កម្ពុជានឹងទទួលវ៉ាក់សាំងជំងឺកូវីដ១៩ពីរដ្ឋាភិបាលចិនចំនួន៥០ម៉ឺនដូសទៀតនៅស្អែកនេះ

ដោយៈ ប៊ី

ភ្នំពេញៈ កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន៥០ម៉ឺនដូសបន្ថែមទៀត នៅព្រឹកថ្ងៃទី១១ស្អែកនេះ ខែឧសភា ឆ្នាំ ២០២១។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២១កន្លងមកនេះ បានបញ្ជាក់ថា នៅតំបន់ក្រហមមានប្រជាជនជាង៥២ម៉ឺននាក់នឹងត្រូវទទួលវ៉ាក់សំាងកូវីដ១៩ ហើយវ៉ាក់សាំងមានតែជាង៩០ម៉ឺនដូស ចាក់បានតែប្រជាជនជាង៤០ម៉ឺននាក់ បើសិនមានការខូចខាតមួយចំនួន វានឹងអាចមានការខ្វះវ៉ាក់សាំង នៅក្នុងតំបន់ក្រហម។

ប៉ុន្តែសម្តេចបញ្ជាក់ថា វ៉ាក់សាំងនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត ហើយ ដរាបណាមិនទាន់ចាក់វ៉ាក់សាំងអស់ប្រជាជន គឺយើងមិនដើរចេញ ចោលប្រជាជនណាម្នាក់នោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា វ៉ាក់សាំងសម្រាប់ចាក់ចំនួន៥២ម៉ឺននាក់ នៅក្នុងតំបន់ក្រហម គឺមិនខ្វះទេ គឺថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២១ វ៉ាក់សាំងនឹងមកដល់៥០ម៉ឺនដូស នឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២១ នឹងមកដល់ចំនួន ៥០ម៉ឺនដូសទៀត សរុប១លានដូសនៅក្នុងដៃយើងបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏សូមស្នើសម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាទៅអង្គភាពដែលត្រូវចុះចាក់នៅក្នុងតំបន់ក្រហម មិនត្រូវបញ្ចប់ដូសទី១ ត្រឹមថ្ងៃទី១៥ ខែឧសភានោះទេ គឺដូសទី១ ត្រូវតែធ្វើយ៉ាងណាឱ្យហើយ ឱ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម។

យោងតាមរបាយការណ៍បូកសរុបរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ គឺក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចំនួន ១,៧៧៣,៩៩៤ដូសហើយ។ ដោយឡែកក្នុងរយ:ពេល៩ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្រសួងការពារជាតិក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៩ម៉ឺន ៩៦១៧នាក់៕

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីសម្រេចបាន៤២ភាគរយនិងត្រៀមស្វាគមន៍អ្នកដំណើរតាមការគ្រោងទុក

ដោយៈ ប៊ី

ភ្នំពេញៈ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នៅតែដំណើរការជាធម្មតា ដោយសម្រេចបាន៤២ភាគរយ បើទោះបីកម្ពុជាកំពុងរងការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យមានការយឺតយ៉ាវការងារមួយចំនួនក៏ដោយ។

លោកស៊ីន ចាន់សិរីវុត្ថាអ្នកនាំពាក្យនិងជារដ្ឋលេខាធិការ នៃលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ត្រូវបានដកស្រង់សម្តីចេញពីសារព័ត៌មានរដ្ឋនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ដោយលោកបានលើកឡើថាថា បើទោះបីកម្ពុជាកំពុងរងការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យមានការយឺតយ៉ាវការងារមួយចំនួនក៏ដោយ ក៏ប៉ុន្ដែការសាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មីនៅលើទឹកដីអង្គរខេត្ដសៀមរាបនៅតែដំណើរការជាធម្មតា។

លោកបានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគបានបង្កើនការងារសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យសម្រេចគោលដៅដូចអ្វីដែលបានគ្រោងទុកឱ្យរួចរាល់នៅឆ្នាំ២០២៣ខាងមុខ។

លោកបានបន្តថា មកដល់ពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន(AIAI) Angkor International Airport Investment (Cambodia)Co., Ltd សាងសង់សម្រេចបានជាង៤០ភាគរយហើយ ក្នុងនោះមានគម្រោងចំនួន៣ធំៗរួមមាន សង់សំណង់អគារ សំណង់ដែលពាក់ព័ន្ធនឹងការចុះចតយន្ដហោះ និងសំណង់ផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកម្មរបស់អាកាសយានដ្ឋាន ។

លោកបានថ្លែងថា “ព្រលានយន្តហោះខេត្តសៀមរាបគិតមកដល់ក្នុងបំណាច់ខែ៤នេះ គឺអនុវត្តបាន៤២ភាគរយហើយក្នុងគម្រោងរួម ហើយថាតើមានផលប៉ះពាល់អ្វីអត់? សម្រាប់ដំណើរការនេះគឺប្រាកដជាមាន ដោយសារតែការឆ្លងនៅក្នុងសហគមន៍នេះ មានការបិទការធ្វើដំណើរតាមខេត្តគឺមានការយឺតយ៉ាវមួយចំនួនតូចដែរ ប៉ុន្តែមិនទាំងស្រុងទេ ដោយយឺតយ៉ាវទៅលើការផ្លាស់ប្ដូរធនធានមនុស្ស ការធ្វើដំណើររបស់ជំនាញការមានការយឺតយ៉ាវខ្លះ អ៊ីចឹងគឺមិនយឺតយ៉ាវខ្លាំងក្លានោះទេ ហើយសម្រាប់ការអនុវត្តគម្រោងការនេះ គឺនៅតែអនុវត្តជាបណ្ដើរៗរហូត ដោយមិនមានការប៉ះពាល់អ្វីធំដុំនោះទេ”។

លោកបានបន្តទៀតថា ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប នឹងទទួលបាននូវអាកាសយានអន្តរជាតិថ្មីមួយនាឆ្នាំ២០២៣ឆាប់ៗខាងមុខ ដែលនឹងចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបកាន់តែច្រើន សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី មានទីតាំងស្ថិតនៅឃុំពពេល ស្រុកសូទ្រនិគម ខេត្ដសៀមរាប ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២០ នៅលើផ្ទៃដីប្រមាណ៧០០ហិកតា ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដែលមានរយៈពេល៣៦ខែ ក្រោយពីអ្នកជំនាញបានសិក្សាប្លង់មេរួចរាល់កាលពីឆ្នាំ២០១៦កន្លងទៅ៕

តើផលចំណេញពីការវិនិយោគលើទីផ្សារខុនដូកំពុងតែធ្លាក់ចុះឬទេ ខណៈការប្រកួតប្រជែងកំពុងកើនឡើង?

