ការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដបង្ហាញសញ្ញាវិជ្ជមាន ស្របពេលប្រធានអង្គការសុខភាពពិភពលោកអំពាវនាវ

          ដោយៈគង់ ម៉ាលីន

          ភ្នំពេញៈ ការផលិតវ៉ាក់សាំងបង្ហាញសញ្ញាវិជ្ជមាន ដោយអាមេរិកបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech អាចចាក់ជូនកុមារចន្លោះពី១២ដល់១៥ឆ្នាំ ស្របពេលប្រធានអង្គការសុខភាពពិភពលោក ស្នើឲ្យមានកិច្ចសហការលើការចែកចាយវ៉ាក់សាំង។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) រដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ទៅលើក្មេងៗវ័យជំទង់អាយុចន្លោះពី ១២-១៥ឆ្នាំ បន្ទាប់ពីក្រុមហ៊ុននេះបានដាក់ពាក្យស្នើសុំ អស់ប៉ុន្មានសប្តាហ៍មកហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។

ការអនុម័តខាងលើនេះត្រូវបានគេមើលឃើញថា នឹងជួយជំរុញការចាក់វ៉ាក់សាំង នៅទូទាំងសហរដ្ឋអាមេរិក ឲ្យមានសន្ទុះកើនឡើងវិញ ខណៈជាងមួយសប្តាហ៍ចុងក្រោ​យនេះ អត្រានៃការចាក់វ៉ាក់សាំងប្រចាំថ្ងៃ បានធ្លាក់ចុះជាលំដាប់។ ការចាក់វ៉ាក់សាំងទៅដល់ក្មេងជំទង់អាយុពី ១២-១៥ឆ្នាំ ក៏ស្របទៅនឹងផែនការរបស់សហរដ្ឋអាមេរិក ដើម្បីឲ្យក្មេងៗអាចត្រលប់ទៅរៀនវិញដោយសុវត្ថិភាព នៅឆ្នាំក្រោយនេះផងដែរ។

ស្របពេលបញ្ហាប្រឈមនៃការប្រកួតប្រជែងគ្នា ក្នុងការចែកចាយ និងដណ្តើមវ៉ាក់សាំងគ្នា ប្រមុខអង្គការសុខភាពពិភពលោក WHO នៅថ្ងៃចន្ទសប្តាហ៍នេះបានថ្លែងថា ជំនួសឲ្យការប្រកួតប្រជែង និងប្រឈមមុខគ្នា កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាជម្រើ​សតែមួយគត់ដើម្បីឈានទៅបញ្ចប់ វិបត្តិជំងឺរាតត្បាតសកល COVID-19។

អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានថ្លែងដូចខាងលើ ពេលនិយាយពាក់ព័ន្ធនឹងភាពខុសគ្នាខ្លាំង នៃការទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅជុំវិញពិភពលោក។ លោក Tedros បានសង្កត់ធ្ងន់ថា “កម្រិតខុសគ្នាដ៏គួរ ឲ្យភ្ញាក់ផ្អើលនេះ នៅតែបន្តជាហានិភ័យធំបំផុតមួយ ចំពោះការឆ្ពោះទៅបញ្ចប់វិបត្តិ COVID-19 ហើយលោកជឿថាកិច្ចសហប្រតិបត្តិការ ជាជម្រើសតែមួយគត់ ដើម្បីសម្រេចបានគោលដៅនេះ”។

បើយោងតាមទិន្នន័យរបស់ WHO ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលខ្ពស់ ដែលស្មើនឹង៥៣ភាគរយនៃ ចំនួនប្រជាជនសរុបនៅលើផែនដី ទទួលបានវ៉ាក់សាំង៨៣ភាគរយ នៃវ៉ាក់សាំង COVID-19 ដែលមាននៅលើពិភពលោក ខណៈប្រទេសចំណូលមធ្យមកម្រិតទាប និងប្រទេសចំណូលទាប ដែលស្មើនឹង៤៧ភាគរយនៃចំនួនប្រជាជនសរុបលើផែនដី ទទួលបានវ៉ាក់សាំងត្រឹមតែ១៧ភាគរយប៉ុណ្ណោះ៕

គំរោងសួនបណ្តុំសហគ្រាសធុនតូចនិងមធ្យមតម្លៃ៣០លានដុល្លារទទួលបាន ការចាប់អារម្មណ៍ច្រើន

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ គម្រោង​សួន​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម (Worldbridge I4.0 SME Cluster) មាន​តម្លៃ​ប្រហែល៣០លាន​ដុល្លារ​ របស់ក្រុមហ៊ុនWorld Bridge Industrial Developmentកំពូងទទួលបានការចាប់អារម្មណ៍ច្រើន។

សួន​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​សរុប៦ហិក​តា ក្នុង​សង្កាត់​រកា​ខ្ពស់​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ទល់​មុខ​នឹង​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ «ទីក្រុង​រណប​សិរីមង្គល» របស់​ក្រុមហ៊ុន Worldbridge Homes Co.,Ltd ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ Worldbridge Group។

