ស្វែងយល់​ពី​ភូមិ​គំរូ​មិត្តភាព​កម្ពុជា ចិន​នៅ​ស្រុក​បាទី​ខេត្តតាកែវ តើ​មាន​សមិទ្ធផល​អ្វីខ្លះ?

ដោយ​គង់ សូរិយា

ភ្នំពេញៈ ចំណងមិត្តភាព​កម្ពុជា ចិន​មិនអាច​បំបែក​បាន! ចំណងមិត្តភាព​នេះ​បាន​រុញ​កម្ពុជា ឲ្យ​ឈាន​ឡើងលើ​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ប្រពៃណី​វប្ប​ធ៌​ម។

ផ្សារភ្ជាប់​នូវ​ទឹកចិត្ត និង​មិត្តភាព​ឲ្យ​កាន់តែ​រីកដុះដាល​សម្រាប់​ប្រជាជាតិ​ទាំងពីរ ប្រទេស​ចិន បាន​កសាង​និង​រៀ​ចំ​គំរោង​ភូមិ​គំរូ​មិត្តភាព​កម្ពុជា-ចិន គឺ​បង្កើតឡើង​ក្នុង​គោលបំណង​កាត់បន្ថយ​ភាពក្រីក្រ។

ក្រៅពី​គម្រោង​ភូមិ​គំរូ​នេះ ចិន​ក៏បាន​ប្រគល់​អគារសិក្សា «ចំណងមិត្តភាព​វិថី​សូត្រ​សមុទ្រ» ចំនួន​ពីរ​ខ្នង​ជូន​កម្ពុជា​ផងដែរ។

គម្រោង​ភូមិ​គំរូ​មិត្តភាព​ចិន​និង​កម្ពុជា ដែល​រៀបចំ​ដោយ​មូលនិធិ​របស់​ចិន គឺ​សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ ដែលមាន​ទីតាំង​ក្នុងភូមិ​តា​នន ស្រុក​បាទី ខេត្តតាកែវ ត្រង់ចំណុច​គីឡូ​លេខ៦០ នៃ​ខាងត្បូង​រាជធានី​ភ្នំពេញ។

បន្ថែម​ពីនេះ គម្រោង​នេះ​មាន​ចំនួន​ទឹកប្រាក់​សរុប​ជិត១.៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ផ្តល់ជូន​ដោយ​មូលនិធិ​ចិន​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍន៍។

មន្ត្រី/មូលនិធិ​ខាងលើ​បានឱ្យដឹងថា ការអនុវត្ត​គម្រោង​ខាងលើនេះ​ក្នុង​គោលបំណង​ជួយ​កសាង​ផ្លូវថ្នល់ តាម​ទីជនបទ​ជូន​ដល់​ភូមិ​ខាងលើ ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ កែលម្អ​ស្ថានភាព​នៃ​វិស័យ​អប់រំ និង​សុខាភិបាល និង​អភិវឌ្ឍន៍​គម្រោង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុងភូមិ មានដូចជា ការចិញ្ចឹម​សត្វ បង្កើត​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស កែលម្អ​បរិស្ថាន​សាធារណ​ក្នុងភូមិ​ជាដើម។

ចំណែក ឯ​អគារសិក្សា​ទាំងពីរ​ខ្នង ក៏​ជា​អំណោយ​របស់​មូលនិធិ​ខាងលើ​ផងដែរ រួមមាន​សាលាបឋមសិក្សា​អង្គ​កំន​ប់ ស្ថិតក្នុង​ស្រុក​បាទី និង​វិទ្យាល័យ​សុខ​អាន ដូង​ខ្ពស់​ស្ថិតក្នុង​ស្រុក​បូរី​ជលសារ ដែល​ចំណាយ​ទឹកប្រាក់ សរុប​ជាង៥០ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។ អគារ​និមួយៗមាន​ចំនួន២ជាន់ ដែលមាន​ថ្នាក់រៀន​សរុប១២បន្ទប់ និង​មាន​តុ​និង​កៅអី សម្ភារៈ​សម្រាប់​បង្រៀន និង​អំពូល​ភ្លើង​អគ្គិ​នី​គ្រប់គ្រាន់ ហើយ​អគារ​និមួយៗអាច​ផ្ទុក​សិស្សានុសិស្ស​ជាង៩៦០រូប​ផងដែរ៕

ចំណេះដឹង​ថ្មីៈ​សិក្សា៤ចំណុច​នេះ​សិន​មុន​សម្រេចចិត្ត​ទិញ​ឬ​ជួល​ផ្ទះ​គេ​ស្នាក់នៅ

ដោយៈ សាវុធ

ភ្នំពេញៈ ប្រជាជន​ខ្មែរ​មួយចំនួនធំ ជាពិសេស​អ្នក​ដែលមាន​គ្រួសារ​ហើយ ប្រាកដជា​ធ្លាប់​សួរ​ខ្លួនឯង​ហើយ​ថា គួរ​ទិញ​ផ្ទះ​ឬ​ជួល​ផ្ទះ ការទិញ​ផ្ទះ​គឺជា​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ ដូចនេះហើយ​ចាំបាច់ ត្រូវ​គិតគូរ​ឲ្យ​បានច្បាស់លាស់ មុន​សម្រេចចិត្ត​កុំ​ឲ្យ​ខូច​ការណ៍។

