ដានជើងអ្នកចាស់ មូលដ្ឋានបទពិសោធន៍សម្រាប់ហេតុអ្វីភ្នាក់ងារអចលនទ្រព្យថ្មី

          ដោយៈលក្ខិណា

ភ្នំពេញៈ ភ្នាក់ងារអចលនទ្រព្យទាំងអស់ មិនមែនសុទ្ធតែជោគជ័យទាំងអស់នោះទេ មានខ្លះក៏ជោគជ័យខ្លះក៏បរាជ័យ ហេតុទើបមានការផ្ដល់ជាទស្សនៈនិងគំនិតមួយថា ជាភ្នាក់ងារអចលនទ្រព្យថ្មី ត្រូវមើលនិងតាមដានសកម្មភាព ហើយត្រូវទៅកៀកឱ្យជិតនឹងភ្នាក់ងារអចលនទ្រព្យរៀបច្បង។

ឧកញ៉ាម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានចងក្រងជាសៀវភៅមួយក្បាល ដែលនិយាយពីគន្លឹះសំខាន់ៗ សម្រាប់ភ្នាក់ងារអច​លនទ្រព្យ បានបង្ហាញពីគន្លឹះនៃការស្វែងរកភ្នាក់ងារអចលនទ្រព្យរៀមច្បង ដែលអាចជួយតម្រង់ទិស ភ្នាក់ងារអចលនទ្រព្យថ្មីបានឆាប់រហ័ស។

តើហេតុអ្វីទើបមានភាពចាំបាច់ ស្វែងរកភ្នាក់ងារអចលនទ្រព្យរៀមច្បងក្នុងការជួយតម្រង់ទិស ?

១.ជួយភ្នាក់ងារអចលនទ្រព្យថ្មី កាត់បន្ថយការរៀន

ជាភ្នាក់ងារអចលនទ្រព្យត្រូវរៀនជាប្រចាំ ហើយអ្នកតម្រង់ទិសយើងគាត់នឹងបើកចំហ ក្នុងការចែករំលែកយុទ្ធសាស្ត្ររៀនដល់យើង។ យើងត្រូវស្វែងរកអ្នកតម្រង់ទិសណាដែលគាត់មានបទពិសោធន៍និងវិជ្ជាជីវៈ ព្រមជាមួយវិធីសាស្ត្របង្រៀនល្អៗ ដែលអាចជួយយើងឱ្យរីកចម្រើន។

២. ជួយបង្រៀនយើងទាំងការអនុវត្តនិងបង្កើនសមត្ថភាពជំនាញ

អ្នកតម្រង់ទិសរបស់យើងគឺជាបុគ្គល ដែលជួយបង្រៀនឱ្យយើងទទួលបានជោគ​ជ័យ ក្នុងវិស័យអចលនទ្រព្យ។ គាត់ត្រូវមានបទពិសោធន៍ ដូចជា ការធ្វើបទបង្ហាញអចល​នទ្រព្យ ការយកអចលនទ្រព្យមកលក់ ហើយពួកគាត់ក៏ត្រូវមានជំនាញពិសេសផ្សេងៗ ដូចជាការដោះស្រាយបញ្ហាលក់ និងការចរចា សម្របសម្រួលរវាងអ្នកលក់និងអ្នកទិញ ជាដើម។

៣. ជួយយើងឱ្យជៀសផុតពីអន្ទាក់

យើងត្រូវរកអ្នកតម្រង់ទិញណា ដែលអាចជួយឱ្យយើងប្រសើរឡើងវិញ ពីរបួសស្នាម ដែលយើងបានទទួលរងគ្រោះពីមុនមក នៅក្នុងវិស័យអចលនទ្រព្យនេះ ដូចជាពេលខ្លះ យើងក្លាយទៅជាអ្នកប្រមូលព័ត៌មានឱ្យភ្នាក់ងារផ្សេងទៀត ដោយមិនដឹងខ្លួនជាដើម។ គាត់អាចជួយយើងឱ្យជៀសផុតពីកំហុសទាំងឡាយ ដែលអាចកើតឡើងក្នុងអំឡុងពេលប្រកបអាជីពនេះ។

អ្វីដែលសំខាន់មួយទៀត គឺត្រូវរកអនកតម្រង់ទិសនៅក្នុងតំបន់ ដែលយើងកំពុងប្រកបអាជីព ហើយប្រសិនបើយើងចូលរួមក្នុងក្រុមណាមួយ ត្រូវរកអ្នកតម្រង់ទិសនៅក្នុងក្រុមនោះតែម្ដង។

នៅក្នុងពេលបច្ចុប្បន្ននេះ មានអ្នកជោគជ័យក្នុងវិស័យអចលនទ្រព្យជាច្រើន បានកើតចេញពីការដើរតាមអ្នកជោគជ័យ ក្នុងវិស័យអចលនទ្រព្យដូចគ្នា ហើយក៏ទទួលបានជោគជ័យចង់លើសអ្នកមុនផង ដែលអាចនិយាយបានរលកក្រោយច្រានរលកមុខ៕

អ្នកវិនិយោគ៤ជាតិសាសន៍កំពុងប្រជែងយកឧត្តមភាពនៅតំបន់ទឹកថ្លា

          ដោយៈស៊ីវ ម៉េង

          ភ្នំពេញៈ ក្រុមហ៊ុនពហុជាតិសាសន៍ បាននិងកំពុងពន្លឿនការសាងសង់គំរោងរបស់ខ្លួននៅតំបន់ទឹកថ្លា ស្ថិតលើមហាវិថីសហព័ន្ឋរុស្ស៊ី ដោយប្រែក្លាយតំបន់ដែលធ្លាប់ជារោងចក្រ សហគ្រាសទៅជាតំបន់ពាណិជ្ជកម្មយ៉ាងរសរវើក។

ក្រុមហ៊ុនពហុជាតិសាសន៍ទាំងនោះ រួមមាន ក្រុមហ៊ុនចិន ក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនជប៉ុន។

