តើស្តង់ដាអាគារពាណិជ្ជកម្ម និងលំនៅដ្ឋានគួរមានលក្ខណៈដូចម្តេចដើម្បីជំរុញការអភិវឌ្ឍដោយចីរភាព

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ការសាងសង់អគារមិនថា តែអគារលំនៅដ្ឋាន ឬអគារពាណិជ្ជកម្មនៅកម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែស្តង់ដាអាគារបៃតង ដែលគិតគូដល់បរិស្ថានហាក់នៅមានកម្រិត។

អ្នកជំនាញនៃវិស័យអចលនទ្រព្យបានលើកឡើងថា ការសាងសង់អគារនៅពេលបច្ចុប្បន្ន គួរផ្ដោតលើស្តង់ដារអន្តរជាតិ ទើបមានទីផ្សារនិងតម្រូវការខ្ពស់ ។ តើស្តង់ដារនិងទីផ្សារដូចម្ដេច ដែលអ្នកអភិវឌ្ឍន៍អគារនីមួយៗ ត្រូវផ្ដោតការយកចិត្តទុកដាក់ មុននឹងសាងសង់។
លោកឡោ វិចិត្រ អនុប្រធានសមាគមអចលនទ្រព្យសកល ប្រចាំរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការសាងសង់អគារមិនថា តែអគារពាណិជ្ជកម្ម ការិយាល័យឬអគារលំនៅឋាននោះទេ គឺត្រូវតែគិតគូពីស្តង់ដារជាតិ និងអន្តរជាតិ។ ការសាងសង់អគារគឺត្រូវគិតមុនថា តើអគារនោះជាអគារលំនៅឋាន ឬអគារការិយាល័យ ឬអាគារពាណិជ្ជកម្មដទៃទៀត។

លោកបន្តថា “បើសិនជាអគារលំនៅឋានបែបខុនដូ គឺត្រូវមានស្តង់ដារបៃតង និងត្រូវមានវេរ៉ង់ដារនៅតាមបន្ទប់នីមួយៗ។ បើសិនជាគ្មានវេរ៉ង់ដាទេ យើងសាកស្រម៉ៃមើលបើសិនជាមានហានិភ័យអ្វីមួយកើតឡើង ដូចជាគ្រោះអគ្គីភ័យជាដើម តើនឹងមានអ្វីកើតឡើងចំពោះអ្នកស្នាក់នៅក្នុងអគារនោះ”។ លោកបន្តថា “សម្រាប់អគារការិយាល័យវិញ ក៏ត្រូវគិតគូច្បាស់លាស់ផងដែរ ដូចជា ពិដានត្រូវតែខ្ពស់ជាងអគារស្នាក់នៅ ហើយបន្ទប់ទឹកនៅជាន់នីមួយៗ នៃអគារការិយាល័យក៏ត្រូវតែច្រើនជាងអគារស្នាក់នៅដែរ”។

លោកឡោ វិចិត្របានបន្ថែមថា សម្រាប់អគារការិយាល័យ ក៏ត្រូវតែគិតគូត្រង់ចំនុចច្រកចេញចូលផងដែរថា តើអនុលោមទៅតាមស្តង់ដារដែរឬទេ។ អ្វីដែលត្រូវយកចិត្តទុកដាក់បំផុតនោះគឺកន្លែងសាធារណៈ( Public Area )ថា តើស្របតាមស្តង់ដារជាតិនិងអន្តរជាតិដែរទេ ពីព្រោះម្ចាស់ក្រុមហ៊ុនខ្មែរជាច្រើន នៅមិនទាន់ពេញនិយមក្នុងការទិញឬជួលការិយាល័យអគារខ្ពស់ៗទេ។ ភាគច្រើនអគារិយាល័យបែបនេះ គឺមានតម្រូវការជួលពីសំណាក់ក្រុមហ៊ុនអន្តរជាតិ។

លោកបន្តថា “ដូច្នេះបើសិនជាអគារនោះ មិនមានស្ដង់ដារអន្តរជាតិទេ នឹងគ្មានអ្នកជួលឬអ្នកទិញឡើយ។ សរុបសេចក្តីទៅអគារនីមួយៗ ត្រូវមានលក្ខណៈខុសៗគ្នាស្របទៅតាមស្តង់ដារនីមួយៗទើបទទួលបានជោគជ័យ”។

លោកសំ សុខនឿនអ្នកជំនាញវិស័យអចលនទ្រព្យ ក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍអគារនីមួយៗមិនថាអគារស្នាក់នៅ អគារការិយាល័យ អ្វីដែលត្រូវគិតគូរផងដែរនោះ គឺចំណតយានយន្តគ្រប់គ្រាន់ ទើបមិនធ្វើឱ្យអ្នកទទួលសេវាពីអគារនោះ មិនធុញទ្រាន់ នឹងការស្វែងរកកន្លែងចតយានយន្តរបស់ខ្លួន ឬត្រូវចតតាមផ្លូវជាដើម។
លោកបន្តថា “អ្វីដែលអ្នកអភិវឌ្ឍន៍អគារត្រូវគិត

គូរផងដែរនោះ គឺការសម្លឹងមើលពីទីផ្សារ និងតម្រូវការរបស់អតិថិជននៅពេលបច្ចុប្បន្ននេះ តើអតិថិជនប្រភេទណាដែលកំពុងមានតម្រូវការខ្ពស់ទៅលើការប្រើប្រាស់អគារ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here