ក្រុមហ៊ុនធំៗរបស់អាមេរិកជាច្រើនបាននិងកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនធំៗរបស់អាមេរិកជាច្រើន កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា តាមរយៈពិព័រណ៍មួយនៅកម្ពុជា ស្តីពីសិទ្ធិធ្វើអាជីវកម្មយីហោអាមេរិក ដែលសហការរៀបចំ ដោយស្ថានទូតអាមេរិកនៅភ្នំពេញ នាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់សហរដ្ឋអាមេរិក និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានថ្លែងសុន្ទរកថាក្នុងពិធី បើកពិព័រណ៍នេះនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ថា ពិព័រណ៍នេះ បានរៀបចំឡើងតាមប្រព័ន្ធអ៊ិនធឺណែត ដែលមានការចូលរួមពីក្រុមហ៊ុនអាមេរិកចំនួន៩ ដែលមានឈ្មោះល្បី គឺក្រុមហ៊ុន The Boiling Crab, Chili’s, Dickey’s BBQ Pit, Duck Donuts, Long John Silver’s, Mathnasium, Snap Fitness, Tapout Fitness, និង ក្រុមហ៊ុន Tumbles រួមជាមួយសហគ្រិន និងក្រុមហ៊ុនកម្ពុជាចំនួនជាង៣០ ដើម្បីពិភាក្សាពីលទ្ធភាពនៃការសហការគ្នាជាដៃគូ។

ដោយត្រូវបានទទួលស្គាល់ និងកោតសរសើរចំពោះបទដ្ឋាន ការច្នៃប្រឌិត និងគុណភាពនៃផលិតផល និងសេវាកម្មខ្ពស់ ក្រុមហ៊ុនអាមេរិកច្រើនធ្វើឱ្យប្រជាជនកម្ពុជាផ្សារភ្ជាប់ការទាក់ទងជាមួយសហរដ្ឋអាមេរិក។ ជាក់ស្តែង ក្រុមហ៊ុនអាមេរិក និងយីហោល្បីៗរបស់អាមេរិក បានទទួលជោគជ័យ និងកំពុងរីកចម្រើននៅកម្ពុជា រាប់ពីក្រុមហ៊ុនរថយន្ត Ford និង Facebook ដល់កាហ្វេ Starbucks និង Papa John’s pizza ។

ប្រជាជនកម្ពុជាចង់បានផលិតផល និងសេវាកម្មប្រកបដោយគុណភាពបែបនេះ ហើយគេនៅតែចង់បានច្រើនថែមទៀត។ ពិព័រណ៍នេះគ្រាន់តែជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលរៀបចំដោយស្ថានទូតអាមេរិក ក្នុងការណែនាំឲ្យគេស្គាល់ក្រុមហ៊ុនអាមេរិកដែលចង់មករកស៊ីនៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា “លំហូរនៃការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា កំពុងតែមានកំណើន ហើយក្រុមហ៊ុនអាមេរិកច្រើនថែមទៀត នឹងបន្តមករកស៊ីក្នុងមួយឆ្នាំៗ ដោយនាំមកជាមួយ នូវរបៀបធ្វើជំនួញប្រកបដោយក្រមសីលធម៌ បទដ្ឋានបរិស្ថាន និងបទដ្ឋានការងារខ្ពស់ ព្រមទាំងកម្មវិធីទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន ចំពោះសង្គម ដែលផ្សាភ្ជាប់ជាមួយនឹងសហគមន៍មូលដ្ឋាន”។

លោកឯកអគ្គរដ្ឋទូត បានថ្លែងបន្តថា ៛គេឃើញយីហោទាំងនេះជាច្រើន នៅអាស៊ីអាគ្នេយ៍ នាពេលសព្វថ្ងៃ ជាពិសេសនៅទីក្រុងបាងកក ប្រទេសសិង្ហបូរី និងទីក្រុងហូជីមិញ។ វាដល់ពេលដែលត្រូវឃើញក្រុមហ៊ុនទាំងនេះ នៅភ្នំពេញផងដែរហើយ។

លោកបន្តថា “ខ្ញុំមានទំនុកចិត្តថា ពិព័រណ៍នេះនឹងធ្វើឲ្យគេដឹងកាន់តែច្រើន ពីឱកា​សធ្វើជំនួញដ៏ប្រពៃ ហើយបង្កើតទំនាក់ទំនង ដែលនឹងផ្តល់លទ្ធផលសម្រាប់ប្រទេសទាំងពីរ”៕