ក្រុមហ៊ុនBOOYOUNG TOWN

          ក្រុមហ៊ុនBOOYOUNG Town ដែលជាក្រុមហ៊ុនលំដាប់យក្សរបស់កូរ៉េ បាននិងកំពុងត្រៀមបញ្ចប់ ការសាងសង់គំរោងរបស់ខ្លួនដំណាក់កាលទី១ ដោយបោះទុន៦៨លានដុល្លារអាមេរិក លើអាគារខុនដូ ផ្សារទំនើប មជ្ឈមណ្ឌលវប្បធ៌ម និងសិល្បៈកូរ៉េ និងសេវាកម្មជាច្រើនទៀត។

ដោយមានមូលដ្ឋានទុនរ៉ឹងមាំ ក្រុមហ៊ុននេះបានសាងសង់រហូតដល់ជិតចប់គម្រោងរួចហើយ ប៉ុន្តែនៅតែមិនទាន់ប្រកាសលក់ យូនីតខុនដូរបស់ខ្លួននៅឡើយទេ ខណៈក្រុមហ៊ុនដទៃបានប្រកាសលក់ តាំងពីគម្រោងរបស់ខ្លួនមិនទាន់បានសាងសង់នៅឡើយ។ ខុនដូនេះមានកំពស់២៤ជាន់ ដោយមានអាគារសរុបចំនួន៤ និងមានផ្ទះប្រមា​ណ​១០០០យូនីត។

ក្រុមហ៊ុនBOOYOUNG TOWNក៏បាននិងកំពុងលក់បុរីរបស់ខ្លួន នៅក្បែរផ្សារទំនើ​បAEON MALL2ផងដែរនាពេលបច្ចុប្ប​ន្ននេះ។

ក្រុមហ៊ុនPrince Real Estate Group

          ក្រុមហ៊ុនលំដាប់យក្សរបស់ចិននេះ បាននិងកំ ពុងត្រៀមបញ្ចប់គំរោងរបស់ខ្លួន ដែលមានឈ្មោះPrince International Plazaផងដែរ ដែលគំរោងនេះមានកំពស់១៧ជាន់ រួមទាំងជាន់ក្រោមដី។ គម្រោងនេះ កំពុងតែបង្កើនភាពលេចធ្លោនៅសង្កាត់ទឹកថ្លាផងដែរ ដោយបច្ចុប្បន្នការសាងសង់បានបញ្ចប់ហើយ នៅសល់តែការរចនាក្នុងអាគារប៉ុណ្ណោះ។

គម្រោងនេះមានបណ្តុំដោយក្លឹបហាត់ប្រាណ ស្ទីមសូណា ភោជនីយដ្ឋាន និងផ្សារពាក់កណ្តាលទំនើបផងដែរ។

ក្រុមហ៊ុនARAKAWA ជប៉ុន

          ARAKAWA ក៏ជាក្រុមហ៊ុនជប៉ុនដ៏ធំមួយផងដែរ ដែលក្រុមហ៊ុននេះត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលបានទិញយកអាគារបូឌីញ “ស” ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។

បច្ចុប្បន្នក្រុមហ៊ុននេះ បាននិងកំពុងសាងសង់គម្រោងខុនដូ តម្លៃសមរម្យដំណាក់កាលទី២ ដែលមានរាប់រយយូនីត និងលក់ជូនមន្រ្តីរាជការ និងអ្នកមានជីវភាពមធ្យម និងក្រោមមធ្យម។ ខុនដូនេះមានតម្លៃជាង២០,០០០ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយយូនីត ។

ក្រុមហ៊ុននេះ បានបោះទុនវិនិយោគប្រមាណ៧០លានដុល្លារអាមេរិកលើគំរោងនេះ។

គំរោងរំដួលស៊ីធី

គម្រោងខុនដូរំដួលស៊ីធី ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Supreme Real Estate Group ដែលជាក្រុមហ៊ុនអចលនទ្រព្យ ដ៏ល្បីល្បាញមួយមកពីប្រទេសចិន នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី កំពុងបង្ហាញពីភាពទាក់ទាញយ៉ាងខ្លាំង ក្នុងនាមជាអគារស្នាក់នៅសហកម្មសិទ្ធិ ស្រោបដោយកញ្ចក់ទាន់សម័យ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបសហគមន៍ ទំនើបរំដួលស៊ីធី មានចំនួន៤អគារ កម្ពស់សរុប២១ជាន់ និងមានចំនួនសរុប១១២៩យូនីត ហ៊ុមព័ទ្ធទៅដោយតំបន់សេវាកម្មសំខាន់ៗដ៏ច្រើនដូចជា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ផ្សារទំនើបរតនាផ្លាហ្សា ផ្សារម៉ាក្រូ ផ្សារទំនើបអ៉ីអនសែនសុខ និងសាលារៀនជាអន្តរជាតិល្បីៗជាង២០ ព្រមទាំងស្ថាប័នអប់រំរបស់រដ្ឋ មន្ទីរពេទ្យ និងសហគ្រាសផ្សេងៗទៀត៕

រំលឹកឡើងវិញៈឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាអំពាវនាវដល់ស្ថាបត្យករ និងវិស្វករក្នុងប្រទេសចូលរួមអភិវឌ្ឍជាតិ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចាត់ទុកសមត្ថភាពរបស់ស្ថាបត្យករ និងវិស្វករក្នុងប្រទេស ដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈ ប្រកាន់ខ្ជាប់ការអនុវត្តស្របតាមច្បាប់សំណង់ គឺជាសក្តានុពលដ៏ធំធេងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុងពិធី បើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់សំណង់លើកទី៤ ជូនក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងរូបវន្ដបុគ្គ​លសិក្សាគម្រោងប្លង់កន្លងមកថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឱ្យមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីជំរុញឱ្យក្រុមហ៊ុនសាងសង់ ឬវិស្វករ ស្ថាបត្យករក្នុងស្រុកមានការងារធ្វើទាំងអស់គ្នា។