ដោយៈ ម៉ាណេត

ភ្នំពេញៈ យោងតាមការសិក្សាមួយបានឱ្យដឹងថា ផលចំណេញត្រឡប់ប្រចាំឆ្នាំ (Return of Investment) ពីការវិនិយោគលើខុនដូនៅកម្ពុជា នាពេលបច្ចុប្បន្ន មានអត្រាជាមធ្យមត្រឹមតែ៥% ធ្លាក់ចុះ បើប្រៀបធៀបកាលពីកាលមុនមានអត្រាជាមធ្យមប្រចាំឆ្នាំ៧%។

លោកស្រីអាន សុធីតាក្នុងនាមជាអ្នកវិភាគឯករាជ្យ ដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យនេះ បានមានប្រសាសន៍កាលពីថ្មីៗនេះថា ផលចំណេញត្រឡប់ប្រចាំឆ្នាំ (Return of Investment) ពីការវិនិយោគលើខុនដូ នាពេលបច្ចុប្បន្ន មានអត្រាជាមធ្យមត្រឹមតែ៥% បើប្រៀបធៀបកាលពីកាលមុនមានអត្រាជាមធ្យមប្រចាំឆ្នាំ៧% ដោយសារទីផ្សារកាន់តែមានភាពប្រកួតប្រជែង និងការផ្គត់ផ្គង់កើនឡើង។

លោកបានបន្តថា ការធ្លាក់ចុះនៃផលចំណេញត្រឡប់នេះអាចធ្វើឱ្យកម្ពុជាធ្លាក់ចុះលើការវិនិយោគលើវិស័យខុនដូ ប្រសិនបើផលចំណេញត្រឡប់លើវិស័យខុនដូមានភាពប្រហាក់ប្រហែលនឹងប្រទេសជិតខាង។

លោកស្រីបានឱ្យដឹងទៀតថា ប៉ុន្តែជាដំណឹងល្អ យោងតាមការវាយតម្លៃ ផលចំណេញត្រឡប់នៅថៃមានត្រឹមតែ២ទៅ៣%ប៉ុណ្ណោះ សិង្ហបុរីស្រដៀងគ្នានឹងថៃដែរ និងវៀតណាមមានត្រឹមតែ៤ទៅ៥% ខណៈផលចំណេញត្រឡប់ពីការវិនិយោគលើខុនដូនៅកម្ពុជាមានអត្រាប្រមាណ៥%។

លោស្រីបានណែនាំថា ដើម្បីទទួលបានផលចំណេញខ្ពស់ អ្នកវិនិយោគលើខុនដូត្រូវមើលកត្តាចំនួន៤ ដូចជាទី១ត្រូវមើលទីតាំង ទី២មើលលើតម្លៃ ទី៣មើលគុណភាព និងទី៤មើលប្រវិត្តិ និងកេរ្តិ៍ឈ្មោះអ្នកអភិវឌ្ឍន៍។

ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានលើកឡើងថា អត្រាផលចំណេញត្រឡប់៥%នេះ គិតជាមធ្យមប្រចាំប៉ុណ្ណោះ ប៉ុន្តែបើទិញគម្រោងខុនដូត្រូវ អត្រាផលចំណេញនឹងនៅតែសម្រេចបាន៧%ដដែល។

លោកខន គង្គាអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia មានប្រសាសន៍នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា គម្រោងដែលយើងលក់ ភាគច្រើនយើងផ្តោតលើគម្រោង Presale (គម្រោងដែលទើបតែចាប់ផ្តើម ឬចាប់ផ្តើមបុកគ្រឹះ) ផលចំណេញត្រឡប់ ក្នុងមួយឆ្នាំ មានអត្រាចន្លោះពី១៥%ទៅ២៥%គិតជាមធ្យម ដោយសារផលចំណេញនេះពឹងផ្អែកលើតម្លៃសំណង់ គិតចាប់ពីចាប់ពីការផ្តើមសាងសង់ រហូតដល់ការសាងសង់បញ្ចប់។

លោកបានបន្តថា នៅពេលសាងសង់បញ្ចប់ក្នុងរយៈពេលបីឆ្នាំ អត្រាផលចំណេញអាចនឹងកើនឡើងដល់៤៥% បើសិនជាយើងគិតត្រឹមអត្រា១៥%។

លោកបានឱ្យដឹងថា ការវិនិយោគលើវិស័យខុនដូនាពេលបច្ចុប្បន្ន គឺឱកាសល្អប្រសើរសម្រាប់វិនិយោគ ដែលមានលំហូរសាច់វិជ្ជាអំឡុងពេលបច្ចុប្បន្ន ព្រោះពេលបើកសេដ្ឋកិច្ច អ្វីៗគ្រប់យ៉ាងនឹងត្រឡប់មករកសភាព និងវិស័យអចលនទ្រព្យនឹងកើនឡើងវិញផងដែរ៕

