មហាយក្សចិនត្រៀមដាក់កម្មវិធីវិនិយោគឆ្លងដែនរវាងប្រទេសចិន និងក្រុងហុងកុង

ដោយៈសុខុម

គូឡាឡាំពួ: មហាយក្សចិន បានចេញវិធានសម្រាប់ឱ្យសាធារណជន បញ្ចេញមតិយោបល់អំពីកម្មវិធី Wealth Connect ហើយនេះ ជាការបោះជំហានឆ្ពោះទៅមុខយ៉ាងធំមួយសម្រាប់កម្មវិធីនេះ ដែលនឹងអនុញ្ញាតការវិនិយោគឆ្លងដែន រវាងក្រុងហុងកុង និងចិនដីគោក។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃទី៧ ឧសភា នេះ។

ធនាគារប្រជាជនចិន (People’s Bank of China) ដែលជាធនាគារកណ្ដាលរបស់មហាយក្សចិន បានចេញសេចក្តីណែនាំលម្អិត កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៦ ឧសភា សម្រាប់ឱ្យសាធារណជនបញ្ចេញមតិយោបល់ ហើយបានកំណត់យកថ្ងៃទី២១ ឧសភា ជាថ្ងៃផុតកំណត់សម្រាប់ការបញ្ចេញមតិយោបល់។

យោងតាមអ្វីដែលអាជ្ញាធរក្រុងហុងកុង ទម្លាយឱ្យដឹងមុននេះបង្ហាញថា កម្មវិធីសម្រាប់វិនិយោគិនជាឯកត្ដជននេះ នឹងមានមូលធន១៥០ពាន់លានយ័ន (២៣ពាន់លានដុល្លារ) ក្នុងទិសដៅនីមួយៗ។ ហើយដើម្បីមានលក្ខណសម្បត្តិគ្រប់គ្រាន់ សម្រាប់ការរវិនិយោគឆ្លងដែនរវាងក្រុងហុងកុង និងចិនដីគោក ក្រោមកម្មវិធីនេះ  វិនិយោគិនចិនដីគោក ត្រូវមានបទពិសោធន៍វិនិយោគយ៉ាងតិច២ឆ្នាំ និងមានទ្រព្យសកម្មហិរញ្ញវត្ថុគ្រួសា​រ ឬ Household Financial Asset (ដូចជាប្រាក់បញ្ញើសន្សំ ការវិនិយោគលើមូលត្រ ភាគហ៊ុន សញ្ញាប័ណ្ណ ។ល។ ដែលត្រូវបានចាត់ទុកជាទ្រព្យរួមរបស់គ្រួសារ) សុទ្ធជាង១លានយ័ន (ប្រមាណ២០ម៉ឺនដុល្លារ) ក្នុងរយៈពេល៣ខែចុងក្រោយ។

លោក Daniel Chan ប្រធានធនាគារអង់គ្លេស HSBC Holdings Plc ប្រចាំតំបន់ Greater Bay Area (ខេត្តគ័ងតុង-ហុងកុង-ម៉ាកាវ) ជាមួយចំនួនប្រជាជនសរុបជាង៧០លាននាក់ បានចេញសេចក្ដីថ្លែងការណ៍ថា សេចក្តីប្រកាសនេះ “ជាការបោះជំហានទៅមុខមួយជំហានទៀត ឆ្ពោះទៅរកការបើកទីផ្សារមូលធនរបស់ចិនដីគោក និងពង្រឹងឋានៈរបស់ក្រុងហុងកុង ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ”។

ធនាគារ HSBC និងបណ្ដាក្រុមហ៊ុនជាគូប្រជែងបាន និងកំពុងប្រឹងប្រែងបង្កើនវត្តមានរបស់ខ្លួន ដើម្បីចូលរួមក្នុងកម្មវិធីនេះ។ កម្មវិធីដែលគេទន្ទឹងរង់ចាំជាយូរមកហើយនេះ ត្រូវបានប្រកាសដោយគ្មានព័ត៌មានលម្អិត កាលពីខែមិថុនា ឆ្នាំ២០២០ មុនពេលប្រទេសចិន បញ្ចេញច្បាប់សន្តិសុខដ៏ចម្រូងចម្រាសមួយ នៅក្នុងទីក្រុងហុងកុង ដើម្បីប  ង្ក្រាបប្រឆាំងនឹងរដ្ឋាភិបាល។

លោក Eddie Yue នាយកប្រតិបត្តិនៃអាជ្ញាធររូបិយវត្ថុក្រុងហុងកុង បាននិយាយកាលពីដើមសប្តាហ៍នេះថា អាជ្ញាធរមានគោលបំណង ដាក់ចេញនូវកម្មវិធីនេះនៅឆមាសទី២ ឆ្នាំនេះ។

ក្រុងហុងកុង បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្ហាញឱ្យបណ្ដាវិនិយោគិន មានទំនុកចិត្តថា ខ្លួននៅតែជាកន្លែងដ៏មានស្ថិរភាពសម្រាប់ការវិនិយោគ៕

ឯកអគ្គរដ្ឋទូតចិនមានសុទិដ្ឋិនិយមពីផ្លែស្វាយកម្ពុជានឹងមានទីផ្សារខ្ពស់នៅប្រទេសចិន

ដោយៈគង់ សូរិយា

          ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានសុទិដ្ឋិនិយមដោយសង្ឃឹមថា ផ្លែ​ស្វាយ​កម្ពុជានឹងមានទីផ្សារល្អនៅប្រទេសចិន ដូចចេកអំបូងលឿងដែលកំពុងទទួលបានការគាំទ្រនៅប្រទេសចិនផងដែរ។

លោកវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិន បានមានប្រសា​សន៍នៅក្នុងពិធីសម្ពោធ ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ដោយផ្ទាល់ទៅកាន់ប្រទេសចិនជាផ្លូវការ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះថា តាមរយៈការបើកចំហក្នុងទីផ្សារប្រទេសចិន សម្រាប់ផ្លែស្វាយកម្ពុជានឹងមានកំណើន ក្នុងការអភិវឌ្ឍន៍ខ្លាំងដូចដំណាំចេកជាមិនខាន ដោយសារប្រទេសចិនមានតម្រូវការទីផ្សារច្រើន និងមានផលិតភាពកសិកម្មយ៉ាងជឿនលឿន។

លោកបន្តថា “ប្រទេសចិនបានក្លាយជាទីផ្សារនាំចេញដ៏ធំបំផុត សម្រាប់ប្រទេសកម្ពុជា។ ក្រោយពីមានការជោគជ័យ ក្នុងការនាំចេញដំណាំចេកកម្ពុជា ទៅកាន់ប្រទេសចិន ផលិតកម្មដំណាំចេកនៅកម្ពុជាមានការអភិវឌ្ឍខ្លាំង”។លោកបន្តថា “បរិមាណក្នុងការនាំចេញ មានការកើនឡើងដោយចាប់ពី១ម៉ឺនតោន ក្នុងឆ្នាំ២០១៨ រហូតដល់៣៣ម៉ឺនតោន ក្នុងឆ្នាំ២០២០”។

លោកវ៉ាន វិនធានបានបន្តថា ក្រោមការខិតខំរួមគ្នារវាងប្រទេសទាំងពីរ ផលិតកសិកម្មកម្ពុជា នឹងមានគុណភាពខ្ពស់កាន់តែច្រើនថែមទៀត នឹងអាចនាំចេញទៅកាន់ប្រទេសចិន។ លើសពីនេះទៀត នឹងអាចឈានដល់ដំណើរការថ្មីមួយទៀត ដែលអាចជួយដល់ការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរផងដែរ។

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ទៀតថា បើទោះបីជាជួបវិបត្ដិកូវីដ១៩យ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ដ្រីតេជោ ហ៊ុន សែន វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា សម្រេចបានកំណើនកើនឡើង នៅក្នុងឆ្នាំ២០២០។លោកបន្តថា កសិ​កម្មជាវិស័យដ៏សំខាន់មួយ និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ ហើយផលិត​ផលកសិកម្មរបស់ កម្ពុជាមានលក្ខណៈសំបូរបែប និងមានគុណភាពខ្ពស់ ដូចជា៖ អង្ករក្រអូប, ទុរេនកំពត, ម្រេចកំពត, ក្រូចថ្លុងក្រចេះ និងស្ករត្នោតកំពង់ស្ពឺ ជាដើម -ល-។ សុទ្ធតែមានតម្រូវការនៅក្នុងប្រទេសចិន។

