អ្នកជំនាញៈ វិស័យអចលនទ្រព្យជាចន្ទល់សេដ្ឋកិច្ចមួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើងជាបណ្តើរៗ

0

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញបានលើកឡើថា ការនាំចេញវិស័យកសិកម្ម អនុវិស័យកាត់ដេរ រួមជាមួយការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ជាដើម គឺជាចន្ទល់សេដ្ឋកិច្ច ដែលបានកំពុងជំរុញសេដ្ឋកិច្ចកម្ពុជាំងើបឡើងវិញជាបណ្តើរៗ។

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានថ្លែងប្រាប់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះថា បញ្ហាប្រឈមនៅក្នុងវិបត្តិកូវីដ១៩ គឺបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយើង ក្នុងនោះចំពោះវិស័យអចលនទ្រព្យក៏ជាផ្នែកមួយក្នុងការប៉ះពាល់ដោយសារវិបត្តិជម្ងឺនេះផងដែរ ដែលជាការរាំងស្ទះដល់ការអភិវឌ្ឍន៍វិស័យនេះ និងការបាត់បង់អ្នកវិនិយោគទុន ជាពិសេសអ្នកវិនិយោគទុនបរទេសជាដើម។

លោកបានបន្តថា ស្ថិតនៅក្នុងដំណាក់កាលនេះការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ បានកំពុងដំណើរជាធម្មតា ប៉ុន្តែស្ថិតនៅក្នុងល្បឿនយឺត តែទោះបីជាយ៉ាងចំពោះការអភិវឌ្ឍន៍វិស័យសំណង់រួមមាន៖ គម្រោងសាងសង់លំនៅឋាន កំពុងត្រូវបានលេចធ្លោ រួមជាមួយការអភិវឌ្ឍន៍ទីក្រុងថ្មីៗ និងផ្នែកគម្រោងខុនដូ ក៏ជាផ្នែកយ៉ាងសំខាន់នៃការអភិវឌ្ឍន៍ ដោយឡែកចំពោះវិស័យដីធ្លីក៏បន្តមានចរន្តជាហូរហែរផងដែរ។

ជាមួយគា្ននេះដែរទាក់ទងនឹងឧស្សាហកម្មកាត់ដេរវិញ លោកកាំង ម៉ូនីការអគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា លើកឡើងថា ដោយសារការរីករាលដាលជម្ងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍២០ កុម្ភៈ នៅតែបន្ត វិស័យកាត់ដេរបានជួបបញ្ហាខ្លះៗនៅក្នុងការប្រកួតប្រជែង តែទោះបីយ៉ាងណាយើងសង្កេតឃើញថា ការនាំចេញផលិតផលធ្វើដំណើរកំពុងមានការកើនឡើង ដោយកម្ពុជាទទួលបានការនាំចេញរួចពន្ធទៅកាន់សហរដ្ឋអាមេរិក ដោយយើងរំពឹងទុកថា នឹងបន្តមានកំណើនក្នុងពេលខាងមុខទៀត។

ជុំវិញការងើបឡើងវិញនៃសេដ្ឋកិច្ច ឯកឧត្តម មាស សុខសេនសាន្ត អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា តាមការព្យាករណ៍របស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចយើងនឹងងើបឡើងវិញក្នុងកំណើនរង្វង់ ៣,៥ ភាគរយ ទៅ ៤ ភាគរយ ដោយទ្រទ្រង់វិស័យ និងអនុវិស័យសំខាន់ៗមួយចំនួនដូចជា៖ វិស័យកសិកម្ម អនុវិស័យកម្មន្តសាល អនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ដែលបានបង្ហាញនូវក្នុងអត្រាវិជ្ជមាន ក្នុងនោះយើងនៅមានវិស័យដែលជួយទ្រទ្រង់បន្ថែមមួយចំនួនទៀតដូចជា៖ វិស័យលក់ដុំលក់រាយ, អនុវិស័យអចលនទ្រព្យ និងអនុវិស័យកាត់ដេរ ដែលអាចមានកំណើនថមថយបន្តិច ខុសនឹងការរំពឹងទុក។

ដោយឡែកធនាគារពិភពលោកវិញ ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងទទួលបានកំណើនជិត៤ភាគរយ ក្នុងឆ្នាំ ២០២១ ដោយសារការរំពឹងទុកនៃការងើបឡើងវិញបន្តិចម្តងៗនៃសេដ្ឋកិច្ច, ខណៈវិស័យមួយចំនួនមានការរីកចម្រើន ផ្នែកដទៃផ្សេងទៀតនៅគាំងទ្រឹង ដោយសារតែការរាតត្បាតនៃជំងឺ ក្នុងនោះវិស័យកសិកម្ម នៅរក្សាភាពធន់ ដោយសារមានតម្រូវការខ្លាំង ជាពិសេសកម្ពុជាបាននាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន ។

ចំណែកផ្នែកឧស្សាហកម្មផលិតវិញ បានងើបឡើងវិញជាបណ្តើរៗផងដែរ ដោយត្រូវសម្របខ្លួនទៅតាមលក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ។ ចំពោះអាជីវកម្មបោះដុំនិងលក់រាយ បានកំពុងប្រឹងងើបឡើងវិញក្នុងល្បឿនយឺត ខណៈសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ងើបឡើងវិញបន្តិចម្តងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here