រដ្ឋាភិបាលអនុម័តទុនវិនិយោគជាង១០០លានដុល្លាររបស់ក្រុមហ៊ុនក្រុមហ៊ុន ថ្មីៗចំនួន៦

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានសម្រេចអនុម័តគម្រោងថ្មីៗចំនួន៦ ដែលបោះទុនវិនិយោគប្រមាណ១០៦.៣លានដុល្លារនៅកម្ពុជា។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម ទី១-ក្រុមហ៊ុន YIANKANG BIOLOGICAL TECHNOLOGY CO., LTD : គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២១០កន្លែង។

ទី២-ក្រុមហ៊ុន OCEAN TREASURE DYEING & PRINTING CO., LTD : គម្រោងបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។

ទី៣- ក្រុមហ៊ុន LESSO (CAMBODIA) TRADING CO., LTD : គម្រោងបង្កើតរោងចក្រផលិតបំពង់ទីប ទុយោជ័រ និងបរិក្ខារបំពង់ជ័រ (PVC pipe fittings) គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃរកានិងភូមិត្រពាំងជូន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០១កន្លែង។

ទី៤-ក្រុមហ៊ុន SANTELYS PHARMACEUTICAL CO., LTD : គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគចំនួន ១២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២១៥កន្លែង។

ទី៥-ក្រុមហ៊ុន KUANTECH (CAMBODIA) INTERNATIONAL CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំដំឡើង គ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ គ្រឿងបន្លាស់អេឡិចត្រូនិក ម៉ាស់អេឡិចត្រូនិក និងឧបករណ៍បន្សុទ្ធខ្យល់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២៩,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៨កន្លែង។

ទី៦-ក្រុមហ៊ុន JIN BEI PALACE CO., LTD : គម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៩៥បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៤៨,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨០កន្លែង៕

រដ្ឋាភិបាលកំណត់ខេត្តចំនួន៣ជាភូមិសាស្ដ្រត្រូវអនុវត្តកាត្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

ដោយៈ ប៊ី

ភ្នំពេញៈ ក្រសួងសុខាភិបាល សម្រេចកំណត់យកខេត្តកំពង់ចាម តាកែវ និងខេត្តកំពង់ស្ពឺបន្ថែមទៀត ជាភូមិសាស្ដ្រត្រូវអនុវត្តកាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

ការកំណត់យកទីតាំងភូមិសាស្ដ្រខេត្តកំពង់ចាម តាកែវ និងកំពង់ស្ពឺ ដែលត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពនេះ គឺដោយសារខេត្តទាំងបីនេះ បាននិងកំពុងផ្ទុះរីករាលដាល ជំងឺកូវីដ១៩ ក្នុងសហគមន៍។

ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតនេះ ត្រូវបានកំណត់ក្នុងប្រការ៣ និងប្រការ៤ នៃប្រកាសលេខ០៨១ ស.នប.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

ក្រសួងសុខាភិបាលបានអះអាងថា ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

បុគ្គលដែលកំពុងស្ថិតនៅតាមទីសាធារណៈ ដែលមានមនុស្សច្រើន ឬទីកន្លែងដែ លមានការជួបជុំមនុស្សចាប់ពី២នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស ហើយបើមិនពាក់ម៉ាសទេ ត្រូវពិន័យពី២០ម៉ឺនរៀល ទៅ១លានរៀល៕

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់កុមារកាន់តែមានសង្ឃឹមស្របពេលក្រុមហ៊ុន Pfizer ដាក់ពាកក្យស្នើសុំ

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ កុមារនឹងត្រូវបានការពារពីជំងឺកូវីដ ប្រសិនជារដ្ឋបាលឳសថ ចំណីអាហារ

អាមេរិកអនុម័ត ឲ្យក្រុមហ៊ុនផលិតវ៉ាក់សាំងPfizer អនុម័តឲ្យខ្លួនប្រើប្រាស់វ៉ាក់សាំងសំរាប់កុមារអាយុចន្លោះ២ឆ្នាំ ដល់១១ឆ្នាំនាពេលខាងមុខ។

នៅកំឡុងខែកញ្ញាខាងមុខនេះ ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer រំពឹងថាខ្លួននឹងអាចដាក់ពាក្យស្នើសុំមួយ ទៅកាន់រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) ដើម្បីអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួនទៅលើក្មេងៗអាយុចាប់ពី ២-១១ឆ្នាំ នៅក្នុងករណីបន្ទាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអាមេរិក CNN នាព្រឹកថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១។

