ដោយៈសុខុម
អន្តរជាតិៈ ជាទូទៅ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ លំដាប់អន្តរជាតិខ្នាតយក្សនីមួយៗ មានលុយមិនតិចពាន់លានដុល្លារឡើយ ហើយទាំងអស់គ្នាប្រាកដជាចង់ដឹងណាស់ថា តើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយណាធំជាងគេបំផុត ក្នុងពិភពលោកប្រចាំឆ្នាំ២០២១។
តើក្រុមហ៊ុននោះមានឈ្មោះអ្វី ស្ថិតនៅក្នុងប្រទេសណា មានលុយច្រើនកម្រិតណា និងមានប្រវត្តិដូចម្ដេច។ អញ្ចឹង មកស្វែងយល់ទាំងអស់គ្នា។
យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា ក្រុមហ៊ុនBrookfield Asset Management គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេបំផុត ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ ក្រោយរក្សាតំណែងកំពូលនេះ អស់រយៈពេល៤ឆ្នាំជាប់ៗគ្នាគួរឱ្យស្ញប់ស្ញែង។
ក្រៅពីអភិវឌ្ឍន៍អគារការិយាល័យ លំនៅដ្ឋាន និងកន្លែងជួលបើកអាជីវកម្ម ក្រុមហ៊ុនយក្សរបស់ប្រទេសកាណាដាមួយនេះ ក៏វិនិយោគលើវិស័យថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។
យោងតាមទស្សនាវដ្ដី Forbes ឱ្យដឹងថា គិតមកទល់នឹងឆ្នាំ២០២១ ក្រុមហ៊ុននេះមានទ្រព្យសម្បត្តិសរុប រហូតដល់ទៅ៦០២ពាន់លានដុល្លារអាមេរិកឯណោះ។
*ប្រវត្តិក្រុមហ៊ុន
ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងដោយលោក William Mackenzie និងលោក Frederick Stark Pearson ក្នុងឆ្នាំ១៨៩៩ ពោលគឺកាលពី១២២ឆ្នាំមុន ដោយដាក់ឈ្មោះថា São Paulo Tramway, Light and Power Company។ ពេលនោះក្រុមហ៊ុននេះជាក្រុមហ៊ុនសាងសង់ និងគ្រប់គ្រងគម្រោងអគ្គិសនី ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងប្រទេសប្រេស៊ីល។
នៅឆ្នាំ១៩០៤ (១១៧ឆ្នាំមុន) ក្រុមហ៊ុន Rio de Janeiro Tramway, Light and Power Company ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Mackenzie’s Group។
ក្នុងឆ្នាំ១៩១២ (១០៩ឆ្នាំមុន) ក្រុមហ៊ុន Brazilian Traction, Light and Power Company ត្រូវបានចុះបញ្ជីនៅក្រុងតូរ៉ុនតូ (Toronto) ប្រទេសកាណាដា ជាក្រុមហ៊ុនសាធារណៈ ដើម្បីទទួលអភិវឌ្ឍគម្រោងវារីអគ្គិសនី និងសេវាទឹកភ្លើងផ្សេងទៀត នៅក្នុងប្រទេសប្រេស៊ីល ដោយក្លាយជាក្រុមហ៊ុនមេនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ São Paulo Tramway Co និងក្រុមហ៊ុន Rio de Janeiro Tramway Co។
ក្នុងឆ្នាំ១៩១៦ (១០៥ឆ្នាំមុន) ក្រុមហ៊ុន Great Lakes Power Company ត្រូវបានចុះបញ្ជី ដើម្បីទទួលអភិវឌ្ឍគម្រោងវារីអគ្គិសនីនៅក្រុង Sault Ste. Marie និងសង្កាត់ Algoma District នៃខេត្ត Ontario ប្រទេសកាណាដា។
