ការស្ថាបនាផ្លូវទាំង៣៨ខ្សែតម្លៃ១៤០លានដុល្លារនៅក្រុងសៀមរាបសម្រេចបាន៣០ភាគរយ ខណៈអាជ្ញាធរជំរុញការពង្រឹងគុណភាព

          ដោយៈគង់ សូរិយា

          សៀមរាបៈ ការស្ថាបនាផ្លូវចំនួន៣៨ខ្សែ ដើម្បីលើកកំពស់សោភ័ណភាពទូទាំងក្រុងសៀមរាប សម្រេចបានប្រមាណ៣០ភាគរយហើយ ស្របពេលអាជ្ញាធរដាក់ចេញវិធានការណ៍ចំនួន៤ចំណុច ដើម្បីពង្រឹងគុណភាពផ្លូវនេះ។

រដ្ឋបាលខេត្តសៀមរាបនាថ្ងៃទី៤ ឧសភាកន្លងមក បានចេញគោលការណ៍ថ្មី៤ចំនុចធំៗ ដាក់ឱ្យដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារស្ថាបនា និងម្ចាស់សំណង់ អនុវត្ត ក្នុងគោលបំណងដើម្បីពង្រឹងគុណភាពការដ្ឋានផ្លូវ៣៨ ខ្សែនៅសៀមរាប។

អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៦លោក ង៉ាន់ ភិរុណបានមានប្រសាសន៍ឲ្យដឹងថា គោលការណ៍ទាំង ៤ចំនុច នោះ រួមមាន ទី១-ក្រុមការងារទាំងអស់ត្រូវពិនិត្យ តាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ជាប្រចាំ។ លើសពីនេះ គ្រប់អង្គភាពសាងសង់ទាំងអស់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីចូលរួមកាត់បន្ថយភាពខ្ជះខ្ជាយថវិកាជាតិ និង ពេលវេលា ។

ទី២-រដ្ឋបាលសង្កាត់ត្រូវជួយសម្របសម្រួល លើការងារដាក់ពាក្យស្នើសុំភ្ជាប់ប ណ្តាញលូទឹកស្អុយរបស់ប្រជាពលរដ្ឋ ដោយបើកឱ្យអង្គភាពលូបានចូល ទៅផ្សព្វផ្សាយ និងចែកពាក្យស្នើសុំ។ ទី៣-ត្រូវពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់ និងអនុវត្តតាមស្តង់ដាបច្ចេកទេស ធ្វើយ៉ាងណាឱ្យការងារសម្រេចបានទាន់ពេលវេលា។ ទី៤-ពន្លឿនដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់។ កន្លងមក ៤ ទីតាំង បានដោះស្រាយរួចរាល់ និង ១ ទីតាំងទៀត ត្រូវស្នើសុំគោលការណ៍បន្តពីថ្នាក់ដឹកនាំ។

គម្រោងស្ថាបនារផ្លូវ ៣៨ខ្សែ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារអាមេរិក ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ខាងមុខនេះ៕

បើគិតត្រឹមខែមីនា ឆ្នាំ២០២១ គម្រោងនេះសម្រេចបានប្រមាណជាង៣០% ហើយ។

ក្រសួងសាធារណៈការបង្ហាញអត្ថន័យគំនូសព៌ណលឿងដែលអ្នកធ្វើដំណើរ គួរស្វែងយល់

          ដោយគង់ សូរិយា

          ភ្នំពេញៈ តាមអម្មតានៅលើទ្រូងផ្លូវ តែងតែមានគំនូសជាច្រើនដែលអ្នកធ្វើដំណើរខ្លះដឹង និងខ្លះមិនដឹងពីអត្ថន័យរបស់វា។ ថ្ងៃនេះក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន​បង្ហាញពីអត្ថន័យគំនូសព៌ណលឿនលើទ្រូងផ្លូវ។

តើអ្នកដឹងទេថាគំនូសសញ្ញាទោលជាប់ ពណ៌លឿង តាមបណ្ដោយទ្រូងផ្លូវ (SINGLE YELLOW SOLID LINE) មានន័យដូចម្តេច​​ និងប្រើដើម្បីអ្វី ? ចម្លើយគំនូសសញ្ញាទោលជាប់ ពណ៌លឿង តាមបណ្ដោយទ្រូងផ្លូវ (SINGLE YELLOW SOLID LINE)។ ប្រើសំរាប់បែងចែកទ្រូងផ្លូវ ជាពីរទិសចរាចរផ្ទុយគ្នា និងហាមបើកបរជាន់ ឬឆ្លងកាត់ ។ គំនូសសញ្ញានេះ ប្រើលើផ្លូវដែលមានចរាចរធម្មតា។