លោកបន្តថា “រាល់ការដ្ឋាននីមួយៗត្រូវមានវិស្វករ ឬស្ថាបត្យករប្រចាំការដ្ឋានយ៉ា​ងតិច២នាក់ ដោយយើងបានគាំទ្រ ដល់ក្រុមហ៊ុនសាងសង់មកពីបរទេសទាំងអស់ឱ្យបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងអនុវត្តន៍ច្បាប់ស្តីពីសំណង់ និងច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជា​ក់ថា ការផ្សព្វផ្សាយនេះ ដើម្បីប្រមូលបាននូវធនធានមនុស្ស ដែលបានទទួលការបណ្តុះបណ្តាលច្បាស់លាស់អំពី ច្បាប់សំណង់ដែលចាត់ទុកថា ជាសមិទ្ធផលរួមរបស់ជាតិ និងប្រជាជនបានខិតខំកសាងធនធានមនុស្សនេះ រយៈពេល៤១ឆ្នាំកន្លងមក។ រាល់ចំណេះដឹង និងវិជ្ជាជីវៈពិតប្រាកដដ៏កម្រនេះ ចាត់ទុកថាយើងអាចមានសមត្ថភាពក្នុងការទ្រទ្រង់ រ៉ាប់រងវិសាលភាពការងារ ហើយក៏មិនចាញ់ស្ថាបត្យករឬវិស្វករមកពីបរទេសនោះដែរ។

ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ទាំងអស់ ត្រូវចូលរួមគាំទ្រនូវច្បាប់ស្តីពីសំណង់ឱ្យបានត្រឹមត្រូវ ទៅតាមគោលការណ៍ច្បាប់។ ការចូលរួមទទួលការបណ្តុះបណ្តាល គឺដើម្បីបានយល់ដឹងអំពីច្បាប់ស្តីពីសំណង់នេះ  និងទទួលបានវិញ្ញាបនបត្រ បញ្ជាក់ពីការចូលរួមវគ្គផ្សព្វផ្សាយ ដែលជាសារជាសារវន្តនៃច្បាប់សំណង់ បានកំណត់អំពីកាតព្វកិច្ចរបស់ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ទាំងអស់។

ក្រោយពេលក្រសួងបានរៀបចំផ្សព្វផ្សាយនូវច្បាប់សំណង់ ដែលមានលក្ខណៈគ្រប់គ្រាន់ ទូលំទូលាយរួចរាល់ មន្ត្រីជំនាញរបស់ក្រសួងនឹងធ្វើការចុះត្រួតពិនិត្យធ្វើអធិកា​រកិច្ចសំណង់នៅតាមបណ្តាការដ្ឋាន ហើយប្រសិនបើពិនិត្យឃើញថាសំណង់ណាដែលសាងសង់ខុសពីលិខិតបទដ្ឋានគតិយុត្តិនោះ នឹងមានការចាត់វិធានការតាមផ្លូវច្បាប់៕

អ្នកជំនាញអចលនទ្រព្យៈអ្នកដែលមានអចលនទ្រព្យនៅតំបន់ផ្លូវជាតិ៥១ នឹងត្រូវប៉ាន់ ក្រោយចប់កូវីដ១៩

          ដោយៈបញ្ញា

ភ្នំពេញៈ ក្រោយពីស្ថានការណ៍នៃការបិទខ្ទប់ត្រូវបានបន្ធូរ និងបញ្ចប់ វិស័យអច​ល​នទ្រព្យកម្ពុជានឹងងើបឡើងវិញភ្លាមៗ និងខ្ពស់ហួសពីការរំពឹងទុក ជាពិសេសតាមបណ្តាតំបន់ក្បែរនឹង វត្តភ្នំ (វត្តភ្នំតូច) ជិតផ្លូវជាតិលេខ៥១ ជាផ្លូវក្រវ៉ាត់ក្រុងសំខាន់ទី៤។

តំបន់នេះជាប៉ូលសេដ្ឋកិច្ចខ្លាំងសំខាន់ ត្បិតបណ្ដុំដោយឧស្សាហកម្ម រោងចក្រ សហគ្រាសធំៗ នេះជាការលើកឡើងដោយអ្នកជំនាញអចលនទ្រព្យក្នុងស្រុក។

តំបន់ខាងលើនេះ​ ស្ថិតនៅខាងលិចជាប់រាជធានីភ្នំពេញ ជា​តំបន់​ខ្ពង់រាប​មិន​លិច​ទឹក សម្រូលដល់ការអភិវឌ្ឍ និងមានរួចជាស្រេច នូវផ្លូវសរសៃឈាមសេដ្ឋកិច្ចសំខាន់ តភ្ជាប់គ្នារវាងផ្លូវជាតិលេខ៣ លេខ៤ និងលេខ៥ ផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ការដឹកជញ្ជូនទំនិញទៅមក ពីកំពង់ផែអន្តរជាតិព្រះសីហនុ និងចំណេញពេលវេលាច្រើន។

ទីតាំងតំបន់ដ៏មានសក្ដានុពល និងជាតំបន់កំពុងអភិវឌ្ឍនេះ បានជះឥទិ្ធពលខ្លាំងទៅលើ តម្លៃអចលនទ្រព្យអោយនៅតែមានលំនឹង និងបន្តកំណើនឡើងជាបន្តបន្ទាប់ បើទោះណាសេដ្ឋកិច្ចបាន និងកំពុងត្រូវបានជាប់គាំង ដោយវិបត្តិជំងឺរាតត្បាតជាសកល ជំងឺកូវីដ-១៩ក្តី។