ថ្ងៃនេះ យើង​នឹង​លើកយក​ចំណុច​ខ្លះ ដើម្បី​ឲ្យ​អ្នក​ទាំងអស់គ្នា​ពិចារណា​ថា​តើ​គួរ​ទិញ​ផ្ទះ​ឬ​ជួល​ផ្ទះៈ

ទី១) ថ្លៃ​ទិញ​និង​ថ្លៃ​ជួល

ការទិញ​ផ្ទះ ត្រូវ​ការចំណាយ​ហិរញ្ញវត្ថុ​ទ្រង់ទ្រាយ​ធំ ប៉ុន្ដែ​ការជួល​ផ្ទះ​មិនបាច់​ចំណាយលុយ​ទាំង​ដុំ​នោះទេ។

អ្នក​ត្រូវ​ថ្លឹងថ្លែង​ឲ្យ​បាន​ច្បាស់ ពី​គុណ​វិ​បិ​ត្ត និង​គុណសម្បត្តិ​ក្នុង​ការទិញ​ផ្ទះ ព្រោះ​វា​អាចមាន​ការប៉ះពាល់​ដល់​ការសម្រេចចិត្ត​របស់​អ្នក។

ទី២) អត្ថប្រយោជន៍​នៃ​ការ​ក្លាយជា​ម្ចាស់ផ្ទះ

ពេលដែល​អ្នក​បង់​ផ្ដាច់​ថ្លៃ​ផ្ទះ អ្នកជា​ម្ចាស់​កម្មសិទ្ធិ១០០ភាគរយ ហើយ​អ្នក​មិនចាំបាច់​ខ្វល់ខ្វាយ​រឿង​រក​កន្លែង​នៅ​ថ្មី ឬ​ប្ដូរ​ទីតាំង​បន្ទាប់ពី​ដាច់​កុងត្រា​ជួល​ផ្ទះ។

ផ្ទះ​គឺជា​អចលនទ្រព្យ ដែល​ប្រជាជន​ខ្មែរ​ទុកដូចជា ទ្រព្យសម្បត្តិ​ដែល​ទុក​យូរ​កាន់តែ​ឡើងថ្លៃ កាន់តែ​ចំណេញ។

អ្នក​អាចធ្វើ​ការជួសជុល កែច្នៃ​ផ្ទះ​របស់​អ្នក​បាន ដោយ​សេរី​មិនចាំបាច់​សូម​ការអនុញ្ញាត​ពី​ម្ចាស់ផ្ទះ។

ទី៣) គុណ​វិ​បិ​ត្ត​នៃ​ការ​ក្លាយជា​ម្ចាស់ផ្ទះ

បច្ចុប្បន្ននេះ ប្រជាជន​ខ្មែរ​និយម​ទិញ​ផ្ទះ តាមរយៈ​ការបង់​រំ​លោះ។ ការបង់​រលោះ​ពេលខ្លះ ក៏បង្ក​ជា​ផលវិបាក​ដល់​អ្នក​ដែរ ដោយសារតែ​ការប្រាក់​ខ្ពស់ និង​ត្រូវ​ការចំណាយ  រយៈពេល​យូរ​ទម្រាំ​បង់​ផ្ដាច់។

អ្នក​ត្រូវ​ចំណាយ​ប្រាក់​សន្សំ របស់​អ្នក​ទាំងអស់​សម្រាប់​ទិញ​ផ្ទះ ពេលខ្លះ​ត្រូវ​កាត់បន្ថយ​ការចំណាយ​ផ្ទាល់ខ្លួន​ទៀតផង។

ត្រូវ​ចាំ​ថា ពេលខ្លះ​អ្នក​ចាំបាច់ ត្រូវធ្វើ​ការជួសជុល​ក​ន្លែ​ង​ខូចខាត​ដូចជា​តំបូល បន្ទប់ទឹក ចង្ក្រាន​បាយ​ជាដើម។ ម្យ៉ាងវិញទៀត អ្នក​ក៏ត្រូវ​ទិញ​គ្រឿង​សង្ហារ​រឹមថ្មីៗ និង​របស់​ប្រើប្រាស់ផ្សេងៗពេល​រើ​ចូល​នៅ ដែល​បន្ថែម​ពីលើ​ការចំណាយ។

ប្រសិនបើ​អ្នករស់នៅ​ជាមួយ​ដៃគូ ហើយ​ឈានដល់​ការ​បែកខ្ញែក​នោះ​ការបែងចែក​ទ្រព្យសម្បត្តិ​អាចមាន​ភាពស្មុគស្មាញ។

ប្រសិនបើ​ផ្ទះ​អ្នក​ចុះថ្លៃ ស្រប​ពេលដែល​អ្នក​ចង់​លក់ ដោយសារ​អ្នក​ជាប់បំណុល​នោះ​អាចជា​ហានិភ័យ​មួយ​ដែល​គួរ​ពិចារណា។

៤)សួរ​ខ្លួនឯង​តើ​អ្នកមាន​លទ្ធភាព​ទិញ​ទេ?

