ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ នៅក្នុងវិស័យអចលនទ្រព្យ ការវិនិយោគហាក់មិនបានប្រកាន់ទៅលើវ័យរបស់អ្នកវិនិយោគនោះទេ ប៉ុន្តែអ្វីដែលត្រូវគិតពិចារណានោះត្រង់ថា តើគួរវិនិយោគបែបណា និងផ្តោតទៅលើផ្នែកណា ដើម្បីឱ្យសមស្របទៅនឹងលទ្ធភាព និងស្របទៅនឹងមនុស្សវ័យកណ្តាល (មុនពេលរៀបការ ឬបន្ទាប់ពីរៀបការរួច)។

-->
លោកបណ្ឌិតឧកញ៉ាគីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍ឲ្យដឹងថា អ្នកដែលត្រៀមខ្លួន ឬទើបតែរៀបការរួច គួរតែទិញអចលនទ្រព្យមុនដំបូងគេ គឺទិញលំនៅដ្ឋានដើម្បីរស់នៅសិន។ ក្រោយពេលមានលំនៅដ្ឋានរស់នៅសមរម្យ ហើយសល់ធនធានសមរម្យ ប្រសិនជាមានបំណងចង់វិនិយោគ លើអចលនទ្រព្យបន្ថែមជាលើកទី២ គួរតែទិញលំនៅដ្ឋានសម្រាប់វិនិយោគ ដោយយកលំនៅដ្ឋាននោះទុកសំរាប់ជួល។
លោកបញ្ជាក់ថា “ធម្មតាលំនៅដ្ឋានដែលត្រូវបានជួល គឺអាចទទួលបានចំណូលត្រឡប់មកវិញជាប្រចាំខែ ហើយអ្នកដែលមានផ្ទះជួល មិនព្រួយពីរឿងគ្មានអ្នកជួលនោះទេ”។លោកបន្តទៀតថា “មិនថាជាការវិនិយោគទី៣ ឬទី៤ ជាយោបល់ខ្ញុំគឺនៅតែណែនាំឱ្យទិញដីទុកដើម្បីយកផលចំណេញនាពេលអនាគត”។
លោកបន្តថា ប្រសិនបើបុគ្គលនោះ មានសមត្ថភាពអាចរកចំណូលបានសមរម្យ ហើយចង់វិនិយោគបន្ថែមទៀត ពេលនេះគាត់គួរតែទិញខុនដូនៅកណ្តាលក្រុងវិញម្ដង ដែលវាបានបង្ហាញ និងបញ្ជាក់ពីជីវិត និងការរស់នៅរបស់គាត់មានភាពស៊ីវិល័យ។
លោកបណ្ឌិតបន្តថា នៅពេលគាត់មានផ្ទះស្នាក់នៅសមរម្យ គាត់មានផ្ទះជួល គាត់មានដី២-៣កន្លែង ហើយមានខុនដូនៅកណ្តាលក្រុងទៀត ទាំងអស់នេះវាគឺជាទ្រព្យអសកម្ម ប៉ុន្តែវានឹងក្លាយជាលុយយ៉ាងច្រើននៅពេលដែលគាត់ចង់បាន។
លោកបណ្ឌិតគឹម ហ៊ាងបញ្ជាក់ថា “ប្រសិនបើអ្នកមានលទ្ធភាព គួរតែទិញផ្ទះទុកឱ្យបានច្រើន ទិញដីទុកឱ្យបានច្រើន រួមជាមួយនឹងការទិញខុនដូសម្រាប់ស្នាក់នៅ ឬស ម្រាប់ជួល ដែលវាសុទ្ធតែជាទ្រព្យរបស់ ជួយបង្កើតលុយឱ្យអ្នកយ៉ាងលឿនរហូតដល់អ្នកនឹងស្មានមិនដល់”។
លោកបានបញ្ជាក់ទៀតថា ការវិនិយោគបែបនេះ ក្រោយរយៈពេល៥-៦ឆ្នាំបន្ទាប់ ប្រសិនបើអាចសល់ធនធាន ហើយចង់វិនិយោគជាលើកទី៣ លោកសូមណែនាំថា គួរតែទិញដីទុកដែលវាជារឿងល្អបំផុត។

លោកបញ្ជាក់ថា “ថ្វីត្បិតដីហាក់មិនសូវមានគេជួល ប៉ុន្តែជាទូទៅការកើនឡើងនៃតម្លៃដីប្រចាំឆ្នាំ យ៉ាងហោចណាស់ក្នុងរង្វង់ចាប់១៥-២០ ឬអាចឡើងលើសពីនេះរហូតដល់១០០ភាគរយ ដែលវាអាស្រ័យទៅតាមតំបន់និងប្រភេទដី”៕