អ្នកជំនាញរូបនេះបានបន្តថា តាមយុទ្ធសាស្ត្រ និងផែនការពង្រីករាជធានីនៃរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមក  បាននិងបន្តជះឥទ្ធិពលវិជ្ជមាន និងខ្លាំងដល់បណ្តាតំបន់ជាយៗ ឱ្យមានការអភិវឌ្ឍជាបណ្តើរៗ ដែលក្នុងនោះ បណ្តាតំបន់ជាប់នឹង វត្តភ្នំ (វត្តភ្នំតូច) នឹងក្លាយជាអាទិភាពចំបង អំណោយផលខ្លាំង ត្បិតបាននិងកំពុងទាក់ទាញបាននូវ វិនិយោគិនជាតិ និងអន្តរជាតិ មកវិនិយោគលើវិស័យរោងចក្រ សហគ្រាស ឃ្លាំងស្ដុកទំនិញ អគារពាណិជ្ជកម្ម និងលំនៅដ្ឋានជាដើម។

ម្យ៉ាងវិញទៀត ភាពអ៊ូអរនៃទីប្រជុំជន តាមរយះលំហូរប្រជាជនមករស់នៅក្នុងមូលដ្ឋានជិតៗ សម្រួលដល់កំណើនមុខរបរតូចៗផ្សេងៗ ញាំងឲ្យតំបន់ជាយក្រវ៉ាត់ក្រុងផ្លូវលេខ៥១មួយនេះ កាន់តែមានពន្លឿនភាព នៃការអភិវឌ្ឍបន្ថែមមួយកំរិតទៀត។ គោលនយោបាយអភិវឌ្ឍន៏ ជាទល្ហីករណ៏មួយពន្លឿនសេដ្ឋកិច្ច នៅតាមតំបន់នានាជិតៗឲ្យកាន់តែមានកំណើនវិវឌ្ឍន៏ឥតឈប់ឈរផងដែរ ដោយគោលនយោបាយនោះ មានជាការរផ្លាស់ប្ដូរទីតាំង រោងចក្រ សហគ្រាស ឃ្លាំងស្ដុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ពីតំបន់រាជធានី​ទៅកាន់តំបន់នេះឆាប់ៗខាងមុខ។ 

ការណ៍នេះ រួមផ្សំនឹងកត្តាបិទខ្ទប់ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ អាចធ្វើយើងមើលឃើញថា វាក៏ជាឱកាសដ៏វិសេសវិសាល សម្រាប់អ្នកដែលចង់ទិញ អចលនទ្រព្យ ដើម្បីទុកលក់ចំនេញក្រោយវិបត្តិត្រូវបានបញ្ចប់។

តាមទស្សនៈរបស់លោក ការស្វែងរក និងធ្វើជាម្ចាស់អចលនទ្រព្យថ្មីអំឡុងវិបត្តិកូវីដ-១៩ ជាឱកាស​សម្រាប់បងប្អូន ដែលមានជីវភាពកម្រិតមធ្យម និងក្រោមមធ្យមអាចទទួលបានផលជំនិញ ឬអាចទទួលបាននូវផ្ទះសមប្រកបសម្រាប់រស់នៅ និងបើកអាជីវកម្មប្រចាំថ្ងៃទៀតផង៕

អ្នកជំនាញប្រាប់ពីអចលនទ្រព្យដែលគួរវិនិយោគស្ថានភាពបច្ចុប្បន្ន

ដោយៈ សហការី

ភ្នំពេញៈ នៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនបានទាញយកការវិនិយោគនៅក្នុវិស័យអចលនទ្រព្យ ភ្ជាប់ទៅនឹងព្រឹត្តិការណ៍អវិជ្ជមានសង្គម ជាពិសេ​ស ពាក់ព័ន្ធទៅនឹងវិបត្តិសេដ្ឋកិច្ចប្រទេសចិន ដែលជាទីផ្សារអចលនទ្រព្យមួយចំណែកធំនៅកម្ពុជា។

មិនថាទោះជាស្ថានភាពសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យអចលនទ្រព្យ រួមជាមួយនឹងតម្រូវការនៃវិស័យលំនៅដ្ឋានកំពុងតែមានតម្រូវខ្ពស់ បណ្តាអ្នកជំនាញបានអះអាងបញ្ជាក់ថា មិនថាឆ្នាំនេះឬបន្តទៅឆ្នាំខាងមុខនោះទេ ការវិនិយោគនៅក្នុងវិស័យអចនទ្រព្យ នៅតែមានសកម្មភាព សំខាន់គឺអាស្រ័​យទៅលើភាពចាំបាច់ និងធនធានតែប៉ុណ្ណោះ។

អគ្គនាយកក្រុមហ៊ុន Cam Top Property Group លោកខាត់ សុវណ្ណ បានមានប្រសាសន៍ថា ការសម្រេចចិត្តវិនិយោគ ឬមិនគួរមិនគួរគឺអាស្រ័យទៅលើភាពចាំបាច់ នៃតម្រូវការជាក់ស្ដែងតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ដែលមានធនធានច្បាស់លាស់គឺពួកគេនៅតែបន្តសកម្មភាពដដែល។

លោកបានបញ្ជាក់ថា “ភាគច្រើនពេលនេះគេតែងនិយាយថា ទីផ្សារដីធ្លីមិនសូវល្អដែលបណ្តាលមកពីកត្តាសេដ្ឋកិច្ចសង្គម ដែលកំពុងកើតមាន ហើយគាប់ជូនអ្នកខ្លះគាត់មានធុរៈ មានតម្រូវការថវិកា ដូច្នេះ បើទោះជាតម្លៃដីទាបជាងទីផ្សារជាក់ស្ដែង ២០-៣០ភាគរយ ក៏គាត់នៅតែលក់”។ លោកបន្តថា “ការលក់នេះមិនមែនមានន័យថា ទីផ្សារដីធ្លីធ្លាក់នោះទេ ប៉ុន្តែក្នុងលក្ខខណ្ឌនេះ សម្រាប់អ្នកដែលមានលុយទិញដី ដែលមានតម្លៃទាបជាងទីផ្សារ គឺពួកគេមានឱកាសទទួលបានចំណេញខ្ពស់នៅថ្ងៃខាងមុខ”។

