើ​ជា​មណ្ឌល ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​ក្នុង​តំបន់​ផងដែរ ដោយហេតុថា​កម្ពុជា មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិតនៅ​ចំ​កណ្តាល ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ។

ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចាត់ទុក​វត្តមាន​ឯកអគ្គរដ្ឋទូត​ថ្មី សិង្ហ​បុរី ពិតជា​មាន​សារៈ សំខាន់​ខ្លាំងណាស់​ដល់​ការបន្ត​ថែរក្សា និង​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា-សិង្ហ​បុរី​ឱ្យ​កាន់តែ​រឹងមាំ​និង​រីកចម្រើន​ខ្លាំង។

លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​ការស្វាគមន៍ និង​អបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកស្រី​ឯកអគ្គរដ្ឋទូត ដែល​ទើប​ទទួលបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​កម្ពុជា ដោយបាន​គូសបញ្ជាក់ថា “បេសកកម្ម​ការទូតរ​បស់​លោកជំទាវ​ឯកអគ្គរដ្ឋទូត​គឺ​ពិតជា​មាន​សារៈ សំខាន់​ខ្លាំងណាស់​ដល់​ការបន្ត​ថែរក្សា និង​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា-សិង្ហ​បុរី​ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ខ្លាំងក្លា​ថែមទៀត” ។

លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា បានបង្ហាញ​បំណង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ រវាង​ប្រទេស​ទាំងពីរ​សិង្ហ​បុរី-កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ ឡើង​ថែមទៀត តាមរយៈ​បេសកកម្ម​ការទូត​របស់​លោកស្រី​នេះ៕

ក្រសួង​សាធារណការ សហការ​ជាមួយ​ក្រុមហ៊ុន China Great Wall ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​ជី​ភី​អេស សម្រាប់​បំពាក់​លើ​យានយន្ត និង​នាវា

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានស្នើ​ឲ្យ​ក្រុមហ៊ុន​សាជីវកម្ម China Great Wall Industry Corporation ជួយ​រៀបចំ​និង​ជម្រុញ​ការប្រើប្រាស់​ប្រ​ព័​ន្ឋ GPS សម្រាប់​បំពាក់​លើ​យានយន្ត និង​នាវា​នៅ​កម្ពុជា។

លោក​ទេសរដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​ក្រុមហ៊ុន​សាជីវកម្ម China Great Wall Industry Corporation (CGWIC) និង​គណៈប្រតិភូ​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ដោយមាន​ការចូលរួម​ដោយផ្ទាល់​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅ​ទីស្តីការក្រសួង។

ថ្លែង​ទៅកាន់​អង្គប្រជុំ​នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការអបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្ត​ចិន ដែល​សម្រេចបាន​ជោគជ័យ ក្នុងការ​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្កាយរណប Beiduo GPS នៅ​ទូទាំង​ពិភពលោក និង​បាន​ស្វាគមន៍ ចំពោះ​ក្រុមហ៊ុន​ដែល​ត្រៀម​បើក​ការិយាល័យ តំណាង​របស់ខ្លួន​ប្រចាំ​កម្ពុជា ដើម្បី​ការប្រើប្រាស់​ប្រព័ន្ធ​ផ្កាយរណប GPS នេះ​នៅក្នុង​តំបន់​អាស៊ាន ចូលរួម​ក្នុង​ការធានា​សុវត្ថិភាព ការដឹកជញ្ជូន ទាំង​ផ្លូវគោក និង​ផ្លូវទឹក។

លោក​ស៊ុន ចាន់ថុល​បាន​បន្តថា “ក្រសួង​ត្រៀមលក្ខណៈ​ជាស្រេច​ក្នុងការ សហការ​លើ​ការ ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​ផ្កាយរណប GPS Beidou នៅ​កម្ពុជា​ជា​ប្រយោជន៍ ដល់​ការដឹកជញ្ជូន” ។

លោក​បន្តថា ក្រសួង​គ្រោង​នឹង​លើកយក​ប្រធានបទ​នេះ ទៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​បូក​កូរ៉េ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​បូក​ចិន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​បូក​ជប៉ុន ដែល​កម្ពុជា គ្រោង​ធ្វើជា​ម្ចាស់ផ្ទះ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើ​ទឹកដី​អង្គរ​ដោយផ្ទាល់ ប្រសិនបើ​ស្ថានភាព​ជំងឺ​កូ​វីដ-១៩មាន​ភាព​ធូរស្រាល ឬ​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ។

