ប្រទេសចិន បង្ហាញសំណងស្ថាបត្យកម្មដ៏ទាក់ទាញមួយសម្រាប់ពិភពលោក

ដោយ:សុខុម

សៀងហៃ: បើក្រឡេកមើលមួយភ្លែត យើងនឹងឃើញថាវាគ្រាន់តែជាតួអក្សរចិន 人 (Ren ឬ យិន) ដែលមានន័យថា “មនុស្ស” តែប៉ុណ្ណោះ។ ប៉ុន្តែតាមពិត វាជាសំណង់ដ៏ខ្ពស់ស្កឹមស្កៃមួយដែលជាស្ថាបត្យកម្មដ៏ចម្លែកអស្ចារ្យរបស់មហាយក្សចិន។ អញ្ចឹងតោះ! មកដឹងស្វែងយល់ត្រួសៗអំពីអគារចម្លែកនេះទាំងអស់គ្នា!

អគារ REN Building នេះត្រូវបានសាងសង់ឡើងដោយបែកចែកជាផ្នែកសម្រាប់សណ្ឋាគារ មជ្ឈមណ្ឌលកីឡា និងសាលសន្និសីទដើម្បីត្រៀមទទួលព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឆ្នាំ២០១០ (World Expo 2010) ដែលមានឈ្មោះថា “Better City, Better Life” (ទីក្រុងកាន់តែល្អ ជីវិតកាន់តែប្រសើរ) ក្នុងក្រុងសៀងហៃ ប្រទេសចិន។

អគារនេះត្រូវបានគេចាត់ទុកថាអគារ២រួមបញ្ចូលគ្នាតែមួយ។ នៅចំណុចខាងក្រោម វាជាអគារ២ដាច់ដោយឡែកពីគ្នា ប៉ុន្តែអគារទាំង២លូតឡើងទៅប្រសព្វគ្នានៅខាងលើ ហើយស្តួចឡើងទៅលើ បង្កើតបានជាទម្រង់អក្សរ 人 (យិន)។

អគារទី១ ដែលផុសចេញពីផ្ទៃទឹកគឺសម្រាប់មជ្ឈមណ្ឌលកីឡា និងមជ្ឈមណ្ឌលវប្បធម៌។ ចំណែកឯអគារទី២ ដែលផុសចេញពីផ្ទៃដីគឺសម្រាប់មជ្ឈមណ្ឌលអប់រំផ្លូវចិត្ត និងសាលសន្និសីទ។ អគារទាំង២ឡើងទៅជួបប្រសព្វគ្នានៅខាងលើដែលសម្រាប់សណ្ឋាគារ១.០០០បន្ទប់។

សំណង់ស្ថាបត្យកម្មនេះត្រូវបានគូរប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្ម Bjarke Ingels Group (BIG) ដែលមានមូលដ្ឋាននៅក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក។ ទោះជាយ៉ាងណា គ្មានព័ត៌មានបញ្ជាក់ពីជាន់ និងកម្ពស់នៃអគារនេះទេ៕

អ្នកឧកញ៉ាសៀ រិទ្ឋីបង្ហាញវិធីសាស្រ្តចំនួន៣ក្នុងការវិនិយោគដីធ្លី

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ អ្នកឧកញ៉ាសៀ រិទ្ឋីដែលធ្លាប់បង្ហើបថា លោកមានបានដោយសារការវិនិយោគដីធ្លីបានបង្ហើបគន្លឹះសំខាន់ៗចំនួនបី ដើម្បីវិនិយោគដីដែលទទួលបានផលចំនេញខ្ពស់ និងប្រាសចាកហានិភ័យ។

លោកបានបង្ហាញវិធីសាស្រ្តមួយចំនួន ដែលអាចឲ្យអ្នកចង់វិនិយោគដីធ្លីយកធ្វើជាគតិបាន។

ទី១ កុំទិញដីណាដែលមិនមានច្បាប់ និងដីដែលមានជម្លោះ

អ្នកឧកញ៉ា សៀ ឬទ្ធីអគ្គនាយកក្រុមហ៊ុនWorldBridge Land Group បានមានប្រសាសន៍ថា ដើម្បីទិញដីទទួលបានផលចំណេញ យើងត្រូវសម្លឹងមើលទីតាំងដីនោះ ជាដីស្របច្បាប់ មានកម្មសិទ្ធិច្បាស់លាស់ដោយកុំទិញដីដែលមានជំលោះ។ តម្លៃដីថោក ឬថ្លៃមិនសំខាន់នោះទេ ប៉ុន្តែកុំឱ្យមានជំលោះ។

ទី២ ទិញដីត្រូវពិនិត្យមើលគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល

ចំណុចទី២នេះ អ្នកឧកញ៉ា បានណែនាំឱ្យវិនិយោគិនទាំងអស់ ត្រូវស្វែងយល់ពីព័ត៌មាន និងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបានដិតដល់ ដើម្បីដាក់ទុនវិនិយោ​គ វានឹងទទួលបានផលចំណេញមកវិញមិនខានឡើយ។

