ព្រលានយន្តហោះ​តម្លៃ១៥០០លាន​ដុល្លារ​បង្ហាញ​រូបរាងបណ្តើរៗហើយ

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ព្រលានយន្តហោះ​ថ្មី​អន្តរជាតិ​ភ្នំពេញ​ថ្មី តម្លៃ១៥០០លាន​ដុល្លារ​អាមេរិក​បានចាប់ផ្តើម​បង្ហាញ​រូបរាងបណ្តើរៗហើយ ខណៈ​ក្រុមការងារ​វិស្វករ និង​កម្មករ​កំពុង​មមាញឹក ដើម្បី​ឲ្យ​ព្រលាន​នេះ​សាងសង់​ចប់​តាម​កាលវិភាគ​គ្រោងទុក។

ព្រលានយន្តហោះ​នេះ ស្ថិតនៅ​ស្រុក​កណ្តាលស្ទឹង និង​ស្រុក​បាទី​ខេត្តតាកែវ ចាប់ផ្តើម​ដំណើរការ​សាងសង់​ជាង​មួយឆ្នាំ ពេលនេះ​គ្រោង​អគារ​ធំ​បាន​ផុស​ត្រដែត លើ​ផ្ទៃដី២៦០០ហិកតា ខណៈ​ក្រុម​វិស្វករ​នៅតែ​បន្ត​ព​ន្លឿ​ន​ការងារ​ឲ្យ​ចប់​ទាន់​ផែនការ។

ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ១០គីឡូម៉ែត្រ​ពី​កន្ទុយ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន។ ព្រលានយន្តហោះ​កម្រិត 4F ការសាងសង់​មាន៣ដំណាក់កាល ខណៈ​ដំណាក់កាល​ទី១ នឹង​បញ្ចប់​នៅ​ឆ្នាំ២០២៣ ដែល​ចំណាយ​ថវិកា​ប្រហែល ១៥០០លាន​ដុល្លារ​អាមេរិក។

ដំណាក់កាល​ទី១ ដែល​នឹងដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ២០២៣ អាច​ទទួល​អ្នកដំណើរ​បាន​រហូតដល់១៣លាន​នាក់  ខណៈ​ដំណាក់កាល​ទី២ នឹង​បញ្ចប់​នៅ​ឆ្នាំ២០៣០ អាច​ទទួល​អ្នកដំណើរ​បាន៣០លាន​នាក់ និង​ដំណាក់កាល​ទី៣ នឹង​បញ្ចប់​នៅ​ឆ្នាំ២០៥០ អាច​ទទួល​អ្នកដំណើរ​បាន៥០លាន​នាក់​ក្នុង១ឆ្នាំ។

ក្រុមហ៊ុន OCAC ដែលជា​បុត្រ​ស​ម្ព័​ន្ឋ​របស់​ក្រុមហ៊ុន OCIC ជា​អ្នកវិនិយោគ​គំរោង​នេះ ដែលមាន​អ្នកឧកញ៉ា​ពុង ឃាវ​សែ ជា​ប្រធាន៕

លោកចូ បៃដិនជំរុញការយកពន្ធ២៥%ពីក្រុមហ៊ុននានាដើម្បីជួយដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ

ដោយៈ ប៊ី

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោកចូ បៃដិន (Joe Biden) បានបញ្ជាក់ថា អត្រាពន្ធក្រុមហ៊ុនចន្លោះពី២៥ ទៅ២៨%នឹងអាចជួយចំណាយ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការជាចាំបាច់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរយទ័រ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។

លោកបានឱ្យដឹងថា លោកអាចទទួលយកអត្រាទាបជាងអ្វី ដែលលោកបានស្នើសុំ ក្នុងការស្វែងរកការគាំទ្រ ពីគណបក្សសាធារណរដ្ឋសម្រាប់ មូលនិធិនេះ។

