តើក្រុមហ៊ុនសំណង់ធំបំផុតក្នុងពិភពលោកស្ថិតនៅប្រទេសណា មានលុយច្រើនកម្រិតណាទៅ?

0

ដោយៈ សុខុម

អន្តរជាតិៈ មិត្តអ្នកអានប្រហែលជាបានស្គាល់រួចមកហើយ នូវក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេបំផុត ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ នោះគឺក្រុមហ៊ុនកាណាដា Brookfield Asset Management ដែលមានទ្រព្យសកម្មដល់ទៅ៦០២ពាន់លានដុល្លារអាមេរិក។

ចុះចំណែកក្រុមហ៊ុនសំណង់វិញ? តើអ្នកដឹងទេថា ក្រុមហ៊ុនសាងសង់ដែលធំជាងគេបំផុតក្នុងពិភពលោកមានឈ្មោះអ្វី ស្ថិតនៅប្រទេសណា មានលុយច្រើនកម្រិតណា ហើយមានប្រវត្តិដូចម្ដេចខ្លះ?។

យោងតាមសារព័ត៌មាន Constructionblog ចុះផ្សាយកាលពីថ្ងៃទី៨ មេសា ឆ្នាំ២០២១ ឱ្យដឹងថា ក្រុមហ៊ុន Actividades de Construcción y Servicios S.A. ហៅកាត់ថា ACS បានជាប់ឈ្មោះជាក្រុមហ៊ុនសាងសង់ ដែលធំជាងគេបំផុតក្នុងពិភពលោកជាមួ​យនឹងទ្រព្យសកម្ម សរុប៤៦,៦៧ពាន់លានដុល្លារអាមេរិក និងបុគ្គលិកចំនួន១៩០.៥០០នាក់។

*ប្រវត្តិក្រុមហ៊ុន
យោងតាម Wikipedia ឱ្យដឹងថា ក្រុមហ៊ុនសំណង់ ដែលមានទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញនេះត្រូវបានបង្កើតឡើង នៅពេលវិស្វករមួយក្រុមបានរួមគ្នា ទិញយកក្រុមហ៊ុនសំណង់មួយមានឈ្មោះថា Construcciones Padrós S.A. ដែលមានវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ១៩៨៣។

ក្រុមហ៊ុននេះ បានទិញយកក្រុមហ៊ុន ផ្ដល់សេវាកម្មគាំទ្រមួយមានឈ្មោះថា Cobra ហើយបានច្របាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុន OCISA S.A. ដើម្បីបង្កើតក្រុមហ៊ុនថ្មីដោយដាក់ឈ្មោះថាOCP Construcciones, S.A. ក្នុងឆ្នាំ១៩៩៣។ ក្រុមហ៊ុននេះ បានបន្តច្រ​បាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុន Ginés Navarro Construcciones, S.A. ដើម្បីបង្កើតក្រុមហ៊ុនថ្មី ដោយដាក់ឈ្មោះថា Grupo ACS ជាភាសាអេស្ប៉ាញ ឬ ACS Group ជាភាសាអង់គ្លេស ក្នុងឆ្នាំ១៩៩៧។

ក្រោយមកទៀត ក្រុមហ៊ុននេះបានទិញយកក្រុមហ៊ុន Onyx SCL ដែលជាក្រុមហ៊ុនម៉ៅការគម្រោងកែលម្អបរិស្ថាន ក្នុងគម្រោងសាងសង់នានាក្នុងឆ្នាំ១៩៩៩ និងបានទិញយកភាគហ៊ុន ក្នុងក្រុមហ៊ុនទូរគមនាគមន៍ចំនួនពីរទៀត គឺក្រុមហ៊ុន Xfera និងក្រុមហ៊ុន Broadnet ក្នុងឆ្នាំ២០០០ មុនពេលបន្តទិញយកក្រុមហ៊ុន Dragados S.A. ជាក្រុមហ៊ុនម៉ៅកាដ៏ធំមួយ ដែលត្រូវបានបង្កើតឡើងអំឡុងសង្គ្រាមលោកលើកទី២ ដើម្បីទទួលគម្រោ​ងស្ដារភក់ និងដីខ្សាច់នៅកំពង់ផែ Port of Tarifa ហើយក្រោយមកទៀតទទួលបានការងារយ៉ាងច្រើន ខាងវិស្វកម្មវារីអគ្គិសនី និងវិស្វកម្មស៊ីវិលក្នុងឆ្នាំ២០០៣។

