​​លោកបណ្ឌិតថេង ច័ន្ទសង្វារៈផ្លូវចំនួន៣៤ខ្សែនៅក្រុងព្រះសីហនុសិក្សាដោយស្ថាបត្យករ និងវិស្វករខ្មែរសុទ្ឋសាធ “ខ្មែរអាចធ្វើបាន”

          ដោយៈគង់ ម៉ាលីន

          ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា ផ្លូវចំនួន៣៤ខ្សែនៅក្រុងព្រះសីហនុ ត្រូវបានសិក្សាដោយស្ថាបត្យករ និងវិស្វករខ្មែរសុទ្ឋសាធ។

លោកបណ្ឌិតថេង ច័ន្ទសង្វាររដ្ឋលេខាធិការក្រេសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ក្នុងសប្តាហ៍នេះ ដោយផ្តោតលើប្រធានបទ“ខ្មែរ​អាចធ្វើបាន”បានលើកឡើងពីសមិទ្ឋផល ហេដ្ឋារចនាសម្ព័ន្ឋដ៏លេចធ្លោនៅក្រុងព្រះសីហនុថា  “ខ្មែរធ្វើបាន”  ព្រោះគម្រោងធ្វើផ្លូវ៣៤ខ្សែនេះ គឺទី១)  ប្រើប្រាស់ថវិកាជាតិសុទ្ធសាធ ទី២)  ដឹកនាំសិក្សានិងសាងសង់ ដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

ទី៣)  សិក្សាដោយស្ថាបត្យករនិងវិស្វករខ្មែរសុទ្ធសាធ ទី៤)  សាងសង់ដោយអង្គភាពនិងក្រុមហ៊ុនសញ្ជាតិខ្មែរ១០០% និងទី៥)  គ្មានទីប្រឹក្សាបរទេស៕

ដំណឹងល្អៈមេដឹកនាំប្រទេសនាំមុខសេដ្ឋកិច្ចធំៗចំនួនបីនៅអាស៊ីរួមគ្នាស្តារសេដ្ឋកិច្ច ឡើងវិញពីវិបត្តិកូវីដ-១៩

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលមកពីប្រទេសសេដ្ឋកិច្ចធំៗជាងគេនៅអាស៊ី បានប្តេជ្ញារួបរួមគ្នា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩។

រដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ប្រទេសចិន, ជប៉ុន និងកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានប្ដេជ្ញាចិត្តថា នឹងជំរុញស្ថិរភាពសារពើពន្ធ និងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពីវិបត្តិCOVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍រួម ចេញផ្សាយក្រោយបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំ នៃធនាគា​រអភិវឌ្ឍអាស៊ី (ADB) តាមវីដេអូអនឡាញ រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសទាំង៣ ក៏បានសន្យាដែរថា នឹងសម្រេចឱ្យបាននូវការងើបឡើង នៃសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ, រក្សានូវស្ថិរភាពសារពើពន្ធ និងហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍បានបញ្ចាក់ថា ទស្សនវិស័យតំបន់កាន់តែមានភាពប្រសើរឡើង ជាមួយការបន្តគាំទ្រគោលនយោបាយ និងកំណើននៃការចាក់វ៉ាក់សាំង… តែទោះជាយ៉ាងណា យើងគួរតែបន្តរក្សាការយកចិត្តទុកដាក់ ចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ច

បើតាមសេចក្ដីថ្លែងការណ៍រួមខាងលើដដែល ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង នឹងធ្វើដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មី ដើម្បីពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុតំបន់ នៃអាស៊ានបូកបី ហើយការសន្យានេះនឹងត្រូវធ្វើឡើង ក្នុងកិច្ចប្រជុំតាមវីដេអូជាមួយ បណ្ដាប្រទេសទាំង ១០ ជាសមាជិកអាស៊ាននៅថ្ងៃចន្ទនេះ៕

ការសិក្សាថ្មីរបស់ថៃៈវ៉ាក់សាំងAstraZeneca ដូសដំបូងអាចមានភាពស៊ាំរហូតដល់ ៩៦.៧ភាគរយប្រឆាំង

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ ការសិក្សាថ្មីមួយរបស់សាស្រ្តាចារ្យ ផ្នែកវេជ្ជសាស្រ្តនៅសាកលវិទ្យាល័យធំជាងគេរបស់ថៃបានរកឃើញថា ការចាក់វ៉ាក់សាំងAstraZeneca ដូសទី១ អាចធ្វើឲ្យមានភាពសាំក្នុងរាងកាយរហូតដល់៩៦,៧ភាគរយ។

