លោកបណ្ឌិតគីម ហ៊ាងៈ តើគួរវិនិយោគអចលនទ្រព្យប្រភេទណា ពេលមុននិងក្រោយរៀបការ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ នៅក្នុង​វិស័យ​អចលនទ្រព្យ​ ការ​វិនិយោគ​ហាក់​មិនបាន​ប្រកាន់​ទៅលើ​វ័យ​របស់​អ្នក​វិនិយោគ​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​គិតពិចារណា​នោះ​ត្រង់ថា​ តើ​គួរ​វិនិយោគ​បែប​ណា ​និង​ផ្តោត​ទៅលើ​ផ្នែក​ណា​ ដើម្បី​ឱ្យ​សមស្រប​ទៅ​នឹង​លទ្ធភាព​ និង​ស្រប​ទៅ​នឹង​មនុ​ស្ស​វ័យ​កណ្តាល​ (មុន​ពេល​រៀបការ​ ឬបន្ទាប់ពី​រៀបការ​រួច​)។

លោកបណ្ឌិតឧកញ៉ាគីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍ឲ្យដឹងថា អ្នក​ដែល​ត្រៀមខ្លួន​ ឬទើបតែ​រៀបការ​រួច​ គួរតែ​ទិញ​អចលនទ្រព្យមុនដំបូងគេ ​គឺទិញ​លំនៅ​ដ្ឋាន​ដើម្បី​រស់នៅសិន​។ ក្រោយពេល​មាន​លំនៅ​ដ្ឋាន​រស់នៅ​សមរម្យ​ ហើយ​សល់​ធនធាន​សមរម្យ​ ប្រសិនជា​មានបំណង​ចង់​វិនិយោគ​ លើអចលនទ្រព្យ​បន្ថែម​ជា​លើក​ទី២​ គួរតែ​ទិញ​លំនៅ​ដ្ឋាន​សម្រាប់​វិនិយោគ​ ដោយ​យកលំនៅដ្ឋាននោះទុកសំរាប់​ជួល​។

លោក​បញ្ជាក់​ថា​ “ធម្មតា​លំនៅ​ដ្ឋាន​ដែល​ត្រូវ​បាន​ជួល​ គឺ​អាច​ទទួល​បាន​ចំណូល​ត្រឡប់មកវិញ​ជាប្រចាំ​ខែ​ ហើយ​អ្នក​ដែល​មានផ្ទះ​ជួល​ មិន​ព្រួយ​ពី​រឿង​គ្មាន​អ្នកជួល​នោះ​ទេ​”។លោ​ក​បន្ត​ទៀត​ថា​ “មិនថា​ជា​ការ​វិនិយោគ​ទី៣​ ឬទី៤ ជា​យោបល់​ខ្ញុំគឺ​នៅតែ​ណែនាំ​ឱ្យ​ទិញ​ដី​ទុកដើម្បីយកផលចំណេញនាពេលអនាគត”​។

លោកបន្តថា ប្រសិនបើ​បុគ្គល​នោះ​ មាន​សមត្ថភាព​អាច​រកចំណូល​បាន​សមរម្យ​ ហើយ​ចង់​វិនិយោគ​បន្ថែម​ទៀត​ ពេលនេះ​គាត់​គួរតែ​ទិញ​ខុន​ដូ​នៅ​កណ្តាល​ក្រុង​វិញ​ម្ដង​ ដែល​វា​បាន​បង្ហាញ​ និង​បញ្ជាក់​ពី​ជីវិត​ និង​ការរស់នៅ​របស់​គាត់មាន​ភាព​ស៊ីវិល័យ​។

លោកបណ្ឌិត​បន្ត​ថា​ នៅពេល​គាត់​មានផ្ទះ​ស្នាក់នៅ​សមរម្យ​ គាត់​មានផ្ទះ​ជួល​ គាត់​មាន​ដី​២-៣កន្លែង​ ហើយ​មាន​ខុន​ដូ​នៅ​កណ្តាល​ក្រុង​ទៀត​ ទាំងអស់​នេះ​វា​គឺជា​ទ្រព្យ​អសកម្ម​ ប៉ុន្តែ​វា​នឹង​ក្លាយជា​លុយ​យ៉ាងច្រើន​នៅពេល​ដែល​គាត់​ចង់បាន​។

លោក​បណ្ឌិ​តគឹម​ ហ៊ា​ងបញ្ជាក់​ថា​ “ប្រសិនបើ​អ្នកមាន​លទ្ធភាព​ គួរតែ​ទិញ​ផ្ទះ​ទុក​ឱ្យ​បាន​ច្រើន​ ទិញ​ដី​ទុក​ឱ្យ​បាន​ច្រើន​ រួម​ជាមួយនឹង​ការទិញ​ខុន​ដូ​សម្រាប់​ស្នាក់នៅ​ ឬស​ ម្រាប់​ជួល​ ដែល​វា​សុទ្ធតែ​ជា​ទ្រព្យរបស់​ ជួយ​បង្កើត​លុយ​ឱ្យ​អ្នក​យ៉ាង​លឿន​រហូតដល់​អ្នក​នឹង​ស្មាន​មិនដល់​”។

លោក​បាន​បញ្ជាក់​ទៀត​ថា ការវិនិយោគបែបនេះ ក្រោយរយៈពេល៥​-៦ឆ្នាំ​បន្ទាប់​ ប្រសិនបើ​អាច​សល់​ធនធាន​ ហើយ​ចង់​វិនិយោគ​ជា​លើក​ទី៣​ លោក​សូម​ណែនាំ​ថា​ គួរតែ​ទិញ​ដី​ទុក​ដែល​វា​ជា​រឿង​ល្អ​បំផុត​។

លោក​បញ្ជាក់​ថា​ “ថ្វីត្បិត​ដី​ហាក់​មិនសូវ​មាន​គេ​ជួល​ ប៉ុន្តែ​ជាទូទៅ​ការ​កើនឡើង​នៃ​តម្លៃ​ដី​ប្រចាំឆ្នាំ​ យ៉ាងហោចណាស់​ក្នុងរង្វង់​ចាប់១៥​-២០​ ឬអាច​ឡើង​លើស​ពីនេះ​រហូតដល់១០០ភាគរយ​ ដែល​វា​អាស្រ័យ​ទៅតាម​តំបន់​និង​ប្រភេទ​ដី​”៕

ដីឧស្សាហកម្មនៅខេត្តកណ្តាលកាន់តែបង្ហាញសក្តានុពល ខណៈគម្រោងជាច្រើនបោះទីតាំងវិនិយោគនៅខេត្តនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ដីបែបឧស្សាហកម្មនៅខេត្តកណ្តាល នៅតែមានតម្រូវការជាបន្តបន្ទាប់ ខណៈក្រុមហ៊ុនធំៗជាច្រើន បានសម្រុកទៅបោះទីតាំងវិនិយោគ ក្នុងខេត្តមួយនេះ ដែលមានភូមសាស្ត្រជិតនឹងទីក្រុងភ្នំពេញ ដើម្បីបោះទីតាំងផលិតកម្ម ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ក៏ដោយ។