ជាមួយគ្នានេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា នៅឆ្នាំដំបូងនេះ កម្ពុជារំពឹងថា នឹងនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារចិនប្រមាណ១០ម៉ឺនតោន ដែលស្មើនឹងចំណូលចំនួន១០០លានដុល្លារ។

លោកបន្តថា “ការនាំចេញក្នុងបរិមាណ១០ម៉ឺនតោន នៅឆ្នាំដំបូងនេះ គឺចំណុចចាប់ផ្តើមប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំបន្ទាប់លោកជឿជាក់ថា បរិមាណនឹងមានការកើនឡើងច្រើន ហើយរោងចក្រវេចខ្ចប់ថ្មីៗប្រមាណ១០រោងចក្រទៀត នឹងរួចរាល់ដាក់ឲ្យដំណើរការផងដែរ”។

ប្រទេសកម្ពុជាគិតត្រឹមឆ្នាំ២០២០ ផ្ទៃដីដាំដុះស្វាយមានការកើនឡើងរហូតដល់ជាង១៣ម៉ឺនហិកតា ដែលអាចទទួលផលចន្លោះពី១.៦លានតោន ដល់១.៧លានតោន៕

វិភាគៈមូលដ្ឋានគ្រឹះចំនួន៧នឹងធ្វើឲ្យចិនមិនអាចបោះបង់កម្ពុជា វិនិយោគិន ត្រៀមចូលមកជាថ្មី  

            ដោយៈយិន លាងគង់ស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia

ភ្នំពេញៈ តើមហាយក្សចិនកំពុងផ្លាស់ប្តូរ សករាជអាស៊ីនិងពិភពលោកមែនទ? ខណៈមហាយក្សចិន បានផ្លាស់ប្តូរយុទ្ឋសាស្រ្តរបស់ខ្លួន ជាមួយការដាក់ចេញ“សករាជថ្មី” ជាអ្វីដែលប្រទេសចិនបាននិងកំពុងផ្តោត លើការកសាងសុខដុមនីយកម្មរបស់ខ្លួនជាអាទិភាព។

ព្រះអាទិត្យរបស់ប្រទេសចិនក្នុងនាទិឃៈរដូវ កំពុងចែងចាំងលើដែនដីនៃចក្រវាឡខណៈមហាយក្សនេះ ទទួលរងសម្ភាធជាច្រើនពីមិ ត្តក្នុងភាពជាសត្រូវរបស់ខ្លួន(សហរដ្ឋអាមេរិក) ហេតុនេះការផ្លាស់ប្តូរយុទ្ឋសាស្រ្ត និងគោ​លនយោបាយរបស់ខ្លួន បានដាក់ចេញដោយប្រុងប្រយ័ត្នជាងមុន។

ខ្យល់ប្តូរទិស

ដំណក់ព្រិលនារដូវផ្ការីក បានធ្វើឲ្យសករាជចិននាសតវត្សរ៍២១បានផ្លាស់ប្តូរយ៉ាង​សម្បើម មហាយក្សចិនបានងើបឡើងដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក​នេះ បន្ទាប់ពីកំនើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ខ្លួន ដោយបានធ្វើឲ្យរចនាសម្ព័ន្ឋសង្គម នយោបាយ យោធារបស់ចិនបានផ្លាស់ប្តូរ និងបានដំឡើងខ្លួនពីយក្ស ដែលធ្លាប់ដេកលង់លក់ មកជាយក្សដែលមានអំណាច និងឥទ្ឋិពលពេញលេញក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

ប៉ុន្តែទោះជាយ៉ាងណា ការរីកចម្រើនសេដ្ឋកិច្ចរបស់ចិន និងការបែងចែកធនធានមិនទាន់បានសមស្រប បានធ្វើឲ្យសង្គមចិន មិនទាន់មានសុខដុមនីយកម្មទាំងស្រុង ហើ​យប្រជាជនចិន ក៏មិនទាន់ទទួលបានផលស្មើៗគ្នា ពីការចាក់ចូលនូវមូលធនរបស់ប្រទេ​សដល់តំបន់ពួកគេនៅឡើយ។

ដោយមើលឃើញបញ្ហានេះ ដែលវាអាចនឹងក្លាយជាឈ្នួនបញ្ឆេះ វិបត្តិសង្គមចិននាពេលខាងមុខ ទើបក្រុមប្រឹក្សារដ្ឋនៃគណៈកម្មាធិការមជ្ឈិមចិន បានផ្សព្វផ្សាយចំណុចសំខាន់ៗមួយចំនួន ក្នុងការប្រជុំគណៈកម្មាធិការជាតិលើកទី១៣ស្តីពី ការពិគ្រោះយោបល់នយោបាយប្រជាជនចិន ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភាកន្លងមកនេះ ។ កិ្ចប្រជុំនេះនឹងផ្តោតលើគោលការណ៍ “សករាជថ្មី”និងការអភិវឌ្ឍតំបន់ភាគខាងលិចរបស់ប្រទេសចិន។

តំបន់ទាំងនេះរបស់ចិន មានការអភិវឌ្ឍតិចតួច លើកលែងតែការទាញយកឧស្ម័ន ប្រេង និងរ៉ែ។

គោលនយោបាយខ្សែក្រវ៉ាត់និងផ្លូវលែងជាអាទិភាព

ប្រវត្តិសាស្រ្តរបស់ចិនមានសភាពវែងអន្លាយ និងលន្លង់លន្លោចដូចសម្លេងថ្ងួចថ្ងូររបស់ចិន ហើ​យគំនិតផ្លួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ ដែលមានប្រវត្តិដ៏វែងអន្លាយ ត្រូវបានទាញយកមកប្រើ​ប្រាស់ឡើងវិញ ដោយប្រធានាធិបតីដ៏មានឥទ្ឋិពលរបស់ចិន(ស៊ី ជីនពីង​)ឡើងវិញ។

នូវគំនិតផ្តួចផ្តើមនេះ មហាយក្សចិនមានគោលដៅ ពង្រីកឥទ្ឋិពលសេដ្ឋកិច្ច និង​នយោបាយរបស់ចិន ដើម្បីក្តោបក្តាប់ពិភពលោកនាពេលអនាគត។

ការផ្តោតលើការកសាងសង្គមចិន ឲ្យទទួលបានសុខភាពល្អប្រសើរជាមុន ក្រុមប្រឹក្សារដ្ឋចិនបានដកនូវគំនិតផ្តួចផ្តើមនេះ ចេញពីបញ្ជីរគោលនយោបាយអាទិភាព​របស់ខ្លួន។

នៅក្នុងបញ្ជីនៃគោលការណ៍ណែនាំចំនួន៣៣ចំណុច គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ ធ្លាក់ចុះពីការងារអាទិភាពកំពូល ពោលគឺ ផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ខ្លួន ដោយរក្សាសណ្តាប់ធ្នាប់សង្គម និងពិភា​ក្សា​អំពីការកសាង និងពង្រីកកំពង់ផែទឹកជ្រៅនៅប្រទេសចិន និងនៅបរទេស។ នោះបង្ហាញថា គ្រោងការណ៍ BRI ឥឡូវត្រូវបានធ្លាក់ចុះពីការងារអទិភាពរបស់ស់ចិន។

នៅក្នុងបញ្ជីនៃគោលការណ៍ណែនាំចំនួន៣៣ចំណុច គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ ធ្លាក់ចុះពីការងារអាទិភាពកំពូល ពោលគឺ ផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ខ្លួន ដោយរក្សាសណ្តាប់ធ្នាប់សង្គម និងពិភា​    ក្សាយអំពីការកសាង និងពង្រីកកំពង់ផែទឹកជ្រៅនៅប្រទេសចិន និងនៅបរទេស។ នោះបង្ហាញថា គ្រោងការណ៍ BRI ឥឡូវត្រូវបានធ្លាក់ចុះពីការងារអទិភាពរបស់ស់ចិន។

