គំរោងសាងសង់ស្ពានអាកាសតម្លៃ៤០០លានដុល្លាររបស់ក្រុមហ៊ុន OCIC ទំនងអាចយឺតជាងការគ្រោងទុកដោយសារ

0

ដោយគង់ សូរិយា

ភ្នំពេញៈ គំរោងសាងសង់ស្ពានអាកាសតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់ផ្លូវ៦០ម៉ែត្រ អាចទំនងជាយឺតជាងការគ្រោងទុក ដោយសារវិបត្តិជំងឺកូវីដ១៩។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា គំរោងនេះមិនទាន់សិក្សាចប់នៅឡើយទេ ប្រហែលជាប្រើពេលវេលាយូរបន្តិច។

លោកបន្តថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានធ្វើឲ្យសកម្មភាពការងាររបស់ក្រុមហ៊ុនធ្លាក់ចុះប្រមាណ៥០ភាគរយ ព្រមជាមួយគ្នានេះការប្រកាសគំរោងដ៏ធំមួយនៅលើទីក្រុងកោះនរាក៏ត្រូវពន្យាពេលផងដែរ។

អ្នកឧកញ៉ាពុង ឃាវសែប្រធានក្រុមហ៊ុន OCIC ធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនកំពុងសិក្សាគម្រោងផ្លូវល្បឿនលឿន ពីអាកាសយានដ្ឋានភ្នំពេញថ្មី នៅខេត្តកណ្តាល មកកាន់រាជធានីភ្នំពេញ ដោយដំណាក់កាលទី១ គឺគ្រោងនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២១ ខាងមុខនេះ។

អ្នកឧកញ៉ាបានបន្តថា “គម្រោងផ្លូវល្បឿនលឿននេះ គឺមិនមែនជាHighway ដូចផ្លូវទៅកំពង់សោមទេ តែសាងសង់ជាស្ពានអាកាសផុតពីដី មានប្រវែងសរុបប្រមាណ ២១,៥ គីឡូម៉ែត្រ និងមាន២ដំណាក់កាល”។

លោកបន្តថា ដំណាក់ទី១ ប្រវែង១០គីឡូម៉ែត្រ សាងសង់តាមផ្លូវសម្ដេចហ៊ុន សែន និងផ្លូវ២៧១ ហើយចាប់ពីផ្ដុំស្ពានអាកាសក្បាលថ្នល់ រហូតទៅដល់ផ្លូវជាតិលេខ២។ ដោយឡែកដំណាក់កាលទី២ គឺមានប្រវែងប្រមាណ១១គីឡូម៉ែត្រ ដោយសាងសង់ចេញពីផ្លូវជាតិលេខ២ ទៅកាន់អាកាសយានដ្ឋានភ្នំពេញថ្មីផ្ទាល់តែម្ដង”។

គម្រោងនេះ នឹងត្រូវចំណាយទុនប្រមាណ៤០០លានដុល្លារអាមេរិក ដែលដំណាក់កាលទី១ អាចនឹងចាប់ផ្ដើមនៅឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់ក្រោយព្រលានយន្តហោះ ពោលគឺក្រោយឆ្នាំ២០២៣បន្ដិចបន្ដួច។

អ្នកឧកញ៉ាបានបន្តថា ផ្លូវលើអាកាសថ្មីនេះ នឹងជួយសម្រួលការធ្វើដំណើរពីក្នុងក្រុង ទៅព្រលានថ្មីបានយ៉ាងឆាប់រហ័ស និងងាយស្រួល ដោយអ្នកបើកបរអាចបើកដល់ទៅល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង។

កាលពីថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូន មានផែនការចង់សិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាលផងដែរ។

គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ជាគម្រោងខ្នាតយក្សដែលមានតម្លៃជាង១៥០០លានដុល្លារ ដោយស្ថាបនានៅលើផ្ទៃដី២៦០០ហិកតា ដែលអាចទទួលអ្នកដំណើរបាន១៥លាននាក់នៅពេលបញ្ចប់ដំណាក់កាលទី១ និងអាចទទួលអ្នកដំណើរបាន​៣០លាននាក់នៅដំណាក់កាលទី២៕

LEAVE A REPLY

Please enter your comment!
Please enter your name here