បច្ចុប្បន្ននេះសម្រាប់ដីដែលស្ថិតនៅតំបន់ជាយក្រុង ក៏ដូចជាការអភិវឌ្ឍលំនៅដ្ឋានតម្លៃក្រោម១០ម៉ឺនដុល្លារ គឺនៅតែជាឱកាសល្អសម្រាប់ការវិនិយោគ”។

អគ្គនាយកក្រុមហ៊ុន Daily Realty Group លោក ហៃ រ៉ាវី ក៏បានបង្ហាញពីទស្សនៈស្រដៀងគ្នា ទៅនឹងការលើកឡើងខាងលើនេះផងដែរ ដោយលោកបានបញ្ជាក់ថា “បើស្ថិតនៅក្នុងស្ថានភាពប្រ ឈមដែលធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យ វាមានហេតុការណ៍២កើតឡើង គឺហេតុការណ៍អាក្រក់ និងហេតុការណ៍ល្អ។

លោកបន្តថា “ត្រង់ន័យខ្ញុំចង់បញ្ជាក់ថា ហេតុការណ៍អាក្រក់ គឺកើតមាននៅពេលដែលមានទ្រព្យ ឬដីធ្លី ហើយមានតម្រូវការចាំបាច់ក្នុងការលក់បានតម្លៃទាប ដែលវាធ្វើឱ្យបាត់បង់ផលប្រយោជន៍ ឬខាតបង់ទ្រព្យ”។លោកបន្តថា “ប៉ុន្តែហេតុការណ៍ល្អ គឺសម្រាប់អ្នកមានលុយទិញដីទុកលក់ចំណេញ”។

លោកបន្ថែមថា ដូច្នេះមុនពេលសម្រេចចិត្តលក់ ក៏គួរតែសិក្សា និងពិចារណាពីតម្លៃទីផ្សារជាមុនសិន ឬបើអាចមានដំណោះស្រាយគួរកុំលក់ក្នុងពេលមិនអំណោយផល។

អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា លោក ង៉ែត ជូ ធ្លាប់បានលើកឡើងថា ការចូលខ្លួនមកធ្វើជំនួញ នៅក្នុងវិស័យអចលនទ្រព្យ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ប៉ុន្តែមុនពេ​លចូលមករកចំណូលនៅលើទីផ្សារមួយនេះ ចាំបាច់ត្រូវតែស្វែងយល់ឱ្យបានលម្អិតពីព័ត៌មា​នផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យ។

លោកបានបន្តទៀតថា មុនពេលសម្រេចចិត្តទិញ ឬវិនិយោគទៅលើអចលនទ្រព្យណាមួយ អ្នកគួរតែសិក្សាស្វែងយល់ឱ្យបានលម្អិត និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ចៀសវាងការទិញទាំងភាពប្រថុយប្រថាន ឬជឿតាមពាក្យគេនិយាយដោយគ្មានមូលដ្ឋានច្បាស់លាស់”។ លោកបានបញ្ជាក់ថា “ភាពជោគជ័យទៅលើការវិនិយោគ មិនមែនកើតឡើងដោយសារតែព្រេងសំណាងនោះទេ ប៉ុន្តែវាកើតចេញពីភាពវ័យឆ្លាត ចេះក្ដាប់ឱកាស និងវិនិយោគត្រូវតាមកាលៈទេសៈ៕

កម្ពុជាទាមទារការអភិវឌ្ឍធនធានមនុស្សបន្ថែមដើម្បីឆ្លើយតបនឹងការរីកចម្រើន នៃវិស័យអចលនទ្រព្យ

ដោយៈ ប៊ី

ភ្នំពេញៈ ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ វិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានភាពរឹងមាំ ដោយទទួលបានលំហូរចូល នៃការវិនិយោគផ្ទាល់ពីបរទេស គម្រោងអភិវឌ្ឍន៍ក្នុងស្រុក និងអន្តរជាតិ និងភ្នាក់ងារអចលនទ្រព្យជាច្រើន ដែលទាមទារឱ្យមានការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបនឹងកំណើននេះ។

ក្នុងនាមជាអ្នកដើរតួនាទីដ៏សំខាន់មួយនៅក្នុងវិស័យនេះ ក្រុមហ៊ុន CBRE បានឱ្យដឹងកាលពីម្សិលមិញថា ប្រតិបត្តិការរបស់ខ្លួននឹងមានរយៈពេល១២ឆ្នាំនៅកម្ពុជា គិតត្រឹមចុងឆ្នាំ២០២១នេះ ហើយក្រុមហ៊ុនបានចូលរួមការអភិវឌ្ឍធនធានមនុស្ស ដើម្បីផ្តល់សេវាកម្ម និងអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា។

បញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមរបស់ក្រុមហ៊ុន ក្នុងរយៈពេល១១ឆ្នាំចុងក្រោយនេះ គឺធនធានមនុស្ស ព្រោះថាប្រទេសកម្ពុជាមានភាពក្មេងខ្មី ហើយចំនួន និងបទពិសោធន៍របស់អ្នកជំនាញ ផ្នែកអចលនទ្រព្យនៅមានកម្រិត។

ដើម្បីជួយជំរុញការរៀនសូត្រ និងការអភិវឌ្ឍនៅក្នុងវិស័យនេះ និងជួយលើកកម្ព​ស់សមត្ថភាពធនធានមនុស្ស ក្រុមហ៊ុន CBRE Cambodia បានបង្កើតកម្មពិធីសិក្សាមានឈ្មោះថា CBRE Cambodia Academy ដល់បុគ្គលិកផ្ទៃក្នុងរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍ដល់វិស័យអចលនទ្រព្យ។

គោលបំណងនៃកម្មវិធី គឺផ្តល់ជូនបុគ្គលិកនូវចំណេះដឹង និងជំនាញជាក់លាក់ទាក់ទងនឹងអចលនទ្រព្យជំនាញទន់ និងជំនាញបច្ចេកទេសដែលចាំបាច់ ដើម្បីបំពេញការងារប្រកបដោយវិជ្ជាជីវៈ។

