ធនាគារជាតិ​នៃ​កម្ពុជា​យល់ព្រម​ឲ្យ​ធនាគារ​ហត្ថា​បង្កើន​ទុន២៥លាន​ដុល្លារ​បន្ថែមដើម្បី​ចូល​រូ​ម​ស្តារ​សេដ្ឋកិច្ច

ដោយ​គង់ សូរិយា

ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា ហៅ​កាត់ NBC បានអនុម័ត​ឲ្យ​ធនាគារ​ហត្ថា​បង្កើន​ទុន២៥លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​ផ្តល់​ឥណទាន​ជូន​ដល់​អតិថិជន។

ប្រធាន​អគ្គនាយក​ធនាគារ​ហត្ថា​លោក​ឧកញ៉ា​ហួត អៀង​តុង​ បាន​មានប្រសាសន៍ ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ​ថា ធនាគារ​ទើប​ទទួលបាន​ការអនុម័ត​យល់ព្រម ពី​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​បង្កើន​ទំហំ​ទុ​ន​របស់ខ្លួន២៥លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​ផ្តល់​ឥណទាន​ជូន​ដល់​ប្រជាពលរដ្ឋ ធ្វើយ៉ាងណា​ឲ្យ​មាន​សកម្មភាព​ក្នុង​សេដ្ឋកិច្ច ដើម្បី​ជំរុញ​កំនើនសេដ្ឋកិច្ច​កម្ពុជា​ងើប​ឡើងវិញ​ក្រោយពី​វិបត្តិ​កូ​វីដ១៩ ។

លោក​បន្តថា “ដើមទុន​ថ្មី​នេះ​នឹង​ជួយ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ឲ្យ​មាន​សកម្មភាព និង​អភិវឌ្ឍន៍​បាន​កាន់តែ​ប្រសើរ ព្រោះ SME ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ” ។ លោក​បន្តថា “នៅពេល​សកម្មភាព​អាជីវកម្ម របស់​ក្រុមហ៊ុន​មួយ​ដំណើរ​ការល្អ នឹង​ផ្តល់​ការងារ​ងារ​ច្រើន​ដល់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​ផលិតភាព​ក្នុង​សេដ្ឋកិច្ច​មាន​ភាពរសរវើក និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​កើនឡើង” ។

លោក​ឧកញ៉ា​ហួត អៀង​តុង បាន​បន្តថា អ្វី​ដែលជា​ការងារ​ស្នូល​របស់​យើង ចង់​ផ្តល់​ឥណទាន​កាន់តែច្រើន និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បានទទួល​ទុន​ច្រើន ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​ប្រកបដោយ​គុណភាព និង​បញ្ចៀស​បាន​នូវ​ហានិភ័យ ព្រោះ​យើង​តែងតែ​នៅ​ជាមួយ​អតិថិជន ដើម្បី​ផ្តល់​ការប្រឹក្សា វិភាគ​ពី​មូលដ្ឋាន​អាជីវកម្ម​របស់​ពួកគេ ដើម្បី​ឲ្យ​អតិថិជន​របស់​យើង​បានទទួល​ជោគជ័យ​ផងដែរ។

ធនាគារ​ហត្ថា​មាន​ការិយាល័យ​ទូទាំងប្រទេស​ចំនួន១៧៧ មាន​បុគ្គលិក​ចំនួន៥៦០០នាក់ និង​មាន​ទ្រព្យសកម្ម​កើនឡើង​ប្រមាណ១៥០០លាន​ដុល្លារ​អាមេរិក។

អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា លោក​ជា ចាន់តូ​ធ្លាប់បាន​មានប្រសាសន៍ថា សុខភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា នៅតែមាន​ភាពល្អប្រសើរ តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ ច្បាប់​បទដ្ឋាន​គតិយុត្តិ​នានា ដែល​ផ្តល់​ការលើកទឹកចិត្ត និង​គាំទ្រ​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ឲ្យ​ទទួលបាន​នូវ​ការអនុវត្ត​ល្អ ក្នុងការ​ធ្វើយ៉ាងណា​ឲ្យ​ការផ្តល់​ឥណទាន និង​ការដាក់​ប្រាក់​បញ្ញើរ ប្រកបដោយ​មូលដ្ឋាន​វិជ្ជាជីវៈ​និង​ក្រម​សីល​ធ៌​ម៕

ប្រធាន CVEA បង្ហើប​ពី​ផ្នែក​ដែល​នឹង​ងើប​ឡើងវិញ​លឿន​ក្នុង​វិស័យ​អចលនទ្រព្យក្រោយ​វិបត្តិ​កូ​វីដ

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) បាន​បង្ហើប​ឲ្យ​ដឹងថា ផ្នែក​មួយ​នៃ​វិស័យ​អចលនទ្រព្យ នឹង​ងើបឡើង​លឿន​ជាងគេ​ក្រោយ​វិបត្តិ​កូ​វីដ១៩ គឺ​វិស័យ​ដីធ្លី​ដែល​តម្លៃ​របស់​វា​នឹង​កើន​ឡើងវិញ។

លោក​ច្រឹ​ក សុខ​នី​ម ប្រធាន CVEA បាន​មានប្រសាសន៍​ឲ្យ​ដឹង តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​កាលពី​ល្ងាច​ថ្ងៃទី៣ ឧសភា​កន្លងមក​ថា ក្នុងចំណោម​ផ្នែកសំខាន់ៗនៃ​អចលនទ្រព្យ ដីធ្លី​នៅតែមាន​ឳ​កាស​ឡើងថ្លៃ​លឿន​បន្ទាប់ពី​វិបត្តិ​នេះ ព្រោះ​ការទូទាត់​ទិញ​លក់​ដីធ្លី​នៅ​ជាយក្រុង តាមផ្លូវ​ក្រវ៉ាត់​ក្រុង និង​តាម​បណ្តា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច នឹង​បន្ត​ឡើងថ្លៃ។

លោក​បន្តថា “ហេតុផល​ដោយសារ​ការពង្រីក​ក្រុង​នៅតែ​បន្ត ការ​មាន​ជំនឿ​របស់​ប្រជាពលរដ្ឋ​ទៅលើ​សេដ្ឋកិច្ច និង​ធនធាន​ហិរញ្ញវត្ថុ នឹងធ្វើ​ឲ្យ​ពួកគាត់​បន​ន្ត​វិនិយោគ” ។ លោក​បន្តថា “កំនើនសេដ្ឋកិច្ច ស្ថេរភាព​នយោបាយ នឹងធ្វើ​ឲ្យ​អ្នកវិនិយោគ​បន្ត​វិនិយោគ​បន្ថែមទៀត ដែល​វា​ធ្វើ​ឲ្យ​ដីធ្លី​នាំមុខ​ផ្នែក​ផ្សេងទៀត​ដូចជា លំនៅដ្ឋាន ខុន​ដូ​ជាដើម” ។

ទោះជា​យ៉ាងណា​ក្នុងស្ថានភាព​នេះ លោក​ច្រឹ​ក សុខ​នី​ម បាន​ឲ្យ​ដឹងថា អ្នកវិនិយោគ​ភាគច្រើន មានការ​វិភាគ​ច្រើនជាង​មុន មុនពេល​សម្រេច​ចិត្ត​វិនិយោគ​អ្វីមួយ ដើម្បី​បញ្ចៀស​ហានិភ័យ គាំង​លំហូរ​សាច់ប្រាក់​របស់ខ្លួន ប្រសិនជា​ស្ថានភាព​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ នឹង​អូស​បន្លា​ញ​រយៈពេល​វែង។

ជាមួយគ្នានេះ យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន CBRE Cambodia បាន​ឲ្យ​ដឹងថា តម្លៃ​ដីធ្លី​នឹង​កើនឡើង​ក្នុង​រង្វង់៧ភាគរយ​ក្នុង​មួយឆ្នាំ រយៈពេល១០ឆ្នាំ​ទៅមុខ​បន្តទៀត ប៉ុន្តែ​កំនើន​អាច​ទាប ឬ​ខ្ពស់ជាង​នេះ​អាស្រ័យ​លើ​សក្តានុពល​តំបន់​និមួយ៕

វិភា​គៈ​ឆ្លងកាត់​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ពីរលើក តើ​វិស័យ​អចលនទ្រព្យ​កម្ពុជាមាន​ការវិវត្ត​ដូចម្តេច?