វ៉ាក់សាំងរបស់ចិនកំពុងពង្រីកឥទ្ធិលទៅកាន់បណ្ដាប្រទេសជាច្រើនលើពិភពលោក

វ៉ាក់សាំងរបស់ចិនហាក់បានបង្ហាញពីការចាប់អារម្មណ៍ពីបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ស្ដែងប្រទេសអេហ្ស៊ីប បានប្រកាសថានឹងចាប់ផ្ដើមផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនចិន Sinovac នៅក្នុងខែមិថុនាខាងមុខនេះ ។នេះបើតាមលោកហាឡា ហ្សាយីដ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេហ្ស៊ីប្រកាសនៅថ្ងៃចន្ទទី១០ ឧសភា២០២១នេះ ។

ក្នុងសន្និសីទកាសែតនៅទីក្រុងគែរ លោក Zayed បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០២លានដូសដំបូង នឹងត្រូវផលិតនៅក្នុងខែមិថុនា នៅឯរោងចក្ររបស់ក្រុមហ៊ុនអេហ្ស៊ីប ដែលជាក្រុមហ៊ុនផលិតជីវសាស្រ្ត និងវ៉ាក់សាំង វ៉ាក់ស៊ែរ៉ា (VACSERA)។លោកថា៖«យើងនឹងទទួលបានការដឹកជញ្ជូនវត្ថុធាតុដើមដំបូង ដែលត្រូវការដើម្បីផលិតវ៉ាក់សាំងនៅថ្ងៃទី១៨ ខែឧសភា ហើយវ៉ាក់សាំងចំនួន ៤០លានដូសនឹងត្រូវផលិតនៅក្នុងឆ្នាំដំបូង»។

លោក Zayed បានកត់សម្គាល់ថា កិច្ចព្រមព្រៀងចំនួន ០២ ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនចិន Sinovac និងក្រុមហ៊ុនអេហ្ស៉ីប VACSERA នៅក្នុងខែមេសា ដោយកិច្ចព្រមព្រៀងលើកទី ១ អាចឱ្យភាគីអេហ្ស៊ីបទទួលបានជំនាញ និងជំនួយបច្ចេកទេសក្នុងការផលិតវ៉ាក់សាំង ខណៈកិច្ចព្រមព្រៀងលើកទី ២ ផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនអេហ្ស៉ីប VACSERA ដើម្បីផលិត និងវេចខ្ចប់វ៉ាក់សាំងនៅក្នុងរោងចក្ររបស់ខ្លួន។ លោក Zayed បានកត់សម្គាល់បន្ថែមថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinovac ដែលត្រូវផលិតនៅក្នុងប្រទេសអេហ្ស៊ីប នឹងត្រូវបានគេដាក់ឈ្មោះថា Sinovac-Vacsera។

ប្រទេសអេហ្ស៊ីប បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់បុគ្គលិកពេទ្យនៃមន្ទីរពេទ្យរដ្ឋនៅចុងខែមករា ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ជាវ៉ាក់សាំងដំបូងបង្អស់ ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ ដោយអាជ្ញាធរឱសថអេហ្ស៊ីប។ នៅដើមខែមីនា ប្រទេសអេហ្ស៉ីប ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំង ជូនដល់ក្រុមមនុស្សវ័យចំណាស់ និងក្រុមអ្នកដែលមានជំងឺរ៉ាំរ៉ៃផងដែរ។ រហូតមកដល់ពេលនេះ ប្រទេសអេហ្ស៊ីបបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៣៦,២៧២ករណី ក្នុងនោះមានអ្នកស្លាប់ ១៣,៨៤៥នាក់ និងអ្នកជាសះស្បើយ ១៧៦,៣៦៣នាក់៕

ការទិញលក់និងវិនិយោគក្នុងវិស័យអចលនទ្រព្យចាប់ផ្តើមបង្ហាញសកម្មភាពបណ្តើរៗឡើងវិញ បន្ទាប់ការបញ្ចប់ការបិទខ្ទប់

ដោយៈ ម៉ាណេត

ភ្នំពេញៈ ការទិញលក់អចលនទ្រព្យ និងសកម្មភាពវិនិយោគក្នុងវិស័យអចលនទ្រព្យផ្សេងៗចាប់ផ្តើមមានសកម្មភាពឡើងវិញជាបណ្តើរៗ បន្ទាប់ពីរដ្ឋាភិបាលចាប់ផ្តើមបន្ធូរបន្ថយការធ្វើដំណើររបស់ប្រជាជន។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា វិនិយោគិនក្នុងវិស័យអចលនទ្រព្យចាប់ផ្តើមពិចារណា និងសិក្សាឡើងវិញបណ្តើរៗ និងទទួលយកព័ត៌មាន ដែលយើងផ្តល់ឱ្យពួកគាត់ ហើយយើងក៏ចាប់ផ្តើមធ្វើបច្ចុប្បន្នមួយចំនួនជូនវិនិយោគិនមួយចំនួន។

លោកបានថ្លែងថា “វិនិយោគិនភាគច្រើនសម្លឹងមើលលើវិស័យដីធ្លី និងផ្ទះ បន្ទាប់ពីរដ្ឋាភិបាលចាប់ផ្តើមបន្ធូរបន្ថយការធ្វើដំណើររបស់ប្រជាជន”។

លោកបានលើកឡើងថា នេះជាសញ្ញាមួយល្អសម្រាប់វិស័យអចលនទ្រព្យ ដែលអ្នកវិនិយោគបង្កើនសកម្មភាពទិញលក់ និងវិនិយោគឡើងវិញ បន្ទាប់មានភាពស្ងប់ស្ងាត់មួយរយៈពេល។ បន្ទាប់ពីធ្វើបច្ចុប្បន្នភាពទីផ្សារអលនទ្រព្យ តម្លៃអចលនទ្រព្យមិនសូវមានសម្រាប់អតិថិជន ហើយតម្លៃអចលនទ្រព្យរក្សាភាពថ្លៃ និងនៅទ្រឹងដដែល។