កម្មវិធីនេះស្ថិតនៅក្រោមសសរស្តម្ភបី រួមមានការអភិវឌ្ឍជំនាញទូទៅ កម្មវិធីស   ម្ព័ន្ធអចលនទ្រព្យ ដែលផ្តោតលើមូលដ្ឋានគ្រឹះក្នុងសេវាកម្មអចលនទ្រព្យ និងការបង្កើតការប្រកួតប្រជែង និងកសាងទំនុកចិត្តលើអ្នកជំនាញនាពេលអនាគត។

ក្រុមហ៊ុន CBRE Cambodia ជឿជាក់យ៉ាងមុតមាំថា កម្មវិធីនេះនឹងសង្កត់ធ្ងន់មិនត្រឹមតែការអភិវឌ្ឍធនធានមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមាគ៌ាអាជីពសម្រាប់យុវជន ដែលសម្រេចចិត្តចាប់យកអាជីពរបស់ខ្លួន នៅក្រុមហ៊ុន CBRE Cambodia និងក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ។

ក្រុមហ៊ុនបានកត់សម្គាល់ផងដែរថា កម្មវិធីនេះនឹងត្រូវបានគាំទ្រដោយអ្នកជំនាញផ្ទាល់របស់ក្រុមហ៊ុន CBRE ដែលមានបទពិសោធជាច្រើនឆ្នាំ មកពីតំបន់ផ្សេងៗនៃពិភពលោក ដែលជាកន្លែងក្រុមហ៊ុន CBRE ប្រតិបត្តិការ។ លើសពីនេះទៅទៀត អ្នកចូលរួមក្នុងកម្មវិធីនេះ នឹងត្រូវទទួលបានវិញ្ញាបនបត្រ ដោយមានការទទួលស្គាល់ដោយក្រុមហ៊ុន CBRE Cambodia៕

គំរោងបើកដំណើរការព្រលានយន្តហោះតារាសាគរខេត្តកោះកុងត្រូវបានពន្យាពេល

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា គំរោងបើកដំណើរការព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង ត្រូវបានពន្យាពេលហើយ ដោយសារបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩។

អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៤ ឧសភានេះថា គំរោងបើកដំណើរការព្រលានយន្តហោះតារាសាគរ ដែលគ្រោងបើកដំណើរការនៅខែមិថុនាខាងមុខនេះ អាចពន្យាពេលចន្លោះពី២ទៅ៣ខែ ដោយសារជំងឺកូវីដដែលបានឆ្លងចូលសហគមន៍។

លោកបន្តថា “ការពន្យាពេលនេះ ជាប់ពាក់ព័ន្ឋនឹងការធ្វើដំណើរចេញចូល ព្រលាននេះ ទាក់ទងនឹងការនាំសម្ភារៈចេញចូល និងអ្នកបច្ចេកទេសមិនអាចធ្វើដំណើរមកបាន”។លោកបន្តថា “ធម្មតាមុនបើកដំណើរការព្រលានយន្តហោះ តែងតែត្រូវធ្វើតេស្ត ដោយអ្នកជំនាញ តែពេលនេះអ្នកជំនាញពិបាកធ្វើដំណើរ ដោយសារជាប់ចត្តាឡីស័ក ប្រសិនជាពួកគេមកកាន់កម្ពុជា”។

ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងជាព្រលានលំដាប់អន្តរជាតិ ដែលអ្នកអភិវឌ្ឈន៍គំរោងនេះបានអះអាងថា ព្រលានយន្តហោះនេះ មានសមត្ថភាពអាចទទួលការចុះចតយន្តហោះអន្តរទ្វីបបាន ដែលនាពេលអនាគតក្រុមហ៊ុននេះ នឹងអាចភ្ជាប់ការហោះហើរត្រង់ទៅកាន់ទីក្រុងប៉ារីស និងបណ្តាប្រទេសនានានៅតំបន់អឺរ៉ុបដទៃទៀត។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនធ្លាប់បានមានប្រសាសន៍ថា ព្រលានយន្តហោះនេះ នៅពេលបើកដំណើរការនឹងលើកកំពស់សក្តានុពលខេត្តកោះកុងខ្លាំង ពិសេសនឹងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

លោកស្រីបន្តថា “ខេត្តកោះកុង មានសក្តានុពលទេសចរណ៍ធម្មេះជាតិយ៉ាងខ្លាំង ដែលបច្ចុប្បន្នយើងមិនទាន់ទាញយកផលប្រយោជន៍ ពីសក្តានុពលរបស់ខេត្តនេះបាន​ច្រើននៅឡើយទេ”៕

ក្រុមហ៊ុនសិង្ហបុរីពីរចាប់ដៃគ្នាអភិវឌ្ឍរោងចក្រផលិតបន្ទះបេតុងនៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន HLH Agriculture (HLHA) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសិង្ហបុរី Hong Lai Huat បានបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា ជាមួយក្រុមហ៊ុន Joe Green ដើម្បីអភិវឌ្ឍរោងចក្រផលិតបន្ទះបេតុងនៅកម្ពុជា។ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge Singapore កាលពីថ្មីៗនេះ។

កិច្ចសហការរួមគ្នាផ្តល់សិទ្ធិឱ្យក្រុមហ៊ុន Joe Green ដែលមានមូលដ្ឋានៅសិង្ហបុរីនេះ ក្នុងការបង្កើតរោងចក្រផលិតបន្ទះបេតុងទម្ងន់ស្រាល នៅក្នុងតំបន់សម្ភារៈសំណង់ ដែលមានទីតាំង ស្ថិតនៅក្នុងគម្រោងទីក្រុងឱរ៉ាល់ (Aoral Eco-City) របស់ក្រុមហ៊ុន HLHA នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន HLHA កាលពីថ្ងៃទី៩ ខែមីនាបានទទួលការយល់ព្រមជាគោលការណ៍ ដើម្បីអភិវឌ្ឍទីក្រុងនេះ ដែលស្ថិតនៅចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