ក្រសួងធ្វើការស្នើសុំបងប្អូនប្រជាពលរដ្ឋ សហការរាយការណ៍ តាមរយៈកម្មវិធីថែរ​ទាំផ្លូវ ( ROAD CARE Mobile App)​​ ក្នុងករណីឃើញមានគំនូសសញ្ញាចរាចររលុប ដើម្បីអាចឱ្យមន្រ្តីជំនាញ​​ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។

លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋ ក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវ​ដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរបានផងដែរ។ សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យើង ​​ដើម្បី​​ធ្វើដំណើរបានងាយស្រួល​ និងមានសុវត្ថិភាព៕

 

សភាពាណិជ្ជកម្មកម្ពុជានឹងពន្លឿនដំណើរការនៃការរៀបចំតុលាការពាណិជ្ជកម្ម ក្រោយវិបត្តិកូវីដ១៩ ធូរស្រាល

ដោយៈ ម៉ាណេត

ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជានឹងពន្លឿនដំណើរការនៃការរៀបចំតុលាការពាណិជ្ជកម្មឱ្យសម្រេចបានក្នុងឆ្នាំនេះ ដើម្បីដើម្បីសម្រួលផ្នែកច្បាប់ដល់វិវាទផ្សេងៗពាក់ព័ន្ធនឹងបញ្ហាក្នុងវិស័យធុរកិច្ចផ្សេងៗ និងពាណិជ្ជកម្ម  បន្ទាប់វិបត្តិកូវីដ១៩ មានភាពធូរស្រាល។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះថា សភាពាណិជ្ជកម្មកម្ពុជាបានដាក់សំណើរទៅក្រសួងយុត្តិធម៌ ដើម្បីពន្លឿនដំណើរការនៃការរៀបចំតុលាការពាណិជ្ជកម្មមុនព្រឹត្តិការណ៍២០ កុម្ភៈ នៃការឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ប៉ុន្តែបន្ទាប់មកព្រឹត្តិការណ៍បានកើតឡើង ដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការរៀបចំតុលាការពាណិជ្ជកម្មនេះ។

លោកឧកញ៉ាបានថ្លែងបន្តថា រហូតពេលនេះ ដំណើរការនៃការបង្កើតតុលាការនេះមិនទាន់ចេញជារូបរាងឡើយទេ ដោយសារតែវិបត្តិកូវីដ១៩ និងការកាត់បន្ថយចំនួនមន្ត្រីធ្វើការនៅពាក់ព័ន្ធ ដែលបណ្តាលមានឱ្យការរាំងស្ទះការងាររៀបចំតុលាការនេះ។

លោកឧកញ៉ាបានលើកឡើងថា នៅពេលស្ថានវិបត្តិកូវីដ១៩ មានភាពធូរស្រាល យើងនិងក្រសួងពាក់ព័ន្ធនឹងជំរុញការពន្លឿនការងារនេះឱ្យបានលឿន ដើម្បីសម្រួលផ្នែកច្បាប់ដល់វិវាទផ្សេងៗពាក់ព័ន្ធនឹងបញ្ហាក្នុងវិស័យធុរកិច្ចផ្សេងៗ និងពាណិជ្ជកម្មជាដើម។

លោកឧកញ៉ាបានលើកឡើងថា ឧទាហរណ៍ សមាជិកសភាពាជ្ជកម្មកម្ពុជា ដែលមានគម្រោងអភិវឌ្ឍន៍បុរី ជួបនឹងបណ្តឹងដោយមិនសមហេតុផល វាអាចធ្វើឱ្យរាំងស្ទះដល់គម្រោងនេះដែរ។

លោកឧកញ៉ាបានថ្លែងថា “នេះគឺជាអ្វីដែលយើងខ្លាចបំផុត ដូច្នេះហើយ ដើម្បីជៀសវាងបញ្ហានេះ យើង ក្នុងនាមជាវិស័យឯកជន ចូលរួមពង្រឹងផ្នែកច្បាប់នេះ ហើយការកាត់ក្តីប្រកបដោយតម្លាភាព និងបច្ចេកទេសផ្នែកពាណិជ្ជកម្មផង ព្រោះកន្លងមក មានវិវាទអាជីវកម្មគឺត្រូវប្តឹងឡើងតុលាការទូទៅ ដូច្នេះវាមានភាពច្របូកច្របល់ ហើយរួមផ្សំជាមួយនឹងតុលាការខិលខូចមួយចំនួនតូច វាអាចបង្កជាបញ្ហា បង្កឱ្យក្តីនេះជាប់គាំងរាប់សិបឆ្នាំក៏មានដែរ”។