ដោយៈ​យិន លាង​គង់​ស្ថាបនិក​និង​ជា​អគ្គនាយក Propertyarea.asia

ភ្នំពេញៈ ព្រះអាទិត្យ​កំពុង​ស្រអាប់ ផ្ទៃមេឃ​ពោរពេញ​ដោយ​ពពក​ខ្មៅ សេដ្ឋកិច្ច​ប្រទេស​នានា​បាន​ដាំ​ក្បាល​ចុះ និង​កំពុង​ត្រៀម​រះ​ឡើងវិញ ជាមួយនឹង​ភាពប្រាកដប្រជា​ជាង​មុន ។

សេដ្ឋកិច្ចកម្ពុជា ដែល​ធ្លាប់​សម្រេចបាន​កំនើន​ពីរ​ខ្ទង់ និង​សម្រេចបាន​កំនើន​ជា​មធ្យមភាគ​ជាង៧ភាគរយ ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​ចុងក្រោយ បាន​ដាំ​ក្បាល​ចុះ​ជា​លើកដំបូង​ក្នុងរយៈពេល២០ឆ្នាំ​ចុង​ក្រោយនេះ។

តើ​ប្រទេស​ខ្លា​សេដ្ឋកិច្ច​អាស៊ី ដែល​ធនាគារ​អភិ​វ​ឌ្ឈ​ន៍​អាស៊ី​ប្រ​សិ​ទ្ឋ​នាម​ជា “ខ្លា​សេដ្ឋកិច្ច​ថ្មី” នៅ​តំបន់​អាស៊ី​កាលពី​ឆ្នាំ២០១៥ កំពុង​ក្លាយជា​ខ្លាក្រដាស​ឬ​យ៉ាងណា? ខណៈ​ផែនទី​ចង្អុលបង្ហាញ​ផ្លូវ​បាន​គូសវាស​រួចហើយ “គឺ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០” ។

វា​ជាការ​គូសវាស​មួយ​ប្រកប ដោយ​មហិច្ឆតា តែមាន​ចក្ខុវិស័យ​ច្បាស់លាស់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។

វិបត្តិ​ឆ្នាំ២០០៨

ឆ្នាំ២០០៨ ជាវ​ដ្ត​ថ្មី​មួយ​នៃ​វិបត្តិ​សេដ្ឋកិច្ច​សាកល បន្ទាប់ពី​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​នៅ​ឆ្នាំ១៩៩៧ ។ វិបត្តិ​ឆ្នាំ១៩៩៧ មិនសូវ​រង​ផលប៉ះពាល់​ដល់​កម្ពុជា​នោះទេ ខណៈ​ប្រជាជន នៅមាន​ការយល់ដឹង​នៅមានកម្រិត និង​សេដ្ឋកិច្ចកម្ពុជា​មិនទាន់មាន​សញ្ញា​ងើបឡើង​គួរ  ឲ្យ​ចាប់អារម្មណ៍​នៅឡើយ។

ប៉ុន្តែ​មុន​ឆ្នាំ២០០៨ ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន បានទទួល​ផលប្រយោជន៍​យ៉ាង​ក្រាស់ក្រែល​ពី​កំនើន​នៃ​ការវិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ ដែលមាន​សភាព​ដូច “ពពុះ​សាប៊ូ” ព្រោះ​ការវិនិយោគ​និង​រីកចម្រើន លើ​វិស័យនេះ​នៅ​កំឡុង​ពេលនោះ កើតឡើង​ដោយសារ​មូលដ្ឋាន​មួយចំនួន ទី១ ជាការ​វិនិយោគ​តាម​គ្នា ដោយ​មិនសូវមាន​ជំនាញ ចំណេះដឹង​ច្បាស់លាស់ ទី២ ការ​ក្រឡុក​ទីផ្សារ ឬ​ការធ្វើ​ឲ្យ​ទីផ្សារ​ពុះកញ្ជ្រោល​ពី​អ្នកវិនិយោគ​បរទេស ទី៣ រដ្ឋាភិបាល​មិនទាន់​មានច្បាប់​បទដ្ឋាន​គតិយុត្តិ​នានា សម្រាប់​គ្រប់គ្រង តម្រែតម្រង់​វិស័យនេះ​នៅឡើយ ទី៤ កំណើន​តម្លៃ​នៃ​វិស័យ​អចលនទ្រព្យ​ហក់​ឡើង​ខ្ពស់ លើស​អ្វីដែល​បាន​រំពឹងទុក។

បន្ទាប់ពី​ការ​ហ៊ោ​រក​ញ្ចៀ​វ នៅលើ​ដែល​ដី​សុវណ្ណ​ភូមិ​ជា​លើកដំបូង ព្រះអាទិត្យ​បាន​ស្រអាប់ ទឹកភ្នែក​បានចាប់ផ្តើម​ហូរតិចៗ ប៉ុន្តែ​ការវិនិយោគ​លើ​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់ផ្តើម​ផុស​ផុស​ឡើងវិញ វា​ដូចជា​បដិវត្តន៍​ចំណេះដឹង​មួយ ព្រោះ​សភាព​បែបនេះ មិន​ធ្លាប់​កើតមាន​ក្នុងសង្គម​ខ្មែរ​រាប់រយឆ្នាំ ប៉ុន្តែ​បែរជា​ប្រជាជន​ខ្មែរ ពិសេស​អ្នកជំនួញ​អចលនទ្រព្យ ម្ចាស់​អាជីវកម្ម​នានា បានចាប់ផ្តើម​ចេះ​ចំណាយលុយ​ទៅ​អង្គុយ​ស្តាប់​វាគ្មិន​ជាតិ អន្តរជាតិ​មក​និយាយ​ឲ្យ​ស្តាប់​ពី​ភាពជា​អ្នកដឹកនាំ ពី​ការចាប់ផ្តើម​ជំនួញ និង​ពី​មូលដ្ឋាន​ភាពជោគជ័យ​ជាដើម។

ជាល​ទ្ឋ​ផល​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាកល​កាលពី​ឆ្នាំ២០០៨ នៅ​សហរដ្ឋអាមេរិក​មក ទីផ្សារ​អចលនទ្រព្យ ការវិនិយោគ​ហាក់​មាន​សភាព​នឹងន​ជាង​មុន មាន​សភាព​ហាប់​ជាង​មុន ដោយសារ​ទី១ អ្នក​ប​វិនិយោគ​ក្នុងស្រុក​មានចំណេះដឹង​ច្រើនជាង​មុន ទី២ អ្នកវិនិយោគ​មាន​គោលដៅ​ច្បាស់លាស់​ជាង​មុន និង​ដឹងថា​ទិញ​ដើម្បី​អ្វី ទី៣ មិនសូវ​មានការ​កកូ​កកាយ​ពី​វិនិយោគិន​បរទេស។