ជំហាន​ដំបូង​ឆ្ពោះទៅរក​ការទិញ​អចលនទ្រព្យ គឺ​ត្រូវ​គិត​ឱ្យបាន​ច្បាស់​ថា តើ​អ្នក​អាច​ទិញ​វា​បាន​ដែរឬទេ? ព្រោះ​ចំនុច​ខាងក្រោម​ជា​អ្វី ដែល​អ្នក​ត្រូវ​ចំណាយ ប្រសិនបើ​អ្នកទិញ​ផ្ទះ: ប្រាក់​បង់​រំ​លោះ ឬ​សាច់ប្រាក់​សម្រាប់​ទិញ​ផ្ទះ ថ្លៃ​សេវាកម្មផ្សេងៗ ពន្ធ​ផ្ទះ ការចំណាយ​លើ​ថ្លៃ​ជួសជុល​ខូចខាត និង​វិក្ក​យ​ប័ត្រ​ប្រចាំខែ​លើ​ថ្លៃ​ទឹក​ភ្លើង​ជាដើម៕ Spean៕

រឿងសំខាន់ៗចំនួន៣ដែលអ្នកត្រូវដឹងនៅពេលជំងឺកូវីដបញ្ចប់នាពេលខាងមុខ

          ដោយៈស៊ីវ ម៉េង

          ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា រឿងសំខាន់ៗជាច្រើន ដែលអ្នកត្រូវដឹងក្រោយពេលបញ្ចប់វិបត្តិកូវីដ១៩ ដែលវាមានជាប់ពាក់ព័ន្ឋនឹងគុណភាពជីវិតរបស់អ្នក ទាំងប្រាក់ចំណូល និងផែនការវិនិយោគ។

អ្នកវិភាគនៅក្នុងវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចបានលើកឡើងថា ជំងឺកូវីដមិនត្រឹមតែប៉ះពាល់លើវិស័យអចលនទ្រព្យទេ គឺគ្រប់វិស័យទាំងអស់ ដែលជំងឺកូវីដបានជះឥទ្ឋិពល ទៅលើបញ្ហាសេដ្ឋកិច្ចចំពោះគ្រួសារ ក្នុងប្រទេស ឬពិភពលោកទាំងមូល ពោលគឺជំងឺនេះបានឲ្យយើងដឹងថា “អ្វីដែលយើងមានគឺខ្លួនយើង និងគ្រួសាររបស់យើង”។

“អ្វីសំខាន់បំផុតគឺការមិនដាក់ស៊ុត ក្នុងកន្រ្តកតែមួយ មានន័យថា យើងត្រូវធ្វើពិពិធកម្ម ដើម្បីបញ្ចៀសហានិភ័យ។ ដូច្នេះបើយើងវិនិយោគ គឺមិនត្រូវវិនិយោគលើវិស័យអចលនទ្រព្យទាំងអស់ទេ”។ លោកស្រីបន្តថា “បើវិនិយោគលើវិស័យស​ណ្ឋាគារ យើងមិនត្រូវវិនិយោគតែលើវិស័យនេះមួយទេ ព្រោះបើយើងវិនិយោគលើវិស័យតែមួយ បើវាដួលគឺដួលទាំងអស់ នេះជាអ្វីដែលជំងឺកូវីដបានបង្រៀនយើង ពីភាពបត់បែនក្នុងការវិនិយោគ”។លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិបញ្ជាក់ឲ្យដឹង។

លោកស្រីអាន សុធីបានបន្ថែមថា ជាមួយគ្នានេះ យើងក៏មិនត្រូវវិនិយោគរហូតដល់អស់លុយពីក្នុងខ្លួននោះទេ គឺយើងត្រូវតែមានលុយត្រៀម សម្រាប់បង្ការហានិភ័យណាមួយកើតឡើង ព្រោះយើងមិនដឹងថាមានអ្វីនឹងកើតឡើងនោះទេ។

លើសពីនេះ លោកង៉ែត ជូអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រជាពលរដ្ឋខ្មែរ ពិសេសយុវជនគួរស្វែងរកឬបង្កើតឲ្យមានចំណូលទី២ ក្នុងជីវិតរបស់ខ្លួនបន្ទាប់ពីវិបត្តិជំងឺកូវីដ ព្រោះការមានប្រភពចំណូលតែមួយ នឹងបង្កហានិភ័យដល់ខ្លួនឯង និងគ្រួសាររបស់ខ្លូននៅពេលមានវិបត្តិកើតមានឡើង ដូចជាវិបត្តិជំងឺកូវីដជាដើម។

បញ្ហាពិតប្រាកដបាន និងកំពុងកើតមានលើគ្រួសារខ្មែរ ដែលពឹងផ្អែកលើប្រភពចំណូលតែមួយ ដោយសារការពឹងផ្អែកលើប្រាក់ខែនៅស្ថាប័នណាមួយ ឬក្រុមហ៊ុនណាមួយ នៅពេលក្រុមហ៊ុននោះបិទទ្វារ ឬក្ស័យទុន នឹងធ្វើឲ្យយើងមានបញ្ហាលំហូរសាច់ប្រាក់សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារផងដែរ៕