លោកឧកញ៉ាថ្លែងថា “យើងត្រូវស្វែងយល់ថា តើរាជរដ្ឋាភិបាលកំពុងមានទិសដៅនៃការអភិវឌ្ឍន៍ទៅទិសខាងណា។ ឧបមាថា យើងចង់ទិញផ្ទះសំរាប់រស់នៅ និងដីសម្រាប់សាងសង់លំនៅឋាន ឧទាហរណ៍យើងឃើញថា ការរីកចំរើននៅតាមបណ្តោយផ្លូវជាតិលេខ១ ហើយយើងទៅទិញនៅផ្លូវជាតិលេខ ៥ វាគ្មានចំណេញនោះទេ”។

លោកឧកញ៉ាពន្យល់ទៀតថា “យើងត្រូវមើលលើកំណើន ហើយគ្មានអ្វីដែលពិបា​កទេ បើគេមានគម្រោងវិនិយោគបុរីទៅណា យើងទៅតាមគេទៅ វាមិនខុសទេ ដោយទិញដីនៅក្បែរនោះទៅវាចំណេញហើយ”។ លោកបន្តថា “មួយទៀត យើងត្រូវរៀនយកបទពិសោធពីគេ អ្នកវិនិយោគធំៗ ដើម្បីទុកជាចំណេះខ្លួនឯងសម្រាប់វិនិយោគបន្ត។ នេះជាចំណុចសំខាន់”។

ទី៣ ទិញដីដែលអាចជួលវិញបាន

ចំណុចទី៣នេះ អ្នកឧកញ៉ា ណែនាំឱ្យយើងត្រូវគិតអំពីការទិញអចលនវត្ថុមានពីរប្រភេទ គឺទិញអចលនវត្ថុនោះអាចជួលវិញបាន យើងគួរហ៊ានខ្ចីបុលគេមកវិនិយោគ ប៉ុន្តែ បើយើងគ្មានលុយ មិនគ្រប់ហើយទៅខ្ចីបុលពីធនាគារដើម្បីទុកចោល កុំទិញអោយសោះ​៕

អស់សំណើចៈ ព្រលានយន្តហោះខេត្តសៀមរាបទទួលបានភ្ញៀវទេសចរបរទេសតែ២នាក់ប៉ុណ្ណោះក្នុងរយៈពេល១ត្រីមាសដំបូង

          ដោយៈឧត្តម

ភ្នំពេញៈ វាពិតជាមិនគួរឱ្យនឹកស្មាន ដែលវិស័យទេសចរណ៍កម្ពុជា ជាពិសេសអ្នកដំណើរបរទេស ចូលមកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកដូចនេះ ក្នុងឆ្នាំ២០២១ ជាក់ស្ដែងក្នុងត្រីមាសទី១ ឬ៣ខែដើមឆ្នាំ២០២១នេះ ព្រលាយន្តហោះអន្តរជាតិសៀមរាប ដែលធ្លាប់តែទទួលបានភ្ញៀវទេសចរអន្តរជាតិរាប់ម៉ឺននាក់ បែរជាទទួលតែ២នាក់ប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៣ ឧសភា២០២១។

របាយការណ៍នេះឱ្យដឹងថា ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២១នេះ កម្ពុជាទទួ​លបានភ្ញៀវទេសចរអន្តរជាតិ ចំនួនជាង៧នាក់ប៉ុណ្ណោះ ហើយភ្ញៀវទេសចរបរទេសដែលចូលតាមច្រកអាកាសយានដ្ឋានមានចំនួនជាង៣ម៉ឺន៣ពាន់នាក់ ហើយភ្ញៀវចូលច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាបមាន២នាក់ ខណៈ១ត្រីមាសកាលពីឆ្នាំ២០២០មានចំនួនជាំង២៤ម៉ឺននាក់ឯណោះ។ នេះជាសញ្ញាដ៏អាក្រក់សម្រាប់វិស័យទេសចរណ៍កម្ពុជាក្នុងឆ្នាំ២០២១នេះ ។

លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានឱ្យដឹងថាក្នុងឆ្នាំ២០២១នេះ លោកនៅតែមើលមិនឃើញពីសញ្ញានៃការងើបឡើងវិញនៃវិស័យទេសចរណ៍នោះទេ ខណៈមេរោគរាតត្បាតនេះ នៅតែបន្តវាយលុកលើពិភពលោកដដែល។ វិស័យទេសចរណ៍អាចងើបឡើងវិញបាន លុះត្រាតែមេរោគនេះលែងមានការឆ្លងបន្តទៀត ក្នុងលក្ខខណ្ឌសកលមិនមែនតែកម្ពុជានោះឡើយ។

លោកបន្តថា៖ “បើសិនជាកម្ពុជា អាចបញ្ចប់ការឆ្លងបាន តែក្នុងពិភពលោកនៅតែបន្តឆ្លងរាលដាលដដែល នោះវិស័យនេះកម្ពុជានៅតែមិនទាន់អាចងើបឡើងវិញ បាននោះឡើយ ព្រោះវិស័យទេសចរណ៍កម្ពុជានៅតែពឹងផ្អែកលើភ្ញៀវទេសចរអន្តរជាតិ”។
លោកបន្តថា យ៉ាងណាបើសិនជាកម្ពុជាអាចបញ្ចប់ការឆ្លងបាននោះ ទេសចរក្នុងស្រុកនឹងចាប់ផ្ដើមធ្វើដំណើរកម្សាន្ត និងជាផ្នែកមួយជួយឱ្យវិស័យមិនធ្លាក់ចុះខ្លាំងបន្តទៀត ។