អ្នកឧកញ៉ាសៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន វើលដ៍ ប្រ៊ីដ អ៊ិនដាសស្ទ្រៀល ឌីវេឡុបមិន ឯ.ក Worldbrigde Industrial Development Co.,Ltd)បាន​ឲ្យដឹងថា សព្វ​ថ្ងៃ​គម្រោង​នេះ​ដំណើរ​សាងសង់​ជា​ធម្មតា ប៉ុន្តែ​អាច​នឹង​យឺត​ពេល​ជាង​ផែន​ការ​គ្រោង​ទុក។

លោក​បន្ត​ថា “យើង​កំពុង​ដំណើរការ​សាងសង់ ប៉ុន្តែ​អាច​យឺត​ពេល១ ទៅ២ខែ យើង​ឃើញ​ថា មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ជាច្រើន​បាន​ចាប់​អារម្មណ៍​ លើ​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ”។

សួន​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ ចែកចេញ​ជា៧ផ្នែក រួម​មាន​មជ្ឈមណ្ឌ​ល​សេវាកម្ម មជ្ឈមណ្ឌល​ទ្រទ្រង់​គ្រឿង​បរិក្ខារ ​ឧស្សាហកម្ម​ចង្កោម​សហគ្រាស​ធុន​តូច និង​មធ្យម ហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម និង​សេវាកម្ម ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រកប​ធុរកិច្ច ភាព​ងាយ​ស្រួល​ដល់​កម្មករ​ក្នុង​ការ​ប្រកប​ការងារ និង​ផ្តល់​សេវាកម្ម​គាំទ្រ​ដទៃ​ទៀត។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លោក តែ តាំងប៉ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ គឺ​មាន​កម្រិត​ស្តង់ដា​អន្តរជាតិ​ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​រោងចក្រ សហគ្រាស​នៅ​ក្រៅ​ប្រទេស។

លោក​និយាយ​ថា “ការ​បើក​សួន​ឧស្សាហកម្ម​នេះ គឺ​ស័ក្តិសម​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​មាន​ស្តង់ដា​យើង​គាំទ្រ​គម្រោង​នេះ ដើម្បី​ចូលរួម​ចំណែក​ជំរុញ​សហគ្រាស​ធុន​តូច និង​មធ្យម”។លោក​ថ្លែង​ថា“យើង​បង្កើត​សួន​ឧស្សាហកម្ម​សហគ្រាស​ធុនតូច និង​មធ្យម​នេះ ដើម្បី​ជួយ​ឧបត្ថម្ភ​គាំទ្រ និង​តម្រង់​ទិស​ពួក​គាត់​សម្រាប់​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​ពិភព​លោក”។

លោកចម ប្រសិទ្ធ ថ្លែង​ទៀត​ថា សួន​ឧស្សាហកម្ម​នេះ ពិត​ជា​មាន​សារៈសំខាន់​ណា​ស់​សម្រាប់​ពួក​គេ​ផលិត​ទំនិញ​នាំចេញ ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ។

លោក​អះអាង​ថា “យើង​កំពុង​លើក​ទឹក​ចិត្ត​ពួក​គាត់ ​ឱ្យ​ចាប់​យក​បច្ចេកវិទ្យា​ចុង​ក្រោយ​មក​ចូល​ នៅ​ក្នុង​បណ្តុំ​សួន​ឧស្សាហកម្ម​នេះ សម្រាប់​ផលិត​នាំចេញ​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ”៕

រមណីយដ្ឋានកោះកុងក្រៅ មានសម្រស់ស្អាតដូចឋានសួគ៌

          ដោយៈគង់ សូរិយា

          កោះកុងៈ ស្ថិតនៅក្នុងភូមិកោះកាពិ ឃុំកោះកាំពិ ស្រុកកោះកុង ខេត្តកោះកុង មានចំងាយ​៣០គ.ម ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់អាច​ធ្វើដំណើរ​ទៅកាន់​តំបន់​នេះ​បាន តាមរយៈ​ផ្លូវទឹក ដោយចំណាយពេលប្រមាណ ៥០​នាទី ទើបដល់កោះដ៏ធំមួយនេះ។

ជាមួយឆ្នេរខ្សាច់សក្បុរ និងសម្រស់ធម្មជាតិ កោះកុងក្រៅពិតជាមានឆ្នេរដ៏ស្រស់ស្អាត ទឹកសមុទ្រខៀវស្រងាត់គួរឲ្យចង់ងូតលេង ទស្សនាត្រជាក់ផ្នែក ពិសេសជាទីតាំងសំរាប់ការសម្រាកលំហែរដ៏សែនមនោរម្យ និងស្ងប់សុខ។

