ឧ​ត្ត​រ​មានជ័យ​នឹងមាន​រោងចក្រ​ដុត​ធ្យូងថ្ម​តម្លៃ​ជាង២៩៤លាន​ដុល្លារ​ជា​លើកដំបូង

ដោយៈ​គង់ ម៉ា​លីន​ណា

ឧ​ត្ត​រ​មាន​ជ័​យៈ  រោងចក្រ​ផលិត​អគ្គិសនី​ពី​ការដុត​ធ្យូងថ្ម​កម្លាំង២៦៥ មេ​ហ្គា​វ៉ា​ត់ របស់​ក្រុមហ៊ុន Han Seng Coal Mine Co Ltd (HSCMC) នឹងដាក់​ដំណើរការ​ជា​លើកដំបូង ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នា​ខែមិថុនា​ខាងមុខ។

ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រោងចក្រ និង​បណ្តាញ​ចែកចាយ​ត​ភ្ជាប់​ទៅកាន់​អនុ​ស្ថានីយ​ខាងកើត​របស់​ខេត្តសៀមរាប បានបញ្ចប់​ស្ទើរ​ទាំងស្រុង​ហើយ។

អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​លោក ឌី រ៉ា​ដូ អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​មានប្រសាសន៍​ឲ្យ​ដឹង កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ខែកុម្ភៈ ឆ្នាំ ២០២០ បានអនុម័ត​ឱ្យ​ក្រុមហ៊ុន Han Seng Coal Mine Co Ltd (HSCMC) វិនិយោគ​លើ​រោងចក្រ​ផលិត​អគ្គិសនី​ពី​ធ្យូងថ្ម​កម្លាំង២៦៥ មេ​ហ្គា​វ៉ា​ត់ នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងតម្លៃ​វិនិយោគ២៩៤,៣លាន​ដុល្លារ។

តាម​ផែនការ​រោងចក្រ​នេះ នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ចុងឆ្នាំ ២០២១ ឬ​ដើមឆ្នាំ ២០២២ ដោយ​ប្រើ​រ៉ែ​ធ្យូងថ្ម ដែលមាន​នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

លោក​ឌី រ៉ា​ដូ បាន​ឲ្យ​ដឹង​ទៀតថាការសាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ពី​ធ្យូងថ្ម​កម្លាំង២៦៥ មេ​ហ្គា​វ៉ា​ត់ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ កំពុងមាន​ដំណើរការ​ទៅមុខ​ជាប្រចាំ ដោយ​ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​ជិត​បញ្ចប់​អស់ហើយ ដោយនៅ​រង់ចាំតែ​ការយក​ម៉ាស៊ីន​មក​ដំឡើង​ប៉ុណ្ណោះ។

លោក​បន្តថា “បើតាម​ទិដ្ឋភាព​ការងារ គឺ​រោងចក្រ​នេះ​នឹង​អាច​ចាប់ដំណើរការ​តាម​ការកំណត់​របស់រ​ដ្ឋា​ភិ​បាល ដោយនៅ​ចុង​ឆ្នាំនេះ (២០២១) ក្រុមហ៊ុន​នឹងធ្វើ​តេស្ត​សាកល្បង​ម៉ាស៊ីន និង​នៅ​ដើមឆ្នាំ ២០២២ ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ” ។

អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក វិចទ័រ ហ្សូ​នា បាន​និយាយថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា អាច​ផលិត​ថាមពល​អគ្គិសនី​បាន​ពី៧០ ទៅ៨០ភាគរយ នៃ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​សរុប ខណៈ​សល់​ពី​នោះ​បានមកពី​ការនាំ​ចូល​ពី​ប្រទេសជិតខាង។

លោក​បន្តថា “ការបង្កើន​ការផ្គត់ផ្គង់​ថាមពល ជាគោលការណ៍​នៃ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​វិស័យផ្សេងៗទៀត​ដែលជា​ស្នូល និង​មូលដ្ឋានគ្រឹះ​ក្នុងការ​បង្កើត​ការងារ​សម្រាប់​ប្រជាជន​ខ្មែរ” ៕

វ​ឌ្ឈ​នភា​ពៈ​ការស្ថាបនា​ផ្លូវ​ក្រាល​បេតុង​លើ​ខ្សែ​ទាំងមូល​បានចាប់ផ្តើម​ជា​ផ្លូវការ​ហើយ

ដោយៈ​គង់ ម៉ា​លីន

ភ្នំពេញៈ ទីបំផុត​ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា សម្រេចបាន​នូវ​វឌ្ឍនភាព​គួរ​ឲ្យ​កត់សំគាល់ ដោយ​រហូត​មកទល់ពេលនេះ ក្រុម​វិស្វករ​ជំនាញការ​ស្ថាបនា​ផ្លូវ​នេះ បានសម្រេច​ក្រាល​បេ​រុង​លើ​ខ្សែ​ផ្លួ​វ​ទាំងមូល​ហើយ។