បើតាមការព្យាកររបស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងឆ្នាំ២០២១ វិស័យទេសច​រណ៍រំពឹងថា នឹងធ្លាក់ចុះបន្តទៀតពី៦០ទៅ៧០ភាគរយ ហើយវានឹងងើបឡើងវិញបន្តិចនៅឆ្នាំ២០២២និងឆ្នាំ២០២៣ គឺមុនពេលនិងក្នុងពេលដែលកម្ពុជា រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម៕

អបអរសាទរៈប្រជាពលរដ្ឋកម្ពុជា២លាននាក់ហើយបានចាក់វ៉ាក់សាំង ខណៈអ្នកជាប់លេខរៀងទី២លានស្រក់ទឹកភ្នែក

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ ជាការអបអរសាទរសំរាប់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំរហូតមកទល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជា២លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ជាមួយនឹងការជាប់លេខរៀងទី២លាន កម្មការិនីទិត ចិន្តា បានសម្តែងក្តីរំភើបរីករាយរហូតដល់ស្រក់ទឹកភ្នែក ពេលទទួលបានថវិកាលើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំនួន១០លានរៀល។

យោងតាមការចុះផ្សាយរបស់Freshnews បានឲ្យដឹងថា ក្តីរំភើបរបស់កម្មការិនីរូបនេះ បានស្តែងក្នុងពេលរូបនាងទទួលបានទឹកប្រាក់ និងអំណោយរបស់សម្តេចតេជោ តាមរយៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ។

អ្នកស្រីទិត ចិន្តា បាននិយាយឲ្យដឹងថា អ្នកស្រីបានទៅចាក់វ៉ាក់សាំង នៅព្រឹកមិញនេះ ហើយក៏មិនបានដឹងថា ខ្លួនមានសំណាងទទួលបានរង្វាន់ លើកទឹកចិត្តពីសម្តេចតេជោ បែបនេះនោះឡើយ។

កម្មការិនីរូបនេះ បានថ្លែងរៀបរាប់ ដោយចាត់ទុកថវិកានេះ ប្រៀបដូចជាថវិកាព្រះប្រទាន ដែលនឹកស្មានមិនដល់។ អ្នកស្រី ទិត ចិន្តា បានថ្លែងថា ថវិកាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នឹងជួយដោះស្រាយការលំបាករបស់អ្នកស្រី ដែលកំពុងខ្វះខាត និងមានបំណុលគេផងនោះ។

អំណោយដែលនាំទៅជូនកម្មការិនីរូបនេះ ក្រៅតែពីថវិកា១០លានរៀលទៅ ក៏មានការផ្តល់ជំនួយជាស្បៀងអាហារមានអង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ និងត្រីខកំប៉ុងជាដើម។

គិតត្រឹមព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជា បានចាក់វ៉ាក់សាំងដល់ជនទី២លាន ដែលជនទី២លាន បានទៅលើអ្នកស្រី ទិត ចិន្តា ខណៈជនទី១ គឺលោក ហ៊ុន ម៉ាណែត ត្រូវបានចាក់នៅថ្ងៃទី១០ ខែកុម្ភៈ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ១០លានរៀល ជូនដល់អ្នកដែលចាក់វ៉ាក់សាំងទី២លាននេះ។

សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានឧបត្ថម្ភថវិកាចំនួន៥លានរៀលបែបនេះ ជូនដល់អ្នកចាក់វ៉ាក់សាំងទី១លានផងដែរ កាលពីខែមេសា កន្លងទៅ។ អ្នកចាក់វ៉ាក់សាំងទី១លាន ប៉ះចំលោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

ការឧបត្ថម្ភថវិការបស់សម្តេចតេជោ ជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩។ ជាពិសេស គឺការពារអាយុជីវិតផ្ទាល់ខ្លួន និងក្រុមគ្រួសារពីការវាយប្រហារដោយជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ រហូតមកដល់ពេលនេះ ពលរដ្ឋកម្ពុជាចំនួន២លាននាក់ បានចាក់វ៉ាក់សាំងរួចរាល់។ ចំនួននេះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈរនៅចំណាត់ថ្នាក់លេខ២ នៅអាស៊ាន ជាប្រទេសចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿន និងច្រើនជាងគេ ខណៈប្រទេសសិង្ហបុរីឈរនៅលេខរៀងទី១។

រាជរដ្ឋាភិបាលកម្ពុជា មានផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា ឱ្យបានខ្ទង់ ១៣លាននាក់ និងឱ្យរួចរាល់នៅដំណាច់ឆមាសទី១ ឆ្នាំ២០២២៕