ទី៣ រដ្ឋាភិបាល​កាន់​តែមាន​ភាពចាស់ទុំ មន្ត្រី​រដ្ឋាភិបាល​កាន់តែ​ចេះដឹង​ជាង​មុន ដោយបាន​កសាង​ច្បាប់ បទដ្ឋាន​គតិយុត្តិ​ជាច្រើន ពិសេស​ច្បាប់ “សហកម្ម​សិ​ទ្ឋ”កាលពី ឆ្នាំ២០១០ ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស​អាច​ទិញ​ផ្ទះ ចាប់ពី​ជាន់​ទី១ឡើង​បាន ទី៤ ការរីកចម្រើន​នៃ​សេដ្ឋកិច្ច ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង និង​ទី៥ លំហូរ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​កើនឡើង​យ៉ាងគំហុក។

មូលដ្ឋាន​ច្បាប់ គតិយុត្តិ

ការកសាង​បទដ្ឋាន​ច្បាប់​ជាច្រើន រួមមាន ច្បាប់​សហកម្ម​សិ​ទ្ឋ ការធ្វើសមាហរណកម្ម​ច្បាប់​វិនិយោគ ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស​អាច​វិនិយោគ​នៅ​កម្ពុជា ដោយ​ប្រើប្រាស់​ទុន​របស់ខ្លួន១០០ភាគរយ ការកសាង​ច្បា​ប់ព​ន្ឋ ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស​អាច​យកប្រាក់​ចំណេញ​ចេញទៅ​បរទេស​បាន​ងាយស្រួល និង​បង់​ព​ន្ឋ​ដោយ​មិនមាន​ភាព​ស្មុ​គ្រ​ស្មាញ សុ​ទ្ឋ​តែ​ជា​មូលដ្ឋាន​រ៉ឹង​មាំ និង​មិនអាច​ប្រកែក​បាន ក្នុងការ​រុញ​នាវា​កម្ពុជា​ឆ្ពោះទៅមុខ​យ៉ាង​លឿន និង​ត្រចះត្រចង់។

គ្មាន​មូលដ្ឋាន​គោលនយោបាយ ផែនការ​យុ​ទ្ឋ​សាស្ត្រ និង​ច​ក្ចុ​វិស័យ​ច្បាស់លាស់​របស់​រដ្ឋាភិបាល គ្មាន​សន្តិភាព ស្ថេរភាព​នយោបាយ សេដ្ឋកិច្ចកម្ពុជា​មិន​សម្រេចបាន​កំនើន​ខ្ពស់​នោះទេ ហើយ​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ដូចជា Century21 , KW Cambodia, ERA Cambodia , CBRE Cambodia R&F Property, AEON Group Urban Village ជាដើម នឹងមិន​មកកាន់​កម្ពុជា​នោះទេ។

ការឈាន​ជើង​ចូលមក​ដល់​របស់​ក្រុមហ៊ុនធំៗ លំដាប់​យក្ស​លើ​ពិភពលោក មិនមែនជា​រឿង​ចៃដន្យ​នោះទេ ប៉ុន្តែ​ពួកគេ​បាន​សិក្សា​ច្បាស់លាស់​រួចហើយ ទើប​សម្រេចចិត្ត​មក​វិនិយោគ​នៅ​កម្ពុជា។ ពួកគេ​ការសិក្សា​ទៅលើ​កត្តា​សន្តិភាព និង​ស្ថេរភាព​សង្គម​រយៈពេល​វែង និង​អាច​ទុកចិត្តបាន ទី២ សិក្សា​លើ​សេដ្ឋកិច្ច និង​កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ និង​ទី៣ សិក្សា​ទៅលើ​មូលដ្ឋាន​ច្បាប់ បទដ្ឋាន​គតិយុត្តិ​នានា​ថា តើ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ឬ​បើកចំហ​ជាដើម។

សេដ្ឋវិទូ​កម្ពុជា បាន​មើលឃើញ​មូលដ្ឋាន​ទាំងបី​ខាងលើនេះ ដោយ​ហេតុផល​ជាច្រើន។

លោក​បណ្ឌិត​ម៉ី កល្យាណ​ ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា ការកសាង​មូលដ្ឋានគ្រឹះ​រ៉ឹង​មាំ​នៃ​សង្គម​សេដ្ឋកិច្ច ច្បាប់​នានា​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា ពិតជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន ដែល​មិន​ងាយ​ទៅកាន់​ប្រទេស​ណាមួយ ប៉ុន្តែ​ពួកគេ​បានសម្រេច​ចិត្ត​មក​កម្ពុជា និង​កំពុង​រៀបចំ​មូលដ្ឋាន​វិនិយោគ​រយៈពេល​វែង​នៅ​កម្ពុជា​រួចហើយ។

វិបត្តិ​ជំងឺ​កូ​វីដ១៩

វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ត្រូវ​បា​អ្នកវិនិយោគ​អន្តរជាតិ​មើលឃើញ​ប្រទេស​នេះ ប្រៀបដូចជា “កូនក្រមុំ​មួយ” ដោយសារ​ផលចំណេញ​ពី​ការវិនិយោគ​របស់​ប្រទេស​កម្ពុជា មាន​ផលចំណេញ​ខ្ពស់ ធៀប​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ាន ពិសេស​កំណើនសេដ្ឋកិច្ច និង​ស្ថេរភាព​សង្គម​ដែល​ពួកគេ​អាច​ទុកចិត្តបាន។

តាមរយៈ​ភាព​អំណោយផល កាលានុវត្តន៍​ភាព​បែប​នេះហើយ ទើប​ទុនវិនិយោគ​ទំហំ៦០ពាន់​លាន​ដុល្លារ បាន​ចាក់​ចូលក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ក្នុង​ង​រយៈពេល២០ឆ្នាំ​ចុង​ក្រោយនេះ ដែល​ធ្វើ​ឲ្យ​វិស័យនេះ​បាន​ក្លាយជា​កំលាំងចលក​រទប់ និង​ជំរុញ​កំនើនសេដ្ឋកិច្ច​កម្ពុជា​ដ៏​ខ្លាំងក្លា។

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បានទទួល​ស្គាល់​ជា​លើកដំបូង​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា​បានក្លាយ​ជា “ជ​ន្ទ​ល់” ដ៏​រ៉ឹង​មាំ ក្នុងការ​ទប់​ការដើរថយក្រោយ នៃ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ២០២០មិន​ឲ្យ​ថយចុះ​ខ្លាំង។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​កាលពីពេលថ្មីៗនេះ​ថា “វិស័យ​អចលនទ្រព្យ​បានក្លាយ​ជា​ជ​ន្ទ​ល់​រ៉ឹង​មាំ ក្នុងការ​ទប់​សេដ្ឋកិច្ច​កម្ពុជា​មិន​ឲ្យ​ដើរ​ថយក្រោយ ដោយ​អត្រាកំនើន​នៅសល់​ត្រឹម-3ភាគរយ” ។