ប្រធានសមាមគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍កាលពីសប្តាហ៍កន្លងទៅថា សម្រាប់ដីនៅតាមបណ្តាស្រុកសំខាន់ៗ ព័ទ្ឋជុំវិញរាជធានីភ្នំពេញ គឺកំពុងតែមានភាពទាក់ទាញខ្លាំង ដែលអាចផ្តល់ឱកាសយ៉ាងល្អប្រសើរទៅដល់បណ្តាអ្នកវិនិយោគនានា។

លោកបន្តថា “ខេត្តកណ្តាលព័ទ្ឋជុំវិញរាជធានីភ្នំពេញ ដែលមានសក្តានុពលជាច្រើន ដោយសារតំបន់នេះ មានតំបន់សេដ្ឋកិច្ចពិសេស គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវសេដ្ឋកិច្ចដ៏ធំ កំពង់ផែលំដាប់អន្តរជាតិ ការបញ្ចប់ផ្លូវជាតិលេខ១ ដែលជាផ្លូវតភ្ជាប់ច្រករបៀងភាគខាងត្បូងជាដើម”។

លោកបានថ្លែងប្រាប់ថា ការរៀបចំតំបន់ឧស្សាហកម្ម គឺអាស្រ័យទៅលើទីតាំងដែលខិតជិតតំបន់ ដែលក្រុមហ៊ុនត្រូវដឹកជញ្ជូនចេញចូល ហើយខេត្តកំពង់កណ្តាល គឺតំបន់អាទិភាពមួយ សម្រាប់ការរៀបចំជាតំបន់ឧស្សាហកម្ម ដោយសារខេត្តនេះមានលក្ខណៈភូមសាស្ត្រអំណោយផល ក្នុងការដឹកជញ្ជូនទៅកាន់ភ្នំពេញ និងច្រកចេញតំបន់ជាច្រើនជាទៀត។

លោកច្រឹក សុខនីមបានបន្តថា “ទាំងនេះហើយជាហេតុ ក្រុមហ៊ុនរោងចក្រ និងសហគ្រាសជាច្រើន បានជ្រើសរើសយកកណ្តាល ជាទីតាំងផលិតកម្មរបស់ខ្លួន ហើយវាធ្វើឱ្យតម្រូវការដីបែបឧស្សាហកម្មកើនឡើងជាបន្តបន្ទាប់”។

ជាក់ស្តែង រដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័តគម្រោងថ្មីៗចំនួន៦គម្រោង ដែលបោះទុនវិនិយោគ៣៥,១លានដុល្លារគិតចាប់ពីខែមេសា ដល់ខែដើមមិថុនា ឆ្នាំ២០២១នេះ ហើយបង្កើតការរាប់ពាន់កន្លែងដល់ប្រជាពលរដ្ឋ។

គម្រោង ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានដូចជា គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ គម្រោងបង្កើតរោងចក្រផលិតបំពង់ទីប ទុយោជ័រ និងបរិក្ខារបំពង់ជ័រ (PVC pipe fittings) គ្រប់ប្រភេទ និងគម្រោងបង្កើតរោងចក្រផលិតឱសថ គម្រោងបង្កើតរោងចក្រផលិតកាបូប និងវ៉ាលិសគ្រប់ជាដើម៕

លោកស៊ុន ចាន់ថុលៈស្ពានតភ្ជាប់តំបន់ជ្រោយចង្វារ ស្វាយជ្រុំភាគីកូរ៉េកំពុងសិក្សាហើយ

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ទេសរដ្ឋមន្រ្តី លោកស៊ុន ចានថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហើបឱ្យដឹងថា គម្រោងសិក្សាលទ្ធភាពសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីតំបន់ជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំ ភាគីកូរ៉េកំពុងសិក្សានៅឡើយ។

លោកបានមានប្រសាសន៍ក្នុងពេលចុះពិនិត្យផ្លុវល្បឿនលឿនភ្នំពេញ ព្រះសីហនុកាលពូម្សិលម៉ិញនេះថា បច្ចុប្បន្នសាធារណរដ្ឋកូរ៉េខាងត្បូង បានឯកភាពសំណើកម្ពុជាហើយ តែស្ថិតក្នុងការសិក្សានៅឡើយទេ។

លោកបន្តថា “តបតាមសំណើររបស់សម្តេច តេជោ ហ៊ុន សែន ពេលនេះភាគីកូរ៉េបានយល់ព្រមឯកភាពជួយសង់ស្ពាននេះហើយ”។

លោកស៊ុន ចាន់ថុលបានបន្តថា ទោះជាយ៉ាងណាបច្ចុប្បន្ននេះ មិនទានមានផែន​ការអ្វីជាក់លាក់ទេ ព្រោះភាគីកូរ៉េកំពុងសិក្សានៅឡើយ ដោយក្រុមហ៊ុនកូរ៉េកំពុងសិក្សាថា តើសាងសង់ស្ពានប្រភេទណា? អស់ថវិការប៉ុន្មាន? ហើយនៅពេលសិក្សាចប់សព្វគ្រប់នឹងដាក់ដេញថ្លៃ ដើម្បីជ្រើសរើសក្រុមហ៊ុនមកសាងសង់ស្ពាន ស្វាយជ្រុំរបស់យើង។

ទោះជាយ៉ាងណា លោកស៊ុន ចាន់ថុល មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ថា ការសិក្សនឹងបញ្ចប់នៅពេលណានោះទេ៕

បុគ្គលិក កម្មករសំណង់ និងប្រជាពលរដ្ឋដែលរស់នៅទាំងក្នុង និងក្រៅបុរីប៉េង ហួត ជាង២ម៉ឺននាក់ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានរៀបចំចាក់ការវ៉ាក់សាំង

ខណៈដែលអ្នកឆ្លងជំងឺកូវីដ-១៩ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានកើនឡើងសរុបរហូត ៤៣,៤៤៦នាក់ គិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រាជរដ្ឋាភិបាល បាននិងកំពុងមមារញឹកក្នុងការប្រឹងប្រែងទប់ស្កាត់ និងស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដោយមានការចូលរួមយ៉ាងសកម្មពីវិស័យឯកជន​ស្ថាប័នជាតិ និងអន្តរជាតិ។ បណ្ដាក្រុមហ៊ុនធំៗបានចូលរួមជាថវិកាទិញវ៉ាក់សាំង ជាស្បៀងអាហារ និងផ្តល់ជាទីតាំងសំរាប់ការចាក់វ៉ាក់សាំង។ល។