ក្រុមហ៊ុន Pfizerបានបញ្ជាក់បន្ថែមទៀតថា ការស្នើសុំឲ្យប្រើប្រាស់ពេញលេញ នូវថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 ដែលមានឈ្មោះសម្គាល់ថា PF-07321332 សម្រាប់មនុស្សអាយុចាប់ពី១៦-៨៥ឆ្នាំ គឺនឹងត្រូវធ្វើឡើងនៅក្នុងខែឧសភានេះតែម្តង។ ដោយឡែក ការអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការCOVID-19 របស់ក្រុមហ៊ុន Pfizer ទៅលើក្មេងជំទង់អាយុចាប់ពី ១២-១៥ឆ្នាំដោយអាជ្ញាធរ FDA អាចនឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយនេះហើយ។

នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Pfizer លោកAlbert Bourla បានពន្យល់ថា លទ្ធផលសិក្សាអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer ទៅលើទារក និងក្មេងៗអាយុចាប់ពី ៦ខែ ដល់ ១១ឆ្នាំ គឺមានការបែងចែកក្រុមអាយុជាពីរជំពូកសិន នោះគឺក្មេងៗអាយុចន្លោះពី ២-៥ឆ្នាំ និង៥-១១ឆ្នាំ ហើយលទ្ធផលអាចនឹងចេញ នៅអំឡុងខែកញ្ញា។

កាលពីចុងខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុនអាមេរិក Pfizer បានបញ្ចេញរបាយការណ៍ធ្វើតេស្តរបស់ខ្លួន ក្រោយការចាក់វ៉ាក់សាំងសាកល្បង ទៅលើក្មេងអាយុពី ១២-១៥ឆ្នាំចំនួន ២,២៦០នាក់ ដោយក្នុងម្នាក់ៗទទួលបានពីរដូស។ ជាលទ្ធផលពួកគេទាំងអស់គ្នា (១០០%) អាចមានលទ្ធភាពទប់ទល់ COVID-19៕

ក្រុមហ៊ុនចិនធំមួយប្រកាសបោះទុនជិត៥០លានដុល្លារសាងសង់សណ្ឋាគារ ផ្កាយ៥នៅខេត្តព្រះសីហនុ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន JIN BEI PALACE ដែលវិនិយោគដោយជនជាតិចិន ប្រកាសបោះទុនវិនិយោគទឹកប្រាក់ជិត៥០លានដុល្លារ ដើម្បីសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ នៅខេត្តព្រះសីហនុ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ក្រុមហ៊ុន JIN BEI PALACE CO., LTD  ដែលមានគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៩៥បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សេចក្តីប្រកាសព័ត៌មានខាងលើបានឱ្យដឹងទៀត ក្រុមហ៊ុននេះ បោះទុនវិនិយោគប្រមាណ៤៨,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨០កន្លែងដល់ប្រជាពលរដ្ឋ។

ទោះបីមានការវិនិយោគ ប្រកាសបោះទុនវិនិយោគវិស័យអចលនទ្រព្យ ពិសេសគម្រោងសាងសង់សណ្ឋាគារប្រណីត នៅខេ្តតព្រះសីហនុជាបន្តបន្ទាប់ក្តី អ្នកជំនាញថា បានលើកឡើងថា អចលនទ្រព្យនៅក្រុងព្រះសីហនុ ជាពិសេសសម្រាប់ទីផ្សារនៃការជួល ដែលកំពុងមានភាពស្ងប់ស្ងាត់ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ចាប់តាំងពីដើមឆ្នាំ២០២០ ទីផ្សារអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុ មានការធ្លាក់ចុះយ៉ាងគំហុកបន្ទាប់ ពីការចាកចេញរបស់ជនជាតិចិន ហើយបន្ថែមពីនេះវិបត្តិ ដែលកើតមានដោយសារជំងឺកូវីដ១៩ ក៏ជាមូលហេតុដែលសំខាន់ក្នុងការរួមចំណែកផងដែរ។

លោកបញ្ជាក់ថា “ជាធម្មតានៅពេលទីផ្សារវិស័យណាមួយ មានការធ្លាក់ចុះគឺតែងជះឥទ្ធិពលអាក្រក់ដល់អ្នកពាក់ព័ន្ធ ជាពិសេសវិនិយោគតែម្ដង”។  លោកបន្តថា “ជាក់ស្ដែងទីផ្សារអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុ ដែលមានកំណើនទីផ្សារខ្ពស់ហួសពីការរំពឹងទុកកាលពីឆ្នាំ២០១៨-២០១៩ ដែលជំរុញឱ្យតម្លៃឡើខ្ពស់ ប៉ុន្តែបច្ចុប្បន្នបានធ្លាក់មកវិញដោយសារតែបាត់បង់តម្រូវការ”។