ប៉ុន្តែ​វិបត្តិ​ជំងឺ​កូ​វីដ​ដ៏​អូសបន្លាយ​នេះ បានធ្វើ​ឲ្យ​កម្ពុជា​និង​ពិភពលោក​ជួប​ភាព​សោកសៅ និង​សោកនាដកម្ម​មិន​ធ្លាប់មាន ស្របពេល​សេដ្ឋវិទូ​នានា​លើ​ពិភពលោក បានចាត់ទុក​វិបត្តិ​នេះ​មាន​សភាព “អាក្រក់​ជាង” វិបត្តិ​សេដ្ឋកិច្ច​ក្រោយ​សង្គ្រាមលោកលើកទី២ និង​អាក្រក់​ជាង​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាកល​ឆ្នាំ២០០៨ រាប់​ដង។

តើ​អ្នក​នៅក្នុង​វិស័យ​អចលនទ្រព្យ ទាំង​ភ្នាក់ងារ ទាំង​វិនិយោគិន​ជាតិ អន្តរជាតិ​បាន​រៀនសូត្រ​អ្វី​ពី​វិបត្តិ​នេះ? តើ​វិស័យនេះ​នឹង​ប្រែ​ប្រូ​ល​ដូចម្តេច? ក្រោយ​វដ្ត​ក្រឡាប់ចាក់​នៃ​សេដ្ឋកិច្ចពិភពលោក​ចំនួន​ពីរលើក​នាពេលនេះ?។

តើ​វិស័យ​អចលនទ្រព្យ​នឹង​វិវត្តន៍​បែបណា?

វា​ជា​សំណួរ​ធំ​មួយ ដែល​ត្រូវ​វិភាគ​ដោយ​ឈរលើ​មូលដ្ឋាន​វិទ្យាសាស្ត្រ​ផង និង​ការព្យាករណ៍​ដោយ​ផ្អែកលើ​និន្នាការ​សង្គម​ផង។

វិភាគ​ឈរលើ​មូលដ្ឋាន​វិទ្យាសាស្ត្រ និង​កត្តា​ឡូ​សិ​ក គឺ​វិស័យនេះ​នៅតែ​រក្សា​កំនើន​ដោយសារ ទី១ ភាសា​ខ្មែរ​និយម​យកមក​និយាយ គឺ​ដី​មិនកើត​ទេ តែ​មនុស្ស​កើត​រាល់ថ្ងៃ ទី២ កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​នឹង​កើនឡើង​វិញ បន្ទាប់ពី​វិបត្តិ​នេះ ព្រោះ​ផលទុនជាតិ​សរុប​នឹង​កើនឡើង ដោយសារ World Bank, ADB, IMF, AMRO បាន​ព្យាករណ៍​ថា​សេដ្ឋកិច្ចកម្ពុជា នឹង​សម្រេច​កំនើន​ក្នុង​រង្វង់៤ភាគរយ​នៅ​ឆ្នាំនេះ ទោះជា​កម្ពុជា​កំពុង​ជាប់ផុង​ក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​ក្តី។

ទី៣ លំហូរ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស នឹង​កើន​ឡើងវិញ​នៅ​ឆ្នាំ២០២២ខាងមុខ ដោយសារ កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​មហាមិត្ត​ចិន កាលពីដើមឆ្នាំ២០២១នេះ កម្ពុជា​បានបញ្ចប់​ការចចារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​សាធារណៈរដ្ឋ​កូរ៉េ ទី៣ កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​គ្រប់​ជ្រុងជ្រោយ​កម្រិត​តំបន់ (RCEP) ទី៤ រដ្ឋាភិបាល​នឹង​អនុម័ត​ច្បាប់​វិនិយោគ​ថ្មី ដែលមាន​ការបើក​ទូលាយ​ជាង​មុន ងាយស្រួល​ជាង​មុន និង​កាត់បន្ថយ​ការិយាធិបតេយ្យ​កាន់តែច្រើន។

ការព្យាករណ៍ៈ ច្បា​ល់លា​ស់​ហើយ មូលដ្ឋាន​នៃ​ការរីកចម្រើន​សេដ្ឋកិច្ច ស្ថេរភាព​នយោបាយ​រយៈ​ពេល​វែង និង​មូលដ្ឋាន​ច្បាប់​បើកចំហ ជា​មូលដ្ឋាន​មិនអាច​ខ្វះ​បាន​ក្នុងការ​រុញ​កំនើន​សេដ្ឋកិច្ចជាតិ​កម្ពុ​ជា ព្រោះ​បើ​សេដ្ឋកិច្ច​មិន​កើនឡើង តែ​ដាំ​ក្បាល​ចុះ គ្មាន​អ្នកវិនិយោគ​ណា​ហ៊ាន​វិនិយោគ​ក្នុង​វិស័យនេះ​ទេ។

មួយផ្នែក​ទៀត គឺ​ដោយសារ​មូលដ្ឋាន​រ៉ឹង​មាំ​នៃ​កំលាំងចលករ​សេដ្ឋកិច្ចកម្ពុជា ក៏​នឹង​ងើបឡើង​វិញ​លឿន​ផងដែរ ដូចជា វិស័យ​វាយណភ័ណ្ឌ​កាត់ដេរ និង​ស្បែកជើង​នៅតែ​រក្សា​កំនើន​នៃ​ការនាំចេញ វិស័យ​កសិកម្ម​កំពុង​ងើបឡើង វិស័យ​ទេសចរណ៍​នឹង​ងើប​ឡើងវិញ ពិតណាស់​វា​នឹង​ក្លាយជា​មូលដ្ឋាន​មិនអាច​ខ្វះ​បាន ក្នុងការ​រុញ​វិស័យ​អចលនទ្រព្យ ឲ្យ​មាន​ភាព​រីកចម្រើន ដោយសារ​ទី១ សេដ្ឋកិច្ច​កើនឡើង ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មា​នល​ទ្ឋ​ភាព​ទិញ​លំនៅដ្ឋាន ខុន​ដូ ដីធ្លី​កាន់តែច្រើន។

ទី២ ទំនុកចិត្ត និង​ការ​ស្គា​ល់ពី​ទីផ្សារ​កាន់តែ​ច្បាស់លាស់ នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៅតែ​បន្ត​វិនិយោគ​ក្នុង​វិស័យនេះ​ច្រើន ដោយសារ​ការវិនិយោគ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់រដ្ឋាភិបាល ការរីកចម្រើន​នៃ​ផ្នែក​នគរូបនីយកម្ម កំនើន​ប្រជាសាស្ត្រ​ជាដើម។ ទី៣ លំហូរ​ទុនវិនិយោគ​ពី​បរទេស​នឹង​កើនឡើង ដោយសារ​កម្ពុជា​នឹង​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​អាស៊ី​ពិតប្រាកដ​នៅ​ឆ្នាំ២០៣០ ដែល​ប្រាក់ចំណូល​របស់​មនុស្ស​ម្នាក់​នឹង​កើន​ដល់​ចន្លោះ៣៨០០ដល់១២,០០០ដុល្លារ​សម្រាប់​មនុស្សម្នា​ក់​ក្នុង​មួយឆ្នាំ ទី៤ ផលចំណេញ​ពី​ការវិនិយោគ​នៅតែមាន​កម្រិត​ខ្ពស់ និង​ទី៥ ការវិនិយោគ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក និង​អន្តរជាតិ​បាននិងកំពុង​ធ្វើឡើង ដោយ​ឈរលើ​មូលដ្ឋាន​ចំណេះដឹង ជំនាញ​ច្បាស់លាស់​ជាង​មុន ចេះ​វិភាគ​និង​ថ្លឹងថ្លែង​ច្រើនជាង​មុន៕