គោលការណ៍ណែនាំទាំងនេះបានឱ្យដឹងថា ប្រទេសចិនឥឡូវនេះកំពុងប្រឈមនឹង “ស្ថានភាពថ្មី” ។ ដោយមើលឃើញបែបនេះ វាបង្ហាញថា មនោគមវិជ្ជាចម្បងរបស់មេដឹកនាំបក្សកុម្មុយនិស្តចិនបានផ្លាស់ប្តូរពី “សុបិនចិន” ឬChina Dream របស់លោក ស៊ី ទៅជាទស្សនវិស័យសង្គមនិយមថ្មីផ្តោតលើ “សករាជថ្មី”។

ភូមិសាស្រ្តនយោបាយ

ទោះបីជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ បានកើនឡើងសមាជិកដល់៦៨ប្រទេស បានគ្របដណ្តប់ប្រជាជន៦៥ភាគរយក្នុងពិភពលោក និងស្មើផលទុនជាតិសរុបពិភពលោករហូតដល់៤០ភាគរយ ត្រូវបានដកចេញពីបញ្ជីរអាទិភាពក្តី ក៏គោលនយោ​បាយអាស៊ីរបស់ខ្លួន មិនទំនងជាផ្លាស់ប្តូរនោះទេ ដោយសារទី១ ចិននៅតែត្រូវការពង្រីកឥទ្ឋិពលទាំងនយោបាយ សេដ្ឋកិច្ច និងយោធានៅតំបន់នេះ ទី២ ចិនត្រូវការមិត្តកាន់តែច្រើន ដើម្បីសម្រេចមហិច្ឆតា ដើម្បីគ្រប់គ្រងពិភពលោកនាពេលខាងមុខ ក្នុងនាមជាមហាអំណា​ចលេខ១។

ទី៣ ការកើនឡើងនូវឥទ្ឋិពលរបស់ចិន ពិតណាស់នឹងធ្វើឲ្យប្រទេសជាច្រើនរងការគំរាមកំហែងដោយផ្ទាល់ និងប្រយោល ពិសេសតំបន់សមុទ្រចិនខាងត្បូង ដែលមានប្រទេសជាច្រើនជាប់ក្នុងជម្លោះនេះ ដូចជា វៀតណាម ហ្វីលីពីន ប្រុយណេជាដើម។ ទី៤ ចិន ត្រូវតែមានទីតាំងឈរជើងកាន់តែរ៉ឹងមាំាំផ្នែកយោធា ព្រោះប្រសិនជាចិនអាចពង្រីកមូលដ្ឋានកងទ័ពកាន់តែច្រើន នៅក្នុងតំបន់នេះបាន ចិននឹងអាចពង្រីកឥទ្ឋិពល​របស់ខ្លួនកាន់តែឆាប់រហ័ស។

ទី៥ ចិនត្រុវតែមានដៃគូឬមិត្តជិតស្និទ្ឋ ដូចជាកម្ពុជា ដែលត្រូវបានមហាមិត្តចិនចាត់ទុកជា “មិត្តដែកថែប”ដើម្បីការពារផលប្រយោជន៍របស់ខ្លួនផង ដើម្បីចូលរួមគាំពារគោ​ល​នយោបាយរបស់ខ្លួនផង។

មហាយក្សចិន មិនអាចបង្កសត្រូវកាន់តែច្រើននោះទេ តែក៏មិនអាចរងការគំរាមកំហែងច្រើននោះដែរ ហេតុនេះការប្រើប្រាស់យុទ្ឋសាស្រ្តសង្រ្គាមត្រជាក់ និងមូលធនដើ​ម្បីពង្រីកឥទ្ឋិពលសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួន ច្បាស់ណាស់វានឹងនៅតែជានយោ​បាយអាទិភាព។

តើចិនត្រលប់មកម្ពុជាឬទេ?

វាជាសំណួរធំមួយដែលប្រជាជនកម្ពុជាកំពុងរង់ចាំចម្លើយ ហើយភាពសំអប់ចិន ទំនងជា រសាយចេញពីសន្តានចិត្ត ប្រជាជនកម្ពុជាបណ្តើរៗហើយ ដោយសារអវត្ត​មានចិន បានធ្វើឲ្យកម្ពុជាហាក់ស្លោកស្រពោនមួយរយៈ រាប់ចាប់តាំងពីការបិទហ្គេមអនឡាញ និងការផ្ទុះឡើងនូវជំងឺCovid-19ដ៏មហន្តរាយ។

ផ្អែកលើទំនាក់ទំនងដ៏ផ្អែមល្ហែម រវាងអតីតព្រះមហាក្សត្រ បរមរតនកោដិ សីហនុ ជាមួយអតីតៈមេដឹកនាំចិន ការកសាងនិងពង្រឹងបន្ថែមដែលធ្វើឡើង ដោយបុរសខ្លាំងកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ឋសាស្រ្ត គ្រប់ជ្រុងជ្រោយតាំងពីឆ្នាំ២០១២កន្លងមក និងក្រោយមកបានដាក់ចេញនូវ “ប្រទេសពីរវាសនាតែមួយ” បានធ្វើឲ្យទំនាក់ទំនងរវាងមេដឹកនាំ និងប្រជាជនប្រទេសទាំងងពីរមិនអាចកាត់ផ្តាច់បាន។

តាមរយៈទំនាក់ទំនងដ៏ស្អិតរមួត និងមិនអាចកាត់ផ្តាច់បាននេះ ចិនបានឈរនៅ​លេខរៀងទី១ ក្នុងចំណោមអ្នកវិនិយោគបរទេសនៅកម្ពុជា និងផ្តល់កម្ចីសម្បទានច្រើន​ជាងគេមកកសាងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន ដែលកម្ពុជាចាំបាច់ត្រូវពង្រីក និងពង្រីក​សេដ្ឋកិច្ច និងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។

លំហូរទុនវិនិយោគរបស់ចិនយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យក្រុងព្រះសីហនុ កើនឡើងនូវអាគារខ្ពស់ៗដូចគេ “ជប់” ទីក្រុងនេះបានផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ដោយប្រែក្លាយជាទីក្រុងស្ងប់ស្ងាត់ ទៅជាទីក្រុងមានភាពស៊ីវិល័យមួយ​ដែលមានហេដ្ឋារចនាសម្ព័ន្ឋ ប្លង់គោលអភិវឌ្ឍន៍ និងទស្សនវិស័យកាន់តែភ្លឺស្វាងជាងមុន។

មហាយក្សចិននឹងត្រលប់មកវិញ

ផ្អែកលើទំនាក់ទំនង មនោសញ្ចេតនារវាងមេដឹកនាំ និងពិសេសភូមិសាស្រ្តនយោ​បាយ និងទំនាក់ទំនងអន្តរជាតិ ច្បាស់លាស់ណាស់ចិននឹងត្រលប់មកកម្ពុជាវិញ នៅពេល​ខាងមុខ(ឆាប់ឬយូរអាស្រ័យលើបញ្ហាផ្ទៃក្នុងរបស់ចិន)។

ហេតុអីបានជាចិនត្រូវត្រលប់មកវិញ? ចម្លើយគឺ ទី១ ចិននៅតែត្រូវការកម្ពុជា ដោយសារកម្ពុជាជាមិត្តគួរឲ្យទុក​ចិត្តបាន និងជាមិត្តដែកថែបរបស់ខ្លួន ទី២ ក​ម្ពុជា ជាសមាជិកមួយក្នុងចំណោមបណ្តាប្រ ទេសមាជិកអាស៊ានទាំង១០ ដែលអាចការពារផលប្រយោ​ជន៍ នយោបាយរបស់ចិនក្នុងតំបន់នេះ ព្រោះអាស៊ានមិនមែនជាខ្លាក្រដាសនោះទេ ហើ​យ​​អាស៊ានបាន និងកំពុងដើរតួនាទីកាន់តែសំខាន់ ផ្នែកភូមិសាស្រ្តនយោបាយផង សេដ្ឋ​កិច្ចផង។ ទី៣ កម្ពុជាជាមហាមិត្ត ដែលបានបដិសេធឬធ្វើអនុប្បវាទ លើសេចក្តីថ្លែងការ​ណ៍​របស់អាស៊ាន ខណៈតំបន់នេះបាននិងកំពុងប្រទាញប្រទង់ យកឥទ្ឋិពលពីអាមេរិក​ផងដែរ។