លោកបានថ្លែងថា “ខ្ញុំមើលឃើញថា នាពេលបច្ចុប្បន្ន វិស័យអចលនទ្រព្យនៅតែរក្សាបានភាពរឹងមាំរបស់ខ្លួន ហើយពិសេស ធនាគារនៅតែបន្តប្រាក់កម្ចីអតិថិជន និងក្រុមហ៊ុនអចលនទ្រព្យចំនួនធំ ដូច្នេះខ្ញុំគិតថា វិស័យនេះនៅតែរឹងមាំ និងជួយទ្រទ្រង់វិស័យសេដ្ឋកិច្ច ព្រោះភាគច្រើនអ្នកវិនិយោគមានទុនច្រើនក្នុងវិស័យនេះ”។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល បានថ្លែងថា ការបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ គឺជាលទ្ធផលមួយល្អប្រសើរ សម្រាប់វិស័យសេដ្ឋកិច្ចព្រោះពេលនោះ អ្វីៗនឹងអាចវិលមកប្រក្រតី ហើយរាល់អាជីវកម្មទាំងឡាយអាចសកម្មឡើងវិញ ជាមួយនឹងសកម្មភាពនៃការវិនិយោគជាដើម។

លោកបានថ្លែងថា “ការLockdown នៅកម្ពុជាគឺមានរយៈពេល៣សប្ដាហ៍កន្លងទៅហើយ ហើយបើនិយាយពីការប៉ះពាល់ដល់សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យគឺមានផលប៉ះពាល់ខ្លះ”។

លោកបានបន្តថា នៅពេលរដ្ឋាភិបាលប្រកាសបើកឡើងវិញនៅថ្ងៃទី៦ ខែឧសភា ២០២១ខាងមុខនេះ សេដ្ឋកិច្ចកម្ពុជានឹងអាចវិលត្រលប់ទៅសភាពដើមវិញ ប្រជាពលរដ្ឋអាចធ្វើដំណើរពីតំបន់មួយទៅតំបន់មួយឡើងវិញ ដែលអាចធ្វើឱ្យចរន្ត នៃការទិញលក់អចលនទ្រព្យនឹងត្រលប់ទៅសភាពដើមវិញ ប៉ុន្តែការរីកចម្រើន ឬមិនរីកចម្រើននោះ ក៏មិនអាចព្យាករបានដែរ។

លោកបន្ថែមថា ទោះបីជាកម្ពុជាបានសម្រេចបិទខ្ទប់តំបន់មួយចំនួនក៏ពិតមែន តែការចរចានៃការបង្កើតគម្រោងវិនិយោគនៅក្នុងប្រទេសនៅតែមាន ដោយធ្វើទៅតាមប្រព័ន្ធអនឡាញ តែការសម្រេចចិត្ត ឬភាពជោគជ័យនៃការចរចានោះមិនមាននោះឡើយ ព្រោះតែពួកគេមិនអាចជួបគ្នា ដើម្បីជជែកលម្អិតពីគម្រោងនីមួយៗឡើយ។

រាជរដ្ឋាភិបាល កាលពីថ្មីៗនេះ ចេញសេចក្ដីសម្រេចស្ដីពី ការបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលហើយ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយជំនួសមកវិញនូវវិធានការថ្មីសំដៅ ការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ របស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាសាស្ត្ររាជធានីភ្នំពេញ និងរបស់គណៈអភិបាលខេត្តកណ្ដាល នៃភូមិសាស្ត្រខេត្តកណ្ដាល៕

អ៊ីស្រាអែល និង​កូរ៉េខាងត្បូង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​លើកដំបូង​ក្នុងប្រវត្តិសាស្ត្រ

ដោយៈ​សុខុម

ក្រុង​ហ្សេ​រូ​សា​ឡឹម: ប្រទេស​អ៊ីស្រាអែល បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ហើយ​អ៊ីស្រាអែល បាន​ក្លាយជា​ប្រទេស​ទី១ នៅ​តំបន់​មជ្ឈិមបូព៌ា ដែល​ចុះ​កិច្ចព្រមព្រៀង​បែបនេះ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច​អ៊ីស្រាអែល បាន​ទម្លាយ​ឱ្យដឹង​កាលពី​ថ្ងៃអាទិត្យ ទី៩ ឧសភា។

យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Reuters ឱ្យដឹងថា កិច្ចព្រមព្រៀង​នេះ​មាន​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី តាមរយៈ​ការ​កាត់​ពន្ធគយ និង​ផ្តល់​ការធានា​លើ​ការវិនិយោគ។

ក្រសួង​ដដែល​បាន​គូសបញ្ជាក់ថា ពាណិជ្ជកម្ម​ទ្វេរ​ភាគី បាន​កើន​ឡើងដល់​ប្រមាណ២,៤ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២០ ដោយ​ប្រមាណ២ភាគ៣នៃ​ទំនិញ និង​សេវាកម្ម​របស់ខ្លួន​ត្រូវបាន​នាំចូល​ក្នុងប្រទេស​ស​អ៊ីស្រាអែល។

កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ចុះហត្ថលេខា កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ របស់​រដ្ឋមន្ត្រីការបរទេស Gabi Ashkenazi រដ្ឋមន្ត្រី​សេដ្ឋកិច្ច Amir Peretz  របស់​អ៊ីស្រាអែល កាលពី​ព្រឹក​ថ្ងៃអាទិត្យ។

ក្រសួង​នេះ​បានឱ្យដឹង​ទៀតថា ជាង៩៥%នៃ​ការនាំចេញ​របស់​អ៊ីស្រាអែល ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង នឹងមិន​ជាប់​ពន្ធគយ​នោះទេ។ ទន្ទឹមនេះ ប្រទេស​អ៊ីស្រាអែល ក៏​កំពុង​ប្រឹងប្រែង ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ស្រដៀង​គ្នា ជាមួយ​មហា​យក្ស​ចិន វៀតណាម និង​ឥណ្ឌា​ផងដែរ។

ប្រទេស​កូរ៉េខាងត្បូង គឺជា​សេដ្ឋកិច្ច​ធំ​បំផុត​ទី១២ក្នុង​ពិភពលោក និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី៣ របស់​អ៊ីស្រាអែល នៅ​អាស៊ី៕