ជាក់ស្តែង គិតចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន ២,១២៣៤នាក់ ដែលក្នុងនោះមានបុគ្គលិក កម្មករ និងជាងសំណង់បុរីប៉េងហួតចំនួនជាង១ម៉ឺននាក់, ប្រជាពលរដ្ឋដែលរស់នៅក្នុង និងក្រៅបុរី ចំនួនជាង១ម៉ឺននាក់ផងដែរ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី១និងដូសទី២បានរួចរាល់ នៅមជ្ឈមណ្ឌលកីឡា ផ្លាទីនីម (Platinum Sports Center) ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ)។

ជាការរួមចំណែករបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរក្នុងការរៀបចំផ្តល់ទីតាំង។ តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប លោក ចាន់ រដ្ឋា ប្រធានផ្នែកកិច្ចការសាធារណៈ បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនមានសេចក្តីសោមនស្សរីករាយ​ និងមានមោទនភាពយ៉ាងក្រៃលែងដែលបានចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លានេះ។ ក្រុមហ៊ុនសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ព្រមទាំងក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានខិតខំយ៉ាងយកចិត្ដទុកដាក់ដោយមិនគិតពីភាពនឿយហត់”។

លោក លី ប៊ុនលុន ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌច្បារអំពៅ​មានមតិថា៖“ខ្ញុំឃើញថាទីតាំងចាក់វ៉ាក់សាំងរបស់បុរី ប៉េង ហួត គឺថាគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលបានល្អមែនទែន ពាក់ព័ន្ធជាមួយការរក្សាគម្លាត និង សណ្តាប់ធ្នាប់ផ្សេងៗ ហើយចំពោះការរៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺខ្ញុំមានការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលខ្លាំងមែនទែនដែលគាត់បានគិតគូរពីប្រជាពលរដ្ឋ។ ចំពោះក្រុមពេទ្យស្ម័គ្រចិត្តវិញ គឺខ្ញុំមានការអរគុណពួកគាត់ខ្លាំងណាស់ដែលគាត់បានចំណាយពេលវេលាដ៏មានតម្លៃរបស់គាត់សំរាប់ការស្ម័គ្រចិត្តផ្សេងៗក្នុងការផ្តល់ជូនក៏ដូចជាចំណាយពេលវេលាក្នុងការរៀបចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ”។

កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១កន្លងមកនេះ ក្រសួងសុខាភិបាលបានរកឃើញករណីមេរោគកូវីដបំលែងថ្មី ដែលគួរឲ្យព្រួយបារម្ភ ដូច្នេះទោះជាទទួលបានការចាក់វ៉ាក់សាំងចំនួនពីរដូសរួចហើយក៏ដោយ សូមបងប្អូនកុំភ្លេចបន្តអនុវត្តវិធានការ ”៣ការពារ និង ៣កុំ” ឲ្យបានខ្ជាប់ខ្ជួន។

កម្ពុជាមានតំបន់៦ផ្សេងទៀតដែលកំពុងបង្ហាញសក្ដានុពលលើអាជីវកម្មរ៉ែមាសក្រៅពីមណ្ឌលគីរី

ដោយៈ ប៊ី

ភ្នំពេញៈ ក្រៅពីតំបន់អូខ្វាវមួយទេ ខេត្តមណ្ឌលគីរី ដែលមានសក្ដានុពលលើរ៉ែមាស កម្ពុជាមានតំបន់ក្នុងខេត្តប្រមាណ៦ទៀត ដែលកំពុងមានសក្ដានុពល លើអាជីវកម្មរ៉ែមាសនេះដែរ។ នេះបើយោងតាមការលើកឡើងរបស់លោកស៊ុយ សែមរដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល។

លោកស៊ុយ សែមបានលើកឡើងដូច្នេះក្នុងកម្មវិធីអញ្ជើញ ចូលរួមជាអធិបតីភាព ក្នុងពិធីដាក់ឱ្យដំណើរការ រោងចក្រចម្រាញ់រ៉ែមាស របស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល នៅក្នុងតំបន់អូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

លោកស៊ុយ សែមបានថ្លែងឲ្យដឹងថា “សម្រាប់រ៉ែមាសនេះមិនមែនមានតែក្នុងខេត្តមណ្ឌលគីរីនោះទេ ប៉ុន្ដែមានក្នុងខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ, ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តរតនគីរី ជាដើម”។

លោកបានឱ្យដឹងថា អាជីវកម្មរ៉ែមាសជាអាជីវកម្មថ្មីមួយ ចំណូលថ្មី និងជាប្រវត្តិសាស្រ្ដដំបូង ដែលទទួលបានចំណូលពីរ៉ែមាសនេះ ដាក់ក្នុងថង់ថវិការបស់ជាតិ ហើយថវិកាជាតិប្រើប្រាស់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

លោកបន្ថែមថា សម្រាប់ចំណូលដែលបានប៉ាន់ស្មាន មួយឆ្នាំប្រហាក់ប្រហែល ៤០លានដុល្លារអាមេរិក ជាចំណូលជាតិ ដែលបានមកពីសួយសារ និងសារពើពន្ធផ្សេងៗ លើការលក់មាសក្នុងការដ្ឋាននេះ។ ចំណូលទាំងអស់នេះ នឹងបញ្ជូលទៅក្នុងថវិកាជាតិ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមទាំងមូល។ នេះប្រៀបបានជាថង់មួយ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកាន់ និងគ្រប់គ្រង។

លោកបានថ្លែងបន្តថា វត្តមានរោងចក្រចម្រាញ់រ៉ែមាស របស់ក្រុមហ៊ុម រ៉ឺនេសង់ មីនើរ៉ល ខេមបូឌា លីមីធីត ដែលត្រូវបានបើកដំណើរការនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ជាការបង្កើតកំណត់ត្រាដំបូងជាប្រវត្តិសាស្ត្រ នៃការចាប់ផ្ដើមឧស្សាហកម្មចម្រាញ់រ៉ែមាសរបស់កម្ពុជា ហើយនេះជាសក្ខីភាពបង្ហាញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា។

លោកបានបន្ដថា ទន្ទឹមនឹងផលប្រយោជន៍សេដ្ឋកិច្ចខាងលើ ដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសមួយនេះ នឹងការចូលរួមចំណែកយ៉ាងសំខាន់ ដល់ការបង្កើតសមត្ថភាពជាតិ និងគម្រូឧស្សាហកម្មថ្មីមួយ សម្រាប់ការធ្វើអាជីវកម្មធនធានរ៉ ប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

World Bank: សេដ្ឋកិច្ចកម្ពុជានឹងអាចមានគន្លងថ្មីបន្ទាប់ពីវិបត្តិកូវីដ១៩បញ្ចប់

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ យោងតាមទស្សនៈវិស័យរបស់ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា ឱ្យដឹងថាបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ផុតរលត់ទៅសេដ្ឋកិច្ចម្ពុជា អាចមានគន្លងថ្មី ដោយកើនឡើងវិញក្នុងកម្រិតទាបក្នុងរយៈពេលខ្លះ។