លោកបណ្ឌិតគី សេរីវឌ្ឍន៍បានបញ្ជាក់ថា ភាគច្រើនអ្នកដែលខាតបង់ គឺអ្នកទើបតែចាប់វិនិយោគ និងអភិវឌ្ឍន៍សំណង់នៅដើមឆ្នាំ២០២០ ដែលមានទ្រង់ទ្រាយតូច និងមធ្យម ប៉ុន្តែសម្រាប់អ្នកដែលជាម្ចាស់គម្រោងអគារធំៗ និងបានវិនិយោគតាំងពីមុនឆ្នាំ២០១៩ ភាគច្រើននៅមិនទាន់ទទួលរងនូវការខាតបង់នោះទេ ក្រោមហេតុផលថា អគារធំៗដែលជួលឱ្យក្រុមហ៊ុនវិនិយោគបន្តភាគច្រើន មានកុងត្រាជួលក្នុងរយៈពេលយូរចាប់ពី១៥ឆ្នាំឬ២០ឆ្នាំ ឬយូរជាងនេះ ដោយមានការកក់ប្រាក់ចាប់ពូ៣ឆ្នាំ ឬ៥ឆ្នាំមុនក៏មាន ដូច្នេះនៅក្នុងវិបត្តិប្រមាណ១ឆ្នាំកន្លងកមនេះ ពួកគេនៅមិនមានការខាតប្រយោជន៍នោះទេ។

លោកបន្តថា ទោះជាយ៉ាងណាភាពស្ងប់ស្ងាត់ នៃតម្រូវការជួលអគារទាំងនេះអាចនៅបន្ត ឬមានតម្រូវការឡើងវិញនៅពេលណានោះ នៅមិនអាចកំណត់បាននោះទេ ដែលវាអាស្រ័យទៅលើស្ថានការជាក់ស្ដែង នៃការទប់ស្កាត់ការរាលដាល នៃជំងឺឆ្លងមានប្រសិ​ទ្ធភាពបានកម្រិតណា ខណៈដែលការប្រើប្រាស់វ៉ាក់សាំង នៅតាមបណ្តាប្រទេសលើសាកលចាប់ផ្តើមអនុវត្តជាបណ្តើរៗទៅហើយនោះ៕

អ្នកជំនាញៈផ្នែកចំនួនបីនៃវិស័យអចលនទ្រព្យនឹងងើបឡើងជាប​ន្តបន្ទាប់ក្រោយ វិបត្តិកូវីដ១៩

          ដោយៈ ស៊ីវ ម៉េង

          ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានអះអាងថា ផ្នែកសំខាន់ៗមួយចំនូននៃវិស័យអចលនទ្រព្យ នឹងងើបឡើងជាបន្តបន្ទាប់ក្រោយវិបត្តិជំងឺកូវីដ១៩ ដែលត្រូវបានរដ្ឋាភិបាលបន្ឋូរបន្ថយការធ្វើដំណើរចាប់ពីថ្ងៃទី៦ ឧសភាខាងមុខនេះ។

លោកស្រីអាន សុធីតាអតីតនាយិកាក្រុមហ៊ុនCBRE Cambodia ដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យនេះ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៥ ឧសភានេះថា ក្រោយពេលវិបត្តិនេះបញ្ចប់ ផ្នែកសំខាន់ៗដែលនឹងមានតម្រូវការឬលេចធ្លោមុនគេ គឺលំនៅដ្ឋានប្រភេទFirst Home ឬការទិញផ្ទះសំរាប់ស្នាក់នៅ ជាជាងទិញសម្រាប់វិនិយោគ ហើយផ្នែកដីធ្លីនឹងងើបឡើងបន្ទាប់ ដោយសារការវិនិយោគផ្នែកដីធ្លីមិនសូវមានហានិភ័យ។

លោកស្រីបន្តថា “បន្ទាប់ពីផ្នែកទាំងពីរនេះដំណើរការល្អប្រសើរ គំរោងបវិនិយោគខ្នាតធំនឹងលេចឡើង និងបន្ទាប់មកលំហូរទុនវិនិយោគផ្ទាល់ពីបរទេស នឹងមកដល់កម្ពុជា”។ លោកស្រីបន្តថា “ផ្នែកនិមួយៗ នឹងកើតឡើងបន្តបន្ទាប់ តាមស្ថានភាពជាក់ស្តែង ហើយផ្នែកបដិសណ្ឋារកិច្ចដូចជាសណ្ឋាគារ នឹងងើបឡើងវិញលឿនបំផុត នៅពេលកូវីដបញ្ចប់ ដោយសារមនុស្សចង់ធ្វើដំណើរកំសាន្ត ព្រោះពួកគេស្រ្តេសយូរមកហើយ”។

