វិភាគៈតើវិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុនឹងងើបឡើងវិញក្នុងទម្រង់បែបណា ខណៈផែនការថ្មីរបស់រដ្ឋាភិបាលត្រូវបានដាក់ចេញ

0

ដោយៈយិន លាងគង់ៈស្ថាបនិកនិងជាអគ្គនាយកគេហទំព័រ Prropertyarea.asia

ភ្នំពេញៈ ការងើបឡើងវិញនៃវុស័យអចលនទ្រព្យ ត្រូវការពេលវេលាដើម្បីចាប់ផ្តើមឡើងវិញ ជាមួយផែនការដាក់ចេញដោយប្រមុខរដ្ឋាភិបាល ក្នុងការរៀបចំទីក្រុងនេះតាមលំនាំទីក្រុងស៊ិនជិន។

ប៉ុន្តែការរង់ចាំមើលការងើបឡើងវិញ ក្នុងសភាពដូចមុនវិបត្តិកូវីដ១៩ និងមុនពេលបិទ ហ្គេមកាស៊ីណូ ទំនងជាត្រូវការរយៈពេលវែងបន្ថែមទៀត ខណៈតម្លៃដីធ្លី ផ្ទះជួល និងអចលនទ្រព្យដទៃទៀតបានកើនឡើងស្ទើរ១០០០ភាគរយរួចទៅហើយ។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានទាក់ទាញទុនវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិ ក្នុងទំហំទុនប្រមាណ៨០០០លានដុល្លារ ដែលទុនវិនិយោគដ៏សម្បើមនេះបានធ្វើឲ្យទីក្រុងនេះផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង ហើយទីក្រុងនេះបានប្រែក្លាយ ពីភាពស្ងប់ស្ងាត់ មកជាទីក្រុង ដែលមានការកកស្ទះចរាចរណ៍មិនធ្លាប់មាន។

ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល ដែលចំណាយទុនវិនិយោគពីរដ្ឋាភិបាលប្រមាណ៣០០លានដុល្លារ បានផ្តល់សញ្ញាវិជ្ជមាន សម្រាប់វិស័យអចលនទ្រព្យ ប៉ុន្តែតារាកំពុងរះនេះ ត្រូវបានរងភាពស្រអ័ព្ទ ដោយសារការផ្ទុះឡើងនៃវិបត្តិជំងឺកូវីដ១៩ ដោយការការបិទហ្គេមអនឡាញ និងហេតុការណ៍ជាច្រើនទៀត។

អន្តរជាតិសម្លឹងក្នុងទិដ្ឋភាពខុសពីមុន
ការអនុញ្ញាត្តឲ្យកប៉ាល់ Westerdam ចូលចតរបស់សម្តេចតេជោហ៊ុន សែនបានធ្វើឲ្យពិភពលោកស្គាល់ទីក្រុងនេះ ដែលពួកគេមិនដែលនឹកនាដល់កាលពីពេលកន្លងមក។

វត្តមានផ្លូវ៣៤ខ្សែនៅក្រុងព្រះសីហនុ ក៏បានសាយភាយល្នីរន្ទឺដល់ប្រទេសជិតខាងផងដែរ ប៉ុន្តែការកើនឡើងនូវវត្តមានអាគារកប់ពពកទៅវិញទេ ដែលធ្វើឲ្យខេត្តនេះ ទាក់ទាញភ្ញៀវទេសចរណ៍ ទាក់ទាញទុនវិនិយោគបានច្រើនជាងមុន និងកាន់តែមានភាព​លេចធ្លោជាងមុនលើឆាកអន្តរជាតិ ខណៈវិនិយោគិនអន្តរជាតិបាន និងកំពុងត្រៀមវេចលុយ មកកាន់ទីក្រុងនេះជាថ្មី ដើម្បីកំសាន្តជាមួយល្បែងអនឡាញ និងទាក់ទាញផលចំ ណេញពីការវិនិយោគរបស់ពួកគេ។

លោកសន សៀប ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Key Real Estate មានប្រសាសន៍ថា បច្ចុប្បន្ន វិស័យអចលទ្រព្យនៅក្នុងក្រុងព្រះសីហនុ នៅមិនទាន់ល្អប្រសើរនៅឡើយទេ ប៉ុន្តែបើពិនិត្យមើលពីសន្ទុះ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងតែស្ថាបនា និងគ្រោងស្ថាបនា ទីផ្សារនឹងអាចវិលទៅរកស្ថានភាពល្អប្រសើរឡើងវិញយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។

រយៈពេលចុងក្រោយនេះ ក្រុងព្រះសីហនុមានភាពល្អប្រសើរ ខាងហេដ្ឋា​រចនាស ម្ព័ន្ធសំខាន់ៗជាច្រើនដូចជា ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ដែលកំពុងស្ថាបនា គម្រោងផ្លូវ៣៤ខ្សែដែលស្ថាបនាជិតរួចរាល់ និងគម្រោងកំពង់ផែទឹកជ្រៅស្ដង់ដារអន្តរជាតិដែលកំពុងសិក្សាដើម្បីស្ថាបនា។

ហេដ្ឋារចនាសម្ព័ន្ឋស្នូល
ការកែលំអរផ្លូវជាតិលេខ៤នាពេលខាងមុខ ស្របពេលផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែលអាចបើកបរក្នុងល្បឿន១០០ ទៅ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ជាល្បឿនមួយ ដែលនឹងដើរស្របគ្នាជាមួយការរីកចម្រើន ក្រុងព្រះសីហនុនាពេលអនាគត។