កោះកុង​ក្រៅមានផ្ទៃដី​ប្រមាណ៨០គីឡូម៉ែត្រការ៉េ  និងកម្ពស់ប្រហែល៤១០ម៉ែត្រ ស្ថិតនៅលើផ្ទៃទឹកសមុទ្រ​ដ៏ធំល្វឹងល្វើយ ដែលមាន​ព៌ណខៀវស្រងាត់ ជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និង​ជីវៈចម្រុះ​បាត​សមុទ្រ មានឆ្នេរខ្សាច់ សម្រាប់កម្សាន្ត០៥​ កន្លែង។ សព្វថ្ងៃតំបន់កោះកុងក្រៅនេះស្ថិតនៅ​ក្រោម​​ការគ្រប់គ្រងរបស់​អង្គភាពយោធា​ជើងទឹក​ផ្នែក​​​លំហសមុទ្រ៕

អាជ្ញាធរខេត្តកែបចាប់ផ្តើមចាត់វិធានការណ៍ក្តៅលើម្ចាស់គំរោងដែលទទួលបានសិទ្ឋ វិនិយោគ ប៉ុន្តែមិនបានធ្វើសកម្មភាព

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ អាជ្ញាធរខេត្តកែបបាន និងកំពុងចាត់វិធានការដកហូតគំរោងអភិវឌ្ឍន៍មួ​យចំនួន ដែលទទួលបានសិទ្ឋវិនិយោគពីខេត្ត និងពីថ្នាក់ជាតិ ប៉ុន្តែមិនបានធ្វើសកម្ម​ភាពអភិវឌ្ឍតាមផែនការរបស់ខ្លួន។

អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ ឧសភានេះថា អាជ្ញាធរខេត្តបានដកហូតគំរោងវិនិយោគ របស់ក្រុមហ៊ុនមួយចំនួនរួចហើយ ដែលគំរោងភាគច្រើនជាគំរោងអភិវឌ្ឍន៍ឆ្នេរ និងអចលនទ្រព្យរបស់រដ្ឋក្នុងខេត្ត ដោយសារម្ចាស់គំរោងទាំងនោះ មិនបានធ្វើសកម្មភាពអភិវឌ្ឍន៍តាមផែនការរបស់ខ្លួន។

លោកបន្តថា “យើងមិនអាចឲ្យអ្នកទទួលបានសិទ្ឋទាំងនោះ មិនធ្វើសកម្មភាពដេកដួលរមូល ផ្សំគ្រេចនោះទេ ព្រោះបើមិនធ្វើខេត្តជាអ្នកធ្វើ ដោយរកក្រុមហ៊ុនដៃគូមកវិនិយោគ”។លោកបន្តថា “ម្ចាស់គំរោងទាំងនោះ ក្រុមហ៊ុនឬបុគ្គលមួយចំនួនទទួលបានយូរហើយ តាំងពីមុខមានបញ្ហាជំងឺកូវីដ១៩ ប៉ុន្តែមិនបានធ្វើសកម្មភាពជាយូរមកហើយ”។

លោកសោម ពិសិដ្ឋបានបន្តថា គំរោងដែលអនុម័តដោយអាជ្ញាធរខេត្ត យើងនឹងធ្វើការដកហូតត្រឹមខេត្ត ប៉ុន្តែគំរោងដែលអនុម័តដោយក្រសួងឬថ្នាក់ជាតិ ខេត្តនឹងធ្វើសំណើ​រមកថ្នាក់ជាតិ ដើម្បីស្នើសុំដកហូតយកមកវិញ ដើម្បីរកដៃគូវិនិយោគផ្សេងៗទៀត ដើម្បីអភិវឌ្ឍន៍។

លោកបន្តថា បច្ចុប្បន្នខេត្តកែប កំពុងសហការជាមួយអាជ្ញាធរខេត្តកំពត ដោយដាក់ប៉ុស្ត៍ត្រួតពិនិត្យនៅព្រំប្រទល់ខេត្តទាំងពីរ ដើម្បីអនុវត្តន៍តាមវិធានការណ៍ដាក់ចេញ​ដោយក្រសួងសុខាភិបាល ដោយអនុវត្តន៍ការឆែកសុខភាព វាស់កំដៅ និងបាញ់អាកុលលាងដៃជាដើម ពិសេសបើមានករណីសង្ស័យខេត្ត នឹងអនុវត្តន៍តាមការណែនាំរបស់ក្រសួង ដោយធ្វើចត្តាឡីស័ក ខណៈខេត្តមិនទាន់មានការឆ្លងរាលដាល ក្នុងសហគមន៍នៅឡើយ ហើយករណីរកឃើញក្នុងខេត្តចំនួន១២ករណីកន្លងមក គឺជាករណីនាំចូលពីក្រៅ​។

លោកបន្តថា “ក្នុងស្ថានភាពនេះ ខេត្តមិនទាន់ចង់បានភ្ញៀវទេសចរណ៍ច្រើននៅឡើយទេ ដោយសារយើងគិតដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈបច្ចុប្បន្នការឆ្លងក្នុងសហគមន៍នៅតាមរាជធានី ខេត្តជាច្រើនកំពុងបន្ត ដែលវាជាការបារម្ភផងដែរ៕