តាមទស្សនវិស័យនេះបង្ហាញថា ទោះជាមានការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងស្រុក ក្រោយមានការបន្ធូរបន្ថយការបិទខ្ទប់ វិស័យទេសចរណ៍សកលត្រូវបានរំពឹងថានឹងមានកម្រិតទាបជាងកម្រិតមុនពេលមានវិបត្តិកូវីដ១៩ រហូតដល់ឆ្នាំ២០២៣។

ការឡើងវិញនៃសេដ្ឋកិច្ចសកល ដោយទទួលបានការគាំទ្រដោយការជួយជំរុញសេដ្ឋកិច្ចយ៉ាងខ្លាំង នៅសហរដ្ឋអាមេរិក នឹងស្ដារពាណិជ្ជកម្មទំនិញ និងអាចផ្ដល់សន្ទុះខាងក្រៅ ដល់កំណើនជាមធ្យមចំនួន១ភាគរយ ប៉ុន្តែវិស័យទេសចរណ៍សកលត្រូវបានរំពឹងថា នៅតែមានកម្រិតទាបជាងកម្រិតមុនពេលមានវិបត្តិកូវីដ១៩រហូតដល់ឆ្នាំ២០២៣ ដែលនឹងអូសបន្លាយការស្ដារសេដ្ឋកិច្ចឡើងវិញសម្រាប់បណ្ដាប្រទេស ដែលពឹងផ្អែកលើវិស័យទេសចរណ៍។

ការផ្លាស់ប្តូររចនាសម្ព័ន្ធ ដែលជំរុញដោយការធ្វើពិពិធកម្មគម្រោងវិនិយោគផ្ទាល់ពីបរទេស ដែលពីពមុនមកប្រមូលផ្ដុំភាគច្រើនក្នុងវិស័យសំណង់ និងអចលនទ្រព្យ ក្រោយមកការនាំចេញទំនិញពីក្រៅសម្លៀកបំពាក់ និងទំនិញកសិកម្ម ហាក់លេចរូបរាងឡើង ដោយសម្រួលទៅនឹងការប្រែប្រួលស្ថានភាពតម្រូវការពីក្រៅប្រទេស និងក្នុងស្រុក។

យោងណាហានិភ័យនិងបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចកម្ពុជានៅតែមាន ដោយសារតែរលកនៃការផ្ទុះជំងឺកូវីដ១៩ ចេះតែអូសបន្លាយពេល។ ថ្មីៗនេះ សកម្មភាព សេដ្ឋកិច្ចក្នុងស្រុកត្រូវបានបង្អាក់ ដោយការដាក់ចេញជាថ្មីនូវវិធានការបិទខ្ទប់ឡើងវិញនៅពាក់កណ្ដាលខែមេសា ឆ្នាំ២០២១។

ការបិទខ្ទប់តំបន់ប្រជុំជនធំជាងគេពីរនៅកម្ពុជា គឺទីក្រុងភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដែលជាទីក្រុងមានប្រជាជនច្រើនជាងគេបន្ទាបពីភ្នំពេញ គឺជាការចាំបាច់ និងបានសង្គ្រោះ ជីវិតជាច្រើន ទោះបីជាធ្វើប៉ះពាល់ដល់សេដ្ឋកិច្ចក៏ដោយ។ អត្រាឆ្លងខ្ពស់នាពេលបច្ចុប្បន្ន ក៏គំរាមកំហែងដល់ប្រព័ន្ធសុខាភីបាលសាធារណៈផងដែរ។

រោងចក្រនិងអាជីវកម្ម ទទួលរងផលប៉ះពាល់ ខណៈដែលតម្រូវការក្នុងស្រុក ជាពិសេសតម្រូវការផលិតផលសេវា ដូចជាការធ្វើដំណើរក្នុងស្រុក ទេសចរណ៍ និងសេវាបដិសណ្ឋារកិច្ច រងផលប៉ះពាល់ជាថ្មី ដោយសារតែការឹតត្បិតការធ្វើដំណើរ ការបញ្ចៀសការធ្វើដំណើរការ និងការថយចុះប្រាក់ចំណូល។ ស្ថានភាពនេះនឹងធ្វើឱ្យមានកំណើនយឺត រហូតដល់មានការចាក់វ៉ាក់សាំងបង្ការបានច្រើនទូទៅ៕

ការសិក្សាៈ ទីផ្សារការិយាល័យក្រុងបាងកកនៅតែទទួលបានកំណើននៅដើមឆ្នាំនេះ

ដោយៈ សុខុម

បាងកក: ក្រុមហ៊ុនអាមេរិក CBRE ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិឈានមុខគេផ្នែកអចលនទ្រព្យបានរកឃើញថា ការផ្គត់ផ្គង់ក្នុងទីផ្សារការិយាល័យក្រុងបាងកក បានកើនឡើង ខណៈអ្នកជួលពិចារណាកាត់បន្ថយទំហំការិយាល័យ ដើម្បីកាត់ចំណាយថ្លៃជួលក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១។

យោងតាមគេហទំព័រ CBRE Thailand ចុះផ្សាយកាលពីថ្ងៃទី១៧ មិថុនា ឱ្យដឹងថា ទីផ្សារការិយាល័យក្នុងក្រុងបាងកក កំពុងបន្តប្រឹងប្រែងឆ្លងកាត់ព្យុះភ្លៀងនេះ នៅពេលដែលអ្នកជួលពិចារណាកាត់បន្ថយទំហំការិយាល័យដើម្បីកាត់ចំណាយថ្លៃជួល និងក្រុមហ៊ុនសហគ្រាសមួយចំនួនអនុវត្តគោលនយោបាយធ្វើការងារពីផ្ទះ។

ការស្រាវជ្រាវរបស់ CBRE បង្ហាញថា ការផ្គត់ផ្គង់សរុបនូវការិយាល័យប្រភេទ Space Office នៅក្រុងបាងកក ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ បានកើនឡើង២៥.០០០ម៉ែត្រការ៉េដល់៩,២៦លានម៉ែត្រការ៉េក្រោយអគារ WHA Tower ក្នុងសង្កាត់ Bang Na បានសាងសង់បញ្ចប់ជាស្ថាពរ។ មួយផ្នែកនៃអគារនេះគឺទុកសម្រាប់ក្រុមហ៊ុន WHA ប្រើប្រាស់ផ្ទាល់ខ្លួន។ នេះធ្វើឱ្យការផ្គត់ផ្គង់ការិយាល័យក្នុងសង្កាត់ Bang Na កើនឡើង១៣% ខណៈអត្រាកាន់ (ប្រើប្រាស់) សរុបក្នុងតំបន់នេះមាន៨០,៤%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១។