ផ្សារទំនើប AEON MALL3 សាងសង់ជាមួយល្បឿនយ៉ាងលឿន ខណៈតំបន់ ផ្លូវ៦០ម៉ែត្រកាន់តែរសរវើក

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ផ្សារទំនើបលំដាប់អន្តរជាតិAEON MALL3ស្ថិតនៅលើមហាវិថីសម្តេច

តេជោហ៊ុន សែនបាននិងកំពុងសាងសង់យ៉ាងលឿន បើទោះកម្ពុជាកំពុងជាប់ផុងក្នុងវិបត្តិជំងឺកូវីដក្តី។

ផ្សារទំនើបលំដាប់អន្តរជាតិនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី៧ តុលានេះ។

តាមរយៈការធ្វើដំណើរកាត់គំរោងនេះ នាល្ងាចថ្ងៃទី៦ ឧសភានេះ ក្រុមអ្នកយកព៌តមានគេហទំព័រPropertyarea.asia បានផ្តិតយករូបភាពមួយចំនួននៃគំរោងនេះ ដោយសង្កេតឃើញថា អាគារជាច្រើននៃគំរោងនេះបានផុសផុតពីដី និងមានកំពស់ពីរទៅបីជាន់រួចហើយ ខណៈកម្មករ និងរថយន្តដឹកសម្ភារៈសំណង់កំពុងធ្វើការងារយ៉ាងមមាញឹក។

អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍នៅពេលចូលរួម ពិធីបើកការដ្ឋាន​សាងសង់ជាផ្លូវការនូវផ្សារទំនើបAEON MALL3ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ខូ អិលធីឌី ដែលបានបណ្ដាក់ទុនបន្ថែមសាងសង់ផ្សារទំនើបគម្រោងទី៣ នៅរាជធានីភ្នំពេញនាពេលនេះ គឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ ព្រោះថាផ្អែកតាមប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញឆ្នាំ២០៣៥ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញត្រូវបានកំណត់ថា ជាតំបន់អភិវឌ្ឍន៍ថ្មីសម្រាប់ទទួលបានគម្រោងសំណង់អគារខ្ពស់ៗ ស្ថាបត្យកម្មប្រណីតៗ និងការអភិវឌ្ឍន៍ទីក្រុងរណប ដើម្បីធានាដល់ការប្រើប្រាស់ដីធ្លី និងសក្កានុពលដែលមានស្រាប់ ក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ លោក ម៉ាសាហ៊ីរ៉ូ មិកាមិ (MASAHIRO MIKAMI)ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍លើកឡើងផងដែរថា ផ្សារទំនើបអ៊ីអន ម៉លជាក្រុមហ៊ុនរបស់ជប៉ុន បានដាក់ទុនរកស៊ីនៅស្រុកខ្មែរ ហើយតាមរយៈ អ៊ីអន ម៉ល ទី១និងទី២ក្នុង១ខែៗ ផ្សារទំនើបនីមួយៗ បានទទួលអតិថិជនបានប្រមាណ១លាននាក់។

លោកបានបញ្ជាក់ថា “ការរីករាលដាលនៃជំងឺកូវី–១៩ វាពិតណាស់ថា បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច មិនដូចការរំពឹងទុករបស់យើងនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនជប៉ុនមួយនេះ នៅតែបន្តនូវវគម្រោងទី៣របស់ខ្លួន នៅក្នុងការកសាងនៅផ្សារទំនើបអ៊ីអនម៉លគម្រោងទី៣នេះថែមទៀត”

លោកជឿជាក់ថា គម្រោងកសាងផ្សារទំនើបអ៊ីអនម៉លគម្រោងទី៣នេះ គ្រោងនឹងរួចរាល់នៅក្នុងឆ្នាំ២០២២ ហើយក្រោយពីបើកអោយដំណើរការ វានឹងមានអតិថិជនប្រមា​ណជា១២លាននាក់ក្នុងមួយឆ្នាំ៕

អង្គការសុខភាពពិភពលោកទទួលថាវ៉ាក់សាំង Sinovacមានប្រសិទ្ធិភាពទប់ស្កាត់ ជំងឺកូវីដ១៩

ដោយៈ ប៊ី

អន្តរជាតិៈ ក្រុមហ៊ុនអ្នកជំនាញរបស់អង្គការ សុខភាពពិភពលោកបានបញ្ជាក់ថា វ៉ាក់សាំងជំងឺកូវីដ-១៩ Sinovac ផលិតដោយក្រុមហ៊ុនចិន  មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ ប្រឆាំងនឹងជំងឺកូវីដ-១៩ ចំពោះមនុស្សពេញវ័យអាយុក្រោម៦០ឆ្នាំពិតមែន ប៉ុន្តែខ្វះទិន្នន័យគុណភាព លើហានិភ័យនៃផលប៉ះពាល់ធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Aljazeera នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។

ក្រុមអ្នកជំនាញខាងប្រឹក្សាយុទ្ធសាស្ត្រ (SAGE) របស់ WHO បានពិនិត្យវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ពីការសាកល្បងដំណាក់កាលទី៣ នៅក្នុងប្រទេសចិន ប្រេស៊ីល ឥណ្ឌូណេស៊ី ទួរគីនិងឈីលី។