របប​យោធា​នៅ​មី​យ៉ាន់​ម៉ា​អនុម័ត​ការវិនិយោគ២,៨ពាន់​លាន​ដុល្លារ​អាមេរិក​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ

ដោយៈ​សុខុម

រ៉ង់​ហ្គូ​នៈ ក្រុម​មេដឹកនាំ​យោធា​របស់​ប្រទេស​មី​យ៉ាន់​ម៉ា បានអនុម័ត​ការវិនិយោគ​ថ្មី​លើ​គម្រោង​នានា ដែលមាន​ទំហំ​ទឹកប្រាក់​ជិត២,៨ពាន់​លាន​ដុល្លារ​អាមេរិក រួមទាំង​រោងចក្រ​ថាមពល​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ដែលមាន​ទំហំ២,៥ពាន់​លាន​ដុល្លារ​អាមេរិក ផងដែរ។ នេះ​បើ​យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​កាលពី​ថ្ងៃទី៩ ឧសភា។

យោងតាម​សេចក្តីថ្លែងការណ៍​មួយ លើ​គេហទំព័រ​របស់​អគ្គនាយក​ដ្ឋា​ន​គ្រប់គ្រង​ការវិនិយោគ និង​ក្រុមហ៊ុន (Directorate of Investment and Company Administration) បានឱ្យដឹងថា គណៈកម្មការ​វិនិយោគ​មី​យ៉ាន់​ម៉ា បានអនុម័ត​លើ​គម្រោង​ចំនួន១៥កាលពី​ថ្ងៃទី៩ ឧសភា។

ការប្រកាស​នេះ ធ្វើឡើង​ស្របពេល​សេដ្ឋកិច្ច​របស់​មី​យ៉ាន់​ម៉ា ជាប់គាំង​មួយចំនួនធំ​ដោយសារ​បាតុកម្ម និង​កូដកម្ម ចាប់តាំងពី​កងទ័ព​ដណ្ដើម​អំណាច​នៅ​ថ្ងៃទី១ ខែកុម្ភៈ។ ទីភ្នាក់ងារ​វាយតម្លៃ​ឥណទាន​អន្តរជាតិ Fitch Solutions បាន​ព្យាករ​ថា សេដ្ឋកិច្ច​ប្រទេស​នេះ​នឹង​ធ្លាក់ចុះ២០%នៅ​ឆ្នាំនេះ។

សេចក្តីថ្លែងការណ៍​ដដែល​បាន​បញ្ជាក់ថា បន្ថែម​ពីលើ​រោងចក្រ​ផលិត​ថាមពល​សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក គម្រោងផ្សេងៗទៀត ដែល​ត្រូវ​បានអនុម័ត​រួមមាន​វិស័យ​បសុសត្វ ផលិតកម្ម និង​សេវាកម្ម។

ទោះជា​យ៉ាងណា សេចក្ដីថ្លែងការណ៍​នេះ មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​បណ្ដា​ក្រុមហ៊ុន ដែល​នៅ​ពីក្រោយ​គម្រោង​ទាំងនោះ​ឬថា តើ​ក្រុមហ៊ុន​ទាំងនោះ​មកពី​ប្រទេស​ណាខ្លះ​ឡើយ។ វិនិយោគិន​ធំ​បំផុត​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គឺ​មហា​យក្ស​ចិន សិង្ហ​បុរី និង​ថៃ។

បច្ចុប្បន្ន ថាមពល​អគ្គិសនី​ភាគច្រើន​របស់​មី​យ៉ាន់​ម៉ា ផលិត​ចេញពី​គម្រោង​វា​រី​អគ្គិសនី ប៉ុន្តែ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ត្រូវគេ​មើលឃើញថា មាន​សារៈសំខាន់​កាន់តែខ្លាំង​ឡើង សម្រាប់​ប្រទេស​នេះ ដែល​សេដ្ឋកិច្ច​រីកចម្រើន​យ៉ាង​ឆាប់រហ័ស អំឡុងពេល​មួយ​ទសវត្សរ៍ នៃ​ការកែទម្រង់​ប្រជាធិបតេយ្យ៕

ក្រុមហ៊ុន​ថៃ​ចំនួន​ពី​រប្រកាស​បណ្តាក់ទុន​បង្កើត​ម​ជ្ឈ​មណ្ឌល​បច្ចេកវិទ្យា​បម្រើ​សេវាកម្ម 5G ដល់​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន Thaicom ដែល​បាន​ចុះបញ្ជី​នៅក្នុង​ផ្សារ​ហ៊ុន​ថៃ បានឱ្យដឹងថា ខ្លួន​បាន​បណ្តាក់ទុន​រួមគ្នា មួយក្រុម​ហ៊ុន CAT Telecom កាលពីពេលថ្មីៗនេះ នឹង​បង្កើត​មជ្ឈមណ្ឌល​សេវាកម្ម​ផ្កាយរណប លើ​គន្លង​ទាប​ពី​ផែនដី ដើម្បី​បម្រើ​វិស័យ​បច្ចេកវិទ្យា 5G ដល់ទី​ផ្សារ​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម (CLMV)។

ការបង្កើត​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា​នេះ មាន​ឈ្មោះថា Nation Space and Technology Co ខណៈ​ក្រុមហ៊ុន Thaicom បាន​រាយការណ៍​ទៅកាន់​ផ្សារភាគហ៊ុន​ថៃ​កាលពីពេលថ្មីៗនេះ។ នេះ​បើ​យោងតាម​ការចុះផ្សាយ របស់​កាសែត​បាងកក​ប៉ុស្តិ៍​កាល​ចុង​សប្តាហ៍​កន្លងមកនេះ។