លោកបៃដិន បាននិយាយក្នុងដំណើរទស្សនកិច្ចនៅរដ្ឋLouisiana ថា“មធ្យោ​បាយ ដែលអាចដោះស្រាយរឿងនេះ គឺត្រូវប្រាកដថាក្រុមហ៊ុនធំៗត្រូវបង់ពន្ធ និងកាត់បន្ថយការកាត់ពន្ធសាជីវកម្មឆ្នាំ ២០១៧ពីចន្លោះ២៥ ទៅ២៨%”។

នៅក្នុងផែនការហេដ្ឋារចនាសម្ព័ន្ធ ដែលមានទឹកប្រាក់២.៣ទ្រីលានដុល្លារ ដំបូងប្រធានាធិបតី បានស្នើឱ្យដំឡើងអត្រាពន្ធសាជីវកម្មពី២១% ទៅ២៨%។ អ្នកជំនាញពន្ធ និងជំនួយការសភា បានប្រាប់រ៉យទ័រកាលពីខែមេសាថា អត្រា២៥% ទំនងជានឹងមានការសម្របសម្រួល។

អត្រាពន្ធសាជីវកម្មរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះមកត្រឹម២១% ពី៣៥%ប   ន្ទា​ប់ពីការកាត់បន្ថយពន្ធឆ្នាំ ២០១៧ ដែលជំរុញដោយលោកប្រធានាធិបតីដូណាល់ត្រាំ និងគណបក្សសាធារណរដ្ឋរបស់លោក ប៉ុន្តែក្រុមហ៊ុនធំៗ ជាច្រើនរបស់អាមេរិកចំណាយតិចជាងនេះ។

ការបង្កើននូវអ្វីដែលក្រុមហ៊ុន បានចំណាយទៅក្នុងថវិកា សហព័ន្ធចំនួនជាង៤ទ្រីលានដុល្លារ គឺជាផ្នែកសំខាន់មួយនៃផែនការរបស់លោក Biden ដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចសហរដ្ឋអាមេរិកឡើងវិញ ដើម្បីកាត់បន្ថយវិសមភាព និងព្យាយាមទប់ទល់នឹងការកើនឡើងរបស់ប្រទេសចិន៕

មហាយក្សចិនស្នើរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសជាមួយអាស៊ាននៅខែក្រោយ ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

ដោយៈ សុខុម

ប្រទេសចិន: មហាយក្សចិន បានស្នើសុំរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ជាមួយអាស៊ាន-១០ ប្រទេសនៅខែមិថុនាក្នុងប្រទេសនេះ ដើម្បីពិភាក្សារកវិធីដោះស្រាយបញ្ចប់វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមប្រភពរដ្ឋាភិបាលទម្លាយឱ្យដឹងកាលពីថ្ងៃសុក្រ ទី៧ ឧសភា។

រដ្ឋាភិបាលចិន បាននិងកំពុងព្យាយាមរឹតទំនាក់ទំនង ឱ្យកាន់តែជិតស្និទ្ធជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ស្របពេលដែលសហរដ្ឋអាមេរិក បាននិងកំពុងពង្រឹងទំនាក់ទំនង ជាមួយបណ្ដាប្រទេសប្រជាធិបតេយ្យផ្សេងៗទៀត ដូចជា ជប៉ុន កូរ៉េខាងត្បូងជាដើម ដើម្បីទប់ឥទ្ធិពលរីកកាន់តែធំរបស់រដ្ឋាភិបាលក្រុងប៉េកាំង ទាំងក្នុងតំបន់ និងពិភ​ព​លោក។

នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រទេស G7 ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីដើមខែនេះ ប្រទេសព្រុយណេ ក្នុងឋានៈជាប្រធានប្ដូរវេននៃកិច្ចប្រជុំអាស៊ាននៅឆ្នាំនេះ ត្រូវបានអញ្ជើញឱ្យចូលរួមជាភ្ញៀវកិត្តិយស។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា មហាយក្សចិន និងបណ្ដាប្រទេសប្រជាធិបតេយ្យធំៗបាន និងកំពុងប្រកួតប្រជែងដណ្ដើមឥទ្ធិពលនៅក្នុងតំបន់ស៊ីអាគ្នេយ៍។

