ស្គាល់ពីហានិភ័យៈសិក្សាលើ់មូលដ្ឋានទាំងនេះដើម្បីកុំឲ្យជាប់គាំងពេលវិនិយោគលើដីធ្លី

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ការវិនិយោគលើដីធ្លី ជាការវិនិយោគមានភាពពេញនិយមជាងគេ នៅក្នុងចំណោមផ្នែកទាំងអស់នៃវិស័យអចលនទ្រព្យ ព្រោះការវិនិយោគដីធ្លីទទួលបានផលចំណេ​ញខ្ពស់ពីការវិនិយោគ។

ប៉ុន្តែមិនមែនគ្រប់ប្រភេទដី សុទ្ឋតែអាចវិនិយោគទទួលបានផលចំណេញនោះទេ ព្រោះដីខ្លះមានហានិភ័យខ្ពស់ណាស់ ក្នុងការវិនិយោគឬធ្វើឲ្យជាប់គាំងសាច់ប្រាក់ ក្នុងការវិនិយោគ។

ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឈន៍ដីឡូត៍កម្ពុជា លោកយិន លាងគង់បានមានប្រសា​សន៍ដោយចែករំលែកនូវចំណេះដឹងរបស់ខ្លួន មួយចំនួនប្រាប់គេហទំព័រ Propertyarea.asia នាល្ងាចថ្ងៃទី១ មិថុនាកន្លងមកថា មានដីចំនួន៧ប្រភេទ ដែលអ្នកវិនិយោគគួរមានការប្រុងប្រយ័ត្នដូចជា៖

ដីគ្មានប្លង់ច្បាស់លាស់
ដោយសារកម្ពុជាឆ្លងកាត់របបជាច្រើន បានធ្វើឲ្យប័ណ្ណកម្មសិទ្ឋដីធ្លីផ្លាស់ប្តូរជាញឹកញាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការស្វែងយល់ ពិសេសគឺការចេញប្លង់កម្មសិទ្ឋដោយអាជ្ញាធរមួយចំនួន ដែលបានចេញប្លង់ដីជាន់លើគ្នា ដើម្បីបានផលប្រយោជន៍ ហើយអ្នកមានបញ្ហាជាប្រជាពលរដ្ឋ។

បញ្ហានេះបានកើតមានរួចហើយនៅតំបន់អភិវឌ្ឍន៍ថ្មីៗ ដូចជា ព្រះសីហនុ (ប៉ុន្មាន​ឆ្នាំមុន) ខេត្តមណ្ឌលគិរី ដែលបន្ទាប់ពីរដ្ឋាភិបាល ប្រកាសសាងសង់ព្រលានយន្តហោះថ្មី បានធ្វើឲ្យអ្នកវិនិយោគក្នុងស្រុកជាច្រើន បានទៅវិនិយោគដីធ្លីនៅទីនោះ ហើយមានអ្នកវិនិយោគខ្លះក៏បាត់ដី បាត់បង់លុយ ខាតបង់ពេលវេលា ដោយសារជាប់ក្នុងជម្លោះដីធ្លី ព្រោះបញ្ហាប័ណ្ណកម្មសិទ្ឋត្រួតលើគ្នា។

ដីគ្មានផ្លូវ
មានអ្នកវិនិយោគមួយចំនួន បានប្រថុយនឹងហានិភ័យ ដោយហ៊ានវិនិយោគលើដីស្រែ ដីទំនាប និងដីព្រៃ ដែលគ្មានប្លង់ឬគ្មានផ្លូវច្បាស់លាស់ ដោយពួកគេរំពឹងថា ដីបែបនេះនឹងទទួលបានតម្លៃល្អ នៅពេលអ្នកអភិវឌ្ឍន៍ឬអ្នកវិនិយោគណាមួយ ត្រូវការទិញដីនៅក្នុងតំបន់របស់ខ្លួន។

ប៉ុន្តែការវិនិយោគបែបនេះ ប្រឈមហានិភ័យច្រើនណាស់ ដូចជា គាំងសាច់ប្រាក់ លក់មិនចេញ ត្រូវអ្នកវិនិយោគធំៗបង្អាប់តម្លៃ និងអាចត្រូវអ្នកវិនិយោគធំៗមួយចំនួនធ្វើរបងព័ទ្ឋ ប្រសិនជាម្ចាស់ដីទាមទារតម្លៃខ្ពស់ពេក។