យោងតាម​ផេ​ក​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ របស់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ព្រះសីហនុ ដែល​បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃទី១០ ឧសភា​កន្លងមក​ថា  តោះ​យើង​មក​មើល​ទាំងអស់គ្នា​នៃ​មូលដ្ឋាន​ក្រាល​ថ្ម ដែលមាន​ស្ថេរភាព ATB-25 ។ ដើម្បី​ធានាបាន​ទាំង​ការរីកចម្រើន​និង​សុវត្ថិភាព គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ – ក្រុងព្រះសីហនុ​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល លើ​ការទប់ស្កាត់​ការរីក​រាលដាល​នៃ Covid-19 ។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ -ព្រះសីហនុ​របស់​កម្ពុជា នឹង​ក្លាយជា​គម្រោង​អភិវឌ្ឍន៍​បៃតង​ជា​លើកដំបូង​នៅ​កម្ពុជា។

គុណសម្បត្តិ​របស់​ផ្លូវ

តើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​មានគុណ​សម្បត្តិ​អ្វីខ្លះ?

  1. ល្បឿន​បើកបរ​លឿន សមត្ថភាព​ដឹកជញ្ជូន​ខ្លាំង//
  2. ផ្លូវ​សម្រាប់​យានយន្តផ្សេងៗ មានការ​ត្រួតពិនិត្យ មាន​សុវត្ថិភាព
  3. លើកកម្ពស់​សេ​ដ្ធ​កិច្ចការងារ//
  4. ជំរុញ​ការវិនិយោគ ស្របពេល​ជំរុញ​កំណើន​នៃ​សេដ្ឋកិច្ច
  5. ជំរុញ​សេដ្ឋកិច្ច​និង​ឧស្សាហកម្ម កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន
  6. ព​ន្លឿ​ន​ទំនើបកម្ម៕

ដំណឹង​ល្អៈ​អភិបាលខេត្ត​កំពង់ស្ពឺ​បង្ហាញ​ទីតាំង​រមណីយដ្ឋាន​តម្លៃ៥០០លាន​ដុល្លារជាក់លាក់​ហើយ

ដោយៈ​គង់ សូរិយា

កំពង់ស្ពឺៈ ទី​តាំ​ហ​រមណីយដ្ឋាន​ទេសចរណ៍​បែប​អេកូ​ទេសចរណ៍ លំដាប់​ពិភពលោក ដែល​គ្រោង​បោះទុន​វិនិយោគ ៥០០លាន​ដុល្លារ ត្រូវបាន​អភិបាលខេត្ត​កំពស់​ស្ពឺ​បង្ហាញ​ទីតាំង​ជាក់លាក់​ហើយ។

លោក​វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ នា​ល្ងាច​ថ្ងៃទី១០ ឧសភា​កន្លងមក​ថា គំរោង​នេះ​ស្ថិតនៅលើ​ផ្ទៃដី១៩០ហិកតា បាននិងកំពុង​មា​នវ​ឌ្ឍ​នភា​ព​ឆ្ពោះទៅមុខ ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​រៀបចំ​ចុះបញ្ជីរ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ដីធ្លី រៀបចំ​ផែនការមេ​អភិវឌ្ឍន៍ និង​រៀបចំ​និតិ​វិធី​ស្នើសុំ​ទៅកាន់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ផងដែរ។

លោក​បន្តថា “ក្រុមហ៊ុន​បានបង្ហាញ​ខ្ញុំ​ពី​គំរោង​ផែនការ​នេះ ជាក់លាក់​រួចហើយ ដោយ​គំរោង​នេះ​នឹង​រួមចំណែក​អភិវឌ្ឍន៍​ខេត្តកំពង់ស្ពឺ ដែល​គេ​ទៅ​ហួស មក​ហួស ប៉ុន្តែ​បច្ចុប្បន្ន​ខេត្ត​នេះ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​លឿន​លើ​វិស័យ​ទេសចរណ៍ សំណង់ អចលនទ្រព្យ តំបន់ឧស្សាហកម្ម​ជាដើម” ។

ទាក់ទង​នឹង​រមណីយដ្ឋាន​លំដាប់​ពិភពលោក​នេះ ស្ថិតនៅ​ទីតាំង​ណា លោក​វ៉ី សំណាង បាន​មានប្រសាសន៍​ឲ្យ​ដឹងថា “រមណីយដ្ឋាន​នេះ មាន​ទីតាំង​ស្ថិតនៅ​ព្រំប្រទល់ ស្ថិតនៅ​ព្រំប្រទល់​ស្រុក​ភ្នំ​ស្រួ​ស និង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ” ។