ទី៤ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២ មហាអំណាចអាមេរិក និងប្រទេសក្នុងតំប​ន់ដទៃទៀត បានយកកម្ពុជាជាសមរភូមិ ដើម្បីវាយប្រហារចិនលើបញ្ហាសមុទ្រចិនខាងត្បូង ប៉ុន្តែមានកម្ពុជាសេចក្តីថ្លែងការណ៍ត្រូវបានជាប់គាំង ដោយសារកម្ពុជាមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នោះ (អាស៊ានចេញសេចក្តីថ្លែងការណ៍រួចទៅបាន ទា​ល់តែប្រទេសសមាជិកទាំងអស់ចុះហត្ថលេខា)។ ទី៥ ផ្អែកលើបទពិសោធន៍នេះ ចិនបាន​ជ្រើសរើសកម្ពុជាជាមិត្តដែកថែប និងអាចការពារផលប្រយោជន៍គ្នាទៅវិញទៅមក។

ទី៦ ចិនឈរជើងនៅកម្ពុជា មិនត្រឹមតែជាការការពារកម្ពុជានោះទេ ប៉ុន្តែក៏ដើម្បីទប់ឥទ្ឋិពលវៀតណាម នៅក្នុងតំបន់ឥណ្ឌូចិន ដែលវៀតណាមនៅតែមានគោលដៅលេបយកឥណ្ឌូចិន ប៉ុន្តែចិននឹងមិនអនុញ្ញាត្តឲ្យប្រទេសនេះ សម្រេចមហិច្ឆតារបស់ខ្លួនបានទេ។

នយោបាយកាទូតដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ

បុរសខ្លាំងរបស់កម្ពុជា ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ ពីភាពប៉ិនប្រសព្វ​នូវការដាក់ចេញនយោបាយកាទូតរបស់ខ្លួន ទាំងជាមួយប្លុកសេរី និងកុំម្មុយនីស្ត ខណៈ​បុរសខ្លាំងរូបនេះ នៅតែអាចឈរជើងយ៉ាងរ៉ឹងមាំក្នុងអំណាច និងបានដឹកនាំប្រទេសចេញពីយុគដ៏ងងឹតសូន្យ មកកាន់ភាពភ្លឺស្វាង តាមរយៈការរក្សាបាននូវស្ថេរភាពនយោបា​យ ស្ថេរភាពសង្គម និងកសាងសេដ្ឋកិច្ចរីកចម្រើន ក្នុងរង្វង់៧ភាគរយ រយៈពេលជាងពីរទសវត្សរ៍។

គោលនយោបាយនិងផែនការយុទ្ឋសាស្រ្តច្បាស់លាស់

គ្មាននយោបាយ និងផែនការយុទ្ឋសាស្រ្តច្បាស់លាស់ និងការដឹកនាំដ៏ប៉ិនប្រសព្វទេ បុរសខ្លាំងរូបនេះមិនអាចឈរជើងក្នុងអំណាចដ៏យូរបែបនេះឡើយ។

ប្រសិនបើយើងមើល ទៅលើទំនាក់ទំនងជាមួយចិនវិញ ក្រោមការដឹកនាំរបស់បុរសខ្លាំងរូបនេះ ទំនាក់ទំនងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ បាននិងកំពុងពង្រឹ​ង និងពង្រីកជាបន្តបន្ទាប់ ដែលទំនាក់ទំនងនេះបាននាំផលប្រយោជន៍ ដ៏មហាសាលសំរាប់ជាតិសាសន៍ ដែលបាននិងកំពុងរស់នៅក្នុងស្នាមញញឹមជាថ្មី និងម្លប់នៃសន្តិភាពនា​ពេលបច្ចុប្បន្ន។

តាមរយៈដំណើរទស្សនកិច្ច ដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសចិនរបស់សម្តេចតេជោកាលពីថ្ងៃទី៥​កុម្ភៈ ខណៈចិនកំពុងជួបវិបត្តិCovid-19 ហើយបណ្តាប្រទេសនានាបានរត់ចោលចិន តែសម្តេចបានទៅទស្សនកិច្ចប្រទេសចិន បានបង្ហាញទៅកាន់មេដឹកនាំ និងប្រជាជនចិនថា “កម្ពុជាជាមិត្តស្លាប់រស់របស់ចិន” ខណៈកម្ពុជាមានសុភាសិតផ្ទាល់ខ្លួនថា “ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក”។

ដំណើរទស្សនកិច្ចរបស់សម្តេចនាពេលនោះ ត្រូវបានប្រជាជនចិនហៅសម្តេចតេ​ជោជា “បុរសង្ហារជាងគេក្នុងលោក” ហើយសន្តានចិត្តប្រជាជនចិន ដែលមិនទាន់យល់ពីកម្ពុជាបានផ្លាស់ប្តូរ ហើយមើលមកកម្ពុជាក្នុងរូបភាពវិជ្ជមាន។

ទំនាក់ទំនងរវាងកម្ពុជាចិន ក្នុងទំនាក់ទំនងអន្តរជាតិ និងទ្វេរភាគី ប្រៀបបីដូចជាអ្នកលេងពិន ដែលកេសមិនត្រូវខ្ទង់នាអតីតៈកាល ប៉ុន្តែបច្ចុប្បន្នទាំងអ្នកលេងពិន និងទ្របានប្រគុំរួមគ្នា ​និងអាចសរសេរនូវបទភ្លេងថ្មីមួយ ដែលរសនិយមពីរអាចបញ្ចូលគ្នាក្នុងសាច់ភ្លេងតែមួយ៕

វិនិយោគនៅពេលនេះនឹងទទួលបានឱកាសចំណេញច្រើនមិនធ្លាប់មានពីបុរី ប៉េង ហួត

ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដើម្បីទទួលបានផ្ទះក្នុងក្ដីស្រមៃ ជាពិសេសសម្រាប់អតិថិជនដែលចង់វិនិយោគក្នុងវិស័យអចលនទ្រព្យជាមួយបុរី ប៉េង ហួត ក្នុងពេលបច្ចុប្បន្នដើម្បីទទួលបានឱកាសចំណេញនាពេលខាងមុខ ក្រុមហ៊ុនបានរៀបចំការផ្ដល់ជូនដ៏ពិសេសដោយបញ្ចុះតម្លៃយ៉ាងច្រើនរហូតដល់ ១១% ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតធានាមិនធ្លាប់មានពីមុនមក សម្រាប់ខែឧសភាមួយខែពេញតែម្ដង។

ក្រៅពីការបញ្ចុះតម្លៃរហូតដល់ ១១%នេះ អតិថិជននឹងទទួលបានការផ្ដល់ជូនជាច្រើនទៀតដូចជា៖

  • លក្ខខណ្ឌនៃការបង់ប្រាក់ប្រចាំខែកាន់តែមានភាពងាយស្រួលជាងមុន
  • អាចជ្រើសរើសបានទីតាំងល្អៗមុនគេ និងតម្លៃពិសេស
  • មានឱកាសចំណេញសម្រាប់ពេលអនាគតដ៏ខ្លីខាងមុខ
  • អាចទទួលបានការបង់រំលស់ជាមួយធនាគារដៃគូរបស់បុរី ប៉េង ហួត ដោយអត្រាការប្រាក់ចាប់ពី 99% រីឯទំហំកម្ចីអាចទទួលបានរហូតដល់ 80%

បុរី ប៉េង ហួត ផ្ដល់ជូនអតិថិជននូវប្រភេទផ្ទះដ៏សម្បូរបែប រាប់ចាប់ពី ខុនដូ ផ្ទះអាជីវកម្ម (ហ្សបហោស៍) វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលដែលត្រូវបានគូសប្លង់ និងសាង់សង់ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើគុណភាព ប្រណីតភាព និងភាពទាន់សម័យ ស្ថិតក្នុងគម្រោងដែលមានសក្ដានុពលខ្លាំង មានប្រជាជនរស់នៅច្រើនកុះករ មានសុវត្ថិភាពខ្ពស់ មានបរិស្ថានធម្មជាតិរួមផ្សំជាមួយបរិយាកាសរស់នៅដ៏ស្រស់បំព្រង ហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបដូចជា សាលារៀន ​មន្ទីរពេទ្យ ផ្សារទំនើប កន្លែងសេវាសាធារណៈ -ល- ដើម្បីផ្ដល់ភាពងាយស្រួលដល់ការរស់នៅ​ និងប្រកបអាជីវកម្មគ្រប់ប្រភេទ។

នៅចាំអីទៀត! ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១​ ខែឧសភា ឆ្នាំ២០២១ តែប៉ុណ្ណោះ!