ជាមួយគ្នា​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន ជំរុញ​ការបំពាក់ BeiDou GPS ៥៥០គ្រឿង​ដែល​បានគ្រោង​ទុក​នោះ ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ក្រសួង​អាច​យក​ជា​បទពិសោធន៍ និង​មាន​មូលដ្ឋាន ដើម្បី​ជំរុញ​ការប្រើប្រាស់​នៅ​កម្ពុជា ព្រមទាំង អាច​ប្រើប្រាស់​ដើម្បី​ពិភាក្សា ជាមួយ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​នា​ចុងឆ្នាំ២០២១ខាងមុខនេះ។

ប្រព័ន្ធ Beidou GPS មាន​សារប្រយោជន៍​អាច​ចូលរួមចំណែក ក្នុងការ​ស្វែងរក​ដំណោះស្រាយ លើ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​កម្រិត កំណត់ដោយ​ច្បាប់ ការបើកបរ​ហួស​ល្បឿន​កំណត់ដោយ​ច្បាប់ និង​ការតាមដាន​យានយន្ត​មិន​ចូលទៅក្នុង​ស្ថានីយ​ថ្លឹង​ទម្ងន់​ជាដើម។

តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​នៃ​ប្រព័ន្ធ BeiDou GPS នឹង​ផ្តល់ ដង្ហើម​ជីវិត​ថ្មី​ទៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​នៅ​កម្ពុជា សមស្រប​ជាមួយនឹង​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល និង​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ប្រទេស​ចិន​ផងដែរ។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​សាជីវកម្ម China Great Wall Industry Corporation (CGWIC) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី​ការជំរុញ ប្រព័ន្ធ BeiDou GPS បច្ចេកវិទ្យា​ចាប់​រលកសញ្ញា​ពី​ចម្ងាយ (Remote Sensing) និង​ប្រព័ន្ធ​ផែនទី​ផ្លូវថ្នល់​នៅ​កម្ពុជា កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ៕

សហគ្រិន​ខ្មែរ និង UNDP សហការ​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ SMEs នៅ​កម្ពុជា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ សហគ្រិន​ខ្មែរ និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) នៅ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បាន​ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម (SMEs) និង​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​នៅ​កម្ពុជា។

ភាពជា​ដៃគូ​ថ្មី​នេះ​រវាង​សហគ្រិន​ខ្មែរ ដែលជា​សា្ថ​ប័ន​មួយ​ស្ថិតនៅក្រោម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង UNDP មាន​គោលបំណង​គាំទ្រ ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព របស់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ធ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​នៅ​កម្ពុជា ដូច្នេះ​វា​ជាកា​តា្ត​លី​ករ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ជំរុញ​វត្តមាន​របស់​ពួកគេ​តាម​ប្រព័ន្ធ​អន​ឡាញ ផ្តល់​សេវាកម្មថ្មីៗ និង​កំណត់​មធ្យោបាយ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ។

កាលពី​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ UNDP និង​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងពាណិជ្ជកម្ម បានរួម​គ្នា​បង្កើត​ជាស​មាស​ធាតុ​សំខាន់​មួយ នៃ​គម្រោង​ព​ន្លឿ​ន​ការធ្វើ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា។ ភាពជា​ដៃគូ​រួមគ្នា​នេះ មាន​គោលបំណង​ជំរុញ​ឱកាស​ក្នុងស្រុក និង​អន្តរជាតិ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​តាមរយៈ​វេទិកា​ឌីជីថល និង​បង្កើត​ការងារ​ថ្មី​ជាង១.០០០កន្លែង​នៅ​ឆ្នាំ២០២២ ។

នៅក្នុង​គំនិត​ផ្តួចផ្តើម​រួមគ្នា​នេះ សហគ្រាស​ធុន​តូច​និង​មធ្យម​ចំនួន១២៥ ត្រូវបាន​រំពឹងថា​នឹង​ទទួលបាន​ជំនួយ និង​ការបណ្តុះបណ្តាល​ផ្នែក​អេឡិចត្រូនិក តាមរយៈ​សហការ​ផ្តល់​មូលនិធិ ពី​ក្រសួងពាណិជ្ជកម្ម ក្របខ័ណ្ឌ​សមាហរណកម្ម​ធ្វើឱ្យ​ប្រសើរឡើង (EIF) រដ្ឋាភិបាល​អូស្ត្រាលី និង UNDP ។