តំបន់សក្ដានុពលនៅតាមបណ្តាខេត្តមួយចំនួន នៅតែទទួលបានការវិនិយោគជាបន្តបន្ទាប់ទោះស្ថិតនៅក្នុងវិបត្តិ

          ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ទោះបីជាកម្ពុជា ជួបវិបត្តិនឹងជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២១នេះ មានទ្រង់ទ្រា​យធំជាងឆ្នាំ២០២០ក្ដី តែការវិនិយោគអចលនទ្រព្យ នៅក្នុងតំបន់ដែលមានសក្ដានុពលនៅតែបន្ត ដោយមិនមានការផ្អាកនេះទេ ជាពិសេសគម្រោងវិនិយោគដែលមានម្ចាស់ជនជាតិខ្មែរ។

លោក កែវ សុជាតិភ្នាក់ងារអចលនវត្ថុកម្ពុជាមួយរូបបានឱ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៤ ឧសភានេះថា លោកមើលឃើ​ញថា តំបន់ដែលមានសក្ដានុពលក្នុងការវិនិយោគ នៅតែទទួលបានគម្រោងជាបន្តបន្ទាប់ បើទោះបីជាកម្ពុជាមានវិបត្តិនឹងកូវីឌ១៩ក្ដី ។ ជាក់ស្ដែងពេលដែលកម្ពុជា បានសម្រេចបិទខ្ទប់តំបន់មួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដដ១៩ តំបន់ដែលមិនបិទ និងមានសក្ដានុពល លើការអភិវឌ្ឍនៅតែបន្ត គម្រោងសាងសង់មិនបានបញ្ឈប់ ឬផ្អាកដំណើរការនោះទេ ដែលសបញ្ជាក់ថា តំបន់សក្ដានុពលគឺនៅតែបន្ត ។

លោកបន្តថា “យើងទទួលស្គាល់ថាក៏មានគម្រោងមួយចំនួនបានផ្អាក ដោយសា​រតែម្ចាស់លុយជាប់ ក្នុងតំបន់បិទខ្ទប់ និងមិនអាចចេញធ្វើដំណើរបាន ទើបធ្វើឱ្យដំណើរការគម្រោងត្រូវគាំង”។លោកបន្តថា “ក្រោយពេលរដ្ឋាភិបាលប្រកាសបញ្ចប់តំបន់បិទខ្ទប់ ម្ចាស់គម្រោងក៏ចេញធ្វើដំណើរនិងរៀបចំ ដំណើរការសាងសង់ឡើងវិញ”។

លោកកែវ សុជាតិបានបន្តថា វិនិយោគិនគេអត់គិតពីវិបត្តិនៅពេលបច្ចុប្បន្នទេ តែគេគិតដល់អនាគតទៅវិញ។ ក្រោយវិបត្តិគេនឹងទទួលបាននូវឱកាសវិនិយោគ និងចំណេ​ញ​ស្រាប់ ជាក់ស្ដែងដូចជាគម្រោងអភិវឌ្ឍន៍ផ្ទះលំហែកាយ និងគម្រោងអភិវឌ្ឍន៍សម្រាប់គាំទ្រវិស័យទេសចរណ៍ នៅពេលចប់វិបត្តិពេលនោះ គេនឹងដាក់ដំណើរការនូវគម្រោងរបស់គេ។

ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់ ប្រធានក្រុមហ៊ុនអចលនទ្រព្យAdvance ក៏បានឱ្យដឹងដែរថា ជាការកត់សម្គាល់ក្នុងពេលវិបត្តិនៃជំងឺនេះ គម្រោងវិនិយោគនៅតំបន់ដែលមានសក្ដានុពល គឺពិតជាទទួលបានជាបន្តបន្ទាប់មែន ហើយក្នុងនោះគេឃើញថា វិស័យដែលទទួលបានការវិនិយោគគឺការជួលឃ្លាំង រោងចក្រ ទីតាំងដីសម្រាប់សង់ជារោងចក្រនិងឃ្លាំង ក្នុងពេលដែលវិស័យឧស្សាហកម្ម នៅតែតបន្តទទួលបានវិនិយោគិនបន្តបន្ទាប់ ។

លោកបន្តថា “យ៉ាងណាក្ដី យើងមិនអាចប្រកែកបានទេ ពីផលប៉ះពាល់នៃជំងឺនេះ ទៅលើវិស័យអចលនទ្រព្យ តែយើងមិនមែនស្ងប់ស្ងាត់ទាំងស្រុងនោះទេ យើងនៅតែទទួលបានជាហូរហែរ និងទើបតែគាំងស្ងប់ស្ងាត់ប្លែក ក្នុងពេលបិទខ្ទប់ទីក្រុងភ្នំពេញនិងក្រុងតាខ្មៅ”៕

ហាង Burger របស់អាមេរិកដ៏ល្បីបន្តពង្រីកការិនិយោគខ្លួននៅកម្ពុជា ទោះស្ថិត ក្នុងពេលមានវិបត្តិ