ក្រុមហ៊ុន​ដែល​កំពុង​រៀបចំ​ផែនការមេ​ដើម្បី​អភិវឌ្ឍ​គំរោង​នេះ មកពី​ប្រទេស​សឹង្ហ​បុរី ហុងកុង និង​ក្រុមហ៊ុន​មកពី​ប្រទេស​ស្វី​ស ៕

មូលដ្ឋានសំខាន់ៗចំនួន៤គួរ​ពិចារណា​មុន​សម្រេចចិត្ត​យកលុយ​អ្នកដទៃ​ដើម្បីវិនិយោគ​អចលនទ្រព្យ

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ វិធីសាស្ត្រ​វិនិយោគ​អចលនទ្រព្យ ត្រូវបាន​ប្រើប្រាស់​លើ​មូលដ្ឋាន​រូ​ម និង​មូលដ្ឋាន​ដាច់ដោយឡែក​ពីគ្នា ដើម្បី​ទាញយក​ផលប្រយោជន៍​ចេញពី​វិស័យ ដែលមាន​ផលចំណេញ​ខ្ពស់ និង​កំពុងមាន​ប្រជាប្រិយភាព​នេះ។

អ្នកជំនាញ​បានលើកឡើង​ពី​ភាព​ឆ្លាត​វៃ​របស់​អ្នកវិនិយោគ ដោយ​ប្រើប្រាស់​ប្រាក់​អ្នកដទៃ ឬ​ខ្ចីដៃ​អ្នកដទៃ​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ក្នុង​វិស័យនេះ។

តើ​អ្វី​ជា​មូលដ្ឋាន​នៃ​ការលើកឡើង​នេះ ហើយ​តើ​យើង​គួរ​ពិចារណា​លើ​មូលដ្ឋាន​អ្វីខ្លះ មុននឹង​ខ្ចី​ទ្រព្យ ឬ​លុយ​អ្នកដទៃ​មក​វិនិយោគ? លោក អ្នក​គួរ​សិក្សា​លើ​មូលដ្ឋាន​មួយ​ចំនូ​ន​នេះ។

១ តើ​វា​ជា​អចលនទ្រព្យ​ក្រោម​តម្លៃ​ទីផ្សារ

វា​ជា​សំណួរ​ធំ​មួយ ដែល​លោក អ្នក​ត្រូវ​ឆ្លើយ មុន​សម្រេចចិត្ត​វិនិយោគ​លើ​អចលនទ្រព្យ​នោះ​ថា វា​ពិតជា​មានតម្លៃ​ទាប​ជាង​ទីផ្សារ​ពិតប្រាកដ? តើ​អ្នក​សំអាង​លើ​មូលដ្ឋាន ឬ​រូបមន្ត​វាយតម្លៃ​បែបណា ដើម្បី​ដឹងថា​វា​មានតម្លៃ​ទាប​ជាង​ទីផ្សារ? បើ​ពិតជា​មានតម្លៃ​ទាប​ជាង​ទីផ្សារ តើ​វា​ទាប​ជាង​ប៉ុន្មាន​ភាគរយ ដែល​គួរ​វិនិយោគ​ដែរឬទេ?។

នេះ​សុ​ទ្ឋ​តែ​ជា​សំណួរធំៗ ដែល​ទាមទារ​ឲ្យ​អ្នកវិនិយោគ​ធ្វើការ​វិភាគ ពិចារណា​មុន​សម្រេចចិត្ត​ខ្ចីលុយ​បងប្អូន សាច់ញាតិ ឬ​លុយ​ពី​ធនាគារ ដែល​អ្នក​អាច​យកមកប្រើ​ប្រាស់​បាន។

២ តើ​វា​ងាយ​នឹង​លក់​ចេញ​ឬទេ?

នេះ​ក៏​ជា​មូលដ្ឋាន ដែល​អ្នកវិនិយោគ​គួរ​វិភាគ​ដោយ​ខានមិនបាន​ផងដែរ​ថា តើ​អចលនទ្រព្យ ដែល​អ្នក​ចង់​វិនិយោគ​ជា​ប្រភេទ​អចលនទ្រព្យ ដែល​ងាយ​នឹង​លក់​ចេញ​ឬ​យ៉ាងណា? ហេតុអ្វី? វា​មាន​ទីតាំងនៅ​តំបន់​មាន​សក្តានុពល​ឬទេ? វា​មាន​ទីតាំង​នៅជាប់​ផ្លូវធំ​ឬទេ? វា​ស្ថិតក្នុង​តំបន់​ស្ថិតក្នុង​ផែនការ​អភិវឌ្ឍ​របស់​វិស័យ​ឯកជន ឬ​រដ្ឋាភិបាល​ឬទេ? ពិសេស​វា​មានច្បាប់​ទម្លាប់ លិខិតស្នាម​ត្រឹមត្រូវ​ឬ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ត្រឹមត្រូវ​ឬទេ?។

៣ តើ​វា​ពិតជា​ឡើងថ្លៃ​លឿន?