ក្រុមហ៊ុនធំៗជាច្រើន​កំពុង​ចាប់ផ្តើម​បង្វែរ​ទិសដៅ​វិនិយោគ​ពី​មី​យ៉ាន់​យ៉ា​មកកាន់​កម្ពុជា

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុនធំៗជាច្រើន​បាន និង​កំពុង​ចាប់ផ្តើម​បង្វែរ​ទិសដៅ​វិនិយោគ និង​ការបញ្ជាទិញផ្សេងៗពី​មី​យ៉ាន់​យ៉ា មកកាន់​កម្ពុជា បន្ទាប់ពី​វិបត្តិ​រដ្ឋប្រហារ​យោធា ដែល​បាន​កើតឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ។

ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​រាយ ដែលមាន​ឈ្មោះថា Next របស់​អង់គ្លេស បានប្រកាស​ផ្អាក​បញ្ជា​ទិញ​សម្លៀកបំពាក់ ពី​រោងចក្រ​នានា នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​បង្វែរ​ទិសដៅ​ទិញ​ពី​ប្រទេស​កម្ពុជា បង់​ក្លា​ដែ​ស និង​ចិន ខណៈ​ក្រុមហ៊ុន​អឺរ៉ុប ជាច្រើន​ទៀត​បានធ្វើ​ដូច្នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​រដ្ឋប្រហារ​យោធា​កាលពី​ខែកុម្ភៈ។

លោក Simon Wolfson នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Next បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពីថ្មីៗនេះ​ថា ក្រុមហ៊ុន​របស់លោក នឹងមិន​ធ្វើ​ការបញ្ជាទិញ​ពី​ប្រទេស​មី​យ៉ាន់​ម៉ា ទៀតឡើយ​នៅពេលនេះ ហើយនឹង​ងាក​ទៅ​បញ្ជា​ទិញ​ពី​ប្រទេស​ផ្សេងទៀត។

លោក​បាន​បញ្ជាក់ថា “ការបញ្ជាទិញ​របស់​ក្រុមហ៊ុន Next ដែល​ធ្លាប់បាន​ទៅលើ​ប្រទេស​មី​យ៉ាន់​ម៉ា ឥឡូវនេះ​នឹងត្រូវ​បាន​បែងចែក​រវាង៣ ប្រទេស​រួមមាន​បង់​ក្លា​ដែ​ស កម្ពុជា និង​ចិន” ។

អភិបាលខេត្ត​កំពង់ស្ពឺ លោក​វ៉ី សំណាង​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា មាន​ក្រុមហ៊ុន​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា ចំនូ​ន២០បាននិងកំពុង​ស្វែង​ទីតាំង ដើម្បី​រៀបចំ​ការវិនិយោគ​នៅ​ខេត្តកំពង់ស្ពឺ។

អភិបាលខេត្ត​រូបនេះ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា មាន​ក្រុមហ៊ុន​ខ្លះ គេ​ត្រូវ​ប្ដូរ​ទីតាំង​រោងចក្រ ពី​ប្រទេស​ភូមា​ឬ​មី​យ៉ាន់​ម៉ា​មកកាន់​កម្ពុជា ដោយ​ក្រុមហ៊ុន​ទាំងនោះ​ទើប មក​ទាក់ទង​ខាងយើង។ ជាក់ស្ដែង កាលពី​ចូលឆ្នាំ​ខ្មែរ​នេះ មាន២០រោងចក្រ កំពុង​ដើររក​ទីតាំង​ដើម្បី​សាងសង់ ឬ​ជួល​រោងចក្រ​ថ្មី​ឱ្យទាន់​ហេតុការណ។

បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ​មាន​គម្រោង​វិនិយោគ​ជាង២០០គំរោង ក្នុងនោះ​រោងចក្រ សហគ្រាស​កំពុង​ដំណើការ​មាន១៥៣រោច​ចក្រ ហើយ​រោងចក្រ​ខ្លះទៀត​កំពុង​ង​ស្ថិតក្នុង​ការសាងសង់ ដែល​អាច​ផ្តល់​ការងារ​ដល់​ប្រជាជន​ជាង១២ម៉ឺន​នាក់។

លោក​បន្តថា “បច្ចុប្បន្ន​មាន​រោងចក្រ សហគ្រាស ក៏ដូចជា គម្រោង​វិនិយោគធំៗនានា ទាំង​កំពុងតែ​បើក​ដំណើរការ ក៏ដូចជា គម្រោង​ដែល​ត្រៀម​នឹង​មក​វិនិយោគ​ទាំងអស់ នៅតែ​បន្ត​តាម​ផែនការ ទោះ​ប្រទេស​កំពុងមាន​វិបត្តិ​កូ​វីដ​ក៏ដោយ” ។

លោក​វ៉ី សំណាង បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា គម្រោង​ទាំងអស់​នៅតែ​ដើរ​ដដែល មិនទាន់មាន​គម្រោង​ណាមួយ​បិទ​នៅឡើយ​នោះទេ ទោះ​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​ក្តី៕

ចំណេះដឹង​គួរ​អានៈ​តើ​ភ្នាក់ងារ​អចលនទ្រព្យ​ជោគជ័យ​បាន​ប្រើ​វិធីសាស្ត្រ​អ្វីខ្លះ

ដោយៈ វិវត្តន៍

ភ្នំពេញៈ ដើម្បី​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ជោគជ័យ​ម្នាក់ វា​មិនមែនជា​ងាយស្រួល ដែល​មនុស្ស​គ្រប់គ្នា អាចធ្វើ​បាន​នោះទេ ខណៈ​វា​ត្រូវ​ការតស៊ូ អត់ធ្មត់ និង​មានចិត្ត​ចង់​ធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ​ប្រាកដ និង​ត្រៀមខ្លួន​ពី​ការ​អត់​ចំណូល​រហូតដល់១ឆ្នាំទៅ២ឆ្នាំ។

ថ្ងៃនេះ​គេហទំព័រ Propertyarea.asia នឹង​លើកយក​ពី​សកម្មភាព​ប្រចាំថ្ងៃ របស់​ភ្នាក់ងារ​អចលនទ្រព្យ​ជោគជ័យ​ដូចខាងក្រោមៈ

ទី១) ជ្រើសរើស​ធ្វើ​សកម្មភាព​ត្រឹមត្រូវ

នៅពេលដែល​អាជីព​ជា​ភ្នាក់ងារ​អចលនទ្រព្យ​របស់​យើង កំពុងតែ​រីកចម្រើន​ទៅមុខ ការជ្រើសរើស​សកម្មភាព សម្រាប់​ប្រតិបត្តិ​ប្រចាំថ្ងៃ​ឱ្យបាន​ត្រឹមត្រូវ​នោះ វា​ក៏​ជា​ឧបសគ្គ​មួយ​ដែរ។

ការងារ​ជាច្រើន​ប្រជែង​គ្នា​ចូលមក​ដណ្ដើម​ពេលវេលា និង​ការយកចិត្តទុកដាក់រ​បស់​យើង​ក្នុងមួយថ្ងៃៗ យើង​ក៏បាន​ចំណាយ​ពេលវេលា និង​ការយកចិត្តទុកដាក់​ជាច្រើន ជាមួយនឹង​ការងារ​ទាំងនោះ ដូច្នេះ​យើង​ត្រូវតែ​ជ្រើស​រើសយក​ការងារ​ណា ដែល​ត្រឹមត្រូវ និង​អាច​ហុច​ផល​វិជ្ជមាន​ត្រលប់​មកវិញ។