ការវាយតម្លៃនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីក្រុមអ្នកជំនាញរបស់ស្ថាប័នជំនា ញខាងប្រឹក្សាយុទ្ធសាស្ត្រ បានបង្ហាញពីទំនុកចិត្តទាប ចំពោះទិន្នន័យដែលផ្តល់ដោយក្រុមហ៊ុនផលិតឱសថចិនមួយទៀតឈ្មោះ Sinopharm លើវ៉ាក់សាំងកូវីដរបស់ខ្លួន ទាក់ ទងនឹងហានិភ័យនៃផលប៉ះពាល់ធ្ងន់ធ្ងរចំពោះអ្នកជំងឺមួយចំនួន។

ទោះបីជាងយ៉ាងក៏ដោយ ក៏ស្ថាប័នជំនាញខាងប្រឹក្សាយុទ្ធសាស្ត្រ មានជំនឿចិត្តទៅលើសមត្ថភាពរបស់វ៉ាក់សាំងនេះ ក្នុងការការពារការឆ្លងរោគ។

ស្ថាប័នជំនាញខាងប្រឹក្សាយុទ្ធសាស្ត្រ បាននិយាយនៅក្នុងការវាយតម្លៃមួយ ដែលត្រូវបានផ្សព្វផ្សាយលើគេហទំព័ររបស់WHOថា “យើងមានទំនុកចិត្តថា វ៉ាក់សាំង Sinovac ចំនួន២ដូស គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺកូវីដ-១៩ ចំពោះមនុស្សពេញវ័យអាយុចាប់ពី១៨ដល់៥៩ឆ្នាំ។

ស្ថាប័នជំនាញខាងប្រឹក្សាយុទ្ធសាស្ត្រ បានលើកឡើងពីគម្លាតភស្តុតាង នៃសុវត្ថិភាពក្នុងការមានផ្ទៃពោះ និងសុវត្ថិភាពការពារ ចំពោះមនុស្សវ័យចំណាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃនិងការវាយតម្លៃករណីមានប្រតិកម្ម៕

ស្ថាប័នវាយតម្លៃសេដ្ឋកិច្ចអាស៊ាន: ការពន្លឿនការចាក់វ៉ាក់សាំងនិងគោលនយោបាយហិរញ្ញវត្ថុជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងវិលត្រឡប់ទៅរកកំណើនវិជ្ជមានវិញនៅឆ្នាំ២០២១ បន្ទាប់ពីការធ្លាក់ចុះកាលពីឆ្នាំមុន ដោយសារការពន្លឿនការចាក់វ៉ាក់ជូនប្រជាជន និងការដាក់ចេញកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ច។ នេះបើយោងតាមការលើកឡើងរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។

ការកើនឡើងនូវករណីឆ្លងជំងឺកូវីដ១៩ចូលសហគមន៍ និងការបិទខ្ទប់តំបន់បង្ហាញពីបញ្ហាប្រឈម ដែលបណ្តាលមកពីជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ ក៏ដូចជាតម្រូវការចាក់វ៉ាក់សាំងលឿនជាងមុន និងវិធានការនិងគោលនយោបាយដែលមានភាពបត់បែនបាន ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។

លោកបណ្ឌិត Seung Hyun Luke Hong អ្នកជំនាញសេដ្ឋកិច្ចនៅឯការិយល័យស្រាវជ្រាវសេដ្ឋកិច្ច AMRO បានមានប្រសាសន៍ថា “ទោះបីជាមានការរំខាននៅក្នុងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកដោយសារការបិទខ្ទប់ក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង៤,០ភាគរយនៅក្នុងឆ្នាំ ២០២១នេះ ដោយសារការស្ទុះងើបឡើងវិញដ៏រឹងមាំនៃវិស័យផលិតកម្ម និងការគាំទ្រដោយការជំរុញសារពើពន្ធ”។

លោកបានថ្លែងបន្តថា ការកើនឡើងថ្មីៗក្នុងករណីឆ្លងចូលសហគមន៍ជំរុញឱ្យមានការឆ្លើយតបយ៉ាងឆាប់រហ័ស ពីរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរាតត្បាត និងពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីទទួលបានជោគជ័យក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

លោកមាស សុខសេនសានអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ចំពោះកញ្ចប់ថវិកាជាង៨០០លានដុល្លារ ដែលរាជរដ្ឋាភិបាលផ្ដល់សម្រាប់ជួយដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ១៩ គឺនៅតែបន្ដបែងចែកថវិកាជូនទៅគណៈកម្មាធិការ តាមក្រសួងស្ថាប័នរៀងៗខ្លួនដដែល។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ទៀតថា បើសិនជាទឹកប្រាក់៨០០លានដុល្លារ ដែលសម្រាប់ជួយដោះស្រាយ បញ្ហាវិបត្តិជំងឺកូវីដ១៩ មិនគ្រប់គ្រាន់ទេនោះ រាជរដ្ឋាភិបាលនឹងបន្ដត្រៀមបម្រុងថវិកាបន្ថែមទៀត។

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំ ស្ដីពីការការធ្វើវិចារណកម្ម (ចំណាយឲ្យសមហេតុសមផល) និងការពង្រឹងប្រសិទ្ធភាព ចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២១។