លោកបានឱ្យដឹងថា “យើងចង់បានតុលាការពាណិជ្ជកម្មមួយ ដែលដឹកនាំដោយប្រធានតុលាការ ដែលមានភាពយុត្តិធម៌ និងតម្លាភាព ហើយវាជាការទាក់ទាញវិនិយោគផងដែរ ប្រសិនបើយើងមានការអនុវត្តច្បាប់ត្រឹមត្រូវ ហើយវិនិយោគិនមិនមានការភ័យខ្លាចនឹងការដាក់ទុនកម្ពុជានោះទេ និងវាថែមបង្កើតទំនុកចិត្តដល់វិនិយោគិនផងដែរ”។

លោកស៊ាង ថៃរដ្ឋលេខាធិការ និង​ជា​មន្រ្តី​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្មមិនអាចសុំធ្វើការអត្ថាធិប្បាយបាននោះទេ ទាក់ទងនឹងដំណើរការនៃការរៀបចំតុលាការនេះ ដោយលើកឡើងថា កំពុងជាប់ប្រជុំ។

កាលពីដើមឆ្នាំនេះ ក្រសួង​យុត្តិធម៌​បាន​សម្រេច​បង្កើត​គណៈកម្មការរៀប​ចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​ ដោយ​មាន​សមាសភាព​មន្ត្រីជំនាញច្បាប់ ដែល​ពាក់ព័ន្ធចំនួន២០រូប។ នេះបើតាម​សេចក្តីសម្រេច​​របស់​ក្រសួង​យុត្តិ​ធម៌​នៅថ្ងៃទី២១​មករា។ ស្ថាប័នយុត្តិធម៌ថ្មីមួយនេះ ​ត្រូវបានគេរំពឹងថា ជាយន្តការមួយ​ជួយ​ទាក់​ទាញ​អ្នក​វិនិយោគ​មកកម្ពុជាបន្ថែមទៀត។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ត្រូវបានដកស្រង់សម្តីចេញកាសែភ្នំពេញប៉ុស្តិ៍កាលពីដើមឆ្នាំនេះ ដោយបានលើកឡើង​ថា បើតាម​ច្បាប់​ស្ដីពី​ការរៀបចំ​អង្គការ​តុលាការ​កម្ពុជា​ឆ្នាំ​២០១៤ ​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ​ត្រូវបាន​បង្កើតឡើង​ហើយ​រួម​ជាមួយ​នឹង​តុលាការ​ព្រហ្មទណ្ឌ និង​តុលាការ​រដ្ឋប្បវេណី​។ ប៉ុន្តែ​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ មិនទាន់​អាចដាក់​ដំណើរការបាន​ដោយសារ​ខ្វះខាត​ធនធាន​មួយចំនួន ខណៈ​ក្រសួង​ជាប់​ធ្វើ​ការងារ​អាទិភាព​មួយចំនួន​។

លោក​បាន​ថ្លែងថា​ “​ទើបតែ​មក​ដល់​ពេល​នេះ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តមរដ្ឋមន្ត្រី​ថ្មី​គាត់​យកចិត្ត​ទុកដាក់​ក្នុង​ការធ្វើ​ម៉េច​រៀបចំ​ដាក់​ឱ្យ​ដំណើរការ​តុលាការ​ទាំង​២ ​នេះ​តាមច្បាប់​ស្ដីពី​ការរៀបចំ​អង្គការ​ចាត់តាំង​តុលាការ​របស់​យើង​​ឱ្យបាន​ក្នុង​ដំណាច់ឆ្នាំ​ ២០២១ ​នេះ​»​។

លោក​បន្តថា តុលាការ​ទាំង​ ២ ​នេះ​មិន​ស្ថិតនៅ​ដាច់ដោយឡែក​ពី​តុលាការ​ធម្មតា​ដែល​មាន​ស្រាប់​នោះទេ គ្រាន់តែ​ចែកជា​ជំនាញ ដោយ​មាន​ការបែងចែក​ចៅក្រម​ជំនាញ​ទៅ​តាម​ជំនាញ ហើយ​បែងចែក​សំណុំរឿង​ទៅតាម​ប្រភេទ​សំណុំ​រឿង​។ កាលពី​កន្លងទៅ​សំណុំរឿង​វិវាទ​ពាណិជ្ជកម្ម និង​សំណុំ​វិវាទ​ការងារ​ត្រូវបាន​ដោះស្រាយ​ដោយ​តុលាការ​រដ្ឋប្បវេណី​។ ក្រោយពេល​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ​ត្រូវ​បាន​ដាក់​ដំណើរការ សំណុំរឿង​បែបនេះ​លែង​ចូលទៅ​តុលាការ​រដ្ឋប្បវេណី​ទៀតហើយ​។