អ្នកឯកទេសខាងផ្នែករោគសាស្រ្ត នៃនៅសាកលវិទ្យាល័យ Chulalongkorn លោកវេជ្ជបណ្ឌិត Yong Poovorawan នៅថ្ងៃចន្ទនេះ បានបង្ហាញការសិក្សាស្រាវជ្រាវមួយលើមនុស្សចំនួន៦១នាក់ បន្ទាប់ពីពួកគេទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើង ដោយក្រុមហ៊ុនផលិតឱសថអង់គ្លេសAstraZeneca ដូស​ដំបូង ដោយពួកគេអាចមានភាពស៊ាំ រហូតដល់៩៦.៧ភាគរយប្រឆាំងនឹងជំងឺឆ្លង​រាតត្បា​តដ៏កាចសាហាវនេះ។

នេះយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation នៅថ្ងៃចន្ទ ទី៣ ខែឧសភា ឆ្នាំ២០២១នេះ។

លោកវេជ្ជបណ្ឌិត Yong Poovorawan បានគូសបញ្ជាក់ថា ការសិក្សានេះ ក៏បានបង្ហាញផងដែរថា អ្នកដែលបានឆ្លងជំងឺនេះ និងបានចំណាយពេល៤-៨សប្តាហ៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ពួកគេអាចមានភាពស៊ាំរហូតដល់ ៩២.៤ភាគរយ។ ស្ត្រីត្រូវបានគេរកឃើញថា មានភាពស៊ាំរឹងមាំជាងបុរស ខណៈអ្នកដែលមានអាយុក្រោម ៦០ឆ្នាំ មានភាពស៊ាំរឹងមាំ ជាងអ្នកដែលមានអាយុលើស៦០ឆ្នាំ

លោកបញ្ជាក់បន្ថែមថា សាកលវិទ្យាល័យនេះ នឹងធ្វើការសិក្សាមួយទៀតទៅលើមនុស្ស បន្ទាប់ពីពួកគេបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca សម្រាប់ដូសទី២។

ទោះយ៉ាងណា លោកបាននិយាយដូច្នេះថា យើងមិនបានធ្វើការសិក្សាផ្អែកលើវ៉ាក់សាំងផ្សេងៗគ្នានោះទេ ហើយនឹងស្នើសុំឱ្យអ្នក ដែលបានទទួលការចាក់វ៉ាក់សាំង ទាក់​ទងមកយើង ដើម្បីឲ្យយើងអាចសិក្សាពីកម្រិតនៃភាពស៊ាំ និងផលប៉ះពាល់របស់ពួកវា

លោកឧកញ៉ាហួត អៀងតុងៈការបើកចំហរតំបន់មួយចំនួនរបស់រដ្ឋាភិបាលនឹងធ្វើឲ្យសេដ្ឋកិច្ចប្រសើរឡើងវិញ

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍អបអរសាទរ ដែលរាជរដ្ឋាភិបាលនឹងបន្ឋូរបន្ថយលើតំបន់មួយចំនួន ធ្វើឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាន ដែលនឹងជួយធ្វើឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរ និងមានសកម្មភាពសេដ្ឋកិច្ចឡើងវិញ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៣ ឧសភានេះថា ការបើកចំហតំបន់មួយចំនួនក្រោយថ្ងៃទី៥ ឧសភាខាងមុខ ជារឿងល្អ ព្រោះវាធ្វើឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរ ប្រកបមុខរបរឡើងវិញ ដែលធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចមានដំណើរការល្អ។លោកបន្តថា ប៉ុន្តែទោះជាយ៉ាងណា លោកសូមសំណូមពរឲ្យប្រជាពល​រដ្ឋចូលរួមអនុវត្តន៍តាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយអនុវត្តន៍តាមវិធានបីកុំ និងបីការពារ។

លោកបន្តថា “ការអនុវត្តន៍៍តាមវិធាន៣កុំ ៣ការពារ ជាការចូលរួមក្នុងការទប់ស្កាត់រលកទី៤បន្ថែមទៀត ខណៈស្ថានភាពនៃការឆ្លងរាលដាលជំងឺនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង”។លោកបន្តថា “ជាមួយគ្នានឹងការបើកចំហតំបន់ខ្លះៗនេះ ធនាគារនឹងបើកដំណើរការការិយាល័យ មួយចំនួនពេញលេញឡើងវិញ ប៉ុន្តែតំបន់ខ្លះមិនទាន់អាចធ្វើបាននៅឡើយ ដោយសារបុគ្គលិកខ្លះជាប់រស់នៅក្នុងតំបន់ក្រហម”។

អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍នាព្រឹកថ្ងៃទី៣ ឧសភានេះថា រដ្ឋបាលរាជធានីភ្នំពេញ នៅតែកំណត់តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងដដែល។

ធនាគារហត្ថាមានការិយាល័យសរុប នៅទូទាំងប្រទេសចំនួន១៧៧ មានបុគ្គលិក៥៦០០នាក់ និងមានទ្រព្យសកម្មប្រមាណ១៥០០លានដុល្លារអាមេរិក៕