ទី២) សកម្មភាព

នៅពេលដែល​សម្រេចចិត្ត​ថា ជ្រើសរើស​សកម្មភាព​មួយណា ដែល​ត្រូវធ្វើ យើង​ត្រូវតែ​ធ្វើ​យ៉ាង​លម្អិត និង​ត្រូវផ្ដោត​ការយកចិត្តទុកដាក់​បំ​ផុត​ទៅលើ​វា។ ចង់​ធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ ដែល​ជោគជ័យ គឺ​ត្រូវតែ​ផ្ដោតលើ​ការងារ​អចលនទ្រព្យ បើសិនជា​ធ្វើលេងៗនោះទេ ក្នុងមួយឆ្នាំៗយើង​ប្រាក​ដបិទ​ការលក់​បាន​តិច​ណាស់​ឬ​ស្ទើរតែ​ពុំមាន​ផង។

ទី៣) រង្វាស់​លទ្ធផល​នៃ​ការងារ (KPI)

នៅពេលដែល​យើង​ធ្វើ​ផែនការ​សកម្មភាព​រួច​រាល់​ហើយ​នោះ ចំណុច​សំខាន់​ប​ផុត​ក្នុង​វិស័យ​អចលន​ទ្រ​ប្យ គឺ​រង្វាស់​លទ្ធផល​នៃ​ការងារ​នេះឯង។

បើ​យើង​មិន​ខិតខំ​ធ្វើ​វា​នោះទេ យើង​នឹងមិន​ទទួលបាន​លទ្ធផល​អ្វី​ឡើង ផ្ទុយទៅវិញ​ដៃគូ​ប្រកួតប្រជែង​យើង ដែល​គេ​ធ្វើជា​ប្រចាំ​នោះ នឹង​ទទួលផល​ក្នុងពេល​តែមួយ។ KPI ពិតជា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​តាមដាន និង​ចាំមើល​នៅពេល​វេលា​ណាមួយ​សមស្រប​ដូចជា​ក​ន្លះ​ឆ្នាំ​ម្ដង ឬមួយ​ឆ្នាំ​ម្ដង នោះ​វា​នឹងធ្វើ​ឱ្យដឹងពី​សមត្ថភាព​របស់​យើង​រីកលូតលាស់​កម្រិតណា។

ទី៤) ផ្សាភ្ជាប់​ការអនុវត្ត​ជាមួយនឹង​ផែនការ

មនុស្ស​ជាច្រើន​ចូលចិត្ត​ជជែក និង​លើកឡើង​ពី​ផែនការ ប៉ុន្តែ​ពួកគេ​មិន​ចង់​អនុវត្ត​ផែនការ​ទាំង​នោះទេ ពីព្រោះ​នៅពេល​លើកយក​ផែនការ​មក​អនុវត្ត យើង​នឹង​ដឹងថា ការអនុវត្ត​ជាក់ស្ដែង ដែល​បានលើកឡើង វា​មានការ​លំបាក​ខ្លាំង​ប៉ុណ្ណា។

ការគិត​របៀបនេះ វា​តែងតែ​កើតឡើង​ចំពោះ​បុគ្គល​គ្រប់រូប ដែល​ចាប់ផ្ដើម​អនុវត្ត​ផែនការ​ដំបូង ដូច្នេះ​នៅពេលដែល​វា​កើតឡើង​ចំពោះ​យើង ត្រូវ​ចងចាំ​ថា​វា​គ្មានអ្វី​ធំ​ជាង​ការអត់ធ្មត់ និង​តស៊ូ​ព្យាយាម​នោះទេ។

ទី៥) កាលវិភាគ​ប្រចាំថ្ងៃ

ភ្នាក់ងារ​អចលនទ្រព្យ​ជោគជ័យ ឬ​អ្នក​ជោគជ័យ គេ​តែងតែមាន​កាល​វិភា​គប្រ​ចាំ​ថ្ងៃ​របស់គេរៀងៗខ្លួន។ គ្រាន់តែ​កាលវិភាគ​របស់គេ​បង្ហាញ​សកម្មភាព​ខុសគ្នា ដូចជា​ការហាត់​ប្រាណ សម្ដែង​ការគួរសម​ទៅកាន់​មិត្តភក្ដិ ឬ​អ្នក​ជិត​ស្និ​ទ្ធិ​តាម​បណ្ដាញ​សង្គម ប្រអប់​សារ ម៉ោង​ធ្វើការ ម៉ោង​មាសប្រាក់​របស់គេ ពេលវេលា​ចូលរួម​កម្មវិធី និង​ពេលវេលា​សម្រាប់​សម្រាក​រប​ស់​គេ​ជាដើម។

មាន​អ្នក​ជោគជ័យ​ជាច្រើន​ទៀត ដែល​បានបង្ហាញ​ពី​សកម្មភាព និង​ការងារ​ប្រចាំថ្ងៃ​របស់​ពួកគេ ដូច្នេះ​ទើប​មានរឿង​និទាន និយាយ​ពី​បុរស​អ្នកក្រ ទៅ​សង់​ខ្ទម​ក្បែរ​បុរស​អ្នកមាន ដើម្បី​តាមដាន​ពី​សកម្មភាព​របស់​អ្នកមាន និង​អនុវត្តន៍​តាម​អ្នកមាន​រហូត​ក្លាយជា​អ្នកមាន​ដែរ។

ទាំងនេះ​គ្រាន់តែ​ជា​គន្លឹះ​មួយចំនួន​សម្រាប់​អនុវត្តន៍ ចំពោះ​អ្នក​ចង់​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​តែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ នៅមាន​ចំណុច​ជាច្រើន​សម្រាប់​ផ្ដល់ជូន​អ្នកអាន​បន្តបន្ទាប់​ទៀតផង​ដែរ៕

សម្តេច​តេ​ជោ​ប្រកាស​បញ្ចប់​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​និង​តាខ្មៅ​ជា​ផ្លូវការ

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេច​បិទ​បញ្ចប់​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល​ហើយ ប៉ុន្តែ​តំបន់​ប្រឈម​ខ្លាំង​មួយចំនួន​អាច​នៅ​បន្ត​បិទ​ខ្ទប់។ នេះ​បើតាម​សេចក្តីសម្រេច​ដែល​បណ្តាញ​ព័ត៌មាន Fresh News ទទួលបាន​ផ្លូវការ។

ការសម្រេច​បិទ​បញ្ចប់​ការបិទ​ខ្ទប់ (Lockdown) នេះ បានអនុញ្ញាត​ឱ្យ​ពលរដ្ឋ​ទូទៅ អាច​ចេញចូល-ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​បាន ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី រាជរដ្ឋាភិបាល អនុញ្ញាត​បន្ត​ឱ្យ​អនុវត្ត​វិធានការ​ដដែល ចំពោះ​តំបន់​ទាំង៣ ជាពិសេស តំបន់​លឿងទុំ និង​តំបន់​ក្រហម។

សូម​អាន​សេចក្តីប្រកាស………….