រោងចក្រអគ្គិសនីដែលមានថាមពលជិត២០០០មេហ្កាវ៉ាត់កំពុងពន្លឿនការសាងសង់ ដើម្បីឆ្លើយតបតម្រូវការ

          ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា ការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅក្នុងអណត្តិនេះ កម្ពុជាកំពុងអភិវឌ្ឍន៍វិស័យអគ្គិសនីធំៗចំនួន៥កន្លែង ដែលមានអនុភាពថាមពលសរុប១៩៧៥មេហ្កាវ៉ាត់ ដើម្បីឆ្លើយតបកំណើនតម្រូវការនៅកម្ពុជា។

ក្រោយពីសាងសង់រួច គម្រោងទាំងនេះនឹងដាក់ចូលក្នុងបណ្តាញជាតិឲ្យប្រើប្រាស់ជាផ្លូវការជាបន្តបន្ទាប់ ដើម្បីឆ្លើយតបតាមតម្រូវការនៃការរីកចម្រើននៅកម្ពុជា។

លោកវិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ែ និងថាមព​លបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១កន្លងមកថា ការអភិវឌ្ឍន៍វិស័យអគ្គិសនីធំៗចំនួន៥កន្លែង ក្នុងនោះគឺមានក្រុមហ៊ុនចំនួន២បានចូលរួម រួមមានក្រុមហ៊ុន Cambodian Tatay Hydropower ដែលកំពុងសាងសង់គម្រោងតាតៃ (ខេត្តកោះកុង) លើមានអនុភាព១៥០មេហ្គាវ៉ាត់ ក្រោយសាងសង់រួច និងដាក់បញ្ចូលបណ្តាញជាតិនៅឆ្នាំ២០២៣។

រីឯគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ កំពុងចាប់ផ្តើមសាងសង់ដោយក្រុមហ៊ុន SPHS Cambodia Co. Ltd., ដោយមានអនុភាព៨០មេហ្គាវ៉ាត ក្រោយសាងសង់រួច គឺគ្រោងដាក់បញ្ចូល ក្នុងបណ្តាញជាតិនៅឆ្នាំ២០២៦ខាងមុខ។

លោកបន្តថា ចំពោះរោងចក្រក្រៅពីវារីអគ្គិសនី កម្ពុជាមានរោងចក្រអគ្គិសនីដុតធ្យូងថ្មចំនួន ៣ផ្សេងៗទៀត ក្នុងនោះក្រុមហ៊ុន China Huadain មានអនុភាព៧០០មេហ្គាវ៉ាត កំពុងសាងសង់ហើយក្រោយពីសាងសង់រួច គ្រោងភ្ជាប់ចូលបណ្តាញជាតិនៅឆ្នាំ២០២២ មួយលើកនិងឆ្នាំ២០២៣បន្ថែមទៀត។

ចំណែកគម្រោងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានអនុភាព៧០០មេហ្គាវ៉ាត នៅបុទុមសា​គរ គ្រោងភ្ជាប់ចូលបណ្តាញជាតិនៅឆ្នាំ២០២៤ចំនួន៣៥០មេហ្គាវ៉ាត  និងនៅឆ្នាំ២០២៥ ចំនួន៣៥០មេហ្គាវ៉ាត។ ដោយឡែក ក្រុមហ៊ុនផ្សេងមួយទៀត គឺមានអនុភាព៧០០មេ   ហ្គាវ៉ាត ដោយគ្រោងភ្ជាប់ចូលបណ្តាញជាតិចំនួន២លើកផងដែរ គឺនៅឆ្នាំ២០២២ និង ២០២៣ខាងមុខ។

លោកវិកទ័រ ហ្សូនាបានបន្តថា ក្រៅពីការអភិវឌ្ឍន៍វិស័យថាមពលធំៗខាងលើ នៅក្នុងដំណាក់កាលនេះដែរ កម្ពុជានៅមានគម្រោងសាងសង់ថាមពល ពីសូឡាចំនួន២ផ្សេ​ង​ទៀត ក្នុងនោះក្រុមហ៊ុន Prime Road  មានអនុភាព៦០មេហ្គាវ៉ាត និងគម្រោងសាងសង់របស់ក្រុមហ៊ុន Green Sustainable Ventrue ចំនួន២០មេហ្គាវ៉ាត ដោយគ្រោងភ្ជាប់ចូលបណ្តាញជាតិនៅចុងឆ្នាំ២០២១នេះ។

លោកបានបន្ថែមថា “ក្រសួងរ៉ែ និងថាមពល គឺមានផែនការដាក់ចូលបណ្តាញជាតិជាបន្តបន្ទាប់ ដើម្បីជម្រុញឲ្យស្របទៅតាមផែនការអភិវឌ្ឍន៍ថាមពល និងការរីកច្រើននៅកម្ពុជាផងដែរ”។