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនThe Habit Burger Grill ដែលមានបទពិសោធន៍ជាង៥០ឆ្នាំ លើប៊ឺហ្គឺររសជាតិឆ្ងាញ់បំផុតរបស់អាមេរិក ប្រកាសបើកសាខាថ្មីបន្ថែមនៅអូឡាំពិក ភ្នំពេញនៅថ្ងៃទី១៤ ខែឧសភានេះ បើទោះបីជាពិភពលោកកំពុងជួបវិបត្តិ។

ក្រុមហ៊ុនភោជនីយដ្ឋាន ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាល្បីឈ្មោះនេះ បានប្រកាសថា បើកដំណើរការភោជនីយដ្ឋានទី៤របស់ខ្លួន នៅអូឡាំពិក ដោយបានសហការជាមួយនឹងក្រុមហ៊ុនកម្ពុជាតេលា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

លោក Iwona Alter ប្រធានក្រុមហ៊ុន The Habit Burger Grill បានថ្លែងថា “យើងរីករាយ នឹងបន្តការពង្រីកវត្តមាននៅទីផ្សារអន្ដរជាតិ ដោយចូលរួមសហការជាមួយដៃគូថ្មីរបស់យើងគឺក្រុមហ៊ុន Kampuchea TelaCompany ដើម្បីពង្រីកទីតាំងរបស់យើងនៅកម្ពុជា”។

លោកបានបន្តថា “យើងទន្ទឹងរង់ចាំបង្កើតអ្នកគាំទ្រ Habit ថ្មីដោយអញ្ជើញពួកគេឱ្យរីករាយ នឹងម្ហូបដែលធ្វើដោយដៃរបស់យើង និងទទួលបានបដិសណ្ឋារកិច្ចល្អបំផុត ហើយ និងប្រកបដោយបរិយាកាសស្វាគមន៍ ដូចនៅកាលីហ្វ័រញ៉ាខាងត្បូង”។

The Habit បាននិងកំពុងចាប់ដៃគូជាមួយក្រុមហ៊ុន Kampuchea Tela Company ដើម្បីអភិវឌ្ឍ និងដំណើរការភោជនីយដ្ឋាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

ថ្លៃឈ្នួលផ្ទះនៅតំបន់ The Peak ក្នុងទីក្រុងហុងកុងបានហក់ឡើងកប់ពពកឡើងវិញ

ដោយៈសុខុម

ហុងកុង:  ថ្លៃឈ្នួលផ្ទះប្រណីតនៅតំបន់ The Peak ដែលជាតំបន់អចលនទ្រព្យមានហាងឆេងខ្ពស់បំផុតប្រចាំក្រុងហុងកុង កំពុងតែហក់ឡើងខ្ពស់មិនធ្លាប់មានជាប្រវត្តិសាស្ត្រ។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃទី១៤ ឧសភា នេះឱ្យដឹងថា ផ្ទះវីឡាដាច់ពីគេមួយ ដែលមានផ្ទៃក្រឡាសរុប៦៥២ម៉ែត្រការ៉េ នៅតាមបណ្ដោយផ្លូវភ្នំ73 Mount Kellett Road ត្រូវបានគេជួលកាលពីពេលថ្មីៗនេះ ក្នុងតម្លៃខ្ពស់កប់ពពករហូតដល់ទៅ១,៦លានដុល្លារហុងកុង (២០៦,០០០ដុល្លារអាមេរិក) ក្នុងមួយខែ ដោយធ្វើឱ្យវាក្លាយជាផ្ទះ ដែលមានថ្លៃឈ្នួលខ្ពស់បំផុតនៅក្រុងហុងកុង ប្រចាំឆ្នាំ២០២១។

យោងតាមភ្នាក់ងារអចលនទ្រព្យក្នុងស្រុកឱ្យដឹងថា ផ្ទះវីឡាប្រណីតដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំ73 Mount Kellett Road ត្រូវបានជួលក្នុងតម្លៃប្រមាណ១,៦លានដុល្លារហុងកុង។ ទោះជាយ៉ាងណា អត្តសញ្ញាណរបស់អ្នកជួល មិនត្រូវបានទម្លាយឱ្យដឹងនោះទេ ព្រោះវាជាការសម្ងាត់។ ផ្ទះវីឡានេះកម្មសិទ្ធិរបស់ក្រុមហ៊ុនវិនិយោគ Giant Expert Investments ដែលនាយកក្រុមហ៊ុននេះមានឈ្មោះថា Yau Ka-cheung។

លោកEric Lee នាយកផ្នែកលក់ប្រចាំទីភ្នាក់ងារអចលនទ្រព្យ Centaline Property Agency បានលើកឡើងថា “ផ្ទះនេះប្រសិនបើដាក់លក់លើទីផ្សារ អាចនឹងលក់បានថ្លៃ១ពាន់លានដុល្លារហុងកុង (ជិត១២៩លានដុល្លារអាមេរិក)”។

លោកបានគូសបញ្ជាក់ថា ផ្ទះដែលអាចចតរថយន្តបានពីចន្លោះពី២០ ទៅ៣០គ្រឿង និងស័ក្ដិសមសម្រាប់ថៅកែក្រុមហ៊ុនធំៗ ដែលចូលចិត្តទទួលភ្ញៀវបែបនេះ ពិតជាកម្ររកបានណាស់។