លោកជុំ កុសលៈពាក្យ« សេរីភាព »គឺ ភាពនៃសិទ្ធិឬអំណាចលើខ្លួន

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ជារដ្ឋលេខាធិកាក្រសួងព៌តមាន លោកជុំ កុសលបានមានប្រសាសន៍ថា សេរីភាពគឺជាភាពនៃសិទ្ឋឬអំណាចលើខ្លូន ប៉ុន្តែសិទ្ធិឬអំណាចនេះត្រូវតែស្ថិតក្នុងរង្វង់ច្បាប់។

លោកជុំ កុសលដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជាឧត្តមទីប្រឹក្សារបស់គេហទំព័រPropertyarea.asiaផងដែរនោះ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា មានអ្នកខ្លះនៅតែយល់ថា សេរីភាព គឺជាសិទ្ធិឬអំណាចឯករាជ្យផ្ទាល់ខ្លួនមិនពាក់ព័ន្ធ ដូច្នេះការធ្វើអ្វីៗគឺជាស្វ័យសម្រេច។

លោកបន្តថា “ការយល់បែបនេះហើយ ដែលជាហេតុនាំឲ្យ ការប្រព្រឹត្តខ្លះត្រូវបានចេញឆ្ងាយពីបន្ទាត់ច្បាប់ ប្រែទៅជាអាណាធិបតេយ្យភាព”។ លោកបន្តថា “ប៉ុន្តែបើនិយាយតាមភាពជាក់ស្តែង អ្នកដែលរិះគន់ពីការរឹតត្បិតសេរីភាពនៅកម្ពុជា គឺអ្នកនោះឯង ដែលជាអ្នកប្រើសេរីភាពខ្លួន ចេញក្រៅរង្វង់ច្បាប់ដោយចេតនា ហើយចាំវាយបកចំពោះការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលវិញ”។

លោកជុំ កុសលបានបន្តថា វាគឺជារឿងលើគោកពេក ហើយក៏មិនមែនជារឿងថ្មីដែរសម្រាប់អ្នកវាយតម្លៃកម្ពុជាទាំងនោះ។ គ្មានអ្វីប្រែប្រួលទេ លំហសេរីភាពនៅកម្ពុជានៅតែមានវិសាលភាពទូលំទូលាយ មិនថាសេរីភាពសារព័ត៌មាន ឬសេរីភាពផ្សេងៗទៀតឡើយ ។ ប៉ុន្តែរាល់សេរីភាពទាំងអស់គឺត្រូវស្ថិតនៅក្នុងរង្វង់ច្បាប់ជាកំហិត៕

អ្នកជំនាញអន្តរជាតិប្រាប់ពីមូលហេតុដែលភាគខាងត្បូងកំពុងទទួលបានប្រជា ប្រិយភាពសម្រាប់វិនិយោគអចលនទ្រព្យ

ដោយៈ ប៊ី

ភ្នំពេញៈ នៅពេលនិយាយអំពីការទិញអចលនទ្រព្យពេលវេលា និងទីតាំងបង្កើតជាសសរស្តម្ភពីរសំខាន់ នៃយុទ្ធសាស្ត្រវិនិយោគជោគជ័យ ហើយប្រសិនបើអ្នកធ្វើការវិនិយោគតាមពេលវេលា និងទីតាំងត្រឹមត្រូវ លទ្ធផលអាចរកប្រាក់ចំណេញជាទីពេញចិត្ត និងជំរុញរបៀបរស់នៅរបស់អ្នក។

ការទិញអចលនទ្រព្យសម្រាប់ផលចំណេញ មានរលក្ខណៈខុសៗជាច្រើន ហើយវានឹងបង្កើតផលចំណេញជាច្រើនពីការវិនិយោគ ដូច្នេះវាសំខាន់ណាស់ដើម្បីសិក្សាពីនិន្នាការ និងធ្វើការជ្រើសរើសត្រឹមត្រូវ។

ឥឡូវសំណួរដ៏សំខាន់នាពេលនេះគឺថា តើអ្នកគួរវិនិយោគនៅទីណា និងនៅពេលណា?