លោក Anant Kaewruamvongs នាយក​ប្រតិបត្តិ Thaicom បាន​ថ្លែងថា ផ្កាយរណប LEO មាន​ចម្ងាយ​ពី៥០០ ទៅ ២០០០គីឡូម៉ែត្រ​ពីលើ​ផ្ទៃដី បើ​ប្រៀបធៀប​ទៅនឹង​ផ្កាយរណប​ភូមិសាស្ត្រ មាន​ចម្ងាយ៣៦,០០០គីឡូម៉ែត្រ ដែលជា​ប្រភេទ​ផ្កាយរណប​ទំនាក់ទំនង​បែប​បុរាណ។

លោក​បន្តថា “គុណប្រយោជន៍​នៃ​ផ្កាយរណប LEO មាន​សេវា​ខ្លាំង ដែល​អាច​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន ដែលមាន​លទ្ធភាព​ទទួល​បាន សេវា​អ៊ី​ន​ធឺ​ណេ​ត​ល្បឿន​លឿន តាមរយៈ​បច្ចេកវិទ្យា 5G ក៏ដូចជា​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត នៃ​ឧបករណ៍​បច្ចេកវិទ្យា​ម៉ាស៊ីន​ពីមួយ​ទៅមួយ​ម៉ាស៊ីន​ដ្រូ​ន និង​កម្មវិធី​ដែល តម្រូវឱ្យមាន​ភាពត្រឹមត្រូវ​ខ្ពស់” ។

នៅក្នុង​បណ្តាក់ទុន​រួមគ្នា​នេះ ដែលមាន​ដើមទុន​ចុះបញ្ជី១០លាន​បាត ក្រុមហ៊ុន Thaicom កាន់កាប់​ភាគហ៊ុន៧៥% ចំណែក​ក្រុមហ៊ុន CAT កាន់កាប់២៥% ។ បណ្តាក់ទុន​រួមគ្នា​នេះ មាន​គោលបំណង​ផ្តល់​សេវាកម្ម និង​ដំណោះស្រាយ​បច្ចេកវិទ្យា។

គម្រោង​ផ្កាយរណប LEO ត្រូវបាន​ដំណើរការ​ដោយ​ក្រុមហ៊ុនធំៗ ចំនួន​ពីរ​គឺ​ក្រុមហ៊ុន Space Exploration Technologies Corp (SpaceX) និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ី​ន​ធឺ​ណេ​ត OneWeb ដែល​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស ។

ផ្កាយរណប LEO ត្រូវបាន​ដាក់ឱ្យ​ដំណើរការ ហើយ​សេវាកម្ម​ពាណិជ្ជកម្ម​ត្រូវបាន​រំពឹងថា​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ៕

តើ​កត្តា​អ្វីខ្លះ​កំពុង​ក្លាយជា​កំលាំងចលករ​ជម្រុញ​វិស័យ​អចលនទ្រព្យ​ឲ្យ​ងើប​ឡើងវិញ?

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ ថ្ងៃទី២០កុម្ភៈ ជា​ព្រឹត្តិការណ៍​មួយ ដែល​បានធ្វើ​ឲ្យ​ស្រអាប់​ផ្ទៃមេឃ​កម្ពុជា ហើយ​បានធ្វើ​ឲ្យ​អាជីវកម្ម​នានា និង​អចលនទ្រព្យ​ស្ទើរ​ធ្លាក់​ដល់​សូន្យ ប៉ុន្តែ​សុទិដ្ឋិនិយម​បានចាប់ផ្តើម​ឡើងវិញ ជាមួយនឹង​ការថយចុះ​នូវ​អត្រា​ឆ្លង​ជំងឺ​កូ​វីដ និង​ការបើកចំហរ​ការធ្វើដំណើ​រ​ឡើងវិញ លើកលែងតែ​តំបន់​ក្រហម។

ការព្យាករណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្ហាញថា វិស័យនេះ​នឹង​ងើប​ឡើងវិញ​ក្នុង​ត្រា៤ភាគរយ​នៅ​ឆ្នាំនេះ ខណៈ​ឆ្នាំមុន​ការវិនិយោគ​ក្នុង​វិស័យនេះ​បាន​ជួយផ្តល់​ភាព​ធន់​ទ្រាំ ក្នុង​សេដ្ឋកិច្ចកម្ពុជា។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​វ​ង្សី វិស្សុត​ធ្លាប់បាន​មានប្រសាសន៍ថា វិស័យ​អចលនទ្រព្យ​បាន​ដើរតួនាទី ជា​ជ​ន្ទ​ល់​ដ៏​សំខាន់ ក្នុងការ​ទប់​ការធ្លាក់ចុះ​សេដ្ឋកិច្ចកម្ពុជា​កាលពី​ឆ្នាំ២០២០ ។

ជាមួយនឹង​រលក​ទី៣ នៃ​ព្រឹត្តិការណ៍២០កុម្ភៈ វិស័យនេះ​បាន​រង​ភាព​ទ្រុឌទ្រោម​យ៉ាងខ្លាំង ប៉ុន្តែ​អ្នកជំនាញ​នៅមាន​សុទិដ្ឋិនិយម​ឡើងវិញ​ថា វិស័យនេះ​បាននិងកំពុង​ងើប​ឡើងវិញបណ្តើរៗហើយ។

តើ​កត្តា​អ្វីខ្លះ​នៅ​ពីក្រោយ​ការ​ងើប​ឡើងវិញ នៃ​វិស័យ​ដ៏​សំខាន់​នេះ? យើង​សាក​ទៅ​មើល​កំលាំងចលករ​ខេ​ដ្ខ​កិច្ច​មួយចំនួន។

កំណើន​ក្នុង​វិស័យ​កសិកម្ម

កសិកម្ម​ជា​វិស័យ​មួយ ដែលមាន​ភាព​ធន់​ទ្រាំ និង​បាន​ងើបឡើង ទោះបី​វិស័យ​ដទៃទៀត​បាន​រង​ផលប៉ះពាល​ក្តី ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ សម្រាប់​មូលដ្ឋាន​នៃ​ការរស់នៅ និង​ជួយ​ទប់​ជីវភាព​ប្រជាពលរដ្ឋ​មិន​ឲ្យ​ធ្លាក់ចុះ​ខ្លាំង។