ជាមួយនឹង​ភាពជា​ដៃគូ​ថ្មី​នេះ និង​មូលនិធិ​បន្ថែម​ពី​សហគ្រិន​ខ្មែរ គម្រោង​នេះ​ត្រូវបាន​រំពឹងថា នឹង​ជំរុញ​ការគាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន៥០ បន្ថែមទៀត​នៅក្នុង​សកម្មភាព​គម្រោង​ចំនួន​ពីរ។ សកម្មភាព​ទាំងនេះ រួមមាន កម្មវិធី​បណ្តុះបណ្តាល (បញ្ជាក់​សហគ្រាស​ធុន​តូច និង​មធ្យម​ជាមួយនឹង​ការគាំទ្រ​ជំនាញ និង​ការត្រៀម​លក្ខណៈ​ចាំបាច់) និង​កម្មវិធី​ជំនួយ​ខ្នាតតូច (គាំទ្រ​ការផ្លាស់ប្តូរ​ឌីជីថល)។

ភាពជា​ដៃគូ​នេះ នឹង​ពង្រឹងសមត្ថភាព​ដែលមាន​ស្រាប់ ទាំង​ការគាំទ្រ​បច្ចេកទេស និង​ហិរញ្ញវត្ថុ តាមរយៈ​ការភ្ជាប់​បណ្តាញ​សហគមន៍​មូលដ្ឋាន និង​ជំនាញ​អន្តរជាតិ។ វា​ក៏​នឹង​លើកទឹកចិត្ត​ដល់​វិធី​ច្នៃប្រឌិត​ថ្មី នៃ​កម្មវិធី​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​ទាំងមូល តាមរយៈ​ការគាំទ្រ​ពី​វិស័យ​ឯកជន និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ ដើម្បី​ជួយ​សហគ្រាស​ធុន​តូច​សហគ្រាស​ធុន​តូច​និង​មធ្យម និង​អេឡិចត្រូនិក​នៅ​កម្ពុជា។

លោក​បណ្ឌិត​ឈាង វណ្ណ​មុនិ​ណ្ឌ​អគ្គនាយក​សហគ្រិន​ខែ្មរ​បាន​ថ្លែងថា ជំងឺ​កូ​វីដ១៩ មាន​អត្ថប្រយោជន៍ ដែល​មិន​ធ្លាប់មាន​ពីមុនមក សម្រាប់​អ្នកធ្វើ​គោលនយោបាយ និង​អ្នកបង្កើត​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​រក្សា​សហគ្រាស​ធុន​តូច​និង​មធ្យម​ឱ្យ​រីកចម្រើន និង​បន្ត​រស់។

លោក​បណ្ឌិត​បានឱ្យដឹង​ថា ដោយ​មើលឃើញ​ពី​កាលៈទេសៈ​លំបាក ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ១៩ តាមរយៈ​ភាពជា​ដៃគូ​កម្មវិធី​នេះ សហគ្រាស​ធុន​តូច​និង​មធ្យម ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ នឹងមាន​ឱកាស​ផ្សេង​ជាច្រើន ដើម្បី​ទទួលបាន​ជំនួយ ដែល​ត្រូវ​បានផ្តល់​ដោយ​សហគ្រិន​ខ្មែរ។

លោក​បណ្ឌិត​បន្តថា រចនាសម្ព័ន​កម្មវិធី​នេះ​ផ្តល់នូវ​យន្តការ ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​ផ្តល់​ថវិកា និង​អាច​បណ្តុះបណ្តាល​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ឯ​ទៅរក​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល។ អន្តរាគមន៍​បែបនេះ​នឹងចូលរួម​ចំណែក ក្នុងការ​ព​ន្លឿ​ន​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក្នុង​ការជំរុញ​សេដ្ឋកិច្ច​ឌីជីថល” ។

លោក Nick Beresford នាយក UNDP ប្រចាំ​កម្ពុជា​បាន​ថ្លែងថា “រួមគ្នា​ជាមួយ​ក្រសួងពាណិជ្ជកម្ម UNDP មានបំណង​គាំទ្រ​ការងារ​របស់​សហគ្រិន​ខ្មែរ ក្នុងការ​ផ្លាស់ប្តូរ​ទៅរក​សេដ្ឋកិច្ច​ផ្អែកលើ​ឌីជីថល និង​អេឡិចត្រូនិក” ។ លោក​បន្តថា “នេះ​ផ្តល់ឱកាស​ដល់​អាជីវកម្ម​ខ្នាតតូច​និង​តូច ដើម្បី​រីកលូតលាស់​លឿន ផ្តល់​ការងារ និង​វិបុលភាព​កាន់តែច្រើន ហើយ​ធ្វើ​ដូច្នេះ ជាមួយនឹង​ការការពារ​កាន់តែខ្លាំង​ប្រឆាំងនឹង​កូ​វីដ១៩” ៕