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា មានគម្រោងអចលនទ្រព្យចំនួន២៧៩ ដែលកំពុងសាងសង់នៅទូទាំងរាជធានីភ្នំពេញ រួមមាន គម្រោងបុរីចំនួន១៣២  គម្រោអចលនទ្រព្យតម្លៃសមរម្យចំនួន៤១ គម្រោ​ងតម្លៃមធ្យម៧៨ និងគម្រោងតម្លៃថ្លៃ១៣។ គម្រោងខុនដូមានចំនួន១៣ ក្នុងនោះរួមមានគម្រោងខុនដូតម្លៃសមរម្យចំនួន៤ និងគម្រោងខុនដូតម្លៃមធ្យមចំនួន៩។ ដោយមានជំរើសច្រើន វាអាចពិបាកក្នុងការសម្រេចថា តើអ្នកវិនិយោគប្រាក់របស់អ្នកនៅកន្លែងណា។

លោក David Pen នាយកផ្នែកលំនៅដ្ឋានរបស់ក្រុមហ៊ុន CBRE Cambodia មានប្រសាសន៍នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ថា មានគម្រោងរាប់រយ ដែលកំពុងអភិវឌ្ឍនៅទូទាំងទីក្រុង ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ប៉ុន្តែតំបន់ដែលធ្វើឲ្យលោកកត់សម្គាល់ខ្លាំងជាងគេ គឺការកើនឡើងខ្លាំងនៅតំបន់ភាគខាងត្បូងនៃទីក្រុង។

លោក David បានលើកឡើងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលជាកាត្តាលីករ អមជាមួយនឹងគម្រោង Aeon 3 ផ្លូវក្រវ៉ាត់ក្រុងទី៣ និងវត្តមានអាជីវកម្មធំៗ ជាច្រើនទៀត ដែលជាគម្រោងលំនៅដ្ឋាន ដែលជំរុញឱ្យតម្លៃដីធ្លី និងតម្លៃអចលនទ្រព្យកើនឡើងនៅភាគខាងត្បូង។

លោកបានសន្និដ្ឋានថា “មិនមានអ្វីគួរឱ្យសង្ស័យនៅក្នុងចិត្តរបស់ខ្ញុំទេ នេះគឺជាតំប​ន់ ដែលមានសន្ទុះនាពេលបច្ចុប្បន្ននេះ ហើយជាមួយនឹងគម្រោង និងសកម្មភាពសេដ្ឋកិច្ចជាច្រើនទៀតឆ្ពោះទៅទិសខាងត្បូង និន្នាការនេះមើលទៅមាននិរន្តរភាព”។

ដូចពាក្យចាស់ពោលថា “គ្មានពេលវេលាណាប្រសើរជាងបច្ចុប្បន្នទេ” លោក David និយាយថា ស្ថានភាពបច្ចុប្បន្នបានបង្កើតឱកាសកាន់តែច្រើន សម្រាប់អ្នកទិញ ក្នុងការទទួលបានទិញលក់ដ៏ល្អប្រសើរ។ នៅក្នុងលក្ខខណ្ឌនៃការវិនិយោគអចលនទ្រព្យ Best Deal មានន័យថា មិនមែនជាតម្លៃដែលទទួលបាននោះទេ ប៉ុន្តែតម្លៃដែលបានទិញ ហើយរួមបញ្ចូលទាំងផែនការទូទាត់ អត្រាការប្រាក់ ការ Promotion គុណភាព ការធានា និងសក្តានុពលសម្រាប់ការវិនិយោគនាពេលអនាគត។

លោកបានថ្លែងបន្តថា “លក្ខណៈ នៃការរីករាលដាលនៃជំងឺរាតត្បាត មកលើសេដ្ឋកិច្ច និងការកើនឡើងនៃការប្រកួតប្រជែងមានន័យថា អ្នកអភិវឌ្ឍន៍កំពុងផ្តល់ជូននូវផែន​ការទូទាត់ ដែលអាចបត់បែនបាន ដែលមានភាពសមរម្យនឹងអ្នកគ្រប់គ្នា”។ លោកបន្តថា “ធនាគារក៏កំពុងផ្តល់អត្រា ការប្រាក់គួរឱ្យទាក់ទាញកាន់តែខ្លាំងឡើង និងលក្ខខណ្ឌផ្តល់ប្រាក់កម្ចីពិសេស ជាពិសេសសម្រាប់គម្រោងបុរី”។

ការណែនាំរបស់លោក David សម្រាប់អ្នកវិនិយោគអចលនទ្រព្យគឺថា ទោះបីមានអ្វីកើតឡើងនៅជុំវិញយើងទាក់ទងសេដ្ឋកិច្ច ឬជំងឺត្បាតក៏ដោយ វិនិយោគិនឆ្លាតវៃតែងតែដឹងថា ពេលណា និងកន្លែងណា ក្នុងការស្វែងរកឱកាសល្អបំផុត។

លោក David បានថ្លែងថា “ចំពោះខ្ញុំ យោងទៅតាមទិន្នន័យ និងការសិក្សាទីផ្សារ ដែលខ្ញុំមាននៅក្នុងដៃ ពេលវេលាដើម្បីវិនិយោគគឺនៅពេលនេះ ហើយភាគខាងត្បូងនៃទីក្រុងគឺកន្លែងល្អប្រសើរសម្រាប់ការវិនិយោគ”។ លោកបន្តថា “បើខ្ញុំមិនខុសទេ ការវិនិយោគលើអចលនទ្រព្យតែងតែល្អ ប្រសិនបើអ្នកធ្វើវាតាមរបៀបឆ្លាតវៃ ប៉ុន្តែវាអាស្រ័យលើចំនួនទឹកប្រាក់ ដែលអ្នកចង់បានពីវា”៕