ដោយសារ​ផ្តើម​ពី​ការផលិត​ដើម្បី​បង្គ្រប់​ឆ្នាំងបាយ ប៉ុន្តែ​កសិកម្ម​បានក្លាយ​ជា​វិស័យ​ស្នូល ដែល​អាច​នាំចេញ ដោយ​ប្រែក្លាយ​ពី​ការបម្រើ​ទីផ្សារ​ក្នុងស្រុក ប៉ុន្តែ​ផលិតផល​វិស័យនេះ​បានធ្វើ​ពិពិធ​កម្ម​យ៉ាង​សម្បូរបែប ដែល​ធ្វើ​ឲ្យ​មាន​ភាព​ធន់ និង​ជំរុញ​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ចជាតិ។

ជាក់ស្តែង​រយៈពេល៤ខែ​ដើម​ឆ្នាំនេះ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ជាង៤លាន​តោន ទៅកាន់​ទីផ្សារ​ក្រៅប្រទេស និង​ទទួលបាន​ទឹកប្រាក់២០០០លាន​ដុល្លារ​អាមេរិក។

វិស័យនេះ មាន​កំនើន​ជា​មធ្យម​ក្នុង​រង្វង់២ភាគរយ សម្រាប់​ឆ្នាំ២០២០ និង​ឆ្នាំ២០២១កន្លងមកនេះ។

វិស័យ​ឧស្សាហកម្ម

ទោះបី​កម្ពុជា ក៏ដូចជា ពិភពលោក​បាន​រង​វិបត្តិ​ជំងឺ​កូ​វីដ១៩ក្តី ប៉ុន្តែ​វិស័យនេះ​បាន​ងើបឡើង ជាក់ស្តែង​ការនាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក ទីផ្សារ​បណ្តា​ប្រទេស​មួយចំនួនទៀត​ដួច​ជា​សាធារណៈ​រដ​កូរ៉េ និង​ប្រទេស​ក្នុង​តំបន់​មួយចំនួនទៀត បាន​កើន​ឡើងជា​វិជ្ជមាន ដែល​នេះ​បានបង្ហាញ​សុខភាព​ក្នុង​វិស័យ​ឧស្សាហកម្ម នៅតែមាន​ភាពល្អប្រសើរ ពិសេស​ការសម្រេចបាន​នូវ​កិច្ចព្រមព្រៀង​សេរី ជាមួយ​ប្រទេស​ចិន នឹង​ជួយ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា សម្រេចបាន​កំនើន​ក្នុង​រង្វង់៤ភាគរយ តាម​ការព្យាករណ៍​រប​ស់​ស្ថាប័ន​អន្តរជាតិធំៗដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ធនាគារពិភពលោក (WB) ជាដើម ។

ជាមួយគ្នានេះ ក៏មាន​ដំណឹង​ល្អ​ពី​អាមេរិក​ផងដែរ ដោយ​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​ត្រៀម​ចូលមក​វិនិយោគ​នៅ​កម្ពុជា។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ឯកអគ្គរដ្ឋទូត​អាម​រិ​កលោក Patrict Murphy ។

លោក​ទូត​បាន​មានប្រសាសន៍​កាលពី​សប្តាហ៍​មុន​ថា “លំហូរ​នៃ​ការវិនិយោគ និង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា កំពុង​តែមាន​កំណើន ហើយ​ក្រុមហ៊ុន​អាមេរិក​ច្រើន​ថែមទៀត នឹង​បន្ត​មករក​ស៊ីក្នុងមួយឆ្នាំៗ ដោយ​នាំមក​ជាមួយ នូវ​របៀប​ធ្វើ​ជំនួញ​ប្រកបដោយ​ក្រមសីលធម៌ បទដ្ឋាន​បរិស្ថាន និង​បទដ្ឋាន​ការងារ​ខ្ពស់។

ការវិនិយោគ​ពី​វិនិយោគិន​ក្នុង​ស្រុកលើ​វិស័យ​អចលនទ្រព្យ

បើទោះជា​លំហូរ​ទុន​វិ​និ​យោ​ពី​បរទេស បាន​ជាប់គាំង​ក្តី ប៉ុន្តែ​លំហូរ​ទុនវិនិយោគ​ពី​អ្នកវិនិយោគ​ក្នុងស្រុក ទាំង​តូច ទាំង​ធំ បានធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ និង​សំណង់​កម្ពុជា​នៅតែមាន​សកម្មភាព លើ​ការសាងសង់ និង​ការទិញ​លក់​ដីធ្លី​ជាច្រើន។

តើ​ហេតុអ្វី​បានជា​វិនិយោគិន​ក្នុងស្រុក នៅតែ​បន្ត​វិនិយោគ? មូ​លេ​ហ​តុ​មួយចំនួន​ង​ត្រូវ​បានបង្ហាញ​ឲ្យ​ឃើញច្បាស់​ដូចជា ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល​នៅតែ​មិន​ផ្អាក​សកម្មភាព ទោះបី​មាន​វិបត្តិ​ជំ​ប​ងឺ​កូ​វីដ​ក្តី ទី២ ដោយសារ​អ្នកវិនិយោគ​ក្នុងស្រុក​នៅតែមាន​សុទិដ្ឋិនិយម​ថា វិស័យនេះ​នឹងមាន​ផលចំណេញ​ខ្ពស់​នាពេល​អនាគត ទី៣ ការកើនឡើង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ នឹង​កើន​ឡើងវិញ​នៅ​ឆ្នាំ២០២២ខាងមុខ។

ទី៤ ការព្យាករណ៍​ពី​កំណើនសេដ្ឋកិច្ច របស់​ស្ថាប័ន​អន្តរជាតិធំៗ និង​ទី៥ កត្តា​សន្តិភាព និង​ស្ថេរភាព​នយោបាយ​រយៈពេល​វែង។