មុនពេល​សម្រេចចិត្ត​វិនិយោគ អ្នក​ក៏​ត្រូវតែ​សិក្សា​ទៅលើ​ចំណុច​ទី២ ឲ្យ​បាន​ល្អិតល្អន់ ពិសេស​តើ​ស្ថានភាព​សង្គម សេដ្ឋកិច្ច​មាន​ភាពនឹងន ហើយ​សេដ្ឋកិច្ច​ប្រទេសជាតិ​នឹង​វិល​មករក​ភាពល្អប្រសើរ​ឡើងវិញ​ឬទេ?។

ព្រោះ​តម្លៃ​អចលនទ្រព្យ​កើនឡើង​លឿន​ឬ​យឺត អាស្រ័យ​លើ​ល្បឿន​អភិ​វ​ឌ្ឈ​ន៍​របស់​រដ្ឋាភិបាល វា​អាស្រ័យ​លើ​កំណើនសេដ្ឋកិច្ច វា​ក៏​អាស្រ័យ​លើ​បរិយាកាស​វិនិយោគ ពិសេស​លំហូរ​ទុនវិនិយោគ​ផ្ទា​ល់ពី​បរទេស​ជាពិសេស​ផងដែរ។

៤ តើ​លំ​ហួរ​សាច់ប្រាក់​របស់​អ្នកមាន​បញ្ហា​ឬទេ បើ​វា​ជាប់គាំង

ការប្រើប្រាស់​មូលធនរ​បស់​អ្នកដទៃ ស្ថិតនៅលើ​លក្ខ​ខ័​ណ្ឌ ពិសេស​ភាព​វ័ណ្ឌ “ក” នឹង​បំណុល បើសិនជា​លោក អ្នក​មា​ប​សាច់ញាតិ​ល្អ ឲ្យ​ខ្ចីប្រាក់​ដោយ​មិន​យកការប្រាក់​ជា​រឿង​ល្អ ផ្ទុយទៅវិញ​បើ​លោក អ្នក​ខ្ចីលុយ​ធនាគារ ច្បាស់​ណាស់​លោក អ្នក​ត្រូវ​បង់ប្រាក់​ដើម​ផង និង​ការប្រាក់​ជាប់​ជាប្រចាំ​ផង។

ហេតុនេះ​ការសិក្សា​ឲ្យ​បាន​ម៉ត់ចត់​លើ​លំ​ហួរ​សាច់ប្រាក់​របស់ខ្លួន មាន​សារៈសំខាន់​ណាស់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា អ្នក​មិនមាន​បញ្ហា​លំហូរ​សាច់ប្រាក់ មាន​បញ្ហា​បំណុល​ពេញ​គ្រួសារ និង​មាន​បញ្ហា​ជាច្រើន​ទៀត​នឹង​កើតឡើង បើសិនជា​អ្នក​ជាប់គាំង​លំហូរ​សាច់ប្រាក់។

សិក្សា​លើ​មូលដ្ឋាន​ទាំង​បួន​នេះ​រួច​បាន​វិភាគ ពិចារណា​ច្បាស់លាស់​ហើយ ទើប​សម្រេចចិត្ត​វិនិយោគ លោក អ្នកនឹង​ទទួលបាន​ផលចំណេញ​ច្រើន និង​អាច​បញ្ចៀស​បាន​នូវ​ហានិភ័យ​ផងដែរ៕

ដំណឹងល្អ! រដ្ឋាភិបាលសម្រេចជ្រើសរើសខេត្តសៀមរាប ជាខេត្តអាទិភាពសម្រាប់រៀបចំការប្រណាំងទោចក្រយាន ក្នុងព្រឹត្តិការស៊ីហ្គេម ២០២៣

ដោយ សហការី

ភ្នំពេញ៖ ខេត្តសៀមរាប ត្រូវបាន​កំណត់​ជា​ខេត្ត​អាទិភាព ក្នុងចំណោម​ខេត្ត​មាន​សក្ដានុពល​ចំនួន៣ ដែល​អាច​ជ្រើសរើស​ជាទី​កន្លែង​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី៣២ ឆ្នាំ២០២៣ នៅ​កម្ពុជា លើ​ប្រភេទ​កីឡា​ទោចក្រយាន (ប្រណាំង​កង់) ។