ក្រុមហ៊ុនយក្សរបស់លោក Warren Buffett ទទួលបានប្រាក់ចំណេញសុទ្ធ ជិត១២ពាន់លានដុល្លារ

ដោយៈសុខុម

អាមេរិក:  ក្រុមហ៊ុនយក្ស Berkshire Hathaway (BRKB) របស់កំពូលមហាសេដ្ឋីដ៏ជោគជ័យបំផុត Warren Buffett ចាប់ផ្ដើមទទួលបានប្រាក់ចំណេញវិញហើយក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១នេះ បន្ទាប់ពីខាតបង់ធ្ងន់ធ្ងរជិត៥០ពាន់លានដុល្លារ អំឡុងពេលត្រីមាសទី១ ដើមឆ្នាំ២០២០ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី១ ឧសភាកន្លងមកបានឱ្យដឹងថា ក្រុមហ៊ុនរបស់កំពូលមហាសេដ្ឋីអាមេរិក មួយនេះទទួលបានប្រាក់ចំណេញសុទ្ធចំនួន១១,៧ពាន់លានដុល្លារ និងប្រាក់ចំណេញប្រតិបត្តិការ៧ពាន់លានដុល្លារ។

ក្រុមហ៊ុន Berkshire Hathaway កាន់កាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន រាប់ចាប់ពីក្រុមហ៊ុនធានារ៉ាប់រងខ្នាតយក្ស Geico និងក្រុមហ៊ុនបណ្ដាញផ្លូវដែកដឹកទំនិញធំបំផុតនៅទ្វីបអាមេរិកខាងជើង BNSF Railway រហូតដល់ប៊្រែនផលិតផលល្បីល្បាញបំផុតដូចជាហាងការ៉េម និងអាហារសម្រន់ Dairy Queen ក្រុមហ៊ុនថ្នាំលាប Benjamin Moore និងក្រុមហ៊ុនផលិតថ្មពិល Duracell។

ក្រុមហ៊ុន Berkshire Hathaway បាននិយាយកាលពីថ្ងៃសៅរ៍ ទី០១ ឧសភា ថា ប្រាក់ចំណូលសម្រាប់អាជីវកម្មផលិតកម្ម សេវាកម្ម និងលក់រាយភាគច្រើនរបស់ខ្លួនបានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលពីរបីខែចុងក្រោយនេះ នៅពេលដែលសេដ្ឋកិច្ចបើកឡើងវិញ។

ប៉ុន្តែទោះបីមានសុទិដ្ឋិនិយមបែបនេះក្ដី ក៏ក្រុមហ៊ុន Berkshire Hathaway បានបន្តជះលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញយកភាគហ៊ុនរបស់ខ្លួនមកវិញ ជាជាងទះលុយទិញយកក្រុមហ៊ុនគេបន្ថែមទៀត។

ក្រុមហ៊ុន Berkshire Hathaway បានចំណាយប្រាក់ជិត៦.៦ពាន់លានដុល្លារ ដើម្បីទិញយកភាគហ៊ុនលំដាប់ A និងភាគហ៊ុនលំដាប់ B នៅក្នុងត្រីមាសទី១ នេះ។

ទោះបីក្រោយការទិញភាគហ៊ុនទាំងនោះ ក៏សាច់ប្រាក់របស់ក្រុមហ៊ុន Berkshire Hathaway នៅតែកើនឡើងយ៉ាងច្រើន។ ពេលនេះក្រុមហ៊ុននេះ មានសាច់ប្រាក់រហូតដល់ទៅប្រមាណ១៤៥,៤ពាន់លានដុល្លារ នៅលើតារាងតុល្យការរបស់ខ្លួន បើធៀបនឹង១៣៨,៣ពាន់លានដុល្លារនៅចុងឆ្នាំ២០២០។

ភាគហ៊ុនលំដាប់ A របស់ក្រុមហ៊ុននេះលក់ ក្នុងតម្លៃរហូតដល់៤១២.៥០០ដុល្លារឯណោះនៅពេលនេះ ចំណែកឯភាគហ៊ុនលំដាប់B លក់ក្នុងតម្លៃក្រោម២៧៥ដុល្លារប៉ុណ្ណោះ​នៅក្នុងការជួញដូរកាលពីថ្ងៃសុក្រ ទី៣០ មេសា៕