ទោះបីជាឧស្សាហកម្មដែលកំពុងរីកចម្រើនមួយចំនួន មានតម្រូវថ្មីៗសម្រាប់ការិយាល័យប្រភេទ Space Office យ៉ាងណាក្ដី ក៏ការស្រាវជ្រាវរបស់ CBRE បានរកឃើញថា អត្រាជួលសម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២១ ត្រូវបានកត់ត្រាត្រឹម២៣.៥២១ម៉ែត្រការ៉េប៉ុណ្ណោះ ដោយភាគច្រើនចេញពីអគារការិយាល័យលំដាប់ B ក្នុងសង្កាត់ពាណិជ្ជកម្ម Central Business District នៅពេលអ្នកជួលមួយចំនួនបានរើចេញទៅកាន់តំបន់ដែលមិនស្ថិតក្នុងសង្កាត់ពាណិជ្ជកម្មដែលថ្លៃឈ្នួលថោកជាង និងដើម្បីកាត់បន្ថយទំហំការិយាល័យដើម្បីកាត់ចំណាយ។

ទោះជាយ៉ាងណា ទីផ្សារការិយាល័យប្រភេទ Space Office លំដាប់ A ដែលមិនស្ថិតក្នុងសង្កាត់ពាណិជ្ជកម្មនៅតែមានភាពរឹងមាំក្នុងត្រីមាសនេះ។ ជាលទ្ធផល អត្រាកាន់កាប់សរុបជាមធ្យមបានធ្លាក់ចុះ០.៥%មកនៅត្រឹម៩០,១%បើធៀបនឹង៩០,៦%ក្នុងត្រីមាសមុននេះ។

លោកស្រី Roongrat Veeraparkkaroon ប្រធានផ្នែកប្រឹក្សាយោបល់ និងសេវាកម្មជួញដូរប្រចាំការិយាល័យ CBRE Thailand បានលើកឡើងថា “ក្នុងរយៈពេល៣ឆ្នាំគិតចាប់ពីពេលនេះ ក្រុមហ៊ុន CBRE រំពឹងថា ការិយាល័យថ្មីៗប្រភេទ Space Office ដែលមានផ្ទៃក្រឡាជាង១,៣លានម៉ែត្រការ៉េនឹងត្រូវសាងសង់បញ្ចប់ជាស្ថាពរសម្រាប់ដាក់ជួលក្នុងទីក្រុងបាងកក។ ជាប្រវត្តិសាស្ត្រ ក្នុងរយៈពេលប្រមាណ១០ឆ្នាំគិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ ដែលការផ្គត់ផ្គង់ការិយាល័យកើនឡើងដល់១លានម៉ែត្រការ៉េ”។

លោកស្រីបានបន្តថា នេះនឹងបង្កជាសម្ពាធដែលធ្វើឱ្យអត្រាកាន់កាប់ និងអត្រាជួលក្នុងទីផ្សារការិយាល័យក្រុងបាងកក ធ្លាក់ចុះ។ លើសពីនេះទៀត CBRE រំពឹងថាកំណើនអត្រាជួលនឹងនៅទ្រឹងក្នុងទីផ្សារការិយាល័យក្រុងបាងកក ទាំងមូល លើកលែងតែអគារថ្មីៗលំដាប់ A ដែលមានអត្រាកាន់កាប់៩០%ដែលថ្លៃឈ្នួលនៅតែអាចកើនឡើង”៕

GCC ប្រកាសអំពីគម្រោងថ្មីគឺផ្សារជីស៊ី អូរឫស្សី និងបកស្រាយអំពីការជម្រុញឲ្យបង្កើតនូវគម្រោងនេះឡើង

ភ្នំពេញ ថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2021- គម្រោងផ្សារជីស៊ី អូរឫស្សីដែលជាផ្សារបោះដុំ និងលក់រាយថ្មីមួយ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីដែលត្រូវបានប្រកាសនៅក្នុងថ្ងៃទី 20 ខែឧសភា ឆ្នាំ 2021 ដែលនេះគឺជាការវិនិយោគដំបូងបង្អស់របស់ GCC គ្រុបក្នុងគម្រោងផ្សារបោះដុំ និងលក់រាយក្នុងស្រុក នៅក្នុង ទីក្រុងភ្នំពេញបន្ទាប់ពីបានធ្វើការអភិវឌ្ឍគម្រោងខុនដូ CEO Wyndham Residence និង បុរី ណាឌី បានដោយជោគ ជ័យរួចមក។ ផ្សារជីស៊ី អូរឫស្សីគឺជាផ្សារបោះដុំដែលមានកម្ពស់ 6 ជាន់ដែលបានរចនាឡើងប្រកបដោយការយក ចិត្តទុកដាក់បំផុត ដើម្បីប្រើប្រាស់នូវជាន់នីមួយៗទៅតាមមុខងារច្បាស់លាស់ដូចជា កន្លែងលក់គ្រឿងទេស គ្រឿងអលង្ការ សម្លៀកបំពាក់ វត្ថុអនុស្សវរីយ៍ សម្ភារៈអេឡិចត្រូនិចជាដើម។

លោក Caleb Loh នាយកគម្រោងនៃក្រុមហ៊ុន ជីស៊ី អូរឫស្សី ក.អ បានមានប្រសាសន៍ថា “យើងនៅក្នុង វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជាជាង 5 ឆ្នាំមកហើយ។ យើងក៏បានចាត់ទុកទីនេះដូចជាផ្ទះរបស់យើង ដូចគ្នា។