បើ​យោងតាម​ផែនការ​យុទ្ធសាស្ដ្រ និង​ការចង្អុលបង្ហាញ​របស់​មន្ដ្រី​បច្ចេកទេស​ហ​ព័ន្ធ​ក្នុងការ​ជ្រើសរើស​ទីតាំង​ខេត្ត៣ សម្រាប់​ត្រៀម​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម លើ​ប្រភេទ​កីឡារ​ប្រណាំង​កង់​នោះ រួមមាន​ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប ដែលជា​ខេត្ត​មាន​អំណោយផល ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ទេសចរណ៍។

ខេត្តសៀមរាប មាន​ហេ​ដ្ឋា​រចនាសម្ព័ន​ព្រលាន​យន្ត ហោះ ផ្លូវថ្នល់ ទីតាំង​ប្រាសាទបុរាណ តំបន់​ទេសចរណ៍​ជាច្រើន ជាពិសេស​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ដែល​អាច​រៀបចំ​ការប្រកួត​បាន​ទាំង​ប្រភេទ​កីឡា​កង់​ភ្នំ និង​កង់​គក់។ ក្រុមការងារ​បច្ចេកទេស​សហព័ន្ធ បាន​ចុះទៅ​ត្រួតពិនិត្យ​ម្តង​រួចមកហើយ ដោយបាន​សង្កេត និង​វាយតម្លៃថា នឹង​អាច​រៀបចំ​ការប្រកួត​ស្របតាម​ស្តង់ដារ​បច្ចេកទេស​យ៉ាង​ល្អប្រសើរ។

ចំណែក​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប​វិញ មាន​សក្ដានុពល​ស្រដៀង​គ្នា ព្រោះ​ជា​ខេត្ត​ជាប់មាត់​សមុទ្រ ជាក់ស្ដែង​កាលពីដើមឆ្នាំ២០២០ ខេត្ត​ទាំងពីរ ធ្លាប់​ត្រូវបាន​សហព័ន្ធ​រៀបចំ​ការប្រកួត​កីឡា​ប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ប្រកបដោយ​ភាពជោគជ័យ។ លើសពីនេះ​ទៀត ខេត្ត​ទាំងពីរ​ក៏មាន​សក្ដានុពល​ផ្លូវថ្នល់​ឡើង​ចុះ​ភ្នំ ស្របតាម​ស្ដង់ដារ​បច្ចេកទេស ក្នុង​ការទទួល​រៀបចំ​ព្រឹត្តិការណ៍​អន្ដរ​បាន​ផងដែរ។

ក្នុងចំណោម​ខេត្ត​ទាំង៣ នេះ សៀមរាប គឺជា​ខេត្ត​អាទិភាព​ជាងគេ ក្នុងការ​ជ្រើស​រើសយក​ខេត្ត​នេះ​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ទោចក្រយាន ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ២០២៣ ព្រោះ​ក្រៅពី​មាន​សក្ដានុពល​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ប្រភេទ​កីឡា​កីឡាករ-កីឡាការិនី គ្រូបង្វឹក និង​ធនធាន​មន្ដ្រី​ពាក់ព័ន្ធ​របស់​សហព័ន្ធ​ភាគច្រើន ក៏​ពួកគាត់​ចេញពី​ខេត្តសៀមរាប​នេះដែរ គឺជា​ខេត្ត​មាន​អំណោយផល​គ្រប់​បាន​យ៉ាង…» ។

គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃនេះ កម្ពុជា​សល់​តែ ៧២៥ថ្ងៃ​ទៀត​ប៉ុណ្ណោះ ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ២០២៣ ដែល​នឹង​ប្រារព្ធ​ពិធី​បើកផ្លូវ​ការ​នៅ​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ។ ចំពោះ​បញ្ហា​ទីលាន​ប្រកួត​វិញ ឯកឧត្តម បណ្ឌិត  ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC បាន​ទុកពេល ១សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​ក្នុងការ​កំណត់ និង​បញ្ចប់ ដើម្បី​ដាក់ជូន​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន CAMSOC ពិនិត្យ និង​សម្រេច ហើយ​បញ្ជូនទៅ​សហព័ន្ធ និង​ភាគី​ពាក់ព័ន្ធ​ត្រៀមលក្ខណៈ​រៀបចំ និង​ទទួលខុសត្រូវ​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នេះ៕

រដ្ឋាភិបាលចាប់ផ្តើមកិច្ចប្រជុំដើម្បីរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានជា លើកទី៣ដ៏មានកិត្យានុភាព