លោកបានបន្ថែមទៀតថា “លុយ១លានទៅ២លានដុល្លារហុងកុង គ្រាន់តែជាកាកលុយប៉ុណ្ណោះសម្រាប់ពួកគេ”។

កាលពីមុន ផ្ទះដែលមានបន្ទប់គេងចំនួន៥ និងមានសួនច្បារមួយនេះត្រូវបានជួលក្នុងតម្លៃ១លានដុល្លារហុងកុង (ជិត១៣០.០០០ដុល្លារអាមេរិក) កាលពីខែធ្នូ ឆ្នាំ២០១៨។ ម្ចាស់បច្ចុប្បន្នបានទិញផ្ទះនេះក្នុងតម្លៃ៤៥៤,៨លានដុល្លារហុងកុង (ជាង៥៨លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០១០។

ទោះជាយ៉ាងណា ទាំងក្រុមហ៊ុន Giant Expert Investments និងលោក Yau Ka-cheung មិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញផ្ទះនេះ៕

វិធីសាស្រ្តវិនិយោគអចលនទ្រព្យដ៏មានឥទ្ឋិពលរបស់មហាសេដ្ឋី លោក Warren Buffett

          ដោយគង់ ម៉ាលីន

ភ្នំពេញៈ លោកWarren Buffettជាកំពូលមហាសេដ្ឋីលើលោកមួយរូប ដែលទទួលបានជោគជ័យក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ និងវិស័យផ្សេងៗទៀតជាច្រើន លោកបានប្រើប្រាស់វិធីសាស្រ្តជាច្រើន ដើម្បីទទួលបានផលពីការវិនិយោគរបស់ខ្លួន។

ជាទូទៅមហាសេដ្ឋីរូបនេះ តែងតែប្រើប្រាស់វិធីសាស្រ្តចំនួន៤ ហើយជាទូទៅលោក Warren Buffett វិនិយោគតែលើក្រុមហ៊ុន ដែលមានតម្លៃស្នូល (Intrinsic value) អាចបង្កើតកំរិតផលចំណេញបានជាទីគាប់ចិត្ត។

វិធីសាស្រ្តទី១ របស់លោក គឺមិនផ្តោតការវិនិយោគភាគហ៊ុនរបស់ក្រុមហ៊ុន ហើយដេកចាំលក់ចេញនៅពេលតម្លៃហ៊ុនឡើងថ្លៃនោះទេ។ ដូចគ្នានេះដែរ អ្នកគួរវិនិយោគលើប្រភេទអចលនទ្រព្យដែលមានតម្លៃផ្នែកសេដ្ឋកិច្ច ពោលគឺអាចរកចំណូលបាន ដូចជា ការជួលដី ឃ្លាំង។ល។ ធ្វើដូច្នេះ អ្នកមិនមែនទិញអចនទ្រព្យទុកកប់លុយចោល ហើយរង់ចាំពេលលក់យកចំណេ​ញនោះទេ។

ទី២ ចាត់ទុកការវិនិយោគលើផ្សារហ៊ុនជាមុខរបរ ៖ លោក Warren Buffett  បានចាត់ទុកការវិនិយោគជាមុខរបរ មិនមែនគ្រាន់តែទិញលក់យកចំណេញតែមួយគ្រាៗនោះទេ។ ធ្វើដូច្នេះទើបលោកអាចគ្រប់គ្រងចាត់ចែងផលបត្រ័ (Portfolio) វិនិយោគបានល្អព្រោះលោកនៅជាប់ជាមួយនឹងទីផ្សារ ហើយក្តាប់ព័ត៌មានបានច្បាស់ល្អ។

ការណ៍នេះ ផ្ទុយទាំងស្រុងពីអ្នកវិនិយោគលើផ្សារហ៊ុនទូទៅ ដោយគ្រាន់តែទិញ-លក់យកចំណេញក្នុងរយៈពេលខ្លី ហើយក្តាប់ព័ត៌មានមិនបានល្អ ដែលជាបច្ច័យនាំអោយមានការសំរេចចិត្តខុស។ ដូចគ្នានេះដែរ អ្នកវិនិយោគលើវិស័យអចលនទ្រព្យ គួរចាត់ទុកថា ការវិនិយោគរបស់ខ្លួនជាមុខរបរ ហើយកសាងសមត្ថភាពអោយខ្លាំង ជាជាងការវិនិ​យោគតាមបែបទឹកជោរទឹកនាចដូចមនុស្សទូទៅ។

ទី៣ វិនិយោគលើអ្វីដែលអ្នកស្គាល់ច្បាស់ៈ លោកមិនវិនិយោគលើវិស័យណា ដែលលោកមិនយល់ច្បាស់នោះទេ ព្រោះជៀសវាងកំហុសឆ្គងនៅក្នុងការសំរេចចិត្ត។ ដូចគ្នានេះដែរ ប្រសិនបើអ្នកចង់ឲ្យការវិនិយោគលើអចលនទ្រព្យ ទទួលបានភាពជោគ​ជ័យខ្ពស់ អ្នកគួរផ្តោតតែទៅលើប្រភេទអចលនទ្រព្យ ដែលអ្នកយល់ដឹងច្បាស់។