ប្រភពបានទម្លាយឱ្យដឹងថា ការដឹកនាំរបស់ប្រធានាធិបតីចិន ស៊ី ជីនភីង បាននិងកំពុងពិចារណារធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំកិច្ចប្រជុំជាមួយ បណ្ដាប្រទេសជាសមាជិកអាស៊ាន ក្នុងទីក្រុងមួយរបស់ចិន ក្រៅពីក្រុងប៉េកាំង។

ខណៈឆ្នាំនេះ ជាខួបឆ្នាំទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាចិន-អាស៊ាន រដ្ឋាភិបាលក្រុងប៉េកាំង មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទោះជាយ៉ាងណា គ្មានប្រភពច្បាស់ការថា តើលោក Maung Lwin រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ដែលតែងតាំងដោយរបបយោធា នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ឬយ៉ាងណានោះទេ។

នៅប្រទេសមីយ៉ាន់ម៉ា កងកម្លាំងប្រដាប់អាវុធ នៅតែបន្តបង្ក្រាបយ៉ាងសាហាវទៅលើក្រុមបាតុករ ដែលតវ៉ាប្រឆាំងរដ្ឋប្រហារយោធា ដែលបានផ្ទុះឡើងកាលពីខែកុម្ភៈ។

ក្រុមអ្នកជំនាញខាងកិច្ចការបរទេសនិយាយថា ប្រសិនបើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេ​សនេះ ពិតជាត្រូវបានរៀបចំឡើងដូចការគ្រោងទុកមែន “ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច” រួមទាំងការបញ្ជូនប្រេសិតពិសេស ទៅកាន់ប្រទេសមីយ៉ាន់ម៉ាផង ប្រហែលជានឹងក្លាយជាប្រធានបទក្ដៅ ដែលត្រូវលើកយកមកពិភាក្សា៕

យល់ដឹងពីប្លង់កម្មសិទ្ធអចលនទ្រព្យៈ តើប្លង់ទន់ និងប្លង់រ៉ងមានសុពលភាព ផ្លូវច្បាប់ដូចម្តេច?

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ ប្លង់កាន់កាប់អចលនទ្រព្យមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញពីអត្តសញ្ញាណម្ចាស់កម្មសិទ្ឋអចលនទ្រព្យ ពិសេសចូលរួមបញ្ចៀសហានិភ័យ និងជម្លោះដីធ្លីឬអចលនទ្រព្យនានាផងដែរ។

លោកស្រីចេវ សុឃុននាយិកាក្រុមហ៊ុនអចលនទ្រព្យKhat Appraisalបានបង្ហាញនូវចំណេះដឹងមួយចំនួនពីប្លង់សម្គាល់អចលនទ្រព្យ គឺប្លង់ទន់ និងប្លង់រ៉ឹង។

ដូចម្តេចដែលហៅថាប្លង់ទន់?

បើតាមលោកស្រីចេវ សុឃុនបានមានប្រសាសន៍ឲ្យដឹងថា ប្លង់ទន់ គឺជាប្រភេទប្លង់កម្មសិទ្ធិ ដែលមិនទាន់ស្របច្បាប់ ១០០% ទេជាកម្មសិទ្ធិបែបភោគៈ មានន័យថា អ្នករស់នៅ និងអាស្រ័យផល មិនទាន់បានចុះបញ្ជីនៅរដ្ឋបាលសុរិយោដីនៅឡើយ ប៉ុន្តែអ្នកកាន់កាប់ដីនោះ អាចនឹងមានឯកសារ បញ្ជាក់ដូចជា៖ ពាក្យស្នើសុំកាន់កាប់ដីធ្លី និងផ្ទះសម្បែង លិខិតផ្ទេរសិទ្ធិប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង លិខិតផ្ទេរសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លី ឬចុងសន្លឹក ឬឯកសារផ្សេងទៀត ។

សំគាល់: ឯកសារប្រភេទនេះ ត្រូវបានចេញ និងបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន មានដូចជា មេភូមិ មេឃុំ/ចៅសង្កាត់ អភិបាលស្រុក-ខណ្ឌ ដាច់ដោយឡែក ឬរួមគ្នា។

ដូចម្តេចដែលហៅថាប្លង់រឹង?