លោក​ថ្លែងថា​ “​ការបង្កើត​តុលាការ​ការងារ​នេះ​គឺ​ដើម្បី​ប្រសិទ្ធភាព​នៃ​ការដោះស្រាយ​សំណុំរឿង​។ អ្នក​ដែល​ត្រូវ​ដោះស្រាយ​គាត់​មាន​ជំនាញ​ច្បាស់លាស់ ហើយ​គាត់​ទទួលបន្ទុក​តែ​សំណុំរឿង​នោះទេ មិនចាំបាច់​ទទួលបន្ទុក​សំណុំរឿង​ជាច្រើន​ដែល​ធ្វើឱ្យ​គាត់​មាន​ការលំបាក និង​គ្មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការស្រាវជ្រាវ​។ វា​ក៏​ចូលរួម​ក្នុងការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ផងដែរ​”៕

ហានិភ័យខ្ពស់ៈរដ្ឋបាលរាជធានីព្រមានអ្នកទិញទំនិញតាមអនឡាញបង្កើនការប្រុងប្រយ័ត្នបន្ទាប់ពីរកឃើញអ្នកដឹកឆ្លងជំងឺកូវីដ

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្យ័ត្នលើការទិញគំនិញតាមអនឡាញ បន្ទាប់ពីរងឃើញអ្នកដឹកទំនិញបានឆ្លងជំងឺកូវីដ១៩។

រហូតមកដល់ពេលនេះ អាជ្ញាធរបានអះអាងថា ក្រសួងសុខាភិបាលបានរកឃើញថា មានអ្នកលក់ទំនិញតាមអនឡាញ និងអ្នកដឹកជញ្ជូនទំនិញតាមអនឡាញ ឆ្លងជំងឺកូវីដ១៩។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តាមរយៈសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលតែងតែទិញទំនិញតាមអនឡាញ និងប្រើសេវាដឹកជញ្ជូនទាំងអស់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩។

លោកបានអះអាងយ៉ាងដូច្នេះថា សូមបងប្អូនដែលទិញអាហារអនឡាញ ប្រុងប្រយ័ត្នពេលទូរទាត់លុយ និងការយកអាហារ ដោយអនុវត្តតាមវិធានសុខាភិបាល ដើម្បីកុំឲ្យឆ្លងកូវីដ ព្រោះអ្នកអនឡាញក៏ឆ្លងដែរ

លោក កើត ឆែ បានគូសបញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលនិយមប្រើប្រាស់សេវាកម្មនេះ ត្រូវបង្កើននូវការគិតគូរឲ្យខ្លាំងបន្ថែមទៀត ចំពោះទំនិញណាដែលមានហានិភ័យ ព្រោះក្នុងករណីអ្នកលក់មានផ្ទុកជំងឺកូវីដ ហានិភ័យនៃការឆ្លងមានកម្រិតខ្ពស់។ ប៉ុន្ដែក្នុងករណីទំនិញដែលអាចកម្ដៅបាន ឬលាងសម្អាតបានល្អ អាចមិនមានហានិភ័យនៃការឆ្លង។

ទោះជាយ៉ាងណាមិញ លោក កើត ឆែ នៅតែអំពាវនាវយ៉ាងទទូចឲ្យប្រជាពលរដ្ឋ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្ន ពិសេសអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល។ ដោយឡែក ការទូរទាត់លុយពេលទិញទំនិញ សូមប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិច៕

សម្តេចតេជោបញ្ចប់ការធ្វើចត្តាឡីស័កនិងគ្មានវិជ្ជមានជំងឺកូវីដ

          ដោយៈស៊ីវ ម៉េង

          ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមមុននេះបន្តិចថា ថ្ងៃនេះខ្ញុំបានបញ្ចប់ការធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ទាប់ពី គ្រូពេទ្យយកសំណាកទៅពិនិត្យ និងបញ្ជាក់ថាខ្ញុំពុំមានកូវីដ១៩នោះទេ។

សម្តេចបន្តទៀតថា “មុនទៅឥណ្ឌូនេស៊ី និងក្រោយត្រឡប់ មកវិញខ្ញុំត្រូវធ្វើតេស្តរហូត៤ដង និងត្រូវរស់នៅម្នាក់ឯងរយៈពេល១៤ថ្ងៃ ដែលនេះជាវិធានការសុខាភិបាលដែលគ្រប់គ្នាត្រូវតែគោរព”៕

ដំណឹងល្អៈប្រជាពលរដ្ឋនៅភ្នំពេញអាចចេញទៅខេត្ត ប្រជាជននៅខេត្តអាចចូល មករាជធានីប៉ុន្តែត្រូវអនុវត្តន៍