ការធ្វើវិចារណកម្ម ចំណាយថវិកាឡើងវិញនេះ ក្នុងបុព្វហេតុសន្សំធនធាន ដើម្បីបង្វែរថវិកាមកដោះស្រាយ បញ្ហាជាអាទិភាពនាពេលបច្ចុប្បន្ន ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវី៧-១៩ និងទប់ទល់ផលប៉ះពាល់អវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ច៕

សម្ដេចតេជោដាក់ចេញបទបញ្ជាឱ្យអភិបាលខេត្តនានាកែសម្រួលវិធានការធ្វើចត្តាឡីស័កលើការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ

ដោយៈ លក្ខិណា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាជាបន្ទាន់ឱ្យអភិបាលខេត្តត្រូវពិនិត្យនិងកែប្រែឡើងវិញចំពោះ សេចក្តីសម្រេចរឹតបន្តឹងជ្រុលចំពោះពលរដ្ឋត្រលប់ចូលខេត្តវិញ ។

សាររបស់សម្ដេចបានប្រកាសជាបន្ទាន់ក្រោយពេលអភិបាលខេត្តមួយចំនួនបានប្រកាសតម្រូវឱ្យពលរដ្ឋចូលក្នុងខេត្តរបស់ខ្លួនធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃ ។សម្ដេចមានប្រសាសន៍ថា ការធ្វើបែបនេះគឺវាមិនខុសពីការការបង្កើតរដ្ឋនៅក្នុងរដ្ឋនោះទេ ហើយដូចជាបិទប្រទេសបិទក្រុងបិទតំបន់និងហាក់បីដូចជាពលរដ្ឋឆ្លងប្រទេសទៅប្រទេសមួយទៀតអញ្ចឹងដែរ ។

សម្ដេចតេជោបានមានប្រសាសន៍បន្តថា យើងត្រូវបន្តគ្រប់គ្រងនិងធ្វើចត្តាឡីស័កចំពោះអ្នកដែលសង្ស័យថាមានហានិភ័យថាមានផ្ទុកកូវីដ១៩ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក តែមិនមែនធ្វើចំពោះពលរដ្ឋដែលឆ្លងខេត្តចំពោះខ្លួននោះទេ។ សម្ដេចមានប្រសាសន៍ថា “ខេត្តណាដែលបានចេញសេចក្តីសម្រេចហើយ សូមកែប្រែសេចក្តីសម្រេចនោះជាបន្ទាន់និងឱ្យមានការចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ ហើយខ្ញុំនិយាយនេះមិនមែនសំដៅ មិនឱ្យទប់ស្កាត់ចំពោះអ្នកដែលមានករណីសង្ស័យ ដែលយើងតម្រូវឱ្យយកសំណាកនិងនាំទៅដល់ការធ្វើចត្តាឡីស័កដែលចៀសវាងមិនបាននោះទេ”។

សម្ដេចមានប្រសាសន៍បន្ថែមថា បើសិនជាខេត្តនោះតម្រូវឱ្យអ្នកចូលខេត្តខ្លួនធ្វើចត្តាឡីស័កហើយខេត្តផ្សេងៗធ្វើដូច្នេះដែរ បើអញ្ចឹងមិនបាច់រកស៊ីអីទេ ចត្តាលីស័ក១៤ថ្ងៃ គឺខាតពេលខាតវេលារកស៊ីហើយក៏មិនខុសពីការបិទប្រទេសឡើងវិញដែរ និងធ្វើឱ្យគាំងក្បាលម៉ាស៊ីននៃដំណើរការសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋជាដើម ។

កាលពីព្រឹកមិញនេះ មានខេត្តពីរបានប្រកាសតម្រូវឱ្យអ្នកដែលចូលខេត្តខ្លួនត្រូវធ្វើចត្តាឡីស័ក១៤គឺខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ដូច្នេះសម្ដេចបញ្ជាឱ្យខេត្តទាំងពីរនេះ កែសម្រួលសេចក្តីសម្រេចរបស់ខ្លួន ដែលអាចធ្វើឱ្យសេចក្តីសម្រេចនេះជ្រុលហួសនាំទៅដល់ការរំខានដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងប៉ះពាល់សេដ្ឋកិច្ចបន្ថែមទៀត៕

ភាគហ៊ុននៅអាស៊ី ហក់ឡើងខ្ពស់ដោយសារចំណាត់ការរបស់មហាយក្សចិន ជាមួយអូស្ត្រាលី

ដោយ:សុខុម

គូឡាឡាំពួ: យោងតាមសារព័ត៌មាន The Edge Markets ឱ្យដឹងថា ភាគហ៊ុន និងតម្លៃទំនិញនៅតំបន់អាស៊ី បានហក់ឡើងខ្ពស់នៅថ្ងៃព្រហស្បតិ៍ ទី៦ ឧសភានេះ ស្របពេលមជ្ឈដ្ឋានសាធារណៈមានក្ដីសង្ឃឹមចំពោះការងើបឡើងនៃសេដ្ឋកិច្ច។

ការហក់ឡើងនេះកើតមានឡើង ខណៈរូបិយប័ណ្ណដុល្លារអូស្រ្តាលី ធ្លាក់ថ្លៃ បន្ទាប់ពីមហាយក្សចិន ប្រកាសថា ខ្លួននឹងឈប់ចរចារឿងសេដ្ឋកិច្ចជាមួយរដ្ឋាភិបាលក្រុងកង់បេរ៉ា។