អភិបាលរាជធានីភ្នំពេញៈតំបន់ប្រឈមនិងតំបន់ក្រហម នៅរក្សាការបិទខ្ទប់ដដែលក្រោយថ្ងៃទី៥ ឧសភា

    ដោយគង់ សូរិយា

ភ្នំពេញៈ ក្រោយថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ខាងមុខ គឺជាថ្ងៃដែលរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ក៏ដូចជាបញ្ចប់ការបិទខ្ទប់ ច្រកចេញចូលតាមបណ្តាខេត្តនៅទូទាំងប្រទេស ប៉ុន្តែសម្រាប់ភ្នំពេញក្រោយបញ្ចប់ការបិទខ្ទប់ នៅតែរក្សាតំបន់៣ដដែលនោះគឺតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ១៩ គ្រាន់តែបង្រួមតំបន់លឿងទុំ និងតំបន់ក្រហម មកនៅតូចជាងមុនប៉ុណ្ណោះ។

នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ Video Conference ហើយ​ត្រូវបានFreshnews ដកស្រង់យកមកចុះផ្សាយនៅព្រឹកថ្ងៃទី៣ ខែឧសភានេះ។

នៅក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយទៅតំបន់មួយពីខេត្តមួយ ទៅខេត្តមួយនៅថ្ងៃទី៦ ខែឧសភា។ ប៉ុន្តែសម្រាប់ភ្នំពេញ នៅរក្សាតំបន់ ៣ដដែលគឺតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដោយលោកជំរុញឲ្យអាជ្ញាធរខណ្ឌ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងឲ្យបានម៉ត់ចត់ទៅលើទីតាំងដែលបានកំណត់ ចៀសវាងការបន្តរីកររាលដាលជម្ងឺកូវីដ១៩ ទៅតំបន់ផ្សេងទៀត។

លោកឃួង ស្រេង បានបញ្ជាក់ថា “កិច្ចប្រជុំគណៈបញ្ជាការឯកភាពនាព្រឹកនេះ មានគោលបំណង ដើម្បីរៀបចំយន្តការថ្មីមួយទៀត ក្រោយពីរាជរដ្ឋាភិបាលបើកការធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដូចជា នៅតាមខេត្តនានាឡើងវិញ ដោយយើងនឹងសេចក្តីសម្រេចនានាជាបន្តបន្ទាប់ទៀត ជុំវិញការបិទខ្ទប់តំបន់នានាក្នុងរាជធានីភ្នំពេញ

លោកបានបន្តទៀតថា ចំពោះតំបន់លឿង យើងនៅរក្សាការអនុវត្តវិធានការណ៍    ដដែ​ល ដោយមិនឲ្យបើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំ។ ដោយឡែកសម្រាប់តំបន់លឿងទុំ ត្រូវរក្សានូវបម្រាមដដែល ហើយសម្រាប់តំបន់ក្រហម គឺជាតំបន់ដែលត្រូវបិទខ្ទប់ឲ្យបានម៉ឺងម៉ាត់បំផុត។ អ្វីដែលយើងត្រូវអនុវត្ត គឺយើងត្រូវបង្រួមការបិទខ្ទប់ តំបន់ប្រឈមឲ្យមកនៅទ្រង់ទ្រាយតូចជាងមុន។

ជាមួយគ្នានេះ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ ក៏បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះផងដែរថា វិធានការណ៍បិទខ្ទប់របស់រាជរដ្ឋាភិបាល នឹងបញ្ចប់នៅថ្ងៃទី៥ ខែឧសភា ខាងមុខនេះមានន័យថា យើងមិនមែនបើករាជធានីភ្នំពេញទាំងស្រុងនោះទេ ដោយយើងខ្លាចមានការរាលដាលជំងឺកូវីដ១៩ នេះទៅតំបន់ផ្សេងទៀត។

លោកបន្តថា មកដល់ពេលនេះ ការរីករាលដាលឆ្លងជំងឺកូវីដ១៩ នៅមានចំនួនរាប់រយនាក់នៅឡើយទេ។ ដូច្នេះក្រោយថ្ងៃ៥ ខែឧសភា ការបិទខ្ទប់តំបន់មួយចំនួន គឺនៅរក្សាដដែលជាមួយនឹងការហាមប្រាម ការធ្វើចរាចរណ៍នៅតំបន់មួយចំនួន ហាមប្រាម ការបើកហាងផឹកស៊ី។ អាជ្ញាធរខណ្ឌនីមួយៗត្រូវតែ ពិនិត្យភូមិសាស្ត្ររបស់ខ្លួនឲ្យបានច្បាស់លាស់ ជុំវិញទីតាំងដែលត្រូវបិទបន្ត ហើយចំពោះសេចក្តីសម្រេចនានា រដ្ឋបាលនឹងចេញដើម្បីអនុវត្តជាបន្តបន្ទាប់ទៀត

កាលពីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសច្បាស់ៗថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតនោះទេ ពោលអាចនឹងបិទតំបន់តូចៗមួយចំនួន ដែលមានហានិភ័យខ្ពស់ លើការឆ្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ។

ការប្រកាសបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន គឺឆ្លើយតបទៅនឹងអ្នក Comment ដែលបានចូលទៅ Comment ក្នុងហ្វេសបុករបស់សម្ដេចថា ចង់អំពីស្ថានភាពក្រោយថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃកំណត់បើករាជធានីភ្នំពេញឡើងវិញ ក្រោយបិទខ្ទប់រយៈពេល៣សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសយកវិធានការបន្ដបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយការកំណត់បិទខ្ទប់នេះ ត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។ បើគិតដល់ថ្ងៃទី០៥ ខែឧសភា ការបិទខ្ទប់នេះមានរយៈពេល៣សប្ដាហ៍៕

សកម្មភាពអាជីវកម្មចាប់ផ្តើមបើកឡើងវិញបណ្តើរៗហើយ បន្ទាប់ពីផ្អាកមួយរយៈ

ដោយ: ប៊ី

ភ្នំពេញ៖ សកម្មភាពអាជីវកម្មបានចាប់ផ្តើមបើកដំណើរការឡើងវិញបណ្តើរៗ ដោយមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន បន្ទាប់ពីផ្អាកមួយរយៈពេលដោយសារការរីករាលដាលនៃវីរុសកូវីដ១៩។

ប្រជាពលរដ្ឋដែលលក់ដូរខុសៗគ្នានៅតំបន់ផ្សារតាប៉ាង បានប្រាប់នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ ថា មកដល់ពេលនេះ ពួកគាត់បានបើកដំណើរលក់រយៈពេល៣ថ្ងៃហើយ ដោយអាចរកប្រាក់ចំណូលបានមកវិញ ទោះបីជាមិនសូវដាច់ច្រើនដូចពេលមុនៗយ៉ាងណាក៏ដោយ។

ពួកគាត់បានលើកឡើងស្រដៀងគ្នាថា ការលក់ក្នុងអំឡុងពេលនេះ គឺផ្តល់ជូនសម្រាប់តែការកម្ម៉ង់និងវេចខ្ចប់ ដោយចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៥ ឬជិត៨យប់តែប៉ុណ្ណោះ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋខាងលើនេះបានអំពាវនាវ និងស្នើរដល់ប្រជាពលរដ្ឋទូទាំងប្រទេសទាងអស់ ចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ដើម្បីឲ្យប្រទេសឈានត្រឡប់មកប្រក្រតីឡើងវិញ ដោយកាត់ផ្តាច់ពីការឆ្លង និងទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ។

ពាក់ព័ន្ធនឹងការអនុញ្ញាតគោលការណ៍ពិសេសចំពោះសេវាកម្មផ្គត់ផ្គង់ទំនិញ ដែលជាតម្រូវការចំាបាច់ប្រចាំថ្ងៃក្នុងតំបន់លឿងទុំ និងតំបន់លឿង នៃភូមិសាស្រ្តរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសថា រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកផ្គត់ផ្គង់ម្ហូបអាហារដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់អាចធ្វើដំណើរទៅទិញផលិតផល ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត។ល។ និងអាចចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ដោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូនចល័ត ឬលក់ដូរតាមលំនៅឋាន ចាប់ពីម៉ោង ៣ទៀបភ្លឺទៅ ប៉ុន្តែត្រូវផ្អាកអាជីវកម្មនៅម៉ោង២០ជាកំហិត។

ដោយឡែក រាល់សកម្មភាពការងារ មុខរបរនិងអាជីវកម្មពាក់ព័ន្ធការផ្គត់ផ្គង់អាហារដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ក្នុងតំបន់លឿងទុំ និងតំបន់លឿង ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ជាពិសេសប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣ការពារ និង ៣កុំ។

សម្រាប់ខណ្ឌដូនពេញ តំបន់លឿងមានចំនួន ៨សង្កាត់ រួមមាន៖ សង្កាត់ផ្សារថ្មី១ ផ្សារថ្មីទី២ ផ្សារថ្មីទី៣ វត្តភ្នំ ស្រះចក ជ័យជំនះ បឹងរាំង និងសង្កាត់ចតុមុខ។ ដោយឡែក តំបន់លឿងទុំ មានចំនួន ៣សង្កាត់ រួមមាន៖ សង្កាត់ផ្សារចាស់ ផ្សារកណ្តាលទី១ និងសង្កាត់ផ្សារកណ្តាលទី២៕

រដ្ឋមន្ត្រីទេសចរណ៍ៈ រមណីយដ្ឋានទេសចរណ៍មិនទាន់ទទួលបានភ្ញៀវច្រើនទេ ទោះមានការអនុញ្ញតដំណើរការឡើវិញ