សូមអញ្ជើញទាក់ទងមកកាន់សហការីលក់យើងខ្ញុំដើម្បីទទួលបានព័ត៌មានលម្អិត ព្រមទាំងទស្សនាផ្ទះគំរូ និងប្លង់ទីតាំងគម្រោងតាមអនឡាញដោយលោកអ្នកមិនចាំបាច់អញ្ជើញមកផ្ទាល់ក៏បាន តាមរយៈលេខទូរសព្ទ៖ 098 / 016 / 017 59 6789 ឬតាមប្រព័ន្ធអនឡាញដូចជា៖

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦

បុប្ផា : http://t.me/Bopha333

ចិន្ដា : http://t.me/Chendaoeunbph

ធីតា : http://t.me/Thidasembph

ធី : http://t.me/Thysombph

𝐖𝐡𝐚𝐭𝐬𝐀𝐩𝐩

បុប្ផា : https://bit.ly/3cDuO3E

ចិន្ដា : https://bit.ly/3bAGUtg

ធីតា : https://bit.ly/3gBK1qJ

ធី : https://bit.ly/2T7li0T

YouTube

YouTube (https://youtu.be/gGm5SLj8fTs)

រដ្ឋាភិបាលអាល្លឺម៉ង់ត្រៀមផ្តល់ហិរញ្ញប្បទានឥតសំណង៦៣លានដុល្លារដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៥៣លានអឺរ៉ូ ស្មើនឹង៦៣លានដុល្លារអាមេរិក ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាសម្រា ប់ឆ្នាំ២០២១-២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។

ទំហំហិរញ្ញប្បទានឥតសំណងនេះ រួមមាន២៦លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និង២៧លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។

បន្ថែមលើនេះ នាខែមីនា ឆ្នាំ២០២១ ភាគីអាល្លឺម៉ង់ បានផ្តល់ហិរញ្ញូប្បទានឥតសំណងចំនួន៤,៨លានអឺរ៉ូ សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។ បើបូកបញ្ចូលទាំងហិរញ្ញប្បទាន ដែលបានសន្យាផ្ដល់ក្នុងកិច្ចចរចានេះ ទំហំហិរញ្ញប្បទានសរុបបានកើនដល់៥៧,៨លានអឺរ៉ូ សមមូលនឹង៦៩លានដុល្លារអាមេរិក។

ជាមួយគ្នានេះដែរ ដើម្បីឆ្លើយតបទៅនឹងវិបត្តិសុខភាពសកល គិតត្រឹមខែមីនា ឆ្នាំ២០២១ ភាគីអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទាន ឥតសំណងប្រមាណ១៣,៨លានអឺរ៉ូ សមមូលនឹង១៧លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់វិធានការឆ្លើយតបបន្ទាន់ ទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ៩ នៅកម្ពុជា។

ហិរញ្ញប្បទាននេះ ត្រូវបានប្រើប្រាស់ ដើម្បីរួមចំណែកគាំទ្រដល់វិធានការឆ្លើយតបបន្ទាន់ទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងវិធានការ ស្ដារសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីអាល្លឺម៉ង់ក៍បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា តាមរយៈគម្រោងថ្នាក់តំបន់ និងសាកល ព្រមទាំងតាមរយះសា្ថប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប៕

វិភាគៈផ្លូវសូត្រសុខភាពរបស់ចិននឹងបង្កើនការប្រកួតប្រជែងខាងផ្នែកភូមិសាស្ត្រ នយោបាយពីមហាអំណាច

ដោយៈដោយៈ ប៊ី

ភ្នំពេញៈ ប្រធានបទ កំពុងតែទទួលបាននូវការចាប់អារម្មណ៍ ពីមជ្ឈដា្ឋនអ្នកសិក្សាស្រាវជ្រាវ ក៏ដូចជាសាធារណជនជាទូទៅ ខណៈផ្លូវសូត្រសុខភាពរបស់ចិន (Health Silk Road) គឺជាផ្នែកមួយដ៏មានសារៈសំខាន់ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ដែលប្រធានាធិបតីរបស់ចិន លោក ស៊ី ជីងពីង ដែលលោកបានដាក់ឲ្យដំណើរការក្នុងឆ្នាំ២០១៣។

លោកបណ្ឌិតជឺនបូរាណ ច័ន្ទបូរីអ្នកជំនាញភូមិសាស្រ្តនយោបាយ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានថ្លែងដើមសប្តាហ៍នេះថា ទស្សនទានជុំវិញផ្លូវសូត្រសុខភាពនេះ ត្រូវបានគេរៀបចំឡើង តាំងពីឆ្នាំ២០១៥មកម្លេះ ហើយលោកប្រធានាធិបតី ស៊ី ជីងពីង គាត់បានលើកឡើងអំពីទស្សនទាននេះ ជាលើកទី១ នៅឆ្នាំ២០១៦ នៅប្រទេស Uzbekistan។

ទិសដៅចម្បងនៅក្នុងទស្សនទាននេះ គឺដើម្បី (១) បង្កើតនូវបណ្តាវេទិកាតំបន់កម្រិតជាន់ខ្ពស់សម្រាប់មន្រ្តីសុខភាពសាធារណៈ (២) បង្កើតនូវបណ្តាញសុខភាពសាធារណៈ តាមខ្សែក្រវ៉ាត់១ និងផ្លូវ១ របស់ចិន  និងជាការឆ្លើយតប ដែលមានការសម្របសម្រួលជាគោលនយោបាយសាធារណៈ (Public Policy Coordination) ចំពោះបញ្ហាសុខភាពដែលកើតឡើង (៣) គឺការកសាងសមត្ថភាព ទាំងសមត្ថភាពស្ថានប័ន ទាំងសមត្ថភាពជំនាញរបស់មន្រ្តី ក៏ដូចជា សមាជិកក្នុងវិស័យសុខភាពសាធារណៈ។

ប៉ុន្តែចាប់តាំងពីការផ្ទុះនូវជំងឺរាតត្បាតសាកលកូវីដ-១៩ ផ្លូវសូត្រសុខភាពនេះត្រូវបានថ្នាក់ដឹកនាំចិនជំរុញកាន់តែខ្លាំង ដែលនេះគឺជាយន្តការដ៏មានសារៈសំខាន់មួយ ដើម្បីជួយសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ។ ប្រទេសចិន បានបញ្ជូននូវម៉ាស និងសម្ភារៈសុខាភិបាលជាច្រើន ទៅដល់ប្រទេសពាសពេញពិភពលោក។

ការរំលេចចេញកាន់តែញឹកញ៉ាប់ ការជំរុញកាន់តែខ្លាំងនូវគំណិតផ្តូចផ្តើមផ្លូវសូត្រសុខភាពនេះ ជាផ្នែកមួយនៃ គោលនយោបាយការបរទេសរបស់ទីក្រុងប៉េកាំង ក្នុងការលើកកម្ពស់តួនាទីក្នុងការចូលរួមកាន់តែសកម្ម និងប្រកប ដោយការទទួលខុសត្រូវរបស់ចិន នៅក្នុងអភិបាលកិច្ចសាកល ខាងផ្នែកសុខភាពសាធារណៈមួយនេះ។

ម៉្យាងទៀត វាក៏ជាផ្នែកមួយនៃការវាយបក ទៅនឹងប្រទេសបច្ចឹមលោកមួយចំនួន ដែលតែងតែចោទប្រកាន់ប្រទេសចិន ពាក់ព័ន្ធជាមួយនឹងប្រភពនៃវីរ៉ុសកូវីដ-១៩នេះ ហើយតែងតែព្យាយាមធ្វើនយោបាយ-តូបនីយកម្ម ជំងឺរាតត្បាតសាកលមួយនេះ ក្នុងចេតនាលាបពណ៌ចិន វាយប្រហារចិន ដែលចិនគិតថាជារឿងមួយដែលមិនសមហេតុផល។