          ដោយៈ គង់ សូរិយា

          ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ អាចធ្វើដំណើរចេញទៅតាមបណ្ដាខេត្តផ្សេងៗបាន ប៉ុន្ដែត្រូវតែគោរពតាមវិធានរបស់ខេត្តនីមួយៗ ដែលខ្លួនចង់ទៅ ពិសេសការតម្រូវឲ្យយកសំណាក ឬការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិតជាដើម។

លោកកើត ឆែអភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះថា  ដោយឡែក សម្រាប់អ្នកដែលរស់នៅតាមបណ្ដាខេត្ត ដែលមិនមានហានិភ័យ ពោលមិនមានការឆ្លងរីករាលដាលខ្លាំងនោះ ក៏អាចធ្វើដំណើរចូលមករាជធានីភ្នំពេញបានដូចគ្នាផងដែរ ប៉ុន្ដែត្រូវតែគោរពតាមវិធានការនានា របស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសត្រូវកំណត់ច្បាស់ បុគ្គលនោះមិនមែនជាអ្នកមកពីតំបន់ហានិភ័យ។

តាមរយៈសេចក្ដីណែនាំថ្ងៃទី៤ ខែឧសភា របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់ចំណុចទី៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការត្រួតពិនិត្យការចេញ-ចូលភូមិសាស្ដ្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។

សម្រាប់អ្នកដែលធ្វើដំណើរចេញពីតំបន់ ដែលមានការផ្ទុះឆ្លងរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ជាអាទិ៍ ការយកសំណាករបស់អ្នកដំណើរ ដើម្បីវិភាគរហ័សរកមេរោគកូវីដ១៩, ការពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការររក្សាគម្លាតសុវត្ថិភាព និងការពង្រឹងវិធានការចត្តាឡីស័កជាដើម។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ តាមបណ្ដាខេត្តផ្សេងៗជាច្រើន បានប្រកា​សដាក់ចេញនូវវិធានការរៀងៗខ្លួនជាបន្ដបន្ទាប់ ដូចជា ការតម្រូវឲ្យអ្នកដែលធ្វើដំណើរមកពីរាជធានី-ខេត្តផ្សេង ហើយមានបំណងចូលមកធ្វើការ ឬមកលេងសាច់ញាតិនៅក្នុងខេត្ដរបស់ខ្លួន គឺតម្រូវឲ្យយកសំណាកពិនិត្យរកជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិត៕

ពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិកនៅតែរក្សាបានកំណើនវិជ្ជមានក្នុងត្រីមាស១ឆ្នាំនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកសម្រេចបានទំហំទឹកប្រាក់១.៩៦៩លានដុល្លារក្នុងក្នុងត្រីមាសទី១ ឆ្នាំនេះ កើនឡើង២២ភាគរយ បើទោះបីជាស្ថិតក្នុងអំឡុងវិបត្តិកូវីដ១៩។ នេះយោងតាមរបាយការណ៍ចុងក្រោយ ពីការិយាល័យជំរឿនសហរដ្ឋអាមេរិក។

របាយការណ៍បានឱ្យដឹងទៀតថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកសម្រេចបានទំហំទឹកប្រាក់១.៨៦២លានដុល្លារអាមេរិកក្នុងត្រីមាសទី១ ឆ្នាំ២០២១ កើនឡើង១៦,៨ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ លំហូរនៃការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា កំពុងតែមានកំណើន។

លោកបានថ្លែងបន្តថា ក្រុមហ៊ុនអាមេរិកច្រើនថែមទៀតបន្តមករកស៊ី ក្នុងមួយឆ្នាំៗ ដោយនាំមកជាមួយនូវរបៀបធ្វើជំនួញ ប្រកបដោយក្រមសីលធម៌ បទដ្ឋានបរិស្ថាន និងបទដ្ឋានការងារខ្ពស់ ព្រមទាំងកម្មវិធីទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន ចំពោះសង្គម ដែលផ្សាភ្ជាប់ជាមួយនឹងសហគមន៍មូលដ្ឋាន។

ផលិតផលសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅសហរដ្ឋអាមេរិកភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ខណៈដែលផលិតផលនាំចូលសំខាន់គឺយានយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីនជាដើម។

កាលពីឆ្នាំ២០២០ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ មានទំហំទឹកប្រាក់ជាង៧ពាន់លានដុល្លារ ក្នុងនោះ៦,៥ពាន់លានដុល្លារ គឺជាការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក៕