លោកស្រីអាន សុធីតាបានបន្តថា បច្ចុប្បន្នប្រេជាពលរដ្ឋលើពិភពលោក បារម្ភពីការឆ្លងជំងឺកូវីដ ប៉ុន្តែនៅពេលជំងឺនេះត្រូវបានបង្រ្កាបបានភ្លាម មិនថាប្រជាជនប្រទេសណាទេ គឺប្រជាពលរដ្ឋនឹងចេញដើរកំសាន្តច្រើន ធ្វើឲ្យវិស័យសណ្ឋាគារនឹងស្ទុះងើបឡើងខ្លាំង៕

រដ្ឋាភិបាលសម្រេចធ្វើវិចារណកម្មចំណាយថវិកាឡើងវិញក្រោយវិបត្តិកូវីដ១៩ កាន់តែប៉ះពាល់ធ្ងន់ធ្ងរ

          ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ដោយសារតែការផ្ទុះរីករាលដាលនូវជំងឺកូវីដ១៩ ជាពិសេសក្នុងព្រឹត្តិកា​រណ៍សហគមន៍២០ កុម្ភៈ ២០២១ កំពុងធ្វើឱ្យមានផលប៉ះពាល់ ដល់ក្របខណ្ឌច្បាប់ថវិកាឆ្នាំ២០២១ បានតម្រូវឱ្យរាជរដ្ឋាភិបាល ត្រូវធ្វើវិចារណកម្មចំណាយ(រៀបចំផែនការចំ ណាយឡើងវិញ)ថវិកាឡើងវិញ ក្នុងគោលបំណងសន្សំធនធាន ដើម្បីបង្វែរថវិកាមកដោះស្រាយបញ្ហាជាអាទិភាព នាពេលបច្ចុប្បន្ន។

យោងតាមសារាចរណែនាំស្ដីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណា​យថវិកាថ្នាក់ជាតិ សម្រាប់អនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់គ្រប់ក្រសួងស្ថាប័នរដ្ឋបាលកណ្ដាល គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាព ជាក្រុមប្រឹក្សា អាជ្ញាធរ និងគណៈកម្មាធិការរបស់រាជរដ្ឋាភិបាល នូវវិធានការសម្រាប់អនុវត្តការធ្វើវិចារណកម្ម និងពង្រឹងប្រសិទ្ធភាពចំណាយថវិកាឆ្នាំ ២០២១។

សារាចរណែនាំដដែលនេះបានឱ្យដឹងថា ការធ្វើវិចារណកម្មថវិកាឆ្នាំ២០២១ ត្រូវបាន លើកលែងសម្រាប់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរជំនាញរាជធានី ទាំងអស់ ដែលកំពុងមានភារកិច្ចច្រើន ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃជំងឹកូវីដ១៩ ព្រមតាំងផ្ដល់ការលើកលែងវិចារណកម្មថវិកា ចំណាយចរន្តរបស់ក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលបាននិងកំពុងចូលរួមផ្ទាល់ក្នុងសកម្ម​ភាពទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ព្រមទាំងផ្ដល់ភាពទន់ភ្លន់ដល់ក្រសួងទាំងបីនេះ អាចធ្វើនិយ័តកម្មឥណទានផ្ទៃក្នុងឱ្យអស់លទ្ធភាព តាមនីតិវិធីហិរញ្ញវត្ថុជាធរមាន ដើម្បីបំពេញតម្រូវការចាំបាច់ ផ្នែកអន្តរាគមន៍ដែលពាក់ព័ន្ធនឹងវិបត្តិកូវីឌ១៩ ដើម្បីជៀសវាងការស្នើសុំបន្ថែមឥណទាន។

ចំណែកវិធានការនៃការធ្វើវិចារណកម្មចំណាយចរន្តថ្នាក់ជាតិ ត្រូវបានដាក់ឱ្យអនុវត្តលើចំណាយមិនមែនបន្ទុកបុគ្គលិក ដោយកាត់ព្យួរចំណាយទៅតាមកម្រិតភាគរយដែលបានកំណត់ លើមូលដ្ឋានឥណទានថវិកា៥០ភាគរយ នៃឥណទានអនុម័តដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ចំពោះមុខសញ្ញាចំណាយមួយចំនួនដែលមិនទាន់ចាំបាច់ ឬមិនចាំបាច់ខ្លាំង ។