ក្នុងឆ្នាំ១៩៦៦ (៥៥ឆ្នាំមុន) ក្រុមហ៊ុន Brazilian Traction, Light and Power Company បានប្ដូរឈ្មោះរបស់ខ្លួនមកជា Brazilian Light and Power Company ហើយជាថ្មីម្ដងទៀតក្នុងឆ្នាំ១៩៦៩ (៥២ឆ្នាំមុន) បានប្ដូរឈ្មោះរបស់ខ្លួនមកជា Brascan Limited។ Brascan គឺជាពាក្យបង្រួមមពីពាក្យថា “Brasil” (ប្រេស៊ីល) “Canada” (កាណាដា)។
ក្នុងឆ្នាំ១៩៧៩ (៤២ឆ្នាំមុន) ទ្រព្យសកម្មនៅប្រេស៊ីល របស់ក្រុមហ៊ុននេះត្រូវបានផ្ទេរកម្មសិទ្ធិឱ្យទៅក្រុមហ៊ុន Eletropaulo and Light S.A. ហើយក្រុមហ៊ុននេះបានចូលប្រឡូកក្នុងវិស័យផ្សេងៗទៀត។
ក្រុមហ៊ុននេះបានផ្ដល់សេវាអគ្គិសនី និងរថភ្លើងនៅក្រុង São Paulo និងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ហើយខាងភាគីប្រេស៊ីល ក្រោយរៀបចំរចនាសម្ព័ន្ធថ្មីនៅតែធ្វើប្រតិបត្តិការជាក្រុមហ៊ុន Light S.A. ដែលជាពាក្យកាត់នៃពាក្យ Brazilian Traction, Light and Power Co. Ltd។
រយៈពេល៣៧ឆ្នាំក្រោយមក ពោលគឺក្នុងឆ្នាំ២០០៥ ក្រុមហ៊ុន Brascan Corp ត្រូវបានប្ដូរឈ្មោះមក Brookfield Asset Management Inc។
នៅឆ្នាំ២០១៨ ក្រុមហ៊ុនបុត្រសម្ព័ន្ធសាធារណៈធំៗរបស់ក្រុមហ៊ុន Brookfield Asset Management Inc រួមមានក្រុមហ៊ុន Brookfield Infrastructure Partners ក្រុមហ៊ុន Brookfield Renewable Partners ក្រុមហ៊ុន Brookfield Property Partners និងក្រុមហ៊ុន Brookfield Business Partners។
នៅខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុន Brookfield Asset Management Inc បានទិញយកក្រុមហ៊ុន Westinghouse Electric Company ជាក្រុមហ៊ុនរ៉េអាក់ទ័រនុយក្លេអ៊ែរដ៏ធំមួយ ក្នុងតម្លៃ៤,៦ពាន់លានដុល្លារ។
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុន Brookfield Asset Management Inc បានប្រកាសថា ខ្លួនបានព្រមព្រៀងទិញយកភាគហ៊ុនភាគច្រើន នៃក្រុមហ៊ុន Oaktree Capital Management ក្នុងតម្លៃប្រមាណ៤,៧ពាន់លានដុល្លារ ដោយធ្វើឱ្យវាក្លាយជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនគ្រប់គ្រងលុយធំៗ បំផុតក្នុងពិភពលោក។
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុន Brookfield Asset Management Inc បានទិញយកក្រុមហ៊ុន Vodafone New Zealand Limited។
ក្នុងឆ្នាំ២០២០ ឆ្លើយតបទៅនឹងវិបត្តិឆ្លងរាលដាលវីរុសកូវីដ-១៩ លោក Bruce Flatt នាយកប្រតិបត្តិក្រុមហ៊ុន Brookfield Asset Management Inc បានធ្វើការវាយតម្លៃថា វិបត្តិសេដ្ឋកិច្ចលើកនេះគឺ “ងាយស្រួលគ្រប់គ្រងជាងឆ្ងាយ” បើធៀបទៅនឹងវិបត្តិសេដ្ឋកិច្ចលើកមុនៗ។
នៅខែតុលា ឆ្នាំ២០២០ លោក Mark Carney អតីតទេសាភិបាលនៃធនាគារកណ្ដាលអង់គ្លេស Bank of England បានក្លាយជាអនុប្រធានក្រុមហ៊ុនBrookfield Asset Management Inc៕