ជាមួយគ្នានេះ លោកបណ្ឌិតជឺនបូរាណ ច័ន្ទបូរីបានថ្លែងថា “ខ្ញុំគិតថា ការទូតវ៉ាក់សាំង បានក្លាយទៅជាល្បែងថ្មី នៅក្នុងការប្រកួតប្រជែងយុទ្ធសាស្ត្រ របស់មហាអំណាចធំៗទាំងឡាយ”។

ជាទូទៅ ចិនហាក់ដូចជាមានប្រៀប នៅក្នុងការទូតវ៉ាក់សាំងមួយនេះ ដោយសារតែចិន បានផ្តល់នូវជំនួយយ៉ាងច្រើនដល់បណ្តាប្រទេសជាច្រើន ជាពិសេសប្រទេសកំពុងអភិវឌ្ឍ ក្នុងពេលដែលប្រទេសអភិវឌ្ឍ និងមហាអំណាចបច្ចឹមលោកជាច្រើន កំពុងតែទទួលរងនូវការវាយប្រហារដោយជំងឺកូវីដ-១៩នេះ។

ជំងឺកូវីដ-១៩នេះ ក៏បានបង្ហាញនូវភាពទន់ខ្សោយនូវរចនាសម្ព័ន្ធសុខភាពសាធារណៈ នៃបណ្តាប្រទេសជាច្រើន ទាំងប្រទេសកំពុងអភិវឌ្ឍ ទាំងប្រទេសអភិវឌ្ឍ។ ដូច្នេះ គំនិតផ្តួចផ្តើមផ្លូវសូត្រសុខភាពនេះ មានសក្តានុពល ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់បណ្តាប្រទេសទាំងនោះ។

ផ្លូវសូត្រសុខភាពនេះ នឹងទាក់ទាញនូវការប្រកួតប្រជែង ខាងផ្នែកភូមិសាស្ត្រនយោបាយពីមហាអំណាចដ៏ទៅទៀត ជាពិសេសពីសហរដ្ឋអាមេរិក ហើយថ្មីៗនេះនៅសហរដ្ឋអាមេរិក បានបង្កើតនូវគំនិតផ្តួចផ្តើម សម្រាប់សុខភាពសាធារណៈ ទៅថ្ងៃអនាគតក្នុងក្របខ័ណ្ឌ ASEAN-US Dialogue។

លោកបណ្ឌិតជឺនបូរាណ ច័ន្ទបូរីបានឱ្យដឹងទៀតថា “ខ្ញុំគិតថាការលើកឡើងនេះ គឺដើម្បីប្រកួតប្រជែង ជាមួយនឹងឥទ្ធិពលរបស់ប្រទេសចិន ជាពិសេសតាមរយៈវិថី ឬក៏ផ្លូវសូត្រសុខភាពនេះ”។

ក្នុងកិច្ចប្រជុំកំពូលលើកទី១ នៃបណ្តាប្រទេសQUAD ប្រទេសសមាជិក QUAD ដែលមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី បានសន្យាថា នឹងផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ប្រមាណ១ពាន់លានដូស ដល់បណ្តាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ហើយក្នុងជំនួបនៅថ្ងៃទី១៦ ខែមេសា កន្លងទៅនេះរវាងប្រធាធិបតី Joe Biden នាយករដ្ឋមន្រ្តីជប៉ុន Suga នៅទីក្រុងវ៉ាស៊ីនតោន។

ថ្នាក់ដឹកនាំទាំងពីរ បានបង្កើតនូវគំនិតផ្តូចផ្តើមថ្មីមួយ ដែលអោយឈ្មោះថា Competitiveness and Resilience (CoRe) ឬក៏ភាពជាដៃគូ ដើម្បីលើកកម្ពស់នូវភាពប្រកួតប្រជែងឈ្នះ និងភាពធន់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង នៅក្នុងវិស័យឌីជីថល បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ក៏ដូចជាសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការកសាង និងការលើកកម្ពស់នូវ Post-COVID Economic Recovery មួយដែលមានលក្ខណៈបរិយាប័ន្ន និងចីរភាព។

ជប៉ុន និងអាមេរិក ក៏បានប្តេជ្ញាលើកកម្ពស់ការជួយជ្រោមជ្រែងដល់ Global Vaccination Afford កិច្ចខំប្រឹងប្រែងផ្តល់វ៉ាក់សាំងជាសកល តាមរយៈ COVAX Facility ក៏ដូចជា Access to COVID-19 Tools Accelerator ហើយថ្មីៗនេះ ជប៉ុន ឥណ្ឌា អូស្រ្តាលី ដែលជាប្រទេស QUAD នេះបានបង្កើតនូវ Supply Chance Resilience Initiative មួយក្នុងនោះ ក៏បានរំលេចអំពីកិច្ចខំប្រឹងប្រែងរបស់មហាអំណាចទាំងបី ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងក៏ដូចជាគ្រឿងបរិក្ខារសុខាភិបាល ដើម្បីកាត់បន្ថយនូវអនុត្តរភាពរបស់ចិន នៅក្នុង Regional Supply Chance ទៅលើប្រភេទទំនិញដ៏មានសារៈសំខាន់ជាយុទ្ធសាស្រ្តទាំងអស់នេះ។

ការប្រកួតប្រជែងទៅលើការទូតវ៉ាក់សាំង នឹងកើតឡើង ប៉ុន្តែយើងក៏គួរតែទទួលស្គាល់ដែលថាគំនិតផ្តួចផ្តើមទាំងអស់នោះ សុទ្ធតែវាមានចំណុចខ្លាំង និងគុណសម្បត្តិរបស់ខ្លួន ដែលយើងទាំងអស់គ្នាគួរតែស្វាគមន៍។

ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសកំពុងអភិវឌ្ឍន៍ជារួម គួរតែស្វាគមន៍ ហើយមហាអំណាចដូចជា ចិន ជប៉ុន និងសហរដ្ឋអាមេរិក ក៏ដូចជាមហាអំណាចដទៃទៀត សុទ្ធតែមានភាពខ្លាំងរៀងៗខ្លួន នៅក្នុងការផ្តល់នូវ Global Public Goods ទាំងអស់នេះ ដល់ប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែមហាអំណាចទាំងអស់នោះ គួរតែព្យាយាមកុំយកបញ្ហាសុខភាពសាធារណៈ លាយលំទៅនឹង Zero-Sum Game ក្នុងវិស័យភូមិសាស្រ្តនយោបាយ ក៏ដូចជា នៅក្នុងការប្រកួតប្រជែងយុទ្ធសាស្រ្តរបស់ខ្លួន ដោយគួរតែចាត់ទុកថាការប្រកួតប្រជែង លើវិស័យសុខភាពសាធារណៈ គឺជាការប្រកួតប្រជែងដោយបម្រើផលប្រយោជន៍មនុស្សជាតិ ជាជាងបម្រើមហិច្ឆតាភូមិសាស្រ្តនយោបាយរបស់ខ្លួន៕ AVI៕

សូចនាករចំនួនបីសម្រាប់វិភាគលើមូលដ្ឋានតម្លៃដីធ្លីរបស់អ្នកនាពេលអនាគត

          ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ អ្នកវិនិយោគដីធ្លីតែងតែស្វែងរកផលចំណេញ ប៉ុន្តែតើអ្វីជាមូលដ្ឋានវិភាគដែលអ្នកត្រូវពិចារណា មុនសម្រេចចិត្តវិនិយោគពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យផែនការវិនិយោគរបស់ខ្លួនបញ្ចៀសបាននូវហានិភ័យ។

អ្នកជំនាញ​អចលនទ្រព្យ​សកល បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការវិនិយោគ​លើ​អចលនទ្រព្យ ទាំង​ដីធ្លី ផ្ទះសម្បែង តែងតែមាន​ផលចំណេញ​នាពេល​អនាគត ប្រសិនជា​អ្នកទិញ​បាន​ក្នុងតម្លៃ​សមរម្យ ទីតាំង​ត្រឹមត្រូវ ជា​តំបន់​ដែល​ស្ថិតក្នុង​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ជាដើម។