ក្នុងសារាចរណែនាំបានបញ្ជាក់ថា ការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយដែលបានដាក់ចេញ ត្រូវបានគិតគូររៀបចំឡើង ក្នុងក្របខណ្ឌនៃការធានាប្រក្រ​តីភាពនៃស្ថាប័នរដ្ឋ និងរក្សាលំនឹងជីវភាពប្រជាជន ទន្ទឹមនឹងការសន្សំធនធានថវិកាដើ​ម្បី​បង្វែរទៅបំបេញឱ្យសេចក្តីត្រូវការចាំបាច់ និងបន្ទាន់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៃកូវីដ១៩ ពិសេសក្នុងអំលុងពេលនៃការអនុវត្តការបិទខ្ទប់នៅទីតាំងភូមិសាស្ត្រមួយចំនួន ដើម្បីបង្កើនសុវត្ថិភាព និងដោះស្រាយជីវភាពជូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ និងជនងាយរងគ្រោះ៕

បច្ចុប្បន្នភាពៈ 7-Eleven គ្រោងបើកហាងទំនិញប្រមាណ៧០០កន្លែងនៅ កម្ពុជាlក្នុងរយៈពេល៣០ឆ្នាំ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន CP All Plc ដែលបានចុះបញ្ជីនៅថៃ គ្រោងបើកហាងទំនិញ 7-Eleven ចំនួន៧០០កន្លែងនៅកម្ពុជា  ខណៈហាងទំនិញដ៏ល្បីឈ្មោះនេះ បានចាប់ផ្តើមប្រកាសជើសរើសបុគ្គលិកជាបណ្តើរៗនៅកម្ពុជា។

យោងតាមរបាយការណ៍របស់ផ្សារមូលបត្រថៃ (SET) នាពេលកន្លងមកនេះ បានឱ្យដឹងថា ក្រុមហ៊ុនយក្សថៃនេះបានចុះកិច្ចព្រមព្រៀងទិញសិទ្ធិ ដែលនាំយកហាងទំនិញ 7-eleven មកកាន់កម្ពុជា។

ក្រុមហ៊ុន បានឲ្យដឹងថា “ក្រុមហ៊ុន CPALL ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមេ ដើម្បីបើកហាងនៅឡាវ និងកម្ពុជា”។

របាយការណ៍ដដែលនេះបានឲ្យដឹងថា “ផ្អែកតាមការស្ទង់មតិទីផ្សារ និងការប៉ាន់ប្រមាណបឋមរបស់ក្រុមហ៊ុន គឺយើងនឹងបើកហាងទំនិញនេះ ឲ្យបានចំនួនហាង៧០០កន្លែងនៅកម្ពុជា និងចំនួនហាង៥០០កន្លែងនៅឡាវ គ្រោងនឹងបើកនៅពេលខាងមុខ”។

យោងតាមឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសថៃ ក៏ធ្លាប់បានលើកឡើងផងដែរថា ក្រុមហ៊ុននេះ គ្រោងនឹងផ្តល់សិទ្ធិបើកដំណើរការហាងពី៧០០ ទៅ១០០០ នៅទូទាំងក្រកម្ពុជា ដើម្បីជួយជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

ក្រុមហ៊ុនថៃនេះ បានចាប់ផ្តើមរៀបចំបើកហាងទំនិញនៅកម្ពុជា ក្នុងឆ្នាំ២០២១នេះ ដែលមានរយៈពេលដំណើរការអាជីវកម្ម៣០ឆ្នាំ ហើយអាចបន្តបាន២០ឆ្នាំបន្ថែមទៀត។

ក្រុមហ៊ុន CP ទាំងអស់ដំណើរការហាងទំនិញ១១,០០០កន្លែង ក្រោមស្លាកយីហោ 7-Eleven នៅថៃ ដែលមានអតិថិជនជាមធ្យម១១,៨ លាននាក់ជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុននេះ ទទួលបានសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន 7-Eleven Inc នៅសហរដ្ឋអាមេរិកក្រោមកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណប្រចាំតំបន់កាលពីឆ្នាំ១៩៨៩៕

សម្តេចតេជោៈ វ៉ាក់សាំងកូវីដ១៩ចំនួន១លានដូសទៀតនឹងមកដល់កម្ពុជានៅពាក់កណ្ដាលខែនេះ

ដោយៈ គង់ ម៉ាលីន

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា វ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន១លានដូសបន្ថែមទៀត នឹងមកដល់ប្រទេសកម្ពុជា នៅត្រឹមពាក់កណ្ដាលខែឧសភានេះ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋនៅតំបន់ក្រហម។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់តាមរយៈសារសំឡេង នៅព្រឹកថ្ងៃទី៥ ខែឧសភានេះថា វ៉ាក់សាំងចំនួន៥០ម៉ឺនដូស នឹងមកដល់នៅថ្ងៃទី១១ និងចំនួន៥០ម៉ឺនដូសទៀត នឹងមកដល់នៅថ្ងៃទី១៥ ខែឧសភានេះ។ សម្ដេតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យមានការព្រួយបារម្ភថាខ្វះខាតវ៉ាក់សាំងនោះ និងកុំប្រជ្រៀតទៅចាក់វ៉ាក់សាំង ដែលទង្វើនេះ គឺនាំឱ្យមានហានីភ័យនៃការឆ្លងជំងឺកូវីឌ-១៩ទៅវិញទេ។