          ដោយៈ គង់ សូរិយា

          ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំកិច្ចប្រជុំពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានជាលើកទី៣ ដែលកិច្ចប្រជុំនេះនឹងលើកមុខមាត់ និងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។

នៅព្រឹកថ្ងៃទី១០ ឧសភានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារសំខាន់ៗមួយចំនួន ក្នុងការត្រៀមធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២។

កិច្ចប្រជុំបានពិភាក្សាផ្តោតជាសំខាន់លើរបៀបវារៈចំនួន៤ រួមមាន ការកំណត់មូលបទ និងអាទិភាពសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ាន។ ការត្រៀមរៀបចំនូវគំនិត  ផ្តួចផ្តើមរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២ ដំណើរការប្រព្រឹត្តទៅ នៃអនុគណៈកម្មការនីមួ​យៗ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ និងបញ្ហាផ្សេងៗ ដែលធ្វើឡើងដើម្បីកម្ពុជាត្រៀមខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងពីការត្រៀមខ្លួនរបស់ក្រសួងពាណិជ្ជកម្ម ពិសេសក្នុងការឈានទៅសម្រេចបាននូវកិច្ចការក្រោមសរសរស្តម្ភសេដ្ឋកិច្ចរបស់អាស៊ាន។

លោករដ្ឋមន្ត្រីបានរំលេចថា តាមរយៈក្រសួងពាណិជ្ជកម្ម កម្ពុជាបាននឹងកំពុងព    ន្លឿននីតិវិធីក្នុងស្រុក សម្រាប់ឈានទៅការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក រួមមាន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០២០ កន្លងទៅ។

ក្រៅពីនេះ ក្រសួងក៏បាននិងកំពុងជំរុញនីតិវិធីសេសសល់ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ដើម្បីឈានទៅរកការចុះហត្ថលេខា ឱ្យបានកាន់តែឆាប់ មុននឹងសម្រេចបើកការចរចា កិច្ចព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត (រួមមានជប៉ុន ឥណ្ឌា…) នៅពេលការសិក្សាបានបញ្ចប់។

លោកប៉ាន សូរស័ក្តបានគូសបញ្ជាក់ដែរថា “ក្រសួងក៏បាននិងកំពុងបង្កើតក្រុមការ​ងារថ្នាក់ក្រសួង ដើម្បីត្រៀមរៀបចំផ្តល់ជាធាតុចូលសំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្ម ជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ដាក់ជាចំណុចអាទិភាព និងគំនិតផ្តួចផ្តើមនានារបស់កម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ”។

លោករដ្ឋមន្ត្រីបានទទួលយកអនុសាសន៍ របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជាប្រធានអង្គប្រជុំ និងបានប្តេជ្ញាចូលរួមសហការតាមគ្រប់មធ្យាបាយ និងក្នុងគ្រប់កាលៈទេសៈ ដើម្បីធានាសម្រេចបាននូវភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២។

កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ានលើកទី១ នៅឆ្នាំ២០០២ លើកទី២ នៅឆ្នាំ២០១២ និងលើកទី៣ នៅឆ្នាំ២០២២ខាងមុខនេះ៕

អភិបាលខេត្តកំពង់ស្ពឺៈគំរោងរមណីយដ្ឋានលំដាប់អន្តរជាតិនៅខេត្តកំពង់ស្ពឺតម្លៃ៥០០លានដុល្លារនៅតែបន្តឆ្ពោះទៅមុខ

          ដោយៈស៊ីវ ម៉េង

          ភ្នំពេញៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងថា គំរោងអភិវឌ្ឍន៍រមណីយដ្ឋានលំដាប់អន្តរជាតិ នៅខេត្តកំពង់ស្ពឺនៅតែបន្តដំណើរការ ដោយ​រហូតមកទល់ពេលនេះ ក្រុមហ៊ុនមិនបានជូនដំណឹងពីការផ្អាកដំំណើរការនោះទេ។

គំរោងដ៏ប្រណីតនេះ វិនិយោគដោយក្រុមហ៊ុន​ Jor​ Grand​ Eco​ Investment​ Co​., Ltd​. សម្រេច​បោះទុន​វិនិយោគ​ប្រមាណ៥០០លាន​ដុល្លារ​អាមេរិក​ អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ធម្មជាតិ​ នៅ​ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។