ក្រុមហ៊ុន Joe Green គឺជាក្រុមហ៊ុនផលិតបន្ទះបេតុង ដែលមានទំងន់ស្រាល និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន សម្រាប់ប្រើប្រាស់ក្នុងសាងសង់អាគារ និងសំណង់។

តាមកិច្ចព្រមព្រៀង ក្រុមហ៊ុន HLHA នឹងផ្តល់សិទ្ធិឱ្យក្រុមហ៊ុនJoe Green ប្រើប្រាស់ដីទំហំ ២០,០០០ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងគម្រោង Aoral Eco-City ដើម្បីអភិវឌ្ឍសាងសង់ និងដំណើរការរោងចក្រផលិត។ រយៈពេលនៃកិច្ចសហប្រតិបត្តិការនឹងមានរយៈពេល៣ឆ្នាំគិតចាប់ពីថ្ងៃ ដែលមានការព្រមព្រៀងជាមួយជម្រើសនេះ (ចុងខែមីនា ឆ្នាំ២០២១)។

កិច្ចព្រមព្រៀងនេះក៏នឹងអនុញ្ញាតក្រុមហ៊ុន Joe Green ផ្គត់ផ្គង់បន្ទះបេតុងទម្ងន់ស្រាល ដល់គម្រោងអភិវឌ្ឍណ៍អចលនទ្រព្យ របស់ក្រុមហ៊ុន Hong Lai Huat ដែលកំពុងសាងសង់នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Hong Lai Huat មានប្រសាសន៍ថា ការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តក៏នឹងបង្កើតឱកាសការងារបន្ថែមទៀត សម្រាប់ប្រជាជនក្នុងស្រុកដែរ។

លោក Ong Jia Jing នាយកគ្រប់គ្រងទូទៅ និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hong Lai Huat មានប្រសាសន៍ថា “យើងមានសេចក្តីរីករាយក្នុងការស្វាគមន៍ក្រុមហ៊ុន Joe Green ដែលជាអ្នកត្រួសត្រាយ មានបទពិសោធជាច្រើនឆ្នាំ នៅក្នុងឧស្សាហកម្មបន្ទះបេតុងទម្ងន់ស្រាល ជាក្រុមហ៊ុនដំបូងគេដែលបានចូលទៅក្នុងគម្រោង Aoral Eco-City របស់យើង”។

លោកបានបន្តថា “យើងជឿជាក់ថាភាពជាដៃគូនេះ នឹងផ្តល់ផលប្រយោជន៍ដល់ទាំងក្រុមហ៊ុន និងក្រុមហ៊ុន Joe Green ពីព្រោះវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាកំពុងអភិវឌ្ឍនិងរីកចម្រើនយ៉ាងឆាប់រហ័ស”៕

ខេត្តស្វាយរៀង​បន្ត​ទាក់ទាញ​គម្រោង​វិនិយោគថ្មីៗតម្លៃ​រាប់រយ​លាន​ដុល្លារ

ដោយៈ​ប៊ី

ភ្នំពេញៈ ខេត្តស្វាយរៀង កំពុង​ទទួលបាន​គម្រោង​វិនិយោគថ្មីៗជា​បន្តបន្ទាប់ ដោយបាន​ប្រកាស​បោះទុន​រាប់រយ​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ បើទោះបីជា​ស្ថិតក្នុង​វិបត្តិ​កូ​វីដ១៩ ។

ជាក់ស្តែង រដ្ឋាភិបាល តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន៤ ដែល​បាន​បោះ​ទីតាំងនៅ​ខេត្តស្វាយរៀង ក្នុង​កុម្ភៈ​កន្លងមកនេះ ខណៈ​គម្រោង​ថ្មី​ចំនួន៤នេះ បានប្រកាស​ទុនវិនិយោគ​ប្រមាណ៩៨,២លាន​ដុល្លារ។

គម្រោង​ទាំងនេះ រួមមាន​គម្រោង​បង្កើត​រោងចក្រ​ផលិត សំបក​កង់​យានយន្ត គម្រោង​បង្កើត​រោងចក្រ​ផលិត​សា​ឡុង គ្រែ និង​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ​សម្រាប់​ចង្ក្រាន BBQ, ផ្គុំ​តម្លើង​បរិក្ខារ​អេឡិចត្រូនិក និង​អំពូល​ភ្លើង និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រណាត់ និង​កាត់ដេរ​សម្លៀកបំពាក់ ជាដើម។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Sailun Group កាលពី​ខែមីនា ឆ្នាំ២០២១ បាន​ពិចារណា បង្កើត​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​ដឹក​អ្នកដំណើរ ដែលមាន​តម្លៃ​ជាង១៨០លាន​ដុល្លារ​នៅ​កម្ពុជា។

កាលពីថ្មីៗនេះ ក្រុមហ៊ុន WAN DA WEI YE INTERNATIONAL CO., LTD. បានប្រកាស​ពី​គម្រោង​បង្កើត រោងចក្រ​ដំឡើង​ទោចក្រយាន ទោចក្រយាន​អគ្គិសនី (កង់​អាគុយ) និង​គ្រឿង​បង្គុំ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​ស្ថិត នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង បាវិត សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង និង​បោះទុន​វិនិយោគ​ប្រមាណ១.៧លាន​ដុល្លារ​អាមេរិក។

លោក​ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ធ្លាប់មាន​ប្រសាសន៍​នាពេល​កន្លងមកនេះ​ថា នៅ​តំបន់​មាន​សក្ដានុពលសំខាន់ៗ និង​សមិទ្ធផល ដែល​រដ្ឋបាល​ខេត្តស្វាយរៀង​សម្រេចបាន​រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និង​កសិកម្ម​ជាដើម ជាពិសេស​ខេត្ត បាន​ក្លាយជា​ប្រភព​ការងារ ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​ប្រមាណ​ជាង៨ម៉ឺន​នាក់ បម្រើ​នៅក្នុង​វិស័យ​ឧស្សាហកម្ម រោងចក្រ​សហគ្រាស សេវាកម្ម និង​កាស៊ីណូ​ជាដើម។