មូលដ្ឋានសំខាន់ៗនេះហើយ ដែល​វិស័យ​អចលនទ្រព្យ​កម្ពុជា នឹង​ឆាប់​ងើបឡើង​វិញ ប៉ុន្តែ​ដើម្បី​ឲ្យ​វិស័យនេះ សម្រេចបាន​បាន​សុខភាព​រ៉ឹង​មាំ​ឡើងវិញ វា​ត្រូវការ​ពេលវេលា​សមស្រប​មួយ៕

កម្ពុជា​ត្រៀម​ចរចា​នាំចេញ​ផ្លែ​ស្រកានាគ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ខណៈ​សហគមន៍​អំពាវនាវ​វិនិយោគ​បន្ថែម

ដោយៈ លក្ខិណា

ភ្នំពេញៈ សក្ដានុពល​នៃ​ការនាំចេញ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​កំពុង​បង្ហាញ​ឱ្យ​កាន់តែច្បាស់​បន្ថែមទៀត ពី​កំណើន​ក្រោយពេល​កម្ពុជា​ចិន បានបញ្ចប់​នូវ​ការចរចា និង​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេរ​ភាគី​រួចមក។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​វេ​ង សាខុន​បានបញ្ជាក់​កាលពីពេលថ្មីៗនេះ​ថា ក្រោយពេល​កម្ពុជា និង​ចិន បាន​ចរចា​ទទួលបាន​លទ្ធផល​ជា​បន្តបន្ទាប់ កម្ពុជា​ហើយ និង​ចិន​ក៏​គ្រោង​នឹង​ចរចា​សម្រាប់​ទីផ្សារ​នូវ “ផ្លែ​ស្រកានាគ”ទៅកាន់​ទីផ្សារ​ប្រទេសមួយ​ផងដែរ ដោយសារតែ​បច្ចុប្បន្ន​ចិន កំពុងមាន​តម្រូវការ​ខ្ពស់​លើ​ផ្លែ​ស្រកានាគ ។

លោក​បន្តថា កន្លងមក​កម្ពុជា​បានសម្រេច​ការនាំចេញ​ផ្លែឈើ ទៅកាន់​ប្រទេស​ចិន​ម្ដង​មួយមុខៗ  ហើយ​មាន​អ្នក​ឆ្ងល់​ថា ហេតុអ្វី​មិន​ព្រម​លើក​ជា​កញ្ចប់ សម្រាប់​ពិភាក្សា​ក្នុងការ​នាំចេញ​តែម្ដងទៅ ។ នេះ​គឺជា​ការចង់បាន​របស់​អគ្គ​រដ្ឋបាល​គយ​ចិន ដែល​តម្រូវឱ្យ​កម្ពុជា លើកដាក់​សំណើរ​នាំចេញ​ម្ដងមួយៗ ដើម្បីឱ្យ​ក្រុម​ជំនាញ​របស់​ភាគិន​ចិន​ចុះមក​ពិនិត្យមើល​តាំងពី​ចំការ បច្ចេកទេស​ដាំ​ដុះ និង​លក្ខខណ្ឌ​តម្រូវ មុននឹង​ការ​វេច​ខ្ចប់​ទៅកាន់​ប្រទេស​ចិន។

លោក​បន្តថា ឆ្នាំ​កន្លងទៅ យើង​បានចេញ​រួចហើយ​នៅ​ផ្លែ​ចេក​ស្រស់ ហើយ​បន្ត​មកទៀត​ផ្លែស្វាយ​ស្រស់ និង​គ្រោង​នាំចេញ​នូវ​ផ្លែ​ស្រកានាគ និង​ផ្លែ​មៀន​ប៉ៃលិន​ផងដែរ។

បើតាម​របាយការណ៍រ​បស់​លោក​បណ្ឌិត​យ៉ង សាំង​កុមារ​ដែលជា​អ្នកដឹកនាំ​សហគមន៍​សម្បូរ​នាគ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​បានឱ្យដឹងថា ទីផ្សារ​ផ្លែ​ស្រកានាគ​បាន​រីក​កាន់តែ​ធំ មាន​ទំហំ​រាប់ពាន់​លាន​ដុល្លារ​នៅលើ​ទីផ្សារ​អន្តរជាតិ ជាពិសេស​ប្រទេស​ចិន។ ជាក់ស្ដែង​នៅក្នុង​វិបត្តិ​កូ​វីដ១៩ វៀតណាម​នៅតែ​អាច​នាំចេញ​ផ្លែ​ស្រកានាគ បាន​ទំហំ​ជាង១ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២០ ។

ដូច្នេះ​កម្ពុជា​គួរតែ​ឆក់​ឱកាស​នេះ ដើម្បី​ពង្រីក​ការដាំដុះ​ផ្លែ​ស្រកានាគ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ខណៈ​តម្រូវការ​នឹង​កើនឡើង​បន្ថែមទៀត​នៅពេល​ចប់​កូ​វីដ១៩ ។

លោក​យ៉ង សាំង​កុមារ​បានឱ្យដឹងថា លោក​កំពុង​ដឹកនាំ និង​កៀងគរ​កសិករ​បោះទុន​វិនិយោគ លើ​ការដាំដុះ​ស្រកានាគ​បន្ថែមទៀត ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក​ឱ្យបាន​គ្រប់គ្រាន់​និង​នាំចេញ ទៅកាន់​ទីផ្សារ​អន្តរជាតិ​បន្ថែមទៀត។

លោក​បន្តថា “យើង​នឹង​ធ្វើឱ្យ​កម្ពុជា អាច​គ្រប់គ្រង​ទីផ្សារ​កសិក​ផល​បានល្អ ដោយ​មិន​ពឹង​ការនាំ​ចូល​ពី​បរទេស នូវ​អ្វី​ឌែ​ល​យើង​អាច​ផលិត​បាន ដោយ​ចាប់ផ្ដើម​ពី​ដំណាំ​ស្រកានាគ” ៕