*ប្លង់រឹង គឺជាប្រភេទប្លង់កម្មសិទ្ធិ ដែលចេញដោយអាជ្ញាធរ ឬរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត -ក្រុង-រាជធានី ហើយប្លង់រឹងនេះ មាន២ប្រភេទ ដូចជា ទី1.វិញ្ញាបនប័ត្រសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ: ជាប្រភេទប្លង់រឹង ប្លង់ប្រភេទឬជំនាន់ទីពីរ ដែលចេញដោយរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត-ក្រុង-រាជធានី ហើយប្លង់ប្រភេទនេះជាប្លង់គំរូថ្មី ដែលបង្កើតឡើងក្នុងន័យបំបាត់ចោលនូវប្លង់ប្រភេទ ឬជំនាន់ទីមួយ គឺ “ប័ណ្ណសំគាល់ សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី”។

ទី2.វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ: ជាប្រភេទប្លង់រឹងស្របច្បាប់១០០% និង​ចុងក្រោយបង្អស់ដែលកំពុងអនុវត្ត និងប្រើប្រាស់ក្នុងប្រទេសកម្ពុជា ។

វាជាប្រភេទប្លង់កម្មសិទ្ធិ ដែលបញ្ជាក់ពីភាពជាម្ចាស់ស្របច្បាប់១០០% នៃដីដែលអ្នកកំពុងតែកាន់កាប់ និងអាស្រ័យផល។ យើងអាចហៅម្យ៉ាងទៀតថា ជា “ប្លង់ LMAP” ឬ “ប្លង់ប្រព័ន្ធ” ដោយប្លង់នេះនាពេលបច្ចុប្បន្នមានប្រព័ន្ធកូដ​ QR Code៕

ក្រុមហ៊ុនថៃជាង៤០០ស្វែងរកឱកាសពង្រីកធុរកិច្ចទៅកម្ពុជា

ដោយៈ ម៉ាណេត

បាងកកៈ សមាគម Thai Subcontracting Promotion Association (Thai Subcon) ដែលមានសមាជិកក្រុមហ៊ុននវានុវត្ត និងឧស្សាហកម្មសរុបជាង ៤០០ក្រុមហ៊ុន កំពុងស្វែងរកដៃគូអាជីវកម្ម និងឱកាសពង្រីកប្រតិបត្តិការធុរកិច្ចទៅកាន់ប្រទេសកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩។ នេះបើតាមកិច្ចពិភាក្សារវាងលោក Kiattisak Jirakajonvong ដែលជាប្រធានសមាគម ជាមួយលោកអ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ។

នៅក្នុងជំនួបតាមប្រព័ន្ធ Video Conference កាលពីរសៀលថ្ងៃសុក្រ ទី៧ ខែឧសភា ប្រធានសមាគមរូបនេះ បានស្នើសុំស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការរៀបចំកម្មវិធីជំនួបធុរកិច្ច និងទស្សនកិច្ចស្វ័យសិក្សានៅតាមរោងចក្រដែលជាសមាជិក Thai Subcon និងនៅតាមតំបន់សេដ្ឋកិច្ចពិសេសក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសដល់វិស័យឯកជននៃប្រទេសទាំងពីរ ធ្វើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។