ឧទាហរណ៍ ដូចជាការផ្តោតលើការវិនិយោគលើដីជាយក្រុង នៅតំបន់ភ្នំប្រសិទ្ធិ ឬតំបន់អរិយ្យក្សត្រ។ល។ អ្នកនឹងមិនអាចជោគជ័យខ្លាំងនោះទេ ប្រសិនបើអ្នកធ្វើខុនដូលក់ផង និងវិនិយោគលើដីធ្លីនៅជាយក្រុងផងនោះ។

ទី៤ មានវិន័យ និងវិនិយោគសំរាប់រយៈពេលវែងៈ លោកមិនស្លន់ស្លោរ រួចលក់ហ៊ុនចេញនៅពេលដែលស្ថានភាពសេដ្ឋកិច្ច មិនសូវអំណោយផលនោះទេ។ ជាទូទៅលោកវិនិយោគរយៈពេលវែង បើស្ថានភាពសេដ្ឋកិច្ចមិនសូវល្អហើយតម្លៃហ៊ុនធ្លាក់ចុះ លោកផ្តោតលើការទិញហ៊ុនបន្ថែមក្នុងតម្លៃទាប។

ការប្រព្រឹត្តរបស់លោកផ្ទុយពីឥរិយាបទ នៃអ្នកវិនិយោគទូទៅ។ ដោយឡែកការវិនិ​យោគលើអចលទ្រព្យ ក៏គួរយកគំរូតាមលោក Warren Buffett ត្រង់ចំណុចវិន័យ និងចក្ខុវិស័យរយៈពេលវែងនេះដែរ។

អញ្ចឹងហើយយុទ្ធសាស្រ្តធនាគារដីធ្លី Land Banking ជាយុទ្ធសាស្រ្តសមស្របបំផុត ជាពិសេសសំរាប់អនុវត្តនៅប្រទេស ដែលសេដ្ឋកិច្ចមានការរីកលូតលាស់លឿនដូចប្រទេសកម្ពុជា៕

សិក្សាវិធីសាស្រ្តចំនួនបីនេះដើម្បីទិញដីបានតម្លៃល្អក្នុងកំឡុងវិបត្តិ

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ  វិបត្តិជំងឺកូវីដ១៩ កំពុងធ្វើឲ្យមានការបារម្ភ តម្លៃដីធ្លីក៏នៅទ្រឹង ការទិញលក់ស្ងប់ស្ងាត់ ហេតុនេះ ការជ្រើសរើសវិនិយោគដីធ្លី ដែលមានវិធីសាស្រ្តត្រឹមត្រូវ នឹងធ្វើឲ្យយើងទិញដីបានល្អ តម្លៃល្អ និងអាចមានផលចំណេញលឿន ពិសេសអាចបញ្ចៀសហានិភ័យបាន។

អ្នកជំនាញអន្តរជាតិបានលើកជារូបមន្តមួយចំនួន ដើម្បីធ្វើឲ្យការវិនិយោគដីធ្លីទទួលបានផលចំណេញ ដោយក្បួនមួយចំនួនដូចជា ៖

សិក្សាលើសក្តានុពលទីតាំង

នៅពេលនិយាយពីអចលនទ្រព្យ គឺនិយាយពីទីតាំង ទីតាំង និងទីតាំង ព្រោះទីតាំងមានសារៈសំខាន់ណាស់ សំរាប់កំណត់ភាពជោគជ័យរបស់គម្រោងណាមួយ ព្រោះតម្លៃអចលទ្រព្យពិសេសដីធ្លី ដែលមានតម្លៃឡើងថ្លៃលឿន។ ទីតាំងដែលគួរវិនិយោគគួរធ្វើនៅតំបន់ ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល តំបន់ព្រំដែន តំបន់ជាយក្រុង តំបន់ដែលមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលជាដើម។

ប័ណ្ណកម្មសិទ្ឋ

ប័ណ្ណកម្មសិទ្ឋច្បាស់លាស់នៅកម្ពុជា ហាក់ដូចជាមានបញ្ហាស្មុគ្រស្មាញមួយ ដោយ​សារមន្រ្តីមូលដ្ឋាន និងមានសមត្ថកិច្ចបានលួចេញប្លង់ត្រួតលើគ្នា ដើម្បីផលប្រយោជន៍ទោះបីពួកគេដឹងថាខុសច្បាប់ក៏ដោយ។ ហេតុនេះ ការសិក្សាលំអិតម្តងហើយម្តងទៀត ពីប័ណ្ណកម្មសិទ្ឋដីធ្លីឬអចលនទ្រព្យ វានឹងអាចបញ្ចៀសហានិភ័យ ដែលធ្វើឲ្យការវិនិយោគរបស់លោក អ្នកមានសុវត្ថិភាព និងមានឳកាសចំណេញខ្ពស់។