ប្រទេសកម្ពុជា មកដល់ពេលនេះ ទទួលបានវ៉ាក់សាំង ចំនួនជិត៤លានដូសរួចមកហើយ ដែលភាគច្រើនបំផុត ជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន រួមមាន ស៊ីណូហ្វាម ជាជំនួយរបស់ចិន ចំនួន១.៣លានដូស ស៊ីណូវ៉ាក់ចំនួន២លានដូស ទិញពីចិន និងវ៉ាក់សាំងកូវីស៊ៀល ជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក ចំនួន៣២ម៉ឺន៤ពាន់ដូស។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល មកទល់ពេលនេះ ប្រជាពលរដ្ឋ ប្រមាណជាង១លាន៥សែននាក់ហើយ បានចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀថា កម្ពុជា នឹងទទួលបានវ៉ាក់សាំង ចំនួនជាង១០លានដូស នៅក្នុងឆ្នាំនេះ ដែលនឹងមកដល់ជាបន្តបន្ទាប់ក្នុងខែឧសភា ចំនួន១លាន ៥សែនដូស, ខែមិថុនា ចំនួន៣លាន ដូស, ខែកក្កដា ២លានដូស និងខែសីហា ១លានដូស៕

តើ​សេដ្ឋវិទូ​បង្ហាញ​ទស្សនៈ​យ៉ាងដូចម្តេច​ចំពោះ​កំនើន​ថ្លៃ​អគ្គិសនី​នៅ​កម្ពុជា ខណៈ​ប្រទេស​កំពុង​ជួប​វិបត្តិ

ដោយៈ ឧ​ត្ត​ម

ភ្នំពេញៈ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​បានបង្ហាញ​វិ​ក្ក័​យ​ប​ត្រ​អគ្គិសនី អមដោយ​ពាក្យ​ត្អូញត្អែ ចំពោះ​ការ​បរិមាណ​អគ្គិសនី​ប្រើប្រាស់​អស់​ច្រើនជាង​សព្វដង និង​លើកឡើងថា ក្នុងកំឡុងពេល​ប្រទេស​កំពុងមាន​វិបត្តិ​ហើយ​បែរជា ថ្លៃ​អគ្គិសនី​កើនឡើង។

ជាទូទៅ ការចំណាយ​ទៅលើ​ថ្លៃ​អគ្គិសនី នៅ​កម្ពុជា​អ្នកប្រើប្រាស់​បរិមាណ​កាន់​តែ​ច្រើន​តម្លៃនឹង​ឡើងថ្លៃ ជា​បន្តបន្ទាប់​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង អ្នកប្រើប្រាស់​អស់​កាន់តែ​តិច តម្លៃ​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ក៏​កាន់តែ​តិច។ ជាក់ស្ដែង​បើ​អ្នកប្រើប្រាស់​អស់​ត្រឹម​ក្រោម១០គីឡូវ៉ាត់ម៉ោង​ក្នុង​មួយខែ តម្លៃ​ត្រឹមតែ៣៨០រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ប្រើប្រាស់​អស់​ចាប់ពី១១គីឡូវ៉ាត់ម៉ោង ឡើងទៅ​ដល់៥០គីឡូវ៉ាត់ម៉ោង​តម្លៃ៤៨០រៀល ប្រើ​អស់ពី៥១ ដល់២០០គីឡូវ៉ាត់ម៉ោង​តម្លៃ៦១០រៀល និង​ប្រើ​ចាប់ពី២០១គីឡូវ៉ាត់ម៉ោង​ឡើងទៅ​ក្នុង​មួយខែ​តម្លៃ​ចាប់៧៣០រៀល​ក្នុង​មួយ​វ៉ា​ត់​ម៉ោង។

លោក​ចាន់ សុផល​នាយក​វិទ្យាស្ថាន​សិក្សាការ​អភិវឌ្ឍន៍ បានបង្ហាញ​ទស្សន​របស់ខ្លួន​លើ​មូលដ្ឋានចំនួន​ពីរ ទី១ ការយកថ្លៃ​ខ្ពស់​ពី​អ្នក​ដែល​ប្រើប្រាស់​អគ្គិសនី​ច្រើន ដើម្បី​បន្ទាប​ថ្លៃ​សម្រាប់​អ្នកប្រើប្រាស់​តិច (ដែល​អង់គ្លេស​ហៅថា cross subsidies) គឺជា​គោលនយោបាយ​ត្រឹមត្រូវ ។ អ្នកប្រើប្រាស់​អគ្គិសនី​តិច ជាទូទៅ មាន​កម្រិតជីវភាព​ទាប​ជាង​អ្នកប្រើប្រាស់​អគ្គិសនី​ច្រើន ។