ក្នុងឆ្នាំ២០០៦ ក្រុមហ៊ុននេះបានទិញយកភាគហ៊ុន២២% ក្នុងក្រុមហ៊ុនអគ្គិសនីអេស្ប៉ាញ ឈានមុខគេឈ្មោះ Unión Fenosa (ក្រោយមកបានទិញថែមដល់៤៥%) មុនពេលលក់វា ឱ្យទៅក្រុមហ៊ុនអេស្ប៉ាញ Gas Natural ក្នុងឆ្នាំ២០០៨ ហើយក្នុងឆ្នាំ២០១១ ក្រុមហ៊ុន ACS Group បានបង្កើនភាគហ៊ុនរបស់ខ្លួន ក្នុងក្រុមហ៊ុនសំណង់អាល្លឺម៉ង់ Hochtief ដល់៥០,១៦%រហូតក្លាយជាក្រុមហ៊ុនសំណង់ធំបំផុត ក្នុងពិភពលោកនាពេលបច្ចុប្បន្ន។

*គម្រោងធំៗដែលក្រុមហ៊ុននេះសម្រេចបាន
គម្រោងធំៗដែលក្រុមហ៊ុននេះសម្រេចបាន រួមមាន គម្រោងទំនប់វារីអគ្គិសនី Alqueva Dam ក្នុងប្រទេសព័រទុយហ្គាល់ ដែលបញ្ចប់ក្នុងឆ្នាំ២០០២ គម្រោងមជ្ឈមហោស្រពអូប៉េរ៉ា Palau de les Arts Reina Sofia ក្នុងប្រទេសអេស្ប៉ាញ ដែលបញ្ចប់ក្នុងឆ្នាំ២០០៥។ គម្រោងអគារកម្ពស់៣៨ជាន់ Torre Agbar ក្នុងប្រទេសអេស្ប៉ាញ ដែលបញ្ចប់ក្នុងឆ្នាំ២០០៨។ គម្រោងអគារកប់ពពកកម្ពស់២៤៩ម៉ែត្រ Torre de Cristal ដែលខ្ពស់បំផុតនៅអេស្ប៉ាញ ដែលបញ្ចប់ក្នុងឆ្នាំ២០០៨ និងគម្រោងអគារ៤៥ជាន់ Torre Caja Madrid កម្ពស់២៤៨,៣ម៉ែត្រ ដែលជាអគារខ្ពស់បំផុតទី២ នៅអេស្ប៉ាញ ដែលបញ្ចប់ក្នុងឆ្នាំ២០០៨។

គម្រោងផ្លូវរថភ្លើងល្បឿនលឿនអន្តរជាតិ LGV Perpignan–Figueres ប្រវែង១៧៥,៥គីឡូម៉ែត្រ តភ្ជាប់ប្រទេសបារាំង និងអេស្ប៉ាញ ដែលបញ្ចប់ក្នុងឆ្នាំ២០០៩។ គម្រោងទំនប់វារីអគ្គិសនី Portugués Dam នៅប្រទេសដែនកោះពើតូ រីកូ (Puerto Rico) ដែលបញ្ចប់ក្នុងឆ្នាំ២០១៤ និងគម្រោងថាមពន្លឺព្រះអាទិត្យខ្នាយយក្ស Crescent Dunes Solar Energy Project ដែលមានកម្លាំង១១០មេហ្គាវ៉ាត់ និងសមត្ថភាពផ្ទុកថាមពល១,១ជីហ្គាវ៉ាត់ម៉ោងនៅសហរដ្ឋអាមេរិក ដែលបញ្ចប់ក្នុងឆ្នាំ២០១៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here