ប្រើរូបមន្តពិសេស

តាមធម្មតាដីតែងមានការដាក់លក់ច្រើន ហេតុនេះមុនសម្រេចជ្រើសរើសយកទីតាំងណាមួយ អ្នកវិនិយោគអន្តរជាតិបានផ្តល់ជាយោបល់ថា គួរជ្រើសរើសដី៥០ទៅ១០០ទីតាំង ហើយជ្រើសរើសយក១០ក្បាលដីឬទីតាំង ដើម្បីយកមកវិភាគពីតម្លៃ ពីសក្តានុពលទីតាំង ដើម្បីប្រាកដថាដីដែលខ្លួនបានជ្រើសរើសពិតជាល្អ។

បន្ទាប់មកគេជ្រើសរើសយកដី៣ទៅ៤ទីតាំង ដើម្បីសម្រេចចិត្តចុងក្រោយថាគួរជ្រើសរើសដីណាមួយ ដែលមានសក្តានុពល ដែលអ្នកវិនិយោគអាចដឹងថា ដីដែលខ្លួនបានជ្រើសរើសពិតជាល្អ មានទីតាំងល្អ មានប័ណ្ណកម្មសិទ្ឋត្រឹមត្រូវ និងមានឳកាសចំ​ណេញខ្ពស់៕

គម្រោងលំនៅដ្ឋាននតម្លៃសមរម្យតម្លៃ១០០លានដុល្លារនឹងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំនេះ

ដោយៈ សាវុធ

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននតម្លៃសមរម្យ “ទីក្រុងរណបសិរីមង្គល” ក្រោមទុនវិនិយោគប្រមាណ១០០លានដុល្លាររបស់ក្រុមហ៊ុន Worldbridge Homes Co., Ltd នឹងបញ្ចប់ការសាងសង់គម្រោងទាំងស្រុងនៅចុងឆ្នាំ២០២១នេះ។

លោកយក់ សុធីរិទ្ធប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Worldbridge Home Co., Ltd បានថ្លែងប្រាប់កាសែតអន្តរជាតិមួយកាលពីថ្មីៗនេះថា បើទោះបីមានកម្មករមួយចំនួនមិនអាចមកធ្វើការបាន ដោយសាររស់នៅក្នុងតំបន់បិទខ្ទប់ក៏ដោយ ការដ្ឋាន “ទីក្រុងរណបសិរីមង្គល” នឹងត្រូវបញ្ចប់១០០ភាគរយ នៅក្នុងឆ្នាំ២០២១ នេះ ខណៈការសាងសង់កំពុងមានដំណើរការទៅមុខជាប្រចាំ។

លោកបានថ្លែងថា សកម្មភាពក្នុងការដ្ឋានរបស់យើងនឹងឈានទៅបិទបញ្ចប់ក្នុងពេលឆាប់ៗនេះ ខណៈការលក់នៅពេលនេះសម្រេចបានជាង៩៥ ភាគរយ។ នៅក្នុងអំឡុងពេលបិទខ្ទប់នេះ នៅការដ្ឋានមានកម្មករធ្វើការចន្លោះពី៤០០-៥០០នាក់រៀងរាល់ថ្ងៃ។

លោកបានបន្តថា គិតមកដល់ពេលនេះក្រុមហ៊ុនបានប្រគល់ផ្ទះឱ្យអតិថិជនចំនួន៨២៣ខ្នងរួចមកហើយ ខណៈផ្ទះនៅសល់១.៦៣៤ ខ្នងទៀតនឹងត្រូវប្រគល់ក្នុងឆ្នាំ ២០២១។ លំនៅឋានក្នុងគម្រោងនេះមានតម្លៃចាប់ពី២៥.០០០-៣០.០០០ ដុល្លារ។

“ទីក្រុងរណបសិរីមង្គល” គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននតម្លៃសមរម្យដំបូងគេនៅកម្ពុជា ដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការនាដើមឆ្នាំ២០១៨ លើផ្ទៃដី៤៥ហិកតា ដោយមានខ្នងផ្ទះសរុប២៤៥។ គម្រោងនេះស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ចម្ងាយប្រមាណ១៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ (ស្ពានព្រះមុនីវង្ស)។

Worldbridge Home Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Worldbridge Group ដែលកំពុងអភិវឌ្ឍន៍គម្រោងធំៗនៅក្នុងរាជធានីភ្នំពេញមានដូចជា The Bridge និង The Peak។

យោងតាមក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹមចុងឆ្នាំ២០២០ នៅកម្ពុជាមានគម្រោង អភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យចំនួន៥ ដែលស្មើនឹងបន្ទប់ស្នាក់នៅសរុប៨.៣៣១ ខ្នងផ្ទះ និងចំនួន៧.២៥៦យូនីត។

កាលពីឆ្នាំ២០១៤ កម្ពុជាបានអនុម័តគោលនយោបាយ លំនៅឋានថ្នាក់ជាតិ ដើម្បីជំរុញការអភិវឌ្ឍលំនៅឋានឱ្យបានកាន់តែច្រើនជូនប្រជាពលរដ្ឋ។ យោងតាមគោលនយោបាយនេះ កម្ពុជានឹងត្រូវការផ្ទះបន្ថែមប្រមាណ៥ម៉ឺនខ្នងក្នុង១ឆ្នាំ រហូតដល់ឆ្នាំ ២០៣០៕