យើង ស្រឡាញ់ប្រទេសកម្ពុជា យើងចូលចិត្តរសជាតិម្ហូបខ្មែរ ព្រមជាមួយនឹងសិល្បៈ និង វប្បធម៌នៃ ប្រទេសកម្ពុជា។ ខណៈពេលដែលពួកយើងកាន់តែសម្របខ្លួនជាមួយនឹងការរស់នៅរបស់ប្រទេសនេះយើងក៏ មើលឃើញថាប្រជាជនខ្មែរពឹងផ្អែកលើផ្សារក្នុងស្រុកយ៉ាងខ្លាំង។ ជាទូទៅ ផ្សារក្នុងស្រុកគឺជាផ្នែកមួយដ៏សំខាន់ នៃការរស់នៅរបស់ ប្រជាជនកម្ពុជា។ រាជធានីភ្នំពេញសម្បូរទៅដោយផ្សារក្នុងស្រុកទាំងធំ និងតូចជាច្រើន នៅគ្រប់ ទីកន្លែងទាំងអស់ ជាមួយនឹងអាជីវករលក់ដូរម្ហូបអាហារ គ្រឿងទេស និងគ្រឿងផ្សំជាដើម។ ដោយសារតែចំនួន ប្រជាជនចេះតែបន្ត កើនឡើងជាលំដាប់ មនុស្សក៏ចាប់ផ្ដើមមានតម្រូវការផ្សារដែលមានអនាម័យ ទាន់សម័យ និងស្ថិតនៅក្បែរផ្ទះ។ បន្ទាប់ពីយើងទទួលបានជោគជ័យលើគម្រោងខុនដូ និងលំនៅឋានរួចមកយើងគិតថានេះ គឺជាពេលវេលាដែល សាកសមបំផុតសម្រាប់ពួកយើងបង្កើតអ្វីមួយបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា។”លោក Caleb Loh នាយកគម្រោងនៃក្រុមហ៊ុន ជីស៊ី អូរឫស្សី ក.អ បានបន្ថែមថាផ្សារថ្មី ផ្សារទួលទំពូង និងផ្សារអូរឫស្សីបានបម្រើរដល់សហគមន៍មកជាច្រើនជំនាន់មកហើយ និងខ្លះមានអាយុកាលជាង 1 សតវត្សន៍ទៅហើយ។ គំនិតក្នុងការបង្កើតផ្សារជីស៊ី អូរឫស្សីនេះឡើងមកគឺដើម្បីបង្កើត និងបង្កើននូវគុណភាពបទ ពិសោធន៍នៃការទិញទំនិញនៅក្នុងផ្សារក្នុងស្រុក ហើយក៏រក្សាទុកនូវភាពប្លែកពីគេនៃទីនេះក្នុងពេលតែមួយផងដែរ។លោក Caleb មានប្រសាសន៍ថា “ផ្សារជីស៊ី អូរឫស្សីត្រូវបានរំពឹងទុកថានឹងក្លាយជាអ្នកស្នងដំណែងពីផ្សារ ក្នុងស្រុកទាំងអស់នេះ ដោយការរួមបញ្ចូលគ្នានូវស្ថាបត្យកម្មបែបខ្មែរ ព្រមជាមួយនឹងការប្រើប្រាស់ នូវលំហូរខ្យល់ និងម្លប់ធម្មជាតិ”។

លោកបានបន្ថែមថាផ្សារជីស៊ី អូរឫស្សីបានរក្សានូវមរតកនៃស្ថាបត្យកម្មខ្មែរ និងការធ្វើពាណិជ្ជកម្មរបស់ខ្មែរ បុរាណ។ ទីនេះត្រូវបានរចនាដោយសួនច្បារនៅជាន់ដំបូលនៃអាគារ។ ផ្សារជីស៊ី អូរឫស្សី ត្រូវបានរចនាឡើងយ៉ាងប្លែកពីគេជាមួយនឹងសួនឧទ្យានខាងក្រៅនៅជាន់លើបង្អស់របស់យើង។ ជាន់ដំបូល នឹងក្លាយជាកន្លែងទេសចរណ៍ និងកន្លែងសម្រាប់ថតរូបកម្សាន្តដ៏ល្បីល្បាញនៅពេលរាត្រី ដោយសារតែភាពទាក់ទាញជាច្រើនលើសលប់របស់យើង ជាពិសេសគឺអាហារនៅតាមដងផ្លូវ (Street Food) ដ៏មានឱជារស និងសម្ភារៈប្លែកៗ តាំងលក់ហើយអ្នកមិនធ្លាប់បានឃើញនៅកន្លែងផ្សេងទៀត។ផ្សារជីស៊ី អូរឫស្សីមិនមែនមានរចនាបទមួយប៉ុណ្ណោះទេ ប៉ុន្តែបានលាយបញ្ចូលគ្នារវាងកម្ចីពីប្រវត្តិសាស្ត្រ និងទីក្រុងទំនើប បង្កើតបានជា ការរចនាបែបប្រពៃណី ដែលពោរពេញទៅដោយភាពច្នៃប្រឌិត ហៅថា ស្ថាបត្យកម្មទំនើបបម្លែងពីស្ថាបត្យកម្មខ្មែរបុរាណ។ ជាមួយនឹងគម្រោងដំណើរការនៅក្នុងឆ្នាំ 2024 ផ្សារជីស៊ីអូរឫស្សី នឹងក្លាយជាទីតាំងដ៏ល្បីល្បាញ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

លោក Caleb Loh នាយកគម្រោងនៃក្រុមហ៊ុន ជីស៊ី អូរឫស្សី ក.អ “យើងគ្រោងនឹងធ្វើឲ្យគម្រោងផ្សារជីស៊ី អូរឫស្សីក្លាយជាទីតាំងដែលបង្ហាញពីវប្បធម៌ឲ្យដូចជាពាក្យស្លោករបស់យើងគឺ “មរតក ប្រពៃណី ចំណេះដឹង” យើងដឹងថាសិល្បៈ វប្បធម៌ និងចំណេះដឹងអំពីការធ្វើពាណិជ្ជកម្មគឺជាមរតក។ សម្រាប់ពួកយើង នេះគឺជាវត្ថុដ៏មានតម្លៃសម្រាប់ផ្ទេរទៅកាន់មនុស្សជំនាន់ក្រោយ”។

លោក Celeb បានបន្ថែម “GCC បានពិនិត្យមើលលើបរិបទជាច្រើន ហេតុដូច្នេះហើយទើបផ្សារជីស៊ី អូរឫស្សីអាចបង្ហាញចេញនូវចក្ខុវិស័យរបស់យើងបានពេញលេញចំពោះគម្រោងមួយនេះ។ យើងមានក្ដីសោមនស្ស រីករាយជាខ្លាំងដែលទទួលបានការឆ្លើយតបជាវិជ្ជមាន និងការកោតសរសើរជាបន្តបន្ទាប់ចាប់តាំងពីធ្វើការណែនាំនូវ គម្រោងនេះទៅកាន់ដៃគូពាណិជ្ជកម្មរបស់យើង។ គម្រោងដ៏អស្ចារ្យជាច្រើនទៀត នឹងត្រូវបាននាំមកជូនលោកអ្នក ក្នុងឆ្នាំនេះ ឧទាហរណ៍ដូចជា Lixin Century Innovation Park ដែលជាគម្រោងអភិវឌ្ឍដ៏ធំនៅក្នុងឧទ្យានជាតិរាម ដែលនឹងក្លាយខ្លួនជាទីតាំងដ៏ល្បីល្បាញនាពេលអនាគតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ យើងសង្ឃឹមថាលោកអ្នកនឹងស្វាគមន៍នូវគម្រោងថ្មីនេះជាមួយពួកយើង។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារជីស៊ី អូរឫស្សីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖
– GC Orussey Market – ផ្សារជីស៊ីអូរឫស្សី: https://www.facebook.com/gc.orusseymarket
– ឆានែលតេឡេក្រាម – https://t.me/GCOrusseyMarket
– លេខទូរស័ព្ទ និងតេឡេក្រាម: 099 331015, 098 331015
បញ្ចប់
ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Lixin Century Innovation Park។
រៀបរៀងដោយការិយាល័យទីផ្សារ GCC
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
អ្នកនាង Leong Ka Yen
ប្រធានផ្នែកទីផ្សារ
លេខទំនាក់ទំនង: +855 96 820 6822 Email: [email protected]