លោក​បាន​បន្តថា “ជាមួយនឹង​ភាព​រីកចម្រើន និង​ការអភិវឌ្ឍន៍​បង្កើតបាន​ជា​សមិទ្ធផល​នានា​ជាច្រើន​នៅក្នុង​ខេត្ត ជាពិសេស​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឱ្យ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​មាន​ភាព​រីកចម្រើន។លោក​បន្តថា “វិស័យ​អចលនទ្រព្យ និង​លំនៅដ្ឋាន​ក៏​កំពុងមាន​ប្រជាប្រិយភាព និង​ទទួលបាន​ការវិនិយោគ​ជាច្រើន​គម្រោង​ដែរ ហើយ​ក្នុងនោះ​គម្រោង​លក់​ដី​ឡូ​តិ៍​កំពុងមាន​ភាព​ផុសផុល​ផងដែរ” ៕

ការទូត​សេដ្ឋ​កិ​ច្ចៈ​ទូត​ខ្មែរ​នៅ​កូរ៉េ​បង្ហាញ​ពី​សក្ដានុពល​វិនិយោគ​របស់​កម្ពុជាទៅកាន់​វិនិយោគិន​កូរ៉េ

ដោយៈ លក្ខិណា

ភ្នំពេញៈ អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង នៅតែ​បន្ត​កៀងគរ​វិនិយោគិន​និង​ធុរជន​កូរ៉េ ចូល​បណ្ដាក់ទុន​វិ​ន​យោគ​នៅក្នុង​ប្រទេស​កម្ពុជា ដោយបាន​បង្ហាញជូន​វិនិយោគិន​កូរ៉េ អំពី សក្ដានុពល​តាម​វិស័យ​នានា​នៅ​កម្ពុជា។

លោក​ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​កូរ៉េ បានបង្ហាញ​ដល់​វិនិយោគិន ធុរជន​កូរ៉េខាងត្បូង​ពី​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច និង​ការវិនិយោគ​នៅ​កម្ពុជា ដោយបាន​លើកឡើង​ពី​លក្ខខណ្ឌ និង​ភាពងាយស្រួល​សម្រាប់​វិនិយោគិន​ធុរជន កូរ៉េ​ចូល​បណ្ដាក់ទុន​នៅ​កម្ពុជា ។

យោងតាម​សេ​ចក​ក្តី ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​អោយដឹងថា វិនិយោគិន ធុរជន និង​ពាណិជ្ជករ​កូរ៉េ​ជាច្រើន បាន​ចាប់អារម្មណ៍​លើ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​រំពឹងថា​នៅពេល​ចប់​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ វិនិយោគិន​ធុរជន និង​ពាណិជ្ជករ​កូរ៉េខាងត្បូង​នឹង​ចូលមក​កម្ពុជា ដើម្បី​ស្វែងរក​ការវិនិយោគ​នានា​ទៅតាម​ជំនាញ​របស់​ពួកគេ ។

លោក​ឡុង ឌី​ម៉​ង់​បានឱ្យដឹងថា “វិនិយោគិន​មួយចំនួន បានលើកឡើង​អំពី​បំណង​ធ្វើដំណើរ​ទៅ​ប្រទេស​កម្ពុជាឆាប់ៗ ហើយ​ចង់ឃើញ​ផ្ទាល់​អំពី​កម្ពុជា ដែល​ធ្វើឱ្យ​គាត់​ស្រលាញ់​កម្ពុជា​យ៉ាងខ្លាំង” ។

លោក​ក៏បាន​ស្នើសុំ​បន្ថែម ជាមួយ​សាធារណជន​ដែល​បាន​ជួប​ផ្ទាល់ ជួយ​ចែករំលែក​ព័ត៌មាន តំបន់​ទេសចរណ៍ និង​សក្ដានុពល​របស់​កម្ពុជា ដែល​ពួកគាត់​បានឃើញ និង​ដឹង​ក្នុង​បទ​បង្ហាញ ទៅដល់​មិត្តភក្ដិ ក្រុមគ្រួសារ និង​អ្នក​ដែល​គាត់​ស្គាល់ ហើយ​បើសិន​ជាមាន​ចម្ងល់ អាចទាក់ទង​ក្រុមការងារ​ស្ថានទូត​បាន។

ម្យ៉ាងទៀត បងប្អូន​សហគមន៍​ខ្មែរ ជាពិសេស​ពលករ​កម្ពុ​ជា ក៏​អាចជា​ទូត​សុ​ឆន្ទៈ ក្នុង​ការជួយ​ផ្សព្វផ្សាយ សក្ដានុពល ទី​រមណីយដ្ឋាន​ទេសចរណ៍ វប្បធម៌​រុងរឿង​និង​ស្ថេរភាព ក្នុងការ​វិនិយោគ​ទៅដល់​ថៅកែ​កូរ៉េ ឬ​ជនជាតិ​កូរ៉េ​ផ្សេងទៀត ដើម្បី​ទាក់ទាញ​ចិត្ត​របស់​ពួកគាត់​ឲ្យ​ទៅ​កម្ពុជា​យើង។

កូរ៉េ​គឺជា​វិនិយោគិន​ធំ​មួយ ដែល​បានដាក់​ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា និង​មាន​គម្រោង​វិនិយោគ​ជាច្រើន ក៏​បាននិងកំពុង​លេចធ្លោ​នៅ​កម្ពុជា ក្នុងនោះ​មាន​សំណង់​អគារ​ខ្ពស់ វិស័យ​កសិកម្ម​វិស័យ​ឧស្សាហកម្ម​និង​យានយន្ត​ជាដើម៕