កាលពីពេលកន្លងទៅនេះ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការផ្គត់ផ្គង់អគ្គិសនី ក្នុងនៅកម្ពុជាមានទំហំសរុបជាង៣ពាន់មេហ្គាវ៉ាត់ ក្នុងនោះការជួបបញ្ហាប្រឈមនៃវិបត្តិកូវីដ១៩ ការប្រើប្រាស់អគ្គិសនីបានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសនៅពេលយប់ចំនួន នៃការប្រើប្រាស់អគ្គិសនីបានបន្តធ្លាក់ចុះកាន់តែទាប ដែលបញ្ហាទាំងនេះ ជាកក្តាធ្វើឲ្យចំណូលពីការលក់អគ្គសនីបានធ្លាក់ចុះ៕

ដំណឹងល្អៈអាជ្ញាធររាជធានីនឹងបង្រួមតំបន់បិទខ្ទប់ឱ្យមកនៅរួមតូចបំផុតដើម្បីសម្រួលការលំបាកជូនប្រជាពលរដ្ឋ

          ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ដើម្បីសម្រួលដល់ការរស់នៅ និងប្រកបអាជីវកម្មរបស់ពលរដ្ឋ ក្នុងរាជធានីភ្នំពេញ អាជ្ញាធរបានប្រជុំនិងកំណត់តំបន់បិទខ្ទប់ឱ្យនៅតូចបំផុត និងអាចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរចេញចូលប្រកបអាជីវកម្ម និងធ្វើការឡើងវិញបាន។

លោកឃួង ស្រេង អភិបាលរាជធានីផ្នំពេញ ក្នុងកិច្ចប្រជុំមួយកាលពីល្ងាចម្សិលមិញបានឱ្យដឹងថា ដើម្បីឱ្យការងារនៃការបង្រួមតំបន់បិទខ្ទប់ អោយនៅរួមតូច មានប្រសិទ្ធ ភាព មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចសង្ឃឹមបានថា មិនមានហានិភ័យ នៃការរីករាលដាលជំងឺកូវីដ-១៩បន្តទៀត  តំបន់ដែលបិទខ្ទប់ត្រូវតែរួមតូច និងអាចធានាបាននូវការឆ្លងរាលដាលបន្ថែមទៀត ហើយវិធានការនេះ នឹងចាប់ផ្ដើមអនុវត្តន៍នៅថ្ងៃទី១២ ឧសភាតទៅ។

លោកបានធ្វើការណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់អោយបានម៉ត់ចត់បំផុត គឺមិនអនុញ្ញាតឱ្យមានករណីប្រជាពលរដ្ឋ នៅតំបន់លឿងចូលទៅ តំបន់​លឿងទុំ និងតំបន់ក្រម ជាដាច់ខាត ហើយកិច្ចប្រជុំនេះពិភាក្សាគ្នា ដើម្បីកំណត់ទីតាំងតំបន់ប្រឈមនោះមកនៅរួមតូច ដូច្នេះសុំអាជ្ញាធរសិក្សាកំណត់ឱ្យបានច្បាស់ មុននៃការកំណត់ពណ៌ តំបន់នីមួយៗឱ្យនៅរួមតូចនេះ នៅថ្ងៃស្អែកនេះ។

កាលពីថ្ងៃទី០៦ ឧសភា ២០២១កន្លងទៅ រដ្ឋាភិបាលប្រកាសបញ្ចប់ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល តែត្រូវបែងចែកតំបន់ជាបី រួមមានតំបន់ពណ៌លឿង តំបន់ពណ៌លឿងទុំ និងតំបន់ពណ៌ ក្រហម ដែលតំបន់ពណ៌ក្រហមគឺនៅរក្សាការអនុវត្តបិទខ្ទប់ដដែល ព្រោះជាតំបន់ដែលមានការប្រឈមនឹងការឆ្លងខ្ពស់៕

អ្នកជំនាញៈ ទីផ្សារខុនដូចាប់ផ្តើមមានសកម្មភាពឡើងវិញជាបណ្តើរៗឡើងវិញ

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញអះអាងថា ការទិញ លក់ខុនដូចាប់ផ្តើមមានសកម្មភាពឡើងវិញជាបណ្តើរៗ បន្ទាប់ការបញ្ចប់ការបិទខ្ទប់បានបើកចំហជាងមុន ដែលធ្វើប្រជាពលរដ្ឋអាចចេញដំណើរទៅធ្វើការងារ និងប្រកបអាជីវកម្មបានលើកលែងតែតំបន់មួយចំនួន។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia លោកខន គង្គា មានប្រសាសន៍នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា បន្ទាប់ការបញ្ចប់ការបិទខ្ទប់ ការទិញលក់ខុនដូចាប់ផ្តើមមានសកម្មភាពឡើងវិញជាបណ្តើរៗហើយ។

លោកបានថ្លែងថា “បើទោះបីអំឡុងការបិទខ្ទប់ភូមសាស្ត្រភ្នំពេញ និងក្រុងតាខ្មៅ នៅតែមានអ្នកទិញ ឬវិនិយោគិនមួយៗធ្វើការកក់តាមអនឡាញ ប៉ុន្តែល្បឿននៃការកក់ ឬទិញមិនលឿនដូចការបើកចំហរនោះទេ”។ លោកបានថ្លែងបន្តថា “បន្ទាប់ការបញ្ចប់ការបិទខ្ទប់ ភ្ញៀវខ្ញុំផ្ទាល់តែម្តងចាប់ផ្តើមចេញមកចុះកុងត្រា និងបន្តកក់ជាបណ្តើរ”។