ក្រុមហ៊ុន Nissan គ្រោងលក់ភាគហ៊ុនរបស់ខ្លួនដើម្បីទប់ហានិភ័យនៃការខាតបង់ធ្ងន់ធ្ងរ

ដោយៈឧត្តម

ហ្សាការតា:  ក្រុមហ៊ុន Nissan កាលពីថ្ងៃពុធ ទី៥ ឧសភា បានប្រកាសលក់ភាគហ៊ុនទាំង១,៥៤%របស់ខ្លួន នៅក្នុងក្រុមហ៊ុនផលិតរថយន្តខ្នាតយក្ស របស់អាល្លឺម៉ង់ Daimler ក្នុងតម្លៃ១,៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន The Jakarta Post ចុះផ្សាយកាលពីថ្ងៃពុធ ទី៥ ឧសភា។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្ដារប្រាក់ចំណេញ និងស្ដារកេរ្ដិ៍ឈ្មោះរបស់ខ្លួនឡើងវិញ ក្រោយលោកCarlos Ghosn នាយកប្រតិបត្តិរបស់ខ្លួន បានចុះចេញពីតំណែង ហើយបច្ចុប្បន្នអតីតនាយកប្រតិបត្តិរូបនេះកំពុងមានទោស និងរត់គេចខ្លួន។

ក្រុមហ៊ុននេះនិយាយថា ការដកទុនវិនិយោគនេះ នឹងអនុញ្ញាតឱ្យខ្លួន”ពង្រឹងបន្ថែមទៀត និងបង្កើនការប្រកួតប្រជែងរបស់ខ្លួនក្នុងអាជីវកម្ម”។

ក្រុមហ៊ុននេះនិយាយទៀតថា ប្រតិបត្តិការឧស្សាហកម្មរបស់ខ្លួន ជាមួយក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់Daimler នៅតែរក្សាទុកមិនផ្លាស់ប្ដូរទេ ហើយថា “ក្រុមហ៊ុនទាំង២នៅតែបន្តធ្វើសហប្រតិបត្តិការក្នុងវិស័យជាច្រើន”។

កាលពីខែមីនា ក្រុមហ៊ុនផលិតរថយន្តបារាំងRenault ក៏បានប្រកាសលក់ភាគហ៊ុនទាំង១,៥៤%របស់ខ្លួននៅក្នុងក្រុមហ៊ុនDaimler ផងដែរ ខណៈក្រុមហ៊ុនផលិតរថយន្តបារាំង មួយនេះ បានរងការខាតបង់ធ្ងន់ធ្ងរ មិនធ្លាប់មាននៅក្នុងឆ្នាំ២០២០ ដោយសារវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩។

ក្រុមហ៊ុន Nissan បានធ្វើការព្យាករណ៍ជាថ្មី សម្រាប់រយៈពេលមួយឆ្នាំនេះថា ខ្លួននឹងទទួលរងការខាតបង់ ប្រាក់សុទ្ធរហូតដល់៥៣០ពាន់លានយ័ន (៤,៨ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធគិតត្រឹមខែមីនា គឺទាបជាងការព្យាបាលលើកមុន។

ក្រុមហ៊ុន Nissan ដែលនៅតែរក្សាភាពជាដៃគូ សហការជាមួយក្រុមហ៊ុន Renault និងក្រុមហ៊ុនMitsubishi នឹងប្រកាសលទ្ធផលប្រាក់ចំណូលប្រចាំឆ្នាំ របស់ខ្លួននៅសប្ដាហ៍ក្រោយនេះ៕

អាជ្ញាធរ​ខេត្តកំពត​ប​ន្ត​លើក​កំពស់​សោភ័ណភាព​ខេត្ត​ជាមួយ​សួនច្បារ​ស្រស់បំព្រង​នៅតាម​ដងព្រែក

ដោយៈ គង់ សូរិយា

កំ​ពតៈ រដ្ឋបាល​ខេត្តកំពត​បា​ន​និង​កំពុង​បន្ត​យកចិត្តទុកដាក់​លើ​ការរៀបចំ​ប្រ​ព័​ន្ឋ​លូ និង​លើក​កំពស់​សោភ័ណភាព​ខេត្ត តាមរយៈ​ការពង្រីក​សួនច្បារ​មុខ​ព្រែក​កំពត ឲ្យ​មាន​ភាព​ធំ​ទូលាយ​ជាង​មុន និង​ស្រស់បំព្រង​ជាង​មុន។

អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត លោក​ជាវ តា​យ កាលពីដើម​សប្តាហ៍​នេះបាន​ដឹកនាំ​មន្ទីរជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ ព្រមទាំង​មន្ត្រី​អនុវត្ត​គម្រោង ( ADB ) បាន​ចុះ​ពិនិត្យ​លទ្ធផល និង​ជំរុញ​នៃ​ការអនុវត្ត​គម្រោង​កែលម្អ​សួនច្បារ និង​ប្រព័ន្ធ​រំដោះ​ទឹកសំខាន់ៗចេញពី​ក្រុង​កំពត។

គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងពីរ ខាងលើនេះ​គឺ ទី១-គម្រោង​កែលម្អ​សោភ័ណភាព និង​ពង្រីក​សួនច្បារ​មាត់​ព្រែក ស្ថិតក្នុង​សង្កាត់​កំពង់បាយ ក្រុង​កំពត ជា​គម្រោង​របស់​រដ្ឋបាល​ខេត្ត ទី២-គម្រោង​ស្តារ​ពង្រីក​ប្រព័ន្ធ​លូ និង​ប្រឡាយ​រំដោះ​ទឹកជា​គម្រោង​របស់( ADB )។

គម្រោង​ទាំងពីរ​ខាងលើនេះ បច្ចុប្បន្ន​បាន​នឹង​កំពុងតែ​អនុវត្តន៍ ប៉ុន្តែ​មាន​ភាពយឺតយ៉ាវ ដោយសារ​មូលហេតុ​ជួប​ស្ថានភាព​ជាក់ស្ដែង ពាក់ព័ន្ធ​លើ​ការកែសម្រួល​ប្លង់​ប្រព័ន្ធ​លូ​ដោះ​ទឹក​របស់​គម្រោង (ADB)។

លោក​ជាវ តា​យ អភិបាលខេត្ត​បាន​បញ្ជាក់ថា បញ្ហា​ប្រព័ន្ធ​ផ្លូវ និង​លូ​ដោះ​ទឹក គឺជា​បញ្ហាសំខាន់ ក្នុងការ​បញ្ចៀស​ការ​ជន់​លិច​ទីក្រុង ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ។ ជាមួយគ្នា​នោះ​ក្រៅពី​ការជំរុញ​ការអនុវត្ត​គម្រោង​កែលម្អ​សួនច្បារ​មាត់​ព្រែក ដោយ​ពិនិត្យឃើញថា រដូវភ្លៀង​កាន់តែ​ខិតចូល​មកដល់ឆាប់ៗនេះ។

លោក​ជាវ តា​យ អភិបាលខេត្ត បាន​ណែនាំ ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ រួម​និង​មន្ត្រី​អនុវត្ត​គម្រោង (ADB) ត្រូវធ្វើ​យ៉ាងណា រួមសហការ​គ្នា​សិក្សា​លើ​គម្រោង​ស្ដារ​ព្រែក​ធម្មជាតិ​មួយ​ខ្សែ ដែលមាន​ប្រវែង​ជាង២០០០ម៉ែត្រ ស្ថិតក្នុង​សង្កាត់​កំពង់​កណ្ដាល ឲ្យ​បាន​ឆាប់​ចប់​មុន​រដូវភ្លៀង​ធ្លាក់​មកដល់ ព្រោះ​ព្រែក​ធម្មជាតិ​នេះ គឺជា​ផ្លូវ​ដោះ​ទឹក​ដ៏​សំខាន់​ផ្នែក​ខាងកើត និង​ខាងត្បូង​ចេញពី​ក្រុង​កំពត។

គម្រោង​អភិវឌ្ឍ​កែលម្អ​សួនច្បារ​ដងព្រែក​កំពត​នេះ គឺជា​គម្រោង​របស់​រដ្ឋ​បាល​ខេត្ត មាន​ប្រវែង​ប្រមាណ ៦០០ម៉ែត្រ គិត​ចាប់ពី​ខាងត្បូង​ក្បាលស្ពាន​ថ្មី ដល់​ខាងជើង​ក្បាលស្ពាន​ឥន្ទធនូ(ស្ពាន​ចាស់) ក្នុងនោះ​គឺ​កែលម្អ​ពង្រីក​សួនច្បារ​ឲ្យ​បាន​ទំហំ១២ ម៉ែត្រ​បន្ថែម លើ​ទទឹង​សួន​ចាស់ ដែល​កន្លែង​ខ្លះ ២០ម៉ែត្រ និង​កន្លែង​ខ្លះទៀត​មាន​ទទឹង១២ម៉ែត្រ៕

លោក​ស្វាយ សំ​អ៊ាងៈ ផ្លូវជាតិ​លេខ​៧៦Aជាស​សៃ​ឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​បម្រើ​ផលប្រយោជន៍ ដល់​ពលរដ្ឋ​នៅ​មណ្ឌល​គី​រី

ដោយៈ ម៉ា​ណេ​ត

ខេត្តមណ្ឌលគិរីៈ អភិបាលខេត្ត​មណ្ឌលគិរី លោក​ស្វាយ សំ​អ៊ាង នៅ​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១បាន​បញ្ជាក់ថា ផ្លូវជាតិ​លេខ​៧៦A គឺ​ជាស​សៃ​ឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់បំផុត​របស់​ខេត្ត​មណ្ឌល គិរី ដោយបាន​បម្រើ​ផលប្រយោជន៍​យ៉ាងច្រើន ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត។