រុស្ស៊ីជំរុញឱ្យក្រុមហ៊ុនចិនជួយផលិតវ៉ាក់សាំងកូវីដ១៩ Sputnik V ស្របពេលតម្រូវការកើនឡើងខ្ពស់

ដោយៈ ប៊ី

ម៉ូស្គូៈ រុស្ស៊ីបានប្រាប់ក្រុមហ៊ុនចិនជាច្រើន ដើម្បីជំរុញកិច្ចសហការផលិតវ៉ាក់សាំងកូវីដ១៩ Sputnik V ស្របពេលទីក្រុងម៉ូស្គូកំពុងបង្កើនល្បឿនផលិតវ៉ាក់សាំងមួយនេះ ឆ្លើយតបទៅនឹងកំណើននៃតម្រូវការ។ នេះបើតាមការចេញផ្សាយរបស់ភ្នាក់ងារព័ត៌មានAP នៅល្ងាចថ្ងៃចន្ទ ទី៣ ខែឧសភា ឆ្នាំ២០២១។

រុស្ស៊ី កាលពីប៉ុន្មានសប្ដាហ៍នេះ បានប្រកាសពីកិច្ចព្រមព្រៀងចំនួន៣ ក្នុងការគោលដៅផលិតវ៉ាក់សាំងសរុបជាង ២៦០លានដូសជាមួយ ក្រុមហ៊ុនផលិតវ៉ាក់សាំងចិនមួយចំនួន។

ការជំរុញឱ្យមានការសហការជាមួយចិននេះ បានកើតមានឡើង ចំពេលបណ្ដាប្រទេសក្នុងតំបន់អាមេរិកឡាទីន មជ្ឈិមបូព៌ា និងអាហ្វ្រិក កំពុងបង្កើនការបញ្ជាទិញវ៉ាក់សាំងពីរុស្ស៊ី ស្របពេលសហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងផ្ដោតជាអាទិភាព ចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន។

លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំងបានឱ្យដឹងថា តម្រូវការ និងការបញ្ជាទិញវ៉ាក់សាំង Sputnik V មានការកើនឡើងខ្ពស់រហូតដល់លើសពី សមត្ថភាពផលិតវ៉ាក់សាំងនៅក្នុងស្រុករបស់រុស្ស៊ី។ មួយវិញទៀត ដើម្បីបង្កើនការផលិតវ៉ាក់សាំង រុស្ស៊ីក៏បានចុះកិច្ចព្រមព្រៀង ជាមួយបណ្ដាប្រទេសដទៃទៀតដែរ ក្នុងនោះមានដូចជាឥណ្ឌា កូរ៉េខាងត្បូង ប្រេស៊ីល ស៊ែរប៊ី តួកគី និងអ៉ីតាលីជាដើម៕

អាមេរិកកំពុងពិភាក្សាបញ្ហាកម្មសិទ្ធិបញ្ញាលើការផលិតវ៉ាក់សាំងកូវីដ១៩ដើម្បីអនុញ្ញាត ឱ្យប្រទេសក្រីក្រ

ដោយៈ ម៉ាណេត

អាមេរិកៈ មន្រ្តីសេតវិមានពីររូបបាននិយាយកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ថា អ្នកចរចាពាណិជ្ជកម្មកំពូលរបស់សហរដ្ឋអាមេរិក នឹងចាប់ផ្តើមពិភាក្សាជាមួយអង្គការពាណិជ្ជកម្មពិភពលោក លើវិធីនានា ដើម្បីជំនះលើបញ្ហាកម្មសិទ្ធិបញ្ញា ដែលកំពុងរាំងខ្ទប់ការទទួលបានវ៉ាក់សាំងកូវីដ១៩ ពីការចែកចាយឱ្យបានទូលំទូលាយ នៅទូទាំងពិភពលោក។

សេតវិមានបានរងសម្ពាធពីសមាជិកសភាទាំងរបស់ខ្លួន និងរដ្ឋាភិបាលប្រទេសផ្សេងៗ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកលែងច្បាប់ប៉ាតង់សម្រាប់វ៉ាក់សាំ​ងកូវីដ១៩ ដូច្នេះបណ្តាប្រទេសក្រីក្រ អាចចាប់ផ្តើមផលិតវ៉ាក់សាំងផ្ទាល់ខ្លួន ដើម្បីចាក់ជូនប្រជាជន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

សហរដ្ឋអាមេរិកត្រូវបានគេរិះគន់ថា ផ្តោតតែលើការចាក់វ៉ាក់សាំងជូនរបស់ពលរ ដ្ឋអាមេរិក ជាពិសេសនៅពេលដែលការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួន ចាប់ផ្តើមមានច្រើនជាងតម្រូវការ និងកម្រិតដែលត្រូវបានអនុម័ត សម្រាប់ការប្រើប្រាស់នៅប្រទេសផ្សេងៗទៀតនៅលើពិភពលោក។

លោក Ron Klain ប្រធានផ្នែកបុគ្គលិកនៃសេតវិមាន បានមានប្រសាសន៍ថា តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Katherine Tai នឹងចាប់ផ្តើមពិភាក្សាជាមួយអង្គការពាណិជ្ជកម្មអំពីវិធី ដែលយើងអាចឱ្យវ៉ាក់សាំងនេះ ចែកចាយបានកាន់តែទូលំទូលាយ ផ្តល់សិទ្ធិ និងចែកចាយកាន់តែទូលំទូលាយ។

លោក Klain និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan មានប្រសាសន៍ថា រដ្ឋបាលសហរដ្ឋអាមេរិក នឹងមានកិច្ចពិភាក្សាបន្ថែមទៀតលើបញ្ហានេះ នៅប៉ុន្មានថ្ងៃខាងមុខនេះ។

លោក Sullivan បាននិយាយថា រដ្ឋបាលសហរដ្ឋបាលសហរដ្ឋអាមេរិក ជឿជាក់ថា ក្រុមហ៊ុនឱសថ “គួរតែផ្គត់ផ្គង់ដល់ខ្នាត និងចែកចាយដល់ពិភពលោកទាំងមូល ដើម្បីកុំអោយមានឧបសគ្គចំពោះមនុស្សគ្រប់គ្នា ដែលទទួលបានការចាក់វ៉ាក់សាំង”។

លោក Klain បាននិយាយថា សហរដ្ឋអាមេរិក បានបញ្ជូនប្រទេសឥណ្ឌានូវវត្ថុធាតុដើមគ្រប់គ្រាន់ដែលខ្លួនត្រូវការ ដើម្បីបង្កើតវ៉ាក់សាំងចំនួន២០លានដូសភ្លាមៗ។ ប្រទេ​សឥណ្ឌា កំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងថ្មីនៃការឆ្លង និងការស្លាប់ ដោយសារជំងឺកូវីដ១៩។

សមាជិកព្រឹទ្ធសភា Bernie Sanders ដែលស្ថិតក្នុងចំណោមក្រុមសមាជិកព្រឹទ្ធ​សភាប្រជាធិបតេយ្យ ដែលកំពុងដាក់សម្ពាធសេតវិមានលើបញ្ហានេះ បាននិយាយថា “នៅពេលដែលជីវិតរាប់លាននាក់ស្ថិតក្នុងគ្រោះថ្នាក់ ក្រុមហ៊ុនថ្នាំត្រូវតែប្រាប់ឬអនុញ្ញាតឱ្យប្រទេសផ្សេងទៀត ទទួលបានកម្មសិទ្ធិបញ្ញា ដូច្នេះពួកគេអាចផលិតវ៉ាក់សាំង ដែលត្រូវការជាចាំបាច់នៅក្នុងប្រទេសក្រីក្រ”។