លោកវ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី១០ ឧសភានេះថា តាមព៌តមានលោកទទួលបានបច្ចុប្បន្នអ្នកអភិវឌ្ឍន៍គំរោងនេះ កំពុងរត់ការលើផែនការវិនិយោគ ប្លង់មេ ការចុះបញ្ជីរដីធ្លី ដែលក្រុមហ៊ុ​នប្រមូលទិញបាន១៩០ហិកតា។លោកបន្តថា តាមផែនការក្រុមហ៊ុននេះ នឹងបន្តការអភិវឌ្ឍរបស់ខ្លួនឆ្ពោះទៅមុខ ដោយ​សារក្រុមហ៊ុនអភិវឌ្ឍគំរោងនេះ ជាក្រុមហ៊ុនធំដែលមកពីទីក្រុងហុងកុង សឹង្ហបុរីនិងមកពីប្រទេស្វីស។

គម្រោង​ដ៏​ធំ​នេះ​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នេះ​ នឹងអាច​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ និង​បង្កើន​ចំណូល​សេដ្ឋកិច្ច​ជាតិ​ ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​តាមរយៈ​ការ​ផ្តល់​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​រាប់ពាន់​កន្លែង​។

លោកវ៉ី សំណាងបានបន្តថា ខេត្តកំពង់ស្ពឺធ្លាប់តែគេមើលរំលងទៅហួស មកហួស និងត្រូវគេមើលងាយពីមុនមក លែងជាខេត្តដែលគេមើលរំលងទៀតហើយ ដោយខេត្តនេះទទួលបានគំរោងអភិវឌ្ឍន៍៍ជាច្រើនទាំងហេដ្ឋារចនាសម្ព័ន្ឋ ទេសចរណ៍ ឧស្សាហកម្ម សំណង់ និងអចលនទ្រព្យ៕

អភិបាលខេត្តមណ្ឌលគិរីស្នើឲ្យក្រុមហ៊ុនទទួលបានដីសប្បទានសេដ្ឋកិច្ចធ្វើរបង ដើម្បីជៀសវាងការទន្រ្ទានយកធ្វើកម្មសិទ្ឋ

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់បណ្តាក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងអស់ ត្រូវធ្វើផ្លូវព័ទ្ធជុំវិញដីឲ្យបានច្បាស់លាស់ ចៀសវាងមានការកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធ។

លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងមន្រ្តីពាក់ព័ន្ឋ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព របស់ក្រុមហ៊ុនផេស៊ីហ្វិកយ៉ញស្តុក​ ខមភេនី​ លីមីធីត ស្ថិតនៅក្នុងភូមិរវាក់ ឃុំរយ៉​ ស្រុកកោះញែ​ ខេត្តមណ្ឌលគិរី។ លោកស្វាយ សំអ៊ាង អភិបាលខេត្ត បានជួបពិភាក្សាជាមួយតំណាង ក្រុមហ៊ុនផេស៊ីហ្វិចយ៉ញស្តុកខមភេនី​ លីមីធីត​ស្តីពីវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានណែនាំឲ្យក្រុមហ៊ុន ត្រូវធ្វើរបង ឬធ្វើផ្លូវព័ទ្ធជុំវិញដីសម្បទានសេដ្ឋកិច្ចដែលបានវិនិយោគ ឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងមានការចូលកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិពីបុគ្គលមួយចំនួន។

លោកបន្តថា “ជាពិសេសក៏សូមឲ្យក្រុមហ៊ុនមួយៗ ត្រូវគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ បន្ថែមលើសនេះ លោកបានណែនាំដល់សមត្ថកិច្ច និងអាជាធរដែនដី ត្រូវសហការគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព។

នាឱកាសនោះ ឯកឧត្តម រួមទាំងក្រុមការងារ បានចុះពិនិត្យកន្លែងសាងសង់ប៉ាឆា(ឈាបនដ្ឋាន)​ សម្រាប់បូជាសពអ្នកដែលបានស្លាប់ ដោយសារជម្ងឺកូវីដ-១៩ ដែលបានសាងសង់រួចជាស្ថាពរ ស្ថិតនៅក្នុងភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីផងដែរ៕

គំរោងកែលំអរផ្លួវជាតិលេខ៤១ ស្ថិតក្នុងផែនការអាទិភាពរបស់រដ្ឋាភិបាល

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ គំរោងកែលំអរផ្លូវជាតិលេខ៤១ បានស្ថិតក្នុងដំណាក់កាលអាទិភាពរបស់រដ្ឋាភិបាល ខណៈការស្នើសុំជំនួយ លើការស្ថាបនាផ្លូវនេះបានធ្វើរួចហើយ ប៉ុន្តែការស្ថាបនានាពេលណា មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១០ ឧសភានេះថា គំរោងកែលំអរនិងស្ថាបនាផ្លូវជាតិលេខ៤១ ស្ថិតក្នុងគំរោងអាទិភាព ដែលនឹងធ្វើឡើងបន្ទាប់ពីផ្លូវជាតិលេខ៣ស្ថាបនារួច ដែលគ្រោងបញ្ចប់នៅខែកញ្ញាខាងមុខ ប៉ុន្តែដោយសារជំងឺកូវីដ ការបញ្ចប់ការស្ថបនាផ្លូវជាតិលេខ៣អាចពន្យាពេលខ្លះ។