ក៏ប៉ុន្តែ មាន​មនុស្ស​ច្រើនណាស់ ដែល​មិន​ទទួលបាន​ការពន្យល់​រឿងនេះ និង​បែរជា​ហួសចិត្ត​ថា មិនគួរ​មាន​ការគិត​កាន់តែ​ថ្លៃ ចំពោះ​ទំនិញ​ដែល​គេ​ប្រើ​កាន់តែច្រើន​សោះ។

ទី២ ការកំណត់​គោលនយោបាយ​រក​ចំណេញ​ពី​ការលក់​អគ្គិសនី និង​ការយកថ្លៃ​ខ្ពស់​ដល់​ធុរកិច្ច រោងចក្រ សហគ្រាស​ជាដើម គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ ចំពោះ​ដំណើរការ​អភិវឌ្ឍ​ទំនើបកម្ម និង​ឧស្សាហកម្ម​នៅ​កម្ពុជា ដែល​នេះ​គឺជា​ចំណុច​ដ៏​គួរឱ្យ​សោកស្ដាយ​មួយ ។

អ្នក​តាម​ដាល​ការ​វិត្ត​នៃ​សេដ្ឋកិច្ចសង្គម​កម្ពុជា លោក​យិន លាង​គ​អ់​បាន​មានប្រសាសន៍ថា ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​ប្រតិកម្ម​ចំពោះ​ការចំណាយ​លើ​ថ្លៃ​អគ្គិសនី​កើនឡើង​ខ្ពស់ ខណៈ​ស្ថានភាព​ប្រទេស​កំពុង​ជួប​វិបត្តិ ជំងឺ​កូ​វីដ​កំពុង​គំរាមកំហែង​ជីវភាព​របស់​ប្រជាពលរដ្ឋ ហេតុនេះ​អាជ្ញាធរ​អគ្គិសនី​គួរ​ពិចារណា​លើ​បញ្ហា​នេះ​ឡើងវិញ ទាក់ទង​នឹង​គោលនយោបាយ​របស់ខ្លួន។

លោក​បន្តថា អគ្គិសនី​កម្ពុជា​គួរ​សិក្សា​ពី​ថ្លៃ​អគ្គិសនី និង​ប្រាក់ចំណូល​ប្រជាជន​ន​នៅតាម​បណ្តា​ប្រទេស​នានា​ជុំវិញ​កម្ពុជា​ថា តើ​តម្លៃ​អគ្គិសនី​របស់​កម្ពុជា ស្ថិតក្នុង​សភាព​បែបណា?។

ពាក់ព័ន្ធ​ជាមួយនឹង​ការឡើង​បរិមាណ ប្រើប្រាស់​អគ្គិសនី​កាន់តែច្រើន​នៅក្នុង​រដូវ​កាល​នេះ លោក​កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​បានលើកឡើងជារឿយៗផងដែរ​ថា នៅរដូវក្ដៅ ឧបករណ៍​អេឡិចត្រូនិក ដែល​បំប្លែង​ទៅ​ត្រជាក់​ដូចជា​ម៉ាស៊ីនត្រជាក់ ទូរ​ទឹកកក កង្ហារ​ជាដើម ត្រូវការ​ស៊ី​ថាមពល​ច្រើនជាង​រដូវ​ធម្មតា ហើយ​ជាទូទៅ​គេ​ស៊ី​សង្កេតឃើញថា បរិមាណ​ប្រើប្រាស់​អគ្គិសនី​របស់​ពលរដ្ឋ​ភាគច្រើន ចំណាយ​នៅ​ខែមីនា មេសា និង​ឧសភា ដោយសារតែ​អំឡុង​ពេលនោះ​ជា​រដូវក្ដៅ​ខ្លាំង។

ប៉ុន្តែ​ទោះ​មានការ​ពន្យល់​យ៉ាងណាក្ដី ប្រជាពលរដ្ឋ​នៅតែ​បន្ត​សម្ដែង​ការមិន​ពេញ​ចំពោះ​ការចំណាយ​ដ៏​ច្រើន​គឺ​គុណ​ជា​ពីរ​ជា​បី នៅ​អំឡុង​ខែ​ទាំងនេះ៕