ជាការឆ្លើយតប លោកអ៊ូក សោភ័ណ បានថ្លែងប្រាប់ប្រតិភូ Thai Subcon ថា គោលនយោបាយការទូតសេដ្ឋកិច្ច យុទ្ធសាស្ត្រថៃបូក១ និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងគាំទ្រ និងលើកកម្ពស់បរិយាសធុរកិច្ច-វិនិយោគ ការធ្វើពិពិធកម្មទីផ្សារតាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគី ជាមួយប្រទសចិន កូរ៉េខាងត្បូង និងការចូលរួមជាមួយប្លុក RCEP ជាដើម។

លោកឯកអគ្គរាជទូត បានថ្លែងថា ការរៀបចំបង្កើតឱ្យមានក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ប្រចាំទីក្រុងបាងកក នឹងជួយសម្រួលការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-ថៃ ក៏ដូចជាជំរុញវិស័យទេសចរណ៍ និងវប្បធម៌ សំដៅឆ្លើយតបយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា និងបំណងប្រាថ្នារបស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យបានដល់ទឹកប្រាក់ ១៥ប៊ីលានដុល្លារ នៅក្រោយវិបត្តិជំងឺកូវីដ១៩៕

ក្រុមហ៊ុន​ថាមពល​ម៉ាឡេស៊ី​រំពឹង​រកបាន​ផលចំណេញ​ខ្ពស់​ពី​ទីផ្សារ​កំពុងលេចឡើង​របស់​កម្ពុជា

ដោយៈ​ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន PESTECH របស់​ម៉ាឡេស៊ី គេ​រំពឹងថា​នឹង​ទទួលបាន​កំណើន​អាជីវកម្ម​ពី​គម្រោងថ្មីៗ និង​ការរីកចម្រើន​នៃ​គម្រោង ដែលមាន​ស្រាប់ ទាំង​នៅ​កម្ពុជា និង​តំបន់​អាស៊ាន។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ The Malaysia Reserve នៅ​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ។

លោក Daniel Wong អ្នកវិភាគ​នៅឯ​ធនាគារ Hong Leong Investment Bank Bhd (HLIB) បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ កាលពី​ម្សិលមិញ​ថា ក្រុមហ៊ុន​Pestech មាន​ការបញ្ជាទិញ​យ៉ាងរឹងមាំ ដែលមាន​តម្លៃ២,២ពាន់​លាន​រីង​ហ្គី​ត នៅក្នុង​ដៃ ហើយនឹង​ទទួលបាន​ការដេញថ្លៃ​ចន្លោះ​ពី១ ពាន់​លាន​រីង​ហ្គី​ត ដល់១,២ពាន់​លាន​រីង​ហ្គី​ត។ (១រីង​ហ្គី​ត​ស្មើនឹង០,២៤ដុល្លារ)។

HLIB រំពឹងថា ប្រាក់ចំណូល​ស្នូល​របស់ Pestech នឹង​កើនឡើង​ក្នុង​អត្រាកំណើន​ប្រចាំឆ្នាំ​ប្រចាំឆ្នាំ (CAGR) ៣២,៧% សម្រាប់​ឆ្នាំ២០២១ ដល់​ឆ្នាំ២០២៣ ដោយសារ​ការរួមបញ្ចូល​គ្នា នៃ​ការចូលរួម​វិភាគទាន​គម្រោង​ថ្មី និង​ការ​ដំណើរការ​ធម្មតា​នៃ​គម្រោង​របស់ខ្លួន។

លោក Wong បាន​កត់សម្គាល់ថា ក្រុមហ៊ុន​នេះ មាន​សក្តានុពល​កំណើន​ខ្លាំង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​គម្រោង​ថាមពល​នៅ​អាស៊ាន ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក និង​អាជីវកម្ម Startup នៃ​ថាមពល​កកើត​ឡើងវិញ (RE) និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​យានយន្ត​អេ​ឡិច​ត្រូ​និ​ច (EV) ស្របតាម​ផែនការ​ថាមពល​ពណ៌​បៃតង របស់​ម៉ាឡេស៊ី និង​អាស៊ាន។