លោកបានបន្តថា អ្នកដែលមានធនធានល្អ ឬលំហូរសាច់ប្រាក់វិជ្ជមានគួរវិនិយោគលើខុនដូនាពេលនេះ គឺពេលល្អសម្រាប់វិនិយោគលើខុនដូ។

លោកគង្គាបានបញ្ជាក់ថា “វាមិនមានឱកាសណាល្អជាងពេលនេះទេ ដោយសារតែអំឡុងពេលកូវីដ១៩ តម្លៃខុនដូនៅតែរក្សាតម្លៃដើម ដោយមិនការឡើងថ្លៃ និងការបង់ប្រាក់ក៏មានការបត់បែន ហើយនាពេលតម្លៃខុនដូឡើងថ្លៃ ក្រោយកូវីដ១៩ ដែលនឹងផ្តល់ផលចំណេញដល់អ្នកវិនិយោគ”។

គម្រោងខុនដូថ្មីៗចំនួន៤ ត្រូវបានបញ្ចប់ការសាងសង់នៅត្រីមាសទី១ឆ្នាំនេះ ដោ​យចូលរួមចំណែកផ្គត់ផ្គង់ ក្នុងទីផ្សារខុនដូចំនួន៧៩៣យូនីត ខណៈការផ្គត់ផ្គង់ខុនដូរំពឹងថានឹងមានចំនួន១០.៨២៥យូនីត នៅក្នុងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia។

លោកស្រីអាន សុធីតាអ្នកជំនាញឯករាជ្យមួយដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យអចលនទ្រព្យ បានថ្លែងកាលពីថ្មីៗថា ទីផ្សារខុនដូ ត្រូវបានគេចាត់ថ្នាក់ជាផ្នែកលំនៅដ្ឋាន នៃវិស័យអចលនទ្រព្យ ដូច្នេះចំពោះផ្នែកលំនៅដ្ឋាន គឺមិនសូវជាមានការប៉ះពាល់ជាមួយកូវីដ១៩នេះទេ ប្រសិនបើប្រៀបធៀបជាមួយវិស័យផ្សេងៗ ដូចជាវិស័យបដិសណ្ឋារកិច្ច (សណ្ឋាគារ) និងវិស័យទីផ្សារលក់រាយ ក៏ប៉ុន្ដែវាក៏នៅតែទទួលរងផលប៉ះពាល់ដូចគ្នាផងដែរ។

លោកស្រីបន្ថែមថា “នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារខុនដូមានការផ្ដោតទាំង​ស្រុងទៅលើភ្ញៀវនៅក្នុងស្រុក ហើយទីផ្សារខុនដូមានការរីកចម្រើនលូតលាស់ ដោយ​សា​រអ្នកវិនិយោគក្នុងស្រុក មានបរិបទវិនិយោគដោយមើលឃើញពីកត្តា ដូចជា មានទីតាំងនៅកណ្ដាលក្រុង មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងតម្លៃក៏មានភាពសមរម្យ បើប្រៀបធៀបនឹងតម្លៃផ្ទះ នៅតំបន់ជាយក្រុង”។

បើទោះបីជាស្ថានភាពជំងឺកូវីដ១៩ មានការរីករាលដាលក៏ពិតមែន ចំពោះលោកស្រីមានការជឿជាក់ថា វ៉ាក់សាំងត្រូវបានចាក់ជាបណ្ដើរៗ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្ដាលប្រទេសផ្សេងទៀត ដូច្នេះទាំងអស់គ្នានឹងវិវត្តទៅរកភាពល្អប្រសើរឆាប់ៗ នៅរយៈពេល២ ទៅ៣ខែខាងមុខនេះ៕

សម្តេចតេជោបានបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ចំនួន៥លានដូសបន្ថែមទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋ

ដោយៈ ប៊ី

ភ្នំពេញៈ លោកស្រីយក់ សម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ជូនអ្នកសារព័ត៌មាននៅថ្ងៃទី១១ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាទិញ៥លានដូសបន្ថែមទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋការពារពីជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ។

ជាមួយគ្នានេះដែរ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១.៥លានដូសនេះ មាន៥០ម៉ឺនដូស នឹងមកដល់នៅថ្ងៃទី១៦ ខែឧសភា និង១លានដូសទៀត នឹងមកដល់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ខណៈដែលវ៉ាក់សាំងចំនួន៥០ម៉ឺនដូសប្រភេទស៊ីណូវ៉ាក់ (Sinovac) ទើបនឹងត្រូវបានដឹកមកដល់ប្រទេ សកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែឧសភានេះ។