MSCI ដែលជាសន្ទស្សន៍ផ្សារភាគហ៊ុនធំបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុន បានហក់ឡើង០,២៥% ហើយសន្ទស្សន៍ផ្សារភាគហ៊ុនជប៉ុន Nikkei បានហក់ឡើង១,៨% នៅពេលវាបើកដំណើរការឡើងវិញ បន្ទាប់ពីថ្ងៃបុណ្យឈប់សម្រាករយៈពេល៥ថ្ងៃ។

ភាគហ៊ុនចិន ដែលបានបន្តការជួញដូរជាលើកដំបូងចាប់តាំងពីសប្តាហ៍មុនដែរនេះ ទទួលបានលទ្ធផលចម្រុះនៅក្នុងការជួញដូរដំបូង ដោយសន្ទស្សន៍ផ្សារភាគហ៊ុនក្រុងសៀងហៃ Shanghai Composite បានហក់ឡើង០,៤៥% ហើយសន្ទស្សន៍ផ្សារភាគហ៊ុន CSI300 បានដាំក្បាលចុះ០,២%។

នៅ Wall Street ដែលជាសង្កាត់ផ្សារភាគហ៊ុនដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក ផ្សារភាគហ៊ុន Dow Jones កាលពីយប់មិញបានហក់ឡើង០,២៩% ចំណែកឯផ្សារភាគហ៊ុន S&P 500 បានហក់ឡើង០,០៧%។

ទោះជាយ៉ាងណា ផ្សារភាគហ៊ុន Nasdaq Composite បានដាំក្បាលចុះ០,៣៧%កាលពីថ្ងៃពុធ ទី៥ ឧសភា នៅពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាគ្រាក់ៗបានដាំក្បាលចុះ ក្រោយការធ្លាក់ចុះខ្លាំងកាលពីថ្ងៃអង្គារ ទី៤ ឧសភា។

ភាគហ៊ុនបច្ចេកវិទ្យាដែលមានតម្លៃខ្ពស់បានដាំក្បាលចុះ បន្ទាប់ពីសំណើរបស់លោកស្រី Janet Yellen រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក ដែលសុំឱ្យដំឡើងអត្រាការប្រាក់ប្រហែលជាមានភាពចាំបាច់ខ្លាំងដើម្បីបញ្ឈប់សេដ្ឋកិច្ចពីការរីកចម្រើនឆាប់រហ័សពេក។ ទោះជាយ៉ាងណា ក្រោយមកលោកស្រីបានលើកឡើងថា លោកស្រីមិនបាន “ព្យាករ ឬណែនាំ” ឱ្យដំឡើងអត្រាការប្រាក់ខែក្នុងរយៈពេលដ៏ខ្លីខាងមុខនេះឡើយ៕

ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់ ប្រជាពលរដ្ឋ​ហាក់​រីករាយ​ចេញ​ប្រកបការងារ​ធ្វើការ​ឡើងវិញ

ដោយៈ​វ​ឌ្ឈ​នៈ

ភ្នំពេញៈ នៅលើ​ដងផ្លូវ​ចរាចរណ៍​ង​វិញ ប្រជាពលរដ្ឋ​ហាក់​សប្បាយរីករាយ ជាមួយនឹង​ស្នាមញញឹម បន្ទាប់ពី​ពួកគេ​អាច​ចេញ​បំពេញការងារ ប្រកបមុខរបរ និង​ស្តារ​អាជីវកម្ម​ឡើងវិញ​បណ្តើរ។

ក្នុង​រយៈពេល៣សប្ដាហ៍​កន្លងទៅ​ផុត​ទៅ ដែលជា​ពេលវេលា​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ទីបំផុត​រដ្ឋាភិបាល ក៏បាន​សម្រេច​បញ្ចប់​ការបិទ​ខ្ទប់​និង​អនុញ្ញាតឱ្យ​ពលរដ្ឋ​នៅ​តំបន់​លឿង ចេញ​ប្រកបការងារ​និង​ធ្វើការ​ឡើងវិញ ដែល​ធ្វើឱ្យ​ចរាចរណ៍​នៅ​ថ្ងៃ​ដំបូង​នៃ​ការបើក​ទីក្រុង​ឡើងវិញ ចាប់ផ្ដើម​មមាញឹកខ្លះៗដោយ​តំបន់។

កញ្ញា​ឡុង រចនា បុគ្គលិក​ធ្វើការ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ បាន​និយាយថា បន្ទាប់ពី​រដ្ឋាភិបាល​បានសម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ រយៈពេល៣សប្ដាហ៍​តាំងពី​ចូលឆ្នាំ​ខ្មែរ​មក កញ្ញា និង​សមាជិកគ្រួសារ ក្នុងផ្ទះ​មិនបាន​ចេញទៅ​ណា​នោះទេ ក្រៅតែពី​ចេញទៅ​ចាក់​វ៉ាក់សាំង និង​ទិញ​ស្បៀង​នៅជិតៗផ្ទះ។