នៅក្នុង​គម្រោង RE និង EV បច្ចុប្បន្ននេះ​ក្រុមហ៊ុន Pestech មាន​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​ទំហំ២០មេ​ហ្គា​វ៉ា​ត់ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​រំពឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោង​នៅ​អាស៊ាន ដែលមាន​កម្លាំង៣៥ ជី​ហ្គា​វ៉ា​ត់ ដល់៤០ជី​ហ្គា​វ៉ា​ត់ នៃ​សមត្ថភាព​ផលិត​ថា​ម​ពេល​កកើត​ឡើងវិញ នៅត្រឹម​ឆ្នាំ២០២៥ ។

លោក Wong បាន​បន្ថែមថា ថ្នាក់ដឹកនាំ​ក្រុមហ៊ុន កំពុង​ពិភាក្សា​ជាមួយ​ភាគីផ្សេងៗសម្រាប់​ស្ថានីយ៍​សាក EV នៅក្នុង​អគារ​ពាណិជ្ជកម្ម ខុន​ដូ និង​តាម​បណ្តោយ​ផ្លូវ​ហាយ​វេ ដែលមាន​លក្ខណៈ​អំណោយ ជាមួយនឹង​គម្រោង​កាបូ​ន​ទាប ដែល​ត្រូវ​បានស្នើថ្មីៗនេះ​ដោយ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​បៃតង និង​ការផ្លាស់ប្តូរ​អាកាសធាតុ​របស់​ម៉ាឡេស៊ី ដើម្បី​ព​ន្លឿ​ន​ការអនុម័ត EV ជាតិ។

លោក Wong បាន​និយាយថា “ក្រុមហ៊ុន Pestech កំពុង​ទទួលបាន​អត្ថប្រយោជន៍​ពី​ក្រុមហ៊ុន Tenaga Nasional Bhd (TNB) និង​ការវិនិយោគ​ដ៏​សំខាន់​នៅ​ប្រទេស​កម្ពុជា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល” ។

ក្រុមហ៊ុន TNB កំពុង​ផ្តោតលើ​ការវិនិយោគ និង​ចែកចាយ (T&D) ដែលមាន​តម្លៃ២៨ពាន់​លាន​រីង​ហ្គី​ត សម្រាប់​ឆ្នាំ២០២១ ដល់២០២៣ ដើម្បី​ធានាបាន​នូវ​និរន្តរភាព​រយៈពេល​វែង និង​ឆ្លើយ​នឹង​ការផ្គត់ផ្គង់​អគ្គិសនី​ម៉ាឡេស៊ី​នាពេល​អនាគត(MESI) 2.0 ។

លោក​បាន​ថ្លែងបន្តថា “ដូចគ្នានេះដែរ ប្រទេស​កម្ពុជា​នឹង​បន្ត​វិនិយោគ​យ៉ាងខ្លាំង​លើ T&D ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អគ្គិសនី​របស់ខ្លួន សម្រាប់៩០%នៃ​គ្រួសារ​នៅ​កម្ពុជា នៅ​ឆ្នាំ២០៣០ និង​បំពេញ​តាម​តម្រូវការ ដែល​បាន​ប៉ាន់ស្មាន​ទ្វេដង​នៃ​តម្រូវការ​ថាមពល​ខ្ពស់ និង​សមត្ថភាព​ផលិត​ថាមពល​នៅ​ឆ្នាំ២០៣០ ជាមួយនឹង​ការធ្វើសមាហរណកម្ម​ជាមួយ​ថាមពល​កកើត​ឡើងវិញ”៕

រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ជូន​ប្រជាពលរដ្ឋ​បាន​ជាង១,៦លាន​នាក់​ហើយ

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ជាមួយនឹង​យុ​ទ្ឋ​នា​ការចាក់​វ៉ាក់សាំង​យ៉ាង​លឿន​ជូន​ប្រជាពលរដ្ឋ តាមរយៈ​យុ​ទ្ឋ​សាស្ត្រ​ផ្កា​រីក រដ្ឋាភិបាល​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង ជូន​ប្រជា​ពល​ដ្ឋ​បាន​ជាង១,៦លាន​នាក់​រួចហើយ គិត​ត្រឹម​យប់​ថ្ងៃទី៧ ឧសភា​កន្លងមកនេះ។

យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​យប់​ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ក្រុម​គ្រូ​ពេ​ទ​ម្យ​នៃ​ស្ថាប័ន​ថ្នាក់ជាតិ​ទាំងពីរ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ១៩ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំងប្រទេស​សរុប​ចំនួន ១,៦៦៣,២៤៩នាក់។

រដ្ឋាភិបាល​គ្រោង​ចាក់​វ៉ាក់សាំង​វង្ការ​ជំងឺ​កូ​វីដ១៩ ជូន​ប្រជាពលរដ្ឋ​ចំនួន១០លាន​នាក់ នៅ​ទូទាំងប្រទេស​នា​ពាក់កណ្តាល​ឆ្នាំ២០២២ខាងមុខនេះ៕

កម្ពុជា​និង​វៀតណាម​ព​ន្លឿ​ន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​តាម​ព្រំដែន

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ឯកភាព​ព​ន្លឿ​ន​ការអនុវត្ត​ផែនការមេ ដើម្បី​អនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការតភ្ជាប់ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម តាម​ព្រំដែន​រវាង​រដ្ឋាភិបាល​ទាំងពីរ។ នេះ​បើ​យោងតាម​ចេញផ្សាយ​របស់​សារព័ត៌មាន VNA នៅ​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ។

ការឯកភាព​នេះ​ត្រូវបាន​ធ្វើឡើង ក្នុង​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​លោក Nguyen Hong Dien និង​លោក​ចាយ ណា​វុ​ធ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​វៀតណាម​នៅ​ទីក្រុង​ហាណូយ​នៅ​ថ្ងៃទី៦ ខែឧសភា ដើម្បី​ពិភាក្សា​ពី​វិធានការ និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​លើ​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល។

ភាគី​ទាំងពីរ​ប្តេជ្ញា​ព​ន្លឿ​ន​ការអនុវត្ត​ផែនការមេ ដើម្បី​អនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការតភ្ជាប់ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម តាម​ព្រំដែន​រវាង​រដ្ឋាភិបាល​ទាំងពីរ។

កាលពីពេលថ្មីៗនេះ ប្រទេស​វៀតណាម​បានបញ្ចប់​នូវ​ផែនការមេ និង​អនុម័ត​គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន មកកាន់​ព្រំដែន​កម្ពុជា នា​ក្រុង​បាវិត ខេត្តស្វាយរៀង​ផងដែរ ខណៈ​កម្ពុជា​កំពុង​ឲ្យ​ក្រុមហ៊ុន​ចិន​សិក្សា​លំអិត​បន្ថែមទៀត លើ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ បាវិត​នាពេលខាងមុខ​ផងដែរ៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម China Zun Tower ស្ថាបត្យកម្ម​នៃ​សតវត្សរ៍​ទី២១របស់​ចិន

ដោយៈ​សហការី

ប៉េកាំង មហា​យក្ស​ចិន​មិន​បញ្ឈប់​ការ​សម្ញែង អាគារ​កប់​ពពក​រប​ស់​ខ្លួន​នោះទេ ដោយ​ទីក្រុង​ប៉េកាំង បាននិងកំពុង​តែ​សាង​សាងសង់​អគារ ខ្ពស់កប់ពពក​មួយទៀត មាន​ឈ្មោះថា CITIC Tower ឬ China Zun Tower ដែល​គ្រោង​នឹង​បញ្ចប់​នៃ​ការសាងសង់​របស់ខ្លួន​នៅក្នុង​ឆ្នាំ២០១៩កន្លងមកនេះ។