លោកស្រីបានឱ្យដឹងទៀតថា “សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥លានដូសបន្ថែមទៀតផងដែរ ពីរដ្ឋាភិបាលចិន ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើតភាពស៊ាំ ដើម្បីការ ពារការចម្លងមេរោគកូវីដ១៩”។

គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤.៥លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន១.៧លានដូស វ៉ាក់សាំងស៊ីណូវ៉ាក់ទិញពីចិន២.៥លានដូស (បូកជាមួយនឹងវ៉ាក់សាំងស៊ីណូវ៉ាក់មកដល់ថ្ងៃនេះ) និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោកផងដែរ។

តាម “ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១” រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋឱ្យរួចរាល់នៅឆ្នាំ២០២២ ខាងមុខនេះ។

តាមផែនការរៀបចំដោយរាជរដ្ឋាភិបាល បានបញ្ជាក់ថា នៅខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាគ្រោងទទួលវ៉ាក់សាំង ៣លានដូស ខែមិថុនា នឹងទទួលបានវ៉ាក់សាំង៣លានដូស ខែកក្កដា នឹងទទួលបានវ៉ាក់សាំង១លានដូស ខែសីហា នឹងទទួលបានវ៉ាក់សាំង១លានដូស និងខែកញ្ញា នឹងទទួលបានវ៉ាក់សាំង១,៥លានដូស។

ដោយឡែក តាមការគ្រោងនេះដែរ នៅក្នុងឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ១០,៤៣០,៦០០ដូស ផងដែរ។

កម្ពុជាបានក្លាយជាប្រទេសចំណាត់ថ្នាក់លេខ២ នៅអាស៊ាន បន្ទាប់ពីសិង្ហបុរី ជាប្រទេសចាក់វ៉ាក់សាំងបានលឿន និងបានច្រើនជូនប្រជាពលរដ្ឋ។ តាមរយៈវត្តមានវ៉ាក់សាំងនេះ នឹងជួយឱ្យកម្ពុជា អាចសម្រេចបាននូវផែនការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលគ្រោងចាក់ពលរដ្ឋឱ្យបានជាង ១០លាននាក់ត្រឹមឆមាសទី១ ឆ្នាំ២០២២ ជាមួយការរំពឹងថា នឹងទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញ៕

សណ្ឋាគារ​លំដាប់​អន្តរជាតិ​ថ្មី​មួយទៀត​នឹង​បង្ហាញ​រូបរាង​នៅ​ទីក្រុង​ភ្នំពេញនា​ឆ្នាំ​ដើម២០២២

ដោយៈ ប៊ី

ភ្នំពេញៈ សណ្ឋាគារ​លំដាប់​អន្តរជាតិ​មួយទៀត ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Autograph Collection Hotels ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន Marriott International ដែលមាន​សណ្ឋាគារ​ជាង១៧០នៅ​ជុំវិញ​ពិភពលោក បង្ហាញ​រូបរាង​នៅ​ក្រុងភ្នំពេញ​នា​ឆ្នាំ​ដើមឆ្នាំ២០២២ ។

ក្រុមហ៊ុន Autograph Collection Hotels បាន​ចុះហត្ថលេខា​ជាមួយ​សណ្ឋាគារ The Khom Hotel ខណៈ​សណ្ឋាគារ The Khom Hotel នេះ គ្រោង​នឹង​បើក​ដំណើរការ​នៅ​ដើមឆ្នាំ២០២២ និង​មាន​បន្ទប់​សណ្ឋាគារ​ចំនួន១៣០បន្ទប់។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​គេ​ទំហំ​ព័រ Hosptality Net។

ដោយមាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ ឧកញ៉ា សួន​ស្រ៊ុន នៅតាម​បណ្តោយ​មហាវិថី​ព្រះ​សុរា​ម្រឹត សណ្ឋាគារ The Khom Hotel នឹង​ស្ថិតនៅ​ជិត​វត្ត​បទុម​វ​ត្តី ដែលជា​វត្ត​ចំណាស់​ជាងគេ និង​សំខាន់បំផុត​មួយ​នៅក្នុង​ក្រុង ក៏ដូចជា​ព្រះបរមរាជវាំង​និង​វិមានឯករាជ្យ។ តំបន់​ទេសចរណ៍សំខាន់ៗផ្សេងទៀត ដែល​នៅ​ជិត​សណ្ឋាគារ​រួមមាន ផ្សារកណ្តាល និង​វត្តភ្នំ។

លោក Paul Foskey ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្រុមហ៊ុន Marriott International ធ្លាប់មាន​ប្រសាសន៍ថា យើង​ទន្ទឹង​រងចាំ​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Wywaza Investment ក្នុងការ​នាំមក​នូវ​សណ្ឋាគារ The Khom Hotel ដែលជា​សណ្ឋាគារ​ដំបូង​គេ​របស់​ក្រុមហ៊ុន Autograph Collection នៅលើ​ទីផ្សារ​កម្ពុជា​នេះ” ។