លោកង៉ែត ឧត្តមមុន្នី
ប្រធានត្រួតពិនិត្យទីផ្សារ
លេខទំនាក់ទំនង: +855 98 831 868 Email: [email protected]

 

រដ្ឋមន្ត្រីក្រសួងរ៉ែៈ ការចាប់ផ្តើមឧស្សាហកម្មចម្រាញ់មាសបង្ហាញពីកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយរបស់កម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ការចាប់ផ្តើមឧស្សាហកម្មចម្រាញ់មាសរបស់កម្ពុជា គឺជាការបង្កើតនូវកំណត់ត្រាដំបូងជាប្រវត្តិសាស្ត្រ និងជាសក្ខីភាពយ៉ាងជាក់ច្បាស់ នូវការការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបាននូវបរិស្ថានវិនិយោគ សមប្រកបសម្រាប់ទាក់ទាញវិនិយោគទុន និងការបង្កើតបាននូវខឿនឧស្សាហកម្មថ្មីមួយ។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

ការលើកឡើងដូច្នេះរបសលោកស៊ុយ សែមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ។ ក្នុងឱកាសនោះលោករដ្ឋមន្ត្រី ស៊ុយ សែម បានចាប់ផ្តើមដំណើរការស្លចម្រាញ់រ៉ែមាស ចាក់ដុំមាស និងបោះត្រាសំគាល់លើដុំមាសរ៉ (Gold Doré) ទីមួយរបស់កម្ពុជា។

ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ ស្ថិតនៅក្នុងភូមិសាស្ត្រនៃឃុំចុងផ្លាស់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី។ នៅពេលដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែប្រមាណជិត២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ ចេញជាដុំមាសកម្រិត ៩០% (Gold Doré Bars) បានប្រមាណ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន៨ឆ្នាំ។

លោកស៊ុយ សែមបានថ្លែងថា ការធ្វើអាជីវកម្មរ៉ែមាសនេះ ស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ ៤៦២នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន ៤២៧នាក់ និងបរទេសចំនួន៣៥នាក់ ហើយអាចទាញយកចំណូលដល់ប្រមាណ១៨៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ការវិនិយោគក្នុងវិស័យធនធានរ៉ែ ជាការវិនិយោគប្រកបដោយហានិភ័យខ្ពស់ណាស់ មានបញ្ហាប្រឈមច្រើន និងត្រូវប្រើពេលវេលាដ៏យូរ។

លោកបន្តថា កម្ពុជាបានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ក្នុងការបង្កើតឲ្យបាននូវសមត្ថភាពឧស្សាហកម្មក្នុងស្រុកមួយ ដែលអាចទាញយកធនធានរ៉ែ ប្រកបដោយការទទួលខុសត្រូវ និងមានភាពប្រាកដប្រជា ចំពោះផលប្រយោជន៍គ្រប់ទិដ្ឋភាព សេដ្ឋកិច្ច សង្គម និងបរិស្ថាន ដើម្បីបម្រើឲ្យដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។ ការសម្ពោធដាក់ឱ្យដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនៅពេលនេះ គឺជាការឆ្លើយតបចំពោះការទន្ទឹងរង់ចាំនេះ។

លោកបន្តថា ជាបន្តដំណើរការអាជីវកម្ម និងប្រតិបត្តិការធនធានរ៉ែនៅការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសនេះ នឹងត្រូវអនុវត្តដោយប្រកាន់យក តាមនិយាមជាអន្តរជាតិ ស្តីពីការការពារគុណភាពបរិស្ថាន និងផលប្រយោជន៍សង្គមនៅសហគមន៍មូលដ្ឋាន ហើយនឹងត្រូវត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ដោយយន្តការត្រួតពិនិត្យ និងអភិបាលកិច្ចពហុភាគី ក្នុងការជំរុញធានាឲ្យបានការសម្រេចបានទាំងគោល ដៅសេដ្ឋកិច្ច បរិស្ថាន និងគោលដៅសង្គម ស្របតាមផែនការកំណត់ដោយក្រសួងបរិស្ថាន។

លោកបានថ្លែងបន្តថា នេះគឺជាសមិទ្ធិផលថ្មីស្រឡាងមួយទៀត ដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ និងការឯកភាពជាតិ ជូនជាតិមាតុភូមិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបាន ក្នុងការអនុញ្ញាតឲ្យមានការវិនិយោគទ្រង់ទ្រាយធំនៅក្នុងវិស័យធនធានរ៉ែនេះ។ សមិទ្ធិផលនេះ បាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជា ការបង្កើតឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើន សម្រាប់ប្រទេសកម្ពុជា។

ទន្ទឹមនិងការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម ការចាប់ផ្តើមឧស្សាហកម្មអាជីវកម្មធនធានរ៉ែនេះ ក៏នឹងបង្កើតបានផងដែរនូវសមត្ថភាពជាតិ និងគំរូថ្មីសម្រាប់ការធ្វើ អាជីវកម្មធនធានរ៉ែប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សមិទ្ធិផលនេះ គឺជាការបង្កើតនូវកំណត់ត្រាដំបូងជាប្រវត្តិសាស្ត្រ នៃការចាប់ផ្តើមឧស្សាហកម្មចម្រាញ់មាសរបស់កម្ពុជា ហើយក៏គឺជាសក្ខីភាពយ៉ាងជាក់ច្បាស់ នូវការការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នារយៈពេលកន្លងមក ក្នុងការបង្កើតបាននូវបរិស្ថានវិនិយោគ សមប្រកបសម្រាប់ទាក់ទាញវិនិយោគទុន និងការបង្កើតបាននូវខឿនឧស្សាហកម្មថ្មីមួយ ប្រកបដោយការទទួលខុសត្រូវបរិស្ថាន និងសង្គមតាមស្ដង់ដារអន្តរជាតិ ដែលអនុញ្ញាតឱ្យកម្ពុជា អាចទាញយកបាននូវធនធានរ៉ែ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ខ្លួន ដើម្បីធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម បង្កើតបាននូវផលប្រយោជន៍រយៈពេលវែង សម្រាប់ប្រជាជនកម្ពុជាជាច្រើនជំនាន់ក្នុងពេលអនាគត៕

មូលនិធិបរិស្ថានសកលផ្តល់ថវិកាជាង៤៦លានដុល្លារគាំទ្រដល់វិស័យបរិស្ថាន សំខាន់ៗនៅកម្ពុជានិងប្រទេស៧ទៀត