ប៉ុន្តែ​ដើម្បី​ទិញ​ដីធ្លី ឬ​ផ្ទះ​ត្រូវ និង​ឡើងថ្លៃ​ខ្ពស់​នាពេល​អនាគត អ្នកវិនិយោគ​ត្រូវ​សម្លឹង​លើក​ត្តា​មួយចំនួន ដូចជា ពេលវេលា​សមស្រប កត្តាសេដ្ឋកិច្ច ផែនការអភិវឌ្ឍន៍ គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​ជាដើម។

ពេលវេលា​សមស្រប

ពេលវេលា​សមស្រប គឺ​សំដៅ​ដល់​ការទិញ​ដី​ឬ​ផ្ទះ នៅក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច ដែល​តម្លៃ​ដីធ្លី ឬ​ផ្ទះសម្បែង​តែងតែ​ចុះថ្លៃ ឬ​ស្ថិត​ក្នុងតម្លៃ​ទ្រឹង។ ហេតុនេះ​ការវិនិយោគ​ដីធ្លី​ក្នុងកំឡុងពេល​បែបនេះ នឹងមាន​ឳ​កាស​ចំណេញ​ខ្ពស់ ពិសេស​នៅពេល​សេដ្ឋកិច្ច​ងើបឡើង​វិញ​ឆាប់រហ័ស។

ការវិនិយោគ​ដីធ្លី ឬ​អចលនទ្រព្យ​ដទៃទៀត សម្រាប់​អ្នកវិនិយោគ​ឆ្លាត​វៃ ពួកគេ​មិនសូវ​ទុក​យូរពេក​នោះទេ នៅពេល​ចំណេញ​បាន៥០ភាគរយ ឬមួយ​គុណ​នឹង​ពីរ គេ​លក់​ចេញ ដើម្បី​ទៅ​វិនិយោគ​នៅ​កន្លែង​ដទៃទៀត​ហើយ។ លើកលែងតែ​អ្នកវិនិយោគ​ប្រើ​យុ​ទ្ឋ​សាស្ត្រ Land Banking ឬ House Banking។

កត្តាសេដ្ឋកិច្ច

នៅពេល​សេដ្ឋកិច្ច​មាន​ភាពរសរវើក និង​កំណើន​ល្អប្រសើរ វា​តែងតែមាន​រយៈពេល​កំណ​ត់រប​ស់វា។ ហេតុនេះ​អ្នកវិនិយោគ​ត្រូវតែ​តាមដាន​ព៌​ត​មាន និង​វដ្ត​នៃ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ដែល​តែងតែ​កើតមាន​ស្ទើរតែ​រៀងរាល់១០ឆ្នាំ​ម្តង។ ហេតុនេះ បើសិនជា​ស្ថានភាព​សេដ្ឋកិច្ច​មាន​កំណើន​ល្អប្រសើរ រយៈពេល៣ទី៥ឆ្នាំ តម្លៃ​ដី​របស់​អ្នក​បាន​ហក់​ឡើង​ខ្ពស់​រួចទៅហើយ។ វា​ជា​ពេលវេលា​សមស្រប ដែល​អ្នក​គួរ​បញ្ចេញ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ស្តាយក្រោយ ដូច​ករណី​អ្នក​នៅ​ក្រុងព្រះសីហនុ​ជាដើម។

ហេតុនេះ សេដ្ឋកិច្ច​គឺជា​ប់​ពាក់​ព័​ន្ឋ​នឹង​តម្លៃ​ដីធ្លី ឬ​អចលនទ្រព្យ​ដទៃទៀត ដូច្នេះ​អ្នកវិនិយោគ​ឆ្លាត​វៃ ត្រូវតែ​តាមដាន​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក ដើម្បី​មាន​មូលដ្ឋាន​ក្នុងការ​សម្រេចចិត្ត​ត្រឹមត្រូវ។

ផែនការអភិវឌ្ឍន៍​និង​គោលនយោបាយ​រដ្ឋាភិបាល

រដ្ឋាភិបាល​កម្ពុជា តែងតែ​ដាក់ចេញ​ផែនការអភិវឌ្ឍន៍​ជាតិ រយៈពេល​មធ្យម(5ឆ្នាំ) ផែនការអភិវឌ្ឍន៍​ជាតិ​រយៈពេល​វែង​មាន​ចំនួន១០ឆ្នាំ ដែល​ផែនការ​នេះ​ជាការ​ធ្វើ​ពិពិធ​កម្ម​នូវ​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​រៀបចំ​ប៉ូល​សេដ្ឋកិច្ច​របស់​ជាតិ។

ឧទាហរណ៍ នៅ​ឆ្នាំ២០២០កន្លងមក រដ្ឋាភិបាល​បានប្រកាស​ពី​ការវិនិយោគ​ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី ពី​ផែនការអភិវឌ្ឍន៍​សាងសង់់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុង​បាវិត​ជាដើម។

ដូច្នេះ ប្រសិនជា​អ្នកទិញ​ដី​នៅ​តំបន់​ស្ថិត នៅក្នុង​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល តម្លៃ​ដី​របស់​អ្នកនឹង​ឡើងថ្លៃ​នៅក្នុង​រយៈពេល​កំណត់​មួយ។ ហេតុនេះ​ការវិនិយោគ​ដីធ្លី​ឬ​អចលនទ្រព្យ​ដទៃទៀត អ្នកវិនិយោគ​ដែល​តែងតែ​ទុក​ដី​បានយូរ ចំណេញ​ច្រើន តែងតែ​ជា​អ្នក​ស​ក្តាប់បាន​នូវ​ទិសដៅ ផែនការអភិវឌ្ឍន៍រ​បស់​ជាតិ ពិសេស​អាន​ព៌​ត​មាន​ជាប្រចាំ៕

ដំណឹងល្អៈរដ្ឋាភិបាលចាប់ផ្តើមដាក់ចេញផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដទូទាំងប្រទេសជាមួយប្រជាពលរដ្ឋគោលដៅ១០លាននាក់

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ ក្រសួងសុខាភិបាល បានចេញផ្សព្វផ្សាយជាសាធារណៈ នូវផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលជាផែនទីចង្អុលផ្លូវ បម្រើដល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឱ្យទទួលបានជោគជ័យតាមផែនការគ្រោងទុក។

ការរៀបចំផែនការមេចាក់វ៉ាក់សាំងនេះត្រូវបានបង្ហាញនាព្រឹកថ្ងៃទី៧ ឧសភានេះ ដែលផែនការនេះ មានគោលបំណងការពារប្រជាពលរដ្ឋកម្ពុជាពីជំងឺកូវីដ១៩ ដោយកាត់បន្ថយឱ្យបានជាអតិបរមានូវការឈឺសម្រាកពេទ្យ និងស្លាប់ ការពារប្រព័ន្ធសុខាភិបាល និងកាត់បន្ថយផលប៉ះពាល់ដល់ស្ថានភាពសង្គម-សេដ្ឋកិច្ច។

ក្នុងបុព្វកថានៃផែនការមេកម្រាស់២៦ទំព័រនេះ លោកស្រីឱ វណ្ឌឌីន រដ្ឋលេខាធិកា​រក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបានគូសរំលេចថា “ផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នេះ ត្រូវបានរៀបចំឡើង ដើម្បីបំពេញបន្ថែមនូវគោលការណ៍ នីតិវិធីយុទ្ធសាស្ត្រ និងសកម្មភាព ដើម្បីជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានទាន់ពេលវេលា មានសុវត្ថិភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

លោកស្រីបន្តថា “ផែនការមេនេះត្រូវបានរៀបចំឡើង ដោយផ្អែកមូលដ្ឋានគ្រឹះនៃផែនការជាតិស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩” ដែលក្រសួងសុខាភិបាលបានដាក់ចេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា គោលដៅប្រកបដោយមហិច្ឆតា ដែលបានកំណត់ នៅក្នុងផែនការមេសម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គឺការចាក់វ៉ាក់សាំងកូវីដ-១៩ ជូន ប្រជាពលរដ្ឋគោលដៅឱ្យបាន ១០លាននាក់ នៅពាក់កណ្តាលឆ្នាំ២០២២។