កញ្ញា​បន្តថា “វា​ពិតជា​គួរឱ្យ​ធុញ​ខ្លាំងណាស់ ដែល​ត្រូវ​សំងំ​នៅក្នុង​ផ្ទះមួយថ្ងៃៗដោយ​មិន​បានធ្វើ​អ្វី ប៉ុន្តែ​ពេលនេះ​អា​រ្ម​ណ៍​ហាក់​ធូរស្រាល​បន្តិច។ កញ្ញា​បន្តថា “ក្រោយពេល​រដ្ឋាភិបាល​ប្រកាស​បើក​ឡើងវិញ​នៅថ្ងៃនេះ កញ្ញា​ក៏បាន​ចាក​ចេញពីផ្ទះ​និង​បានចាប់ផ្ដើម​បំពេញការងារ​ឡើងវិញ បន្ទាប់ពី​ខកខាន​ជិត​មួយខែ​កន្លងមក” ។

នៅ​ថ្ងៃ​ដំបូង​នៃ​ការបើក​ក្រុង​នេះ កញ្ញា​បាន​សង្កេតឃើញ តំបន់​មួយចំនួន​នៅ​បិទ​ដដែល ហើយ​ទីតាំង​ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់ ដើម្បី​ទៅកាន់​ធ្វើការ​ក៏​មិន​អនុញ្ញាតឱ្យ​ឆ្លងកាត់​ដូច្នេះ​កញ្ញា​ត្រូវ​ជិះ​ទៅរក​ផ្លូវ​វាង ដើម្បី​បាន​ទៅ​ការិយាល័យ​ធ្វើការ ។

ដោយឡែក​ម្ចាស់​ភោជនីយដ្ឋាន​មួយកន្លែង នៅ​ជិត​ផ្សារ​កំបូល​ក្នុង​ខណ្ឌ​កំបូល​ក៏បាន​ឱ្យដឹងថា ចាប់តាំងពី​បិទ​ខ្ទប់​ភ្នំពេញ​មក អាជ្ញាធរ​ក៏បាន​ចុះ​បិទផ្លូវ​ច្រកចេញចូល​តូចធំ​នៅក្នុង​តំបន់ ធ្វើឱ្យ​ការលក់ដូរ​មិន​ដាច់​ឡើយ ក៏ត្រូវ​បង្ខំចិត្ត​បិទទ្វារ​មួយរយៈ។ ក្រោយ​ពេលដែល​រដ្ឋាភិបាល ប្រកាស​បើកផ្លូវ​និង​បញ្ចប់​ការបិទ​ខ្ទប់​នោះ លោក​ក៏បាន​ចាប់​បើក​ដំណើរការ​ឡើងវិញ ជាមួយ​ការ​កុម្ម៉ង់​ខ្ចប់​តែប៉ុណ្ណោះ ហើយ​ក៏មាន​ភ្ញៀវ​មក​ទិញ​ខ្ចប់​ជា​ហូរហែរ គ្រាន់​បាន​ចំណូល​ខ្លះ​សម្រាប់​បើក​ជូន​បុគ្គលិក​របស់ខ្លួន។

ទោះជា​យ៉ាងណា​អាជ្ញាធរ នៅតែ​ជំរុញ​ឲ្យ​ប្រជា​ពល​ដ្ឋ​បង្ការ​ហានិភ័យ នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ ហើយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​នៅផ្ទះ បើ​មិនចាំបាច់ និង​អនុវត្តន៍​តាម​វិធាន​ណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​អនុវត្តន៍​នួវ​គោលការណ៍៣កុំ និង៣ការពារ៕

រាជរដ្ឋាភិបាល​ដាក់ចេញ​នូវ​ផែនការ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង ដើម្បី​បង្កើត​ភាពសាំ​សង្គម និង​សេដ្ឋកិច្ច

ដោយៈ​គង់ ម៉ា​លីន

ភ្នំពេញៈ រាជរដ្ឋាភិបាល បានសម្រេច​ដាក់ឱ្យ​ប្រើប្រាស់​នូវ ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ សំដៅ​បង្កើត​ឱ្យបាន​ភាពស៊ាំ​សង្គម-សេដ្ឋកិច្ច​នៅ​កម្ពុជា ក្នុង​ឆ្នាំ២០២១

យោងតាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ទទួលបាន​នា​ថ្ងៃនេះ​បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល សម្រេច​ដាក់ឱ្យ​ប្រើប្រាស់​នូវ “ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ សំដៅ​បង្កើត​ឱ្យបាន​ភាពស៊ាំ​សង្គម-សេដ្ឋកិច្ច​នៅ​កម្ពុជា ក្នុង​ឆ្នាំ២០២១” ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស និង​ក្រុមការងារ​អន្តរក្រសួង​ទទួលបន្ទុក​ការចរចា និង​ការពិគ្រោះ​យោបល់​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវ​ដ៏-១៩ ត្រូវយក “ផែនការ​យុទ្ធសាស្ត្រ​យុទ្ធ នា ការ​ជាតិ​ប៉ាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ សំដៅ​បង្កើត​ឱ្យបាន​ភាពស៊ាំ​សង្គម-សេដ្ឋកិច្ច​នៅ​កម្ពុជា ក្នុង​ឆ្នាំ២០២១” ទៅ​រៀបចំ​ជា​ផែនការ​លម្អិត សម្រាប់​អនុវត្ត​ឱ្យបាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់” ៕