ស្ថាបត្យកម្ម ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្រិត​ពិភពលោក​នេះ មាន​កម្ពស់ ១៩០ជាន់ ស្មើនឹង៥២៨ម៉ែត្រ និង​ត្រូវបាន​សាងសង់​នៅក្នុង​ខណ្ឌ ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន នាទី​ក្រុង​ប៉េកាំង។ វា​ក៏​នឹង​ក្លាយជា​អគារ ដែល​ខ្ពស់​ជាងគេ​នៅក្នុង​ទីក្រុង​ផងដែរ។

អគារ CITIC Tower មាន​កម្ពស់​ខ្ពស់ជាង​អគារ China World Trade Center Tower III ។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម China Zun គឺជា​ប្រភេទ​អគារ​ប្រើប្រាស់​រួម មាន​ទាំង​អគារ​ការិយាល័យ អា​ផាត​មិន សណ្ឋាគារ និង​ស្កា​យ​បារ​នៅ​ជាន់​លើ​ផងដែរ។

អគារ​នេះ ត្រូវបាន​ចាប់ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ ២០១១ ហើយនឹង​បញ្ចប់​នៅក្នុង​ឆ្នាំ ២០១៩ នេះ អភិវឌ្ឍន៍​ដោយ CITIC Real Estate ដែល​បាន​ចំណាយ​ទឹកប្រាក់២.៥ ពាន់​លាន​ដុល្លារ ៕

អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ទទួលស្គាល់​វ៉ាក់សាំង Sinopharm របស់​ចិន​ជា​ផ្លូវការ​ហើយ

ដោយ វ​ឌ្ឍ​នា

ពិភពលោក៖ អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ទីបំផុត​បានប្រកាស​ទទួល​ស្គាល់​វ៉ាក់សាំង Sinopharm របស់​ចិន​ជា​ផ្លូវការ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន AFP នៅ​យប់​ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ។

វ៉ាក់សាំង​នេះ​ជា​វ៉ាក់សាំង​ដ៏​សំខាន់​មួយ ក្នុងចំណោម​វ៉ាក់សាំងសំខាន់ៗពីរ​របស់​ចិន ដែល​បាន​ផ្តល់ឱ្យ​ប្រជាជន​រាប់រយ​លាន​នាក់​រួចទៅហើយ​នៅក្នុង​ប្រទេស​ចិន និង​នៅ​បរទេស។ វា​បាន​ក្លាយជា​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដំបូង​គេ​របស់​ប្រទេស​មិនមែន​លោកខាងលិច ដែល​ទទួលបាន​ការគាំទ្រ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO)។ ហើយ​នេះ​ក៏​ជា​លើក​ទី១ ផងដែរ ដែល​អង្គការ​អន្តរជាតិ​មួយ​នេះ បានផ្តល់​ការអនុញ្ញាតិ​ឲ្យ​ប្រើប្រាស់​បន្ទាន់ នូវ​វ៉ាក់សាំង​ចិន​សម្រាប់​បង្ការ​ជំងឺឆ្លង​ណាមួយ។

ការចុះបញ្ជី​របស់​អង្គការ​សុខភាព​ពិភពលោក​នេះ គឺជា​ការទទួលស្គាល់​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ចិន​មួយ​នេះ ក៏ដូចជា​ការអនុញ្ញាត​ឱ្យ​ដាក់បញ្ចូល​វ៉ាក់សាំង​នេះ ទៅក្នុង​កម្មវិធី​វ៉ាក់សាំង​ចែកចាយ​សកល ដែល​ហៅ​កាត់​ថា Covax របស់​អង្គការ​មួយ​នេះ​ផងដែរ។

គួរ​បញ្ជាក់ថា WHO បានអនុម័ត​យល់ព្រម​ឲ្យ​ប្រើប្រាស់​ក្នុងករណី​បន្ទាន់ ចំពោះ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ចំនួន០៤ប្រភេទ​រួចមកហើយ ក្នុងនោះ​រួមមាន​ដូចជា​វ៉ាក់សាំង​ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Pfizer-BioNTech ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Johnson & Johnson និង​ក្រុមហ៊ុន Moderna៕