លោកស្រី ក៏បានបង្ហាញក្តីសង្ឃឹមថា ការអនុវត្តយ៉ាងសកម្មនូវផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផ្សាភ្ជាប់ជាមួយការអនុវត្តវិធានការ “៣ កុំ និង ៣ ការពារ និងការពង្រឹងប្រព័ន្ធសន្តិសុខសុខភាពជាតិ នឹងផ្តល់ឱកាសឱ្យប្រទេសកម្ពុជា ទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងផែនការមេនេះ បានដាក់ចេញគោលដៅចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យបាន១០លាននាក់ ឬ៦២ភាគរយ នៃប្រជាពលរដ្ឋសរុប និងអត្រាគ្របដណ្តប់នៃការចាក់វ៉ាក់សាំងកូវីដ១៩ លើសពី៩៥ភាគរយ នៃប្រជាពលរដ្ឋគោលដៅ បានចាក់វ៉ាក់សាំងនៅត្រឹមពាក់កណ្តាលឆ្នាំ២០២២៕

តើអ្នកឧកញ៉ាពុង ឃាវសែធ្លាប់លើកឡើងបែបណាពីការវិនិយោគផ្សារទំនើប

          ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ការវិនិយោគផ្សារទំនើបទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ ប៉ុន្តែទីផ្សារនេះកាន់តែមានការប្រកួតប្រជែង ដែលទាមទារឲ្យអ្នកវិនិយោគត្រូវរៀបចំផែនការ និងកែលំអរឡើងវិញជាប្រចាំ។

អ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជានិងជាអ្នកអភិវឌ្ឍន៍ផ្សារទំនើបជាច្រើននៅកម្ពុជាធ្លាប់បានឱ្យដឹងថា កាលពីមុនផ្សារប្រពៃណីក្នុងរាជធានីភ្នំពេញ ដូចជាអូរឬស្សី ផ្សារអូរឡាំពិក ផ្សារទួលទំពូងជាដើម គឺជាផ្សារដែលពេញនិយមសម្រាប់ប្រជាពលរដ្ឋកម្ពុជា តែដោយសារតែសេដ្ឋកិច្ចមានការរីកចម្រើន មនុស្សត្រូវការភាពសុខស្រួល និងផាសុកភាពក្នុងការដើរទិញទំនិញ ទើបវិនិយោគជាច្រើនបានបោះទុនវិនិយោគលើផ្សារទំនើប ។

អ្នកឧកញ៉ាបន្តថា “ការអភិវឌ្ឍផ្សារទំនើបជាបន្តបន្ទាប់នេះ បានធ្វើឱ្យផ្សារប្រពៃណីក្នុងរាជធានីភ្នំពេញធ្លាក់ប្រិយភាព និងបាត់បង់អតិថិជនបន្តិចៗ ដោយអតិថិជនជាច្រើនងាកទៅរកផ្សារទំនើបៗវិញ”។ អ្នកឧកញ៉ាបានបន្តថា “ការអភិវឌ្ឍផ្សារទំនើបនេះដែរវាត្រូវការដើមទុនច្រើន និងរកផលចំនេញបានមកវិញក្នុងរយៈពេលយូរផងដែរ”។

ជាមួយគ្នានេះ លោកស្រីជា សុខហៀក នាយកប្រតិបត្តិនៃផ្សារទំនើប Sorya Center Point បានឱ្យដឹងផងដែរថា ការវិនិយោគលើផ្សារទំនើបសូមវិនិយោគិន កុំរំពឹងបានប្រាក់ចំណេញមកវិញភ្លាម ព្រោះវាគឺការវិនិយោគ ដែលត្រូវការយកប្រាក់ចំណេញមកវិញនៅរយៈពេលយូរ ។

លោកស្រីបន្តថា ការវិនិយោគលើផ្សារទំនើប ជាក់ស្ដែងផ្សារទំនើបសូរិយា ដែលជាផ្សារទំនើបដំបូងគេបង្អស់ គឺបានចំណាយទឹកប្រាក់យ៉ាងច្រើន ហើយបើវាក៏នឹងមិនទទួលបានប្រាក់ចំណេញមកវិញភ្លាមៗដែរ។ បើសិនជាយើងទឹកប្រាក់ទាំងនោះ ទៅវិនិយោគអ្វីផ្សេង ប្រហែលជាទទួលបានប្រាក់យ៉ាងច្រើនបាត់ទៅហើយ តែដោយសារតែស្ថាបនិកផ្សារទំនើប បានមើលឃើញពីចក្ខុវិស័យវែងឆ្ងាយ និងការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ទើបសាងសង់និងវិនិយោគផ្សារទំនើបនេះឡើង។

លោកស្រីបន្ថែមថា ដោយសារតែការប្រកួតប្រជែង នៅក្នុងទីផ្សារមួយនេះ ផ្សារទំនើបសូរិយា ដែលជាផ្សារទំនើបដំបូងគេនោះ លែងជាផ្សារទំនើបធំជាងគេ និងមានប្រជាប្រិយភាពជាងគេ ទើបសម្ព័ន្ធក្រុមហ៊ុនបានសម្រេច បោះទុនទឹកប្រាក់បន្ថែមទៀត កែលម្អផ្សារទំនើបមួយនេះ ទៅជាផ្សារទំនើបទេសចរណ៍ ដំបូងបង្អស់នៅកម្ពុជា ហើយភ្ញៀវដែលចូលមកទស្សនា នៅក្នុងផ្សារទំនើបនេះ គឺជាប្រភេទភ្ញៀវទេសចរទាំងក្នុងស្រុកនិងអន្តរជាតិ ៕

លោកឧកញ៉ាលឹម ហេងៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិនចាប់ផ្តើម បង្ហាញសញ្ញាវិជ្ជមាន

          ដោយៈគង់ ម៉ាលីន

          ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា តាមរយៈការនាំចេញស្វាយ និងចេកកន្លងមកទៅកាន់ប្រទេសចិន វាជាការចាប់ផ្តើមដ៏ល្អ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍  ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមនាព្រឹកថ្ងៃទី៧ ឧសភានេះថា តាមរយៈកិច្ចព្រមព្រៀងពា​ណិជ្ជកម្មសេរីកម្ពុជា ចិន ដែលយើងបាននាំចេញស្វាយនៅថ្ងៃនេះ និងនាំចេញចេកនាពេលកន្លងមក ពិតជាសញ្ញាវិជ្ជមាន ហើយយើងរំពឹងថាកសិផលកម្ពុជា ជាច្រើនទៀតនឹងអាចនាំចេញទៅកាន់ប្រទេសចិននាពេលឆាប់ៗនេះ។

លោកបន្តថា “នាពេលខាងមុខនឹងមានការនាំចេញស្វាយចន្ទី កៅស៊ូពីកម្ពុជាបន្ថែ​មទៀត ខ្ញុំជឿថានឹងមានការនាំចេញកើនឡើងឥតឈប់ឈរ ព្រោះកិច្ចព្រមព្រៀមពាណិជ្ជកម្មនេះ ​នឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់កម្ពុជា”។ លោកបន្តថា “ទន្ទឹមនឹងមានសង្រ្គាមពាណិជ្ជរវាងចិន និងអាមេរិក និងកំពុងកើតមានជាមួយអូស្រ្តាលីនេះ នឹងធ្វើឲ្យរោងចក្រ សហគ្រាសជាច្រើននឹងមកកាន់កម្ពុជា ដើម្បីផលិតនាំចេញទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀត”។

លោកឧកញ៉ាលឹម ហេងធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន នឹងធ្វើឲ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្មស្នូលរបស់ចិន ហើយក្រុមហ៊ុនចិន អាមេរិកជា​ច្រើន នឹងមកផលិតនៅកម្ពុជា ដើម្បីនាំចេញដោតរួចពន្ឋទៅកាន់ប្រ​ទេសចិន និងប្រទេសដទៃទៀតក្នុងតំបន់ និងអន្តរជាតិ។

រដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិនកាលពីឆ្នាំមុន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានចូលជាធរមាននៅថ្ងៃទី១ មករា ឆ្នាំ​២០២១។ ជាមួយគ្នានេះ កម្ពុជាក៏បានបញ្ចប់ការចចារ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណៈរដ្ឋកូរ៉េ ហើយកម្ពុជាក៏បានចូលជាសមាជិក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយកម្រិតតំបន់(RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំ ដែលគ្របដណ្តប់លើពាណិជ្ជកម្ម៣០ភាគរយនៃពិភពលោក៕