អភិបាលខេត្ត​មណ្ឌលគិរី​មានប្រសាសន៍​បន្តថា ផ្លូវជាតិ​លេខ​៧៦Aនេះ បានដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ២០១២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រហូតមក​ដល់ពេលនេះ កំណាត់​ផ្លូវ​មួយចំនួន​បាន​រង​ការខូចខាត ហើយ​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្ត ក៏បាន​ធ្វើការ​ជួសជុល​ជា​បន្តបន្ទាប់​ផងដែរ។

លោក​អភិបាលខេត្ត​បន្តថា “ផ្លូវជាតិ​លេខ​៧៦Aនេះ គឺ​ជាស​សៃ​ឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់បំផុត​របស់​ខេត្តមណ្ឌលគិរី។ ហេតុនេះ​បើ​មិនមាន​ការយកចិត្តទុកដាក់​ថែទាំ ឬ​ជួសជុល​ឲ្យ​បាន​ទាន់ពេល​នោះទេ វា​អាចធ្វើ​ឲ្យ​រាំងស្ទះ​ដល់​កិច្ចការ​អភិឌ្ឍន៍ ស្ទើ​គ្រប់​វិស័យ​របស់​ខេត្ត ជាពិសេស​ដោយសារតែ​ផលប្រយោជន៍ ដែល​ទទួលបាន​ពី​ផ្លូវជាតិ​មួយ​ខ្សែ​នេះ​ដ៏​លើសលប់” ។

កំណាត់​ផ្លូវជាតិ​លេខ​៧៦A ត្រូវបាន​អាជ្ញាធរខេត្ត ធ្វើការ​ជួសជុល​ឡើងវិញ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ ការដឹកជញ្ជូន​កសិផល និង​ទំនិញផ្សេងៗ សម្រាប់​បម្រើ​សេចក្តីត្រូវការ​ក្នុង​ខេត្តមណ្ឌលគិរី ដោយសារ​ការរង​ការខូចខាត​ជាង​បួន​គីឡូម៉ែត្រ។

លោក​អភិបាលខេត្ត​បាន​បញ្ជា​ដល់​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្ត ត្រូវតែ​ជួសជុល​កំណាត់​ផ្លូវជាតិ​នេះ ឲ្យ​មាន​គុណភាព​ខ្ពស់ ចៀសវាង​ការជួសជុល​ខាង​មុខខូច​ខាងក្រោយ ដែល​នាំ​ឲ្យ​ខាតបង់​ថវិកាជាតិ ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍ ជាពិសេស ប៉ះពាល់​ដល់​ការប្រកប​រប​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ។

តាម​ការបញ្ជាក់​របស់​លោក រស់ គីម​ធន ប្រធាន​មន្ទីរ​សារ​ធា​រណការ និង​ដឹកជញ្ជូន​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា ការបើក​ការដ្ឋាន​ជួសជុល​នេះ​មាន​ប្រវែង៤.៣៨០ម៉ែត្រ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៧+៥០០ ដល់ ៧១+៨៨០ ហើយ​ការជួសជុល​ផ្លូវ​នេះ ជា​ថវិកា​គម្រោង​ប្រចាំឆ្នាំ​ការងារ​ថែទាំ​ឆ្នាំ២០២១ ដោយសារ​ផ្លូវ​មានការ​ខូចខាត​ធ្ងន់ធ្ងរ ទើប​មន្ទីរ​សម្រេច​ជួសជុល​ឡើងវិញ១០០% ព្រោះ​ស្ថានភាព​ផ្លូវ​ចាស់ មាន​សភាព​ប៉ោង​ស្រុត​រមួល ដែល​មិនអាច​ថែទាំ​ប្រចាំ​បានទេ។

កំណាត់​ផ្លូវជាតិ​លេខ៧៦ ត​ភ្ជាប់​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែវិច្ឆិកា ឆ្នាំ២០១៦ ។ កំណាត់​ផ្លូវជាតិ​លេខ៧៦ ចំណាយ​ថវិកា​ប្រមាណ៩២លាន​ដុល្លារ​អាមេរិក មាន​ប្រវែង ១៧២គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ពី សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ដល់ តា​អង ខេត្ត​រតនគីរី នឹង​ប្រើពេល​សាងសង់​ប្រមាណ៤២ខែ។

ផ្លូវ​នេះ ជា​ប្រភេទ​ក្រាល​កៅស៊ូ២ស្រទាប់ ដែល​ត្រូវបាន​ពង្រីក​ទំហំ​តួ​ផ្លូវ៩ម៉ែត្រ បង្ក​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ៕