ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យសិង្ហបុរីជាច្រើនចាប់ផ្តើមពង្រីកខ្លួនមកកាន់កម្ពុជា និងបណ្តាប្រទេសក្នុងតំបន់

0

ដោយៈ គៀតឈូ

សិង្ហបុរីៈ បើទោះសិ្តតក្នុងវិបត្តិជំងឺកូវីដ១៩ ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យនៅសិង្ហបុរីជាច្រើន កំពុងពង្រីកខ្លួនទៅក្រៅប្រទេស ដើម្បីស្វែងរកឱកាសរីកចម្រើនបន្ថែមនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

ក្រុមហ៊ុនទាំងនេះបានឱ្យដឹងថា នេះគឺយុទ្ធសាស្ត្រមួយ ដែលនឹងផ្តល់ឱ្យអ្នកទិញនៅសិង្ហបុរី ទទួលបានទីផ្សារវិនិយោគ លើអចលនទ្រព្យច្រើននៅក្រៅប្រទេស និងនៅលើទីផ្សារបច្ចេកវិទ្យាកាន់តែប្រសើរផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យាផ្តោតលើវិស័យអចលនទ្រព្យក្នុងស្រុក ដូចជា របស់ក្រុមហ៊ុន PropertyGuru គ្រោងនឹងទិញយកភាគហ៊ុនធំបំផុតរបស់ខ្លួន ក្នុងប្រវត្តិសាស្ត្ររយៈពេល១៤ឆ្នាំ បន្ទាប់ពីយល់ព្រមទិញភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន REA Group ដែលមានប្រតិបត្តិការនៅប្រទេសម៉ាឡេស៊ី និងថៃ។

កាលពីខែមុន ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PropNex ក៏បានពង្រីកខ្លួនមកកាន់ប្រទេសកម្ពុជា ដែលជាទីផ្សារក្រៅប្រទេសទី៤របស់ខ្លួន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម។

អំឡុងពេលរាតត្បាតជំងឺកូវីដ១៩ កាលពីខែកញ្ញាឆ្នាំមុន ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ OhMyHome បានឈានជើងចូលប្រទេសហ្វីលីពីន។ បច្ចុប្បន្នក្រុមហ៊ុននេះ ក៏ប្រតិបត្តិការនៅប្រទេសម៉ាឡេស៊ីផងដែរ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PropNex លោក Ismail Gafoor បានកត់សម្គាល់ថា ទោះស្ថិតក្នុងកំឡុងពេលមានវិបត្តិកូវីដ១៩ ប្រជាជនម៉ាឡេស៊ី គឺជាក្រុមធំទី២នៃអ្នកទិញអចលនទ្រព្យក្នុងស្រុក ខណៈអ្នកទិញមកពីឥណ្ឌូនេស៊ី តែងតែចឈរនៅលំដាប់កំពូលនៅសិង្ហបុរី។

លោកបានថ្លែងបន្តថា “ប្រទេសវៀតណាមក៏ជាប្រទេស ដែលមានសេដ្ឋកិច្ចរីកលូតលាស់ និងមានប្រជាជនវ័យក្មេងច្រើន”។

តាមរយៈការបង្កើតវត្តមាននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុននេះមានវត្តមាននៅក្នុងបណ្តាប្រទេសអាស៊ានចំនួន៥ ដែលមានចំនួនប្រជាជនសរុបលើសពី៤២០លាននាក់។

លោក Ismail បាននិយាយថា យើងមិនចង់មានវត្តមាន ត្រឹមតែប្រទេសសិង្ហបុរី ដែលមានប្រជាជនចំនួន៥លាននាក់នោះទេ តែយើងចង់មានវត្តមាននៅក្នុងតំបន់ … ហើយមិនត្រឹមតែចំពោះអាស៊ានប៉ុណ្ណោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here