លោក Sanders បានមានប្រសាសន៍ថា “វាពិតមិនសមស្រប ដែលប្រទេសអ្នកមាន អាចទទួលបានវ៉ាក់សាំងច្រើន ហើយប្រជាជនរាប់លាន និងរាប់ពាន់លាននាក់នៅក្នុងប្រទេសក្រីក្រ មិនអាចមានលទ្ធភាពទិញវាបាន”៕

រដ្ឋាភិបាលពង្រីកមណ្ឌលចាក់វ៉ាក់សាំងដូសទី២កាន់តែច្រើនដល់កម្មករ និយោជិត

          ដោយៈវិបុលភាព

          ភ្នំពេញៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំបើកដំណើរការទីតាំងចាក់វ៉ាក់សាំងកាពារជំងឺកូវីដ-១៩(ស៊ីណូវ៉ាក់)ដូសទី២ ជូនដល់កម្មករនិយោជិត និង​ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈសរុបចំនួន២០ទីតាំង គិតត្រឹមថ្ងៃម្សិលម៉ិញនេះ។

អនុគណៈកម្មការចំពោះកិច្ច សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរម្លឹកដល់កម្មករ និយោជិត ដែលបានចាក់វ៉ាក់សាំងដូសទី១ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការងារទាំងអស់ថា ចំពោះអ្នករស់នៅក្បែររោងចក្រ ដែលជាទីតាំងចាក់វ៉ាក់សាំងដូសទី១ នោះ សូមទៅចាក់វ៉ាក់សាំងដូសទី២ នៅតាមទីតាំងចាស់របស់ខ្លួន។

ដោយភ្ជាប់ជាមួយនូវកាតចាក់វ៉ាក់សាំង និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបណ្ណ ប.ស.ស. ឬឯកសារបញ្ជាក់អត្តសញ្ញាណ ដែលបានប្រើប្រាស់ពេលមកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១។

ប្រភពខាងលើបន្តថា ដោយការចាក់ដូសទី២ មានគម្លាតពីការចាក់ ដូសទី១ រយៈពេលចន្លោះពី ១៤ ទៅ ២៨ ថ្ងៃ ដូច្នេះសូមបងប្អូនកម្មករនិយោជិត ចងចាំថាការចាក់វ៉ាក់សាំង ត្រូវតែចាក់ឲ្យបានត្រឹមត្រូវ តាមបច្ចេកទេសវេជ្ជសាស្ត្រអោយបាន២លើក រួមផ្សំនឹងការអនុវត្ត ៣កុំ និង ៣ការពារ ទើបអាចធានានូវប្រសិទ្ធភាពពេញលេញក្នុងការបង្ការការឆ្លងជំងឺកូវីដ-១៩បាន។

ដោយឡែក សម្រាប់កម្មករនិយោជិត ដែលរស់នៅខណ្ឌផ្សេងពីទីតាំងរោងចក្រ ដែលបានចាក់ដូសទី១ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការងារ គឺអាចទៅចាក់ដូសទី២ នៅតាមទីតាំង និងកាលបរិច្ឆេទដែលរៀបចំដោយក្រសួងការងារ នៅក្នុងខណ្ឌដែលខ្លួនកំពុងរស់នៅដោយមិនអាចឆ្លងខណ្ឌបាននោះទេ។

គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈដែលទទួលបានការចាក់វ៉ាក់សាំងដូសទី២ សរុបចំនួន៤៥ ៥៣១នាក់ (បរទេសចំនួន ១ ៥៨៨នាក់)។

ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានដាក់ចេញបទបញ្ជាជូនកងទ័ព ដើម្បីធ្វើយ៉ាងណាចូលរួមរៀបចំទីតាំង និងសម្ភារៈផ្សេងៗ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមឲ្យបានទាំងអស់គ្នា និងលឿនបំផុត ដើម្បីកាត់ផ្តាច់ប្រភពចម្លងជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរ ពិសេសក្នុងខ័ណ្ឌចំនួន៤ ដែលស្ថិតក្នុងតំបន់ក្រហម៕

ខុនដូប្រណីតរបស់ជីប ម៉ុងផ្តល់ជម្រើសបង់ប្រាក់កាន់តែងាយស្រួលដល់អតិថិជន

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ គំរោងខុនដូប្រណីត ស៊ីវិល័យរបស់ជីប ម៉ុង លែនបានបន្តផ្តល់ជូននូវគោ​លការណ៍បង់ប្រាក់ដ៏ងាយស្រួល ដោយបង់ត្រឹមតែជាង៤០០ដុល្លារក្នុងមួយខែ ដោយមិនមានប្រាក់កក់ និងគិតការប្រាក់ រយៈពេល៣ឆ្នាំ លើគ្រប់ប្រភេទយូនីតទាំងបីប្រភេទរួមមាន បន្ទប់គេង1 បន្ទប់គេង2 និង Penthouse។

គម្រោង ផាកលែន ខុនដូ ធីខេ របស់ ជីប ម៉ុង លែន លោកអ្នកមិនចាំបាច់ធ្វើដំណើរចេញទៅក្រៅញឺកញាប់នោះទេ ត្រឹមតែមួយជំហានពីយូនីតខុនដូប៉ុណ្ណោះ លោកអ្នកអាចរីករាយជាមួយនឹងមុខងារជាច្រើន ដែលអគារខុនដូផ្តល់ជូនរួមមាន អាងហែលទឹក កន្លែងរត់ហាត់ប្រាណលើអាកាស កន្លែងហាត់ប្រាណ សួនច្បារ កន្លែងអាំងសាច់ជួបជុំគ្នាលើអាកាស និងមុខងារដទៃជាច្រើនទៀត។

ចំណែកឯទីតាំងគម្រោង ផាកលែន ខុនដូ ធីខេ វិញគឺស្ថិតក្នុងតំបន់ទួលគោកដែលជាតំបន់សក្តានុពលខ្ពស់ ព័ទ្ធជុំវិញទៅដោយទីតាំងសំខាន់ៗរួមមាន ផ្សារទំនើប ជីប ម៉ុង សែនសុខ ផ្សារទំនើប អ៊ីអនម៉ល សែនសុខ ផ្សារ Makro សាលារៀនអន្តរជាតិ ស្ថាប័នរដ្ឋនិងឯកជន អគារការិយាល័យ មន្ទីរពេទ្យ និងផ្លូវខ្វាត់ខ្វែងជាច្រើន។

ប្រសិនបើលោកអ្នកមានចម្ងល់ និងចង់សាកសួរព័ត៌មាន អតិថិជននៅតែអាចអញ្ជើ​ញខលសាកសួរព័ត៌មាន ពីផ្ទះរបស់លោកអ្នក តាមរយៈលេខទូរស័ព្ទ៖𝟎𝟔𝟏𝟗𝟗𝟕𝟖𝟖𝟖 ឬលោកអ្នកឆាតសួរព័ត៌មាន តាមបណ្តាយសង្គមហ្វេសប៊ុកផេច ជីប ម៉ុង លែន៖ fb.com/chipmongland។

លោកអ្នកក៏អាចចូលជាសមាជិកក្នុងTelegram Channelរបស់ ជីប ម៉ុង លែន ដើម្បីទទួលបានព័ត៌មានថ្មីៗស្តីពី ប្រូម៉ូសិន និងកម្មវិធីបើកលក់នាថ្ងៃខាងមុខhttps://t.me/chip_mong_land៕