ដោយៈ គៀតឈូ
សៀងហៃៈ គម្រោងសាកល្បងរបស់ប្រទេសចិន ក្នុងការប្រើទីផ្សារភាគហ៊ុនដ៏ធំមហិមារបស់ខ្លួន ដើម្បីជួយផ្តល់មូលនិធិដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបន្ធូរបន្ថយបន្ទុកបំណុលដល់រដ្ឋាភិបាលក្នុងតំបន់ កំពុងមានការចាប់ផ្តើមល្អ។ នេះបើយោងតាមការចេញរបស់សារព័ត៌មាន The Edge Market នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។
ក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យចំនួនប្រាំបួន (REITs) ដែលគាំទ្រដោយវិស័យហេដ្ឋារចនាសម្ព័ន្ធបានចាប់ផ្តើមប្រតិបត្តិការដំបូង នៅក្នុងទីផ្សារភាគហ៊ុនធំលំដាប់ទី២ នៅលើពិភពលោកកាលពីថ្ងៃចន្ទ។ ភាគហ៊ុន ដែលបានទិញលក់ជាសាធារណៈ បានកើនឡើងនៅទូទាំងផ្សារហ៊ុន ដោយកើនឡើងជិត១៥ភាគរយក្នុងមួយក្រុមហ៊ុន REIT ដែលផ្តោតលើការវិនិយោគសួនឧស្សាហកម្មមួយនៅភាគខាងត្បូងនៃទីក្រុង Shenzhen។
ក្រុមហ៊ុនវិនិយោគលើឃ្លាំងកំពង់ផែក្នុងខេត្តក្វាងទុង និងផ្លូវហាយវេក្នុងខេត្តស៊ីជាំង (Zhejiang) បានកើនឡើងចន្លោះពី០,៧ភាគរយទៅ១០ភាគរយ ខណៈសន្ទស្សន៍ហ៊ុនCSI 300 បានបញ្ចប់ការជួញដូរភាគហ៊ុន ដោយបានធ្លាក់ចុះ០,២ភាគរយ ពីកាលពីម្សិលមិញ។
ការចុះបញ្ជីរបស់ក្រុមហ៊ុនថ្មី បង្ហាញពីការចាប់ផ្តើមនៃការពិសោធន៍មួយ ដែលនឹងជំរុញឱ្យទីក្រុងប៉េកាំងអាចទាញយកផលចំណេញពីវិស័យឯកជន និងថវិកាគ្រួសារ ដើម្បីជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ដោយមិនចាំបាច់បន្ថែមលើគំនរបំណុលរបស់ប្រទេសនេះ។ ប្រសិនបើទទួលបានជោគជ័យ កម្មវិធីដែលបានពង្រីកនេះ នឹងអាចជួយកាត់បន្ថយភាពតានតឹងផ្នែកសារពើពន្ធដ៏ធំ ដែលប្រឈមមុខ ដោយរដ្ឋាភិបាលក្នុងតំបន់របស់ប្រទេសចិន ដែលជាបន្ទុកបង្កការគំរាមកំហែងរយៈពេលវែងដល់ស្ថេរភាពហិរញ្ញវត្ថុរបស់ប្រទេស។
លោក Fu Lichun សហស្ថាបនិកនៃក្រុមហ៊ុនគ្រប់គ្រងវិនិយោគ Shenzhen Yuntai បានមានប្រសាសន៍ថា “វាពិតជាជួយបន្ធូរសម្ពាធខ្លះៗពីរដ្ឋាភិបាលក្នុងតំបន់ ព្រោះការធានានូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ធំធេងរបស់ចិននឹងជួយធ្វើឱ្យប្រសើរឡើងនូវតារាងតុល្យភាពហិរញ្ញវត្ថុ។ ការគាំទ្រ ដែលក្រុមហ៊ុនREIT ទទួលបានពីវិនិយោគិន បង្ហាញថា មានសក្តានុពលច្រើនសម្រាប់ផលិតផលបែបនេះ។
ក្រុមហ៊ុន REITs ដែលត្រូវបានយកគំរូតាមមូលនិធិសង្គហធន ជួយឱ្យវិនិយោគិនម្នាក់ៗ ទទួលបានការវិនិយោគទំហំធំ ដោយជាធម្មតាគម្រោងអចលនទ្រព្យ រួមទាំងផ្សារទំនើប និងការិយាល័យ។ ក្រៅពីការលក់បំណុល រដ្ឋាភិបាលមូលដ្ឋានជាច្រើន បានលក់ដីដើម្បីប្រមូលទុនសម្រាប់សាងសង់ផ្លូវថ្នល់ ស្ពាន និងផ្លូវទឹក៕