លោក Douk Dien ម្ចាស់​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Wywaza Investment បាន​មានប្រសាសន៍ថា “យើង​មាន​មោទនភាព ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Marriott International ដើម្បី​នាំយក​សណ្ឋាគារ​យីហោ​ក្រុមហ៊ុន Autograph Collection Hotels មក​ប្រទេស​កម្ពុជា” ។ លោក​បន្តថា “យើង​នឹង​គ្រប់គ្រង​ទីតាំង​សណ្ឋាគារ ដែលមាន​កិត្យានុភាព​បំផុត​នៅ​ភ្នំពេញ ហើយ​ធ្វើឱ្យ​មានការ​ស្នាក់នៅ មាន​កម្រិតស្តង់ដារ​ជាមួយនឹង​ការរំពឹងទុក​ខ្ពស់ ដែល​ទីតាំង​តែមួយគត់​នៅជាប់​នឹង​ព្រះបរមរាជវាំង និង​សេវាផ្សេងៗទៀត” ។

លោក​បាន​បន្តថា រួមជាមួយ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន Marriott International លើ​ការផ្តល់​ម៉ាក និង​ស្តង់ដារ​សេវាកម្ម យើង​ជឿជាក់ថា​ភ្ញៀវទេសចរ និង​ប្រជាជន​ក្នុងស្រុក​នឹង​ស្វាគមន៍​សណ្ឋាគារ នៅពេលដែល​បើក​នៅ​ឆ្នាំ២០២២” ៕

លោក​ឧកញ៉ា​ហួត អៀង​តុងៈ​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កាន់តែ​ជា​រឿងបន្ទាន់​និង​ចាំបាច់

ដោយៈ គង់ ម៉ា​លីន

ភ្នំពេញៈ ប្រធាន​អគ្គនាយក​ធនាគារ​ហត្ថា លោក​ឧកញ៉ា​ហួត អៀង​តុង​បាន​មានប្រសាសន៍ថា ការវិនិយោគ​លើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ជា​រឿង​ចាំបាច់ និង​មាន​សារៈសំខាន់ ដើម្បី​សម្រួលការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​របស់​អតិថិជន​របស់​យើង។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​សប្តាហ៍​មុន​ថា ការផ្តោត​លើ​បច្ចេកវិទ្យា​ជា​រឿង​សំខាន់ ហេតុនេះ​ទើប​យើង​បាន​បង្កើន ការវិនិយោគ​លើ​បច្ចេកវិទ្យា​កាន់តែ​ច​ច្រើន ដើម្បី​ផ្តល់ជូន​នូវ​សេវាកម្ម​ដល់​អតិថិជន ឲ្យ​កាន់​តែមាន​ភាពងាយស្រួល សុវត្ថិភាព និង​អាច​ទុកចិត្តបាន ពិសេស​អាច​ឲ្យ​ពួកគេ​ប្រើប្រាស់​សេវាកម្ម​របស់់​យើង​បាន​លឿន ដោយ​ពួក​គេះ​អាច​ទូទាត់ ឬ​វេ​សាច់ប្រាក់​ជាមួយ​ធនាគារផ្សេងៗបាន តាមរយៈ​កម្មវិធី “បាគង”របស់់​ធនាគារជាតិ​នៃ​កម្ពុជា។

លោក​បន្តថា “បច្ចេកវិទ្យា​មានការ​រីកចម្រើន​យ៉ាង​លឿន ហេតុនេះ​យើង​ក៏ត្រូវ​តែ​ធ្វើ​បច្ចុប្បន្នភាព​សេវាកម្ម​របស់​យើង​ជាប់​ជាប្រចាំ ព្រោះ​គោលដៅ​របស់​យើង​គឺ​ផ្តល់​សេវាកម្ម​បាន​កាន់តែ​លឿន ងាយស្រួល​ដល់​អតិថិជន និង​ចង់​ឲ្យ​អតិថិជន​ប្រើប្រាស់​សេវាកម្ម​ឥណទាន​របស់​យើង​បាន​កាន់តែច្រើន” ។ លោក​បន្តថា “ជាមួយនឹង​ការទទួលបាន​ទំនុកចិត្ត​ពី​អតិថិជន ធនាគារ​ហត្ថា​បាន និង​កំពុង​បង្កើន​ទុន២៥លាន​ដុល្លារ​នៅ​ឆ្នាំនេះ សម្រាប់​សេវាកម្ម​ឥណទាន​របស់​យើង បន្ទាប់ពី​យើង​ទើប​ទទួលបាន​ការអនុម័ត ពី​ធនាគារជាតិ​នៃ​កម្ពុជា” ។

លោក​ឧកញ៉ា​ហួត អៀង​តុង បាន​បន្តថា បច្ចុប្បន្ន​ធនាគារ​ហត្ថា​មាន​សាខា​សរុប​ចំនួន១៧៧នៅ​ទូទាំងប្រទេស មាន​បុគ្គលិក៥៦០០នាក់ និង​មានទ្រព្យ​សកម្ម​សរុប​ប្រមាណ១៥០០លាន​ដុល្លារ​អាមេរិក៕