ដោយៈ ប៊ី

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា រយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា បន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសឡើងវិញនោះ មិនទាន់មានភ្ញៀវទេសចរចេញទស្សនាច្រើននៅឡើយទេ ខណៈម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន ក៏នៅមិនទាន់បើកដំណើរការឡើងវិញដែរ។

លោកបណ្ឌិតថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះថា រយៈពេលមួយសប្តាហ៍នេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៨,៩៦០ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ៨,៧៥៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២០៦ នាក់។

លោកបណ្ឌិតថោង ខុនបានកត់សម្គាល់លើចំណុចសំខាន់ៗឃើញថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុង គឺនៅមានចំនួនតិចតួចនៅឡើយ បើប្រៀបធៀបជាមួយស្ថានភាពមុនព្រឹត្តិការណ៍ ២០ កុម្ភៈ ខណៈគោលដៅទេសចរណ៍ទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល អាជ្ញាធរមិនទាន់អនុញ្ញាតឲ្យបើកឡើងវិញទេ។

ដោយឡែក តាមបណ្តាខេត្តផ្សេងៗ រដ្ឋបាលខេត្តមានការប្រយ័ត្នប្រយែងខ្លាំងក្នុងការបើករមណីយដ្ឋាន និងគោលដៅទេសចរណ៍ឡើងវិញ ដោយពុំទាន់អនុញ្ញាតឲ្យបើកឡើងវិញទេ និងនៅបន្តអនុវត្តវិធានការរឹតត្បិតការធ្វើដំណើរ និងការចេញចូលតំបន់សំខាន់ៗ ពិសេសគោលដៅទេសចរណ៍។

ម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន ក៏នៅមិនទាន់បើកដំណើរការឡើងវិញដែរ ដោយរង់ចាំពិនិត្យមើលស្ថានភាពជំងឺកូវីដ-១៩ ធូរស្បើយបន្តិចទៀត ហើយម្យ៉ាងចរន្តភ្ញៀវទេសចរក៏នៅមានតិចតួចនៅឡើយ។

ភ្ញៀវទេសចរច្រើនតែទៅកម្សាន្តជាលក្ខណៈគ្រួសាររបស់គាត់ និងជួបជុំគ្នាតិចតួចបំផុត ហើយភាគច្រើនសុទ្ធតែប្រជាពលរដ្ឋនៅក្នុងតំបន់។

ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ ៣ កុំ និង ៣ ការពារ ប៉ុន្តែចាំបាច់ត្រូវតែមានការឃ្លាំមើល និងមានការពន្យល់អប់រំណែនាំបន្ថែមទៀតឲ្យជាប់ជាប្រចាំ ពិសេសការរក្សាគម្លាតសុវត្ថិភាព។

មន្ទីរទេសចរណ៍បានសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យ និងបន្តពន្យល់អបររំណែនាំដល់ទេសចរ និងអាជីវករជាម្ចាស់រមណីយដ្ឋាន ឲ្យអនុវត្តឲ្យបានហ្មត់ចត់នូវវិធានការ ៣កុំ ៣ការពារ និងចូលរួមអនុវត្តវិធានការនៃការធ្វើចត្តាឡីស័ក និងការផ្តល់សំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ ឲ្យបានហ្មត់ចត់ និងមិនត្រូវឲ្យភ្ញៀវទេសចរទាំងនេះចូលទៅកម្សាន្តក្នុងគោលដៅទេសចរណ៍ខាងលើជាដាច់ខាត។

លោកបណ្ឌិតថោង ខុនបានបន្ថែមថា ក្រសួងទេសចរណ៍នឹងបន្តជំរុញដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តឲ្យបន្តពង្រឹង និងបង្កើនកិច្ចសហការជាមួយរដ្ឋបាលខេត្ត ផ្នែកពាក់ព័ន្ធ និងម្ចាស់មូលដ្ឋានអាជីវកម្ម និងអ្នកគ្រប់គ្រងទាំងអស់ ដើម្បីបង្កើនការអប់រំពន្យល់ណែនាំឲ្យកាន់តែស៊ីជម្រៅ និងជាប់ជាប្រចាំដល់ទេសចរ និងបុគ្គលិកបម្រើការ និងអ្នកផ្តល់សេវាក្នុងរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងក្នុងមូលដ្ឋាអាជីវកម្មទេសចរណ៍ទាំងអស់ឲ្យអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ ការពារ ដើម្បីធានាដល់សុវត្ថិភាព និងសុខភាពទេសចរនិងប្រជាពលរដ្ឋសហគមន៍ ពិសេសនៅពេលដែលរាជរដ្ឋាភិបាលនឹងបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នាពេលខាងមុខ៕