ដីមានរាងមិនសមស្រប
រូបរាងដីមានសារៈសំខាន់ណាស់ សម្រាប់យកមកប្រើប្រាស់ធ្វើការសាងសង់ឬអភិវឌ្ឍន៍អ្វីមួយ ពិសេសប្រសិនជាអ្នកទិញ ដើម្បីរកផលចំណេញ អ្នកវិនិយោគរូបនោះប្រឈមនឹងការលក់មិនចេញ ឬពិបាកលក់ និងមិនទទួលបានផលចំណេញច្រើននោះទេ បើសិនជាដីនោះមានរូបរាងមិនសមស្រប ក្រវ៉ិចក្រវៀន មិនមានរាងរៅច្បាស់លាស់។

ដីទំនាស់
អ្នកហ៊ានវិនិយោគដីប្រភេទនេះ ទាល់តែហ៊ានទទួលយកហានិភ័យជាមុន ប៉ុន្តែអ្នកដែលមិនហ៊ានទទួលយកហានិភ័យ មិនគួរវិនិយោគលើដីប្រភេទនេះនោះទេ ព្រោះវានឹងធ្វើឲ្យអ្នកជាប់ក្នុងជម្លោះ និងខាតបង់ពេលវេលានិងលុយកាក់ផងដែរ។

អ្នកហ៊ានវិនិយោគដីប្រភេទនេះ ច្រើនជាមន្រ្តីតុលាការ និងមេធាវីដែលពួកគេបានសិក្សាទិដ្ឋភាពច្បាប់បានច្បាស់លាស់រួច ទើបពួកគេហ៊ានវិនិយោគ ហើយដីបែបនេះក៏ផ្តល់ផលចំណេញខ្ពស់ផងដែរ។

ដីដែលឆ្ងាយដាច់ស្រយាល
តាមធម្មតាដីធ្លីឡើងថ្លៃខ្ពស់ មានតែនៅតំបន់ស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល វិស័យឯកជន និងដីដែលមានមនុស្សរស់នៅច្រើន។ ផ្ទុយទៅវិញដីនៅតំបន់ដាច់ស្រយាល ដីដែលគ្មានមនុស្សរស់នៅ ជាដីដែលមិនសូវមានតម្លៃ និងមិនងាយឡើងថ្លៃនោះទេ។

ដីនៅកៀក និងចំផ្លូវរត់របស់យន្តហោះ
នៅកៀកព្រលានយន្តហោះពេក ពិសេសដីស្ថិតនៅចំផ្លូវរត់ឡើង និងរត់ចុះរបស់យន្តហោះ ពិតជាដីដែលមិនត្រូវវិនិយោគនោះទេ ដោយសារដីប្រភេទនេះពិបាកក្នុងការលក់ចេញ ពិបាកសាងសង់ និងពិបាកក្នុងការរស់នៅ ព្រោះបើអ្នកវិនិយោគឬទិគដីប្រភេទនេះដើម្បីសាងសង់លំនៅដ្ឋាន ឬអាគារពាណិជ្ជកម្មអ្វីមួយ គឺអ្នកនឹងរងការរំខានពីសម្លេង​យន្តហោះជាប់ជាប្រចាំ។

ហេតុនេះអ្នកវិនិយោគដីធ្លី នៅក្បែរព្រលានយន្តហោះត្រូវប្រុងប្រយ័ត្ន និងសិក្សាឲ្យបានម៉ត់ចត់បំផុត លើទីតាំងដីដែលខ្លួនវិនិយោគនៅក្បែរព្រលានយន្តហោះ។

ដីឡូត៍ដែលគ្មានហេដ្ឋារចនាសម្ព័ន្ឋត្រឹមត្រូវ
អ្នកវិនិយោគដីឡូត៍ភាគច្រើន ជាអ្នកមានជីវភាពមធ្យម និងក្រោមមធ្យម និងអ្នកមិនសូវមានចំណេះដឹងច្បាស់លាស់។ ហេតុនេះអ្នកវិនិយោគដីឡូត៍ មិនគួររំពឹងពីផលចំណេញនោះទេ ព្រោះក្រុមហ៊ុនពុះដីឡូត៍លក់ភាគច្រើន បានយកផលចំណេញពីដីធ្លីនោះស្ទើរអស់ទៅហើយ។

ជាពិសេសអ្នកទិញដីឡូត៍តូចៗ មិនគួរទិញដីដែលគ្មានផ្លូវ គ្មានប្រព័ន្ឋលូត្រឹមត្រូវ និងគ្មានបណ្តាញទឹក និងអគ្គិសនីនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here