ប៉ុន្តែយ៉ាងណាក៏ដោយ ផ្លូវប្រវត្តិសាស្រ្ត នៃគម្រោងខ្សែក្រវ៉ាត់១ ផ្លួវ១របស់ប្រទេសចិននេះ មិនគ្រប់គ្រាន់ទេ សំរាប់ការស្តារ និងធ្វើឲ្យទីក្រុងនេះរសរវើកឡើងវិញ។ វាទាម​ទារកត្តាជាច្រើនទៀត ដូចជា គោលនយោបាយបើកចំហររបស់រដ្ឋាភិបាល ការបើកហ្គេមអនឡាញឡើងវិញ និងការបញ្ចប់នូវកលយុគនៃការាតត្បាតជំងឺកូវីដ ដើម្បីធានាថា ការមកដល់នៃភ្ញៀវទេសចរណ៍អន្តរជាតិ អ្នកវិនិយោគជាតិ អន្តរជាតិលែងបារម្ភពីការឆ្លងជំងឺកូវីដ១៩។

រូបសំណាកតោធំៗចំនួន២ ដែលតំណាងឲ្យក្រុងព្រះសីហនុ បាននិងកំពុងឈរក្រហើៗនៅឡើយ។ វត្តមាននៃសមរភូមិ និងទំនាក់ទំនងកាលពីអតីតកាល ដែលដឹកនាំដោ​យសម្តេចព្រះបរមរតនៈកោដិ និងការកសាងមូលដ្ឋានមាស ដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលកំពុងកសាង​ “សហគមន៍ពីរ វាសនាតែមួយ” នឹងធ្វើឲ្យទីក្រុងនេះងើបពីសុបិនអាក្រក់របស់ខ្លួននៅ ពេលខាងមុខឆាប់ៗនេះ ឬយូរជាងនេះ អាស្រ័យលើការបិទបញ្ចប់នៃយុគសម័័យកូវីដ១៩។

ការរៀបចំកសាងទីក្រុងស៊ិនជិនថ្មី
បន្ថែមលើគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដែលជាគោលនយោបាយមួយរុញទីក្រុងបី ឲ្យមានភាពរីកចម្រើនយ៉ាងឆាប់រហ័សពីបដិវត្តន៍ឧស្សាហកម្ម4.0 ខេត្តព្រះសីហនុ ទទួលបានផលច្រើនជាងទីក្រុងពីរទៀត គឺទីក្រុងបាវិត និងទីក្រុងប៉ោយប៉ែត ដែលបច្ចុប្បន្នស្ថិតក្នុងសភាពសន្លប់ធំនៅឡើយ។
ការងើបឡើងពីដំណេក របស់កោះតេជោមរកត (កោះពស់) បាននិងកំពុងប្រៀបនឹងប្រផ្នូលមួយ ដែលជំរុញឲ្យការងោកងុយរបស់ទីក្រុងនេះ ត្រូវបានដាស់ឡើងវិញ ខណៈវត្តមានអាគារកប់ពពកជាច្រើនបាន និងកំពុងចាប់ផ្តើមសាងសង់ឡើងវិញបណ្តើរ​ៗផងដែរ។

ទំនាក់ទំនង ទំនាក់ទំនង ផលប្រយោជន៍ផ្នែកជំនួញផង ផលប្រយោជន៍ផ្នែកភូមិសាស្រ្តនយោបាយផង ការរៀបចំខ្លួនរួចរាល់សម្រាប់ ទទួលភ្ញៀវទេសចរណ៍អន្តរជាតិ និងវិនិយោគិនចិននាពេលខាងមុខ បាននិងកំពុងធ្វើបណ្តើរៗហើយ ស្របពេលប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណកម្មការអន្តរក្រសួង ដើម្បីរៀបចំអភិវឌ្ឍន៍ទីក្រុងនេះ តាមបែបទីក្រុងស៊ិនជិនថ្មីមួយ នៃទស្សនទានអភិវឌ្ឍន៍បែបពហុបំណង។

ជាមួយទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុរ ស្ពានកោះវែងអន្លាយ ប្រៀបដូចឥន្ឋនូចុះកណ្តាលសាគរ វត្តមានអាគារកប់ពពក ជាលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មរសរវើក ព្រលានយន្តហោះលំដាប់អន្តរជាតិបានពង្រីករួច ការសាងសង់បញ្ចប់់នូវផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុលឿនជាងផែនការ ហេដ្ឋារចនាសម្ព័ន្ឋដ៏ស្រស់ស្អាតទាំង៣៤ខ្សែ ទីក្រុងដែលកំពុងស្ងប់ស្ងាត់នេះ នឹងមានសភាពអូរអរឡើងវិញ នៅឆ្នាំ២០២២ខាងមុខ ជាមួយនឹងស្នាមញញឹម ក្តីសង្ឃឹមថ្មីសំរាប់អ្នកខកចិត្តមួយចំនួន។

យ៉ាងណាក៏ដោយ សុបិនដ៏ផ្អែមល្ហែមនារាត្រីកន្លងមក ទំនងជាត្រូវរង់ចាំយូរបន្តិច ប៉ុន្តែយ៉ាងណា​ក៏ដោយ ក៏ប្រជាជនមូលដ្ឋាន អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ អាចគេងលក់ស្រួលជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here