ដោយៈ សាវុធ

ភ្នំពេញៈ មូលនិធិបរិស្ថានសកល (GEF) បានអនុម័តថវិកាសរុបជាង៤៦.៦លានដុល្លារអាមេរិក លើគម្រោងដែលដឹកនាំការអនុវត្ត ដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅក្នុងប្រទេសចំនួន៨ ដែលរួមមានកម្ពុជាផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការFAOនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

ការអនុម័តនេះបានធ្វើឡើង ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមូលនិធិបរិ ស្ថានសកល (GEF) លើកទី៦០ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ សម្រាប់ប្រទេសដែលមានការ អភិវឌ្ឍន៍តិចតួចលើកទី៣០របស់ GEF។

គម្រោងចុងក្រោយទាំងនេះ នឹងផ្តោតលើការគាំទ្រ និងការដោះស្រាយបញ្ហាប្រឈម លើវិស័យយបរិស្ថានសំខាន់ៗដូចជា ការសឹករិចរិលដី ការបាត់បង់ជីវចម្រុះ ការនេសាទគ្មាន និរន្តរភាព និងការប្រែប្រួលអាកាសធាតុ ដែលបាននឹងកំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាជនរាប់រយពាន់នាក់ នៅក្នុងតំបន់អាស៊ី និងអាហ្វ្រិក។

គម្រោងទាំងនេះនឹងត្រូវបានអនុវត្ត ក្នុងភាពជាដៃគូ និងសហហិរញ្ញប្បទានដោយរដ្ឋាភិបាលនៃ ប្រទេសជាសមាជិកដូចជា កម្ពុជា កាមេរូន អេរីទ្រា ឡេសូថូ (Lesotho) ម៉ាឡេស៊ី សេណេហ្កាល់ ថៃឡង់ដ៍ និងវៀតណាម។

លោកQU Dongyu អគ្គនាយកនៃអង្គការ FAO បានថ្លែងថា “គម្រោងទាំងនេះត្រូវបានស្វាគមន៍ ជាពិសេសបន្ទាប់ ពីការសម្ពោធនៃគំនិតផ្តួចផ្តើមស្តីពី ទសវត្សរ៍នៃអង្គការសហប្រជាជាតិស្តីពី ការស្តារប្រព័ន្ធអេកូឡូស៊ី”។លោកបន្តថា “វាចាំបាច់ណាស់ដែលត្រូវចាត់វិធានការឥឡូវនេះ ដើម្បីកែរលម្អររប្រព័ន្ធធម្មជាតិនៅលើដី និងទឹកដែលយើងពឹងផ្អែក ដើម្បីសម្រេចបាននូវផលិតកម្ម អាហារូបត្ថម្ភ បរិស្ថាន និងជីវិតដ៏ល្អប្រសើរមួយ”។

គម្រោងដែលត្រូវបានអនុម័តដោយGEF នឹងជួយគាំទ្រដល់ប្រទេសទាំង៨ និងសហគមន៍របស់ពួកគេ ក្នុងការជ្រើសយកការអនុវត្ត ប្រកបដោយនិរន្តរភាព និងធន់ទៅនឹងអាកាសធាតុ ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ព្រមទាំងបង្កើតគោលនយោបាយដែលកាន់តែរឹងមាំ ដើម្បីអភិរក្សជីវចម្រុះ និងទប់ស្កាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៌ និងគ្មានការអនុញ្ញាត (IUU)។

គម្រោងទាំងនេះ នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាជនចំនួន ជាង៤៤ម៉ឺននាក់ និងស្តារឡើងវិញនូវផែនទេសភាព ដែលបានសិករិចរិលប្រមាណជាង២៧,០០០ហិកតា។ គម្រោងទាំងនេះ ក៏នឹងបង្កើតនូវតំបន់ការពារថ្មីលើដីនិងសមុទ្រចំនួន៣០,០០០ហិកតា និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង លើផែនទេសភាពប្រមាណជាង៧៦៥,០០០ហិកតា និងជម្រកត្រីនិងសត្វសមុទ្រ៤លានហិកតាថែមទៀត។

សកម្មភាពដែលត្រូវបានរៀបចំឡើងនៅក្នុងគម្រោង នឹងរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រមាណ៦,៨លានតោន និងប្រែក្លាយស្តុកត្រីដែលបានកំពុងនេសាទហួសកំរិតចំនួន៥៤៧,៣៩៣តោន វិលទៅកាន់កម្រិតមួយ ដែលមាននិរន្តរភាពឡើងវិញ។

ក្នុងចំណោមគម្រោងដែលដឹកនាំ ដោយអង្គការFAO ទាំងអស់ មានគម្រោងដែលនឹងត្រូវអនុវត្ត ក្នុងតំបន់ឈូងសមុទ្រថៃ ដើម្បីជំរុញការគ្រប់គ្រងធនធានជលផល ប្រកបដោយនិរន្តរភាពនៅប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និង វៀតណាម។

តាមរយៈការអនុវត្តវិធីសាស្រ្ត ប្រព័ន្ធអេកូឡូស៊ីគិតគូរដល់វិស័យជលផល និងពង្រឹងអភិបាលកិច្ចលើវិស័យជលផល គម្រោងទាំងនេះនឹងជួយ ដល់ការអភិរក្សជីវចម្រុះសមុទ្រ និងកាត់បន្ថយការនេសាទហួសកម្រិត ខណៈជួយទ្រទ្រង់ដល់និរន្តភាពនៃជីវភាពរបស់ប្រជានេសាទ។

គម្រោងចំនួនបួន ដែលត្រូវបានអនុម័តសម្រាប់ទ្វីបអាហ្វ្រិក នឹងចូលរួមដោះស្រាយការគំរាមកំហែង នៃការប្រែប្រួលអាកាសធាតុ និងការសឹករិចរិលដី ដើម្បីបង្កើនភាពធន់ ទៅនឹងអាកាសធាតុរបស់សហគមន៍ ការពារធនធានធម្មជាតិ និងពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជននៅតាមជនបទ។

ចាប់តាំងពីខែធ្នូឆ្នាំ២០១៨ អង្គការ FAO បានកៀរគរថវិកាប្រមាណជាង៥៥០លានដុល្លារអាមេរិកពីមូលនិធិ បរិស្ថានសកល (GEF) សម្រាប់ប្រទេសជាសមាជិក បូករួមទាំងគម្រោងចុងក្រោយទាំងនេះ ដែលធ្វើឱ្យអង្គការ FAO ក្លាយជាទីភ្នាក់ងារកំពូលមួយន្នុងចំណាមភ្នាក់ងារកំពូលទាំង៤របស់ GEF នៅទូទាំងពិភពលោក៕