អ្នកជំនាញអះអាងថា ការអភិវឌ្ឍក្នុងវិស័យក្នុងសំណង់និងអចលនទ្រព្យនៅកម្ពុជាចាប់ផ្តើមវិវត្តន៍ល្អប្រសើរ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានលើកឡើថា ការអភិវឌ្ឍក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា បានវិលមករកសភាពធម្មតាឡើងវិញ ដោយផ្នែកខ្លះនៃវិស័យបាន និងកំពុងរើបឡើងវិញលឿនជាងគេ។

ប៉ុន្តែទុនវិនិយោគក្នុងវិស័យនេះ អាចនឹងធ្លាក់ចុះនៅក្នុងឆ្នាំនេះ ដោយសារការអូសបន្លាយពេលនៃវិបត្តិកូវីដ១៩ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍ និងវិនិយោគិនធំៗពីបរទេសពិបាកធ្វើដំណើរមកវិនិយោគនៅកម្ពុជា។

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានថ្លែងប្រាប់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះថា ទោះបីជាស្ថិតនៅពេលវិបត្តិកូវីដ១៩ ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក រួមមានកម្ពុជាផងដែរ ក៏ការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ បានកំពុងដំណើរជាធម្មតា ប៉ុន្តែស្ថិតនៅក្នុងដំណើរមួយយឺតៗ ធៀបនឹងមុនស័យកូវីដ១៩។

លោកបន្តថា “បញ្ហាប្រឈមនៅក្នុងវិបត្តិកូវីដ១៩ បង្កប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយើង ក្នុងនោះចំពោះវិស័យអចលនទ្រព្យ ក៏ជាផ្នែកមួយក្នុងការប៉ះពាល់ ដោយសារវិបត្តិជម្ងឺនេះផងដែរ ដែលជាការរាំងស្ទះដល់ការអភិវឌ្ឍន៍វិស័យនេះ និងការបាត់បង់អ្នកវិនិយោគទុន ជាពិសេសអ្នកវិនិយោគទុនបរទេសជាដើម”។

លោកបានបន្តថា ស្ថិតនៅក្នុងដំណាក់កាលនេះ ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ បានកំពុងដំណើរជាធម្មតា ប៉ុន្តែស្ថិតនៅក្នុងល្បឿនយឺត តែទោះបីជាយ៉ាងចំពោះការអភិវឌ្ឍន៍វិស័យសំណង់រួមមាន គម្រោងសាងសង់លំនៅឋាន កំពុងមានភាពលេចធ្លោ រួមជាមួយការអភិវឌ្ឍន៍ទីក្រុងថ្មីៗ និងផ្នែកគម្រោងខុនដូ ក៏ជាផ្នែកយ៉ាងសំខាន់នៃការអភិវឌ្ឍន៍ ដោយឡែកចំពោះវិស័យដីធ្លីក៏បន្តមានចរន្តជាហូរហែរផងដែរ។

ទាក់ទងទុនវិនិយោគក្នុងវិស័យសំណង់ លោកស្រីអាន សុធីតាអ្នកជំនាញអន្តរជាតិមួយរូប ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាប្រាប់ថា ដោយសារស្ថានភាពការឆ្លងរាលដាលជំងឺកូវីដ១៩នៅកម្ពុជាមិនទាន់មានភាពធូរស្រាល វិនិយោគិនបរទេសក្នុងវិស័យអចលនទ្រព្យមិនទាន់អាចធ្វើដំណើរមកកាន់កម្ពុជាបាន ដូច្នេះទុនវិនិយោគវិស័យសំណង់នៅក្នុងឆ្នាំ២០២១ អាចនឹងធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២០។

លោកស្រីបានថ្លែងថា “សូម្បីវិស័យអចលនទ្រព្យ ក៏មិនទាន់មានល្អឡើងវិញដែរក្នុងឆ្នាំនេះ”។ លោកស្រីអះអាងថា “ខ្ញុំគិតឃើញថា ទុនវិនិយោគក្នុងឆ្នាំ២០២១នេះ នឹងបន្តធ្លាក់ចុះទៀត ដោយសារការអូសបន្លាយពេលនៃវិបត្តិកូវីដ១៩ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍ និងវិនិយោគិនធំៗពីបរទេស មិនអាចធ្វើដំណើរដើម្បីស្វែងរកវិនិយោគនៅកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here