លោកបន្តថា “ផែនការអាទិភាពរបស់ក្រសួង ក៏គ្រោងធ្វើការកែលំអរផ្លូវជាតិលេខ៣៣ផងដែរ ប៉ុន្តែការចាប់ផ្តើមនៅពេលណា វាអាស្រ័យលើទំហំថវិកាដែលទម្លាក់ចុះមក។

ផ្លូវជាតិលេខ៤១ មានប្រវែងប្រមាណ១០០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤នៃទីប្រជុំជនស្រុកអង្គស្នូល ទៅភ្ជាប់ជាមួយផ្លូវជាតិលរខ៣។

លោកវ៉ាស៊ីម សូរិយាបានបន្តថា ផ្លូវជាតិលេខ៤១នឹងត្រូវកែលំអរបែបណា លោកមិនទាន់ទទួលបានព៌តមានលំអិត និងប្លង់នៅឡើយ តែយ៉ាងណាគំរោងផ្លូវនេះអាចពង្រីកជាពីរគន្លងរថយន្តទៅមកនៅតំបន់ខ្លះ និងចាក់កៅស៊ូពង្រីកខ្លះ ប៉ុន្តែអ្វីៗស្ថិតនៅលើថ្នាក់ដឹកនាំជាអ្នកសម្រេចនៅពេលចុងក្រោយ៕

កម្ពុជាពន្លឿននីតិវិធីដើម្បីឈានទៅផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសជាច្រើន

ដោយៈ លក្ខិណា

ភ្នំពេញៈ ទោះបីជាកម្ពុជាកំពុងជាប់ដៃប្រយុទ្ធជាមួយនឹងជំងឺកូវីដ១៩ ដែលរាលដាលក្នុងសហគមន៍យ៉ាងនេះ ក្ដី តែកម្ពុជាក៏នៅតែបន្តស្វែងរកទីផ្សារសម្រាប់ពាណិជ្ជកម្ម ជាក់ស្ដែងបច្ចុប្បន្នតាមរយៈក្រសួងពាណិជ្ជកម្ម កម្ពុជាបាននិងកំពុងពន្លឿននីតិវិធីដើម្បីឈានទៅដល់ការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាទាំងទ្វេភាគីនិងពហុភាគី។

នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីឌីអូ របស់គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ កាលពីថ្ងៃទី១០ ឧសភា២០២១នេះ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា តាមរយៈក្រសួងពាណិជ្ជកម្ម កម្ពុជាបាននឹងកំពុងពន្លឿននីតិវិធីក្នុងស្រុកសម្រាប់ឈានទៅការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក រួមមានកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០២០ កន្លងទៅ។

លោកបន្តថា ក្រសួងក៏បាននឹងកំពុងជំរុញនីតិវិធីសេសសល់ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ដើម្បីឈានទៅរកការចុះហត្ថលេខាឱ្យបានកាន់តែឆាប់ មុននឹងសម្រេចបើកការចរចាកិច្ចព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត រួមមានជប៉ុន ឥណ្ឌាជាដើម នៅពេលការសិក្សាបានបញ្ចប់។

លោកបានថ្លែងថា ក្រសួងក៏បាននឹងកំពុងបង្កើតក្រុមការងារថ្នាក់ក្រសួង ដើម្បីត្រៀមរៀបចំផ្តល់ជាធាតុចូលសំខាន់ៗក្នុងវិស័យពាណិជ្ជកម្ម ជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ ដាក់ ជាចំណុ ច អាទិភាព និងគំនិតផ្តួចផ្តើមនានារបស់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ”។

រហូតមកដល់ពេលនេះកម្ពុជាបានសម្រេចនូវការចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន៣រួចហើយ រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងកូរ៉េខាងត្បូង។ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី នឹងជំរុញឱ្យកម្ពុជាទទួលបានការនាំចេញនិងការវិនិយោគពីប្រទេសជាដៃគូបន្ថែមទៀត។

មន្ត្រីជាន់ខ្ពស់កម្ពុជាកន្លងមករំពឹងថា កិច្ចព្រមទាំងទាំងនេះ អាចនឹងចូលជាធរមាននៅក្នុងឆ្នាំ២០២១នេះ ក្រោយពេលដំណើរការចរចារបានបញ្ចប់និងចុះហត្ថលេខារួចរាល់ហើយ៕