អ្នកជំនាញអន្តរជាតិៈ ទីផ្សារអចលនទ្រព្យនៅកម្ពុជានៅតែមានឱកាសច្រើនសម្រាប់ការវិនិយោគរកផលចំណេញ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិបានលើកឡើងថា វិនិយោគិននៅតែអាចទាញយកផលចំណេញបានច្រើន ពីវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារតែតម្លៃអចលនទ្រព្យនៅកម្ពុជា មានតម្លៃសមរម្យនៅឡើយ ដែលជាឱកាសមួយល្អសម្រាប់ការវិនិយោគរកផលចំណេញ។

លោក Phillip Tan គ្រប់គ្រងផ្នែកទីផ្សារក្រុមហ៊ុន PropNex ប្រចាំប្រទេសអូស្ត្រាលី ដែលបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យអចលនទ្រព្យទាំងនៅអូស្រ្តាលី និងតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងកាលពីថ្មីៗនេះថា ការវិនិយោគ លើវិស័យអចលនទ្រព្យ ជាការវិនិយោគមួយដ៏ល្អបំផុត ដែលអាចទាញផលចំណេញបាន ពីការវិនិយោគនេះបានខ្ពស់ ស្របពេលវិស័យអចលនទ្រព្យនៅកម្ពុ ជាកំពុងមានរីកចម្រើន និងមានឱកាសច្រើនសម្រាប់ការវិនិយោគ។

លោកបានបន្តទៀតថា “វិនិយោគលើវិស័យអចលនទ្រព្យ ចលនទ្រព្យនេះគ្មានអ្នកណាអាចលួចអចលនទ្រព្យទៅណាបានទេ ដោយសារតែវានៅមួយនឹងកន្លែង ហើយផ្តល់នូវផលចំណេញខ្ពស់”។

លោកPhilip Tanបានឱ្យដឹងទៀតថា ដោយឡែក ក្រឡេកមកមើលប្រទេសកម្ពុជាវិញ ជាមួយនឹងការឈានមកដល់ របស់ក្រុមហ៊ុនPropNexនៅប្រទេសកម្ពុជា វិស័យអចលនទ្រព្យនៅប្រទេសនេះ មានការរីកលូតលាស់យ៉ាងល្អប្រសើរ ដោយសារតែរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានសេដ្ឋកិច្ចកើនឡើងជាប្រចាំ។

លោកបានថ្លែងថា “វិស័យអចលនទ្រព្យនៅកម្ពុជាវិញ នៅតែអាចទាញយកផលចំណេញបាន ដោយសារតែតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅមានតម្លៃសមរម្យនៅឡើយ បើធៀបជាមួយនឹងប្រទេសផ្សេងៗផ្សេង ដូច្នេះហើយនេះគឺជាឱកាសមួយនៅក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា”។

លោកបានបន្តថា ជាមួយនឹងភ្នាក់ងារ អចលនទ្រព្យរបស់យើង យើងនឹងអាចជួយវិស័យអចលនទ្រព្យនៅកម្ពុជា ឲ្យមានកំណើនឡើងបន្តទៀត ដោយសារតែក្រុមការងាររបស់យើង មានបទពិសោធច្រើនក្នុងវិស័យអចលនទ្រព្យនេះ ដែលអាចទាក់ទាញអ្នកទិញ ឬវិនិយោគិនឲ្យមកចូលមកក្នុងប្រទេសកម្ពុជាបន្ថែម។

លោកលឹម សុជាតិប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងាអចលនវត្ថុកម្ពុជា (CVEA) ធ្លាប់មានប្រសាសន៍ថា បច្ចុប្បន្នមានអ្នកវិនិយោគិនច្រើន មកវិនិយោគនៅកម្ពុជាក៏ពិតមែន ប៉ុន្ដែកម្ពុជាមិនស្ថិតក្នុងលំដាប់ថ្នាក់ (Top4) នៃការវិនិយោគរបស់ចិនឡើយ ក្នុងចំណោមលំដាប់ថ្នាក់ទាំង៤នេះ មានតែក្នុងប្រទេសថៃ សឹង្ហបុរី វៀតណាម និងម៉ាឡេស៊ីប៉ុណ្ណោះ។

ប៉ុន្តែលោកបានថ្លែងថា “និយាយចំពោះអចលនទ្រព្យនៅកម្ពុជា មានភាពល្អជាងបណ្ដាប្រទេសផ្សេងៗ ដោយសារតែតម្លៃធូរ ហើយមានការលក្ខខណ្ឌអនុគ្រោះច្រើន”។

លោកលឹម សុជាតិ បានបញ្ជាក់ថា និយាយជារួមចំពោះតំបន់អាស៊ាន ពិសេសប្រទេសកម្ពុជា វិនិយោគិនចិនជាកម្លាំងទិញដ៏ធំមួយ មូលហេតុដែលចិនជាកម្លាំងទិញដ៏ធំដោយសារតែ៧៨ភាគរយនៃប្រជាជនចិន ដែលមានអាយុចន្លោះ៣០-៤៩ ជាវ័យធ្វើការវិនិយោគរកប្រាក់ចំនេញ ហើយមួយវិញទៀត៦៧ភាគរយ នៃប្រជាជនចិនជាប្រជាជន ដែលមានជីវភាពធូរធាខ្លាំងដែរ។

លោកបញ្ជាក់ថា “ផ្អែកលើកត្តាខាងលើនេះកម្ពុជា ខ្ញុំនៅតែមានសុទ្ធនិយមថា នៅពេលស្ថានភាពល្អប្រសើរឡើងវិញ ទោះល្អតែបន្ដិចក្ដីក៏កម្ពុជា នៅតែអាចទាក់ទាញវិនិយោគិន ពីក្រៅប្រទេសមកវិនិយោគនៅកម្ពុជា ពិសេសការវិនិយោគពីប្រទេសចិននេះតែម្ដង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here